ឯកឧត្តម ឌិត ទីណា​ ជំរុញមន្រ្តីកសិកម្មឃុំចុះផ្សព្វផ្សាយនិងពន្យល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មដល់កសិករ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅព្រះសីហនុ
កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា

សេដ្ឋកិច្ច និង កសិកម្ម

អគ្គនាយករងគយ៖ វិស័យឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច

2025/03/17 10:30:46 am        178
អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់ទុកវិស័យដឹកជញ្ជូន ឡូជីស្ទិក និង​ខ្សែ​ច្រវាក់​ផ្គត់​ផ្គង់ គឺជាឆ្អឹងខ្នង ដ៏សំខាន់ និងជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការគាំទ្រ​ដល់​សេវា​ការ​ដឹក​ជញ្ជូន​បម្រើឱ្យ​វិស័យទេសចរណ៍ និងពាណិជ្ជកម្មជាដើម។លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង សន្និបាត និងជំនួបម្ចាស់អាជីវកម្ម ឡូជីស្ទិក នាំចេញ-ចូល និងដឹក​ជញ្ជូន​លើកទី៦ រៀបចំដោយសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅ​ចុង​សប្តាហ៍​កន្លងមកថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ រាជរដ្ឋាភិបាលបានបន្ត និង​អភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក បានផ្តោតលើការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ- បាយ មានភាពប្រទាក់ក្រឡា ទាំងក្នុង​ប្រទេស និង​តំបន់​ ព្រោះឡូជីស្ទិកនិងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច។លោក បន្តថា ជុំវិញវឌ្ឍនភាពខាងលើនេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ទាំងរដ្ឋ និង​ឯកជន​ អំពីបញ្ហាតម្លៃដែល មានលក្ខណៈខ្ពស់ជាងប្រទេសជិតខាង។ លោក ផា អេងវ៉េង បញ្ជាក់​ថា បញ្ហានេះឃើញថា រារដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង តាមរយៈ ការកសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​គាំទ្រ​នានា ដែលបានកាត់បន្ថយចំណាយ និងពេលវេលា ក្នុងនោះអគ្គនាយកដ្ឋានគយ និង​រដ្ឋាករ កម្ពុជា ក៏បានកែទម្រង់លើនីតិវិធីមួយចំនួនធំ ដើម្បីចូលរួមចំណែកឡូជីស្ទិកនេះ, ចំណែក​វិស័យ​ឯកជន ត្រូវតែខិតខំខ្លួនឯងផងដែរ នៅលើការបញ្ជុះតម្លៃដឹកជញ្ជូននេះ។លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ផងដែរថា ចំពោះបញ្ហា សេវាតម្លៃនៃការដឹកជញ្ជូនពិតជាសំខាន់ណាស់ ប្រសិន​យើង​ចង់​ប្រកួត​ប្រជែងជាមួយប្រទេសជិតខាងបាន លុះត្រាណាសេវាដឹក ជញ្ជូនរបស់​យើង​មាន​ភាព​ប្រហាក់​ប្រហែលគ្នា។ បញ្ហានេះលោករំពឹងថា នៅពេលខាងមុខ វិស័យដឹកជញ្ជូននៅ​កម្ពុជា​នឹង​អាច​ស្រុត​ចុះ បន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើត និងបន្តកែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ កំពុងគាំទ្រជាច្រើនដល់វវិស័យដឹកជញ្ជូន, ជាង នេះទៀត ម្ចាស់អាជីវកម្ម​នៅ​ក្នុង​វិស័យ​ដឹក​ជញ្ជូន ក៏ត្រូវបង្កើនការយល់ដឹងនៃប្រព័ន្ធបច្ចកវិទ្យាឌីជីថលឱ្យបានច្រើន ដើម្បីកាត់បន្ថយ ពេល​វេលា និងខ្ទង់ចំណាយផ្សេងៗ។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បើយោង​តាម​ផែនការ​មេ​គ្រប់​ជ្រុង​ជ្រោយ​ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ការ​អភិវឌ្ឍ​ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា នៅពុំទាន់អាចឆ្លើយតបបាន ពេញលេញ និង​គ្រប់​គ្រាន់​ទៅតាមតម្រូវការ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ជា​ពិសេស​នៅ​ដំណាក់កាល នៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់។ ក្នុងន័យនេះ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូន​អន្តរ​មធ្យោបាយ និងភស្តុភារកម្មកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យដោយ “បន្តកែលម្អ និងអភិវ​ឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និងឡូជីស្ទីកដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​អរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោ បាយ មានការតភ្ជាប់ខ្ពស់ និង​ភាព​ប្រទាក់​ក្រឡា​ទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់​កំណើន សេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង​ប​រិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី

ដំឡូងមីស្ងួតរបស់កម្ពុជាចំនួន២០០ពាន់តោន នឹងត្រូវនាំចេញបន្ថែម ខណៈចំនួន ៥ពាន់តោន បានទៅដល់ទីផ្សារប្រទេសចិន

2025/03/15 09:17:53 pm        361
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥នេះ បានសសេរឲ្យដឹងថា ដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន ៥,០០០តោន ត្រូវបាននាំចេញ និងទៅដល់ប្រទេសចិន និងបានរៀបចំពិធីចុះអនុស្សារណៈនៃការយោគយល់គ្នាចំនួន ២០០,០០០តោនបន្ថែមទៀត សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និងក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប។ គួរគត់សម្គាល់ផងដែរថា ការចុះកិច្ចព្រមព្រៀងនេះ នឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ៕

រដ្ឋលេខាធិការក្រសួងកសិកម្ម ដឹកនាំក្រុមការងារចុះតម្រង់ទិសដល់មន្ត្រីកសិកម្មឃុំ នៅតំបន់មេគង្គក្រោម ក្នុងខេត្តចំនួន៣

2025/03/15 09:39:45 am        101
ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខា​ធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ ឯកឧត្តម ខាត់ សុធី អនុ​រដ្ឋលេខា​ធិការ រួមជាមួយមន្ត្រី​នៃ​នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ចុះ​គាំទ្រ​តម្រង់ទិស​ការអនុវត្តន៍ការងាររបស់មន្ត្រីកសិកម្មឃុំ-សង្កាត់ទាំងចាស់ ទាំងថ្មី នៅតំបន់​មេគង្គ​​ក្រោម ក្នុងខេត្តចំនួន៣ មានខេត្តកណ្តាល ខេត្តស្វាយ​រៀង និងខេត្តព្រៃវែង។ ក្នុងនោះ​ខេត្ត​កណ្តាល ដែ​លមានមន្ត្រីកសិកម្មឃុំសរុបទាំងចាស់ ថ្មីចំនួន៧០នាក់ ខេត្តស្វាយរៀង ចំនួន​៦៨នាក់ និងខេត្តព្រៃវែងចំនួន៩០នាក់។នាឱកាសនៃវគ្គបណ្តុះបណ្តាលតម្រង់ទិសនោះ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បាន​លើក​ឡើង​អំពី​៖១. យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល​នីតិកាលទី៧ ២.គោល​នយោបាយ​អាទិភាពទាំង៦ ជាពិសេសគោល​នយោបាយ​អាទិភាពទី៥ទី៦ ៣. តួនាទីភារកិច្ច​មន្ត្រី​កសិកម្ម​ឃុំ​សង្កាត់។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់មន្ត្រីកសិកម្ម​ឃុំទាំង​ចាស់​ថ្មី​ បំពេញការងារនៅមូលដ្ឋានឱ្យបានល្អ សហការជាមួយភាគីពាក់ព័ន្ធ សំដៅ​ធ្វើ​យ៉ាង​ណា​បម្រើ​ក​សិករ ដោយស្មោះត្រង់ សម្រេចបាននូវការបង្កើនប្រាក់​ចំណេញ​ខ្ពស់​ពីវិស័យកសិកម្ម ដើម្បី​ចក្ខុ​វិស័យ កម្ពុជាក្លាយជាប្រទេសមាន​ចំណូលមធ្យមកម្រិត​ខ្ពស់​​​​​​ឆ្នាំ២០៣០ និង​ក្លាយ​ជា​ប្រទេស​មានចំណូលខ្ពស់​ឆ្នាំ២០៥០។ សូមបញ្ជាក់ថា គិត​មក​ត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ ដំណើរការចុះតម្រង់ទិស ដល់មន្ត្រីកសិកម្មឃុំថ្មី អនុវត្តបាន១៥ខេត្តរួចហើយ៕

ស្ថាប័នរដ្ឋ និងវិស័យឯកជន រួមគ្នាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងផលិតផល សម្រាប់​លើកកម្ពស់វិស័យទេសចរណ៍

2025/03/14 04:12:05 pm        102
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួម​ជា​មួយ​ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​ចុះ​ហត្ថ​លេខាលើអនុស្សរណៈនៃការយោគយល់រវាងក្រុមហ៊ុន ជី.ធី.វី.ស៊ី អិចផត ខូ អិលធីឌី (G.T.V.C) Import Export Co.,Ltd និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATA Cambodia Chapter) ក្នុងគោលបំណងសហការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ តា​ម​រយៈការពង្រីកនូវបណ្តាញសេវាកម្មទេសចរណ៍ និងបង្កើន​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​សម្បទា​ទេសចរណ៍ ដែលជាចលករដ៏សំខាន់បន្ថែមទៀតចូលរួមជំរុញសម្រេចបាននូវចក្ខុវិស័យ និង​ផ្សព្វ​ផ្សាយ​​សក្ដានុពល​ធន​ធាន​ធម្ម​ជាតិ ផលិតផលទេសចរណ៍ លើក​កម្ពស់​​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។ក្នុងពិធីដ៏មានអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ខេត្តព្រះសីហនុ​បាន​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​រូប​វ័ន្តជាច្រើនត្រូវបានសាងសង់ជាបន្តបន្ទាប់ ស័ក្តិសមនឹងក្លាយ​ទៅ​ជាតំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង ដោយសារខេត្តនេះមាន ទីតាំងភូមិសាស្រ្តល្អ មានធនធានធម្មជាតិ មាន​ឆ្នេរ​សមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែ មានដីកសិកម្ម និងសក្ដានុពលជាច្រើនទៀត ស្របនឹង​ខេត្ត​តាម​តំបន់ឆ្នេរផ្សេងទៀតជារបៀងសេដ្ឋកិច្ចពិសេសប្រទាក់ក្រឡា ដោយឆ្នេរសមុទ្រកម្ពុជា ត្រូវបាន​ប្រសិទ្ធ​នាម ជាតារារះនាទិសនិរតី និងបណ្តាញសកលនៃគោលដៅទេសចរណ៍។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងបន្តថា វិស័យទេសចរណ៍ ដើរតួនាទីជាវិស័យស្នូលធំមួយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុ ជា «តំបន់សេដ្ឋកិច្ចពិសេសពហុបំណង» ដោយខេត្តព្រះសីហនុ នឹងក្លាយទៅជាច្រកចេញ-ចូលនៃតំបន់ឆ្នេរសមុទ្រកម្ពុជា, ជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រកម្រិតស្តង់ដាអន្តរជាតិ និងជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ប្រកបដោយភាពទាក់ទាញកម្រិតខ្ពស់មួយក្នុងអាស៊ាន។

ឯកឧត្តម ឃឹម ហ្វីណង់៖ ប្រព័ន្ធសហគមន៍កសិកម្មនៅប្រទេសចិន គឺជាប្រភេទ​សហគមន៍​តភ្ជាប់​តួអង្គ​សំខាន់ៗ​នៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការ​គាំទ្រ​ខាង​ផ្នែក​បច្ចេកទេស ដើមទុន និងទីផ្សារ

2025/03/14 02:11:14 pm        169
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញ​វីដេអូ​ចំណាប់អារម្មណ៍ខ្លី ក្នុងនាមតំណាងនៃប្រតិភូប្រទេសពីប្រទេសកម្ពុជា ទៅលើ​កម្ម​វិធី​ទស្សន​កិច្ច​សិក្សា​ផ្លាស់ប្តូរបទពិសោធពីប្រព័ន្ធសហគមន៍កសិកម្ម និងការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅក្នុងខេត្តយុនណាន ប្រទេសចិន ខណៈប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់កម្ពុជាដែរ។តាមរយៈវីដេអូនេះ ឯកឧត្តម ឃឹម ហ្វីណង់ បានស្នើសុំការអធ្យាស្រ័យ ដោយសារអ្នករៀបចំកម្មវិធីតម្រូវឱ្យនិយាយជាភាសាអង់គ្លេស តែឯកឧត្តម ឃឹម ហ្វីណង់ បានសង្ខេបមកវិញបានថា អ្វីដែលឯកឧត្តម និងក្រុមការងារបានឃើញពីប្រព័ន្ធសហគមន៍កសិកម្មនៅក្នុងប្រទេសចិន គឺជាប្រភេទសហគមន៍ដែលតភ្ជាប់តួអង្គសំខាន់ៗនៃខ្សែច្រវ៉ាក់តម្លៃឱ្យនៅក្រោមដំបូលតែមួយ ព្រមទាំងមានផ្តល់ការគាំទ្រខាងផ្នែកបច្ចេកទេស ដើមទុន និងទីផ្សារ ប្រហាក់ប្រហែលគ្នាទៅនឹងកម្មវិធីគោលនយោបាយអាទិភាពនៃសហគមន៍កសិកម្មទំនើបរបស់យើងដែរ។ឯកឧត្តមថ្លែងថា ទាំងនេះគឺជាទឡ្ហីករណ៍មួយដែលបង្ហាញឱ្យឃើញថា ប្រទេសដែលខ្លាំងខាងវិស័យកសិកម្ម សុទ្ធសឹងតែយកចិត្តទុកដាក់លើការប្រមូលផ្តុំកសិករតូចៗឱ្យរួមគ្នាផលិតជាសហគមន៍ធំៗ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៃកសិផលរបស់គេនៅលើទីផ្សារដូចគ្នា មិនមែនត្រូវបានជំរុញតែនៅកម្ពុជានោះទេ។ ឯកឧត្តម ឃឹម ហ្វីណង់ សង្ឃឹមថាកម្ពុជានឹងអាចសម្រេចគោលបំណងនៃការប្រែក្លាយការធ្វើកសិកម្មនៅកម្ពុជា ពីលក្ខណៈគ្រួសារ ឱ្យទៅជាមានការប្រមូលផ្តុំក្នុងទម្រង់សហគ្រាសសេដ្ឋកិច្ចរឹងមាំ ហើយកសិករខ្មែរកាន់តែច្រើននឹងមានភាពជឿជាក់ទៅលើកម្មវិធីគោលនយោបាយដ៏មានសារៈសំខាន់មួយនេះ៕

សហភាពអឺរ៉ុបវិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា

2025/03/14 01:38:47 pm        339
សហភាពអឺរ៉ុប វិនិយោគទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដើម្បីជួយពង្រឹងវិស័យកសិកម្មនៅកម្ពុជា លើក​កម្ពស់សន្តិសុខស្បៀង ធ្វើឱ្យ ខ្សែច្រវាក់តម្លៃផលិតផលដែលបានជ្រើសរើស កាន់​តែ​មាន​ភាព​ប្រកួត​ប្រជែង និងជំរុញដល់ការនាំចេញ។សហភាពអឺរ៉ុប ចូលរួមលើកកម្ពស់ការធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា និងជំរុញ​ឱ្យ​កសិករ​មាន​លទ្ធភាព​ចូលទៅកាន់ ទីផ្សារក្នុងស្រុក និងសកល តាមរយៈការក្នុងទំហំទឹកប្រាក់ជិត ៨០ លានអឺរ៉ូ ដោយក្នុងនោះកញ្ចប់វិនិយោគគ្រប់ជ្រុងជ្រោយ របស់ សហភាពអឺរ៉ុបរួមមាន៖ ឥណទាន​របស់​ធនាគារ​វិនិយោគអឺរ៉ុបសកល (EIB Global) បូករួមជាមួយជំនួយឥតសំណង និងជំនួយ បច្ចេក​ទេសរបស់សហភាពអឺរ៉ុបផងដែរ។ចំពោះទឹកប្រាក់វិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូចចំនួន ១០ ម៉ឺននាក់, គ្រួសារ​មាន​ដីធ្លីខ្នាតតូចចំនួន ២៥ ពាន់គ្រួសារ និងសហគ្រាសកសិកម្មចំនួន ៥០០ ដោយ​នឹង​ជួយ​បង្កើន​ផលិតភាព និងការប្រកួតប្រជែង។ កញ្ចប់វិនិយោគនេះ នឹងជួយកែ​លម្អ​មន្ទី​រ​ពិសោធន៍​ជាតិ​កសិកម្ម ពង្រីកហេដ្ឋារចនាសម្ព័ន្ធការងារ កសិកម្មសំខាន់ៗ ដើម្បីលើក​កម្ពស់​សមត្ថភាព​អនាម័យ និងភូតគាមអនាម័យរបស់កម្ពុជា ក៏ដូចជាគាំទ្រ​ដល់​ការ​សាង​សង់​ស្ពាន​មួយ​ខ្សែ​នៅ​កោះ​ខ្សាច់​ទន្លា ដើម្បីធ្វើឱ្យប្រសើរឡើងនូវការ ដឹកជញ្ជូន និងការចូលទៅកាន់ទីផ្សារ។ គំនិតផ្តួចផ្តើមនេះគឺស្របទៅតាមយុទ្ធសាស្ត្រ Global Gateway របស់សហភាពអឺរ៉ុប ដែល ជំរុញ​ដល់​កំណើនប្រកបដោយចីរភាព ភាពធន់នឹងអាកាសធាតុ និងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន​។ជាក់ស្តែងធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) ដែលជា​សាខា​សកល​របស់​ធនាគារ​វិនិយោគ​អឺរ៉ុប បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF)​ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នេះ មានទឹក​ប្រាក់​ជំនួយ​ឥត​សំណង​ចំនួន ១៥ លានអឺរ៉ូ របស់សហភាពអឺរ៉ុប សម្រាប់កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និង​ពាណិជ្ជ​កម្ម ផលិតផលកសិកម្ម (ASPIRE-AT) ដែលជាអាទិភាព​សំខាន់មួយសម្រាប់រដ្ឋាភិបាលកម្ពុជា។ កម្មវិធី ASPIRE-AT មានគោលដៅ ធ្វើទំនើបកម្មវិស័យកសិកម្ម លើកកម្ពស់សន្តិសុខស្បៀង និងពង្រឹងសក្តានុពលនៃការនាំចេញ។ ជំនួយនេះក៏ជាការបំពេញ បន្ថែមលើឥណទានចំនួន ៦០ លានអឺរ៉ូ ពីធនាគារវិនិយោគអឺរ៉ុបសកល (EIB Global) និងជំនួយគាំទ្រចំនួន ៤,៥ លានអឺរ៉ូទៀត ពីសហភាពអឺរ៉ុប សម្រាប់ជំនួយបច្ចេកទេស ដែលនឹងត្រូវអនុវត្តដោយធនាគារវិនិយោគអឺរ៉ុប (EIB)។ ការផ្ដល់ជំនួយនេះ នាំឱ្យទឹក ប្រាក់វិនិយោគសរុប គាំទ្រដោយសហភាពអឺរ៉ុបនៅក្នុងកម្មវិធីនេះ កើនឡើងដល់ជិត៨០លានអឺរ៉ូ, ក្នុងនោះមូលនិធិអន្តរជាតិសម្រាប់ អភិវឌ្ឍន៍កសិកម្ម (IFAD) ដែលជាទីភ្នាក់ងារអភិវឌ្ឍន៍ជនបទ របស់អង្គការសហប្រជាជាតិ ក៏បានផ្តល់ហិរញ្ញប្បទានដល់កម្មវិធីនេះ នូវទឹកប្រាក់ចំនួន ៤៩ លានដុល្លារអាមេរិកផងដែរ។កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងដោយអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB គឺលោកស្រី Nicola Beer នៅអំឡុងដំណើរទស្សនកិច្ច ជាលើកដំបូងមកកាន់ប្រទេសកម្ពុជា ក្នុងនាមជាអនុប្រធានធនាគារវិនិយោគអឺរ៉ុប EIB ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍។ ពិធីចុះ ហត្ថលេខានេះ ធ្វើឡើងដោយមានវត្តមានឯកឧត្តម អ៊ីហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា និងលោក FrewBehabtu នាយកប្រចាំនៅកម្ពុជារបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD)៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា មានភាពធន់ទោះបីសកលលោកកំពុងស្ថិត​ក្នុងភាពមិនប្រាកដ

2025/03/14 01:23:46 pm        91
ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បាននិងកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ និងអាច​សម្រេច​បាន​ស្រប​តាមស្តង់ដាអន្តរជាតិ ធានានូវប្រសិទ្ធភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយ​មាន​ភាព​បត់បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និង​សកលលោក​។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ក្នុងកិច្ចប្រជុំត្រួត ពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែ​ទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ​ដំណាក់​កាលទី៤ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ឯកឧត្តមបានគូសបញ្ជាក់ថា ក្នុង​ប​រិការណ៍ដែលសកលលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ និងការប្រែប្រួលប្រជាចាំ, ទស្សន​វិជ្ជា «កែទម្រង់-រស់, មិនកែទម្រង់-ស្លាប់» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា, ក្នុងស្មារតី «ធ្វើបណ្ដើរ, រៀន​បណ្ដើរ​, និងកែលម្អបណ្ដើរ» នៅតែត្រឹមត្រូវ ដែលត្រូវបន្តអនុវត្តជាប្រចាំ។ ស្របតាមស្មារតីនេះ, រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និង​ឈ្លាស​វៃ​របស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី បន្ដចាត់ទុក​ការកែ​ទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាអាទិភាពខ្ពស់ ព្រមទាំងបាននិង កំពុងខិតខំបន្តធ្វើបរិវត្តកម្មប្រព័ន្ធថវិកាបន្ថែមទៀត ឆ្ពោះទៅអនុវត្ត «ប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម» ឲ្យបានពេញលេញ និងសាប ព្រោះ «វប្បធម៌សមិទ្ធកម្ម» នៅក្នុងក្របខ័ណ្ឌអភិបាលកិច្ចនៃរាជរដ្ឋាភិបាលទាំងមូល សំដៅកែប្រែវប្បធម៌ការងារសាធារណៈជា បណ្តើរៗ ដោយផ្តោតលើសមិទ្ធផលជាចម្បងពោលគឺ ប្រព័ន្ធនេះតម្រូវឲ្យស្ថាប័នសាធារណៈបំពេញការងារ ដើម្បីសម្រេចបាន សមិទ្ធផលស្របតាមគោលបំណងគោលនយោបាយ និងបេសកកម្ម ដែលរាជរដ្ឋាភិបាលបំពាក់ជូន។ ក្នុងន័យនេះ, វប្បធម៌សមិទ្ធកម្ម ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០» ហើយកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់ ម្ខាងសម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និងម្ខាងទៀតសម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាន នូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់អំពីវឌ្ឍនភាពគន្លឹះមួយចំនួន និងបានវាយតម្លៃជារួមថា ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា បានកំពុងស្ថិតលើមាគ៌ាដ៏ត្រឹមត្រូវ, មានភាពជាក់ស្តែងនិយម និងអាចសម្រេចបានស្របតាមស្តង់ដាអន្តរជាតិ ដែលធានាបាននូវប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព, តម្លាភាព និងគណនេយ្យភាពក្នុងបរិបទកម្ពុជា ហើយមានភាពបត់ បែន និងភាពធន់ទៅនឹងការប្រែប្រួលនៃស្ថានភាពសង្គម-សេដ្ឋកិច្ច នៃតំបន់និងសកលលោក។បញ្ហានេះ, តំណាងដៃគូអភិវឌ្ឍ បានអបអរសាទរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រោមក្របខ័ណ្ឌកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្ដេជ្ញាបន្តផ្ដល់ការគាំទ្រប្រកបដោយស្មារតីសហប្រតិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍ ដើម្បសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពោលគឺការផ្ដល់សេវាសាធារណៈជូន ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាស្នើដល់ហ្វាំងឡង់បង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគីលើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល

2025/03/13 12:33:46 pm        120
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើដល់ហ្វាំងឡង់ ពិនិត្យលទ្ធភាពក្នុងការរៀបចំកិច្ចសហប្រតិបត្តិការទ្វេភាគី រវាង ប្រទេសទាំងពីរ ពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស ដើម្បីជំរុញអភិវឌ្ឍន៍វិស័យនេះ ឱ្យកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយលោកជំទាវ Kristiina Kuvaja-Xanthopoulos ឯកអគ្គរដ្ឋទូតស្ថានទូតហ្វាំងឡង់ ប្រចាំព្រះរាជាណាចក្រថៃ នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ២០២៥ ម្សិលមិញនេះ, ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ ដែលបានឆ្លៀតពេល ជួបពិភាក្សាការងារអាទិភាព ពាក់ព័ន្ធនឹងការធ្វើបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ លើបរិវត្តកម្មឌីជីថល និងការផ្តល់សេវាសាធារណៈឌីជីថលរបស់ប្រទេសហ្វាំងឡង់ផងដែរ។បញ្ហានេះ, ឯកឧត្តមបណ្ឌិត បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការសិក្សារៀនសូត្របន្ថែមពីថ្នាល X-Road Finland ដោយ សារថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cambodia Data Exchange - CamDX) ត្រូវបានបង្កើតឡើងតាមយន្តការប្រើប្រាស់កូដរបស់ X-Road ផងដែរ។ ឯកឧត្តមក៏បានស្នើឱ្យមានការពិនិត្យលទ្ធភាព ក្នុងការរៀបចំកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងប្រទេសទាំងពីរ លើការងារពាក់ព័ន្ធនឹងបរិវត្តកម្មសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល តាមរយៈការផ្ដល់ជំនួយបច្ចេកទេស។ក្នុងជំនួបនេះ, លោកជំទាវ Kristina Kuvaja-Xanthopoulos បានជម្រាបជូនអំពីវឌ្ឍនភាព និងវិសាលភាពរបស់ថ្នាល X-Road Finland ដែលជាថ្នាលផ្លាស់ប្តូរទិន្នន័យរបស់សាធារណរដ្ឋហ្វាំងឡង់សម្រាប់ផ្លាស់ប្តូរទិន្នន័យ និងបានលើកឡើងនូវបទ ពិសោធន៍ ទាក់ទងនឹងដំណើរបរិវត្តកម្មឌីជីថលក្នុងប្រទេសហ្វាំងឡង់ ហើយវិស័យនេះក៏ជាកត្តាមួយយ៉ាងសំខាន់ផងដែរ ជា កម្លាំងជំរុញថ្មីមួយ ដែលធ្វើឱ្យប្រទេសហ្វាំងឡង់ ធ្វើបរិវត្តកម្មឌីជីថលប្រកបដោយភាពជោគជ័យ។ សូមបញ្ជាក់ថា ក្នុងជំនួបនេះ ភាគីទាំងពីរបានយល់ស្របលើចំណុចគោលចំនួន៣ ដែលបានលើកឡើងក្នុងកិច្ចពិភាក្សាខាងលើ រួមមាន៖ ការសិក្សាស្វែងយល់បន្ថែមអំពីថ្នាល X-Road Finland ដើម្បីពង្រីក និងពង្រឹងសេវាសាធារណៈ ពាក់ព័ន្ធនឹងធុរកិច្ច នៅប្រទេសកម្ពុជា, ការរៀបចំដំណើរទស្សនកិច្ចសិក្សាទៅប្រទេសហ្វាំងឡង់ ដើម្បីសិក្សាអំពីការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការប្រមូលចំណូលសារពើពន្ធ, និងការសិក្សាស្វែងយល់អំពីការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដើម្បីរៀបចំយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ ធុរកិច្ចថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

សេដ្ឋកិច្ចឌីជីថល គឺជាចន្ទល់នៃសេដ្ឋកិច្ចថ្មី បានកំពុងរួមចំណែកក្នុងសេដ្ឋកិច្ចរបស់កម្ពុជា

2025/03/13 12:22:59 pm        152
សេដ្ឋកិច្ចឌីជីថល គឺជាចលករ និងជាចន្ទល់នៃសេដ្ឋកិច្ចថ្មីនៃកម្ពុជា ដោយបាន​កំពុង​រួម​ចំណែក​ការ​បង្កើត​ភាព​ប្រទាក់ក្រឡា លើការ ធ្វើអាជីវកម្ម ពាណិជ្ជកម្ម ខណៈរាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ក្តោប​យក​សេដ្ឋកិច្ចថ្មីនេះ សម្រាប់បង្កើនប្រាក់ចំណូលនៅក្នុងសេដ្ឋកិច្ចជាតិ។ឯកឧត្តមបណ្ឌិត តាំង ងួនលី អគ្គនាយកនៃអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង នៅក្នុងពិធីបិទវេទិកាសេដ្ឋកិច្ចឌីជីថលឆ្នាំ២០២៥ នៅថ្ងៃម្សិលមិញ​នេះ​ថា ការធ្វើបរិវត្តកម្មឌីជីថលរបស់រាជរដ្ឋាភិបាល គឺសំដៅទៅលើ ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ហើយ​វិស័យនេះគឺជាកាតាលីករថ្មី ដ៏មានសារៈសំខាន់មួយរបស់កម្ពុជាផងដែរ ដែល​មាន​សក្តានុពលភាព និងកាលានុវត្តភាព ក្នុងការជំរុញកំណើនផលិតភាពសេដ្ឋកិច្ច និងសង្គម ក៏ដូច​ជា​ប្រសិទ្ធភាពនៃការងាររដ្ឋបាលវិស័យសាធារណៈ និងឯកជនផងដែរ។ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញសេដ្ឋកិច្ចនេះ វិស័យធំៗ​ចំនួន​៣​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជារួមមាន វិស័យឧស្សាហកម្ម, សេវាកម្ម និងវិស័យកសិកម្ម ចំណែក​សេដ្ឋកិច្ច​ឌីជីថល អាចនឹងក្លាយជាចន្ទល់នៃសេដ្ឋកិច្ចថ្មីមួយទៀត គាំទ្រ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុ​ជា​បន្ថែម ជាក់ស្តែងនាឆ្នាំកន្លងមក ទំហំសេដ្ឋកិច្ចកម្ពុជាមានក្នុងរង្វង់ប្រមាណ ៣០ ប៊ីលាន​ដុល្លារ​អាមេរិក ក្នុងនោះយើងរកឃើញថា សេដ្ឋកិច្ចឌីជីថលមានរង្វង់ជាង ៥ ភាគរយ ត្រូវប្រមាណ ១.៧ ប៊ីលាន​ដុល្លារអាមេរិក នៃទំហំ សេដ្ឋកិច្ចសរុបផងដែរ។ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះ ឯកឧត្តមបណ្ឌិត តាំង ងួនលី បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល​យើង​អាច​ធ្វើ​ការវាស់វែង ឬចាត់ថ្នាក់បាន នូវរាល់សកម្មភាពអាជីវកម្មទាំងឡាយណា ដែលប្រើប្រាស់​មធ្យោបាយ​ឌីជីថល ឬអេឡិចត្រូនិច គឺត្រូវបានរាប់បញ្ចូលក្នុងសេដ្ឋកិច្ច ឌីជីថលរួមមាន វិស័យ​ពាណិជ្ជ​កម្ម​តាមប្រព័ន្ធអេឡិចត្រូនិច, ក្នុងឆ្នាំ២០២៤ កន្លងមក វិស័យនេះអាច​ចូល​រួម​ចំណែក​ក្នុង​រង្វង់ ១.៥ ប៊ីលានដុល្លារអាមេរិក ក្រៅពីនេះនៅមានវិស័យផ្សេងៗទៀតដូចជា វិស័យ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ, វិស័យដឹកជញ្ជូនដែលបញ្ជាទិញ តាមអនឡាញ និងសេវាកម្មកម្សាន្តជាដើម។សូមបញ្ជាក់ថា យុទ្ធសាស្តបញ្ចកោណ-ដំណាក់កាលទី១, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃ​រដ្ឋសភា បានដាក់ចេញនូវក្របខ័ណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​២០២១​-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា២០២២-២០៣៥។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលផ្តោតលើអាទិភាពចំនួន៥រួមមាន៖ (១). ការកសាង​រដ្ឋាភិបាល​ឌីជីថល និងពលរដ្ឋឌីជីថល, (២). ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល ធុរកិច្ចឌីជីថល ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងប្រព័ន្ធនវានុវត្តឌីជីថល, (៣). ការកសាង និងការ អភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល, (៤). ការកសាងភាពជឿទុកចិត្តលើប្រព័ន្ធ ឌីជីថល, និង (៥). ការអភិវឌ្ឍ​បច្ចេក​វិទ្យា​ហិរញ្ញវត្ថុ៕ អត្ថបទ៖ សុន រ៉ាឌី

ប្រទេសដៃគូធំរបស់កម្ពុជាធ្វើការផ្លាស់ប្ដូរលើកិច្ចសហប្រតិបត្តិការ និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា

2025/03/11 10:51:16 am        103
ប្រទេសដែលជាដៃគូធំរបស់កម្ពុជា បានធ្វើការផ្លាស់ប្ដូរទស្សនស្ដីពីកិច្ចសហការវិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស កម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការពង្រឹង និងជំរុញរំហូរវិនិយោគចិនមកកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការវិនិយោគទ្វេទិសរវាងប្រទេសទាំងពីរ។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី ១០ ខែ មីនា ម្សិលមិញនេះ បានដឹកនាំ ក្រុមការងារទទួលជួបពិភាក្សាការងារជាមួយ លោក Li Yongjun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងវិនិយោគក្រៅប្រទេសរបស់ក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងគោលបំណងផ្លាស់ប្ដូរទស្សន ស្ដីពីកិច្ចសហការ វិនិយោគ និងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ចិន។ក្នុងឱកាសនោះ ឯកឧត្តម បានលើកឡើងថា ក្រោមការជួយជ្រោមជ្រែងពីភាគីមិត្ត តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានក្លាយទៅ ជាមជ្ឈមណ្ឌលទាក់ទាញវិនិយោគដ៏មានសក្ដានុពល និងបានបង្កើនទំហំពាណិជ្ជកម្ម និងជំរុញរំហូរវិនិយោគនៅកម្ពុជា តាមរយៈការ ស្រូបទាញនូវគម្រោងវិនិយោគ និងបង្កើតកន្លែងការងារបានជាអតិបរមា។ បន្ថែមពីនេះ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ បានរួម ចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ តាមរយៈគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ដោយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន។ ស្របគ្នានេះភាគីទាំងពីរ បានពិភាក្សាយ៉ាងផុលផុសប្រកបដោយផ្លែផ្កា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ តាមរយៈ យន្ដការការងារដែលបានចុះអនុស្សរណៈនៃការយោគយល់គ្នា សំដៅអនុវត្តនូវគម្រោងកិច្ចសហប្រតិបត្តិការ វិនិយោគទ្វេភាគីក្នុងវិស័យ សេដ្ឋកិច្ចបៃតង និងឌីជីថល សំដៅធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា មានភាពទាក់ទាញដល់ការវិនិយោគ ដែលផ្ដល់តម្លៃ បន្ថែមខ្ពស់ ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីប្រកបដោយ គុណភាពខ្ពស់៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីម៉ិកស៊ិក ស្នើកិច្ចព្រមព្រៀងស្តីពីសន្តិសុខ អន្តោប្រវេសន៍និងពាណិជ្ជកម្មដល់ប្រធានាធិបតីអាមេរិក
06/19/2025 11:06 AM
ពលរដ្ឋអាមេរិក ប្រតិកម្មចំពោះតួនាទីរបស់អាមេរិកក្នុងវិបត្តិនៅមជ្ឈិមបូព៌ាថា «វាជាសង្រ្គាមរបស់គេ ពុំមែនជាសង្រ្គាមរបស់យើងទេ»
06/19/2025 11:06 AM
នាយករដ្ឋមន្ត្រីថៃ ប្រឈមនឹងសម្ពាធឱ្យលាលែងពីតំណែង ជុំវិញភាពច្របូកច្របល់នយោបាយផ្ទៃក្នុង
06/19/2025 11:06 AM
លោក Putin៖ អាល្លឺម៉ង់នឹងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែន ប្រសិនបើផ្គត់ផ្គង់មីស៊ីលTaurus ដល់ទីក្រុងគីវ
06/19/2025 11:06 AM
ចិន ព្រមានថា ជម្លោះអ៊ីស្រាអែលនិងអ៊ីរ៉ង់ អាចរីករាលដាល «មិនអាចគ្រប់គ្រងបាន»
06/19/2025 11:06 AM
លោកTrump ជួបមេបញ្ជាការកងទ័ពប៉ាគីស្ថាន ដោយបញ្ឆេះជម្លោះជាថ្មីជាមួយឥណ្ឌា ជុំវិញការអះអាងសម្របសម្រួលសង្រ្គាម
06/19/2025 11:06 AM
រដ្ឋបាល លោកTrump រឹតបន្តឹងការត្រួតពិនិត្យបណ្តាញផ្សព្វផ្សាយសង្គម សម្រាប់និស្សិតបរទេស
06/19/2025 11:06 AM
ទេសាភិបាលធនាគារជាតិ ស្វែងយល់សុខភាពប្រព័ន្ធធនាគារ សម្រាប់ជាយន្តការដោះស្រាយបញ្ហានានា
06/19/2025 11:06 AM
លោក Putin ៖ លោកនឹងជួបលោក Zelenskyy ក្នុងដំណាក់កាលចុងក្រោយនៃកិច្ចចរចាសន្តិភាពប៉ុណ្ណោះ
06/19/2025 11:06 AM
សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងរង្វង់ ៥,២% ក្នុងឆ្នាំ២០២៥ ដល់ ៥,៨% នៅឆ្នាំ២០២៨
06/19/2025 11:06 AM