កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច
កម្ពុជាមានសុទិដ្ឋិនិយមថាទោះបិទការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នពីថៃ ក៏អាចរក្សា​ការ​ផ្គត់ផ្គង់​តម្រូវ​ការ​បាន
តំបន់សេដ្ឋកិច្ចពិសេសកម្ពុជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើននាំចេញវិស័យឧស្សាហកម្ម
ឯកឧត្តម ឌិត ទីណា បន្តក្រើនរម្លឹកមន្រ្តីកសិកម្មឃុំឱ្យចុះផ្សព្វផ្សាយផែនការ "មានហូប មានប្រើ មានបាន និងមានរហូត"

សេដ្ឋកិច្ច និង កសិកម្ម

ចិនគ្រោងវិនិយោគបង្កើតសួនកសិ-ឧស្សាហកម្ម លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា

2025/02/24 12:34:19 pm        112
រដ្ឋបាលខេត្តហ៊ឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន ស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងគម្រោងវិនិយោគ លើការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅសប្តាហ៍កន្លងមកនេះ បាន អនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ដឹកនាំដោយលោក ZHAN David អនុប្រធានក្រុមហ៊ុន និងជា នាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងជំនួបនេះមានគោលបំណងសំខាន់ ដើម្បីស្នើសុំការគាំទ្រពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពាក់ព័ន្ធនឹងគម្រោងស្នើសុំវិនិយោគ លើការបង្កើតសួនកសិ-ឧស្សាហកម្ម សម្រាប់កិច្ចសហប្រតិបត្តិការស៊ីជម្រៅ លើការកែច្នៃផលិតផលកសិកម្មនៅកម្ពុជា របស់រដ្ឋបាល ខេត្តហ៊ឺណាន តាមរយៈកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុន Air Cambodia Co., Ltd. (K6)។ សួនកសិ-ឧស្សាហកម្មនេះ ត្រូវបាន រំពឹងថា នឹងវិនិយោគឱ្យក្លាយជាតំបន់ពាណិជ្ជកម្ម លើផលិតផលកសិកម្ម, ការច្នៃផលិតផលកសិកម្ម, ការផ្ដល់សេវាកម្មលើបច្ចេកវិទ្យា កសិកម្ម និងជាទីតាំងស្តុកផលិតផលកសិកម្ម តាមរយៈការទាក់ទាញបណ្ដាក្រុមហ៊ុនផ្សេងៗ ដែលមានមុខសញ្ញាអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យកសិកម្ម។គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Air Cambodia Co., Ltd. (K6) ត្រូវបានផ្លាស់ប្តូរឈ្មោះពី ក្រុមហ៊ុន Cambodia Angkor Air, បច្ចុប្បន្ន មានជើងហោះហើរត្រង់ជាច្រើន ពីព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន។ នាពេលអនាគត ក្រុមហ៊ុនគ្រោងនឹងបើកជើងហោះ ហើរត្រង់ពីភ្នំពេញ ទៅកាន់ទីក្រុងធំៗចំនួនពីរក្នុងប្រទេសជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរីក ចម្រើនរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនកំពុងចូលរួមចំណែកលើការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា

2025/02/22 11:56:21 am        134
វិនិយោគិនបរទេសជាច្រើនបានកំពុងងាកមកកម្ពុជា តាមរយៈការទំនាក់ទំនងសភាពាណិជ្ជកម្មកម្ពុជា និងតាមបណ្តាញក្រុមហ៊ុន សហគ្រាសជាដៃគូរផ្សេងៗ លើលទ្ធភាពនៃការវិនិយោគនៅកម្ពុជានៅព្រះរាជាណាចក្រកម្ពុជា។ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារពើរព័ត៌មាន នៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន ថ្មីៗនេះថា ការវិនិយោគនៅកម្ពុជា បច្ចុប្បន្ន មានលំហូរកាន់តែច្រើន ក្នុងនោះវិនិយោគិនបរទេសរដែលឈានមុខគេ គឺមកពីប្រទេសចិន ក្រៅពីនេះកម្ពុជាទទួលបានវិនិយោគិនមក ពីតំបន់ផ្សេងៗដូចជា មកពីអឺរ៉ុប អាមេរិក និងអាស៊ីជាដើម ហើយការវិនិយោគមិនត្រឹមតែវិនិយោគនៅលើកាត់ដេរ និងសម្លៀកបំពាក់ ប៉ុណ្ណឹងនោះទេ បច្ចុប្បន្នកម្ពុជាទទួលបានការវិនិយោគស្ទើរគ្រប់វិស័យ និងជាវិស័យមានសក្តានុពល គាំទ្រដល់ការនាំចេញ ការបង្កើត ការងារក្នុងស្រុក និងជួយដល់កំណើនសេដ្ឋកិច្ចជាតិជាដើម។ឧកញ៉ា គួច ផេង បន្តថា ជុំវិញការទាក់ទាញវិនិយោគនេះ ឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង និងការកែ ទម្រង់ដ៏មុតស្រួចនានា សំដៅទាក់ទាញអ្នកវិនិយោគ ក្រោមបរិយាកាសអំណោយផលគ្រប់បែបយ៉ាង ក្នុងនោះសភាពាណិជ្ជកម្មកម្ពុជា ក៏ជាផ្នែកមួយនៃការចូលរួមចំណែកលើការកៀងគរវិនិយោគិនបទេសផងដែរ តាមរយៈការទំនាក់ទំនងផ្សេងៗ ជាពិសេសសភាពាណិជ្ជ កម្មកម្ពុជា ក៏បានបង្កើតសាខាសភាពាណិជ្ជកម្មនៅតាមបណ្តាប្រទេសមួយចំនួន ដែលជាចលករដ៏សំខាន់ លើការផ្តល់ព័ត៌មានឱ្យ បានគ្រប់ជ្រុងជ្រោយ សម្រាប់ការនាំចេញ ការស្វែងរកដៃគូរពាណិជ្ជកម្ម និងការវិនិយោគដើម។សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ និងប៉ិនប្រសព្វរបស់សម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីទាក់ទាញ អ្នកវិនិយោគឱ្យបណ្តាក់ទុននៅកម្ពុជា, សម្តេចបានដើរគោះទ្វារនៅតាមបណ្តាប្រទេសមួយចំនួន ការទាក់ម៉ូយ និងការកែទម្រង់ដ៏មុត ស្រួចនានាជាដើម ក្នុងគោលបំណងស្វែងរកការងារថ្មីៗជូនប្រជាពលរដ្ឋ, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង មានទុនវិនិយោគសរុបប្រមាណ ៦,៩ ពាន់លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត ៣២ ម៉ឺនកន្លែង។ ចំណែកនៅក្នុងខែមករា ឆ្នាំ២០២៥ នេះវិញ CDC បានអនុម័តគម្រោង វិនិយោគបានចំនួន ៦៨ គម្រោង មានទុនវិនិយោគប្រមាណ ៧៤៨ លានដុល្លារអាមេរិក, នេះបានបង្ហាញចំនួនខ្ពស់មួយ នៅក្នុងខែ ដំបូងសម្រាប់ឆ្នាំ២០២៥ នៃការស្រូបយកវិនិយោគិនបណ្តាក់ទុននៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី,

អូស្រ្តាលីគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

2025/02/21 02:40:26 pm        137
អូស្រ្តាលីបញ្ជាក់ពីការប្តេជ្ញាខ្ពស់ ដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និងគាំទ្រ​កម្ពុជា​ឲ្យ​សម្រេច​បាន​នូវកំណើន និងការអភិវឌ្ឍ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់។ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លើកឡើង​នៅ​ក្នុង​សិក្ខា​សាលា​កម្រិត​ខ្ពស់​ស្តីពី “មាគ៌ាឆ្ពោះទៅការ បង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា អូស្រ្តាលីមានសេចក្តីរីករាយ ដែល បានសហការជាមួយកម្ពុជា ក្នុងការរៀបចំយុទ្ធសាស្រ្តកំណើនថ្មីមួយសម្រាប់កម្ពុជា ក្រោយពេល​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការអភិវឌ្ឍតិចតួច។ សិក្ខាសាលានេះគឺជាផ្នែកមួយដ៏សំខាន់ នៃកិច្ចសហការរបស់អូស្ត្រាលី ជាមួយ​ក្រសួងពាក់ព័ន្ធរបស់កម្ពុជា ដើម្បី សម្រេចបានគោល​ដៅ​អភិវឌ្ឍ​អនាគត​ជា​ចម្បង​របស់​កម្ពុជា​។ ឯកឧត្តមបានបន្ថែម ទៀតថា អូស្ត្រាលីប្តេជ្ញាគាំទ្រកម្ពុជា ក្នុងការសម្រេច បាននូវ​កំណើន​ប្រកប​ដោយ​ភាពធន់ បរិយាបន្ន និងនិរន្តរភាព។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើង​ផង​​ដែរ​ថា រាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងអនុវត្តវិធានការគោលដៅ ដើម្បីទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីបរទេស ដែលមានគុណភាពខ្ពស់ ក៏ដូចជាពង្រីក សមត្ថភាពឧស្សាហកម្ម​ក្នុង​ប្រទេស និងបង្កើនប្រសិទ្ធភាពនៃសមាហរណកម្មខ្សែច្រវាក់តម្លៃសកល។ រាជរដ្ឋាភិបាលមានការសម្រេច ចិត្តខ្ពស់ ក្នុងការបង្កើតបរិការណ៍សេដ្ឋកិច្ចមួយ ដែលជំរុញ​ភាព​ច្នៃ​ប្រឌិត គាំទ្រផ្នែកសហគ្រិនភាព និងជំរុញភាពធន់នៃសេដ្ឋកិច្ច រយៈពេលវែង។ចំណែក ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី ​មានប្រសាសន៍ថា សិក្ខា សាលាជាន់ខ្ពស់នេះ ផ្ដល់ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​អ្នក​រៀបចំ​គោល​នយោបាយ អ្នកជំនាញអន្តរជាតិ និងអ្នកអនុវត្ត ដៃគូអភិវឌ្ឍ អ្នក ស្រាវជ្រាវ និងភាគី​ពាក់​ព័ន្ធ​នានា ដើម្បីពិភាក្សាស៊ីជម្រៅលើសំណួរសំខាន់ៗ ដែលដឹកនាំអនាគតនៃការអភិវឌ្ឍ សេដ្ឋកិច្ច​របស់​កម្ពុជា សំណួរទីមួយ តើកម្ពុជាអាចចាប់យកសក្តានុពលនិងឱកាសរបស់ខ្លួន ដើម្បីរក្សា​កំណើន​​សេដ្ឋកិច្ចដោយរបៀបណា? សំណួរទីពីរ តើយើងដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គម ឧបសគ្គ​រាំង​ស្ទះចម្បងៗ ដើម្បីធ្វើពិពិធកម្មមូលដ្ឋានកំណើនរបស់យើង និងពង្រឹងការប្រកួត ប្រជែងរបស់យើង ដើម្បីធានាឱ្យមានកំណើនប្រកបដោយបរិយាបន្ន និរន្តរភាព និងភាពធន់​ដោយ​របៀបណា? ហើយសំខាន់បំផុត តើយើងនឹងឈានទៅទីណាបន្ទាប់ពីនេះ?សូមបញ្ជក់ថា សិក្ខាសាលាជាន់ខ្ពស់នេះ រៀបចំឡើងដោយកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយ ភាពធន់ (CAPRED)។ កម្មវិធីនេះមានការចូលរួមពីសំណាក់ លោកសាស្រ្តាចារ្យ Hausmann ស្ថាបនិក និងជានាយកស្ថាប័នស្រាវ ជ្រាវ Growth Lab នៃសាកលវិទ្យាល័យ Harvard និងជាសាស្រ្តាចារ្យ Rafik Hariri បង្រៀនលើការអនុវត្តសេដ្ឋកិច្ច នយោបាយ អន្តរជាតិ នៅសាកលវិទ្យាល័យ Harvard Kennedy បានបញ្ជាក់ពីការប្តេជ្ញារបស់អូស្រ្តាលីដើម្បីបង្កើនកិច្ចសន្ទនាជាយុទ្ទសាស្រ្ត និង គាំទ្រកម្ពុជាឲ្យសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព បរិយាបន្ន និងភាពធន់៕ អត្ថបទ៖ សុន រ៉ាឌី 

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យការអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់

2025/02/21 02:14:02 pm        74
ពោធិ៍សាត់៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួង សហការជាមួយអជ្ញាធរមូលដ្ឋាន ចុះពិនិត្យការចាប់ផ្តើមអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ប្រធាននាយកដ្ឋានវិស្វកម្ម លោក ថាំង វីយុទ្ធដា បានបញ្ជាក់ឱ្យដឹងថា ប្រឡាយអូរយាយហុកមានតួនាទីជាប្រឡាយរំដោះទឹកផង ជាប្រឡាយស្រោចស្រពផង ហើយការងារសំខាន់ៗរបស់គម្រោងមានដូចជា៖ ១)ស្តារអូរយាយហុកប្រវែង ៤០០០ម៉ែត្រ និង ២)សាងសង់សំណង់សិល្បការ្យចំនួន ១៥កន្លែង។លើសពីនេះ លោកប្រធាននាយកដ្ឋានវិស្វកម្មបានបញ្ជាក់ឱ្យដឹងថា គម្រោងនេះនឹងជួយបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ១០៣១ហិកតា រដូវប្រាំងចំនួន ៦០០ហិកតា និងដំណាំរួមផ្សំ ២៥ហិកតា ជូនដល់បងប្អូនប្រជាកសិករប្រមាណ ២០៤២គ្រួសារ ក្នុងភូមិចំនួន៦ នៃឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានវិស្វកម្ម ក៏បានណែនាំដល់ក្រុមការងារសាងសង់ឱ្យអនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ត់ចត់ និងជំរុញអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

ក្រុមការងារក្រសួងធនធានទឹកបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមអាងទឹក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងព្រៃវែង

2025/02/21 12:41:30 pm        116
នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម តន់ វ៉ាន់ថារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងខេត្តស្វាយរៀង ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង និងខេត្តព្រៃវែង ព្រមទាំងសហការី បានចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកនៅតាមបណ្តាអាងទឹក និងប្រព័ន្ធប្រឡាយមួយចំនួន ព្រមទាំងសកម្មភាពអន្តរាគមន៍សង្រ្គោះស្រូវប្រាំងប្រជាកសិករ ក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងខេត្តព្រៃវែង។ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានជួបសំណេះសំណាលប្រកបដោយភាពស្និទ្ធស្នាលជាមួយសហគមន៍កសិករប្រើប្រាស់ទឹក ប្រជាកសិករ និងបានចុះពិនិត្យអាងទឹកកំពង់ជ្រៃ ស្ថិតនៅឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តមរដ្ឋមន្ត្រីក្នុងការកែសម្រួលជួសជុលប្រព័ន្ធធារាសាស្រ្តកំពង់ជ្រៃរួចមក បានធ្វើឱ្យអាងទឹកកំពង់ជ្រៃមានសមត្ថភាពស្តុកទឹកបានច្រើនជាងមុន អាចស្រោចស្រពស្រូវប្រាំងបានប្រមាណ ៥០០ហិកតា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ការងារបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តស្វាយរៀង រហូតមកដល់បច្ចុប្បន្ននេះ អនុវត្តបាន ២៨ ១៣៧ ហិកតា ស្មើនឹង ១៣៧,២៥% នៃផែនការ ២០,៥ ០០ ហិកតា។ក្នុងថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ព្រមទាំងសហការី ចុះពិនិត្យជាក់ស្តែងស្ថានភាពទឹក និងការងារបង្កបង្កើនផលស្រូវរដូវប្រាំង តាមប្រព័ន្ធស្រោចស្រពវ៉ៃគោជំហាន១ ស្ថិតក្នុងស្រុកចំនួន៥គឺ ស្រុកស៊ីធរកណ្ដាល កញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ និងស្រុកមេសាង ខេត្តព្រៃវែង ដែលប្រជាកសិករធ្វើស្រែប្រាំងនៅលើដីស្រូវវស្សាប្រមាណជា ១៥ ០០០ហិកតា។សូមជម្រាបថា នៅទូទាំងខេត្តព្រៃវែង គិតមកដល់ពេលនេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ប្រជាកសិករមានប្រមាណ ១៥៧០៥៤ហិកតា ស្មើនឹង២០៨,០៧% នៃផែនការ ៧៥០០០ហិកតា។ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថា្នក់ បញ្ហាខ្វះខាតទឹកស្រោចស្រពត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយស្រូវប្រាំងរបស់ប្រជាកសិករវគ្គ១ ក៏បានប្រមូលផលជាបណ្តើរៗ ជាមួយនឹងទិន្នផលល្អប្រសើរ។ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់សហគមន៍កសិករប្រើប្រាស់ទឹក ក៏ដូចជាប្រជាកសិករ សូមធ្វើការដាំដុះស្រូវប្រាំងទៅតាមបរិមាណទឹកដែលមានជាក់ស្តែង និងស្តាប់តាមការជូនដំណឹងរបស់អាជ្ញាធរមូលដ្ឋានផ្ទាល់ ជៀសវាងមិនមានទឹកគ្រប់គ្រាន់សម្រាប់បង្កបង្កើនផលស្រូវប្រាំងវគ្គ២ធ្វើឱ្យមានការខាតបង់ផលប្រយោជន៍៕ 

ដំឡូងមី និងគ្រាប់ស្វាយចន្ទីរបស់កម្ពុជា នឹងត្រូវនាំចេញទៅទីផ្សារចិនក្នុងគ្រាបន្ទាប់

2025/02/21 11:06:54 am        184
តំណាងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន ថា ប្រទេសចិនកំពុងក្លាយជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម របស់កម្ពុជា និងមានសក្តានុពលទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការនៅលើដំឡូងមី និងគ្រាប់ស្វាយចន្ទី នាពេលអនាគត។លោក Zhang Yuntao លេខាទី២នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ថា នៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំហំនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិនបានពង្រីកជាលំដាប់ ដោយបានក្លាយជា ចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំ ចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម។លោក បន្តឱ្យដឹងថា ចំពោះការនាំចេញផ្លែដូងរបស់កម្ពុជា នៅក្នុងឆ្នាំ២០២៤ បានបញ្ចប់និតីវិធីទាំងស្រុងសម្រាប់នាំចេញទៅ កាន់ប្រទេសចិន ដោយក្លាយជាផ្លែឈើធំទី៤ សម្រាប់នាំចេញទៅប្រទេសចិនបន្ទាប់ពី ចេក ស្វាយ និងមៀន។ នេះបានបង្ហាញថា កិច្ចសហប្រតិបត្តិការកសិកម្មចិន-កម្ពុជាបានឈានដល់កម្រិតថ្មីមួយ។ ក្នុងឆ្នាំ២០២៤ ដែរ កម្ពុជាបាននាំចេញអង្ករមានចំនួន ១១៧ ពាន់តោនទៅប្រទេសចិន, ប្រទេសចិនបានក្លាយជាទីផ្សារដ៏សំខាន់មួយសម្រាប់ផលិតផលកសិកម្មកម្ពុជា ហើយមានសក្តានុពលទូលំ ទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការលើដំឡូងមី និងគ្រាប់ស្វាយចន្ទីនាពេលអនាគត។លោក Zhang Yuntao បញ្ជាក់ថា ដើម្បីជំរុញនាំចេញផលិតផលកសិកម្មកម្ពុជាទៅចូលទីផ្សារចិន ត្រូវប្រតិបត្តិតាមនីតិវិធី ដូចជា៖ ជំហានទី១ ក្រុមហ៊ុននាំចេញត្រូវតែចុះបញ្ជីការ និងរោងចក្រវេចខ្ចប់របស់ខ្លួន នៅអគ្គនាយកដ្ឋានគយចិន ដើម្បីធានាថា ផលិតផលរបស់ខ្លួនសមស្របនឹងស្តង់ដារអធិការកិច្ចចិន។ ជំហានទី២ គឺការរៀបចំឯកសារ រួមទាំងវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញ ហើយត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងកូតា ផលិតផលមួយចំនួន និងវិញ្ញាបនបត្រអធិការកិច្ច (ដូចជាអង្ករ) ត្រូវដាក់ពាក្យ សុំវិញ្ញាបនបត្រកូតាពន្ធគយរបស់ប្រទេសចិន ហើយពន្ធគយក្នុងកូតាមានកម្រិតទាបរហូតដល់ ១ ភាគរយ។ ជំហានទី៣ គឺការបោស សំអាត ដើម្បីឆ្លងកាត់គយ បន្ទាប់ពីទំនិញមកដល់កំពង់ផែចិន ត្រូវដាក់ឯកសារដូចជា ទម្រង់បែបបទគយ វិក្កយបត្រ បញ្ជីវេចខ្ចប់។ក្រៅពីនេះសហគ្រាសទាំងអស់គួរយកចិត្តទុកដាក់នូវបញ្ជីចូលប្រើប្រាស់ក្នុងទីផ្សារ និងស្តង់ដារអធិការកិច្ចថ្មីៗ នៃអគ្គនាយក ដ្ឋានគយប្រទេសចិន ដោយត្រូវពង្រឹងការគ្រប់គ្រងគុណភាព យោងតាមពង្រឹងការបង្ការ និងកំចាត់សត្វល្អិតនិងជំងឺ និងការគ្រប់គ្រង សំណល់ថ្នាំសម្លាប់សត្វល្អិត ដើម្បីជៀសវាងកុំឱ្យមានការបដិសេធមិនឱ្យចូល។ ក្រៅពីនេះក្រុមហ៊ុននានាត្រូវពឹងផ្អែកលើភាគលាភ នៃ កិច្ចព្រមព្រៀងពាណិច្ចកម្មសេរីនានាដូចជា RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ដើម្បីកាត់បន្ថយថ្លៃដើមពន្ធគយ និង ពង្រីកសក្តានុពលទីផ្សារ។ ជាងនេះទៀត ម្ចាស់ក្រុមហ៊ុនត្រូវស្វែងរកវិធីអាជីវកម្មថ្មីៗដូចជា ដើម្បីលក់កសិផលខ្លួនដល់អតិថិជនចិន ដោយផ្ទាល់ តាមរយៈវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន ដើម្បីកាត់បន្ថយខ្សែច្រវាក់ផ្គត់ផ្គង់ឱ្យកាន់តែខ្លី និងបង្កើនប្រាក់ ចំណេញ៕ អត្ថបទ៖ សុន រ៉ាឌី

ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជារឿងចាំបាច់ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០

2025/02/21 10:54:32 am        146
ការបង្កើនពិពិធកម្មសេដ្ឋកិច្ច គឺជាមូលដ្ឋាននៃការគាំទ្រដល់កំណើន តាមរយៈការពង្រីកមូលដ្ឋានផលិតកម្ម ការបង្កើនតម្លៃបន្ថែម ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងជាការជំរុញវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ដើម្បីកម្ពុជាឈានទៅសម្រេចនូវចក្ខុវិស័យឆ្នាំ២០៥០។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលាកម្រិត ខ្ពស់ស្តីពី “មាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៖បទពិសោធអន្តរជាតិ” នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ការបង្កើន ពិពិធកម្មសេដ្ឋកិច្ច គឺជារឿងដែលចាំបាច់ដើម្បីសម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០, ឯកឧត្តមក៏បានរំលេចអំពី គោលនយោបាយ លើកកម្ពស់ ការវិនិយោគដោយផ្ទាល់ពីបរទេសរបស់កម្ពុជា ដែលបានវិវត្តគួរឱ្យកត់សម្គាល់ចាប់តាំងពីឆ្នាំ១៩៩៤ រហូតមកដល់ បច្ចុប្បន្ន, ការបង្កើតក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការតាក់តែងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងការធ្វើវិសោធន កម្មឱ្យស្របតាមនិន្នាការវិនិយោគបច្ចុប្បន្ន, យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានលើកឡើងអំពី "ពិពិធកម្មសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពប្រកួតប្រជែង" ដោយបានកំណត់គោលដៅយុទ្ធសាស្ត្រច្បាស់លាស់ និងសង្កត់ធ្ងន់លើអាទិភាពដែលទាក់ទង នឹងការលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា មានជាអាទិ៍៖ កម្លាំងពលកម្មវ័យក្មេង ដែលពោរពេញដោយថាមវ័ន្ត, ការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលដល់ការរីកលូតលាស់នៃវិស័យធុរកិច្ចឯកជន តាមរយៈវេទិការដ្ឋ និង វិស័យឯកជន, បែបបទនៃការវិនិយោគដែលមានភាពបត់បែន និងអនុគ្រោះ និងការធ្វើឌីជីថលូបនីយកម្ម នៅក្នុងការផ្តល់សេវា សាធារណៈ ជាក់ស្តែងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) សម្រួលដល់វិនិយោគិន ក្នុងការ ដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា តាមរយៈប្រព័ន្ធអ៊ីនធឺណេត។ចំណែកឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានចែករំលែកទស្សនៈ ចំនួន៥ ដើម្បីជាមាគ៌ាឆ្ពោះទៅការបង្កើនពិពិធកម្មសេដ្ឋកិច្ចកម្ពុជាជូនអង្គសិក្ខាសាលារួមមាន៖ ទី១. ការសម្របសម្រួលការប្រើប្រាស់ ធនធាន ទាំងមូលធនសង្គមនិងមូលធនមនុស្សនៅគ្រប់កម្រិត រវាងរដ្ឋាភិបាលនិងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តម ភាពប្រៀបធៀបក្នុងសេដ្ឋកិច្ច, ទី២. ស្ថាប័នរដ្ឋវិស័យឯកជន និងប្រជាពលរដ្ឋគ្រប់រូប ត្រូវសហការដើម្បីកំណត់ បញ្ហារាំងស្ទះដល់ កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្វែងរកដំណោះស្រាយនៃបញ្ហាប្រឈមទាំងនោះ ដែលក្នុងនោះស្ថាប័នរដ្ឋ ត្រូវដើរតួនាទី ស្នូល ក្នុងការធានាបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងទីផ្សារ, ទី៣. ស្ថាប័នរដ្ឋត្រូវពិភាក្សាជាមួយភាគីពាក់ព័ន្ធ ដើម្បីឱ្យមាន ការឯកភាពគ្នា និងយល់ឱ្យបានច្បាស់អំពីទិសដៅនៃការអភិវឌ្ឍសេដ្ឋកិច្ច សំដៅបង្កើនសហថាមភាព និងសម្របសម្រួលកិច្ចខិតខំប្រឹង ប្រែងរួមគ្នា, ទី៤. ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្រិតជំនាញទាប និងអតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើចំណេះដឹងនិងតម្លៃខ្ពស់, និងទី៥. ការធ្វើពិពិធកម្មសេដ្ឋកិច្ចត្រូវធ្វើឡើងនៅគ្រប់កម្រិតទាំងក្នុងការជ្រើសរើសដៃគូពាណិជ្ជ កម្ម និងផលប័ត្រផលិតផល ដោយត្រូវគិតគូរជាយុទ្ធសាស្រ្ត និងមានតុល្យភាពរវាងសន្តិសុខជាតិ ភាពធន់សេដ្ឋកិច្ច ការគោរពយន្តការ ទីផ្សារ និងការកំណត់មាគ៌ាវែងឆ្ងាយ សម្រាប់កំណើន និងការអភិវឌ្ឍនាពេលអនាគត៕ អត្ថបទ៖ សុន រ៉ាឌី

សភាពាណិជ្ជកម្មកម្ពុជាផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-ចិន

2025/02/21 10:45:52 am        80
សភាពាណិជ្ជកម្មកម្ពុជា ផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវ លើកិច្ចសម្រួលពាណិជ្ជកម្ម និងការ​បង្ហាញ​ពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការ នាំចេញទៅកាន់ទីផ្សារចិនឱ្យបានច្រើន ដែលជាទីផ្សារ​ដ៏ធំមួយ​នៅក្នុងចំណោមទីផ្សារអន្តរជាតិ។ឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា ស្តីពីលក្ខខណ្ឌតម្រូវនិងកិច្ចសម្រួលពាណិជ្ជកម្មនាំចេញទៅសាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះថា ចំពោះកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិន បាននាំឱ្យមានការកើនឡើងគួរឱ្យកត់សម្គាល់ លើតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដោយ ឈានដល់កម្រិតខ្ពស់បំផុតរហូតដល់ជាង ១៥ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤ ក្នុងនោះកម្ពុជាបាននាំចេញផលិតផលកសិកម្ម និង ផលិតផលផ្សេងទៀតទៅកាន់ចិនរួមមាន៖ ចេក, អង្ករ, ស្វាយ, ដំឡូងមី, ផលិតផលនេសាទ, សម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ជាដើម។ឧកញ៉ា បន្ថែមថា ជុំវិញការធ្វើពាណិជ្ជកម្ម, កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនជាយូរមកហើយ ដែលនេះ គឺជាឱកាសដ៏ពិសេសបំផុត សម្រាប់កម្ពុជានាំចូលផលិតផល ឬទំនិញយ៉ាងងាយស្រួល និងអំណោយផលផងដែរ, ជាក់ស្តែងតាមរយៈ សិក្ខាសាលានេះ គឺជាការផ្សព្វផ្សាយពីលក្ខខណ្ឌតម្រូវលើកិច្ចសម្រួលពាណិជ្ជកម្ម និងការបង្ហាញពីវិធីសាស្ត្រ ដើម្បីជំរុញដល់ការនាំ ចេញទៅកាន់ទីផ្សារចិន ដែលជាទីផ្សារដ៏ធំមួយនៅក្នុងចំណោមទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាជំរុញទំនិញកម្ពុជាទៅកាន់ទីផ្សារមួយនេះ ឱ្យបានកាន់តែច្រើនថែមទៀត។លោក Zhang Yuntao លេខាទី២ នៃការិយាល័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម នៃស្ថានទូតចិនប្រចាំកម្ពុជា លើកឡើងថា ប្រទេសចិននិងកម្ពុជា គឺជាដៃគូដ៏សំខាន់ ក្នុងការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ, ជាក់ស្តែងនៅក្នុងឆ្នាំថ្មីៗនេះ ទំហំនៃការ នាំចេញកសិផលរបស់កម្ពុជាទៅកាន់ប្រទេសចិន បានពង្រីកជាលំដាប់ ដែលបានក្លាយជាចំណុចលេចធ្លោ នៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ បច្ចុប្បន្នកសិផលកម្ពុជាដែលអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិនរួមមាន៖ អង្ករ ចេក ស្វាយ មៀន ដូងជាដើម បច្ចុប្បន្នកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជា-ចិន កំពុងឈានចូលយុគសម័យមាស ដោយ ទីផ្សារដ៏ធំរបស់ប្រទេសចិន និងគោលនយោបាយបើកចំហររបស់ចិន នឹងផ្តល់សក្តានុពលកាន់តែទូលំទូលាយសម្រាប់កម្ពុជា។លោក សង្ឃឹមថា ប្រទេសចចិនចាប់ដៃជាមួយភាគីកម្ពុជា ដើម្បីផ្ដល់ផលិតផលកសិកម្មមានគុណភាពខ្ពស់កាន់តែច្រើនទៀត ឱ្យចូលទៅក្នុងទីផ្សារប្រទេសចិន និងទទួលបានផលប្រយោជន៍ទៅវិញទៅមក និងឈ្នះ-ឈ្នះទាំងអស់គ្នា៕ អត្ថបទ៖ សុន រ៉ាឌី

អភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យអាងស្តុកទឹកចំនួន២កន្លែង នៅស្រុកក្រូចឆ្មារ

2025/02/20 04:09:20 pm        142
ត្បូងឃ្មុំ ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានចុះត្រួតពិនិត្យ ទំនប់​បឹងសេកយំ និងទំនប់ប៉ើស២ និងសំណេះ​សំណាល​ជាមួយ​បង​ប្អូន​ប្រជា​កសិករ​អាស្រ័យ​ផល ក្នុងស្រុកក្រូចឆ្មារ ។ ជាមួយការចុះពិនិត្យនេះឯកឧត្តមបាន នែនាំដល់​បងប្អូន​ប្រជា​ពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្នខ្ពស់ចំពោះការប្រើប្រាសទឹកសម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ព្រោះ​ថា​ឆ្នាំ​នេះ​ទឹក​តាមប្រឡាយ ត្រពាំង និងបឹងមួយចំនួនបានរីង ដោយសារតែ​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក​ច្រើន​លើ​ការស្រោចស្រព។ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍ថា បងប្អូនប្រជាកសិករ ដែលដាំដុះដំណាំស្រូវ អាស្រ័យ​ផល ក្នុងទំនប់ បឹងសេកយំ និងទំនប់ប៉ើស២ នេះសូម​បងប្អូន​មាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​រដូវ​ប្រាំង​នេះ ព្រោះអាចនិងមានបញ្ហាខ្វះខាតទឹកក្នុងការប្រើប្រាស់ លើដំណាំស្រូវ។ ហើយ​ឥឡូវ​នេះ​យើង​កំពុង​តែ​ធ្វើការស្តារ បឹងនេះបន្ថែមដើម្បី​មាន​ភាពងា​យ​ស្រួល​ក្នុង​ការ​ផ្ទុក​ទឹក​សម្រាប់​ប្រើ​ប្រាស់​ស្រោចស្រព​ដំណាំក្នុងរដូវប្រាំង ។ បងប្អូន​ប្រជា​ពលរដ្ឋ​កសិករ​ដែល​អាស្រ័យ​ផល​ដោយ​ប្រើ​ប្រាស់​ទឹក​បឹង​ទាំង២នេះ គឺបងប្អូនអាចអាស្រ័យផលបាន ប៉ុន្តែយើងនឹងទុកបឹង​នេះ​ជា​សម្បត្តិ​រដ្ឋ​ដើម្បី​ប្រើ​ប្រាស់ជាប្រយោជន៍រួមគ្នា និងមិនតម្រូវឱ្យពុះប្លង់កម្មសិទ្ធសម្រាប់បុគ្គលណាម្នាក់ឡើយ ដោយ​ដីផ្ទៃបឹងនេះគឺយើងនឹងធ្វើការស្តារបន្ថែមទៀតដើម្បីងាយស្រួលនៅរដូវរស្សា អាចផ្ទុក​ទឹក​ក្នុង​បឹង​បានច្រើនសម្រាប់បងប្អូនក្នុងស្រុកក្រូចឆ្មារ ប្រើប្រាស់ដាំដុះដំណាំកសិកម្មផ្សេងៗ ពិសេស​ដំណាំ​ស្រូវ ថ្នាំជក់ និងពោត ជាដើម ។ជាមួយគ្នានោះឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវត្រួតពិនិត្យ និង​ធ្វើ​ការ​ណែនាំ​ដល់​ប្រជា​កសិករ​បង​ប្អូន​ពលរដ្ឋ​ដែល​អាស្រ័យ​ផល​កសិកម្ម​ក្នុង​រដូវ​ប្រាំង​នេះ​សូម​មាន​ការ​ប្រុង​ប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ទឹកដើម្បីរក្សាបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ និង​មិន​មាន​ការ​ខាត​បង់លើការដាំដុះក្នុងរដូវប្រាំងនេះ ។សូមជម្រាបថា ឆ្នាំ២០២៥ នារដូវប្រាំងនេះ ក្នុងខេត្តត្បូងឃ្មុំ​ទាំង​មូល​មាន​បញ្ហា​ប្រឈម​នឹង​ការ​ខ្វះ​ខាត​ទឹក​សម្រាប់ស្រោចស្រប់ដំណាំផ្សេងៗ ពិសេសដំណាំស្រូវ តែយ៉ាងណា​ភ្លាមៗ​អាជ្ញាធរ​ពាក់​ព័ន្ធ​មួយ​នេះក្រោមការដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ បានអន្តរាគមន៍ជួយបូមទឹក បុកអណ្តូង សង្រ្គោះ​ស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា រាប់រយហិកតា ដោយមិន​ទុក​ឲ្យស្រូ​វ​ប្រជា​ពលរដ្ឋ​រង​ការ​ខូចខាតនោះទេ៕ ដោយ៖ ជឹង សេងឡុង 

ខេត្តពោធិ៍សាត់ មានដំណាំសក្តានុពលជាច្រើនសម្រាប់ការរៀបចំចងក្រង​ទៅជាសហគមន៍កសិកម្មទំនើប

2025/02/20 02:56:25 pm        116
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែកុម្ភៈនេះ បានជួបផ្សព្វផ្សាយ និងសិក្សាពីលទ្ធភាពរៀបចំសហគមន៍កសិកម្មទំនើបសម្រាប់ដំណាំម្ទេស ជូនដល់បងប្អូនសម្បទានិក នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ត្រយឹង ខេត្តពោធិ៍សាត់។ឯកឧត្តម បានលើកឡើងថា នៅទីនេះមានសក្តានុពលច្រើនសម្រាប់ការរៀបចំចងក្រងឱ្យទៅជាសហគមន៍កសិកម្មទំនើបតែម្តង ដោយហេតុថា បងប្អូនសម្បទានិកទាំងជាង៦០០គ្រួសារ សុទ្ធតែមានដីទំនេរស្រាប់ ស្ថិតនៅជាប់ៗគ្នា សម្បូរកម្លាំងពលកម្ម និងមានរចនាសម្ព័ន្ធចាំបាច់មួយចំនួនរួចជាស្រេច។ អ្វីដែលសំខាន់នោះ គឺត្រូវការតែបងប្អូនទាំងអស់ស្ម័គ្រចិត្តព្រមគ្នាក្នុងចំនួនច្រើនគ្រប់គ្រាន់ដើម្បីបង្កើតជាសហគមន៍តែប៉ុណ្ណោះ ព្រោះភាពសមស្របខាងផ្នែកបច្ចេកទេស ការត្រៀមដើមទុន និងការតភ្ជាប់ទីផ្សារសម្រាប់ដំណាំម្ទេស សុទ្ធសឹងតែត្រូវបានរៀបចំរួចរាល់ហើយ។ សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប បង្កើតឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងគោលបំណង ដើម្បីប្រែក្លាយវិស័យកសិកម្មកម្ពុជា ពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាស សេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់ មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណ តម្លៃ និងគុណភាព។ ការចងក្រងសហគមន៍កសិកម្មទំនើប ជួយឱ្យកសិករទទួលបានផលចំណេញច្រើន តាមរយៈការកាត់បន្ថយថ្លៃដើមផលិត, ការទទួលបានទុនកម្ចីក្នុងអត្រាការប្រាក់ទាប, ការទទួលបានទីផ្សារ និងការគាំទ្រផ្នែកបច្ចេកទេសជាដើម៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខរបបសឹកមីយ៉ាន់ម៉ា បញ្ជាក់ពីផែនការបោះឆ្នោតនៅអំឡុងចុងឆ្នាំ២០២៥នេះ
06/26/2025 02:06 PM
រោងចក្រសហគ្រាសជាច្រើនប្រកាសជ្រើសរើសកម្លាំងពលកម្មបន្ទាន់ និងលើកទឹកចិត្ត​ខ្ពស់​ដល់​ពលករ​ត្រឡប់ពីថៃ
06/26/2025 12:06 PM
ក្រុមហ៊ុនចំនួន២០ ចូលរួមការដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ទាំង១១ ឆ្នាំ២០២៥ នៅខណ្ឌដូនពេញ
06/26/2025 12:06 PM
អ្នកស្លាប់ឡើងដល់១៣នាក់ សហគមន៍មួយត្រូវបាត់បង់ ខណៈប្រជាជនកូឡុំប៊ី ស្វែងរកអ្នកនៅរស់បន្ទាប់ពីបំណាក់ដី
06/26/2025 12:06 PM
ឈីលី បំផ្លាញបណ្តាញលាងលុយពាក់ព័ន្ធជាមួយក្រុម Tren de Aragua ដោយចាប់ខ្លួនមនុស្ស៥២នាក់
06/26/2025 12:06 PM
បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសអាហ្សង់ទីន ធ្វើកូដកម្មជុំវិញការកាត់មូលនិធិរបស់រដ្ឋាភិបាល
06/26/2025 12:06 PM
សហរដ្ឋអាមេរិក ចេញការព្រមានធ្វើដំណើរថ្មីដល់ពលរដ្ឋខ្លួននៅតំបន់មជ្ឈិមបូព៌ា
06/26/2025 12:06 PM
ការបាញ់ប្រហារនៅម៉ិកស៊ិកបានសម្លាប់មនុស្សយ៉ាងហោចណាស់១០នាក់ រួមមានទាំងកុមារ
06/26/2025 12:06 PM
ការសិក្សាថ្មីរកឃើញថា ចំនួនអ្នកស្លាប់នៅហ្កាហ្សា កើនឡើងជិត ៤០% ខ្ពស់ជាងតួលេខផ្លូវការ
06/26/2025 12:06 PM
ក្រុមហាម៉ាស អះអាងជាថ្មីពីការប្តេជ្ញាចិត្តចំពោះកិច្ចប្រឹងប្រែងសម្រុះសម្រួលបទឈប់បាញ់នៅហ្កាហ្សា
06/26/2025 12:06 PM