ឯកឧត្តម ឌិត ទីណា​ ជំរុញមន្រ្តីកសិកម្មឃុំចុះផ្សព្វផ្សាយនិងពន្យល់ឱ្យបានច្បាស់អំពីគោលនយោបាយអាទិភាពវិស័យកសិកម្មដល់កសិករ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការអនុវត្កគម្រោងវិនិយោគតាមបណ្តាកោះ-ឆ្នេរ និងរមណីយដ្ឋាននានានៅព្រះសីហនុ
កម្ពុជាទទួលបានការវិនិយោគចំនួន ១២គម្រោង មានទុនសរុបប្រមាណ ១២៨ លានដុល្លារ
កម្ពុជាស្នើបង្កើតគំនិតផ្តួចផ្តើមច្រករបៀងនវានុវត្តន៍ ដើម្បីកសាងអនាគតបច្ចេកវិទ្យារួមគ្នា

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តម ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយគណៈប្រតិភូធនាគារ ADB ដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងបង្កើនភាពប្រកួតប្រជែងសម្រាប់កម្ពុជា

2025/03/25 03:09:25 pm        153
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (Asian Development Bank – ADB ) ដឹកនាំដោយ លោក Anthony Gil ប្រធានស្តីទីការិយាល័យតំណាង ADB ប្រចាំនៅកម្ពុជា, លោក Sion Mortin តំណាងក្រុមការងារមកពីទីស្នាក់ការកណ្តាលធនាគារ ADB ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបនាព្រឹកនេះត្រូវបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាល ដោយបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញ ការត្រៀមរៀបចំវេទិកាទាក់ទងនឹងពាណិជ្ជកម្មប្រកបដោយចីរភាពរបស់ ADB ដែលនឹងប្រព្រឹត្តឡើងនាពេលខាងមុខ, និយាមការថ្មីៗសម្រាប់ការតាក់តែង ឬកំណែទម្រង់ច្បាប់ និងគោលនយោបាយនានាឱ្យស្របតាមនិន្នាការសកល និងកត្តាពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញលើកកម្ពស់បរិយាកាសវិនិយោគ បង្កើនភាពប្រកួតប្រជែង និងទាក់ទាញវិនិយោគថ្មីៗ ឱ្យជ្រើសរើសកម្ពុជាជាទីតាំងបោះទុនក្នុងបរិការណ៍ពិភពលោក និងស្ថានភាពភូមិសាស្ត្រនយោបាយនាពេលបច្ចុប្បន្ន។នៅក្នុងឱកាសនៃជំនួបពិភាក្សាការងារនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះគណៈប្រតិភូ ADB ដែលមានវត្តមាន ទន្ទឹមនេះ ឯកឧត្តមបានលើកឡើងអំពីច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលត្រូវបានទទួលស្គាល់ថាជាច្បាប់វិនិយោគសេរី និងប្រកបដោយការលើកទឹកចិត្តខ្ពស់សម្រាប់វិនិយោគិន បើធៀបទៅនឹងច្បាប់វិនិយោគ នៃបណ្តាប្រទេសនានានៅក្នុងតំបន់ ប៉ុន្តែកម្ពុជាក៏នៅតែមានតម្រូវការជាចាំបាច់ក្នុងការអភិវឌ្ឍគុណសម្បត្តិវិស័យពាក់ព័ន្ធសំខាន់ៗផ្សេងទៀត ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងសម្រាប់ការវិនិយោគផ្ទាល់ពីបរទេស (Foreign Direct Investment – FDI)។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ដើម្បីជាការសម្របសម្រួលដល់វិនិយោគិន ក្នុងការដាក់ពាក្យស្នើសុំវិនិយោគ និងដើម្បីចូលរួមជំរុញការអនុវត្ត ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជា គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ដែលអនុញ្ញាតឱ្យវិនិយោគមានលទ្ធភាពដាក់ពាក្យស្នើសុំវិនិយោគបានពីគ្រប់ទីកន្លែង និងពេលវេលាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ជាមួយគ្នានេះគណៈប្រតិភូ ADB លើកឡើងអំពី យន្តការប្រព័ន្ធតាមដាន (Traceability) ដែលមានសមត្ថភាពក្នុងការតាមដានផលិតផល(ពិសេសផលិតផលកសិកម្ម) សម្ភារៈ ឬព័ត៌មានពាក់ព័ន្ធគ្រប់ដំណាក់កាល និងផ្តល់នូវភាពច្បាស់លាស់នៃការធ្វើដំណើររបស់ផលិតផល បង្កើនតម្លាភាព និងការយល់ដឹងអំពីខ្សែចង្វាក់ផ្គត់ផ្គង់ ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពសមស្របតម្រូវការទីផ្សារនាំចេញ។តាមរយៈជំនួបនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ADB នឹងបន្តផ្តល់កិច្ចសហការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមមួយកម្រិតទៀត ពិសេសលើការផ្តល់យោបល់ពាន់ព័ន្ធនឹងការរៀបចំគោលនយោបាយ ការគាំទ្រកំណែទម្រង់គោលនយោបាយ និងការរៀបចំយុទ្ធសាស្រ្តនានាដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ៕

IFC សាទរចំពោះការរីកចម្រើននៅក្នុងវិស័យ SMEs និងកម្រិត Micro កំពុងមានភាពរស់​រវើករបស់​កម្ពុជា

2025/03/25 01:24:55 pm        65
តំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំកម្ពុជា បានសាទរដល់វិស័យឯកជននៅកម្ពុជា ជាពិសេសវិស័យ SMEs និងនៅ ក្នុងវិស័យកម្រិត Micro កំពុងមានភាពរស់រវើក និង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ដែលបានបង្ហាញដល់សេដ្ឋកិច្ចកំពុងរីកចម្រើន។លោកស្រី Towfiqua Hoque ប្រធានស្ថានតំណាងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំ​កម្ពុជា នៅក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋ​មន្ត្រី​ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ លោកស្រី បាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ IFC ចូលជួបពិភាក្សាការងារដើម្បីសិក្សា និងស្វែងយល់ ឱ្យកាន់តែស៊ីជម្រៅ អំពី​ឱកាសពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា។ លោកស្រីកត់ សម្គាល់ថា វិស័យ​ឯកជននៅកម្ពុជាបានកំពុងដំណើរការល្អ និងដោយរលូន ទាំងក្នុងវិស័យ SMEs និងក្នុងវិស័យកម្រិត Micro នេះបាន បង្ហាញនូវភាពរស់រវើក នៅក្នុងសេដ្ឋកិច្ចកំពុងរីកចម្រើន។ បន្ថែមពីនេះ លោកស្រី ក៏បានចែករំលែក និងរៀបរាប់អំពីសកម្មភាពដែល IFC បានអនុវត្តកន្លងមកនៅកម្ពុជាក្នុងវិស័យឯកជន, វិនិយោគ, SMEs, កសិកម្ម, ថាមពល, ធនាគារជាដើម។ក្នុងជំនួបនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសរំលេច អំពីភាពមិនប្រាកដប្រជានៃស្ថានភាពភូមិសាស្ត្រ នយោបាយនៅលើសាកលលោក ជាពិសេសការធ្វើពាណិជ្ជកម្ម ដែលជាកត្តាចាំបាច់ នៃការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ រវាង IFC និងប្រទេសកម្ពុជា និងបានលើកឡើងអំពីវឌ្ឍនភាពថ្មីៗពាក់ព័ន្ធនឹងដំណើរការនៃការអភិវឌ្ឍរបស់ប្រទេសកម្ពុជា បញ្ហាប្រឈម និងកាលានុវត្តភាពនានាឯកឧត្តម ក៏បានចែករំលែកជាសង្ខេប អំពីសាវតា និងដំណើរការវិវត្តនៃវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងបានសម្តែង នូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ IFC នៅកម្ពុជា ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងការវិនិយោគ និងវិស័យឯកជន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំ និងជំរុញឱ្យ IFC សិក្សាពង្រីកប្រតិបត្តិការនៅកម្ពុជាទាំងទំហំ និង វិសាលភាពនៃការវិនិយោគលើវិស័យផ្សេងទៀត ក្រៅពីវិស័យធនាគារនិងហិរញ្ញវត្ថុ។លោកស្រី Towfiqua Hoque បានទទួលយក និងសន្យាពាំនាំនូវសំណើទាំងនេះ រាយការណ៍ជូនថ្នាក់ដឹកនាំ IFC ដើម្បីពិនិត្យ លទ្ធភាពពង្រីកប្រតិបត្តិការបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យ ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កសិកម្ម កសិ-ពាណិជ្ជកម្ម ឧស្សាហកម្ម ថាមពល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទីក និងការដឹកជញ្ជូនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំពាក្យក្រសួងកសិកម្ម៖ បច្ចុប្បន្ន ថ្លៃជ្រូករស់ស្ថិតក្នុងរង្វង់ ១ម៉ឺនរៀល ដែលជាតម្លៃ​សមរម្យ​លើ​ទីផ្សារ

2025/03/25 11:47:17 am        123
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បានឲ្យដឹងថា ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ខណៈ​មាន​ការ​កើន​ឡើង​អ្នកចិញ្ចឹមនៅក្នុងស្រុក។នៅក្នុងបណ្តាញសង្គម ឯកឧត្តមអនុរដ្ឋលេខាធិការ បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០២៥​នេះ​ថា ដោយសង្កេតឃើញមានការជជែកវែកញែក ពីបញ្ហាថ្លៃជ្រូករស់និងថ្លៃសាច់ជ្រូក ក្នុង​នាមអ្នកនាំពាក្យ គឺថា ក្រសួងកសិកម្ម​តែង​តែតា​ម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ស្ថាន​ភាព​កសិផល​សំខាន់ៗ រួមទាំងថ្លៃសត្វជ្រូករស់ និងទីផ្សារផ្គត់ផ្គង់សាច់ជ្រូកនេះផងដែរ។ បច្ចុប្បន្ននេះ ថ្លៃ​ជ្រូករស់មានការកើនឡើងប្រសើរជាងមុនសម្រាប់កសិករអ្នកចិញ្ចឹម តែថ្លៃនេះ​មិន​ទាន់​ប៉ះ​ពាល់​ដល់​ប្រាក់​ចំណេញរបស់អ្នកផ្គត់ផ្គង់សាច់ជ្រូក ឬអ្នកបរិភោគនៅឡើយទេ។ ឯកឧត្តម បានបន្តទៀតថា ថ្លៃជ្រូករស់ក្នុងរង្វង់១ម៉ឺនរៀល គឺជាថ្លៃសមរម្យ ហើយអ្នក​ផ្គត់​ផ្គង់​សាច់​ជ្រូក​ក៏​ធ្លាប់បានទទួលប្រាក់ចំណេញច្រើន ក្នុងអំឡុងពេល​ដែល​ថ្លៃ​ជ្រូក​រស់​ថយ​ចុះ​ដោយ​សារ​មាន​ការ​ចិញ្ចឹម​ច្រើន។ ក្នុងករណីថ្លៃជ្រូករស់កើនខ្ពស់លើសពីធម្មតា ក្រសួង នឹងចាត់វិធាន​ការ​ឆ្លើយ​តប​ជាក់​លាក់ ដូចដែលធ្លាប់បានអនុវត្តលើករណីថ្លៃជ្រូករស់ធ្លាក់ចុះផងដែរ។ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា កន្លងមក យើងបាន​ធ្វើ​កិច្ច​ការ​ជា​ច្រើន​ពាក់​ព័ន្ធ​នឹង​ការ​ពង្រឹងខ្សែច្រវាក់តម្លៃ និងជួយសម្រប​សម្រួល​ផែន​ការ​ផលិតកម្ម​ឱ្យ​សម​ស្រប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ។ ខណៈដែលអ្នកផលិតចង់បានថ្លៃខ្ពស់ ហើយអ្នកបរិភោគចង់បានថ្លៃទាប មានតែការ​រក្សា​ស្ថេរភាពថ្លៃកសិផលប៉ុណ្ណោះ ដែលអាចការពារ​ផល​ប្រយោជន៍​របស់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ និងធានាបាននូវនិរន្តរភាពនៃប្រព័ន្ធស្បៀងអាហាររបស់កម្ពុជា៕

ចិនកំពុងសិក្សាបង្កើតតំបន់កសិ-ឧស្សាហកម្មផលិតវត្ថុធាតុដើមនៅកម្ពុជាផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក

2025/03/25 10:39:46 am        74
តំណាងប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ នឹងពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ផលិតវត្ថុធាតុដើម ឬផលិតផល ពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗក្នុងស្រុក ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជីន សាងជីន អនុប្រធានមន្ទីរកិច្ចការបរទេស នៃខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តមបាន ថ្លែងអំណរគុណដល់ខេត្តជាំងស៊ូ ដែលជារឿយៗ តែងតែជំរុញវិនិយោគិននៅក្នុងខេត្ត មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ជាក់ស្តែង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាសក្ខីភាពដ៏អស្ចារ្យមួយ ដែលបច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុនវិនិយោគ រហូតដល់ទៅប្រមាណជិត ២០០ ក្រុមហ៊ុម ហើយក៏មានការបណ្តាក់ទុនវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយទៀត ស្ថិតនៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម ដែលជាប្រភពទុនវិនិយោគមកពីខេត្តជាំងស៊ូផងដែរ។ឯកឧត្តម លើកឡើងបន្ថែមថា ក្នុងរយៈពេល ២ ខែ ដើមឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគ ចំនួន ១១២ ក្នុងទុនវិនិយោគប្រមាណជាង ១ ប៊ីលានដុល្លារអាមេរិក ក្នុងនោះការវិនិយោគមកពីប្រទេសចិន បានរួមចំណែកដល់ ទៅប្រមាណជិត ៨០% នៃទុនវិនិយោគសរុប។ ជាមួយគ្នានេះដែរ ឯកឧត្តមអគ្គលេធិការ ក៏បានស្នើឱ្យខេត្តជាំងស៊ូ ធ្វើការគិតគូរ ក្នុងការបង្កើតតំបន់កសិ-ឧស្សាហកម្មមួយ ដើម្បីផលិតវត្ថុធាតុដើម ឬផលិតផលពាក់កណ្តាលសម្រេច សម្រាប់ផ្គត់ផ្គង់ដល់ ឧស្សាហកម្មក្នុងស្រុក ដែលផលិតសម្រាប់ធ្វើការនាំចេញ ពិសេសឧស្សាហកម្មផលិតគ្រឿងសង្ហារឹម និងឧស្សាហកម្មផលិតសំបកកង់ រថយន្ត ដោយហេតុថា កម្ពុជាមានធនធានធម្មជាតិគ្រប់គ្រាន់ ប៉ុន្តែបច្ចេកវិទ្យាសម្រាប់ធ្វើការផលិត ឬកែច្នៃនៅមានកម្រិតនៅឡើយ។  ជាការឆ្លើយតប, លោក ជីន សាងជីន បានថ្លែងនូវការអបអរសាទរ ចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់កម្ពុជា និងកំណើន នៃការវិនិយោគមកកម្ពុជា ជាពិសេសការវិនិយោគិនមកពីខេត្តជាំងស៊ូ។ ទន្ទឹមនឹងនេះ លោក បានសម្តែងនូវក្តីសោមនស្សរីករាយ ដោយបានមើលឃើញពីការរីកចម្រើនរបស់តំបន់ សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែផ្តល់ការគាំទ្រដល់ដំណើរការរបស់តំបន់សេដ្ឋកិច្ច ពិសេសនេះ ដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់។ អ្វីដែលពិសេសទផតនោះ លោកក៏បាន ឯកភាពចំពោះសំណើរបស់ឯកឧត្តមអគ្គលេខាធិការ ក្នុងការពិចារណាបង្កើតតំបន់កសិ-ឧស្សាហកម្ម ធ្វើការផលិតវត្ថុធាតុដើម ឬ ផលិតផលពាក់កណ្តាលសម្រេចនៅកម្ពុជា សម្រាប់ផ្តត់ផ្គង់ដល់ឧស្សាហកម្មធំៗ ដើម្បីរួមចំណែកកាត់បន្ថយការនាំចូលវត្ថុធាតុដើម ពីក្រៅប្រទេស សំដៅចូលរួមបង្កើតតម្លៃបន្ថែមក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស

2025/03/24 01:03:19 pm        132
ខណៈដែលវិស័យជលផលនៅប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមសហការគ្នាអភិរក្សធនធានធម្មជាតិ ជាពិសេសការរក្សាឲ្យបាននូវប្រភេទសត្វជិតផុតពូជ ដើម្បីអភិវឌ្ឍដោយចីរភាព។ក្នុងឱកាសអញ្ជើញបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅតជំនាន់ផង និងដើម្បីរួមចំណែកលើកកម្ពស់វិស័យជលផលនៅកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយមោទនភាព។ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្ដរភាព គឺជាភារកិច្ចមួយ ដែលមានលក្ខណៈលំបាកស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យថ្នាក់ដឹកនាំ គ្រប់អង្គភាព និងមន្រ្តីជំនាញត្រូវបង្កើនស្មារតីទទួលខុសត្រូវ ផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិរបស់ជាតិឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។សូមជំរាបជូនថា នៅក្នុងកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា (Cambodia International Film Festival) ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។ ក្នុងនោះ ក៏មានការចាក់បញ្ចាំងជូននូវវីដេអូចំនួន២ផងដែរ ទី១.ជាវីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងទី២.ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

វិនិយោគិនថៃបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/24 11:16:22 am        126
វិនិយោគិនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើធុរកិច្ច និងការ វិនិយោគ ខណៈកម្ពុជាគឺជាប្រទេសបានផ្តល់នូវទំនុកចិត្ត និងភាពអំណោយផលគ្រប់បែបយ៉ាងដល់បរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។ក្រុមធុរកិច្ចថៃដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅក្នុងកម្មវិធីប្រកួត កីឡាវាយសីមិត្តភាព និងអាហារសាមគ្គី រៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមធុរកិច្ចបានលើកឡើងថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាដើម។ក្រុមធុរកិច្ចទាំងនេះបន្តថា ជាក់ស្តែងការដាក់ទុនរកស៊ីទទួលទានរបស់ពួកគាត់នៅកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានដំណើរ ការអាជីវកម្មនៅកម្ពុជា ខ្លះបានជាង ៣០ឆ្នាំ ក្រុមហ៊ុនខ្លះជាង ២០ឆ្នាំហើយ ដែលនេះបានបង្ហាញនូវភាពអំណោយផលរបស់កម្ពុជា ដល់វិនិយោគិនប្រទេស មិនថាប្រទេសវិនិយោគិនថៃ ឬវិនិយោគិនផ្សេងៗទៀតឡើយ ស្ថិតក្រោមបរិយាកាសធ្វើអាជីវកម្មសម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ក្រៅពីការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម អ្វីដែលជាចម្បងគឺបញ្ហាសុខភាព, ជាក់ស្តែងការប្រកួតកីឡា សមាគមតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែង ដើម្បីសុខភាពទាំងអស់គ្នា មានសុខភាពល្អ និងជំរុញដល់ការធ្វើអាជីវកម្មកាន់តែខ្លាំងក្លា ជាក់ស្តែងមកដល់ពេលនេះ ក្រៅពីក្រុមហ៊ុន ថៃដែលកំពុងវិនិយោគនៅកម្ពុជា បច្ចុប្បន្នឃើញថា មានធុរកិច្ចថៃថ្មីៗជាច្រើនទៀត ចូលមកសិក្សាស្វែងយល់ជាបន្តបន្ទាប់ដូចជា ផ្នែក សុខភាព និងកែសម្ពស្ស និងការស្វែងរកឱកាសនាំទំនិញចូលមកទីផ្សារកម្ពុជាជាដើម ក្នុងគោលដៅជំរុញបរិយាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។ ជុំវិញធុរកិច្ចថៃ, នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ទួល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងនៅក្នុងជំនួបអាហារ សាមគ្គីរវាងធុរកិច្ចថៃនិងកម្ពុជា ថា ប្រទេសថៃគឺជាអ្នកវិនិយោគបរទេសដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលបានរួមចំណែកដល់ សន្តិសុខស្បៀង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ ធនធានមនុស្ស ក៏ដូចជាការកែលម្អសុខភាពសាធារណៈនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគថៃ ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឃឹម ហ្វីណង់៖ វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុនប្រសិនបើ «ការធ្វើផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព

2025/03/23 02:48:53 pm        210
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃ ទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព ប្រសិនបើ«ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព។ ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដឹកនាំធ្វើកិច្ចការជាច្រើនក្នុងពេលកន្លងមក ដើម្បីជំរុញ និងបង្កបរិយាកាសអំណោយផលដល់ការធ្វើផលិតកម្មកសិកម្មជាប្រព័ន្ធបែបនេះ រួមមានការរៀបចំច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាផលិតជាសហគមន៍កសិកម្មទំនើប។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្មទាំងមូល ជាពិសេសការពារបងប្អូនកសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារពីហានិភ័យទីផ្សារ៕

ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍​បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស

2025/03/23 01:55:26 pm        215
នៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និងបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣១៣៣ហិកតា។ទន្ទឹមនឹងនេះ របាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។ជាចុងក្រោយ របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ៕

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឯកអគ្គរាជទូតជប៉ុន អញ្ជើញចូលរួមភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា

2025/03/21 08:08:08 pm        202
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា តាមបច្ចេកទេសទំនើប ដោយមិនមានការផ្អាកផ្គត់ផ្គង់ទឹកស្អាត ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថលក្នុងតំបន់ និងទីប្រជុំជន។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំ ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ និងទីប្រជុំជន។ គម្រោង សាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍ កោះនរាថ្មី របស់ក្រុមហ៊ុន OCIC ។ ជុំវិញគម្រោងខាងលើនេះ, នឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ (រួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ), ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបរិក្ខារ, និងបំពង់មេនាំទឹកឆៅមានចំនួន ២ ខ្សែ ប្រវែង១.៦០០ ម៉ែត្រ មានមុខកាត់ ១.៤០០ មីលីម៉ែត្រ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងថា នេះជា លើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយមិនផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា។ គម្រោងនេះ ក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយ ក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ។ទាក់ទិនការភ្ជាប់បំពង់មេខាងនេះដែរ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានបានសហការគ្នាយ៉ាងជិតស្និទ្ធ រិះរក វិធីសាស្ត្របញ្ជៀសការកាត់ផ្តាច់សេវា ឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត នៅពេលអនុវត្តការតភ្ជាប់នេះ។ ជាលទ្ធផល, រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ គឺមិនបានកាត់ផ្ដាច់ការ ផ្គត់ផ្គង់ទឹកស្អាត នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថលក្នុងតំបន់ទីប្រជុំជន ក្រោម ជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាពិនិត្យពិភាក្សានៃវឌ្ឍនភាព លើការតភ្ជាប់ប្រព័ន្ធ cdcIPM ទៅថ្នាក់ក្រោមជាតិ

2025/03/21 07:47:36 pm        163
កម្ពុជាពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ជំរុញភាពប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារ ពីថ្នាក់ ជាតិដល់ថ្នាក់ក្រោមជាតិ។លោក បូរ៉ាត មុនីរ័តន៍ តំណាង ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំបន្ត ពីកិច្ចប្រជុំលើកទី១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោង វិនិយោគនៅថ្នាក់ក្រោម ជាតិ តាមប្រព័ន្ធ cdcIPM រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងមហាផ្ទៃ។គួររម្លឹកដែរថា កិច្ចការងារនេះអនុវត្តស្របតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវភាពធន់ និងចីរភាព នៃការរៀបចំយន្តការប្រទាក់ ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាម ដានការអនុវត្តគម្រោងវិនិយោគ។បន្ថែមពីនោះ កិច្ចការនេះជាទិសដៅដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ លើការអនុវត្តឱ្យបានពេញ លេញ លើការប្រើប្រាស់ប្រព័ន្ធ cdcIPM ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត នឹងឈានទៅរៀបចំការបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ដើម្បជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរគម្រប់៨៩ យាងចូល៩០ព្រះវស្សា
06/18/2025 08:06 PM
រដ្ឋាភិបាលសំឡេងភាគតិចរបស់ព័រទុយហ្គាល់ ឡើងកាន់អំណាច
06/18/2025 08:06 PM
ការស្ទង់មតិ៖ បក្ស Tisza នាំមុខ ១៥ពិន្ទុ លើបក្សកាន់អំណាច Fidesz របស់លោក Orban
06/18/2025 08:06 PM
ជម្រកការពារគ្រាប់បែកអ៊ីស្រាអែលនៅស្ថានីយរថភ្លើងក្រោមដី ខណៈការវាយប្រហារមីស៊ីលអ៊ីរ៉ង់
06/18/2025 08:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ច្រានចោលការអំពាវនាវរបស់លោក Trumpឲ្យចុះចាញ់ដោយឥតលក្ខខណ្ឌ
06/18/2025 08:06 PM
រដ្ឋមន្ត្រីអាល្លឺម៉ង់ និយាយទៅកាន់អ៊ីរ៉ង់ថា មិនយឺតពេលពេកនោះទេ ក្នុងការចរចា
06/18/2025 08:06 PM
មេធាវីឆ្នេីម២រូបចែករំលែក«បទពិសោធន៍ដឹកនាំអង្គភាព និងបទពិសោធន៍ក្នុងការប្រកបវិជ្ជាជីវៈជាមេធាវី»
06/18/2025 07:06 PM
លោក Zelenskiy ចាកចេញពីកិច្ចប្រជុំ G7ដោយមិនបានជួបលោក Trump ឬអាវុធថ្មីពីអាមេរិក
06/18/2025 07:06 PM
កម្ពុជាគ្រោងរៀបចំវេទិការពាណិជ្ជកម្មឌីជីថល និងពិព័រណ៍អនឡាញ លើកទី២ ដើម្បីជំរុញការនាំចេញផលិតផលជាតិ
06/18/2025 07:06 PM
WhatsApp បារម្ភថា សេវាកម្មនឹងត្រូវបានបិទ ក្រោយអ៊ីរ៉ង់អំពាវនាវឲ្យលុបកម្មវិធី
06/18/2025 07:06 PM