អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់
ផ្តន្ទាទោសជនជាប់ចោទ ៦នាក់ ដាក់ពន្ធនាគារអស់មួយជីវិតពាក់ព័ន្ធនឹងករណីឃាតកម្មដោយមានទារុណកម្មលើនិស្សិតជនជាតិកូរ៉េខាងត្បូង
ឃាត់ខ្លួនជនជាតិចិន ៦១នាក់ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំង Online Scams នៅខណ្ឌចំនួនពីរ ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ

សន្តិសុខ និង សង្គម

អាកាសធាតុត្រជាក់ខ្លាំងបានវាយប្រហារផ្នែកមួយចំនួននៃប្រទេសកាណាដា

2024/01/14 02:47:16 pm        184
ការផ្ទុះឡើងនៃខ្យល់ត្រជាក់ពីតំបន់អាក់ទិកបានវាយប្រហារភាគខាងលិចប្រទេសកាណាដា ដែលនាំមកនូវសីតុណ្ហភាពធ្លាក់ចុះទាបខ្លាំងមិនធ្លាប់មាននៅក្នុងតំបន់មួយចំនួន។ អាកាសយានដ្ឋានអន្តរជាតិ វីកតូរៀ (Victoria) ក្នុងខេត្ត ប្រ៊ីធធីស កូឡំប៊ី (British Columbia) និងអាកាសយានដ្ឋានអន្តរជាតិ អេដម៉ុនតុន (Edmonton) ក្នុងខេត្ត អាល់ប៊ីតតា (Alberta) ដែលជាខេត្តភាគខាងលិចទាំងពីរ បានរក្សាកំណត់ត្រាសីតុណ្ហភាពទាបបំផុតគឺដក ១១អង្សាសេ និងដក ៤៦អង្សាសេ រៀងគ្នាកាលពីថ្ងៃសុក្រ (១២ មករា) ម៉ោងក្នុងស្រុក។អាកាសយានដ្ឋានអន្តរជាតិ វេនខូវើ (Vancouver) ដែលជាអាកាសយានដ្ឋានដ៏សំខាន់នៅភាគខាងលិចប្រទេសកាណាដា បានលុបចោលជើងហោះហើរចំនួន ១៨ជើង និងពន្យារពេលជើងហោះហើរចំនួន ៤០ជើង កាលពីថ្ងៃសុក្រ ដោយសារព្យុះព្រិល និងសីតុណ្ហភាពទាបខ្លាំងពេក។ សូម្បីតែនៅខេត្ត អនថារីយ៉ូ (Ontario) ភាគខាងកើត អាកាសយានដ្ឋានអន្តរជាតិ តូរ៉ុនតូ ភៀសុន (Toronto Pearson) ក៏ត្រូវលុបចោលជើងហោះហើរយ៉ាងហោចណាស់ ៦៩ជើងផងដែរ កាលពីថ្ងៃសុក្រដោយសារបញ្ហាអាកាសធាតុធ្ងន់ធ្ងរ។លោក ដេវីត ហ្វីលីបស៍ (David Phillips) អ្នកនាំពាក្យសេវាកម្មឧតុនិយមនៃប្រទេសកាណាដា បាននិយាយថា ខ្យល់ត្រជាក់នឹងឆ្ពោះទៅភាគខាងត្បូង ហើយប៉ះពាល់ដល់ផ្នែកខាងលិចនៃសហរដ្ឋអាមេរិក។ អ្នកជំនាញរូបនេះក៏បានព្រមានផងដែរថា សីតុណ្ហភាពខ្លាំងបែបនេះនឹងកាន់តែធ្ងន់ធ្ងរឡើងជាមួយនឹងបម្រែបម្រួលអាកាសធាតុពិភពលោក៕

ពលរដ្ឋនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ ប្រមូលផ្ដុំគ្នាតវ៉ាទាមទារបទឈប់បាញ់នៅហ្កាហ្សា

2024/01/14 02:35:28 pm        201
មនុស្សរាប់ម៉ឺននាក់បានដើរតាមដងផ្លូវក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ កាលពីថ្ងៃសៅរ៍ (១៣ មករា) ដើម្បីអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្កាហ្សា ខណៈជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ខិតជិតដល់ថ្ងៃទី១០០ របស់ខ្លួន។យុទ្ធនាការសាមគ្គីភាពប៉ាឡេស្ទីន (PSC) ដែលជាអ្នករៀបចំដ៏សំខាន់បាននិយាយថា បាតុកម្មនេះគឺជាផ្នែកមួយនៃ «ទិវាពិភពលោកនៃសកម្មភាពសម្រាប់ប៉ាឡេស្ទីន» ដែលមានការចូលរួមពីប្រទេសចំនួន៣០។ ក្រុមអ្នកតវ៉ានៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ពួកគេមិនចង់ឃើញការកើនឡើងនៃភាពតានតឹងនៅក្នុងតំបន់ហ្កាហ្សានោះទេ ប៉ុន្តែចង់ឲ្យមានការបន្ធូរបន្ថយនៃការប្រយុទ្ធ និងបទឈប់បាញ់។នៅទីក្រុងឡុងដ៍ បាតុករជាច្រើនបានទប់ទល់នឹងភាពត្រជាក់ខ្លាំងក្នុងរដូវរងាដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រជាជនប៉ាឡេស្ទីន។ ពួកគេបានដើរដង្ហែទៅកាន់វិមាន វេសមីនស្ទើ (Westminster) ដែលជាកន្លែងប្រជុំរបស់សភាអង់គ្លេស ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលក្នុងការអំពាវនាវឱ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។ក្រសួងសុខភាពដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថាជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ២៤.០០០នាក់។ ប្រជាជនចំនួន ១,៩៣លាននាក់នៅហ្កាហ្សាត្រូវបានផ្លាស់ទីលំនៅដែលស្មើនឹង ៨៥ភាគរយនៃចំនួនប្រជាជនសរុបនៃតំបន់ហ៊ុមព័ទ្ធមួយនេះ៕

ទួរគីនិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធ៣២នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី

2024/01/14 12:19:36 pm        142
ក្រសួងការជាតិ បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងយោធាទួរគី បានសម្លាប់ក្រុមសកម្មប្រយុទុ្ធឃើត២៣នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង៩នាក់ទៀត នៅភាគខាងជើងប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពី ទាហានទួរគី៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើក។បន្ទាប់ពីឧបទ្ទវហេតុនេះ កើតឡើង ក្រសួងការពារជាតិ បាននិយាយថា ទាហានទួរគី៩នាក់ បានស្លាប់ និង៤នាក់ទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើតឬ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។កងទ័ពទួរគី បានធ្វើប្រតិបត្ដិការឆ្លងកាត់ព្រំដែន ជាអ្វីដែលហៅថា ចាក់កណ្តាប់ក្រញ៉ាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយប្រហារបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធPKK។ក្រុមសកម្មប្រយុទ្ធ PKKនេះ ត្រូវបានប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហៅថា ជាក្រុមភេរវជន ដែលបានកាន់អាវុធប្រឆាំង​នឹងប្រទេសទួរគី ចាប់តាំងពីឆ្នាំ១៩៨៤មក៕អត្ថបទ មករា (Makara)

មនុស្ស១០នាក់ស្លាប់ និង៦នាក់ បាត់ខ្លួននៅក្នុងឧបទ្ទវហេតុអណ្ដូងរ៉ែធ្យូងថ្ម មួយក្នុងប្រទេសចិន

2024/01/14 12:16:18 pm        136
ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្ស១០នាក់ បានស្លាប់និង៦នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុអណ្ដូងរ៉ែមួយក្នុងក្រុងភីងទីងសាន (Pingdingshan) នៅខេត្ដហ៊ើណាន ភាគកណ្ដាលប្រទេសចិនមក។ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង១៤:៥៥នាទី កាលពីថ្ងៃសុក្រ នៅក្នុងអណ្ដូងរ៉ែលធ្យូងថ្មមួយដែលធ្វើប្រតិបត្ដិការដោយក្រុមហ៊ុនអាជីវកម្មរ៉ែ ធ្យូងថ្ម ភីងទីងសាន ធានណាន (Pingdingshan Tianan)។ការស៊ើបអង្កេតបឋម បានបង្ហាញថា ឧបទ្ទវហេតុនេះ បានបណ្ដាលមកពី ធ្យូងថ្ម និងការផ្ទុះឧស្ម័ន។មនុស្សសរុបទាំងអស់៤២៥នាក់ កំពុងធ្វើការនៅក្រោមដីនៅពេលហេតុការណ៍នេះ បានកើតឡើង។ការងារជួយសង្រ្គោះនៅតែបន្ដធ្វើនៅឡើយ ហើយអ្នកដែលទទួលខុសត្រូវក្នុងអណ្ដូងរ៉ែធ្យូងថ្មនេះ ត្រូវបានអាជ្ញាធរសន្ដិសុខរដ្ឋចាប់ឃុំខ្លួន។អត្ថបទ មករា (Makara)

ពលរដ្ឋយ៉េម៉ែននៅតែមិនចុះញ៉ម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសបន្ថែមរបស់អាមេរិកមក

2024/01/14 12:04:12 pm        162
អ្នករស្រុកក្នុងរដ្ឋធានីសាណាអា (Sanaa)មិនតក់ស្លត់ ហើយនៅតែមិនចុះញ៉មកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែននោះ។សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារបន្ថែមប្រឆាំងកងទ័ពហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បែឌិន បានប្ដេជ្ញាការពារនាវាដឹកជញ្ជូននានា ក្នុងសមុទ្រក្រហម ដែលរាលដាលចេញមកពីសង្រ្គាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាមេត អាបឌុលសាឡាំ បានប្រាប់អ្នកសារព័ត៌មាន Reutersថា ការវាយប្រហាររបស់អាមេរិកលើប្រទេសយ៉េម៉ែន ក្នុងនោះរួមមាន ការវាយប្រហារមួយថ្មីបំផុត​លើ​មូលដ្ឋានយោធាមួយក្នុងក្រុងសាណាអា (Sanaa) មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរលើសមត្ថភាព​ក្រុមហ៊ូធី នៅដែលបន្ដរារាំងនាវានានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល កុំឲ្យឆ្លងកាត់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់៕ អត្ថបទ មករា(Makara)

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងដូចទូរសព្ទ iPhoneទៅគំរាមអ្នកដទៃ

2024/01/12 01:04:51 pm        3030
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងពិតមានរូបរាងដូចទូរសព្ទម៉ាកIphone ទៅគំរាមអ្នកដទៃ ដោយសារខឹងរឿងចាក់ធុងបាស់ខ្លាំងៗបង្កការរំខាន។យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបាន ប្រើប្រាស់អាវុធគំរាមដល់អាយុជីវិតរបស់គាត់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំ នៅ ភូមិដង្កោទាប សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ។ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់​ទៅ​លើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ ។ សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងមិនស្គាល់ម៉ាកមានរាងដូចទូរសព្ទដែលមានលេខ IC380 ចំនួន១,គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ,មួកសុវត្ថិភាព១,ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាស១គ្រឿង ,ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ១ ,ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ១គ្រឿង។សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូន​ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អេក្វាឌ័រ រំលាយក្រុមភេរវករ តាមច្បាប់និងបទបញ្ជា ក្នុងការបោសសម្អាតប្រទេសដែលមានភាពចលាចល

2024/01/12 12:38:29 pm        346
ក្រុមមន្ត្រីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានវិធានការប្រឆាំងក្រុម «ភេរវករ» នៅក្នុងប្រទេសអាមេរិកខាងត្បូងដែលជួបភាពចលាចល ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់។អ្នកដែលត្រូវបានឃុំខ្លួន មកពីប្រតិបត្តិការចំនួនបីផ្សេងគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមជនអន្ធពាល Los Lobos និងក្រុម Los Lagartos Mafia 18 ត្រូវបានរំលាយចោល ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកសន្តិសុខ។ អាវុធជាច្រើន ត្រូវបានរឹបអូស ហើយមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។ប្រតិបត្តិការរបស់យោធា និងនគរបាល បានធ្វើឡើងនៅជុំវិញប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការឃុំខ្លួនបុគ្គលិកពន្ធនាគារប្រមាណ១៨០នាក់ធ្វើឡើង ដោយអ្នកទោស ខណៈរដ្ឋាភិបាល បានសន្យាធ្វើសង្រ្គាមលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលពួកគេបានដាក់កំហុសចំពោះភាពចលាចលនេះ។ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ ការបំផ្ទុះនៅក្នុងទីក្រុងនានា និងការចាប់ពង្រត់មន្រ្តីនគរបាល ទំនងជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី លោក Daniel Noboa ក្នុងការដោះស្រាយស្ថានភាពសន្តិសុខធ្ងន់ធ្ងរ។

គ្រូពេទ្យនៅហ្កាហ្សាដែលអស់កំលាំង ព្យាយាមជួយជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/01/12 12:29:30 pm        360
ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួស បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ខណៈក្រុមគ្រូពេទ្យដែលអស់កម្លាំង បានព្យាយាមជួយជនរងគ្រោះពីការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។វេជ្ជបណ្ឌិត លោក Khaled Abu Awaimer បាននិយាយថា មន្ទីរពេទ្យកំពុងអស់ការផ្គត់ផ្គង់ឱសថ ហើយ គ្រូពេទ្យដែលនៅសេសសល់ក្នុងចំណោមគ្រូពេទ្យជាច្រើន បានភៀសខ្លួនចេញ ដោយខ្លាចរងការវាយប្រហារម្តងទៀត ហើយត្រូវរត់ភៀសខ្លួនម្តងទៀត។ ជោគវាសនារបស់មន្ទីរពេទ្យនានា និងស្ថានភាពក្រុមគ្រូពេទ្យ ដែលកំពុងធ្វើប្រតិបត្តិការក្រោមការទម្លាក់គ្រាប់បែក ជាមួយនឹងចរន្តអគ្គិសនីម្តងមានម្តងដាច់ និងការផ្គត់ផ្គង់ទឹក និងស្តុកថ្នាំពេទ្យមិនគ្រប់គ្រាន់ បានជំរុញឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការសហប្រជាជាតិ អំពីការដួលរលំប្រព័ន្ធសុខាភិបាល។ខណៈលោក Abu Awaimer បាននិយាយថា មនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នានៅជុំវិញតំបន់មន្ទីរពេទ្យដ៏រវល់ ដោយមួយចំនួនទាញគ្រែស្នែងអ្នករបួស ខណៈក្រុមគ្រូពេទ្យបានរៀបចំបង់រុំរបួស។ លោកបាននិយាយថា នៅជុំវិញមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ បានរងការវាយប្រហារ ហើយរថយន្តសង្គ្រោះត្រូវបានបំផ្លាញ។ គ្រូពេទ្យជាច្រើនដែលកំពុងធ្វើការនៅមន្ទីរពេទ្យ al-Aqsa បានភៀសខ្លួនចេញពីមន្ទីរពេទ្យផ្សេងៗទៀតនៅភាគខាងជើងតំបន់ហ្កាហ្សារួចហើយ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ នៅពេលនេះ ពួកគេខ្លាចសេណារីយ៉ូដដែលនេះកើតឡើងម្តងទៀត ខណៈការទម្លាក់គ្រាប់បែកនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធ បានជំរុញឲ្យមនុស្សរត់ទៅកាន់ភាគខាងត្បូង។

លោក Hunter Biden ចេញពីតុលាការ បន្ទាប់ពីនិយាយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ក្លែងបន្លំពន្ធ

2024/01/12 12:26:31 pm        345
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden លោក Hunter Biden បាននិយាយពីភាពគ្មានទោសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Los Angeles ចំពោះបទចោទប្រកាន់បញ្ហាពន្ធ ដែលផ្តើមចេញពីអាជីវកម្ម ជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់លើឪពុកលោកផងដែរ។ លោក Hunter Biden អាយុ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ពីការខកខានមិនបានបង់ពន្ធចំនួន $ ១,៤លានដុល្លារនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៩ ខណៈមានការចំណាយប្រាក់រាប់លានដុល្លារលើគ្រឿងញៀន ក្បួនការពារ រថយន្តពីបរទេស និងទំនិញដែលមានតម្លៃខ្ពស់ផ្សេងទៀត។ លោក អាចប្រឈមការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានឆ្លើយតបថា «ពុំមានទោសកំហុសទេ» នៅពេលចៅក្រមតំបន់សហរដ្ឋអាមេរិក លោក Mark Scarsi បានសួរថា តើលោកឆ្លើយសារភាពក្នុងករណីនេះដោយរបៀបណា។ លោក Biden ពុំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ឬក្រុមអ្នកតវ៉ាដែលកំពុងរង់ចាំនៅខាងក្រៅតុលាការបន្ទាប់ពីសវនាការនោះទេ។ ក្បួនរថយន្តសហព័ន្ធ បានចាកចេញពីអគារតាមច្រកចេញខាងក្រោយ។ មេធាវីរបស់លោក Biden លោក Abbe Lowell បាននិយាយថា កូនក្តីរបស់លោក បានបង់ពន្ធរបស់គាត់ ហើយកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយសារតែនាមត្រកូលដ៏ល្បីរបស់គាត់។ កូនប្រុសរបស់ប្រធានាធិបតី ដែលត្រូវបានពិភាក្សាជាសាធារណៈអំពីការបំពានលើសារធាតុញៀន មិនដែលកាន់តំណែងនៅក្នុងសេតវិមាន ឬនៅក្នុងយុទ្ធនាការរបស់ឪពុកគាត់ឡើយ។ លោកបាននិយាយពីភាពគ្មានទោស នៅក្នុងករណីសហព័ន្ធដាច់ដោយឡែកមួយនៅក្នុងរដ្ឋ Delaware ដែលលោកត្រូវបានចោទប្រកាន់ពីបទនិយាយកុហក អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលលោកបានទិញកាំភ្លើងមួយដើម។ ការចោទប្រកាន់ទាំងនេះ អាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងការស៊ើបអង្កេត ប៉ុន្តែសមាជិកសភា បានបដិសេធលើបញ្ហារបស់លោក។ លោកបានបង្កឲ្យមានភាពចលាចល នៅវិមាន Capitol Hill កាលពីថ្ងៃពុធ នៅពេលដែលលោកបានបង្ហាញខ្លួនដោយមិននឹកស្មានដល់នៅក្នុងសវនាការរបស់សភា។

អង្គការ Oxfam៖ អ្នកស្លាប់ប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា លើសពីជម្លោះធំៗផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ

2024/01/12 11:46:12 am        345
ក្រុមឃ្លាំមើលបាននិយាយថា ចំនួនជនស៊ីវិលស្លាប់នៅតំបន់ហ្កាហ្សា ស្ថិតក្នុងកម្រិតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈអ៊ីស្រាអែលបន្តវាយសន្ធាប់លើតំបន់ឆ្នេររងការឡោមព័ទ្ធអស់រយៈពេលជាង៣ ខែ ក្នុងសង្រ្គាមនេះ។ អង្គការសប្បុរសធម៌ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺលើសពីជម្លោះធំផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ ខណៈអ្នករស់រានមានជីវិតនៅតែប្រឈមហានិភ័យខ្ពស់ដោយសារតែភាពអត់ឃ្លាន ជំងឺផ្សេងៗ និងផ្តាសាយ ស្របពេលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងសង្រ្គាមថ្មើរជើង ។ អង្គការ Oxfam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់អ៊ីស្រាអែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងអត្រាជាមធ្យម២៥០នាក់ក្នុងមួយថ្ងៃ បរិមាណនេះលើសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជម្លោះធំៗផ្សេងទៀតនៃឆ្នាំថ្មីៗនេះ ។ សម្រាប់ការប្រៀបធៀប អង្គការសប្បុរសធម៌មួយនេះ បានផ្តល់បញ្ជីនៃការស្លាប់ជាមធ្យមក្នុងមួយថ្ងៃនៅក្នុងជម្លោះផ្សេងទៀតចាប់តាំងពីឈានចូលសតវត្សនេះ គឺ ៩៦,៥ នៅស៊ីរី ៥១,៦ នៅស៊ូដង់ ៥០,៨ នៅអ៊ីរ៉ាក់ ៤៣,៩ នៅអ៊ុយក្រែន ២៣,៨. នៅអាហ្វហ្គានីស្ថាន និង ១៥,៨ នៅយេម៉ែន។អង្គការ Oxfam ដដែល បាននិយាយថា វិបត្តិនេះត្រូវបានដាក់បន្ទុកបន្ថែមដោយការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលទៅកាន់តំបន់ហ្កាហ្សា ដែលមានតែ១០ ភាគរយនៃជំនួយអាហារចាំបាច់ប្រចាំសប្តាហ៍។បញ្ហានេះបង្កហានិភ័យធ្ងន់ធ្ងរនៃភាពអត់ឃ្លានសម្រាប់អ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ វិញ្ញាសាតាក់តែងចប់ភ្លាម ប្រឡងភ្លាមតែម្តង
05/31/2026 03:05 PM
រដ្ឋមន្រ្តីការពារជាតិជប៉ុនលោក Koizumi ច្រានចោល​ការចោទប្រកាន់ពីយោធានិយមថ្មី
05/31/2026 03:05 PM
ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ
05/31/2026 02:05 PM
ប្រមុខ WHO ទទួចសុំឲ្យមានការបញ្ចុះសពដោយសុវត្ថិភាព អំឡុងធ្វើដំណើរទៅកាន់តំបន់រីករាលដាលឆ្លងជំងឺអេបូឡា
05/31/2026 01:05 PM
អាជ្ញាធរជាតិអប្សរា និង JQA បិទបញ្ចប់កម្មវិធីអប់រំបរិស្ថានសម្រាប់កុមារ ឆ្នាំ២០២៦ និងប្រគល់​រង្វាន់​ដល់​សិស្សឆ្នើម
05/31/2026 01:05 PM
អ៊ីរ៉ង់និយាយថា កិច្ចប្រជុំជាមួយអាមេរិកកំពុងបន្ត តែពុំឈានដល់កិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រនោះទេ
05/31/2026 01:05 PM
អភិបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់មន្ត្រីរាជការ​​សប្បុរសជនចូលរួមយុទ្ធនាការ​ "១ម៉ឺនរៀល ១ម៉ឺននាក់"
05/31/2026 01:05 PM
អគ្គកុងស៊ុលវៀតណាម រៀបចំកម្មវិធីសប្ដាហ៍វប្បធម៌វៀតណាម ឆ្នាំ២០២៦ នៅខេត្ដសៀមរាប
05/31/2026 01:05 PM
រដ្ឋបាលខេត្តកំពតត្រៀមទុរេនទុំ ២តោន សម្រាប់ទទួលទេសចរចូលរួមព្រឹត្តិការណ៍ «មរតកផ្លែឈើ និងនំចំណីកំពត»
05/31/2026 01:05 PM
មន្ត្រីជំនាញ ស្នើដល់កសិករ សហគមន៍ និងអ្នកពាក់ព័ន្ធរួមគ្នាលើកកម្ពស់វិស័យកសិកម្មខេត្តកែប
05/31/2026 12:05 PM