ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ស្លាប់ ៨នាក់ និងរបួសធ្ងន់ស្រាល ១២នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃទី២៥ ធ្នូនេះ

2023/12/25 02:41:27 pm        1041
ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានកើតឡើងចំនួន ១១លើក (យប់ ៥លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ៨ នាក់ (ស្រី ២នាក់), រងរបួសសរុប ១២នាក់ (ស្រី ១នាក់), រងរបួសធ្ងន់ ៧នាក់ (ស្រី ១នាក់) រងរបួសស្រាល ៥នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ៨នាក់ (យប់ ១នាក់)។ នេះបើយោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ៨លើក (ស្លាប់ ៧នាក់) , មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ១លើក (ស្លាប់ ១នាក់) និងកត្តាយាន ១លើក (ស្លាប់ ០នាក់)៕

មនុស្សជិតមួយម៉ឺននាក់ តវ៉ាក្នុងរដ្ឋធានីរ៉ាបា ទាមទារបញ្ចប់ទំនាក់ទំនងរវាងប្រទេសម៉ារ៉ុក និងអ៊ីស្រាអែល

2023/12/25 02:34:27 pm        114
ក្រុមបាតុករជិតមួយម៉ឺននាក់ បានដើរដង្ហែរក្បួនដ៏ធំបំផុតមួយដែលគាំទ្រប៉ាឡេស្ទីននៅទីក្រុងរ៉ាបា (Rabat) កាលពីថ្ងៃអាទិត្យ (២៤ ធ្នូ) ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមនៅតំបន់ហ្កាហ្សា ដោយទាមទារឱ្យបញ្ចប់ទំនាក់ទំនងរបស់ប្រទេសម៉ារ៉ុក ជាមួយអ៊ីស្រាអែល។ការតវ៉ាប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បានទាក់ទាញមនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសម៉ារ៉ុក ចាប់តាំងពីជម្លោះបានចាប់ផ្តើមជាងពីរខែមុន ដែលភាគច្រើនដឹកនាំដោយក្រុមអារ៉ាប់ និងក្រុមអ៊ីស្លាមនិយម។ ការហែក្បួនកាលពីថ្ងៃអាទិត្យនេះត្រូវបានសហការរៀបចំដោយក្រុមឆ្វេងនិយម និងក្រុមក្រៅច្បាប់។មនុស្សភាគច្រើននៃបាតុករជិត ១០.០០០នាក់នោះហាក់ដូចជាអ្នកកាន់សាសនាអ៊ីស្លាម ដោយបុរសដើរដង្ហែក្បួនដាច់ដោយឡែកពីស្ត្រី ខណៈគ្រវីទង់ជាតិប៉ាឡេស្ទីន និងកាន់បដាដែលសរសេរថា «តស៊ូរហូតដល់ជ័យជំនះ» «បញ្ឈប់ការធ្វើប្រក្រតីភាពរវាងរដ្ឋាភិបាលម៉ារ៉ុក និងអ៊ីស្រាអែល» និង «សេរីភាពប៉ាឡេស្ទីន»។ ក្រុមអ្នកតវ៉ានៅក្នុងការហែក្បួនកាលពីថ្ងៃអាទិត្យនោះក៏បានអំពាវនាវឱ្យពិភពលោកធ្វើពហិការឈប់ប្រើប្រាស់ម៉ាកយីហោណាដែលគាំទ្រអ៊ីស្រាអែល។ម៉ារ៉ុកបានយល់ព្រមពង្រឹងទំនាក់ទំនងជាមួយអ៊ីស្រាអែល នៅឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលរួមបញ្ចូលទីក្រុងវ៉ាស៊ីនតោន ទទួលស្គាល់អធិបតេយ្យភាពម៉ារ៉ុក លើទឹកដីដែលមានជម្លោះនៃតំបន់វាលខ្សាច់សាហារ៉ាខាងលិច៕

ជម្លោះជនជាតិអាហ្វហ្គានីស្ថានជិត ២០០ករណីត្រូវបានដោះស្រាយក្នុងរយៈពេលមួយឆ្នាំ

2023/12/25 02:30:35 pm        186
ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ (MoBTA) របស់រដ្ឋាភិបាលបណ្តោះអាស្នអាហ្វហ្គានីស្ថាន បានដោះស្រាយជម្លោះ និងទំនាស់ជនជាតិភាគតិចជិត ២០០ករណីក្នុងរយៈពេលមួយឆ្នាំកន្លងមក នៅក្នុងប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាម នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន ថូឡូញ៉ូវស៍ (Tolonews)។សារព័ត៌មានឯកជនមួយនេះបានដកស្រង់សម្តីអ្នកនាំពាក្យរបស់ក្រសួងកិច្ចការព្រំដែន និងកុលសម្ព័ន្ធ លោក ហាមឌូលឡាហ្វ ហ្វីត្រាត (Hamdullah Fitrat) បាននិយាយថា «រហូតមកដល់ពេលនេះ ជម្លោះជនជាតិចំនួន ១៩៧ករណីត្រូវបានដោះស្រាយ ហើយជម្លោះជាង ១០០ករណីទៀតកំពុងស្ថិតក្នុងដំណើរការដោះស្រាយ ហើយយើងកំពុងព្យាយាមដោះស្រាយជម្លោះជនជាតិភាគតិចទាំងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។សមិទ្ធិផលនាពេលថ្មីៗនេះគឺនៅក្នុងខេត្ត នូរីស្ថាន (Nuristan) ភាគខាងកើត ជាទីដែលមានអរិភាពអាយុកាល ៤១ឆ្នាំបានឆក់យកជីវិតជាច្រើនពីភាគីគូប្រជែង ហើយត្រូវបានបញ្ចប់ដោយការសម្របសម្រួលនិងការខិតខំប្រឹងប្រែងរបស់ក្រសួងអាហ្វហ្គានីស្ថានមួយនេះ។ដោយជាជម្រកនៃពូជសាសន៍ ជនជាតិភាគតិច ភាសា សាសនា និងកុលសម្ព័ន្ធជាច្រើន ប្រទេសអាហ្វហ្គានីស្ថាន បានរងទុក្ខយ៉ាងធ្ងន់ធ្ងរពីសង្គ្រាម និងជម្លោះស៊ីវិលជាងបួនទសវត្សរ៍ ខណៈដែលក្រុមគ្រួសារ និងកុលសម្ព័ន្ធជាច្រើនបានបាត់បង់សមាជិកគ្រួសារជាច្រើន៕

កូសូវ៉ូ និយាយថា ខ្មាន់កាំភ្លើងមកពីប្រទេសស៊ែរប៊ី កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត

2023/12/25 02:25:02 pm        125
នាយករដ្ឋមន្ត្រីកូសូវ៉ូ លោក អាល់ប៊ីន ខួរទី (Albin Kurti) បាននិយាយកាលពីថ្ងៃសៅរ៍ (២៤ ធ្នូ) ថាក្រុមប្រដាប់អាវុធគាំទ្រដោយភ្នាក់ងារសន្តិសុខស៊ែរប៊ី កំពុងត្រូវបានបណ្តុះបណ្តាល ដើម្បីបើកការវាយប្រហារថ្មីនៅក្នុងប្រទេសកូសូវ៉ូ បន្ទាប់ពីការវាយប្រហារកាលពីខែកញ្ញា ដែលបានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ ប៉ុន្តែស៊ែរប៊ីបានបដិសេធថាមិនមានផែនការបែបនេះនោះទេ។កាលពីថ្ងៃទី២៤ ខែកញ្ញា ក្រុមប្រដាប់អាវុធមួយក្រុមមានគ្នា ៨០នាក់ បានវាយប្រហារនគរបាលកូសូវ៉ូ នៅក្នុងភូមិ បានស៍ឆ្កា (Banjska) ដ៏ស្ងប់ស្ងាត់ក្បែរព្រំដែនជាមួយប្រទេសស៊ែរប៊ី បណ្តាលឲ្យមន្ត្រីនគរបាលម្នាក់ និងខ្មាន់កាំភ្លើង ៣នាក់ស្លាប់។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ លោក ខួរទី បាននិយាយថាលោក មីឡាន រ៉ាដូអ៊ីស៊ីក (Milan Radoicic) ដែលជាអ្នកនយោបាយជាន់ខ្ពស់កូសូវ៉ូជនជាតិស៊ែរប៊ី ដែលបានទទួលស្គាល់ថាបានចូលរួមក្នុងការប្រយុទ្ធដោយកាំភ្លើងកាលពីខែកញ្ញា កំពុងរៀបចំផែនការវាយប្រហារបន្ថែមទៀត ប៉ុន្តែលោក រ៉ាដូអ៊ីស៊ីក បានបដិសេធរឿងនោះ។ កូសូវ៉ូ ដែលមានជនជាតិភាគតិចអាល់បានី ភាគច្រើនបានប្រកាសឯករាជ្យពីប្រទេសស៊ែរប៊ី ក្នុងឆ្នាំ២០០៨ បន្ទាប់ពីការបះបោរទ័ពព្រៃ និងការអន្តរាគមន៍ពីអង្គការណាតូ ក្នុងឆ្នាំ១៩៩៩។ប្រហែល ៥ភាគរយនៃចំនួនប្រជាជនក្នុងប្រទេសនេះ គឺជាជនជាតិស៊ែរប៊ី ដែលជាងពាក់កណ្តាលរស់នៅភាគខាងជើង ដោយបដិសេធមិនទទួលស្គាល់ឯករាជ្យរបស់កូសូវ៉ូ ហើយមើលឃើញទីក្រុងបែលក្រាដ ថាជារដ្ឋធានីរបស់ពួកគេ។ ប្រជាជនទាំងនោះបានប៉ះទង្គិចគ្នាជាញឹកញាប់ជាមួយនគរបាលកូសូវ៉ូ និងកងរក្សាសន្តិភាពអន្តរជាតិ៕

អ៊ីស្រាអែលបដិសេធរបាយការណ៍អំពីអំពើឃោរឃៅ នៅមន្ទីរពេទ្យហ្កាហ្សា

2023/12/25 02:20:28 pm        60
អ៊ីស្រាអែល បានច្រានចោលរបាយការណ៍អំពីអំពើឃោរឃៅ ដែលប្រព្រឹត្តដោយទាហានអ៊ីស្រាអែល នៅមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា កងកម្លាំងការពារអ៊ីស្រា អែល (IDF) មិនមានអ្វីពាក់ព័ន្ធនឹងសាកសព ដែលត្រូវបានរកឃើញ នៅមន្ទីរពេទ្យ Kamal Adwan ក្នុងទីក្រុងចាបាលៀ (Jabalia) ភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបនោះទេ។កងកម្លាំងការពារអ៊ីស្រាអែល(IDF) បាននិយាយថា វីដេអូមួយ ត្រូវបានចែកចាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលគ្រឿងចក្រឈូសឆាយពណ៌ក្រហមមួយគ្រឿង ត្រូវបានចោទប្រកាន់ថា បានកប់មនុស្ស នៅក្រោមវានៅឯមន្ទីរពេទ្យ។ កងកម្លាំងការពារនេះ បានបន្ថែមទៀតថា ទោះបីជាយ៉ាងណាក៏ដោយ វីដេអូនេះ មានតាំងពីឆ្នាំ២០១៣ ហើយមិនមានជាប់ពាក់ព័ន្ធនឹងការដាក់ពង្រាយទាហានអ៊ីស្រា អែល នាពេលបច្ចុប្បន្ន នៅក្នុងទីក្រុងចាបាលៀនោះទេ។ករណីនេះ មិនអាចផ្ទៀងផ្ទាត់ព័ត៌មានដោយឯករាជ្យបានទេ។កាលពីមួយសប្តាហ៍មុន បណ្តាញព័ត៌មាន Al Jazeera បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែល បានប្រើគ្រឿងចក្រឈូសឆាយមួយគ្រឿង ដើម្បីបំផ្លាញតង់ជនភៀសខ្លួន នៅក្នុងទីធ្លាមន្ទីរពេទ្យ ដោយបានសម្លាប់មនុស្សប្រហែល ២០នាក់ នៅក្នុងដំណើរការនេះ។

តុលាការចេញដីការសម្រេចឃុំខ្លួនជនបើករថយន្ត Jeep បង្កគ្រោះថ្នាក់ស្លាប់មនុស្ស នៅខណ្ឌទួលគោក ដាក់ពន្ធនាគារ

2023/12/25 01:38:41 pm        1230
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកហុង ម៉ារីណិច បានចេញ​ដីការ​សម្រេច​ឃុំ​ខ្លួន​ជន​បើក​រថយន្ត Jeep បង្កគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យស្លាប់មនុស្សនៅខណ្ឌទួលគោក ដាក់​ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ដើម្បីបន្តបើកការស៉ើបអង្គេតតាមនីតិវិធីច្បាប់ ។ ជនជាប់ចោទមានឈ្មោះ ព្រហ្ម វិចិត្រសុសក្តា ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៥២ ផ្លូវ​៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បច្ចុប្បន្នគឺជាសិស្សកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិត ។ ជនរូបនេះត្រូវបានតុលាការចោទប្រកាន់ពីបទ « បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុង​ប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច ដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវ បណ្តាល​ឱ្យ​ស្លាប់​អ្នក​ដទៃ​ និងបទរត់គេចខ្លួន » តាមមាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក និងមាត្រា ៥៤៣ នៃ​ក្រម​ព្រហ្ម​ទណ្ឌ ។ គួររំលឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបានកើតឡើងកាលពីវេលាយប់ថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ​២០២៣ ស្ថិតនៅចំណុចផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌ​ទួលគោក ។ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះ ជិះម៉ូតូឃ្លីក ពណ៌ស ពាក​ផ្លាក​លេខ ភ្នំពេញ1DF-5396 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥៦៦ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើ​ត ចំណែករថយន្តម៉ាក Jeep Gladiator ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បាន​បើក​បរ​តាមបណ្តោយផ្លូវលេខ៣១៧ ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ភាគីខាងម៉ូតូបានបើកឆ្លងផ្លូវបំបែក ស្រប​ពេល​នោះ​រថយន្ត​បើក​ដល់​ចំណុច​ផ្លូវប្រសព្វ ក៏ជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្តាលឱ្យអ្នកបើកម៉ូតូ ខ្ទាត​ចេញ​ពី​ម៉ូតូ​បែក​ក្បាល​ស្លាប់ ចំណែករថយន្ត​នៅ​មាន​ល្បឿន​បាន​អូស​ម៉ូតូ​របស់​ជន​រង​គ្រោះជា​ប់ខា​ងក្រោ​ម​រថយន្ត​ ទើបអ្នកបើកទុករថយន្តចោល ហើយគេចខ្លួនបាត់។ ក្រោយ​ការ​រត់​គេច​ខ្លួន​អស់​មួយ​រយៈពេល​តាំ​ងពីថ្ងៃកើតហេតុរួចមក ជនបង្កខាងលើ ក៏ត្រូវបានអាណាព្យាបាល​នាំ​ខ្លួន​ចូល​ទៅ​កាន់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៣ ដើម្បី​ប្រគល់​ខ្លួន​ជូន​នគរបាលអនុវត្តតាមផ្លូវច្បាប់៕ អត្ថបទ ៖ លីហេង 

លោកណេតាន់យ៉ាហ៊ូ អះអាងថា អ៊ីស្រាអែលទទួលរង«ផលវិបាកដ៏ធ្ងន់ធរ»ពីសង្រ្គាម ខណៈដែលការស្លាប់កើនឡើង

2023/12/25 12:16:59 pm        187
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ីស្រាអែល កំពុងទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរពីសង្គ្រាមរបស់ខ្លួន លើតំបន់ហ្កាហ្សា ខណៈដែលចំនួនទាហានដែលបានស្លាប់ ក្នុងការប្រយុទ្ធជាមួយក្រុមហាម៉ាស កើនឡើង។លោកបានថ្លែង បន្ទាប់ពីកងទ័ពបានប្រកាសថា ទាហាន ១៤នាក់ ត្រូវបានសម្លាប់ នៅក្នុងទឹកដីប៉ាឡេ ស្ទីន ចាប់តាំងពីថ្ងៃសុក្រថា៖«នេះគឺជាពេលព្រឹកដ៏លំបាកមួយ បន្ទាប់ពីថ្ងៃដ៏លំបាកនៃការប្រយុទ្ធគ្នា នៅក្នុងតំបន់ហ្កាហ្សា»។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្តេជ្ញាបន្តសង្រ្គាម ដែលឥឡូវនេះ បានសម្លាប់ទាហានអ៊ីស្រាអែលជាង «១៥០នាក់ និងជនជាតិប៉ាឡេស្ទីនជាង ២០.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស។លោកណេតាន់យ៉ាហ៊ូ បាននិយាយ នៅពេលលោកបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា៖«សង្រ្គាមនេះ កំពុង ធ្វើឲ្យយើងទទួលរងផលវិបាកដ៏ធ្ងន់ធ្ងរ ប៉ុន្តែយើងពុំមានជម្រើសផ្សេង ក្រៅពីបន្តការប្រយុទ្ធនោះទេ»។លោកបានថ្លែងទៀតថា៖«រដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែលទាំងអស់ សូមផ្ញើក្តីអាណិតអាសូររបស់យើង ដល់ក្រុមគ្រួសារវីរជន ដែលបានស្លាប់ក្នុងសង្គ្រាម ដើម្បីប្រទេសរបស់យើង»។

កុមារនៅទីក្រុង Bethlehem តំបន់ West Bank អំពាវនាវសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅថ្ងៃបុណ្យណូអែល

2023/12/25 12:03:36 pm        142
នៅថ្ងៃណូអែល កុមារនៅក្នុងទីក្រុង បេថ្លេហិម(Bethlehem) តំបន់វ៉េសប៊ែង បានអំពាវនាវឲ្យមានសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន។ កាលពីថ្ងៃអាទិត្យ កុមារប៉ាឡេស្ទីនប្រាំនាក់ បានឆ្លាស់គ្នាអានសាររបស់ពួកគេ សម្រាប់កុមារពិភពលោក ជា៥ភាសាផ្សេងៗគ្នា នៅទីលានទល់មុខព្រះវិហារមួយកន្លែង។ ព្រះវិហារនោះឈរនៅលើអ្វីដែលត្រូវបានគេជឿថា ជាទីកំណើតរបស់ព្រះយេស៊ូវគ្រីស្ទ។ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ រស់នៅក្នុងទីក្រុងបេថ្លេហិម(Bethlehem) បានឡើងអានសាររបស់នាងជាភាសាអង់គ្លេស។ នាងនិយាយថា គ្រួសាររបស់នាង និងអ្នកជិតខាងត្រូវរងការវាយប្រហារ ហើយពួកគេកំពុងស្វែងរកសន្តិភាព។នាងបានអំពាវនាវដល់កុមារទាំងអស់នៅទូទាំងពិភពលោក ឱ្យឡើងនិយាយដើម្បីនាំមកនូវការផ្លាស់ប្តូរសម្រាប់មនុស្សជាតិ។ នាងបានបញ្ចប់ការថ្លែងរបស់នាងដោយនិយាយថាកុមារនៅតំបន់ហ្កាហ្សា សមនឹងទទួលបានសេរីភាព។ ប្រជាជនជាច្រើន ដែលបានមកប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ បានលាតទង់ជាតិប៉ាឡេស្ទីនដ៏ធំអស្ចារ្យ មានប្រវែង ២០ ម៉ែត្រ នៅកណ្តាលទីលានមួយ ដើម្បីតវ៉ាចំពោះការឈ្លានពានរបស់អ៊ីស្រាអែល។នៅក្នុងឆ្នាំធម្មតា អ្នកទេសចរមកពីជុំវិញពិភពលោក បានសម្រុកទៅកាន់ទីក្រុង បេថ្លេហិម (Bethlehem) ដើម្បីអបអរពិធីបុណ្យណូអែល។ ប៉ុន្តែនៅឆ្នាំនេះ ដើមឈើណូអែលដ៏ធំសំបើម របស់ទីក្រុង កំពុងបាត់បង់ ហើយព្រឹត្តិការណ៍ថ្ងៃឈប់សម្រាកទាំងអស់ត្រូវបានលុបចោល លើកលែងតែពិធីបុណ្យសាសនាប៉ុណ្ណោះ។

ស្នងការរាជធានី បញ្ជាឱ្យតាមចាប់អ្នកបើករថយន្តបុកអ្នកជិះម៉ូតូ ១គ្រឿងបណ្តាលស្លាប់ និងរបួសនៅសង្កាត់ស្រះចក ហើយរត់គេច

2023/12/25 12:03:18 pm        1743
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានបញ្ជាសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវ​ស្រាវជ្រាវ​ស្វែង​រក​ចាប់អ្នកបើករថយន្តបង្កគេចខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុក អ្នក​ជិះ​ម៉ូតូ​១គ្រឿង​ បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានដាក់បទបញ្ជាលោក-លោកស្រីស្នងការរង ដែល​ចុះ​ពង្រី​ក​ការងារតាមបណ្ដាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវយកចិត្ដទុកដាក់​ក្នុង​ដឹកនាំ​ពង្រឹង​ការងារ​រឹត​បន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ការទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ដោយ​ម៉ឺងម៉ាត់បំផុត ដើម្បីស្វែងយល់ និងរកវីធីសាស្ត្រក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និង​ឱ្យ​មានការគោរពវិន័យ សីលធម៌ស្មោះត្រង់ វិជ្ជាជីវៈរបស់មន្ត្រីជំនាញ ពេលចុះអនុវត្តច្បាប់។ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានកត់សម្គាល់ឃើញថាប៉ុន្មានថ្ងៃនេះ កើត​ឡើង​ករណី​គ្រោះ​ថ្នាក់ចរាចរណ៍ បណ្ដាលឱ្យរបួស និងស្លាប់ បានកើតឡើងជាបន្តបន្ទាប់។ ជា​ពិសេស​ក្នុងករណី បើមានគ្រោះថ្នាក់ខាងលើនេះកើតឡើង បើមានអ្នកបង្ក ព្យាយាមរត់គេច មន្ត្រីជំនាញ​ត្រូវ​ស្រាវជ្រាវ​តាមឃាត់ចាប់យកមកអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹងបំផុត ហើយក្នុងរយៈ​ពេល​ចុង​ក្រោយ​នេះ សមត្ថកិច្ច​ជំនាញ​ក៏​បាន​អនុវត្ត​វិធានការណ៍​តាម​ផ្លូវ​ច្បាប់​ចំពោះ​អ្នក​បើកបរ​រថយន្ត​បង្ក​ឱ្យមាន​មនុស្សស្លាប់ ហើយរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចជំនាញ​ស្រាវជ្រាវ​ចាប់​ឃាត់​ខ្លួន​យក​មក​អនុវត្ត​ច្បាប់​ជាបន្តបន្ទាប់រួចមកហើយ។ជាពិ​សេសករណីគ្រោះថ្នាក់ចរាចរណ៍នៅយប់អធ្រាត្រថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់​ស្រះចក ខណ្ឌដូនពេញ បង្កដោយរថយន្ត០១គ្រឿងបុក អ្នកជិះម៉ូតូ​០៣​នាក់​ប្តី​ប្រពន្ធ​កូន​បណ្តាល​ឲ្យស្លាប់ និងរងរបួស រថយន្តបើករត់គេច។ ឯកឧត្តមស្នងការ​ក៏បាន​បញ្ជា​សមត្ថកិច្ច​ចម្រុះ​ត្រូវ​ស្រាវ​ជ្រាវ​ឱ្យបានម៉ឺងម៉ាត់ស្វែងរកចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តបង្កគេចខ្លួនយកមកអនុវត្តច្បាប់។ឯកឧត្តមស្នងការ បានអំពាវនាវ ក៏ដូចជាសំណូមពរដល់ប្រជាពលរដ្ឋ ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ឱ្យបានគ្រប់ៗគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងខូចខាត មធ្យោបាយ សម្ភារៈ របួស និងបាត់បង់អាយុជីវិតមនុស្ស៕

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន៖ សកម្មភាពរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូង «គ្រោះថ្នាក់ខ្លាំង»

2023/12/25 11:56:44 am        158
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានចោទប្រកាន់ប្រទេសហ្វីលីពីន នៅថ្ងៃចន្ទ ទី២៥ ខែធ្នូនេះថា បានបំពាន លើដែនដីរបស់ប្រទេសចិននៅសមុទ្រចិនខាងត្បូងម្តងហើយម្តងទៀត ដោយបានផ្សព្វផ្សាយព័ត៌មានមិនពិត និងឃុបឃិតជាមួយកងកម្លាំងពីខាងក្រៅដែនដី ដើម្បីបង្កបញ្ហា។ សារព័ត៌មាន People's Daily បានសរសេរនៅក្នុងសេចក្តីអធិប្បាយមួយនៅថ្ងៃចន្ទនេះថា ប្រទេសហ្វីលីពីន បានពឹងផ្អែកលើការគាំទ្ររបស់សហរដ្ឋអាមេរិក ដើម្បីបន្តការបង្ករឿងដល់ប្រទេសចិន ដោយមានអាកប្បកិរិយា «គ្រោះថ្នាក់ខ្លាំង» ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាព ក្នុងតំបន់។ ក្រសួងការបរទេសហ្វីលីពីន និងក្រុមការងារថ្នាក់ជាតិ ដែលគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង ពុំបានឆ្លើយតបភ្លាមៗនោះទេ នៅថ្ងៃបុណ្យណូអែលនេះ ចំពោះសំណើសុំការអត្ថាធិប្បាយលើរបាយការណ៍នេះ។ ភាពតានតឹង រវាងទីក្រុងប៉េកាំង និងទីក្រុងម៉ានីល បានកើនឡើងខ្លាំងក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមក ជុំវិញជម្លោះនៅសមុទ្រចិនខាងត្បូង រួមទាំងការចោទប្រកាន់ថា ប្រទេសចិនបានបុកនាវាមួយគ្រឿង កាលពីដើមខែនេះដោយមានដឹកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធហ្វីលីពីន។ ប្រទេសចិន បានអះអាងសិទ្ធិភាគច្រើននៅសមុទ្រចិនខាងត្បូង ដែលផ្នែកមួយចំនួនក៏ត្រូវបានអះអាងសិទ្ធិដោយប្រទេសហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះតៃវ៉ាន់ វៀតណាម និងប្រទេសឥណ្ឌូនេស៊ីផងដែរ។ តុលាការអន្តរជាតិ កាលពីឆ្នាំ ២០១៦ បានបដិសេធការអះអាងសិទ្ធិរបស់ប្រទេសចិន នៅក្នុងការចេញសេចក្តីសម្រេច លើសំណុំរឿងប្តឹងដោយប្រទេសហ្វីលីពីន ដែលទីក្រុងប៉េកាំងបានច្រានចោល។ នៅក្នុងការព្រមានដោយផ្ទាល់ខុសពីធម្មតា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយកាលពីសប្តាហ៍មុនថា ការគិតខុសនៅក្នុងជម្លោះជាមួយហ្វីលីពីន នឹងនាំមកនូវការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ពីសំណាក់ប្រទេសចិន និងបានអំពាវនាវឱ្យមានការសន្ទនាដើម្បីដោះស្រាយការលំបាកធ្ងន់ធ្ងរ។ ប្រទេសចិន បានបង្ហាញកំហឹងចំពោះសហរដ្ឋអាមេរិកក្នុងខែនេះ សម្រាប់ការបញ្ជូននាវាកងទ័ពជើងទឹកចូលទៅក្នុងដែនទឹក នៅជិតតំបន់ជម្លោះ ដែលប្រទេសចិន និងហ្វីលីពីន មានការប្រឈមមុខដាក់គ្នាលើបញ្ហាដែនសមុទ្រជាច្រើន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តប៉ៃលិនចុះពិនិត្យការប្រមូលផលទុរេន ដើម្បីបង្ការការក្លែងបន្លំ ខណៈឆ្នាំនេះទីផ្សារល្អជាងឆ្នាំមុន
06/01/2026 05:06 PM
អ៊ីស្រាអែល ភ្ជាប់ល្បឿននៃការដកកងទ័ពពីលីបង់ ទៅនឹងវឌ្ឍនភាពក្នុងការរំសាយអាវុធរបស់ក្រុមហេសបូឡា
06/01/2026 05:06 PM
ព្យុះត្រូពិកដ៏ខ្លាំងក្លានៅប្រទេសជប៉ុន បានលុបចោលជើងហោះហើរ និងនាវាចម្លង
06/01/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា ទទួលស្វាគមន៍មេដឹកនាំមីយ៉ាន់ម៉ាដែល​ជាប់​​ទណ្ឌកម្ម ដើម្បី​សាងទំនាក់ទំនង
06/01/2026 05:06 PM
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
06/01/2026 04:06 PM
លោក Zelenskyy ព្រមានពីកង្វះ​ខាតប្រព័ន្ធប្រឆាំងមីស៊ីល ខណៈអាមេរិកបង្វែរ​ការផ្តោតទៅមជ្ឈិមបូព៌ា
06/01/2026 04:06 PM
គណៈកម្មការទី១ ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
06/01/2026 04:06 PM
​​ការ​អបអរសាទរជើង​ឯក​អឺរ៉ុប​របស់​ក្រុម​ PSG នៅបារាំង ផ្ទុះ​ហិង្សា ខណៈមនុស្សរាប់រយនាក់ត្រូវចាប់ខ្លួន ហើយ​ម្នាក់ស្លាប់
06/01/2026 04:06 PM
ប្រធានាធិបតីអ៊ុយក្រែន ស្វែងរកវឌ្ឍនភាព មុនរដូវរងា ខណៈ​ការចរចាឆ្ពោះ​ទៅរកសន្តិភាព​ជាប់គាំង​
06/01/2026 04:06 PM
ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ជួយសង្គ្រោះមនុស្ស ២នាក់ ដែលជាប់ក្នុងរូងភ្នំ នៅប្រទេសឡាវ
06/01/2026 04:06 PM