ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

អ៊ីស្រាអែល ដាក់គោលដៅនៅផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ក្នុងដំណាក់កាលថ្មីនៃសង្រ្គាមនៅហ្កាហ្សា

2023/11/08 12:28:44 pm        163
ប្រភពព័ត៌មានសន្តិសុខ បាននិយាយថា យោធាអ៊ីស្រាអែល កំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមប្រឆាំងក្រុមហាម៉ាស់ ដោយដាក់គោលដៅនៅផ្លូវរូងក្រោមដីរបស់ក្រុមសកម្មប្រយុទ្ធ និងរចនាសម្ព័ន្ធទីបញ្ជាការនៅភាគខាងជើងតំបន់ហ្កាហ្សា ក្នុងប្រតិបត្តិការដែលអាចចំណាយពេលច្រើនខែដើម្បីបញ្ចប់។ កងកម្លាំងអ៊ីស្រាអែល បានបាញ់ផ្លោងលើតំបន់ហ្កាហ្សាពីលើអាកាស និងបានប្រើប្រាស់កងទ័ពជើងគោក ដើម្បីបែងចែកតំបន់ហ៊ុមព័ទ្ធឆ្នេរជាពីរ នៅក្នុងការវាយលុកមួយដែលបានធ្វើឡើងបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរប្រហែល ២៤០ នាក់នៅក្នុងការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី ៧ ខែតុលា។ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានហ៊ុមព័ទ្ធតំបន់ហ្កាហ្សា និងបានប្រយុទ្ធជាមួយក្រុមអ្នកប្រយុទ្ធហាម៉ាស ខណៈពួកគេបានវាយរុញច្រានចូលកាន់តែជ្រៅទៅក្នុងផ្លូវរបស់ក្រុមនេះ។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានអនុម័តកាលពីថ្ងៃចន្ទនូវផែនការប្រតិបត្តិការបន្ថែមទៀតសម្រាប់សកម្មភាពយោធានៅក្នុងទីក្រុងតំបន់ហ្កាហ្សា និងនៅភាគខាងជើងតំបន់ហ្កាហ្សា។ ប្រភពព័ត៌មានសន្តិសុខអ៊ីស្រាអែលចំនួន៥បានប្រាប់សារព័ត៌មាន Reuters ថា ការកំណត់ទីតាំង និងការបិទបណ្តាញផ្លូវរូងក្រោមដីដ៏ធំដែលដំណើរការនៅក្រោមតំបន់ភាគខាងជើងតំបន់ហ្កាហ្សានឹងក្លាយជាផ្នែកមូលដ្ឋាននៃដំណាក់កាលបន្ទាប់ក្នុងការវាយលុកដែលនឹងត្រូវការពេលវេលា។ ប្រភពព័ត៌មានចំនួនពីរដោយក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយមជីហាត បាននិយាយថា ដោយរថក្រោះរបស់អ៊ីស្រាអែល កំពុងឆ្ពោះទៅកាន់បេះដូងតំបន់ហ្កាហ្សា ពួកគេបានប្រឈមមុខនឹងការតស៊ូយ៉ាងខ្លាំងពីក្រុមអ្នកប្រយុទ្ធហាម៉ាស់ ដោយប្រើប្រាស់បណ្តាញផ្លូវរូងក្រោមដីដើម្បីធ្វើការវាយឆ្មក់។ អ្នកនាំពាក្យយោធាលោក Daniel Hagari បាននិយាយកាលពីថ្ងៃអង្គារថា កងវិស្វកម្មប្រយុទ្ធរបស់អ៊ីស្រាអែល កំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះដើម្បីបំផ្លាញផ្លូវរូងក្រោមដី ហើយប្រតិបត្តិការបានបំផ្លាញរបាំងជាង១០០ ។

ជនភៀសខ្លួនទីក្រុង Darfur រាយការណ៍ពីជម្លោះថ្មីនៃការសម្លាប់ដែលដាក់គោលដៅលើជនជាតិភាគតិច

2023/11/08 12:14:06 pm        103
ប្រជាជនដែលកំពុងភៀសខ្លួន ទៅកាន់ប្រទេសឆាដ បានរាយការណ៍ពីការកើនឡើងថ្មីនៃការសម្លាប់ជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចប្រទេសស៊ូដង់ ខណៈកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា(RSF) បានដណ្តើមកាន់កាប់មូលដ្ឋានកងទ័ពដ៏សំខាន់នៅក្នុងរដ្ឋធានី El Geneina ។ អ្នកសារព័ត៌មាន Reuters បានឃើញក្រុមបុរសជាច្រើននាក់កំពុងឆ្លងកាត់ពីទីក្រុង Darfur ចូលទៅប្រទេសឆាដ នៅទីក្រុង Adre មានចម្ងាយប្រហែល ២៧ គីឡូម៉ែត្រ ភាគខាងលិចរដ្ឋធានី El Geneina។ បីនាក់ក្នុងចំណោមអ្នកដែលបានភៀសខ្លួន បាននិយាយថា ពួកគេបានឃើញការសម្លាប់ធ្វើឡើងដោយកងជីវពលអារ៉ាប់ និងកងកម្លាំងគាំទ្ររហ័ស(RSF) ដាក់គោលដៅលើក្រុមជនជាតិភាគតិច Masalit នៅស្រុក Ardamata ជាស្រុកដាច់ស្រយាលមួយពីរដ្ឋធានី El Geneina ជាទីតាំងមូលដ្ឋានកងទ័ព និងជំរំសម្រាប់ជនភៀសខ្លួននៅតែខាងក្នុងប្រទេស។ នៅចន្លោះខែមេសា ដល់ខែមិថុនាឆ្នាំនេះ កងកម្លាំងគាំទ្រហ័ស និងកងជីវពលអារ៉ាប់សម្ព័ន្ធមិត្ត បានធ្វើការវាយប្រហារជាប្រព័ន្ធជាច្រើនសប្តាហ៍ទៅលើក្រុមជនជាតិភាគតិច Masalit ជាក្រុមកុលសម្ព័ន្ធអាហ្វ្រិកភាគច្រើននៅរដ្ឋធានី El Geneina ខណៈសង្រ្គាមបានផ្ទុះឡើងនៅក្នុងប្រទេស រវាងកងកម្លាំងគាំទ្ររហ័ស(RSF) និងកងទ័ពស៊ូដង់។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM)បានឲ្យដឹងថា សង្រ្គាមនៅក្នុងប្រទេសស៊ូដង់ បានបង្កឱ្យមានវិបត្តិមនុស្សធម៌ដ៏ធំ និងបានបណ្តាលឲ្យប្រជាជនជាង៦លាននាក់ជម្លៀសខ្លួនចេញ ។ អង្គការ IOM បាននិយាយថា មនុស្សជាង ៥០០.000 នាក់ បានឆ្លងចូលទៅក្នុងប្រទេសឆាដ ដែលភាគច្រើនមកពីទីក្រុង West Darfur ។ ឆ្មាំព្រំដែនប្រទេសឆាដ បាននិយាយថាចំនួនប្រចាំថ្ងៃនៃអ្នកភៀសខ្លួនពីទីក្រុង West Darfur បានកើនឡើងដល់ ៣.១៤៦នាក់ គិតត្រឹមចុងសប្តាហ៍កន្លងទៅនេះ។ មន្ត្រីអង្គការសហប្រជាជាតិក្នុងប្រទេសឆាដ បាននិយាយថា មនុស្សរាប់ពាន់នាក់ទៀតត្រូវបានគេរំពឹងថានឹងឆ្លងកាត់ ប៉ុន្តែត្រូវបានរារាំងមិនឱ្យធ្វើដូច្នេះដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ដែលទាមទារឲ្យបង់ប្រាក់។

ក្រុមអ្នកសារព័ត៌មានប៉ាឡេស្ទីន ធ្វើការតវ៉ាជុំវិញការស្លាប់មិត្តរួមការងារក្នុងការវាយប្រហាររបស់អ៊ីស្រាអែល

2023/11/08 12:10:26 pm        108
ក្រុមអ្នកសារព័ត៌មាន និងបាតុករប៉ាឡេស្ទីន បានចេញតវ៉ាទៅតាមដងផ្លូវនៃទីក្រុង រ៉ាម៉ាឡាស (Ramallah) ក្នុងតំបន់វេស ប៊ែង កាលពីថ្ងៃអង្គារ (៧ វិច្ឆិកា) ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងការសម្លាប់អ្នកសារព័ត៌មាននៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ ក្រុមបាតុករបាននាំយកមឈូសទទេជានិមិត្តរូប ជាមួយនឹងរូបភាពអ្នកសារព័ត៌មានដែលត្រូវបានសម្លាប់នៅតំបនហ្កាហ្សា ដើម្បីបង្ហាញនៅក្នុងការតវ៉ា ខណៈប្រជាជនស្រែកពាក្យស្លោក និងគ្រវីទង់ជាតិប៉ាឡេស្ទីន។យោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា អ្នកសារព័ត៌មានប៉ាឡេស្ទីន ចំនួន៤៩នាក់ ត្រូវបានសម្លាប់ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមមក។ កាលពីខែមុន យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនមិនអាចធានាសុវត្ថិភាពរបស់អ្នកសារព័ត៌មាន ដែលកំពុងប្រតិបត្តិការនៅតំបន់ហ្កាហ្សា ស្ទ្រីប បានទេ។សង្គ្រាមដ៏បង្ហូរឈាមបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលខ្មាន់កាំភ្លើងនៃក្រុមសកម្មប្រយុទ្ធហាម៉ាស បានសម្រុកចូលតាមរបងព័ទ្ធជុំវិញតំបន់ហ្កាហ្សា និងបានសម្លាប់ជនជាតិអ៊ីស្រាអែល ចំនួន ១.៤០០នាក់ ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់ខ្លួនមនុស្សជាង ២០០នាក់ទៀត នេះបើយោងតាមតួលេខសរុបរបស់អ៊ីស្រាអែល។ ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដោយឥតឈប់ឈរលើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដោយបានសម្លាប់មនុស្សជាង ១០.០០០នាក់ ហើយប្រហែល ៤០ភាគរយនៃអ្នកស្លាប់ទាំងនោះជាកុមារ នេះបើយោងតាមទិន្នន័យសរុបរបស់ក្រុមមន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា៕

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា ដណ្តើមបានទីរួមខេត្តមួយ ខណៈការវាយលុកប្រឆាំងរបបយោធារីកធំ

2023/11/08 12:07:01 pm        154
រដ្ឋាភិបាលស្រមោល និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថាកងទ័ពប្រឆាំងដណ្តើមបានទីរួមខេត្តមួយនៅសហភាពមីយ៉ាន់ភាគកណ្តាល ជាទីស្នាក់ការរដ្ឋបាលស្រុក បន្ទាប់ពីការវាយបកមកលើយោធា។ រដ្ឋាភិបាលរួបរួមជាតិដែលមានតែស្រមោល បានសាទរថា ជាជ័យជម្នះដ៏សំខាន់ ទោះបីជាអ្នកវិភាគ បានប្រុងប្រយ័ត្នថាអ្នកប្រយុទ្ធអាចតស៊ូដើម្បីគ្រប់គ្រងក្រុង Kawlin ដែលមានប្រជាជនប្រមាណ២៥.០០០នាក់។ យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រយុទ្ធប្រឆាំងការកើនឡើង អំពើហិង្សា ខណៈកងកម្លាំងបានប្រឆាំង រួមទាំងកងទ័ពជនជាតិភាគតិច ដែលបានបើកការវាយប្រហារថ្មីៗក្នុងរយៈពេលជាង២ឆ្នាំកន្លងទៅនេះ បន្ទាប់ពីឧត្តមសេនីយ៍ជាច្រើនរូប បានបណ្តេញចេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ក្នុងរដ្ឋប្រហាកាលពីឆ្នាំ២០២១។ កងទ័ពប្រឆាំង បានវាយប្រហារ យោធានៅក្នុងក្រុង Kawlin កាលពីសប្តាហ៍មុន បានទទួលជ័យជម្នះលើពួកគេកាលពីថ្ងៃចន្ទ និងដណ្តើមយកក្រុងនេះ។នាយករដ្ឋមន្ត្រី រដ្ឋាភិបាលរួបរួមជាតិដែលមានតែស្រមោល (NUG) លោក Mahn Winn Khaing Thann បាននិយាយនៅលើបណ្តាញផ្សព្វផ្សាយសង្គមវេទិកា X ថាក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងហើយនៅពេលនេះ។ វាជាជ័យជម្នះអស្ចារ្យខ្លាំងណាស់។

អាល្លឺម៉ង់មើលឃើញកំណើនការប្រឆាំងជនជាតិជ្វីហ្វ ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ តុលា លើអ៊ីស្រាអែលមក

2023/11/08 11:47:17 am        114
ប្រធានក្រុមប្រឆាំងការរើសអើងអាល្លឺម៉ង់ បាននិយាយថា ការប្រឆាំងជនជាតិជី្វហ្វ បានកើនឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស លើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដោយព្រមានថា ជនជាតិអាល្លឺម៉ង់ មានឆន្ទៈជ្រុលនិយមក្នុងការមិនអើពើនឹងឧក្រិដ្ឋកម្មកាលពីអតីតកាលរបស់ពួកគេលើជនជាតិជ្វីហ្វ និងបានរិះគន់អ៊ីស្រាអែល។សង្គមវិទូម្នាក់ឈ្មោះ លោកស្រី Beate Kuepper បាននិយាយថា ៥,៧ភាគរយ នៃចំនួនប្រជាជនអាល្លឺម៉ង់ បានបង្ហាញពីអាកប្បកិរិយាប្រឆាំងនឹងជនជាតិជី្វហ្វ ពោលគឺកើនឡើងបីដងនៃកម្រិតកាលពី ២ឆ្នាំមុន។ លោកស្រីបានបន្ថែមថា ខណៈពលរដ្ឋដែលមានដើមកំណើតនៅក្នុងប្រទេសទួរគី ឬរុស្ស៊ី រហូតមកដល់ពេលនេះ ទំនងជាមានជំនឿប្រឆាំងនឹងជនជាតិជី្វហ្វ មានមនុស្សវ័យក្មេងភាគច្រើនបានស្ថិតនៅក្នុងការកើនឡើងនោះ។ប្រទេសអាល្លឺម៉ង់ បានឃើញរលកនៃការតវ៉ាប្រឆាំងនឹងការទម្លាក់គ្រាប់បែករយៈពេលមួយខែរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីការវាយឆ្មក់ដោយពួកសកម្មប្រយុទ្ធហាម៉ាស លើភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនជាតិអ៊ីស្រាអែលចំនួនជាង ១.៤០០នាក់ត្រូវបានសម្លាប់ និងមនុស្សជាង២៤០នាក់ទៀត ត្រូវបានចាប់ខ្លួន។ការវាយប្រហារចាប់តាំងពីថ្ងៃទី៧ ខែតុលា បណ្ដាលឲ្យមានគំនូររូបផ្កាយពណ៌ខៀវ តំណាងអ៊ីស្រាអែល ជាច្រើនត្រូវបានគូរនៅតាមជញ្ជាំងអគារ និងមានការដុតដបសាំងនៅក្នុងសាលាប្រជុំ ព្រមទាំងផ្នូររបស់ជនជាតិជ្វីហ្វជាច្រើនត្រូវបានគេបំពានផងដែរ៕

នគរបាលនិងអ្នកតវ៉ា ប៉ះទង្គិចគ្នានៅទីស្នាក់ការគណបក្សសង្គមនិយមអេស្ប៉ាញ ជុំវិញច្បាប់លើកលែងទោសតំបន់កាតាឡាន់

2023/11/08 11:43:44 am        115
មនុស្សរាប់សិបនាក់ បានប៉ះទង្គិចគ្នាជាមួយនគរបាលអេស្ប៉ាញ កាលពីថ្ងៃអង្គារ អំឡុងការតវ៉ាមួយ ប្រឆាំងការចរចាដែលកំពុងបន្ត សម្រាប់ការផ្តល់ការលើកលែងទោសដល់អ្នកពាក់ព័ន្ធក្នុងបំណងទាមទារឯករាជ្យឆ្នាំ២០១៧ ដែលបរាជ័យនៅតំបន់កាតាឡាន់។ មនុស្សរាប់ពាន់នាក់ បានធ្វើបាតុកម្ម សម្រាប់យប់ទី២ក្នុងជម្លោះមួយនៅខាងមុខទីស្នាក់ការកណ្តាលគណបក្សសង្គមនិយមក្នុងទីក្រុងម៉ាទ្រីដដើម្បីបង្ហាញការប្រឆាំងរបស់ពួកគេចំពោះកិច្ចពិភាក្សារវាងគណបក្សសង្គមនិយម និងគណបក្ស Junts របស់លោក ខាលីស ពូអ៊ីកដេម៉ុន (Carles Puigdemont) ។ក្រុមអ្នកតវ៉ាស្តាំនិយម ដែលមួយចំនួនគោរពរបបហ្វាស៊ីសនិយម កំពុងចម្រៀងភ្លៀងជាតិអេស្បាញ Francoist បទ«Facing the Sun» បានគប់សំរាម និងដបទៅលើមន្ត្រីនគរបាល បណ្តាលឲ្យមានការចោទប្រកាន់ពីនគរបាល។ យោងតាមមន្ត្រីជាន់ខ្ពស់នគរបាល ដែលត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា មនុស្សប្រមាណ៧.០០០នាក់ បានមកប្រមូលផ្តុំគ្នាដោយសន្តិវិធីនៅមុនពេលក្រុមអ្នកតវ៉ាតូចមួយក្រុម បានព្យាយាមសម្រុកចូលខ្សែបន្ទាត់របស់នគរបាល ដែលបានបង្កើតនៅជាប់ទីស្នាក់ការកណ្តាលគណបក្សសង្គមនិយម។ ច្បាប់លើកលែងទោសដែលត្រូវបានស្នើដោយលោក Sanchez កំពុងព្យាយាមបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតខែកក្កដា ដែលពុំបានបង្កើតឲ្យមានអ្នកឈ្នះដាច់នោះទេ ជាការផ្លាស់ប្តូរមួយសម្រាប់ការគាំទ្រគណបក្សផ្តាច់ខ្លួនតំបន់កាតាឡាន់ចំនួន២គណបក្ស។

អាល្លឺម៉ង់បញ្ចេញជំនួយសម្រាប់ប្រជាជនប៉ាឡេស្ទីន ដោយផ្តល់បន្ថែមចំនួន២០លានអឺរ៉ូ

2023/11/08 11:27:28 am        129
ក្រសួងអភិវឌ្ឍន៍ បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសអាល្លឺ ម៉ង់បានសម្រេចចិត្តបញ្ចេញជំនួយចំនួន ៧១ លានអឺរ៉ូ (៧៥,៨០ លានដុល្លារ) ដែលជាផ្នែកនៃការត្រួតពិនិត្យបន្តនៃការគាំទ្ររបស់ខ្លួនសម្រាប់ប៉ាឡេស្ទីន ហើយបានសន្យាបន្ថែម ២០លានអឺរ៉ូ នៅក្នុងមូលនិធិថ្មីនេះ។ ប្រទេសអាល្លឺម៉ង់ បានឆ្លើយតបទៅនឹងការវាយប្រហារបង្ហូរឈាមរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសលើអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយផ្អាកជាបណ្តោះអាសន្ននូវជំនួយអភិវឌ្ឍន៍របស់ខ្លួនដល់ដែនដីប៉ាឡេស្ទីន ដែលរង់ចាំការពិនិត្យឡើងវិញ។សេចក្តីថ្លែងការណ៍របស់ក្រសួង បាននិយាយថា៖«ដោយសារតែស្ថានភាពផុយស្រួយ នៅក្នុងតំបន់ ការពិនិត្យឡើងវិញ មិនទាន់ត្រូវបានបញ្ចប់ទាំងស្រុងនៅឡើយទេ»។ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងបានឲ្យដឹងទៀតថា ការពិនិត្យឡើងវិញ បានផ្តោតលើការបន្តគាំទ្រដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបជិតបូព៌ា (UNRWA) ដែលបានផ្តល់ឲ្យតម្រូវការរបស់ប្រជាជន នៅតំបន់ហ្កាហ្សាស្ទ្រីប និងស្ថានការណ៍ អស្ថិរភាពកាន់តែខ្លាំងឡើង នៅក្នុងប្រទេសជិតខាង។

ក្រសួងសុខាភិបាលហ្កាហ្សា៖ កុមារម្នាក់ត្រូវបានសម្លាប់ រៀងរាល់១០នាទីម្តង

2023/11/08 11:16:43 am        99
អ្នកនាំពាក្យក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សា ស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) ថា ចំនួនអ្នកស្លាប់របស់កុមារ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល គឺមានជាង ៤២០០នាក់ និងកុមារជាង ១០.០០០នាក់ បានរងរបួសរហូតមកដល់ពេលនេះ។អ្នកនាំពាក្យរូបនោះ បាននិយាយថា «រៀងរាល់ដប់នាទីម្តង ការកាន់កាប់របស់អ៊ីស្រាអែល បានសម្លាប់កុមារម្នាក់ និងបណ្ដាឲ្យកុមាររបួសពីរនាក់ទៀត»។ ឥឡូវនេះ បណ្ដាមន្ទីរពេទ្យ ដែលពោរពេញទៅដោយហ្វូងមនុស្ស មានជនភៀសខ្លួនជាង ១០០.០០០នាក់ នេះបើយោងទៅតាមអ្នកនាំពាក្យក្រសួងសុខាភិបាលហ្កាហ្សា រួមទាំងជនភៀសខ្លួន អ្នករងរបួស អ្នកជំងឺ និងបុគ្គលិកពេទ្យផងដែរ។អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នេះចាប់តាំងពីក្រុមហាម៉ាស វាយឆ្មក់លើភាគខាងត្បូងអ៊ីស្រាអែល កាលពីមួយខែមុន នៅពេលដែលខ្មាន់កាំភ្លើងរបស់ក្រុមនេះបានសម្លាប់មនុស្សចំនួន ១.៤០០នាក់ និងចាប់ចំណាប់ថ្នូរជាង ២៤០ នាក់។ មន្ត្រីសុខាភិបាលនៅតំបន់ហ្កាហ្សា បាននិយាយថា ការវាយលុករបស់អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ១០.០០០នាក់ រួមទាំងកុមារប្រមាណ ៤.២០០នាក់។ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស បានច្រានចោលការអំពាវនាវដែលកំពុងកើនឡើងក្នុងការបញ្ឈប់ការប្រយុទ្ធ។ អ៊ីស្រាអែលនិយាយថា ចំណាប់ថ្នូរគួរតែត្រូវបានដោះលែងជាមុនសិន ប៉ុន្តែក្រុមហាម៉ាស និយាយថា ខ្លួននឹងមិនដោះលែងចំណាប់ថ្នូរ ឬបញ្ឈប់ការប្រយុទ្ធគ្នាឡើយ ខណៈដែលតំបន់ហ្កាហ្សា កំពុងរងការវាយប្រហារ៕

ក្រុមជាច្រើនដែលគាំទ្រដោយអ៊ីរ៉ង់ គំរាមពង្រីកសង្រ្គាមនៅហ្កហ្សា ខណៈបង្កើនការវាយប្រហារលើអ៊ីស្រាអែលនិងអាមេរិក

2023/11/08 10:53:22 am        154
រ៉ុក្កែតជាច្រើនគ្រាប់ដែលបាញ់ចេញពីប្រទេសលីបង់កាលពីថ្ងៃចន្ទ បានទៅដល់ទៅក្នុងទឹកដីអ៊ីស្រាអែលយ៉ាងជ្រៅជាងអ្វីទាំងអស់ ចាប់តាំងពីសង្រ្គាមឆ្នាំ២០០៦ ខណៈដែលបញ្ជាការទីពីររបស់ក្រុមសកម្មប្រយុទ្ធហេបូឡា បានគំរាមបង្កើនការវាយប្រហារឆ្លងព្រំដែន ប្រសិនបើអ៊ីស្រាអែល បន្តការវាយលុកដ៏សាហាវរបស់ខ្លួនលើតំបន់ហ្កាហ្សាស្ទ្រីប។ការគំរាមកំហែងរបស់លោក Naim Qassem អគ្គលេខាធិការរងរបស់ក្រុមហេបូឡា ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន NBC News បានកើតឡើង នៅពេលដែលក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់នៅទូទាំងមជ្ឈិមបូព៌ា បានចាប់ផ្តើមវាយប្រហារដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងគោលដៅនានារបស់អាមេរិក។លោក Qassem បាននិយាយថា៖«ក្រុមហេសបូឡា ចូលរួមសម្រាប់ជាប្រយោជន៍ ក្នុងការបន្ថយសម្ពាធលើតំបន់ហ្កាហ្សា»។ លោកបានចាត់ទុកអ៊ីស្រាអែលថា ជាអ្នកឈ្លានពាន ដោយនិយាយថា ការវាយប្រហារដែលកំពុងកើនឡើងទាំងនេះគឺជា «សារច្បាស់លាស់ថា បើអ្នកពង្រីក វានឹងមានផលវិបាកធ្ងន់ធ្ងរ»។និយាយរួមទៅ វោហាស័ព្ទរបស់ហេសបូឡា និងការវាយប្រហារកាន់តែធំឡើងដោយក្រុមតំណាងដែលគាំទ្រដោយអ៊ីរ៉ង់ បង្ហាញថា «អ័ក្សនៃការតស៊ូ»នេះ កំពុងធ្វើសកម្មភាពប្រកបដោយភាពសុខដុមរមនា ដើម្បីបង្កើនសម្ពាធលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដើម្បីពិនិត្យមើលការវាយលុកកាន់តែខ្លាំងឡើងលើតំបន់ហ្កាហ្សាស្ទ្រីប។

អ៊ីស្រាអែល និយាយថា កងកម្លាំងរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅកណ្ដាលទីក្រុងហ្កាហ្សា

2023/11/08 10:50:07 am        155
អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារទី ៧ ខែវិច្ឆិកាថា កងកម្លាំងរបស់ខ្លួនកំពុងប្រតិបត្តិការចូលទៅយ៉ាងជ្រៅនៅទីក្រុង ហ្កាហ្សា ក្នុងការប្រយុទ្ធរបស់ពួកគេដើម្បីកម្ចាត់ក្រុមហាម៉ាស នៅក្នុងតំបន់ឡោមព័ទ្ធប៉ាឡេស្ទីន ហើយបាននិយាយថាមេដឹកនាំក្រុមសកម្មប្រយុទ្ធនេះ បានជាប់នៅក្នុងលេនដ្ឋានមួយកន្លែងនៅទីនោះ។ ជាការសងសឹកចំពោះការវាយប្រហារសម្លាប់មនុស្សដ៏រង្គាលកាលពីថ្ងៃទី៧តុលាដោយក្រុមខ្មាន់កាំភ្លើង ហាម៉ាស យោធាអ៊ីស្រាអែល ផ្តោតលើក្រុងហ្កាហ្សាជាទីតាំងរឹងមាំរបស់ក្រុមហាម៉ាស នៅភាគខាងជើងដែនដីនេះ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាលែន (Yoav Gallant) បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា ទាហានអ៊ីស្រាអែល បានឈានទៅដល់ចំណុចកណ្ដាលទីក្រុង ហ្កាហ្សាហើយ និងកំពុងរឹតបន្តឹងខ្លាំងនៅសមរភូមិ ។ លោក Gallant បាននិយាយថា កងទ័ពថ្មើរជើងក្នុងរថពាសដែក និងរថក្រោះ មានគោលដៅតែមួយ គឺ កម្ចាត់ភេរវករហាម៉ាសនៅហ្កាហ្សា ហេដ្ឋារចនាសម្ព័ន្ធ មេបញ្ជាការរបស់ពួកគេ លេណដ្ឋាន និងបន្ទប់ទំនាក់ទំនងប្រតិបត្តិការរបស់ក្រុមនេះជាដើម។ លោក Gallant បាននិយាយថា មេដឹកនាំជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា គឺលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) ត្រូវបានសំងំលាក់ខ្លួននៅក្នុងលេនដ្ឋានរបស់លោក ដោយបន្ថែមថា នោះគឺជាលោក Sinwar ដែលកាលពីមួយខែមុនបានសម្រេចចិត្តសម្លាប់ជនស៊ីវិលអ៊ីស្រាអែល ស្ត្រី និងកុមារ។ ប្រភពសន្តិសុខបានប្រាប់សារព័ត៌មាន Reuters ថាយោធាអ៊ីស្រាអែលកំពុងចាប់ផ្តើមដំណាក់កាលបន្ទាប់នៃសង្រ្គាមរបស់ខ្លួន ដោយផ្តោតលើការកំណត់ទីតាំង និងបិទផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស ដែលនឹងអាចចំណាយពេលច្រើនខែទើបចប់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM
​ណាតូនឹងចាប់ផ្តើមសមយុទ្ធសមុទ្របាល់ទិកកម្រិត​តូច​ជាងមុន​ ខណៈមានការប្រកួតប្រជែង​ដាក់​​ពង្រាយយោធា
06/03/2026 06:06 PM
គេហទំព័រព័ត៌មាន៖ នាយករដ្ឋមន្ត្រីថ្មីរបស់ឡាតវី មានបំណងផ្តាច់ទំនាក់ទំនងពាណិជ្ជកម្មជាមួយរុស្ស៊ី
06/03/2026 06:06 PM
អ្នកជំនាញយោធា៖ អ៊ុយក្រែនបាត់បង់កងទ័ពនិងទាហានស៊ីឈ្នួលជាង ៣១.០០០នាក់ នៅក្នុងខែ ឧសភា
06/03/2026 06:06 PM
អ៊ុយក្រែនអំពាវនាវឲ្យមានការសន្ទនាជាមួយប៉ូឡូញ ខណៈភាពតានតឹងផ្ទុះឡើង​ ដោយសារ​ឈ្មោះ​អង្គភាពយោធា
06/03/2026 06:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជា-អាម៉េរិក ពិភាក្សាអំពីការពង្រឹង​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ
06/03/2026 06:06 PM
មនុស្សរាប់រយនាក់រត់គេចខ្លួន ខណៈហ្វូងមនុស្សប្រឆាំងនឹងជនអន្តោប្រវេសន៍អាហ្វ្រិកខាងត្បូង ដើរពីផ្ទះមួយទៅផ្ទះមួយ
06/03/2026 05:06 PM
ជប៉ុនមាន​ក្ដី​បារម្ភយ៉ាងខ្លាំង ចំពោះប្រតិបត្តិការថ្មើរជើង​​របស់អ៊ីស្រាអែល នៅភាគខាងត្បូងលីបង់
06/03/2026 05:06 PM