ឃាតកម្មសម្លាប់មនុស្ស ២នាក់រួចយកសពទៅកប់ចោលនៅខណ្ឌជ្រោយចង្វារ កម្លាំងសមត្ថកិច្ចរាជធានីបង្ក្រាបជនសង្ស័យបាន ៤នាក់
គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់សោម ចុះត្រួតពិនិត្យរដ្ឋបាលចំហរ រកឃើញជនបរទេស ២៦នាក់ ពាក់ព័ន្ធករណី Online Scams
ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង

សន្តិសុខ និង សង្គម

រដ្ឋបាលខណ្ឌបឹងកេងកងរៀបចំសណ្តាប់ធ្នាប់នៅម្តុំអនុវិទ្យាល័យ ទួលស្លែង ក្រោយមានការលក់រំលោភចំណីផ្លូវសាធារណៈ

2023/11/08 09:36:09 am        478
ដោយមានការណែនាំពីលោក សុខ សម្បត្តិ អភិបាល នៃ គណៈអភិបាលខណ្ឌបឹងកេងកង លោក មាស សម្បូរ ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌបឹងកេងកង សហការជាមួយ​សាលា​សង្កាត់​ទួល​ស្វាយព្រៃ១ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះរៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​បណ្តោយ​ផ្លូវលេខ ៣១០ ជាពិសេស ម្តុំអនុវិទ្យាល័យ ទួលស្លែង​ក្រោយ​មាន​ក្រុម​អាជីវករ​ដាក់​លក់​ដូរ​សម្ភារៈ​របស់​របរ​ផ្សេងៗរំលោភចំណីផ្លូវសាធារណៈ ដែលនាំឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរាបរយ សាធារណៈ ប៉ះពាល់ចរាចរណ៍របស់អ្នកដំណើរ ។ជាមួយគ្នានេះក្រុមការងារសាលាខណ្ឌបឹងកេងកង ក៏បានណែនាំក្រុមអាជីវកម្មទាំងអស់ សូម​មេត្តា​កុំ​លក់ដូរសម្ភារៈរបស់របរផ្សេងៗរំលោភចំណីផ្លូវសាធារណៈបន្តទៀត ពីព្រោះថា ផ្លូវ​សាធារណៈ គឺទុកសម្រាប់ប្រជាពលរដ្ឋទូទៅធ្វើដំណើរ ដូច្នេះមិន​មាន​បុគ្គ​ល​ណា​ម្នាក់​មក​រំលោភ​បំពាន​បាន​ឡើយ ។ទោះបីយ៉ាងណាក្តីអាជ្ញាធរខណ្ឌបឹងកេងកង បានណែនាំ និងទុករយះពេលបីថ្ងៃ សូមឲ្យ​ក្រុម​អាជីវករ​ទាំងអស់នោះ ត្រូវតែរុះរើតូប យ៉ាប និងសម្ភារៈរបស់​របរ​ផ្សេងៗ​ដែល​ដាក់​រំលោភ​ចំណី​ផ្លូវ​សា​ធារណៈឲ្យអស់ ប្រសិនបើមិនអនុវត្តតាមការណែនាំ អាជ្ញាធរខណ្ឌបឹងកេងកង នឹង​មាន​វិធាន​រដ្ឋបាលចុះរុះរើនៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមិន​ទទួល​ខុស​ត្រូវ​នូវ​រាល់ការបាត់បង់ បាក់បែកសម្ភារៈរបស់របរផ្សេងៗរបស់ក្រុមអាជីវករទាំងអស់នោះឡើយ ៕ តារាវុទ្ធី

បុរសម្នាក់ដែលជាកូនម្ចាស់ផ្ទះបានធ្វើការដុតផ្ទះ ដើម្បីសម្លាប់ខ្លួននៅក្នុងផ្ទះ

2023/11/07 04:41:21 pm        28
ភ្នំពេញ ៖ បុរសម្នាក់ដែលជាកូនម្ចាស់ផ្ទះត្រូវបានដុតផ្ទះខ្លួនឯង នៅខាងក្នុងផ្ទះរួចបិទទ្វារជិតបង្កជាអណ្ដាតភ្លើងជាសន្ធោរសន្ធៅបណ្ដាលឲ្យបុរសម្នាក់នោះស្លាប់នៅក្នុងផ្ទះតែម្ដង។ ហេតុការណ៍គ្រោះអគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង ១២ និង៤០នាទីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ស្ថិតនៅផ្លូវលំ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុកូនប្រុសពៅរបស់ម្ចាស់ផ្ទះគឺបានប្រើប្រាស់សារធាតុញៀន រហូតបាត់បង់ស្មារតីពេលនោះក៏បានដុតភ្លើងខាងនៅក្នុងផ្ទះដើម្បីសម្លាប់ខ្លួនរួចក៏បានចងមាត់ទ្វារបិទជិត។ ភ្លាមនោះប្រជាពលរដ្ឋជិតខាងបាននាំគ្នាជួយអន្តរាគមន៍ប៉ុន្តែមិនអាចចូលទៅខាងក្នុងបានអណ្ដាតភ្លើងបានឆាបឆេះយ៉ាងលឿន។ ខណៈនោះពលរដ្ឋ បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការទំនាក់ទំនងទៅនឹងមន្ត្រីជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចេញរថយន្តពន្លត់គីភ័យជួយអន្តរាគមន៍បាញ់ពន្លត់ចៀសវាងមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងបន្ថែមទៀត។មន្ត្រីជំនាញខាងការិយាល័យបង្ការនិងពន្លត់អគ្គិភ័យបានឲ្យដឹងថាក្នុងហេតុការនេះដោយទីតាំងនៃការឆាប់ឆេះផ្ទះមានប្រភេទឈើ ថ្មក្រោមអណ្ដាតភ្លើងឆាប់ឆេះលឿនធ្វើឲ្យអាជ្ញាធរលំបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។ក្នុងហេតុការណ៍គ្រោះអគ្គិភ័យបេះ បានបណ្ដាលឲ្យបុរសម្នាក់ដែលជាកូនម្ចាស់ផ្ទះស្លាប់ទៅក្នុងផ្ទះ។ រថយន្តពន្លយ់អគ្គិភ័យមកដល់ទីតាំងកើតហេតុចំនួន១៩គ្រឿង អាជ្ញាធរបានប្រើប្រាស់ បាញ់ទឹកពន្លត់អស់ចំនួន ១៤គ្រឿងដើម្បីពន្លត់ឲ្យរលត់ជាស្ថាពរ និងទំហំនៃការខូចខាតផ្ទះឆាបឆេះអស់ទាំងស្រុង។ ចំពោះមូលហេតុបឋមតាមការបញ្ជាក់ពីពន្លរដ្ឋជិតខាងថាកូនដុតផ្ទះខ្លួនឯង យ៉ាងណាមន្រ្តីជំនាញនិងធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ៖ កុម្ភះ

នគរបាលអង់គ្លេស ស្នើបាតុករកុំឲ្យធ្វើការតវ៉ាក្នុងអំឡុងពេលទិវាបទឈប់បាញ់ចុងសប្តាហ៍

2023/11/07 04:15:30 pm        139
នគរបាលទីក្រុងឡុងដ៍្រ របស់ចក្រភពអង់គ្លេស កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) បានជំរុញអ្នករៀបចំបាតុកម្មកុំឱ្យបន្តការតវ៉ាណាមួយដែលបានគ្រោងទុកនៅចុងសប្តាហ៍នេះ នៅពេលដែលទិវាបទឈប់បាញ់ នឹងត្រូវបានប្រារព្ធឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានរិះគន់ផែនការសម្រាប់ការតវ៉ាគាំទ្រប៉ាឡេស្ទីន។នគរបាលក្រុងឡុងដ៍្របាននិយាយថា ក្រុមអាជ្ញាធរបានស្នើឱ្យអ្នករៀបចំដែលមិនស្គាល់អត្តសញ្ញាណឱ្យពិចារណាលើការពន្យារពេលបាតុកម្មណាមួយនៅក្នុងទីក្រុងឡុងដ៍្រ នៅចុងសប្តាហ៍ រួមទាំងខួបថ្ងៃសៅរ៍ នៃការបញ្ចប់សង្គ្រាមលោកលើកទី១ ដោយសារតែការព្រួយបារម្ភអំពីបញ្ហាសន្តិសុខ។ទីភ្នាក់ងារនគរបាលនោះកាលពីមុនបាននិយាយថា សកម្មជនគាំទ្រប៉ាឡេស្ទីន មានបំណងធ្វើ «បាតុកម្មដ៏ធំ» នៅថ្ងៃសៅរ៍ ប៉ុន្តែមិនបាននិយាយសំដៅទៅលើពួកគេនៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយរបស់ខ្លួននោះទេ។ លោកនាយករដ្ឋមន្រ្តី Sunak បាននិយាយកាលពីថ្ងៃសុក្រថា ផែនការរបស់បាតុករគាំទ្រប៉ាឡេស្ទីន ក្នុងការដើរក្បួនតវ៉ានៅកណ្តាលទីក្រុងឡុងដ៍្រ ក្នុងទិវាបទឈប់បាញ់ គឺជា «ការបង្ករឿង និងមិនគោរព»។យោងតាមក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថា អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកជារៀងរាល់ថ្ងៃចាប់តាំងពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី៧ តុលា មក ដោយបានសម្លាប់មនុស្សជាង ១០.០០០នាក់ និងបានជំរុញឱ្យក្រុមអ្នកគាំទ្រប៉ាឡេស្ទីន រាប់ម៉ឺននាក់ ដើរដង្ហែតវ៉ាឆ្លងកាត់កណ្តាលទីក្រុងឡុងដ៍្រ រៀងរាល់ថ្ងៃសៅរ៍ដោយទាមទារឱ្យរដ្ឋាភិបាលអង់គ្លេស អំពាវនាវឱ្យមានបទឈប់បាញ់សម្រាប់ជម្លោះដ៏បង្ហូរឈាមនោះ៕

មនុស្សរាប់សែននាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់ ប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះបានវាយប្រហារប្រទេសប្រេស៊ីល

2023/11/07 04:10:24 pm        102
អ្នកស្រុកជាងកន្លះលាននាក់ នៅទីក្រុង សៅ ប៉ូឡូ (Sao Paulo) នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា) រយៈពេលបីថ្ងៃបន្ទាប់ពីព្យុះដ៏ខ្លាំងក្លាបានបំផ្លាញខ្សែថាមពលអគ្គិសនី ដែលធ្វើឲ្យផ្នែកភាគច្រើននៃទីក្រុងដ៏ធំបំផុតរបស់ប្រទេសប្រេស៊ីល មួយនេះស្ថិតក្នុងភាពងងឹត។ក្រុមហ៊ុនចែកចាយថាមពល ENEL បាននិយាយថា ខ្យល់ព្យុះបានវាយប្រហារបណ្ដាលឲ្យបាក់មែកឈើ និងបំផ្លាញដើមឈើរាប់រយដើម ដែលដួលរលំលើខ្សែភ្លើងនៅតាមផ្លូវជាច្រើនក្នុងទីក្រុង ដោយដំបូងឡើយបានកាត់ផ្តាច់អគ្គិសនីដល់ពលរដ្ឋចំនួន ២,១លាននាក់ នៅក្នុងទីក្រុង Sao Paulo នេះ ។ថ្នាក់រៀនជាច្រើនត្រូវបានលុបចោលកាលពីថ្ងៃចន្ទ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងទីក្រុងដូចជា Morumbi ជាដើម។ ទីភ្នាក់ងារថាមពល ENEL បាននិយាយថា ខ្លួនបានស្ដារសេវាកម្មដល់អតិថិជនជាង ៧៦% របស់ខ្លួនហើយ ប៉ុន្តែមនុស្សជាង ៥០០.០០០នាក់ នៅតែគ្មានអគ្គិសនីប្រើប្រាស់កាលពីថ្ងៃច័ន្ទ។ការិយាល័យរដ្ឋអាជ្ញានៃទីក្រុង Sao Paulo បាននិយាយថា ខ្លួននឹងស៊ើបអង្កេតមូលហេតុដែលអតិថិជនជាច្រើននៅក្នុងទីក្រុងនេះ មិនមានអគ្គិសនីប្រើប្រាស់អស់រយៈពេលយ៉ាងយូរ និងថាតើទីភ្នាក់ងារថាមពល ENEL មានបុគ្គលិកគ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពអាសន្ននៅក្នុងតំបន់ទាំង២៤ ដែលខ្លួនបម្រើការដែរឬយ៉ាងណា៕

ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ដកហូតថ្នាំញៀនជាង២គីឡូក្រាម

2023/11/07 02:47:39 pm        30
ភ្នំពេញ ៖ ជំនាញមន្ទីរប្រឆាំងគ្រឿងញៀនចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ ៣នាក់ ដកហូតថ្នាំញៀនជាង២គីឡូក្រាម ។ដោយអនុវត្តតាមបញ្ជាដ៏ខ្ពង់ខ្ពស់របស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងអនុវត្តតាមបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង១៥នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៤) ក្រោមការដឹកនាំនិងសម្របសម្រួលពីលោក វង្ស សាវ៉ាត ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេត រហូតឈានទៅបង្ក្រាបករណីជួញដូរ និងរក្សាទុក គ្រឿងញៀនដោយខុសច្បាប់នៅចំណុច បណ្តោយផ្លូវលេខK៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ។ជនសង្ស័យទាំង ០៣នាក់ ១- ឈ្មោះ យ៉ាង សាវជុន (YANG SAO CHUN) ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៨៧។ ២- ឈ្មោះ ជ័ង ប៉ជៀន (CHUANG PO CHIEN)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៣។ ៣- ឈ្មោះ អ៊ូ ជីនតឺ (WU CHUN TE) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ថ្ងៃខែឆ្នាំកំណើត១៩៩៤។ ដកហូតវត្ថុតាង សារធាតុញៀន ប្រភេទ កេតាមីន (KETAMINE) ទម្ងន់ ២១៤៤ក្រាម (២គីឡូ និង ១៤៤ក្រាម) ។ចំពោះករណីនេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន កំពុងរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ព្រមទាំង វត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមផ្លូវ ៕ ដោយ ៖ តារាវុទ្ធី

អ៊ីតាលី នឹងសាងសង់មជ្ឈមណ្ឌលទទួលជនអន្តោប្រវេសន៍តាមសមុទ្រនៅអាល់បានី

2023/11/07 02:22:50 pm        137
នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni បាននិយាយកាលពីថ្ងៃចន្ទ (០៦ វិច្ឆិកា) ថា ប្រទេសអ៊ីតាលី នឹងសាងសង់មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដើម្បីទទួលជនអន្តោប្រវេសន៍តាមសមុទ្រដែលព្យាយាមចូលចតក្នុងប្រទេស ខណៈដែលលោកស្រីបានបង្ហាញនូវគម្រោងថ្មីមួយដើម្បីព្យាយាមកាត់បន្ថយចំនួនជនអន្តោប្រវេសន៍ ដែលបានកើនឡើងជិតពីរដងកាលពីឆ្នាំមុន។លោកស្រី Meloni បាននិយាយថា មជ្ឈមណ្ឌលនៅក្នុងប្រទេសអាល់បានី ដំបូងនេះនឹងទទួលមនុស្សប្រហែល ៣.០០០នាក់ ហើយវានឹងត្រូវបានបើកនៅនិទាឃរដូវឆ្នាំ២០២៤ ខាងមុខនេះ។ លោកស្រីបានបន្ថែមថា រដ្ឋាភិបាលអ៊ីតាលី សង្ឃឹមថានឹងពង្រីកសមត្ថភាពរបស់មជ្ឈមណ្ឌលទាំងនោះដើម្បីដំណើរការដល់ជនអន្តោប្រវេសន៍ចំនួន ៣៦.០០០នាក់ ក្នុងមួយឆ្នាំ។រដ្ឋបាលរបស់នាយករដ្ឋមន្រ្តីអ៊ីតាលីរូបនេះ បានរឹតបន្តឹងការជាប់ពន្ធនាគាររួចហើយសម្រាប់អ្នកជួញដូរមនុស្ស និងបានសម្រេចបង្កើនចំនួនមណ្ឌលឃុំឃាំងទូទាំងប្រទេស ដើម្បីឃុំជនជនអន្តោប្រវេសន៍ខុសច្បាប់មុនពេលធ្វើមាតុភូមិនិវត្តន៍។ មេដឹកនាំអ៊ីតាលីរូបនេះបាននិយាយថា អនីតិជន ស្ត្រីមានផ្ទៃពោះ និងក្រុមដែលងាយរងគ្រោះផ្សេងទៀត នឹងមិនត្រូវបានគេនាំទៅប្រទេសអាល់បានីឡើយ ហើយព័ត៌មានលម្អិតមួយចំនួនផ្សេងទៀតនៃគម្រោង រួមទាំងតម្លៃចំណាយ ក៏មិនត្រូវបានលាតត្រដាងផងដែរ៕

ទឹកជំនន់សម្លាប់មនុស្ស១០នាក់ និងជាង ១១៣.០០០នាក់ជម្លៀសខ្លួន ១ឆ្នាំបន្ទាប់ពីគ្រោះរាំងស្ងួតនៅសូម៉ាលី

2023/11/07 01:44:53 pm        188
មន្ត្រីសម្របសម្រួមសម្រាប់កិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា ទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសសូម៉ាលី បានបណ្តាលឲ្យពលរដ្ឋជាង១១៣.០០០នាក់ ជម្លៀសខ្លួនចេញ និងបានធ្វើឲ្យប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយប្រទេសសូម៉ាលី បាននិយាយលើគណនីវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា មនុស្សយ៉ាងហោចណាស់១០នាក់បានស្លាប់ នៅក្នុងមហន្តរាយភ្លៀងធ្លាក់ ហើយរដ្ឋាភិបាល បានប្រកាសសេចក្តីថ្លែងការណ៍ស្ថានភាពគ្រាអាសន្ន។យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភ្លៀងធ្លាក់បានកើតឡើង មួយឆ្នាំបន្ទាប់ពីប្រទេសញកអាហ្វ្រិកមួយនេះ ទទួលរងភាពរាំងស្ងួតធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៤ទសវតស្សរ៍មកនេះ ដែលបានផ្សារភ្ជាប់ជាមួយអំពើហិង្សា និងការហក់ឡើងតម្លៃអាហារ បង្កឡើងដោយសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានសម្លាប់មនុស្សជាង ៤៣.០០០នាក់។ រដូវវស្សាបច្ចុប្បន្នពីខែតុលា ដល់ខែធ្នូ បានមើលឃើញភ្លៀងធ្លាក់ខ្លាំងនៅក្នុងរដ្ឋ Puntland រដ្ឋ Galmudug រដ្ឋ South West រដ្ឋ Hirshabelle និងតំបន់ជាច្រើនទៀតនៅតាមបណ្តោយទន្លេ Juba នៅក្នុងរដ្ឋ Jubbaland ដែលជំរុញដោយបាតុភូត អែល នីញ៉ូ។

ក្រុមមេដឹកនាំភេរវកម្មជាន់ខ្ពស់ក្រុមហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ាឆ្ងាយពីសង្គ្រាម នៅតំបន់ហ្កាហ្សា

2023/11/07 01:34:33 pm        128
ក្រុមមន្ត្រីក្រុមជាន់ខ្ពស់ហាម៉ាស កំពុងលាក់ខ្លួន នៅទូទាំងមជ្ឈិមបូព៌ា និងឆ្ងាយពីគ្រោះថ្នាក់នៃការវាយលុករបស់អ៊ីស្រាអែល ចូលទៅក្នុងតំបន់ហ្កាហ្សា។មេដឹកនាំនយោបាយជាន់ខ្ពស់នៃអង្គការភេរវកម្មនេះ កំពុងរត់គេចនៅក្នុងប្រទេសអ៊ីរ៉ង់ កាតា លីបង់ និងទួរគី នៅឆ្ងាយពីសមរភូមិ ដែលបានចាប់ផ្តើម នៅពេលដែលក្រុមហាម៉ាស បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើអ៊ីស្រាអែលកាលពីខែមុន នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានចារកម្មយោធាអ៊ីស្រាអែល។សេចក្តីប្រកាសព័ត៌មាននោះ បានឲ្យដឹងថា មេដឹកនាំក្រុមហាម៉ាសកំពូលៗ គ្រប់គ្រងថវិកា ដឹកនាំកិច្ចប្រតិបត្តិការភេរវកម្មដោយផ្ទាល់ និងដំណើរការយុទ្ធនាការទំនាក់ទំនងសាធារណៈពីទីតាំងសុវត្ថិភាពឆ្ងាយពីតំបន់ហ្កាហ្សា ដោយកត់សម្គាល់ថា មេដឹកនាំរបស់អង្គការនេះ ធ្វើអ្វីៗទាំងអស់នេះ ខណៈពេលដែលប្រជាជនសាមញ្ញនៅតំបន់ហ្កាហ្សា ត្រូវបានរារាំងពីការជម្លៀស ឬការពារខ្លួន។ការវាយលុកថ្នើរជើងរបស់អ៊ីស្រាអែលចូលទៅក្នុងតំបន់ហ្កាហ្សា បានចាប់ផ្តើមជាងមួយសប្តាហ៍មុន ហើយរហូតមកដល់ពេលនេះ បានសម្លាប់បុគ្គលិកកងកម្លាំងការពារអ៊ីស្រាអែល (IDF) ចំនួន៣០នាក់ហើយ។ ការលុកលុយនេះ ក៏បានបង្កឡើងនូវអ្វី ដែលមនុស្សជាច្រើន បានចាត់ទុកថា ជាវិបត្តិមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា ដែលនាំឲ្យមានការតវ៉ានៅក្នុងប្រទេសជាច្រើន និងការទាមទារឲ្យមានបទឈប់បាញ់។

ក្រុមអ្នកតវ៉ាប្រមូលផ្តុំគ្នានៅហ្សកដានី និងញ៉ូវយ៉ក ក្នុងសាមគ្គីភាពជាមួយតំបន់ហ្កាហ្សា

2023/11/07 01:25:58 pm        84
បុគ្គលិកសុខាភិបាល រាប់រយនាក់ បានចេញធ្វើបាតុកម្មនៅទីក្រុង Amman ប្រទេសហ្សកដានី កាលពីថ្ងៃចន្ទដោយអំពាវនាវឲ្យមានបទឈប់បាញ់ និងបញ្ឈប់ការវាយប្រហារទៅលើមន្ទីរពេទ្យនានា និងបុគ្គលិកសុខាភិបាល នៅក្នុងតំបន់ហ្កាហ្សា។ ហ្វូងអ្នកតវ៉ាជាច្រើន បានចេញដើរក្បួនបាតុកម្មតាមដងផ្លូវដោយមានកាន់ស្លាកសញ្ញា និងក្រវីទង់ជាតិប៉ាឡេស្ទីន ខណៈពួកគេស្រែកពាក្យប្រឆាំងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ ទីក្រុងធំៗជាច្រើន នៅជុំវិញពិភពលោក បានមើលឃើញពីការតវ៉ាគាំទ្រប៉ាឡេស្ទីនទ្រង់ទ្រាយធំៗ ដោយអំពាវឲ្យមានបទឈប់បាញ់បន្ទាន់ និងថ្កោលទោស ការវាយលុករបស់យោធាអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិលជាង៩.០០០នាក់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ កាលពីថ្ងៃទី៧ ខែតុលា។ ទន្ទឹមនឹងនេះ ដោយស្រែកពាក្យថា «តើអ្នកនៅខាងភាគីណា» ក្រុមអ្នកតវ៉ារាប់សិបនាក់ បានមកប្រមូលផ្តុំគ្នា នៅមូលដ្ឋាន រូបសំណាកសេរីភាពក្នុងទីក្រុងញ៉ូវយ៉ក កាលពីថ្ងៃចន្ទដើម្បីអំពាវនាវឲ្យមានបទឈប់បាញ់។ សមាជិកនៃសំឡេងដើម្បីសន្តិភាពរបស់ជនជាតិជ្វីហ្វ ដែលបានចាត់ទុកខ្លួនឯងជាអង្គការក្រៅរដ្ឋាភិបាលមួយ ជាអង្គការប្រឆាំងចលនាជនជាតិជ្វីហ្វធំបំផុតនៅលើពិភពលោក បានបង្ហាញបដា អំពាវឲ្យមានបទឈប់បាញ់ និងអំណានផ្សេងៗដូចជា«ពលរដ្ឋប៉ាឡេស្ទីន គួរតែមានសេរីភាព»។ ប្រមុខស្ថាប័នអង្គការសហប្រជាជាតិធំៗជាច្រើន កាលពីថ្ងៃចន្ទបានរួបរួមគ្នា អំពាវនាវ សម្រាប់បទឈប់បាញ់មនុស្សធម៌នៅក្នុងតំបន់ហ្កាហ្សា ខណៈការវាយប្រហាររបស់អ៊ីស្រាអែល កើនឡើងរយៈពេលជិត១ខែ ធ្លាក់ចូលទៅក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។-

ប្រធានាធិបតីអ៊ីរ៉ង់ នឹងចូលរួមកិច្ចជំនួបកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC)នៅទីក្រុងរីយ៉ាដស្តីពីវិបត្តិហ្កាហ្សា

2023/11/07 01:21:35 pm        140
គេហទំព័រព័ត៌មាន Etemadonline បានរាយការណ៍កាលពីថ្ងៃចន្ទថា ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និង រីយ៉ាដ (Riyadh) បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។គេហទំព័រអ៊ីរ៉ង់ បានរាយការណ៍ថា៖«លោកប្រធានាធិបតីរ៉េស៊ី នឹងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) នៅទីក្រុងរីយ៉ាដ ជាកន្លែងដែលបញ្ហាប៉ាឡេស្ទីន នឹងត្រូវបានពិភាក្សា។មហាអំណាចពិភពលោក និងក្នុងតំបន់ បានបរាជ័យក្នុងការឈានដល់ការឯកភាពគ្នាលើវិធីដោះស្រាយជម្លោះដែលកំពុងកើនឡើង ក្នុងរយៈពេល៤សប្តាហ៍ ចាប់តាំងពីក្រុមយុទ្ធជនមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១.៤០០ នាក់ ភាគច្រើនជាជនស៊ីវិល និងចាប់មនុស្សជាង ២៤០នាក់ ធ្វើជាចំណាប់ថ្នូរ។ .ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានវាយលុកតំបន់ហ្កាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាសពីលើអាកាស បានដាក់ការឡោមព័ទ្ធ និងបើកការវាយលុកថ្មើរជើង ដោយបានធ្វើឲ្យមានការេព្រួយបារម្ភជា សកលអំពីលក្ខខណ្ឌមនុស្សធម៌ នៅក្នុងដែនដីនេះ។ ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់ប្រជាជនប៉ាឡេស្ទីន ១០.០២២នាក់ រួមទាំងកុមារចំនួន៤.១០៤នាក់ ត្រូវបានសម្លាប់រហូតមកដល់ពេលនេះ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី ៧ ខែតុលា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋអ៊ីស្រាអែលរស់នៅជិតព្រំដែនលីបង់ សង្ឃឹមថានឹងមានបទឈប់បាញ់ពិតប្រាកដនៅពេលនេះ
06/03/2026 08:06 PM
ចំណតប្រេងនៅទីក្រុង St Petersburgរបស់រុស្ស៊ី រងការឆាបឆេះ ក្រោយការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
06/03/2026 08:06 PM
មនុស្ស ៧នាក់ស្លាប់ និង ១១នាក់រងរបួស នៅក្នុងការវាយប្រហារយានដ្រូនអ៊ុយក្រែននៅតំបន់ Donetsk
06/03/2026 08:06 PM
រូបភាពផ្កាយរណប៖ អ៊ីស្រាអែលសាងសង់ប៉ុស្តិ៍យោធាកាន់តែច្រើននៅតំបន់ហ្កាហ្សា
06/03/2026 08:06 PM
មន្ត្រីអ៊ីស្រាអែលមិនអាចបញ្ចប់សុន្ទរកថាបាន​ឡើយ នៅឯ​សន្និសីទ ILO ក្នុង​ទី​ក្រុងហ្សឺណែវ ដោយសារការតវ៉ា
06/03/2026 08:06 PM
លោក Trump បញ្ជាក់​ថា អ៊ីរ៉ង់បានយល់ព្រមមិនស្វែង​រក​ការ​ផលិត​អាវុធនុយក្លេអ៊ែរ
06/03/2026 07:06 PM
អ៊ុយក្រែន៖ ប្រមុខអង្គការ​ណាតូ ទៅ​ដល់ទីក្រុងគីវ ជាដំណើរទស្សនកិច្ចមិនបានប្រកាសឲ្យ​ដឹង​មុន
06/03/2026 07:06 PM
​ ឯកសារ៖ ស្ថាប័ន​ការទូត EU បានស្នើបេសកកម្ម​ជើងទឹក ដើម្បីសម្អាត​ផ្លូវ នៅ​​ច្រកសមុទ្រ Hormuz
06/03/2026 07:06 PM
តៃវ៉ាន់ បញ្ជាក់​ថា ជប៉ុន និងហ្វីលីពីន ត្រូវតែគោរពសិទ្ធិរបស់ខ្លួន អំឡុង​ការចរចាព្រំដែនសមុទ្រ
06/03/2026 07:06 PM
នាយករដ្ឋមន្ត្រី បង្ហាញរដ្ឋាភិបាលដែល​មាន​ស្ត្រីភាគច្រើនជាលើកដំបូងរបស់ដាណឺម៉ាក
06/03/2026 06:06 PM