ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ប្រទេសអាហ្វហ្គានីស្ថាន៖ពួកតាលីបង់ហាមឃាត់ស្ត្រីមិនឲ្យទៅលេងឧទ្យានជាតិដ៏ពេញនិយម

2023/08/28 10:44:17 am        130
អាហ្វហ្គានីស្ថាន៖ រដ្ឋាភិបាលតាលីបង់ បានហាមស្ត្រីមិនឲ្យចូលទៅទស្សនាឧទ្យានជាតិបានអ៊ីអាមៀ (Band-e-Amir) ក្នុងខេត្តបាមីយ៉ាន (Bamiyan)។រដ្ឋមន្ត្រីស្តីទីនៃក្រសួងគ្រប់គ្រងអបាយមុខនិងគុណធម៌អាហ្វហ្គានីស្ថាន លោក ម៉ូហាម៉េដ ខាលេដ ហាណាហ្វី (Mohammad Khaled Hanafi) បាននិយាយថា ស្ត្រីមិនបានប្រកាន់ខ្ពស់ការពាក់ហ៊ីចាប (hijab) នៅក្នុងឧទ្យាននោះទេ។លោកបានអំពាវនាវឲ្យក្រុមបព្វជិតសាសនា និងក្រុមភ្នាក់ងារសន្តិសុខហាមស្ត្រីមិនឲ្យចូល រហូតដល់មានដំណោះស្រាយ។បានអ៊ីអាមៀ (Band-e-Amir) គឺជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ដែលបានក្លាយជាឧទ្យានជាតិដំបូងគេរបស់ប្រទេសអាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០០៩ ។វាគឺជាទិសដៅដ៏ពេញនិយមសម្រាប់ក្រុមគ្រួសារហើយការហាមប្រាមស្ត្រីចូលទៅលេង នឹងរារាំងមនុស្សជាច្រើនមិនឲ្យមានភាពរីករាយនឹងឧទ្យាននេះ។អង្គការយូណេស្កូ (Unesco) ពិពណ៌នាឧទ្យាននេះថាជា«ក្រុមបឹងដែលបង្កើតដោយធម្មជាតិ ដោយមានទម្រង់និងរចនាសម្ព័ន្ធភូមិសាស្ត្រពិសេស ព្រមទាំងមានសម្រស់ធម្មជាតិដ៏ស្រស់ស្អាតដាច់គេ៕

កងកម្លាំងយោធាប៉ារ៉ាស៊ូដង់ គាំទ្របទឈប់បាញ់ និងការពិភាក្សាអំពីអនាគតរបស់ប្រទេសនេះ

2023/08/28 10:40:15 am        96
ស៊ូដង់៖ កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ារបស់ស៊ូដង់ (RSF) បាននិយាយថា ខ្លួនបើកចំហចំពោះបទឈប់បាញ់រយៈពេលវែងជាមួយកងទ័ពស៊ូដង់ ហើយបង្ហាញពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ «ការកើតឡើងវិញនៃស៊ូដង់» ដែលជាគំនិតផ្តួចផ្តើមមួយអាចស្តារកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើការចរចាដោយផ្ទាល់រវាងភាគីជម្លោះទាំងពីរ។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងនៅពេលដែលការប្រយុទ្ធគ្នារវាងកងកម្លាំង RSF និងកងទ័ពស៊ូដង់ បានឈានចូលដល់សប្តាហ៍ទី២០ របស់ខ្លួនដោយគ្មានភាគីណាមួយអះអាងពីជ័យជម្នះ ខណៈដែលមនុស្សរាប់លាននាក់ត្រូវបានបង្ខំឲ្យចាកចេញពីលំនៅឋានរបស់ពួកគេនៅក្នុងរដ្ឋធានី និងទីក្រុងផ្សេងៗទៀត។អង្គការសហប្រជាជាតិបានព្រមានអំពី «មហន្តរាយមនុស្សធម៌នៃសមាមាត្រវីរភាព» ជាមួយនឹងកំណើនភាពអត់ឃ្លាន ការដួលរលំសេវាថែទាំសុខភាព និងហេដ្ឋារចនាសម្ព័ន្ធដែលបានខូចខាតផងដែរ។ កងកម្លាំង RSF និងកងជីវពលសម្ព័ន្ធមិត្ត ក៏ត្រូវបានគេចោទប្រកាន់ពីការបោសសម្អាតជនជាតិភាគតិចនៅទីក្រុង Darfur ភាគខាងលិចផងដែរ។ ភាគីជម្លោះទាំងពីរ បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការចាប់ផ្តើមសង្រ្គាមនៅថ្ងៃទី១៥ ខែមេសា បន្ទាប់ពីភាពតានតឹងជាច្រើនសប្តាហ៍ជុំវិញការរួមបញ្ចូលកងទ័ពរបស់ពួកគេទៅជាកម្លាំងតែមួយ ដែលជាផ្នែកមួយនៃការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ។នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យមានឲ្យដឹងថា មេដឹកនាំកងកម្លាំង RSF លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ហាក់ដូចជាមានឆន្ទៈក្នុងការចរចាជាមួយកងទ័ព ជុំវិញស្ងានភាពនៃរដ្ឋស៊ូដង់នាពេលអនាគត ដោយហួសពីសេចក្ដីលម្អិតនៃបទឈប់បាញ់អចិន្ត្រៃយ៍ក្នុងប្រទេសនេះផងដែរ៕

ក្រុមបាតុករតវ៉ានៅតាមដងផ្លូវដើម្បីប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរី

2023/08/28 10:37:16 am        101
ស៊ីរី៖ ក្រុមបាតុករបានស្រែកពាក្យស្លោកប្រឆាំងរដ្ឋាភិបាលនៅទីក្រុង Sweida ប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ (២៧ សីហា) ខណៈដែលការតវ៉ាដោយសន្តិវិធីទាមទារឱ្យបញ្ចប់ការគ្រប់គ្រងដោយផ្តាច់ការ បានឈានចូលដល់សប្តាហ៍ទីពីរ។ មានបុរសនិងស្ត្រីជាច្រើនបានស្ថិតនៅទីលានចតុរង្គសំខាន់មួយ ដែលអំពាវនាវឲ្យមានការទម្លាក់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad។ក្រុមសកម្មជនពលរដ្ឋ និងសាក្សីជាច្រើនបាននិយាយថា អ្នកតវ៉ារាប់រយនាក់បានដើរតាមផ្លូវក្នុងថ្ងៃទីប្រាំពីរ ដោយបានបិទទីស្នាក់ការកណ្តាលរបស់គណបក្ស Baath ដែលជាបក្សកំពុងកាន់អំណាចនៅក្នុងទីក្រុង Druze ភាគនិរតីប្រទេសស៊ីរី។ ក្រុមអាជ្ញាធរបានរក្សាភាពស្ងៀមស្ងាត់ចំពោះការតវ៉ាដែលកាន់តែធំនេះ ប៉ុន្តែបានណែនាំកងសន្តិសុខឱ្យនៅឆ្ងាយពីការតវ៉ានោះ ហើយថែមទាំងបានដកកន្លែងត្រួតពិនិត្យមួយចំនួន ដើម្បីបញ្ចៀសការប៉ះទង្គិចដែលមិនអាចគ្រប់គ្រងបានផងដែរ៕

ជប៉ុននិយាយថា កម្រិតវិទ្យុសកម្មក្នុងទឹកសមុទ្រនៅក្បែររោងចក្រហ្វ៊ូគូស៊ីម៉ា មានទាបជាងការកំណត់

2023/08/28 10:33:41 am        108
ជប៉ុន៖ ក្រសួងបរិស្ថានជប៉ុនបាននិយាយកាលពីថ្ងៃអាទិត្យ (២៧សីហា) ថា ការធ្វើតេស្តទឹកសមុទ្រនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន មិនបានរកឃើញសារធាតុវិទ្យុសកម្មណាមួយនោះទេ ប៉ុន្មានថ្ងៃបន្ទាប់ពីក្រុមអាជ្ញាធរបានចាប់ផ្តើមបញ្ចេញសំណល់ទឹកបានធ្វើប្រព្រឹត្តកម្មរួច ចូលទៅក្នុងសមុទ្រ ដែលទឹកនោះប្រើសម្រាប់ធ្វើឲ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលបានខូច។ប្រទេសជប៉ុន និងបណ្ដាអង្គការវិទ្យាសាស្ត្របាននិយាយថា សំណល់ទឹកគឺមានសុវត្ថិភាពបន្ទាប់ពីត្រូវបានសម្លាប់មេរោគ ដើម្បីយកធាតុវិទ្យុសកម្មភាគច្រើនចេញ លើកលែងតែសារធាតុទ្រីចូល (tritium) ដែលជាអ៊ីសូតូបវិទ្យុសកម្មនៃអ៊ីដ្រូសែនប៉ុណ្ណោះ ព្រោះសារធាតុនោះពិបាកក្នុងការបំបែកចេញពីទឹក។ ក្រសួងបាននិយាយថា ការធ្វើតេស្តសំណាករបស់ក្រសួងពីចំណុចចំនួន១១ទីតាំងនៅជិតរោងចក្រ បានបង្ហាញពីកំហាប់នៃសារធាតុទ្រីចូល ស្ថិតនៅក្រោមដែនកំណត់ទាបនៃការរកឃើញ ដោយក្រសួងបាននិយាយថាវានឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពមនុស្សនិងបរិស្ថាននោះទេ។ការបង្ហូរសំណល់ទឹកសំណល់វិទ្យុសកម្មពីរោងចក្រនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា របស់ប្រទេសជប៉ុន ធ្វើឡើងស្របពេលមានការរិះគន់ទាំងក្នុង និងក្រៅប្រទេស ជាមួយនឹងបម្រាមនាំចេញអាហារសមុទ្រ ព្រមទាំងការបៀតបៀនតាមទូរសព្ទមួយចំនួនពីជនជាតិចិនទៀតផងដែរ។ បន្ថែមពីលើនោះ ក្រុមបាតុករជប៉ុនរាប់សិបនាក់ សកម្មជនកូរ៉េខាងត្បូង និងប្រជាជនហុងកុង បានប្រមូលផ្តុំគ្នាតវ៉ាចំពោះការបញ្ចេញសំណល់ទឹកវិទ្យុសកម្ម ដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដែលបានខូចខាត ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមួយនេះផងដែរ៕

ខ្មាន់កាំភ្លើងស្បែកសនៅរដ្ឋ Florida ដែលបានសម្លាប់ជនរងគ្រោះស្បែកខ្មៅបីនាក់ បានទិញកាំភ្លើងដោយស្របច្បាប់

2023/08/28 10:23:21 am        133
អាមេរិក៖ ក្រុមមន្ត្រីអនុវត្តន៍ច្បាប់ក្នុងតំបន់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្មាន់កាំភ្លើងស្បែកស ដែលបានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅ ៣នាក់ នៅហាង Dollar General ក្នុងទីក្រុង ជេកស៊ុនវីល( Jacksonville) រដ្ឋ Florida កាលពីថ្ងៃសៅរ៍ គឺជាយុវជនអាយុ ២១ឆ្នាំ ដែលបានទិញកាំភ្លើងដោយស្របច្បាប់ និងពុំមានប្រវត្តិឧក្រិដ្ឋកម្មឡើយ។  ក្រុមមន្ត្រីបាននិយាយថា បុរសស្បែកសពាក់ម៉ាស់ម្នាក់បានបាញ់សម្លាប់ជនជាតិអាមេរិកស្បែកខ្មៅបីនាក់នៅក្នុងហាង ជេកស៊ុនវីល(Jacksonville)រដ្ឋ Floridaសហរដ្ឋអាមេរិក ជាការវាយប្រហារមួយដែលជនសង្ស័យបានប្រើកាំភ្លើងលាបថ្នាំមានសញ្ញាដៃខ្វែងគ្នាឬ swastika។ ក្រោយមក ឃាតករដែលបានបង្ហោះសំណេរស្តីពីការរើសអើងជាតិសាសន៍ផងនោះបានបាញ់សម្លាប់ខ្លួនឯង។ស្នងការនគរបាល លោក T.K. Waters បានប្រាប់សន្និសីទសារព័ត៌មានថា ខ្មាន់បាញ់ប្រហារឈ្មោះ រីយ៉ាន គ្រីស្តូហ្វើរ ផាលមេធ័រ (Ryan Christopher Palmeter) រស់នៅជាមួយឪពុកម្តាយរបស់គេនៅជាយក្រុង ជេកស៊ុនវីល។ជនល្មើសបានស្លាប់ដោយសារគ្រាប់កាំភ្លើងបាញ់ខ្លួនឯង។លោកWaters បាននិយាយថា ការបាញ់ប្រហារនេះគឺទាក់ទងនឹងការរើសអើងពូជសាសន៍។ក្រុមអាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងបានបន្សល់ទុកសកម្មភាពជាច្រើនសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដោយឪពុកម្តាយរបស់គេ និងមន្ត្រីអនុវត្តច្បាប់ដែលរៀបរាប់លម្អិតពីការស្អប់ខ្ពើមរបស់ខ្មាន់កាំភ្លើងរូបនេះ លើជនជាតិស្បែកខ្មៅ។លោកWaters បាននិយាយថា "មិនមានប្រវត្តិប្រព្រឹត្តអំពើឧក្រិដ្ឋកម្មអ្វីទេ" ដោយបន្ថែមរឿងតែមួយគត់នៅក្នុងឯកសារគឺការហៅទូរស័ព្ទជាមួយបងប្រុសរបស់គេ អំពីអំពើហិង្សាក្នុងគ្រួសារ។ "មិនមានទង់ក្រហមទេ។"ទោះបីជាយ៉ាងណាក៏ដោយ នគរបាលបាននិយាយថាខ្មាន់កាំភ្លើងរូបនេះ ក្នុងឆ្នាំ ២០១៧ត្រូវបានឃុំខ្លួនមួយរយៈពេលខ្លីក្រោមច្បាប់រដ្ឋមួយហៅថាច្បាប់ Baker ដែលចែងថាមនុស្សម្នាក់អាចត្រូវបាន"នាំយកទៅកន្លែងទទួលសេវាកម្មសម្រាប់ការពិនិត្យដោយមិនស្ម័គ្រចិត្ត" ក្នុងអំឡុងពេលមានវិបត្តិសុខភាពផ្លូវចិត្ត។សារព័ត៌មានReuters មិនអាចទាក់ទងសមាជិកគ្រួសារខ្មាន់កាំភ្លើងបានភ្លាមៗដើម្បីសុំការអត្ថាធិប្បាយបានទេ ៕

រុស្ស៊ីនិយាយថា ការធ្វើតេស្តហ្សែនបញ្ជាក់ថាលោក Prigozhin បានស្លាប់នៅក្នុងការធ្លាក់យន្តហោះ

2023/08/28 10:18:26 am        124
រុស្ស៊ី៖ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យ (២៨ សីហា) ថា ការធ្វើតេស្តហ្សែន បានបញ្ជាក់ថាលោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួល Wagner បានស្ថិតក្នុងចំណោមមនុស្ស១០នាក់ ដែលបានស្លាប់នៅក្នុងការធ្លាក់យន្តហោះកាលពីសប្តាហ៍មុននោះ។ ទីភ្នាក់ងារអាកាសចរណ៍រុស្ស៊ី ធ្លាប់បានចុះផ្សាយឈ្មោះអ្នកទាំង១០នាក់នោះ នៅលើយន្តហោះឯកជន ដែលបានធ្លាក់នៅតំបន់ Tver( ទ្វែ) ភាគពាយព្យនៃទីក្រុងមូស្គូ កាលពីថ្ងៃពុធ។ ពួកគេរួមបញ្ចូលឈ្មោះលោក Prigozhin និងលោក Dmitry Utkin ជាដៃស្តាំរបស់លោក Prigozhin ដែលបានជួយបង្កើតក្រុមទាហានស៊ីឈ្នួល Wagner ។គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ តេឡេក្រាម ថា «ជាផ្នែកមួយនៃការស៊ើបអង្កេតការធ្លាក់យន្តហោះនៅក្នុងតំបន់ Tver ការពិនិត្យម៉ូលេគុលហ្សែនត្រូវបានបញ្ចប់។ យោងទៅតាមលទ្ធផលទាំងនោះ អត្តសញ្ញាណអ្នកស្លាប់ទាំង១០នាក់ត្រូវបានបង្ហាញឡើង។ លទ្ធផលត្រូវគ្នាទៅនឹងបញ្ជីដែលមានចែងក្នុងតារាងអ្នកធ្វើដំណើរលើយន្តហោះ ដែលបានធ្លាក់នោះ»។មានការរំពឹងទុកមួយចំនួន ជាពិសេសនៅលើបណ្តាញសង្គមតេឡេក្រាម ដែលគាំទ្រក្រុមទាហានស៊ីឈ្នួល Wagner អំពីថាតើលោក Prigozhin ដែលត្រូវបានគេស្គាល់ថា ជាមនុស្សមានការប្រុងប្រយ័ត្នសុវត្ថិភាពផ្សេងៗខ្ពស់ក្នុងការប៉ុនប៉ងអាក្រក់ដែលអាចកើតមានលើជីវិតរបស់លោកនោះ ពិតជាបានស្ថិតនៅលើជើងហោះហើរដែលត្រូវបានធ្លាក់នោះ ឬយ៉ាងណា។ ក្រុមអាជ្ញាធរមិនទាន់និយាយពីមូលហេតុដែលគេជឿថាបណ្ដាលឱ្យយន្តហោះឯកជនរបស់លោក Prigozhin ធ្លាក់ពីលើមេឃនោះទេ៕

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អំពាវនាវឲ្យរុស្ស៊ី ដកទ័ពចេញពីអ៊ុយក្រែនភ្លាមៗ

2023/08/25 01:49:51 pm        111
UN៖ សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអំពាវនាវឲ្យរុស្ស៊ីដកកងទ័ពរបស់ខ្លួនចេញពីអ៊ុយក្រែនភ្លាមៗ នៅក្នុងកិច្ចប្រជុំមួយដែលចូលដល់ខួប១៨ខែ ចាប់តាំងពីការចាប់ផ្តើមការឈ្លានពាន។ក្រុមប្រឹក្សាសន្តិសុខ បានពិភាក្សាពីសស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ រយៈពេល៣២ឆ្នាំបន្ទាប់ពីប្រទេសនេះទទួលបានឯករាជ្យពីអតីតសហភាពសូវៀត។ឯកអគ្គរដ្ឋទូតជប៉ុនលោក Ishikane Kimihiro បាននិយាយថា ជប៉ុននឹងបន្តគាំទ្រអ៊ុយក្រែន។ លោកនិយាយថារុស្ស៊ីគួតែដកកងទ័ពនិងយុទ្ធោបករណ៍ភ្លាមៗរបស់ខ្លួនទាំងអស់ ហើយទីក្រុងមូស្គូត្រូវតែគោរពឯករាជ្យភាព ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី Linda Thomas-Greenfield បានិយាយថា រុស្ស៊ីបានផ្ទេរឬធ្វើនិរទេសដោយបង្ខំ នូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២។ លោកស្រីនិយាយថា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើអង្គភាពចំនួន២ និងបុគ្គលចំនួន១១នាក់ រួមមានអ្នកទាំងឡាយដែលតាមសេចក្តីរាយការណ៍ថាមានការទទួលខុសត្រូវសម្រាប់ការផ្ទេរឬនិរទេសដោយបង្ខំនូវកុមារអ៊ុយក្រែនរាប់ពាន់នាក់ទៅកាន់ជំរំ។ បេសកជនពិសេសរូបនេះបាននិយាយថា សហរដ្ឋអាមេរិក នឹងមិនរងចាំនោះទេខណៈរុស្ស៊ីអនុវត្តឧក្រិដ្ឋកម្មសង្គ្រាមទាំងនេះ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vassily Nebenzia និយាយថាការចោទប្រកាន់អំពីការចាប់ពង្រត់កុមារអ៊ុយក្រែនពីសំណាក់រុស្ស៊ី គឺជាការភូតកុហក់ ហើយប្រទេសរបស់លោក ពិតជាមានការសង្គ្រោះពួកគេ៕

ប្រទេសអូស្ត្រាលីប្រកាសថា ខ្លួននឹងធ្វើការល្បាតរួមបន្ថែមទៀតជាមួយហ្វីលីពីននៅសមុទ្រចិនខាងត្បូង

2023/08/25 01:45:59 pm        87
អូស្ត្រាលី៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាឡែស (Richard Marles) បាននិយាយកាលពីថ្ងៃសុក្រថា  ប្រទេសអូស្ត្រាលី មានចំណាប់អារម្មណ៍ផ្នែកសន្តិសុខនៅក្នុងសមុទ្រចិនខាងត្បូង ហើយនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយហ្វីលីពីនលើការល្បាតរួមគ្នា។បុគ្គលិកការពារជាតិអូស្ត្រាលី និងហ្វីលីពីនជាង ២.០០០នាក់ កំពុងចូលរួមក្នុងសមយុទ្ធចុះចតក្នុងទឹកនិងលើគោក និងវាយប្រហារតាមផ្លូវអាកាស ដោយមាននាវាកងទ័ពជើងទឹកអូស្ត្រាលីពីរគ្រឿងគឺ HMAS Canberra និង HMAS ANZAC ធ្វើសមយុទ្ធទ្វេភាគីជាមួយកងទ័ពជើងទឹកហ្វីលីពីន។សមយុទ្ធរួមដែលជាសមយុទ្ធលើកដំបូងសម្រាប់ប្រទេសទាំងពីរ កើតឡើង ចំពេលមានភាពតានតឹងជាថ្មីរវាងហ្វីលីពីន និងចិននៅសមុទ្រចិនខាងត្បូងនេះ។លោកម៉ាឡែស បាននិយាយនៅក្នុងការអត្ថាធិប្បាយទៅកាន់វិទ្យុ ABCថា មាន«ទំនាក់ទំនងការពារជាតិដែលកំពុងរីកចម្រើនយ៉ាងខ្លាំងរវាងប្រទេសទាំងពីររបស់យើង»ហើយថា អូស្ត្រាលីចង់បានការល្បាតបន្ថែមទៀតជាមួយកងទ័ពជើងទឹកហ្វីលីពីន។លោក បាននិយាយថា ពាណិជ្ជកម្មភាគច្រើនរបស់អូស្ត្រាលីឆ្លងកាត់សមុទ្រចិនខាងត្បូង ហើយការប្រកាន់ភ្ជាប់ច្បាប់អន្តរជាតិ គឺជាផលប្រយោជន៍យុទ្ធសាស្ត្ររួមជាមួយប្រទេសហ្វីលីពីន៕

កោះតៃវ៉ាន់ រាយការណ៍ពីសកម្មភាពយោធាចិនជាថ្មី យន្តហោះនៅក្នុងតំបន់«ឆ្លើយតប»

2023/08/25 01:41:51 pm        90
តៃវ៉ាន់៖ អាជ្ញាធរការពារជាតិតៃវ៉ាន់ បានរាយការណ៍ពីសកម្មភាពយោធាចិនជាថ្មីជុំវិញកោះនេះ កាលពីថ្ងៃសុក្រ រួមទាំងយន្តហោះចំនួន១៣គ្រឿងចូលទៅក្នុងតំបន់«ឆ្លើយតប»របស់កោះតៃវ៉ាន់ និងនាវាចំនួន៥គ្រឿង ដែលកំពុងអនុវត្តការល្បាតត្រៀមប្រយុទ្ធ។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ជាដែនដីរបស់ខ្លួនគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានតវ៉ាចំពោះការបង្កើនសម្ពាធយោធារយៈពេលបីឆ្នាំចុងក្រោយនេះពីទីក្រុងប៉េកាំង។កាលពីថ្ងៃសៅរ៍ ប្រទេសចិន បានធ្វើសមយុទ្ធមួយថ្ងៃជុំវិញកោះតៃវ៉ាន់ក្នុងការឆ្លើយតបដ៏ខឹងសម្បាចំពោះការបំពេញទស្សនកិច្ចរយៈពេលខ្លីក្នុងខែនេះនៅសហរដ្ឋអាមេរិកដោយអនុប្រធានាធិបតីកោះតៃវ៉ា លោក    វីល្លាម ឡៃ (William Lai) ។ក្រសួងនេះ បាននិយាយថា ចាប់ពីម៉ោងប្រហែល៧ព្រឹក (២៣០០ ម៉ោងសកល) ខ្លួនបានរកឃើញយន្តហោះចិនចំនួន២២គ្រឿង យន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក យន្តហោះព្រមានទុកជាមុន និងយានដ្រូន ដែលក្នុងនោះ១៣គ្រឿង បានចូលទៅក្នុង«តំបន់ឆ្លើយតប» របស់កោះតៃវ៉ាន់ ទោះបីជាមិនបានផ្តល់ព័ត៌មានលម្អិតក៏ដោយ។កោះតៃវ៉ាន់ បានបញ្ជូនយន្តហោះនិងនាវាជាច្រើនគ្រឿងទៅតាមដានពួកវាទាំងនោះ៕

ក្រុមអ្នកគាំទ្រលោកត្រាំ និង អ្នករិះគន់ប្រមូលផ្ដុំគ្នានៅខាងក្រៅពន្ធនាគារប្រឆាំងការឃុំខ្លួនរូបលោក

2023/08/25 12:21:54 pm        153
អាមេរិក៖ ក្រុមអ្នកគាំទ្រលោក Donald Trump និងក្រុមអ្នករិះគន់ប្រមូលផ្ដគ្នានៅខាងក្រៅពន្ធនាគារស្រុកហ្វាល់តុនរបស់ទីក្រុងអាត្លង់តា(Atlanta) នៃរដ្ឋចចា កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែសីហា ដើម្បីតវ៉ា ខណៈអតីតប្រធានាធិបតីរូបនេះធ្វើដំណើរទៅកាន់ទីនោះដើម្បីធ្វើកំណត់ហេតុ ស្ដីពីការចោទប្រកាន់បទព្រហ្មទណ្ឌនានា។   លោក Trump ត្រូវបានធ្វើកំណត់ហេតុនៃបទចោទប្រកាន់ព្រហ្មទណ្ឌជាង២០ករណី ជាផ្នែកមួយនៃការចោទប្រកាន់ជាច្រើន ពីការប៉ុនប៉ងបង្វែរលទ្ធផលឆ្នោត ដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០របស់អតីតប្រធានាធិបតីអាមេរិករូបនេះ ។យោងតាមកំណត់ហេតុពន្ធនាគារស្រុក ហ្វាល់តុន រូបថតលោក Trump មានទឹកមុខក្រញូវ មានលេខសម្គាល់ P01135809 ត្រូវបានថតនៅក្នុងពន្ធនាគារ។លោក Trump បានស្ថិតក្នុងពន្ធនាគារប្រមាណ២០នាទីប៉ុណ្ណោះ មុនពេលវិលត្រឡប់ទៅកាន់ក្លឹបវាយកូនហ្គោលរបស់លោកក្នុងរដ្ឋ New Jersey។ មុនពេលការធ្វើដំណើរតាមយន្តហោះឯកជនរបស់លោកនៅអាកាសយានដ្ឋាន Hartsfield-Jackson ក្នុងទីក្រុង Atlanta លោក បានបញ្ជាក់ជាថ្មីនៃការអះអាងរបស់លោក ដែលថាការកាតទោស រួមជាមួយករណីចោទប្រកាន់ជាច្រើនទៀត ដែលលោកប្រឈមគឺជាចេតនានយោបាយសុទ្ធសាធ។  លោកTrumpវ័យ៧៧ឆ្នាំរូបនេះបានទៅដល់ទីតាំងដែលពុំនឹកស្មានដល់ជាអតីតប្រធានាធិបតីអាមេរិកដំបូង ដែលប្រឈមបទចោទប្រកាន់ព្រហ្មទណ្ឌ ខណៈលោកចាប់ផ្ដើមយុទ្ធនាការផ្សេងទៀតដើម្បីដណ្ដើមកៅអីសេតវិមានជាប្រធានាធិបតីអាមេរិកនៅអាណត្តិក្រោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM