ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនមន្ត្រីនគរបាល-អាវុធហត្ថខេត្តកំពត និងអ្នកទទួលផលចោរកម្មសរុបចំនួន ៤៧នាក់
អាជ្ញាធររាជធានីភ្នំពេញ បន្តប្រតិបត្តិការបោសសម្អាត Online Scams ត្រួតពិនិត្យ ៨០ ទីតាំងទៀត និងផាកពិន័យម្ចាស់ទីតាំងរស់នៅប្រមូលផ្ដុំចំនួន ៤ទីតាំង
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបទីតាំងលក់សម្ភារៈអាសអាភាសចំនួន ៣កន្លែង ឃាត់​ខ្លួន​ជន​សង្ស័យ​ ៩នាក់
គណៈបញ្ជាការឯកភាពរាជធានី បន្តចុះបង្ក្រាប Online Scams នៅសង្កាត់ចាក់អង្រែលើ ឃាត់មនុស្ស១៦នាក់

សន្តិសុខ និង សង្គម

ជប៉ុនប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki

2023/08/09 01:23:22 pm        99
ជប៉ុន៖  នៅថ្ងៃពុធនេះ ប្រទេសជប៉ុន បានប្រារព្ធខួបលើកទី ៧៨នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើទីក្រុង Nagasaki ក្នុងនោះលោកនាយករដ្ឋមន្រ្តី Fumio Kishidaបានថ្លែងសុន្ទរកថាទៅកាន់អ្នកចូលរួមតាម Video Conference ។  លោក Kishidaនិយាយថា ក្នុងនាមជាប្រទេសតែមួយគត់នៅលើពិភពលោកដែលរងគ្រោះដោយសារការទម្លាក់គ្រាប់បែកបរមាណូនៅក្នុងសង្រ្គាម ពួកយើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងមិនចេះនឿយហត់ ដើម្បីធ្វើឲ្យពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយនិងប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរទាំង ៣ ។ នេះគឺជាបេសកកម្មប្រទេសរបស់ពួកយើង ហើយវានឹងមិនផ្លាស់ប្តូរនោះទេ ។  ក្នុងឆ្នំានេះដែរ ពិធីរំឭកខួបត្រូវបានប្តូរទីតាំងឲ្យប្រារព្ធនៅក្នុងអគារ មិនមែននៅឧទ្យានសន្តិភាព Nagasaki នោះទេ ដោយសារក្តីកង្វល់ពីព្យុះទីហ្វុង Khanun ស្របពេលដែលវាបោកបក់ឆ្លងកាត់តំបន់ឆ្នេរភាគខាងលិចប្រទេសជប៉ុន ។  គួររំឭកថា ការទម្លាក់គ្រាប់បែកបរមាណូនៅទីក្រុង Nagasaki បានកើតមានរយៈពេល ៣ថ្ងៃប៉ុណ្ណោះ ក្រោយពេលដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-29 ឬ Enola Gay បានទម្លាក់គ្រាប់បែកបរមាណូលើកដំបូងរបស់ពិភពលោកលើទីក្រុង Hiroshima កាលពីថ្ងៃទី ៦ ខែសីហា ឆ្នាំ ១៩៤៥ អំឡុងសង្រ្គាមលោកលើកទី ២ ។   កាទម្លាក់គ្រាប់បែកទាំង ២លើកនេះ បានសម្លាប់មនុស្សជាង ២១៥.០០០នាក់ ក្នុងនោះមនុស្សរាប់ពាន់នាក់បន្ថែមទៀតបានស្លាប់តាមក្រោយដោយសាររបួស និងជំងឺពាក់ព័ន្ធនឹងសារធាតុវិទ្យុសកម្ម ។   រយៈពេល ៦ថ្ងៃក្រោយមក នៅថ្ងៃទី ១៥ ខែសីហា ជប៉ុន បានសុំចុះចាញ់ ដើម្បីបញ្ចប់ការឈ្លានពានយោធារបស់ខ្លួនដែលនាំឲ្យកើតមានសង្រ្គាមលោកលើកទី ២ ៕

រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millions កើនឡើងទឹកប្រាក់ដល់ ១,៥៨ពាន់លានដុល្លារ

2023/08/09 01:20:10 pm        114
អាមេរិក៖  រង្វាន់ធំរបស់ឆ្នោតផ្សងសំណាងសហរដ្ឋអាមេរិក Mega Millionsបានកើនឡើងទឹកប្រាក់រហូតដល់ ១,៥៨ពាន់លានដុល្លារនៅថ្ងៃអង្គារ ក្រោយគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋអាមេរិករាប់លាននាក់ ដែលលេងឆ្នោតចម្រុះរដ្ឋមួយនេះ កាន់សំបុត្រឈ្នះ អំឡុងពេលចាប់លេខកាលពីថ្ងៃសុក្រសប្តាហ៍មុន ។  យោងតាមវែបសាយរបស់ឆ្នោតផ្សងសំណាង Mega Millionsបានឲ្យដឹងថា បើសិនជាសំបុត្រសំណាងត្រូវបានរកឃើញអំឡុងពេលចាប់លេខនៅថ្ងៃអង្គារនេះ(ត្រូវនឹងថ្ងៃពុធនៅកម្ពុជា) អ្នកឈ្នះអាចជ្រើសរើសរវាងការទទួលបានប្រាក់ ១,៥៨ពាន់លានដុល្លារ អំឡុងការទូទាត់ប្រចាំឆ្នាំចំនួន ២៩លើក ឬសាច់ប្រាក់សុទ្ធសរុប ៧៥២,២លានដុល្លារ ។  លេខសំណាងនៅការចាប់ឆ្នោតនៅថ្ងៃអង្គារនេះ គឺ ៣២, ១៩, ១៣, ៣៣, ២០ និងលេខបាល់ ១៤របស់ឆ្នោតផ្សងសំណាង Mega Millions ។  ការចាប់ឆ្នោតផ្សងសំណាង Mega Millionsត្រូវបានធ្វើឡើងនៅវេលាម៉ោង ១១យប់ រៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ (ត្រូវនឹងព្រឹកថ្ងៃពុធ និងថ្ងៃសៅរ៍នៅកម្ពុជា) ។  សូមបញ្ជាក់ថា រង្វាន់ធំចុងក្រោយគេរបស់ឆ្នោតផ្សងសំណាង Mega Millions ត្រូវបានឈ្នះដោយអ្នកលេងម្នាក់នៅទីក្រុងញូវយ៉ក កាលពីខែមេសា ដែលមានទំហំទឹកប្រាក់ ២០លានដុល្លារ ៕

មន្ទីរបច្ចកោណមានជំនឿចិត្តលើការចែករំលែកចារកម្មជាមួយជប៉ុន បើទោះជាមានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ចិន

2023/08/09 01:17:00 pm        113
ចិន៖ កាលពីថ្ងៃអង្គារម្សិលមិញ មន្ទីរបច្ចកោណ និយាយថា ពួកគេមានជំនឿចិត្តចំពោះការចែករំលែកព័ត៌មានចារកម្មជាមួយជប៉ុន បើទោះបីជាសេចក្តីរាយការណ៍របស់សារព័ត៌មានសហរដ្ឋអាមរិក និយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន ចូលដល់បណ្តាញការពារជាតិដ៏រសើបបំផុតរបស់ជប៉ុនក៏ដោយ ។  កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ កាសែត Washington Postបានលើកឡើងពីសម្តីក្រុមមន្រ្តីបច្ចុប្បន្ន និងអតីតរបស់សហរដ្ឋអាមេរិក និងជប៉ុន ដែលបាននិយាយថា ក្រុមវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតយោធាចិន បានចូលដល់បណ្តាញការពារជាតិសម្ងាត់របស់ជប៉ុនកាលពីឆ្នាំ ២០២០ ដោយពួកគេទទួលបានព័ត៌មានពីសមត្ថភាពយោធាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកមួយនេះ ផែនការ និងការវាយតម្លៃចំណុចខ្វះខាត ។  អ្នកស្រី Sabrina Singhគឺជាអ្នកនាំពាក្យមន្ទីរបច្ចកោណ បដិសេធន៍ពុំផ្តល់សេចក្តីអធិប្បាយចំពោះសេចក្តីរាយការណ៍របស់កាសែត Washington Post ដោយអ្នកស្រីគ្រាន់តែនិយាយថា អ្នកស្រីចង់ឲ្យទីក្រងតូក្យូជាអ្នកនិយាយពីចារកម្មរបស់ពួកគេ និងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតរបស់ពួកគេ ។  អ្នកស្រី Singh និយាយថា អ្វីដែលខ្ញុំត្រូវនិយាយម្តងទៀត ខ្ញុំនឹងឲ្យជប៉ុននិយាយពីសមត្ថភាពចារកម្មខ្លួនឯងរបស់ពួកគេ ហើយនិងសមត្ថភាពវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ។ អ្វីដែលខ្ញុំអាចនិយាយបាន គឺតាមទស្សនៈក្រសួងការពារជាតិអាមេរិក ពួកយើងនៅតែមានជំនឿចិត្តលើទំនាក់ទំនងរបស់ពួកយើងជាមួយជប៉ុន ៕

ទឹកទន្លេនេប៉ាល់ ឡើងប្រៀបច្រាំងបណ្តាលឲ្យមានទឹកជំនន់ ស្របពេលដែលប្រទេសមួយនេះ រងឥទ្ធិពលខ្យល់មូសុង

2023/08/09 01:13:32 pm        146
នេប៉ាល់៖  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ ប្រទេសនេប៉ាល់ កំពុងជួបការលំបាកខ្លាំងដោយសារតែទឹកជំនន់ ក្រោយទឹកទន្លេឡើងប្រៀបច្រាំង ដោយសារភ្លៀងមូសុងវស្សាវាយប្រហារប្រទេសមួយនេះ ។  ទឹកទន្លេ Bagmatiស្ថិតតាមជ្រលងភ្នំកដ្ឋម៉ាន់ឌូ បានហូរប្រៀបច្រាំង ហើយនិងជន់លិចតំបន់ជុំវិញនោះ ជាកន្លែងដែលមានមនុស្សប្រហែល ៤លាននាក់រស់នៅ ។  ប្រជាពលរដ្ឋរស់នៅក្នុងរដ្ឋធានីកដ្ឋម៉ាន់ឌូ បានព្យាយាមបាចទឹកចេញពីផ្ទះរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ បានស្នើសុំឲ្យអ្នកស្រុកនៅជិតទន្លេភាគខាងកើត Sindhuliជម្លៀសចេញ ពេលដែលកម្រិតទឹកហក់ឡើងខ្ពស់ ។  លោក Ambar Goleគឺជាអ្នកដឹកបន្លែលក់ក្នុងផ្សារមួយរូប និយាយថា ផ្សារលក់បន្លែ បានរងការជន់លិចទាំងស្រុង ។ ពួកយើងសង្រ្គោះបានរថយន្តមួយគ្រឿងនៅទីនេះពីការជន់លិច ប៉ុន្តែរថយន្ត ៣ ឬ ៤គ្រឿង បានរងការខូចខាត ។ សូមបញ្ជាក់ថា ភ្លៀងមូសុងវស្សាដែលបោកបក់លើប្រទេសនៅតំបន់ភ្នំហិម៉ាឡៃនេះ ចាប់ពីខែមិថុនា ដល់ខែកញ្ញា បានសម្លាប់មនុស្ស ៣៨នាក់ មកទល់នឹងពេលនេះ ក្នុងឆ្នាំ ២០២៣នេះ ៕

មនុស្ស៣៣នាក់ស្លាប់ ដោយទឹកជំនន់នៅទីក្រុងប៉េកាំង និងមនុស្ស១៨នាក់នៅបាត់ខ្លួន

2023/08/09 12:51:04 pm        252
ចិន៖ ការរាយការណ៍ប្រចាំថ្ងៃរបស់ទីក្រុងប៉េកាំងបានឲ្យដឹងថា មានអ្នកស្លាប់ចំនួន៣៣នាក់ដោយសារតែទឹកជំនន់ដ៏ខ្លាំងនៅក្នុងទីក្រុងប៉េកាំង និង១៨នាក់នៅបាត់ខ្លួន។ សារព័ត៌មានរាយការណ៍ថា ទឹកជំនន់កើតមានឡើងបន្ទាប់ពីព្យុះទីហ្វុង Doksuri ដែលបានវាយប្រហារមកលើមនុស្ស១.២៩លាននាក់ បណ្តាលឲ្យបាក់រលំផ្ទះ៥៩.០០០ខ្នង និងខូចខាតធ្ងន់ធ្ងរដល់ផ្ទះចំនួន១៤៧.០០០ខ្នង។ ទឹកជំនន់ បានបំផ្លាញ កសិដ្ឋាននិងទីក្រុងនានា នៅខេត្ត Hebei ភាគខាងជើង និងតំបន់នៅជុំវិញនោះនិងបានបានឃើញមនុស្សជាង១.៥លាននាក់ត្រូវបានជម្លៀសខ្លួន។ទឹកភ្លៀងធ្លាក់លើសពីកំណត់ត្រា បានមកដល់កាលពីចុងខែកក្កដា ខណៈសំណល់នៃព្យុះ Doksuri បានបក់មកលើដីគោក ដែលបានវាយប្រហារលើប្រទេសចិនភាំគខាងជើង។ ភ្លៀងធ្លាក់កាលពីសប្តាហ៍មុន បានកើនលើសពីកំណត់ត្រាច្រើន នៅក្នុងទីក្រុងប៉េកាំង និងប្រទេសចិនភាគខាងជើង ដោយអាងទន្លេ Haihe ដ៏ធំល្វឹងល្វើយ បានរងការជនលិចខ្លាំងបំផុតចាប់តាំងពីឆ្នាំ ១៩៦៣មក។ អ្នកជំនាញឧតុនិយម បាននិយាយថា ផលប៉ះពាល់នៃព្យុះទីហ្វុងនានា គឺកម្រកើតមាននៅភាគឦសានប្រទេសចិន ដោយព្យុះទីហ្វុងភាគច្រើនបក់ឆ្ពោះទៅទិសខាងលិច ឬភាគពាយព្យ បន្ទាប់ពីធ្វើឲ្យមានបំណាក់ដី។គណៈរដ្ឋមន្ត្រីចិន បាននិយាយថា អាជ្ញាធរ នឹងពន្លឿនការស្តារឡើងវិញអគ្គិសនី និងទំនាក់ទំនងទូរគមនាគមន៍ ដែលត្រូវបានបំផ្លាញដោយទឹកជំនន់។ផ្នែកដ៏ទៃទៀតរបស់ប្រទេសចិន កំពុងតស៊ូក្នុងភាពរាំងស្ងួត ដែលកំពុងដាក់សម្ពាធបន្ថែមទៀតលើការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រជាជន១,៤ពាន់លាននាក់របស់ប្រទេសនេះដែលកំពុងប្រឹងប្រែងរួចទៅហើយជាមួយការបង្អាក់ក្នុងការដឹកជញ្ជូនគ្រាប់ធញ្ញជាតិ ដែលបណ្តាលមកពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន៕

រុស្ស៊ីរិះគន់សម្ពាធលោកខាងលិចដែលមិនអាចទទួលយកបានលើអ៊ីរ៉ង់ជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

2023/08/09 12:42:11 pm        271
រុស្ស៊ី៖ កាលពីថ្ងៃអង្គារ រុស្ស៊ី បានគាំទ្រដោយផ្ទាល់ជាមួយប្រទេសអ៊ីរ៉ង់ជាសម្ព័ន្ធមិត្តរបស់ខ្លួន ក្នុងការបដិសេធការប៉ុនប៉ងរបស់ប្រទេសលោកខាងលិចដើម្បីបន្តទប់ស្កាត់លើប្រទេសអ៊ីរ៉ង់ ទោះបីជាមានការដួលរលំនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានបំណងរារាំងកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មក៏ដោយ។ បន្ទាប់ពីជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ ក្នុងទីក្រុងតេអេរ៉ង់ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ទីក្រុងមូស្គូ និងទីក្រុងតេអេរ៉ង់សុទ្ធតែជឿថា ការបរាជ័យក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះកើតចេញពី គោលនយោបាយខុសឆ្គងនៃសម្ពាធអតិបរមា ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងអ្នកទាំងឡាយណាដែលគិតស្រដៀងគ្នានោះ។ ក្រោយមក លោក Donald Trump អតីតប្រធានាធិបតីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគេស្គាល់ថា JCPOA នៅក្នុងឆ្នាំ ២០១៨ ដោយដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកវិញ ហើយទំនាក់ទំនងរបស់អ៊ីរ៉ង់ជាមួយប្រទេសលោកខាងលិចកាន់តែធ្លាក់ចុះយ៉ាប់យ៉ឺនមិនធ្លាប់មានចាប់តាំងពីពេលនោះមក ដោយសារអ៊ីរ៉ង់បានពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែរុស្ស៊ីដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមជាមួយអាមេរិក ចិន អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ុប បាននិងកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេសអ៊ីរ៉ង់ចាប់តាំងពីការឈ្លានពានលើអ៊ុយក្រែន។ សង្រ្គាមដែលរុស្ស៊ីហៅថាជា «ប្រតិបត្តិការសិកពិសេស» បានជំរុញទំនាក់ទំនងផ្ទាល់របស់ខ្លួនជាមួយប្រទេសលោកខាងលិចដល់កម្រិតទាបបំផុតក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ។ ប្រភពជាច្រើនបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីខែមិថុនាថា អ្នកការទូតអឺរ៉ុប បានជូនដំណឹងដល់ប្រទេសអ៊ីរ៉ង់ថា ពួកគេមានផែនការចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការរក្សាទណ្ឌកម្មលើកម្មវិធីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ ដែលនឹងផុតកំណត់នៅខែតុលាក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ។ ពួកគេបានផ្តល់ហេតុផលចំនួនបីគឺ រុស្ស៊ីបានប្រើប្រាស់យានដ្រូនរបស់អ៊ីរ៉ង់ប្រឆាំងប្រទេសអ៊ុយក្រែន លទ្ធភាពដែលអ៊ីរ៉ង់អាចផ្ទេរមីស៊ីលបាលីស្ទីកទៅឲ្យរុស្ស៊ី និងការដកផលប្រយោជន៍របស់អ៊ីរ៉ង់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលខ្លួនបានរំលោភលើបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញុ៕

យុវជនគណបក្សប្រឆាំង ប៉ះទង្គិចជាមួយនគរបាលក្នុងការតវ៉ានៅទីក្រុង New Delhi

2023/08/09 12:34:14 pm        264
ឥណ្ឌា៖ ក្រុមយុវជនគណបក្សប្រឆាំង បានប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខនៅទីក្រុង New Delhi កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលតវ៉ាប្រឆាំងនឹងអំពើហិង្សារវាងក្រុមជនជាតិដើមភាគតិច ដែលបានបំផ្លាញរដ្ឋម៉ានីពួ (Manipur) របស់ប្រទេសឥណ្ឌា។សមាជិកយុវជនរបស់គណបក្សប្រឆាំង បានស្រែកពាក្យប្រឆាំងរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី លោក Narendra Modi ដោយបង្ហាញការព្រួយបារម្ភអំពីអតិផរណា និងភាពអត់ការងារធ្វើ។ ក្រុមបាតុករជាច្រើននាក់ ត្រូវបានកម្លាំងសន្តិសុខបណ្តេញទៅឆ្ងាយ។ការផ្ទុះឡើងនៃអំពើហឹង្សារយៈពេលជាច្រើនខែ នៅក្នុងរដ្ឋ Manipur បានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែឧសភា បន្ទាប់ពីតុលាការបានបង្គាប់ឱ្យរដ្ឋនេះពិចារណាលើការពង្រីកអត្ថប្រយោជន៍សេដ្ឋកិច្ចពិសេសរបស់ប្រជាជនជនជាតិភាគតិច Meitei ភាគច្រើន និងប្រព័ន្ធកូតានៅក្នុងការងារ និងការសិក្សាអប់រំរបស់រដ្ឋាភិបាល ដែលរហូតមកដល់ពេលនេះត្រូវបានបម្រុងទុកសម្រាប់ពលរដ្ឋជនជាតិភាគតិច Kuki កុលសម្ព័ន្ធ៕

លំហូរចូលជនភៀសខ្លួនស៊ូដង់ទៅកាន់ប្រទេសឆាដនៅតែបន្ត ស្របពេលដែលសង្រ្គាមមិនទាន់បញ្ចប់

2023/08/09 12:31:36 pm        255
ស៊ូដង់៖  ជនភៀសខ្លួនស៊ូដង់រាប់ម៉ឺននាក់ នៅតែបន្តធ្វើដំណើរឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសឆាដ ស្របពេលដែលសង្រ្គាមនៅក្នុងប្រទេសកំណើតរបស់ពួកគេ គ្មានសញ្ញាណាមួយនៃការបញ្ចប់នោះ ។  ជនភៀសខ្លួនដែលជិះលើរទេះជាមួយនឹងឥវ៉ាន់របស់ពួកគេ និយាយថា ពួកគេប្រឈមនឹងការបំពានឥតឈប់ឈរនៅតំបន់ដាហ្វួខាងលិច ជាកន្លែងដែលពួកគេរត់ភៀសខ្លួន ។  យោងតាមការអះអាងរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា មនុស្សជាង ៤លាននាក់ ត្រូវបានជម្លៀសខ្លួននៅក្នុងសង្រ្គាមស៊ូដង់ ក្នុងនោះមនុស្សជាង ៣៧៧.០០០នាក់ បានរត់ភៀសខ្លួនទៅកាន់ប្រទេសឆាដ ចេញពីតំបន់ដាហ្វួ ស្ថិតនៅភាគខាងលិចប្រទេសស៊ូដង់ ជាកន្លែងដែលក្រុមសាក្សីដាក់ការស្តីបន្ទោសលើក្រុមជីវពលអារ៉ាប់ដែលជាខ្សែបណ្តាញរបស់កងកម្លាំងគាំទ្ររហ័ស (RSF) ។  លោក Aymen Elmainគឺជាអ្នកសម្របសម្រួលកម្មវិធីស្បៀងអាហារពិភពលោក(WFP)សម្រាប់ជនភៀសខ្លួនមកពីស៊ូដង់ និយាយថា ពួកយើងមើលឃើញពីស្ថានភាពដ៏គួរឲ្យព្រួយបារម្ភនៅប្រទេសឆាដ ។ ជនភឿសខ្លួនស៊ូដង់ប្រហែល ៣៤៨.០០០នាក់ បានធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសស៊ូដង់ ចូលទៅកាន់តំបន់ភាគខាងកើតប្រទេសឆាដ ។  លោក Elmainបន្តថា បច្ចុប្បន្ន កម្មវិធី WFPកំពុងធ្វើការរួមគ្នាជាមួយដៃគូដទៃទៀត ដើម្បីជួយដល់ជនភៀសខ្លួនទាំងអស់នេះ ហើយនិងផ្តល់ការការពារផងដែរចំពោះកង្វះខាតអាហារូបត្ថម្ភសម្រាប់កុមារ និងស្រ្តី ៕

ចិនបាញ់បង្ហោះផ្កាយរណបសម្រាប់តាមដានគ្រោះមហន្តរាយថ្មី

2023/08/09 12:28:36 pm        246
ចិន៖ ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបថ្មីមួយ សម្រាប់តាមដានគ្រោះមហន្តរាយនៅថ្ងៃពុធនេះ។ ផ្កាយរណបឈ្មោះ HJ-2 06 ត្រូវបានបង្ហោះចូលទៅក្នុងគន្លងដែលបានកំណត់ជាមុន ដោយយានចម្លងឈ្មោះ Long March-2C ដែលបានបាញ់បង្ហោះនៅម៉ោង ៦:៥៣នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) ពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Taiyuan ក្នុងខេត្តសានស៊ី ភាគខាងជើងប្រទេសចិន។ផ្កាយរណបដែលទើបនឹងបាញ់បង្ហោះនេះ មានការកំណត់រចនាសម្ព័ន្ធដូចគ្នានឹងផ្កាយរណបឈ្មោះ HJ-2 05 ក្នុងគន្លងបច្ចុប្បន្ន ដែលមានប្រព័ន្ធរូបភាពពីរគឺ គុណភាពបង្ហាញទំហំ៥ម៉ែត្រ និងកម្រិតរូបភាព២៥ម៉ែត្រ។ផ្កាយរណបនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់ការត្រួតពិនិត្យគ្រោះមហន្តរាយដូចជាទឹកជំនន់ ព្យុះទីហ្វុង និងបំណាក់ដី ព្រមទាំងផ្តល់ការគាំទ្រទិន្នន័យសម្រាប់ការគ្រប់គ្រងគ្រាអាសន្ន បរិស្ថានអេកូឡូស៊ី ធនធានធម្មជាតិ ការអភិរក្សទឹក កសិកម្ម និងឧស្សាហកម្មផ្សេងៗទៀត។ បេសកកម្មនេះបានកត់ត្រាជាការហោះហើរលើកទី៤៨២ នៃប្រភេទគ្រាប់រ៉ុក្កែតឈ្មោះ Long March៕

បណ្ដារដ្ឋសមាជិកអង្គការសហប្រជាជាតិ ជំរុញឱ្យស៊ីរី គោរពតាមអនុសញ្ញាអាវុធគីមី

2023/08/09 12:25:54 pm        311
UN៖ កាលពីថ្ងៃអង្គារ (៨ សីហា) បណ្ដារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យប្រទេសស៊ីរីគោរពតាមអនុសញ្ញាអាវុធគីមី បន្ទាប់ពីមន្ត្រីអង្គការសហប្រជាជាតិមួយរូបបានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា មានកង្វះព័ត៌មានអំពីអាវុធគីមីរបស់ស៊ីរី។លោក Adedeji Ebo អនុប្រធានតំណាងជាន់ខ្ពស់នៃការិយាល័យកិច្ចការរំសាយអាវុធរបស់អង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាថា ការប្រកាសរបស់ស៊ីរីដោយអនុលោមតាមអនុសញ្ញាអាវុធគីមី មិនអាចចាត់ទុកថាត្រឹមត្រូវ និងពេញលេញនោះឡើយ។ការស៊ើបអង្កេតរួមគ្នារបស់អង្គការសហប្រជាជាតិ និងអង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) បានកំណត់ថា រដ្ឋាភិបាលស៊ីរីបានប្រើប្រាស់សារធាតុ សារីន (sarin) នៅក្នុងការវាយប្រហារកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ ហើយក៏បានប្រើប្រាស់សារធាតុក្លរជាច្រើន ជាអាវុធផងដែរ។ បណ្ដាប្រទេសលោកខាងលិចបានអំពាវនាវឱ្យស៊ីរីបំផ្លាញឃ្លាំងអាវុធគីមីរបស់ខ្លួនចោល។ប្រទេសស៊ីរី និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ខ្លួនគឺប្រទេស រុស្ស៊ី ដែលផ្តល់ការគាំទ្រផ្នែកយោធាដល់កងកម្លាំងរបស់លោកប្រធានាធិបតី Assad បានបដិសេធការប្រើប្រាស់អាវុធគីមី និងស្តីបន្ទោសលើពួកបះបោរវិញ។ រដ្ឋធានី ដាម៉ាស ចោទលោកខាងលិចថា បានប្រើបញ្ហាអាវុធគីមីជាមធ្យោបាយដើម្បីរិះគន់ស៊ីរី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សច្រើននាក់ ខណៈប្រធានាធិបតីអ៊ុយក្រែនថា ការវាយប្រហារថ្មីអាចកើតឡើង
06/03/2026 10:06 AM
រដ្ឋមន្ត្រីការបរទេសអាមេរិក សង្ឃឹមចំពោះកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដោយទទូចលើការទប់ស្កាត់នុយក្លេអ៊ែរ
06/03/2026 10:06 AM
អ៊ីស្រាអែល និងហេសបូឡា វាយប្រហារដាក់គ្នា ខណៈក្រុមអ្នកការទូតជួបគ្នានៅទីក្រុងវ៉ាស៊ីនតោន
06/03/2026 10:06 AM
អាមេរិក បាញ់មីស៊ីល Hellfire ទៅលើនាវាដឹកប្រេងកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់
06/03/2026 10:06 AM
អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM