បង្រ្កាបបទល្មើសគ្រឿងញៀននៅចំណុចស្តារវីហ្កាសឃាត់ខ្លួនមនុស្ស ចំនួន១៤១នាក់
អាវុធហត្ថខេត្តព្រះសីហនុបង្រ្កាបទីតាំង ONLINE SCAMS មួយកន្លែងឃាត់ខ្លួនជនសង្ស័យចំនួន ១៨នាក់
ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ

សន្តិសុខ និង សង្គម

ប្រជាជនម៉ិកស៊ិក ត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះត្រូពិច Chris

2024/07/01 01:46:25 pm        108
ប្រជាជននៅទីក្រុងឆ្នេរ ខានឃូន(Cancun) ប្រទេសម៉ិកស៊ិក បានសម្រុកទៅកាន់ហាងលក់គ្រឿងសំណង់ និងសម្ភារៈ កាលពីថ្ងៃអាទិត្យ ដើម្បីទិញបន្ទះក្តាឈើ ខណៈពួកគេត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះត្រូពិច Chris ។លោក Edgar Gil ពលរដ្ឋទីក្រុងឆ្នេរ ខានឃូន(Cancun) បាននិយាយថា លោកកំពុងទិញឈើ ដើម្បីគ្របលើទ្វារ និងបង្អួចរបស់លោក ដូច្នេះលោកអាចការពារផ្ទះ ប្រសិនបើព្យុះខ្លាំងមកដល់។មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិក បាននិយាយនៅក្នុងការណែនាំមួយ កាលពីថ្ងៃអាទិត្យថា ព្យុះត្រូពិច Chris បានកើតឡើងនៅចម្ងាយប្រហែល១៦៥គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង Tuxpan ប្រទេសម៉ិកស៊ិក ដោយមានល្បឿនខ្យល់បក់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង ហើយនឹងចាប់ផ្តើមចុះខ្សោយទៅវិញ បន្ទាប់ពីបោកបក់មកដល់ដីគោក។អ្នកព្យាករណ៍មានមូលដ្ឋាននៅទីក្រុងម៉ៃអាមី បាននិយាយថា ព្យុះនេះត្រូវបានគេរំពឹងថានឹងបង្កើតបរិមាណទឹកភ្លៀងសរុបពី ៤ទៅ ៨ អ៊ីញ (១០ ទៅ២០ សង់ទីម៉ែត្រ) ឆ្លងកាត់ផ្នែកមួយចំនួននៅភាគខាងកើតប្រទេសម៉ិកស៊ិក រហូតដល់ថ្ងៃច័ន្ទ ទី១ ខែកក្កដា នេះ។

ទាហានអ៊ីស្រាអែល១៨នាក់ រងរបួសក្នុងការវាយប្រហារដោយយានដ្រូននៅតំបន់ខ្ពង់រាប Golan Heights ភ្ជាប់ឧបសម្ព័ន្ធរបស់អ៊ីស្រាអែល

2024/07/01 01:41:38 pm        67
ទាហានអ៊ីស្រាអែល១៨នាក់ បានរងរបួស ដែលក្នុងចំណោមនេះ ម្នាក់រងរបួសធ្ងន់នៅក្នុងការវាយប្រហារដោយយានដ្រូននៅតំបន់ខ្ពង់រាប Golan Heights ភ្ជាប់ឧបសម្ព័ន្ធដោយអ៊ីស្រាអែល ដោយត្រូវបានរាយការណ៍ដោយកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF)។ យោងតាមសេចក្តីថ្លែងការណ៍របស់កងកងកម្លាំង IDF បានឲ្យដឹងថា ការវាយប្រហារ បានកើតឡើងនៅផ្នែកភាគខាងជើង តំបន់ខ្ពង់រាប Golan Heights ទោះបីជាប្រភពដើមនៃយានដ្រូនពុំត្រូវបានគេបញ្ជាក់ក៏ដោយ។ ទាហាន ដែលរងរបួសត្រូវបានគេជម្លៀសភ្លាមៗទៅកាន់មន្ទីរពេទ្យនៅក្បែរនោះ ដើម្បីព្យាបាលបន្ទាន់។នៅក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ កងកម្លាំងទ័ពអាកាសអ៊ីស្រាអែល បានធ្វើការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យដាក់គោលដៅទៅលើទីតាំងច្រើនកន្លែងរបស់ក្រុមហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់។ការវាយប្រហារ រួមមានទាំងការវាយបាញ់ផ្លោងទៅលើប៉ុស្តិ៍សង្កេតការណ៍របស់ ក្រុមហេសបូឡា និងទីតាំងជើងទម្របាញ់មីស៊ីល ដែលត្រូវបានប្រើប្រាស់ ដើម្បីបាញ់មីស៊ីលឆ្ពោះទៅភាគខាងជើងប្រទេសអ៊ីស្រាអែល។ ឧបទ្ទវហេតុចុងក្រោយនេះ បង្ហាញពីការបន្តនៃអំពើហិង្សាឆ្លងព្រំដែនរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ជាក្រុមប្រដាប់អាវុធ និងគណបក្សនយោបាយនៅប្រទេសលីបង់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៣មក។

UNRWA៖ គំនរសំរាម និងកម្ដៅរដូវក្តៅធ្វើឱ្យស្ថានភាពរស់នៅកាន់តែលំបាកសម្រាប់ពលរដ្ឋហ្កាហ្សា

2024/07/01 01:13:25 pm        221
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រ (២៨ មិថុនា) សប្ដាហ៍មុនថា គំនរសំរាមដែលស្អុយរលួយ កំពុងគរចោលនៅជិតកន្លែងមនុស្សស្នាក់នៅក្នុងតង់នៅទូទាំងតំបន់ហ្កាហ្សា ដែលបង្កើនការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការរីករាលដាលនៃជំងឺ។ថ្លែងពីភាគកណ្តាលតំបន់ហ្កាហ្សា មន្ត្រីទំនាក់ទំនងជាន់ខ្ពស់របស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA លោកស្រី លូអ៊ីស វ៉ធើរីច (Louise Wateridge) បាននិយាយថា កាកសំណល់ប្រហែល ១០០.០០០ តោនកំពុងគរចោលជុំវិញជំរំមួយនៅជិតការិយាល័យរបស់លោកស្រី ដោយបន្ថែមថា តំបន់ហ្កាហ្សាស្ទ្រីបទាំងមូលកំពុងប្រឈមមុខនឹងបញ្ហាដូចគ្នានេះ។អ្នកនាំពាក្យអង្គការ WHO លោក ថារីក ចាសារ៉េវីក (Taric Jasarevic) បានព្រមានថា បញ្ហាសំរាមនេះរួមផ្សំជាមួយនឹងកម្ដៅរដូវក្តៅដ៏ខ្ពស់ កង្វះអនាម័យ អាហារ និងទឹក បង្កើនហានិភ័យនៃការផ្ទុះឡើងនៃជំងឺឆ្លង។ លោកបានបន្តថា៖ «នៅពេលដែលអាកាសធាតុក្តៅ ហើយខ្វះអនាម័យ នោះប្រភពទឹកអាចងាយនឹងមានមេរោគ ហើយវានឹងនាំមកនូវជំងឺជាច្រើន ដូចជាជំងឺរាគជាដើម។យុទ្ធនាការរបស់អ៊ីស្រាអែល បានបង្កការបំផ្លិចបំផ្លាញជាច្រើនលើតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី០៧ ខែតុលា ដោយនោះបណ្តាលឱ្យសំរាម និងកាកសំណល់យ៉ាងច្រើនត្រូវទុកចោល។ កាលពីរដូវក្តៅឆ្នាំមុន រលកកម្ដៅនៅតំបន់ហ្កាហ្សា បានធ្វើឱ្យសីតុណ្ហភាពកើនឡើងដល់ ៣៨ អង្សារសេ ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីរយៈពេល ១២ ម៉ោងនៅក្នុងដែនដីដ៏តូចចង្អៀត ដែលគាបនៅចន្លោះរវាងអេហ្ស៊ីប និងអ៊ីស្រាអែលមួយនេះ៕

៦ខែបន្ទាប់ពីរញ្ជួយដីនៅឧបទ្វីបNoto មនុស្សជាច្រើនត្រូវបានគេបារម្ភថាស្លាប់ដោយសារភាពតានតឹងក្រោយគ្រោះមហន្តរាយ

2024/07/01 11:44:32 am        70
នៅថ្ងៃច័ន្ទនេះ មានរយៈពេល៦ខែ ចាប់តាំងពីការរញ្ជួយដីដ៏ធំមួយ បានវាយប្រហារឧបទ្វីប Noto នៅខេត្ត Ishikawa និងនៅតំបន់ក្បែរៗនោះ នៅភាគកណ្តាលប្រទេសជប៉ុន។ ចំនួនអ្នកស្លាប់ដោយសារមូលហេតុជាច្រើននៅក្រោយគ្រោះមហន្តរាយ អាចកើនឡើងបន្ថែមទៀត។ មន្ត្រី បានបញ្ជាក់ថា គ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ បានបណ្តាលឲ្យមនុស្ស ២៨១ នាក់ស្លាប់ និង ៣នាក់ផ្សេងទៀត បាត់ខ្លួននៅក្នុងខេត្តនេះ។អ្នកស្លាប់រួមមានមនុស្សចំនួន៥២នាក់ ដែលបានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសារមូលហេតុជាច្រើនក្រោយគ្រោះមហន្តរាយ រួមទាំងការអស់កម្លាំង និងភាពតានតឹងផ្លូវចិត្ត។ មនុស្សជាច្រើនទៀតត្រូវបានគេបារម្ភថា នឹងស្លាប់ដោយកត្តាបែបនេះ ដោយសារតែប្រជាជនដែលបានបាត់បង់លំនៅឋានក្នុងគ្រោះរញ្ជួយដី ពុំមានជម្រើសអ្វីក្រៅពីរស់នៅក្នុងទីជម្រកបណ្តោះអាសន្ន។ អ្នកជំនាញកំពុងអំពាវនាវឱ្យរដ្ឋាភិបាលក្នុងតំបន់ និងក្រុមវិស័យឯកជន ធ្វើការរួមគ្នាដើម្បីផ្តល់ការគាំទ្រ ដល់ជនភៀសខ្លួន ដូចជាការតាមដានរបៀបរស់នៅ និងសេវាថែទាំគិលានុបដ្ឋាយិកា។ មន្ត្រីបានប៉ាន់ប្រមាណថាអគារចំនួន២២.០០០កន្លែង នៅក្នុងតំបន់រងគ្រោះដោយរញ្ជួយដីត្រូវការកម្ទេចចោល ហើយកម្ទេចកម្ទី ត្រូវបានបោសសម្អាតដោយមន្ត្រីតំបន់។ ការសិក្សាមួយបង្ហាញថា រញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកល បានបង្កឱ្យមានបាតុភូតមួយហៅថាមហន្តរាយទាំងស្រុង នៅទីតាំងជាច្រើនកន្លែង។

ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុល ប៉ះទង្គិចជាមួយនគរបាលអ៊ីស្រាអែលបន្ទាប់ពីការចេញសេចក្តីសម្រេចផ្នែកយោធា

2024/07/01 11:31:21 am        123
ក្រុមបាតុករនិកាយអូថូដុកនិយមជ្រុលរាប់រយនាក់ បានប៉ះទង្គិចគ្នាជាមួយនគរបាលអ៊ីស្រាអែល នៅទីក្រុងហ្សេរុយសាឡឹមភាគកណ្តាល កាលពីថ្ងៃអាទិត្យ បន្ទាប់ពីតុលាការកំពូលរបស់អ៊ីស្រាអែល បានចេញសម្រេចថា រដ្ឋត្រូវតែចាប់ផ្តើមកែណ្ឌនិស្សិតជនជាតិជ្វីហ្វ ចូលជាយោធា។ក្រឹត្យនេះ បានបង្កើតភាពតានតឹងផ្នែកនយោបាយថ្មីសម្រាប់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu ដែលរដ្ឋាភិបាលចម្រុះ ពឹងផ្អែកលើគណបក្សកាន់និកាយអូថូដុកនិយមជ្រុលចំនួនពីរ ដែលចាត់ទុកការលើកលែងការកែណ្ឌទាហានជាគន្លឹះក្នុងការរក្សាសមាសភាពរបស់ពួកគេនៅក្នុងសាលាសាសនា។ អ្នកតវ៉ាម្នាក់ បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកជឿជាក់ថា យើងត្រូវការកងទ័ពច្រើន នៅក្នុងប្រទេសអ៊ីស្រាអែល យើងក៏ត្រូវការកងទ័ពប្រជាជនដែលអង្គុយសិក្សាផ្នែកសាសនាដែរ ពួកគេកំពុងមករៀនច្រើន ហើយយើងពុំអាចឱ្យពួកគេត្រូវបានកែណ្ឌចូលជាកងទ័ពបានទេ យើងត្រូវការក្រុមអ្នកសិក្សាផ្នែកសាសនានៅក្នុងប្រទេស។ការលើកលែងការកែណ្ឌទាហានអ្នកកាន់និកាយអូថូដុកនិយមជ្រុល ត្រូវបានចោទប្រកាន់កាន់តែខ្លាំងឡើងក្នុងប្រទេសអ៊ីស្រាអែល ខណៈកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានពង្រីកបន្ថែមដោយសង្រ្គាមនៅសមរភូមិមុខ ជាមួយក្រុមហាម៉ាសនៅហ្កាហ្សា និងជាមួយក្រុមហេសបូឡា នៅប្រទេសលីបង់។ជនជាតិអ៊ីស្រាអែល ត្រូវបានកំណត់ដោយច្បាប់ឱ្យចូលបម្រើក្នុងជួរយោធាចាប់ពីអាយុ១៨ឆ្នាំ សម្រាប់ រយៈពេល២៤ ទៅ៣២ខែ ខណៈសិស្សសាលាសាសនាជនជាតិជ្វីហ្វនិកាយអូថូដុកនិយមជ្រុល ត្រូវបានលើកលែងយ៉ាងទូលំទូលាយ រយៈពេលជាច្រើនទសវត្សរ៍មកនេះ។

អ្នកតវ៉ាបារាំងធ្វើបាតុកម្មនៅតាមដងផ្លូវប្រឆាំងលទ្ធផលបោះឆ្នោត របស់គណប្សស្តាំនិយមជ្រុល

2024/07/01 10:12:23 am        119
ក្រុមបាតុកររាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំងកាលពីយប់ថ្ងៃអាទិត្យ៣០ មិថុនា ប្រឆាំងនឹងគណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ National Rally បន្ទាប់ពីលទ្ធផលដំបូងនៃការបោះឆ្នោតសភាជុំទី ១ ដែលបានធ្វើឱ្យគណបក្ស ស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ (National Rally) របស់លោកស្រី ម៉ា រីនឡឺ ប៉ែន (Marine Le Pen) ជាអ្នកឈ្នះ។ ក្រុមបាតុករបានដុតបំពួគកភ្លើងនៅទីក្រុងប៉ារីស ខណៈពួកគេដើរតាមដងផ្លូវក្នុងទីក្រុងនេះ ដោយការគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែក និងដុតធុងសំរាមជាដើម។ យោងតាមការស្ទង់មតិពី Ipsos, Ifop, Opinion Way និង Elabe បានបង្ហាញថា គណបក្សស្ដាំនិយមជ្រុលរួបរួមកម្លាំងជាតិ ត្រូវបានគេមើលឃើញថាឈ្នះប្រហែល ៣៤% នៃការបោះឆ្នោត ក្នុងការធ្លាក់ចុះដ៏ច្រើនសម្រាប់លោកប្រធានាធិបតី Emmanuel Macron ដែលបានអំពាវនាវឲ្យមានការបោះឆ្នោតមុនអាណត្តិបន្ទាប់ពីសម្ព័ន្ធរបស់លោកត្រូវបានចាញ់គណបក្សរបស់ក្រុមស្ដាំនិយមជ្រុល RN នៅក្នុងការបោះឆ្នោតសភាអឺរ៉ុបនៅដើមខែនេះ។ ឱកាសនៃការឈ្នះអំណាចរបស់គណបក្ស RN នៅសប្តាហ៍ក្រោយ នឹងពឹងផ្អែកលើការដោះស្រាយនយោបាយដែលធ្វើឡើងដោយគូប្រជែងរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ កាលពីមុន គណបក្ស ស្តាំនិយមកណ្តាលនិងឆ្វេងនិយមកណ្តាល បានសហការគ្នាដើម្បីទប់គណបក្ស RNពីការកាន់អំណាច ៕

អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្សយ៉ាងហោចណាស់១៨នាក់ នៅប្រទេសនីហ្សេរីយ៉ា

2024/07/01 10:10:15 am        88
ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្ស១៨នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដោយអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតជាស្ត្រីដែលសង្ស័យ នៅក្នុងរដ្ឋ Borno ភាគឦសានប្រទេសនីហ្សេរីយ៉ា។រដ្ឋ Borno គឺជាចំណុចកណ្តាលនៃការបះបោរអ៊ីស្លាមនិយមរយៈពេល១៥ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងរាប់លាននាក់ផ្សេងទៀតបានភៀសខ្លួនចេញ។ ទោះបីជាយោធា នីហ្សេរីយ៉ា បានធ្វើឲ្យសមត្ថភាពរបស់ក្រុមសកម្មប្រយុទ្ធចុះខ្សោយក៏ដោយ ក៏ពួកគេនៅតែធ្វើការវាយប្រហារយ៉ាងបង្ហូរឈាមប្រឆាំងជនស៊ីវិល និងគោលដៅទៅលើសន្តិសុខ។លោក Barkindo Saidu អគ្គនាយកនៃទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នរដ្ឋ Borno បាននិយាយថា ជនសង្ស័យបំផ្ទុះគ្រាប់បែកអត្តឃាត បានវាយប្រហារដាច់ដោយឡែក នៅក្នុងពិធីមង្គលការ ពិធីបុណ្យសព និងមន្ទីរពេទ្យ ដោយបានសម្លាប់ និងធ្វើឲ្យរងរបួសមនុស្សជាច្រើននាក់។លោក Saidu បាននិយាយថាអ្នកស្លាប់ចំនួន១៨នាក់ ត្រូវបានបញ្ជាក់ ជាចំនួនអ្នកស្លាប់ដែលរួមមានកុមារ មនុស្សពេញវ័យ និងស្ត្រីមានគត៌។ គ្មាននរណាម្នាក់បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយទេ ប៉ុន្តែ ក្រុម Boko Haram និងក្រុមផ្តាច់ខ្លួន នៅខេត្ត West Africa គឺជាក្រុមសកម្មប្រយុទ្ធ ដ៏សកម្មបំផុត នៅក្នុងរដ្ឋ Borno ដ៏ធំទូលាយ។

ក្រិក កំពុងទប់ទល់នឹងចំហេះព្រៃរាប់សិបកន្លែង ខណៈអាកាសធាតុរដូវក្ដៅដ៏អាក្រក់ត្រូវបានរំពឹងទុក

2024/07/01 10:03:59 am        114
ចំហេះព្រៃដ៏ធំមួយបានផ្ទុះឡើងនៅភាគអាគ្នេយ៍នៃទីក្រុងអាថែន កាលពីរសៀលថ្ងៃអាទិត្យ (៣០ មិថុនា) ដោយបន្ថែមពីលើចំហេះរាប់សិបកន្លែងរួចទៅហើយ ស្របពេលមានការព្រមានថា កម្ដៅរដូវក្តៅដ៏អាក្រក់បំផុតនឹងមកដល់ក្នុងពេលឆាប់ៗនេះ។ តាមទម្លាប់នៃរដូវក្តៅដ៏ក្ដៅគគុក ក្រិកប្រឈមមុខនឹងរដូវកាលចំហេះព្រៃដ៏អាក្រក់ បន្ទាប់ពីរដូវរងាដែលមានអាកាសធាតុក្តៅខុសធម្មតា និងរលកកម្ដៅមកលឿនបំផុតក្នុងកំណត់ត្រា ជាមួយនឹងសីតុណ្ហភាពឡើងដល់ ៤៤ អង្សារសេ។យោងតាមទីភ្នាក់ងារសារព័ត៌មាន អាថែន បានឱ្យដឹងថា ចំហេះបានចាប់ផ្តើមនៅក្នុងស្រុក កេរ៉ាទៀ (Keratea) នៅព្រឹកថ្ងៃអាទិត្យនោះ ហើយបានឆាបឆេះនៅជិតតំបន់លំនៅឋាន ខណៈមានខ្យល់បក់បោកយ៉ាងខ្លាំងនៅក្នុងតំបន់នោះ។អ្នកពន្លត់អគ្គិភ័យប្រហែល ១៤០ នាក់ រួមជាមួយក្រុមបញ្ជាការព្រៃឈើ និងរថយន្ត ៣៩គ្រឿង ឧទ្ធម្ភាគចក្រ ៨គ្រឿង រួមទាំងយន្តហោះ ៩គ្រឿង កំពុងធ្វើការដើម្បីគ្រប់គ្រងអណ្តាតភ្លើង។ ប្រព័ន្ធប្រកាសអាសន្នបានបើកដំណើរការ ដោយជំរុញឱ្យប្រជាជនជម្លៀសចេញពីតំបន់ចំនួនប្រាំមួយនៅជិតរដ្ឋធានី។យោងតាមប្រភពពីកងពន្លត់អគ្គិភ័យបានឱ្យដឹងថា ចំហេះព្រៃជាង ៤០ កន្លែងបានផ្ទុះឡើងនៅទូទាំងប្រទេសក្រិក កាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់មកទល់ពេលនេះ ជាមួយនឹងល្បឿនខ្យល់លើសពី ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំហេះព្រៃជារឿងធម្មតាទៅហើយនៅក្នុងប្រទេសសមុទ្រមេឌីទែរ៉ាណេមួយនេះ ប៉ុន្តែបានក្លាយទៅជាការបំផ្លិចបំផ្លាញកាន់តែខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗ ដោយសាររដូវក្តៅកាន់តែក្តៅ ស្ងួត និងខ្យល់ខ្លាំង ដែលអ្នកវិទ្យាសាស្ត្រ និយាយថាផ្សារភ្ជាប់ទៅនឹងឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ៕

ប្រទេសទួរគី ចាប់ខ្លួនបាតុករយ៉ាងតិច១៥នាក់ នៅក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នា

2024/07/01 09:55:29 am        105
នគរបាលប្រទេសទួរគី បានឃុំខ្លួនបាតុករយ៉ាងតិច ១៥ នាក់ក្នុងទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ សម្រាប់ការចូលរួមក្នុងការប្រមូលផ្តុំអ្នកស្រលាញ់ភេទដូចគ្នាដែលត្រូវបានគេហាមឃាត់ បន្ទាប់ពីស្វែងរកឃើញអ្នកតវ៉ានៅតាមដងផ្លូវ ក្រោយអ្នកចូលរួម បានបំបែកគ្នា។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បាននិយាយកាលពីថ្ងៃអាទិត្យថា ការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នា នឹងពុំត្រូវបានអនុញ្ញាតឡើយ។ នគរបាលប្រទេសទួរគី បានបិទទីក្រុងអ៊ីស្តង់ប៊ុលភាគកណ្តាល ដើម្បីការពារការដើរដង្ហែរក្បួនមិនឲ្យកើតឡើង ដោយបានបិទស្ថានីយ៍រថភ្លើងក្រោមដី និងបិទចរាចរណ៍នៅតាមដងផ្លូវធំៗ។គណបក្ស AK របស់ប្រធានាធិបតី លោក Tayyip Erdogan បានពង្រឹងវោហាសាស្ត្ររបស់ខ្លួនប្រឆាំងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ហើយបានហាមឃាត់ការហែក្បួនអ្នកស្រលាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ ២០១៥ ដោយលើកឡើងពី «ហេតុផលសុវត្ថិភាព»។ការិយាល័យអភិបាលក្រុងអ៊ីស្តង់ប៊ុល បានចាត់ទុកអង្គការនានាដែលអំពាវនាវឱ្យមានការដង្ហែរក្បួនអ្នកស្រលាញ់ភេទដូចគ្នាថា ខុសច្បាប់។បន្ទាប់ពីការដាក់បម្រាម ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា បានប្រមូលផ្តុំគ្នានៅផ្នែកមួយផ្សេងទៀតនៃទីក្រុងអ៊ីស្តង់ប៊ុល ដោយមានអ្នកតំណាងម្នាក់ បានអានសេចក្តីថ្លែងការណ៍ដែលនិយាយថា «យើងពុំបង្ខំនគរបាលឱ្យដោះស្រាយជាមួយពួកយើងនោះទេ»។ អ្នកបានបិទផ្លូវ និងទីលានទាំងអស់ អ្នកបានបញ្ឈប់ជីវិតនៅទីក្រុងទាំងមូល ប៉ុន្តែអ្នកបានភ្លេចហើយថា យើងនឹងតស៊ូ ហើយស្វែងរកគ្នាទៅវិញទៅមកប្រសិនបើចាំបាច់។សាក្សីសារព័ត៌មានរ៉យទ័រ បាននិយាយថា មន្រ្តីនគរបាល បានស្វែងរកក្រុមអ្នកតវ៉ានៅតាមដងផ្លូវ ហើយបានឃាត់ខ្លួនមនុស្សយ៉ាងហោចណាស់ ១៥ នាក់ ។

មនុស្សមួយចំនួនស្លាប់ ដោយសារព្យុះភ្លៀងដ៏កំណាច វាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលីនិងអាល្លឺម៉ង់

2024/07/01 09:20:50 am        125
ក្រុមអាជ្ញាធរក្នុងតំបន់បាននិយាយថា ព្យុះភ្លៀងដ៏ខ្លាំងក្លា ដែលបានវាយប្រហារប្រទេសបារាំង ស្វីស អ៊ីតាលី និងអាល្លឺម៉ង់ កាលពីចុងសប្តាហ៍នេះ បានឆក់យកជីវិតមនុស្ស៧នាក់ ។ ក្រុមអាជ្ញាធរក្នុងតំបន់បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា មនុស្ស៣នាក់ក្នុងវ័យ ៧០ និង ៨០ ឆ្នាំបានស្លាប់នៅក្នុងតំបន់អូបេ (Aube) ភាគឦសាននៃប្រទេសបារាំងកាលពីថ្ងៃសៅរ៍ នៅពេលដើមឈើមួយដើមបានដួលរលំលើរថយន្តដែលពួកគេកំពុងធ្វើដំណើរក្នុងពេលមានខ្យល់បក់ខ្លាំង។យោងតាមនគរបាលក្នុងតំបន់ នៅប្រទេសស្វីស មនុស្ស៤នាក់បានស្លាប់ និង២នាក់ផ្សេងទៀតកំពុងបាត់ខ្លួនបន្ទាប់ពីព្យុះភ្លៀងផ្គររន្ទះ និងព្រិលរលាយ បានបង្កជាទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ចំនួនពីរភាគខាងត្បូង។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជនរងគ្រោះបីនាក់បានស្លាប់កាលពីព្រឹកថ្ងៃអាទិត្យ ក្នុងបំណាក់ដីនៅជ្រលងភ្នំ ម៉ាចា (Maggia) ដាច់ស្រយាល ក្នុងតំបន់ Alpine Canton of Ticino ដែលនិយាយភាសាអ៊ីតាលី។ចំណែកនៅក្នុងប្រទេសបារាំងអាល្លឺម៉ង់ភាគខាងត្បូងវិញ ជួបប្រទះអាកាសធាតុអាប់អួរដោយមានភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់កាលពីចុងសប្ដាហ៍នេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គីម សុផារុន អញ្ជើញដឹកនាំប្រជុំបច្ចេកទេសនៃគណៈកម្មការការងារលើកទី៧ VECONAC តាមប្រព័ន្ធវីដេអូ
06/20/2026 06:06 PM
បង្ក្រាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams ៣ទីតាំង​ នៅ​ក្រុង​បាវិត ឃាត់ខ្លួជនបរទេស៣២នាក់
06/20/2026 06:06 PM
មន្ត្រីជំនាញ៖ ឧក្រិដ្ឋជនប្រើប្រាស់ប្រព័ន្ធអនឡាញធ្វើជាឧបករណ៍ឆបោក លួចទិន្នន័យ បង្កវិនាសកម្មផ្នែកសេដ្ឋកិច្ច
06/20/2026 06:06 PM
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ គណបក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
06/20/2026 06:06 PM
ទេសាភិបាលធនាគារជាតិ៖ រាជរដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់បំផុតដល់ការអភិវឌ្ឍធនធានមនុស្ស
06/20/2026 06:06 PM
នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ សមាគមធុរកិច្ចអតីតយុទ្ធជនវៀតណាម
06/20/2026 06:06 PM
លោក Merz ៖ អ៊ុយក្រែនមិនអាចក្លាយជាសមាជិកសហភាពអឺរ៉ុបបានទេ ខណៈខ្លួនកំពុងស្ថិតក្នុង សង្គ្រាមបែបនេះ
06/20/2026 06:06 PM
អ្នកការទូតបេឡារុស៖ លោក ហ្សេឡិនស្គី កំពុងព្យាយាមធ្វើឲ្យអឺរ៉ុបទាំងមូលធ្លាក់ចូលទៅក្នុងជម្លោះប្រដាប់អាវុធ
06/20/2026 05:06 PM
លោក TRUMP និយាយថា ប្រតិបត្តិការដើម្បីផ្លាស់ប្តូរថ្នាក់ដឹកនាំគុយបា នៅតែអាចធ្វើទៅបាន
06/20/2026 05:06 PM
មេដឹកនាំប្រឆាំងវ៉េណេស៊ុយអេឡា ធ្វើដំណើរទៅទស្សនកិច្ចសហរដ្ឋអាមេរិក បន្ទាប់ពីពិភាក្សាជាមួយរដ្ឋាភិបាលបណ្ដោះអាសន្ន
06/20/2026 03:06 PM