ជនជាតិចិន ១៦៤នាក់ពាក់ទៀត ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
អាជ្ញាធរស្រុកឈូកព្រមានអាជីវករឱ្យបញ្ឈប់ការទិញលក់ទំនិញនាំចូលពីថៃ
អាជ្ញាធររាជធានីភ្នំពេញ បន្តបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបាន​រកឃើញ​មួយទីតាំងទៀត នៅខណ្ឌ៧មករា
អភិបាលខេត្តកណ្ដាលបានអំពាវនាវឱ្យបញ្ឈប់ការប្រេីប្រាស់​ ឬ​បញ្ឈប់​លក់បន្ត​ប្រហិតហតដករបស់ក្រុមហ៊ុន​ TSP

សន្តិសុខ និង សង្គម

នគរបាលទួរគី បានចាប់ខ្លួនជនសង្ស័យ១២០នាក់ពាក់ព័ន្ធការជួញដូររូបិយប័ណ្ណគ្រីបតូ

2023/06/21 11:10:22 am        108
ទួរគី៖ លោក អាលី យើលីកាយ៉ា (Ali Yerlikaya) រដ្ឋមន្ត្រីថ្មីនៃក្រសួងមហាផ្ទៃរបស់ប្រទេសទួរគី បាននិយាយថា នគរបាលរបស់ប្រទេសនេះ បានបង្ក្រាបមនុស្សជាច្រើនដែលត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធការជួញដូររូបិយប័ណ្ណគ្រីបតូ ។យោងតាមលោក យើលីកាយ៉ា គណនីធនាគារជាង៤ពាន់ ត្រូវបានត្រួតពិនិត្យនិងមានប្រាក់លីរ៉ា របស់ទួរគីសរុបចំនួន១.២ពាន់លាន ស្មើរនឹង៥១លានដុល្លារអាមេរិក ត្រូវបានរកឃើញថាបានធ្វើប្រតិបត្តិការផ្ទេរសាច់ប្រាក់រវាងគណនីទាំងនោះ។ រដ្ឋមន្ត្រីខាងលើនេះ បាននិយាយថា ជនសង្ស័យចំនួន១២០នាក់ ត្រូវបានឃុំខ្លួន នៅក្នុងប្រតិបត្តិការដំណាលគ្នា ទូទាំងខេត្តចំនួន៣៧ ដោយបន្ថែមថា រដ្ឋាភិបាល នឹងបន្តប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យបានហ្មត់ចត់៕

២នាក់ស្លាប់ ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រកងទ័ពអាកាសកាណាដា ចូលក្នុងទន្លេទីក្រុងOttawa

2023/06/21 11:01:58 am        123
កាណាដា៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បាននិយាយថា ឧទ្ធម្ភាគចក្រកងទ័ពអាកាសកាណាដា បានធ្លាក់ចូលទៅក្នុងទន្លេ Ottawa កាលពីព្រឹកថ្ងៃអង្គារ បណ្តាលឲ្យសមាជិកកងកម្លាំងប្រដាប់អាវុធ២នាក់បានស្លាប់ និង២នាក់ផ្សេងទៀតបានរួចជីវិត ហើយកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។កងកម្លាំងទ័ពអាកាសបាននិយាយថា ឧបទ្ទវហេតុនៃឧទ្ធម្ភាគចក្រ CH147 Chinook របស់កងកម្លាំងទ័ពអាកាសភូមិន្ទកាណាដា បានកើតឡើងនៅជិតមូលដ្ឋានយោធាក្នុងតំបន់ Petawawa ភាគពាយព្យរដ្ឋធានីOttawa ក្នុងរដ្ឋ Ontario ក្រោយពេលកណ្តាលអាធ្រាត។ លោក Trudeau និយាយថា នឹងមានការស៊ើបអង្កេតក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនេះ។ កាលពីឆ្នាំ២០២០ ឧទ្ធម្ភាគចក្រមួយគ្រឿងរបស់ប្រទេសកាណាដា បានធ្លាក់ចូលទៅក្នុងសមុទ្រម៉េឌីទែរ៉ាណេ នៅជិតឆ្នេរសមុទ្រប្រទេសក្រិក បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់៕

ជនជាតិអ៊ីស្រាអែល ៤នាក់ ត្រូវបានខ្មាន់កាំភ្លើងប៉ាឡេស្ទីន បាញ់សម្លាប់ជិតកន្លែងតាំងទីលំនៅ ក្នុងតំបន់ West Bank

2023/06/21 10:36:25 am        113
អ៊ីស្រាអែល៖ ក្រុមគ្រួពេទ្យបាននិយាយថា ជនជាតិអ៊ីស្រាអែលចំនួន៤នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារមួយនៅជិតកន្លែងតាំងទីលំនៅមួយក្នុងតំបន់ West Bank ដែលត្រូវបានគ្រប់គ្រងដោយអ៊ីស្រាអែល។ មនុស្សចំនួន៤នាក់ផ្សេងទៀត បានរងរបួសម្នាក់ក្នុងចំណោមពួកគេមានសភាពធ្ងន់ធ្ងរ នៅពេលខ្មាន់កាំភ្លើងប៉ាឡេស្ទីន២នាក់ បើកការបាញ់រះនៅភោជនីយដ្ឋានមួយ និងប៉ុស្តិ៍ល្បាតមួយនៅលើផ្លូវហាយវ៉េខាងក្រៅទីតាំងសង់លំនៅឋាន Eli។ យោធាអ៊ីស្រាអែល បាននិយាយថា ក្រុមអ្នកវាយប្រហារទាំងនោះ គឺជាក្រុមភេរវករមានសម្ព័ន្ធភាពជាមួយក្រុមហាម៉ាស់។ ម្នាក់ត្រូវបានបាញ់ស្លាប់នៅកន្លែងកើតហេតុ ដោយជនស៊ីវិលប្រដាប់អាវុធម្នាក់ ចំណែកជនទី២បានលួច រថយន្ត គេជិះរត់គេច ហើយក្រោយមកទំនងជាត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងអ៊ីស្រាអែល ក្នុងទីប្រជុំជន ទូបាស់ (Tubas)។លោកនាយករដ្ឋមន្ត្រី អ៊ីស្រាអែល បាននិយាយថា ជម្រើសទាំងអស់គឺបើកចំហ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលលោកបានហៅថាជាការវាយប្រហារភេរវកម្មដ៏រន្ធត់និង ស្អប់ខ្ពើម ដែលបានកើតឡើងក្រោយអំពើហិង្សាដ៏ធ្ងន់ធ្ងរទូទាំងតំបន់ West Bank ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ។ អ្នកនាំពាក្យក្រុមហាម៉ាស់ បាននិយាយថា ការបាញ់ប្រហារនេះ ជាការសងសឹកទៅនឹងការវាយឆ្មក់របស់យោធាអ៊ីស្រាអែល ក្នុងទីប្រជុំជន ជេនីន (Jenin) កាលពីថ្ងៃចន្ទ ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន៦នាក់៕

រុស្ស៊ីវាយប្រហារលើទីក្រុងគីវ ខណៈលោក Zelensky និយាយថាកងកម្លាំងរបស់ក្រងមូស្គូ ត្រូវបានកម្ទេច

2023/06/21 10:09:09 am        192
អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និយាយថា កាលពីថ្ងៃអង្គារថា រុស្ស៊ី បានវាយប្រហារលើកងកម្លាំងយោធា និងដាក់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងទីក្រុង គីវ (Kyiv) របស់ប្រទេសអ៊ុយក្រែននិងនៅទូទាំងតំបន់មួយចំនួនផ្សេងទៀត ក្នុងប្រទេសនេះ រួមទាំងតំបន់ភាគខាងលិចឆ្ងាយពីសមរភូមិជួរមុខ។ លោកប្រធានាធិបតី Volodymyr Zelensky បានកោតសរសើរប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ដែលបានបាញ់ទម្លាក់យានដ្រូនជាង៣០គ្រឿង និងបាននិយាយច្បាស់ៗថា កងកម្លាំងរបស់អ៊ុយក្រែន កំពុងកម្ទេចកងកម្លាំងរុស្ស៊ីនៅក្នុងសមរភូមិធំៗចំនួន២នៃជម្លោះនេះ គឺនៅក្នុងភាគខាងកើត និងខាងត្បូង។ មេបញ្ជាកនៃកងកម្លាំងថ្មើរជើង និងជាអនុរដ្ឋមន្ត្រីការពារជាតិរបស់លោក បានរាយការណ៍ពីជ័យជម្នះ នៃការវាយបកនៅក្នុងតំបន់ទាំង២នេះ ។   ក្រសួងការពារជាតិរុស្ស៊ីវិញ បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយកម្ទេចឃ្លាំងគ្រាប់រំសេវចំនួន៨កន្លែង ទូទាំងប្រទេសអ៊ុយក្រែន ក្នុងរយៈពេលមិនដល់២៤ម៉ោង និងបានរារាំងការវាយប្រហាររបស់កម្លាំងអ៊ុយក្រែនក្នុងតំបន់ចំនួន៣ ផងដែរ។  ក្រសួងការពារជាតិរុស្ស៊ីខាងលើ បាននិយាយថា កងកម្លាំងអ៊ុយក្រែន បានព្យាយាមវាយប្រហារលើទីក្រុង Donetsk ភាគខាងកើត និងភាគខាងត្បូង តំបន់ Zaporizhzhia គ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែពុំបានសម្រេច។  ក្រុមអាជ្ញាធរប្រចាំតំបន់តែងតាំងដោយរុស្ស៊ី បាននិយាយថា កាលពីថ្ងៃអង្គារនោះដែរ កងកម្លាំងអ៊ុយក្រែន បានវាយប្រហារលើទីប្រជុំជន ណូវ៉ា កាខូវកា (Nova Kakhovka)ក្នុងភាគខាងត្បូងតំបន់ Kherson ដោយប្រើយានដ្រូន បានសម្លាប់ស្ត្រីម្នាក់ និងបណ្ដាលឲ្យជនស៊ីវិល៤នាក់ផ្សេងទៀតរងរបួស៕

ក្តៅខ្លាំងនៅឥណ្ឌាភាគខាងជើង ស្លាប់មនុស្ស១៧០នាក់

2023/06/20 02:12:57 pm        92
ឥណ្ឌា៖ ប្រព័ន្ធផ្សព្វផ្សាយឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពកើនឡើង បណ្តាលឲ្យមនុស្សជិត១៧០នាក់ស្លាប់ នៅរដ្ឋនៃប្រទេសឥណ្ឌាភាគខាងជើងចំនួន២ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ខណៈហ្វូងមនុស្សសម្រុកចូលទៅកាន់មន្ទីរពេទ្យនានា កង្វះធនធានវេជ្ជសាស្ត្រ និងការរាលដាលការដាច់ទឹកនិងអគ្គិសនី បានធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យោងតាមក្រសួងឧត្តុនិយមឥណ្ឌាបានឲ្យដឹងថា សីតុណ្ហភាពនៅពេលថ្មីៗនេះលើសពីកម្រិតមធ្យមឥតឈប់ឈរ ដោយកើនឡើងខ្ពស់បំផុតដល់៤៣.៥ អង្សារសេ។ រដ្ឋាភិបាលឥណ្ឌាបានចេញការព្រមានពីសីតុណ្ហភាពខ្ពស់ក្នុងរដ្ឋ Uttar Pradesh និងនៅទីកន្លែងផ្សេងទៀត។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងមន្ត្រីសុខាភិបាល បានឲ្យដឹងថា មនុស្ស១១៩នាក់ បានស្លាប់នៅក្នុងរដ្ឋ Uttar Pradesh និង៤៧នាក់ នៅក្នុងរដ្ឋ Bihar ដែលនៅជិតខាង។ មន្ទីរពេទ្យជាច្រើន មានមនុស្សច្រើនលើសលប់ ដោយបុគ្គលិកពេទ្យកំពុងធ្វើការទាំងយប់ទាំងថ្ងៃ៕

របាយការណ៍ថ្មី៖ ការឡើងកម្តៅផែនដី អាចធ្វើឲ្យរួមលំហូរផ្ទាំងទឹកកកភ្នំហិម៉ាឡៃរហូតដល់ ៨០ភាគរយនៅក្នុងសតវត្សរ៍នេះ

2023/06/20 01:36:42 pm        84
យោងតាមសេចក្តីរាយការណ៍ថ្មី បានឲ្យដឹងថា ផ្ទាំងទឹកកក កំពុងរលាយក្នុងអត្រាពុំធ្លាប់ដែលមានពីមុនមកនៅទូទាំងតំបន់ជួរភ្នំហិម៉ាឡៃ ហើយវានឹងអាចបាត់បង់ទឹកកករហូតដល់ ៨០ភាគរយនៃទំហំទឹកកកបច្ចុប្បន្នក្នុងសតវត្សរ៍នេះ បើសិនជាការបំភាយឧស្ម័នផ្ទះកញ្ចក់ មិនត្រូវបានកាត់បន្ថយឆាប់រហ័សទេនោះ ។  របាយការណ៍ពីមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍ភ្នំសមាហរណកម្មដែលមានមូលដ្ឋាននៅទីក្រុងកដ្ឋម៉ាន់ដូ ប្រទេសនេប៉ាល់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទឹកជំនន់ដ៏គំហុក និងបំណាក់ផ្ទាំងទឹកក ទំនងជាកើនឡើងច្រើនជាងមុន ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ហើយវាអាចធ្វើឲ្យទឹកសាប ប៉ះពាលដល់មនុស្សជាតិ ២ពាន់លាននាក់ដែលរស់នៅតាមខ្សែទឹកខាងក្រោមនៃទន្លេចំនួន ១២ ដែលមានប្រភពដើមនៅតំបន់ភ្នំ ។  ទឹកកក និងព្រិលនៅតំបន់ជួរភ្នំហិម៉ាឡៃ គឺជាប្រភពទឹកដ៏សំខាន់សម្រាប់ទន្លេទាំងនេះ ដែលហូរកាត់ប្រទេសចំនួន ១៦ នៅតំបន់អាស៊ី ហើយវាផ្តល់ទឹកសាបដល់មនុស្ស ២៤០លាននាក់ នៅតាមតំបន់ភ្នំ និងមនុស្ស ១,៦៥ពាន់លាននាក់ នៅតាមខ្សែទឹកខាងក្រោម ។  លោក Amina Maharjan គឺជាអ្នកឯកទេសចំណាកស្រុក និងស្ថិតក្នុងចំណោមអ្នកនិពន្ធរបាយការណ៍នេះ និយាយថា មនុស្សរស់នៅតាមតំបន់ភ្នំទាំងនេះ ដែលពុំបានរួមចំណែកអ្វីទាល់តែសោះចំពោះការឡើងកម្តៅផែនដី ស្ថិតក្នុងហានិភ័យខ្ពស់ដោយសារបម្រែបម្រួលអាកាសធាតុ ។  លោកបន្តថា កិច្ចខិតខំសម្របខ្លួនមិនគ្រប់គ្រាន់នោះទេ ហើយពួកយើងពិតជាមានការព្រួយបារម្ភខ្លាំងណាស់ថា បើគ្មានការគាំទ្រច្រើនជាងនេះទេ សហគមន៍ទាំងអស់នេះ នឹងពុំអាចទប់ទល់បាននោះទេ ៕

អ្នកជម្លៀសខ្លួនជាង ៦០០នាក់ធ្លាក់ខ្លួនឈឺដោយសារការផ្ទុះភ្នំភ្លើងនៅប្រទេសហ្វីលីពីន

2023/06/20 11:42:15 am        98
ហ្វីលីពីន៖ ទីភ្នាក់ងាររដ្ឋាភិបាលមួយបានរាយការណ៍កាលពីថ្ងៃចន្ទថា មនុស្សយ៉ាងហោចណាស់ ៦២៨ នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីត្រូវបានជម្លៀសខ្លួនទៅកាន់ទីជម្រកដោយសារតែការផ្ទុះនៃភ្នំភ្លើង Mayon ដែលជាភ្នំភ្លើងសកម្មបំផុតនៅក្នុងប្រទេសហ្វីលីពីន។ ក្រុមប្រឹក្សាគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាតិ បានកត់ត្រាយ៉ាងហោចណាស់ជំងឺចំនួន ១០ ប្រភេទដែលប៉ះពាល់ដល់អ្នកជម្លៀសខ្លួនដែលមានអាយុចន្លោះពី២ ទៅ ៦៤ឆ្នាំ រួមមាន ជំងឺក្អក ផ្តាសាយ គ្រុនក្តៅ រលាកក្រពះ ការឆ្លងមេរោគផ្លូវដង្ហើម និងជំងឺស្បែក។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយ បាននិយាយថាមនុស្សជិត ៣៩.០០០ នាក់ បានរងផលប៉ះពាល់ដោយការផ្ទុះនៃភ្នំភ្លើង Mayon ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ៨ ខែមិថុនា។អាជ្ញាធរក្នុងតំបន់បានជម្លៀសអ្នកភូមិជាង ២០.០០០នាក់ដែលរស់នៅក្នុងតំបន់គ្រោះថ្នាក់ជុំវិញភ្នំភ្លើង Mayon ដែលមានរាងកោណដ៏ទាក់ទាញនៅក្នុងខេត្ត Albay មានចម្ងាយប្រមាណ៥០០ គីឡូម៉ែត្រភាគអាគ្នេយ៍នៃរដ្ឋធានីម៉ានីល របស់ប្រទេសហ្វីលីពីន។ ខេត្តដែលស្ថិតក្រោមស្ថានភាពរដ្ឋក្នុងគ្រាអាសន្នបានបង្កើតមជ្ឈមណ្ឌលជម្លៀសចំនួន ២៨ កន្លែងសម្រាប់ជនភៀសខ្លួន ដែលភាគច្រើននៅក្នុងថ្នាក់រៀន។វិទ្យាស្ថានសិក្សាពីភ្នំភ្លើងនិងរញ្ជួយដីប្រទេសហ្វីលីពីន កាលពីថ្ងៃចន្ទបានកត់ត្រាលំហូរ ចេញពីកម្អែភ្នំភ្លើងដែលបានធ្លាក់មកមានរយៈពេលបីនាទី។ផ្សែងផេះដែលផ្ទុកដោយចំហាយបានកើនឡើងដល់៦០០ ម៉ែត្រហើយវិទ្យាស្ថានបានរក្សាកម្រិតប្រកាសអាសន្នភ្នំភ្លើងនៅកម្រិត៣ក្នុងចំណោមកម្រិតទាំង៥ ។ ភ្នំភ្លើងបានផ្ទុះចុងក្រោយក្នុងឆ្នាំ ២០១៨ បណ្តាលឱ្យមានការជម្លៀសមនុស្សជាង ២៣.០០០ នាក់ពីទីក្រុង និងក្រុងចំនួនប្រាំបួន៕

អ្នកស្លាប់ក្នុងសោកនាដកម្មជនអន្តោប្រវេសន៍នៅប្រទេសក្រិកកើនឡើង ជនសង្ស័យត្រូវបានចាប់ខ្លួន

2023/06/20 11:17:14 am        83
ក្រិក៖ ជនសង្ស័យថាបានរត់ពន្ធជនអន្តោប្រវេសន៍ជាច្រើននាក់ដែលបានលង់ទឹកក្នុងហេតុការណ៍លិចទូកនៅសមុទ្រមេឌីទែរ៉ាណេ កាលពីសប្តាហ៍មុន ត្រូវបានគេរំពឹងថានឹងប្រឈមមុខការចោទប្រកាន់ពីបទមនុស្សឃាតនៅតុលាការប្រទេសក្រិកក្នុងសប្តាហ៍នេះ ខណៈប្រទេសប៉ាគីស្ថានបានចាប់ខ្លួនជនសង្ស័យរាប់សិបនាក់ជុំវិញគ្រោះមហន្តរាយនេះ។ ប្រទេសក្រិក បានរកឃើញសាកសពបីនាក់បន្ថែមទៀតកាលពីថ្ងៃចន្ទ ដោយនាំឱ្យចំនួនជនរងគ្រោះដែលត្រូវបានបញ្ជាក់កើនឡើងដល់៨១នាក់ បន្ទាប់ពីទូកនេសាទមួយគ្រឿងដែលផ្ទុកជនអន្តោប្រវេសន៍រាប់រយនាក់បានលិចនៅឆ្នេរសមុទ្រភាគនិរតីកាលពីសប្តាហ៍មុន។ មានតែមនុស្ស ១០៤ នាក់ប៉ុណ្ណោះដែលត្រូវបានគេដឹងថាបានរួចជីវិតពីឧបទ្ទវហេតុនេះ។ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលផ្លូវការរបស់ទីក្រុងAthens បាននិយាយថា មេធាវីរបស់ជនសង្ស័យរត់ពន្ធ៩នាក់ដែលត្រូវបានចាប់ខ្លួនដោយប្រទេសក្រិក ទាំងអស់មកពីប្រទេសអេហ្ស៊ីប បានស្នើសុំ និងត្រូវបានអនុញ្ញាតឱ្យសវនាការលើការចោទប្រកាន់របស់ពួកគេត្រូវពន្យារពេលទៅដល់ព្រឹកថ្ងៃអង្គារនេះ។ ប្រទេសក្រិកនៅតែស្វែងរកនៅសមុទ្រកាលពីថ្ងៃចន្ទ ទោះបីជាឱកាសនៃការរកឃើញអ្នកនៅរស់រានមានជីវិតបន្ថែមទៀតត្រូវបានគេសន្និដ្ឋានថាស្ទើរឈានដល់ចំណុចសូន្យក៏ដោយ។ ទូកបានលិចនៅក្នុងដែនទឹកជ្រៅបំផុតនៅសមុទ្រមេឌីទែរ៉ាណេ។ជនរងគ្រោះត្រូវបានគេជឿថាមកពីប្រទេសស៊ីរី ប៉ាគីស្ថាន និងប្រទេសអេហ្ស៊ីប។ ប្រទេសក្រិកកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងសម្រាប់ការឆ្លើយតបរបស់ខ្លួនចំពោះគ្រោះមហន្តរាយដែលបានកើតឡើង ទោះបីជាទូកត្រូវបានឃ្លាំមើលដោយឆ្មាំល្បាតឆ្នេរអស់រយៈពេលជាច្រើនម៉ោងក៏ដោយ។ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទបានប្រកាសជាថ្ងៃកាន់ទុក្ខជាតិ បន្ទាប់ពីជនរងគ្រោះយ៉ាងហោចណាស់ ២១ នាក់ត្រូវបានបញ្ជាក់ពីស្រុក Koti ក្នុងតំបន់គ្រប់គ្រងដោយប៉ាគីស្ថាននៃតំបន់ភ្នំហិម៉ាឡៃ-កាស្មៀរ។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ទូកនេះផ្ទុកមនុស្សប្រហែល ៨០០ នាក់។ យោងតាមការសន្និដ្ឋានផ្សេងទៀត មានមនុស្សយ៉ាងហោចណាស់ ៤០០ នាក់នៅលើទូកនោះ។ នៅប្រទេសប៉ាគីស្ថាន មនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យពីបទជួញដូរមនុស្ស៕

មនុស្ស ៤ នាក់រងរបួសដោយបុរសកាន់ពូថៅវាយអ្នកទទួលទានអាហារនៅភោជនីយដ្ឋានចិនក្នុងប្រទេសនូវ៉ែលហ្សេឡង់

2023/06/20 11:08:52 am        86
នូវ៉ែលហ្សេឡង់៖ នគរបាល និងសាក្សីបាននិយាយថា បុរសម្នាក់ប្រដាប់ដោយពូថៅបានវាយប្រហារអ្នកទទួលទានអាហារ នៅភោជនីយដ្ឋានចិនដែលនៅជិតគ្នាចំនួនបីក្នុងប្រទេសនូវ៉ែលហ្សេឡង់បណ្តាលឲ្យមនុស្ស៤នាក់របួស។ នគរបាលបាននិយាយថា បុរសនោះបានចាប់ផ្តើមវាយប្រហារនៅម៉ោងប្រហែល ៩ យប់ម៉ោងក្នុងតំបន់ កាលពីថ្ងៃច័ន្ទនៅតំបន់ Albany ជាយទីក្រុង Auckland ភាគខាងជើង ។ នគរបាលបានចាប់ខ្លួនជនសង្ស័យអាយុ២៤ឆ្នាំម្នាក់នៅកន្លែងកើតហេតុ និងបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយចេតនាក្នុងស្ថានភាពធ្ងន់ធ្ងរ។ បុរសនោះជាជនជាតិចិន បានចូលបង្ហាញខ្លួននៅតុលាការនៅថ្ងៃអង្គារនេះ។ នគរបាលពុំបានផ្តល់មូលហេតុភ្លាមៗសម្រាប់ការវាយប្រហារនេះទេ ប៉ុន្តែបាននិយាយថាពួកគេគ្មានភស្តុតាងថាវាជាមូលហេតុនៃការប្រកាន់ពូជសាសន៍នោះទេ។មន្ទីរពេទ្យ North Shore បាននិយាយថា ខាងមន្ទីពេទ្យមានអ្នកជំងឺ២នាក់របួសស្រាល ដែលអ្នកទាំងពីរស្ថិតក្នុងស្ថានភាពមានស្ថិរភាព ហើយមុននេះ អ្នកជំងឺទី ៣ បានចាកចេញពីមន្ទីរពេទ្យ។ អ្នកទទួលទានអាហារម្នាក់បានប្រាប់សារព័ត៌មាន New Zealand Herald ថាលោកកំពុងទទួលអាហារពេលល្ងាចជាមួយមិត្តម្នាក់ នៅពេលនោះបុរសម្នាក់ដើរចូលហើយចាប់ផ្តើមវាយទៅលើមិត្តរបស់គាត់ដែលបានបណ្តាលឲ្យរងរបួសធ្ងន់៕

នាវាមុជទឹករុករកបំណែកនាវា Titanic កំពុងបាត់ការទាក់ទង ខណៈការស្វែងរកកំពុងប្រព្រឹត្តទៅ

2023/06/20 11:05:55 am        191
យោងតាមក្រុមហ៊ុនឯកជន ដែលបានបញ្ជូននាវាមុជទឹក ដើម្បីធ្វើដំណើររុករកបំបែករបស់នាវាទីតានិក (Titanic) បានឲ្យដឹងថា នាវាបេសកកម្មនេះ បានបាត់ការទាក់ទងនៅឯឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសកាណាដា។ក្រុមហ៊ុន OceanGate Expeditions បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ កាលពីថ្ងៃចន្ទ (ទី១៩ ខែមិថុនា) ថា ខ្លួនកំពុង«ប្រមូលនូវជម្រើសទាំងអស់» ដើម្បីរកវិធីជួយសង្គ្រោះអ្នកនៅក្នុងនាវាមុជទឹកនោះ។ គេមិនទាន់ដឹងភ្លាមៗទេថា មានមនុស្សប៉ុន្មាននាក់បាត់ខ្លួននោះ។ឆ្មាំល្បាតឆ្នេរសមុទ្រសហរដ្ឋអាមេរិក មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។ សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយនានា បានឲ្យដឹងថា ឆ្មាំល្បាតឆ្នេរ បានចាប់ផ្តើមប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះហើយ។គួរបញ្ជាក់ដែរថា យោងតាមគេហទំព័ររបស់ក្រុមហ៊ុន បានឲ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងដំណើរការបេសកកម្មទី៥ របស់ខ្លួន នៅឆ្នាំ២០២៣ ដែលគ្រោងនឹងចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយបញ្ចប់នៅថ្ងៃព្រហស្បតិ៍ (ទី២២ ខែមិថុនា)។យោងតាមគេហទំព័ររបស់ OceanGate បានឲ្យដឹងថា បេសកកម្មទេសចរណ៍ដែលមានតម្លៃ ២៥០.០០០ដុល្លារ ក្នុងមនុស្សម្នាក់ ចាប់ផ្តើមនៅទីក្រុង St. John's នៃខេត្ត Newfoundland របស់ប្រទេសកាណាដា មុនពេលចេញដំណើរប្រហែល ៤០០ម៉ាយល៍ (ជិត៦៤៤គីឡូម៉ែត្រ) ចូលទៅក្នុងមហាសមុទ្រអាត្លង់ទិក ឆ្ពោះទៅកាន់កន្លែងបំណែករបស់នាវា ដែលបានលិចក្នុងឆ្នាំ១៩១២៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM