ភ្នំពេញ ៖ រយៈពេលប្រមាណ១សប្ដាហ៍នេះ ការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅកម្ពុជា មានការធ្លាក់ចុះក្រោមចំនួន ៥០០ ករណី។ ជុំវិញការធ្លាក់ចុះនៃការឆ្លងនេះ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងកាលពីចុងសប្ដាហ៍ថា ការឆ្លងប្រចាំថ្ងៃក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាមានការធ្លាក់ចុះមែន តែបើមើលក្រាហ្វិក នៃការឆ្លងគិតជាខែវិញ គឺមានចំនួនច្រើននៅឡើយ ហើយក្ដីបារម្ភមួយទៀតគឺវត្តមានវីរុសបំប្លែងថ្មី។
ការឆ្លងកូវីដ-១៩ ប្រចាំថ្ងៃនៅកម្ពុជា ក្នុងរយៈពេលប្រមាណមួយសប្ដាហ៍ចុងក្រោយនេះមានការធ្លាក់ចុះជាបន្តបន្ទាប់ដោយស្ថិតក្រោមចំនួន ៥០០ ករណីក្នុងមួយថ្ងៃ។ ជុំវិញការធ្លាក់ចុះចំនួនឆ្លងនេះ លោកជំទាវ ឱ វណ្ឌឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល លើកឡើងថា វានៅតែជាក្ដីព្រួយបារម្ភ និងទាមទារឱ្យមានការអនុវត្តវិធានការការពារចាំបាច់បំផុត។ លោកជំទាវថា ករណីឆ្លងប្រចាំថ្ងៃពិតជាមានធ្លាក់ចុះមួយចំនួនពិតមែន តែបើមើលការឆ្លងគិតជាខែវិញ គឺការឆ្លងក្នុងខែ ឧសភានេះស្ថិតក្នុងចំនួនច្រើន ស្របពេលដែលខែឧសភា មិនទាន់បិទបញ្ចប់នៅឡើយ។
ជាក្ដីព្រួយបារម្ភមួយទៀត ដែលលោកជំទាវ បានលើកឡើងនោះ គឺវត្តមានវីរុសបំប្លែងថ្មីទាំងវីរុសបំប្លែងថ្មីមានប្រភពពីចក្រភពអង់គ្លេស និងវីរុសបំប្លែងថ្មីដែលមានប្រភពពីប្រទេស ឥណ្ឌា។ លោកជំទាវថា សព្វថ្ងៃវីរុសបំប្លែងថ្មីមកពីអង់គ្លេស គឺមានវត្តមានចរាចរណ៍នៅកម្ពុជាហើយ ចំណែកវត្តមានវីរុសបំប្លែងថ្មីពីឥណ្ឌាវិញ គឺកំពុងរីករាលដាលទៅប្រទេសជាច្រើន ជាក្ដីព្រួយបារម្ភសកល ហើយវីរុសនេះ ក៏ធ្លាប់បានរកឃើញនៅកម្ពុជា ១ករណីផងដែរ ជាករណីនាំចូលហើយបានព្យាបាលជាសះស្បើយ។
ការធ្លាក់ចុះនៃចំនួនឆ្លងប្រចាំថ្ងៃប្រមាណ១សប្ដាហ៍មកនេះ ប្រជាពលរដ្ឋក៏បង្ហាញការសាទរផងដែរ។ ទន្ទឹមនឹងភាពរីករាយនេះ ពួកគាត់ថាការរស់នៅ និងការប្រកបរបរជីវិតប្រចាំថ្ងៃរបស់ពួកគាត់ គឺនៅតែរក្សាការប្រុងប្រយ័ត្នអនុវត្តវិធានការការពារ តាមការណែនាំរបស់ក្រសួងសុខាភិបាលនិងរាជរដ្ឋាភិបាល មិនប្រហែសនោះទេ។
បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញយុទ្ធសាស្ត្រជាច្រើនក្នុងការទប់ស្កាត់ការរីករាលដាលនៃការឆ្លងកូវីដ-១៩។ ក្នុងនោះរាជរដ្ឋាភិបាល ក៏បានស្វះស្វែងរកជំនួយ និងទិញវ៉ាក់សាំងដើម្បីចាក់ជូនដល់ប្រជាពលរដ្ឋផងដែរ។ គិតត្រឹមថ្ងៃទី ១៦ឧសភា ម្សិលមិញនេះ កម្ពុជាក៏បានចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋចំនួន ២ ០៨២ ២៨២ នាក់គិតជាភាគរយស្មើនឹង ២០,៨២ ភាគរយ នៃគោលដៅចាក់ជូនប្រជាពលរដ្ឋឱ្យបាន ១០លាននាក់៕
អត្ថបទ ៖ គឹមហុក