រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មី សម្រាប់​នាំចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន
ប្រតិភូក្រុមហ៊ុន JAPFA Group ឈ្វេងយល់លើការវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​នៅកម្ពុជា
រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ
អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រីក្រសួងកសិកម្ម អញ្ជើញសម្ពោធមធ្យោបាយដឹកជញ្ជូនផ្លូវទឹកថ្មី សម្រាប់​នាំចេញ​អង្ករ​ដោយ​ផ្ទាល់​ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន

2026/09/16 04:26:15 pm        225
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅកំពង់ផែស្វយ័តព្រះសីហនុ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ពិធី​សម្ពោធ​ដ៏​សំខាន់នៃ​ “ការដឹកជញ្ជូនអង្ករ ១០ ០០០ តោន តាមផ្លូវទឹកដោយនាវាដឹកទំនិញរាយ” រវាង​ក្រុមហ៊ុន City Rice និង Dilai Trading ដើម្បីនាំ​ចេញ​ដោយ​ផ្ទាល់​ពី​ព្រះរាជា​ណា​ចក្រ​កម្ពុជា​ទៅ​កាន់​សាធារណរដ្ឋហ្វីលីពីន។ ពិធីនេះគឺជាការចាប់ផ្តើមថ្មីមួយសម្រាប់វិស័យអង្ករកម្ពុជា ដោយការដឹកជញ្ជូនតាមរយៈនាវាដឹកទំនិញរាយ នឹងបង្កើនសមត្ថភាពការនាំចេញអង្ករតាមផ្លូវទឹកបន្ថែមទៀតពីលើការដឹកជញ្ជូនតាមនាវាកុងតឺន័រ។ មធ្យោបាយនេះជួយបង្កើនប្រសិទ្ធភាព បង្កើនភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាលើទីផ្សារអន្តរជាតិ កាត់បន្ថយចំណាយនិងពេលវេលាដឹកជញ្ជូន និងធានានូវការផ្គត់ផ្គង់អង្ករដែលមានគុណភាពខ្ពស់ទៅទីផ្សារហ្វីលីពីនប្រកបដោយស្ថិរភាព។ ការដឹកជញ្ជូននាំចេញអង្ករកម្ពុជាតាមនាវាទំនិញរាយ គឺសម្រេចបានតាមរយៈការផ្ដល់ការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការប្រើប្រាស់កំពង់ផែស្វយ័តព្រះសីហនុ ហើយជោគជ័យនេះ គឺកើតចេញពីការសហការ និងសម្របសម្រួលយ៉ាងជិតស្និទ្ធពីកំពង់ផែស្វយ័តព្រះសីហនុ។ ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបាននាំចេញអង្ករទៅហ្វីលីពីនបានចំនួន ១២២ ១០២ តោន ដែលស្មើនឹងជាង ១៥,៤% នៃបរិមាណនាំចេញអង្ករសរុប ៧៩២ ២១២ តោន។ តាមការបញ្ជាក់របស់សហព័ន្ធអង្ករកម្ពុជា (CRF) អង្ករដែលមានកិច្ចសន្យាទិញរួចហើយសម្រាប់ខែកញ្ញា ដល់ខែធ្នូឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងមានបន្ថែមទៀត ៨៧ ៣៤៤ តោន ដែលនឹងធ្វើឱ្យបរិមាណនាំចេញសរុបទៅហ្វីលីពីនក្នុងឆ្នាំ២០២៦ ឈានដល់ប្រមាណ ២០៩ ៤៤៦ តោន។ នេះគឺជាការកើនឡើងដ៏ធំបើប្រៀបធៀបនឹងឆ្នាំមុនៗ ហើយជាកត្តាដ៏ធំមួយដែលរួមចំណែកក្នុងការព្យាករណ៍ឆ្ពោះទៅកាន់ការនាំចេញច្រើនជាង ១ លានតោន នៅឆ្នាំ ២០២៦ នេះដែលជាការបំបែកឯតទគ្គកម្មនាំចេញ៩៤០ ៣២១ តោនកាលពីឆ្នាំ ២០២៥ ។ សមិទ្ធផលនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលហ្វីលីពីន ព្រមទាំងវិស័យឯកជននៃប្រទេសទាំងពីរ ក្នុងការបើកទីផ្សារថ្មីនៅហ្វីលីពីន និងការតភ្ជាប់វិស័យឯកជន ដើម្បីផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកដោយកម្ពុជាទទួលបានទីផ្សារថ្មី ហើយហ្វីលីពីនទទួលបានប្រភពអង្ករថ្មីដើម្បីចូលរួមធានាសន្តិសុខស្បៀង។ ការសហការយ៉ាងជិតស្និទ្ធរវាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន Francisco P.Tiu Laurel Jr. រួមទាំងវិស័យឯកជន និងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធផ្សេងទៀត ជាពិសេសការសម្របសម្រួលការរៀបចំវេទិការទំនាក់ទំនងផ្គូរផ្គងវិស័យឯកជន B2B បានរួមចំណែកយ៉ាងសំខាន់ក្នុងលទ្ធផលជាក់ស្តែងនេះ។ កិច្ចសហការរវាងរដ្ឋ និងរដ្ឋ រួមជាមួយវិស័យឯកជន គឺជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការសម្រេចបាននូវការបើកទីផ្សារនាំចេញអង្ករដ៏ធំនេះ ហើយក៏រួមចំណែកយ៉ាងសំខាន់ក្នុងដំណើរឆ្ពោះទៅរកការបំបែកឯតទគ្គកម្មការនាំចេញជាបន្តបន្ទាប់នៅពេលអនាគត៕

ប្រតិភូក្រុមហ៊ុន JAPFA Group ឈ្វេងយល់លើការវិនិយោគវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម​នៅកម្ពុជា

2026/09/16 03:51:08 pm        165
គណៈប្រតិភូនៃក្រុមហ៊ុន JAPFA Group ជាក្រុមហ៊ុនកសិ-ចំណីអាហារឈានមុខមួយនៅអាស៊ី បាន​អញ្ជើញមកទស្សនកិច្ចសិក្សា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែង​រ​ក​កា​លា​នុវត្តភាព​វិនិយោគ​នៅ​ក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ​២០២៦​នេះ បានទទួលជួបពិភាក្សា ការងារជាមួយគណៈប្រតិភូ JAPFA Group ដឹកនាំ​ដោយ​លោក Mark Gerald Eman នាយកក្រុមហ៊ុន ដែលជាក្រុមហ៊ុនកសិ-ចំណីអាហារ (agri-food) ឈានមុខមួយនៅអាស៊ីដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៧១ នៅប្រទេសឥណ្ឌូនេស៊ី ដោយមានបទ ពិសោធន៍ប្រមាណ ៥៥ឆ្នាំ ក្នុងការផលិត និងផ្គត់ផ្គង់ផលិតផលប្រូតេអ៊ីនសំខាន់ៗ និងអាហារវេចខ្ចប់។ បច្ចុប្បន្នក្រុមហ៊ុននេះមាន ប្រតិបត្តិការនៅប្រទេសឥណ្ឌូនេស៊ី វៀតណាម ឥណ្ឌា មីយ៉ាន់ម៉ា និងបង់ក្លាដែស។ ក្រុមហ៊ុន JAPFA Group អនុវត្តគំរូអាជីវកម្ម រួមបញ្ចូលគ្នានូវខ្សែច្រវាក់តម្លៃទាំងមូល “Feed–Farm–Food” ចាប់ពីការផលិតចំណីសត្វ កសិដ្ឋានចិញ្ចឹមសត្វ ការកែច្នៃ រហូតដល់ ការផលិត និងចែកចាយផលិតផលអាហារសម្រាប់អ្នកប្រើប្រាស់ និងវិស័យសេវាកម្មម្ហូបអាហារ។ ក្នុងជំនួបនោះ, ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ចំពោះគណៈប្រតិភូក្រុមហ៊ុន JAPFA Group ដែលបានអញ្ជើញមកកម្ពុជា ស្វែងយល់ពីបរិយាកាសវិនិយោគ និងស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម។ ឯកឧត្តមអគ្គលេខាធិការបានជម្រាបជូនពីច្បាប់ស្តីពីវិនិយោគ ជាពិសេសរបបលើកទឹកចិត្តដែលមាន ភាពទាក់ទាញ និងគោលនយោបាយគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញ ដើម្បីលើកកម្ពស់សកម្មភាពធុរកិច្ច និង វិនិយោគ និងបានលើកឡើងពីការដាក់ចេញនូវ “ក្របខណ្ឌអភិវឌ្ឍន៍សួនកសិ-ឧស្សាហកម្មនៅកម្ពុជា” នាពេលកន្លងមក ដើម្បីទាក់ ទាញវិនិយោគឯកជនក្នុងគោលដៅជំរុញការកែច្នៃកសិផល និងបង្កើនតម្លៃបន្ថែមនៃវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ។ លោក Mark Gerald Eman បានលើកឡើងអំពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានទទួលស្គាល់ថា ច្បាប់ ស្តីពីវិនិយោគរបស់កម្ពុជាពិតជាមានភាពបើកចំហ មានតម្លាភាព ហើយរបបលើកទឹកចិត្តមានភាពប្រកួតប្រជែង ព្រមទាំងមានក្រប ខណ្ឌគោលនយោបាយដោយឡែកសម្រាប់គាំទ្រដល់វិស័យកសិឧ-ស្សាហកម្ម និងបានចាត់ទុកកម្ពុជាគឺជាគោលដៅវិនិយោគផងដែរ។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រចំពោះគោលបំណងបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រោះវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជាមានសក្តានុពលធំធេង ដែលទាមទារឱ្យមានក្រុមហ៊ុនដែលមានជំនាញ និង បទពិសោធន៍ច្បាស់លាស់ លើមកបណ្តាក់ទុនវិនិយោគ ដើម្បីទាញយកអត្ថប្រយោជន៍ជាអតិបរមាពីវិស័យនេះ។ គណៈកម្មាធិការ វិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីសម្របសម្រួល និងផ្តល់ការគាំទ្រដល់ក្រុមហ៊ុន មិនត្រឹមតែនៅ ដំណាក់កាលសម្រេចចិត្តវិនិយោគប៉ុណ្ណោះទេ ប៉ុន្តែពេញមួយវដ្តនៃការវិនិយោគនៅកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី 

រយៈពេល ៨ខែ, ការដោះប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទឹកប្រាក់កើនដល់ជិត ៦ ពាន់​លាន​ដុល្លារ

2026/09/16 02:41:13 pm        265
ការ​ដោះប្តូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ៨ខែ ឆ្នាំ២០២៦ មាន​ទំហំ​ទឹក​ប្រាក់​សរុបជិត ៦ ពាន់លានដុល្លារ អាមេរិក កើនឡើងជាង ៧ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នាឆ្នាំ​មុន ដោយក្នុងនោះកម្ពុជានាំចេញមានទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ និង​ការ​នាំ​ចូល​ពី​វៀតណាម​ជាង ៣ពាន់លានដុល្លារ។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម ឃើញថា នៅក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​ការដោះប្តូរពាណិជ្ជកម្មនៃ ប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ ជាពិសេស​ទីផ្សារ​វៀត​ណាមបានស្រូបយកទំនិញ និងផលិតផលរបស់កម្ពុជាកើនឡើងជាគំហុក និង​បាន​ឈរ​ក្នុង​លំដាប់ទី២ បន្ទាប់ពីការនំាចេញទំនិញរបស់កម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ជាក់ស្តែងនៅក្នុងរយៈពេល ៨ ខែ ឆ្នាំ២០២៦នេះ, បើយោង​តាម​របាយ​ការណ៍​របស់​អគ្គ​នាយក​ដ្ឋានគ​យ និងរដ្ឋាករកម្ពុជា នៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឱ្យឃើញថា ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេរភាគីកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់សរុបជិត ៦ពាន់លានដុល្លារអាមេរិក កើន​ប្រមាណ ៧ ភាគរយ ខណៈនៅក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ មានទឹកប្រាក់ជាង ៥,៥ ពាន់​លានដុល្លារអាមេរិក ប៉ុណ្ណោះ ដោយក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅប្រទេសវៀតណាម មាន​ទឹកប្រាក់ជិត ៣ ពាន់លានដុល្លារ កើនឡើងជាង ៧ ភាគរយ បើធៀប​រយៈ​ពេល​ដូច​គ្នា​និង​ឆ្នាំ​មុន​។ ចំណែកទំនិញសំខាន់ៗដែលកម្ពុជាបាននាំចេញរួមមាន៖ ស្រូវ​ កៅស៊ូ គ្រាប់ស្វាយចន្ទី ដំឡូង​មី ពោត ចេក ស្វាយ ថ្នាំជក់ជាដើម។ចំពោះការ​នាំ​ចូលទំនិញពីប្រទេសវៀតណាមមកកម្ពុជា នៅក្នុងរយៈពេល ៨ ខែនេះដែរ មាន​ទឹក​ប្រាក់​ជាង ៣ពាន់លានដុល្លារអាមេរិក កើនជាង ៧ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​និង​ឆ្នាំ​២០២៥​, ប្រភេទទំនិញសំខាន់ៗដែលនាំចូលកម្ពុជារួមមាន៖ វាយនភណ្ឌ, សម្ភារៈសំណង់, ដែក​និង​ដែក​ថែប​ ក្រដាសនិងក្រដាសកាតុង ជីកសិកម្ម ថ្នាំសម្លាប់សត្វ ល្អិតនិងស្មៅ ម៉ាស៊ីនភ្លើង ទូរសព្ទ​គ្រប់​ប្រភេទ និងផលិតផលផ្សេងៗ ជាច្រើនទៀត។សូមបញ្ជាក់ថា ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរ​នឹង​ជំរុញ​ពង្រឹង​កិច្ច​សហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រ​ដល់​យុទ្ធសាស្ត្រទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើង ដល់ ២០ ពាន់​លានដុល្លារអាម៉េរិក ក្នុងពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គិសនីកម្ពុជាកំពុងគាំទ្រស្ថានីយបញ្ជូលថាមពលយានយន្តអគ្គិសនីជាង ៤០០កន្លែង នៅ​ទូទាំង​ប្រទេស

2026/09/15 02:40:18 pm        526
អគ្គិសនីកម្ពុជាកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី​សម្រាប់​ស្ថានីយ​បញ្ជូល​ថាមពល​ដល់​យាន​យន្ត​អគ្គិសនីជា​ង ៤០០កន្លែង នៅទូទាំងប្រទេស ក្រោមគម្រោងទុនវិនិយោគជំហានដំបូង ដោយ​មាន​ថវិ​កាប្រមាណ ១០ លានដុល្លារអាមរិក ដើម្បីពង្រីកបណ្តាញបញ្ចូល ថាមពលល្បឿន​លឿន​ជូន​សាធារណជន។ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លើកឡើងតាមប្រព័ន្ធវីដេអូ ក្នុង​កម្ម​វិធី​សប្ដាហ៍​ថាមពលស្អា​ត ឆ្នាំ២០២៦ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះថា ជុំវិញបញ្ហា​ថាមពល​, ប្រព័ន្ធថាមពលនៅកម្ពុជាកាន់តែរឹងមាំ បានកំពុងប្រើប្រាស់ នៅក្នុង វិស័យសេដ្ឋកិច្ច ដោយ​ក្នុង​នោះ​តម្លៃ​អគ្គិសនីបានបង្ហាញឱ្យឃើញតាមរយៈប្រព័ន្ធដឹកជញ្ជូន អាជីវកម្ម និងសកម្មភាព​ផលិត​ភាព បានកំពុងពឹងផ្អែកខ្លាំងលើថាមពលអគ្គិសនី បច្ចុប្បន្នកម្ពុជា​បាន​កំពុង​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​បញ្ចូល​ថាមពលឱ្យយានយន្តអគ្គិសនីជាតិ ដែលមានភាពតភ្ជាប់គ្នាទូទាំងប្រទេស ជាក់​ស្តែង​អគ្គិសនីកម្ពុជាបានកំពុងគាំទ្រហេដ្ឋារចនាសម្ព័ន្ធ សម្រាប់បញ្ចូលថាមពលឱ្យយាន យន្ត​អគ្គិសនី​ជាង ៤០០ ទីតាំងនៅទូទាំងប្រទេស។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ជុំវិញគម្រោងបញ្ចូលថាមពលឱ្យយានយន្តអគ្គិសនីនេះ នៅក្នុង​ជំហាន​ដំបូង ​បានចំណាយថវិកា ប្រមាណ ១០ លានដុល្លារអាមេរិក ក្នុងគម្រោង​ពង្រីក​បណ្តាញ​ស្ថានីយ​បញ្ចូល​ថាមពលល្បឿនលឿនសម្រាប់សាធារណជន នៅតាម បណ្តោយផ្លូវជាតិសំខាន់ៗ និង​ទៅ​កាន់​តំបន់​នានា ដែលសេវាកម្មឯកជនមិនទាន់បានអភិវឌ្ឍន៍ ។ បញ្ហានេះដែរ ក្រសួងកំពុង​សហការ ​ជាមួយដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់អ្នករត់កង់បីនៅកម្ពុជា ក្នុងការ​ផ្លាស់​ប្រើ​ប្រាស់​កង់​បីដើរ​ដោយអគ្គិសនីផងដែរ។ ឯកឧត្តម កែវ រតនៈ សង្កត់ធ្ងន់ថា ប្រសិនយើងគណនាលើផ្នែកសេដ្ឋកិច្ច គឺបាន​បង្ហាញ​នូវ​លទ្ធ​ផល​ល្អ ​លើការផ្លាស់ប្តូរទៅប្រើ ប្រាស់ថាមពលនេះ ដោយអាចជួយលើកកម្ពស់ជីវភាពរស់នៅ ព្រម​ទាំង​ការកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈនាំចូលផងដែរ។ ឯកឧត្តម បន្ថែមថា នៅ​ពេល​សេដ្ឋកិច្ចកាន់តែពឹងផ្អែកលើថាមពលអគ្គិសនី ប្រសិទ្ធ​ភាព​នៃ​កា​រ​ប្រើ​ប្រាស់​ថាមពល​ក៏​កាន់​តែ​មាន​សារៈសំខាន់ផងដែរ។ ឯកឧត្តម លើកឡើងបន្ថែមថា កាលពីខែកក្កដា កន្លងមកនេះ កម្ពុជាបានដាក់ឱ្យដំណើរការមូលនិធិវិលជុំសម្រាប់ប្រសិទ្ធភាព ថាមពល ដែលមានទំហំទឹកប្រាក់ ២០ លានដុល្លារអាមេរិក, មូលនិធិនេះបានជួយដល់សហគ្រាសធុនតូច និងមធ្យម ក្នុងការវិនិយោគ លើឧបករណ៍ និងដំណើរការផលិតកម្មដែលមានប្រសិទ្ធភាពខ្ពស់យ៉ាងតិច ៣០ ភាគរយ នៃហិរញ្ញវត្ថុនៅក្នុងមូលនិធិនេះ ដោយត្រូវ បានបម្រុងទុកសម្រាប់សហគ្រាសដែលជាកម្មសិទ្ធរបស់ស្រ្តី ឬថ្នាក់ដឹកនាំដោយស្រ្តី នៃការប្រើប្រាស់អគ្គិសនីប្រកបដោយផលិតភាព នៅក្នុងលំនៅដ្ឋាន ក៏ដូចជាការជួយគាំទ្រដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

មន្រ្តីជាន់ខ្ពស់បង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជាលើកកម្ពស់សន្តិសុខ និងបរិកាសល្អ​ដល់ដៃគូ​អន្តរជាតិ

2026/09/09 12:29:08 pm        312
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា រំលេចអំពីការប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅ​កាន់​ដៃ​គូ​អន្តរជាតិ លើការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់ តាម​រយៈ​ការ​ដាក់ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តច្បាប់ និងការលើក​កម្ពស់​សន្តិសុខ និងការបើកច្រកទីផ្សារធំៗជាដើម។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ថ្លែងសុន្ទរកថាគន្លឹះក្នុង ពិធីបើកពិព័រណ៌វិនិយោគ និងពាណិជ្ជកម្មអន្តរជាតិចិន លើកទី២៦ (26th CIFIT) នៅទីក្រុងសៀមិន ខេត្តហ្វូជៀន សាធារណរដ្ឋ ប្រជាមានិតចិន នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦, ឯកឧត្តមបានគូសបញ្ជាក់ពីសារសំខាន់នៃការជ្រើសរើសការពង្រឹងកិច្ចសហប្រតិបត្តិ- ការ និងការបើកចំហសេដ្ឋកិច្ច រវាងប្រទេសនិងប្រទេស ដើម្បីឆ្លើយតបទៅនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើនឡើងនៃរបាំងពាណិជ្ជកម្ម និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ។ ឯកឧត្តមលើកឡើងថា កម្ពុជាគឺជាប្រទេសគំរូមួយ នៃការទាញយកផលប្រយោជន៍ពី នយោបាយបើកចំហ ដែលបានផ្លាស់ប្ដូរមុខមាត់ប្រទេសជាតិបន្ទាប់ពីឆ្លងកាត់សង្គ្រាម និងការរស់នៅដោយឯកោ មកជាប្រទេសដែល មានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការធ្វើសមាហរណកម្មយ៉ាងស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ក្រោមការដឹកនាំរបស់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាបាននិងកំពុងខិតខំរៀបចំខ្លួន ឈានទៅរកការអភិវឌ្ឍមួយកម្រិតទៀត ដោយមានបំណងប្រែក្លាយទៅជាប្រទេសដែលមាន ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដើម្បីសម្រេចបាននូវគោលដៅខាងលើ វិស័យឯកជនត្រូវបានចាត់ទុកជាបេះដូងនៃរបត់មួយនេះ ដោយ សារការវិនិយោគពីវិស័យឯកជន មិនត្រឹមតែនាំមកនូវទុនក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតជា ឱកាសការងារ ការផ្ទេរនូវចំណេះដឹងបច្ចេកវិទ្យាទំនើបថ្មីៗ និងការផ្សារភ្ជាប់កម្ពុជាទៅក្នុងខ្សែច្រវាក់តម្លៃសកលផងដែរ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតបរិយាកាស វិនិយោគដែលមានភាពរស់រវើក និងអំណោយផលខ្ពស់តាមរយៈ៖ ១. ច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបាន រៀបចំឡើងមានភាពទាក់ទាញ ដើម្បីផ្តល់នូវការលើកទឹកចិត្តខ្ពស់ និងកិច្ចការពារយ៉ាងរឹងមាំជូនដល់វិនិយោគិន។ ២. ការអនុវត្តច្បាប់ និងការលើកកម្ពស់សន្តិសុខ តាមរយៈការបង្រ្កាបយ៉ាងម៉ឺងម៉ាត់លើបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសឆ្លងដែន ផ្សេងៗ ដើម្បីធានាបរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសុវត្ថិភាព។ ៣. ការបើកច្រកទីផ្សារធំៗ តាមរយៈការប្រើប្រាស់កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរី (អាស៊ាន, RCEP, កិច្ចព្រមព្រៀងទ្វេភាគី), ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប, កិច្ចព្រម ព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក និងការខិតខំចូលជាសមាជិកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP។ឯកឧត្តម ក៏បានជម្រាបជូនអំពីលទ្ធផលនៃចំនួនគម្រោងវិនិយោគ ដែល ក.អ.ក. បានអនុម័តក្នុងរយៈពេល ៧ ខែ ដើមឆ្នាំ ២០២៦ ដោយទទួលបានសរុបចំនួន ៣០៩ គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាមេរិក ដែលរំពឹងថា នឹង បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណជាង១៧ ម៉ឺនកន្លែង ក្នុងនោះកម្ពុជាក៏បាននិងកំពុងបង្កើនគុណភាពនៃការវិនិយោគ តាមរយៈការធ្វើពិពិធកម្មទៅកាន់វិស័យដែលមានតម្លៃបន្ថែមខ្ពស់។ ជាក់ស្តែងបើទោះបីជាវិស័យកាត់ដេរសម្លៀកបំពាក់ ផលិតស្បែក ជើង និងសម្ភារៈធ្វើដំណើរ នៅតែជាវិស័យសំខាន់យ៉ាងណាក្តី កម្ពុជាបាននិងកំពុងបោះជំហានក្នុងការទាក់ទាញលំហូរវិនិយោគ ឆ្ពោះ ទៅកាន់ឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងបច្ចេកវិទ្យាទំនើបរួមមាន៖ ការផលិតគ្រឿងអេឡិចត្រូនិក, ការដំឡើងយានយន្ត, ការអភិវឌ្ឍថាមពលស្អាត, ការកែច្នៃផលិតផលកសិកម្មកម្រិតខ្ពស់, និងប្រព័ន្ធភស្តុភារកម្មទំនើប ឱ្យក្លាយជាកម្លាំងចលករថ្មី ក្នុងការ បង្កើនផលិតភាព ពង្រឹងខ្សែច្រវាក់តម្លៃសកល និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានចីរភាព និងភាពធន់វែងឆ្ងាយ៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល១ឆ្នាំ TIA រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ ៥ភាគរយ

2026/09/08 02:54:00 pm        323
នៅថ្ងៃទី៩ ខែកញ្ញានេះស្អែក គឺជាថ្ងៃគម្របខួបមួយឆ្នាំគត់ ដែលអាកាសយានដ្ឋានអន្តរជាតិតេជោ បាន​ប្រកាសបើកដំណើរផ្លូវការផ្តល់សេវាកម្មជូនអ្នកដំណើរជាតិអន្តរជាតិ ហើយ​តាម​អ្នក​នាំ​ពាក្យ​រដ្ឋ​លេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល សម្រាប់ការបើកដំណើរការរយៈពេលជិត១ឆ្នាំនេះ អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ TIA បានទទួលអ្នកដំណើរអន្តរ​ជាតិ​ចេញ​ចូល​កម្ពុជា​ជិត​ពីរ​លាន​នាក់ ​និងបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាប្រមាណ៥ភាគរយ។ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសស៊ីវិល នៅថ្ងៃ​ទី៨ ខែកញ្ញា នេះថា នៅក្នុងដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងរយៈពេល​១​ឆ្នាំ​នេះ ​ចំនួនអ្នកដំណើរមិនមានកំណើននោះទេដោយសារវិបត្តិសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែ​សន្ទុះ​ការ​ដឹកទំនិញ Cargo ចេញចូលកម្ពុជា គឺមានកំណើនកើនឡើងជាលំដាប់ ទន្ទឹម​នឹង​នេះ​អាកាស​យាន​ដ្ឋានអន្តរជាតិតេជោ ក៏បាននិងកំពុងបន្តសាងសង់បន្ថែម ឃ្លាំងផ្ទុកទំនិញ​ទំនើប​តាម​ស្តង់ដា​អន្តរជាតិ និងបន្តសាង​សង់​រោង​ជាង​ជួស​ជុល​យន្ត​ហោះ​ក្រោម​កិច្ច​សហការ​ជា​មួយ​ប្រទេស​សិង្ហបូរី ជាដើម។សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ TIA លំដាប់ថ្នាក់ 4F បាន​សាងសង់​នៅ​លើ​ផ្ទៃ​ដី​សរុប ទំហំ២,៦០០ហិកតា នៅក្នុងដំណាក់កាលទី១ បានចំណាយ​ថវិ​កា​សាង​សង់​ជាក់​ស្តែង​អស់​២,៣០០​លានដុល្លារ។ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ក្នុងដំណាកកាលទី១ បាន​ចំណាយ​ពេល​ចំនួនជាង៥ឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ និងបញ្ចប់នៅថ្ងៃទី៣១ ខែ​កក្កដា ឆ្នាំ២០២៥ មានសមត្ថភាពអាចបម្រើការហោះហើរបានដល់យន្តហោះគ្រប់ប្រភេទ ទាំង​ជើង​ហោះហើរក្នុងតំបន់ និងជើងហោះហើររយៈចម្ងាយឆ្ងាយ (Long-haul Flights) ដែល​អាច​ចុះ​ចតបានដោយសុវត្ថិភាព ហើយបាន​ប្រកាស​បើក​ដំណើរការ​ផ្តល់​សេវា​កម្ម​ទទួល​អ្នក​ដំណើរ​អន្តជាតិនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ហើយប្រារព្ធ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។សមិទ្ធផល​ថ្មី​មួយទៀត បានរួមចំណែកអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋាន និង​តភ្ជាប់​ជើង​ហោះ​ហើរ​ទៅកាន់ពិភពលោកកាន់តែធំ និងទូលាយជាងមុន, ជានិម្មិតរូប នៃការរីកចម្រើន​របស់​កម្ពុជា ​សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យអាកាសចរណ៍ ទេសចរណ៍ វិនិយោគ វិស័យដឹកជញ្ជូន និងឡូជីស្ទីក (Logistic) របស់កម្ពុជា៕ អត្ថបទ៖ ស៊ុម សុខជា 

កម្ពុជាស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងផ្លាស់ប្តូរ​ទស្សនៈ​ជាមួយ​ដៃ​គូ​អន្តរជាតិ​នៅ​ទីក្រុង​សៀមិន

2026/09/08 01:43:40 pm        313
ខេត្តហ្វូជៀន៖ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ និងការ​ផ្លាស់​ប្តូរ​ទស្សនៈ​ជុំវិញ​ការវិនិយោគ ជាមួយដៃគូ អន្តរជាតិសំខាន់ៗ នៅទីក្រុងសៀមិន ខេត្តហ្វូជៀន លើ​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជានិងដៃគូ អន្តរជាតិ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.​) ​នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ និងតំណាង​វិស័យ​ឯកជន​កម្ពុជា ​បំពេញបេសកកម្មការងារយ៉ាងសកម្ម និងទស្សនកិច្ច សិក្សាស្វែងយល់ ដើម្បីផ្លាស់ប្តូរ​ទស្សនៈ ​ជាមួយដៃគូអន្តរជាតិសំខាន់ៗ ជាក់ស្តែងក្នុងជំនួបលោក You Lingkan ប្រធាន​ក្រុម​ហ៊ុន​ Xiamen Hongda Taxation Service Limited ភាគីទាំងពីរ​បាន​ផ្តោត​លើ​ការ​ប្រាស្រ័យ​ទាក់​ទង​ពាណិជ្ជកម្ម ការបង្កើតបណ្តាញ ទំនាក់ទំនងរវាងវិស័យឯកជន និងការទាក់ទាញ​វិនិយោគិន​ពី​ខេត្តហ្វូជៀន មកបណ្តាក់ទុននៅកម្ពុជា។ នៅថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តដឹកនាំគណៈប្រតិភូអមដំណើរ អញ្ជើញធ្វើទស្សនកិច្ចសិក្សា និង ស្វែងយល់ពីបច្ចេកវិទ្យានវានុវត្តន៍ នៅក្រុមហ៊ុន SDIC Intelligent Information Technology Co., Ltd. ដោយមានការទទួល ស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ ដឹកនាំដោយ លោក Teng Da ប្រធានក្រុមហ៊ុន។ ក្នុងឱកាសនោះ គណៈ ប្រតិភូកម្ពុជាបានសិក្សាស្វែងយល់ពីសមត្ថភាពឈានមុខរបស់ក្រុមហ៊ុន លើវិស័យកោសល្យវិច័យឌីជីថល (Digital Forensics) ការធ្វើឌីជីថលូបនីយកម្មនៃសន្តិសុខសាធារណៈ សន្តិសុខសាយប័រ និងរដ្ឋាភិបាលឌីជីថល ដែលជាទុនដ៏សំខាន់សម្រាប់កម្ពុជាក្នុងការ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខឌីជីថលប្រកបដោយចីរភាព និងសុវត្ថិភាព។ ចំណែកនៅពេលល្ងាច, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ បានអញ្ជើញចូលរួមក្នុងពិធីទទួលទានអាហារពេល ល្ងាចធុរកិច្ច និងវិនិយោគ ដែលត្រូវបានរៀបចំទទួលស្វាគមន៍ដោយគណៈគ្រប់គ្រងជាន់ខ្ពស់ នៃសន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍ (UNCTAD)។ សូមបញ្ជាក់ថា កម្មវិធីទាំងបីនេះ បានបញ្ចប់ទៅដោយបរិយាកាសស្និទ្ធស្នាល និង ទទួលបានលទ្ធផលជាផ្លែផ្កា ក្នុងការបើកច្រកផ្លូវបន្ថែមទៀត សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងដៃគូអន្តរជាតិនាពេលខាងមុខ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាដាក់ចេញវិធានការបន្ទាន់ ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា រក្សាស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ជាតិ

2026/09/07 02:56:07 pm        281
រាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ទាន់ ក្នុងរយៈពេលខ្លី (នៅចុងឆ្នាំ២០២៦) ដើម្បីទប់ការកើនឡើងនៃសម្ពាធអតិផរណា ដែល បាននិងកំពុងបន្តកើនឡើង ឱ្យស្ថិតនៅក្នុងការគ្រប់គ្រងបាន ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងចីរភាពហិរញ្ញវត្ថុសាធារណៈ ជំរុញប្រែ ក្លាយបញ្ហាចំពោះមុខ ឱ្យទៅជាកាលានុវត្តភាពនៃការអភិវឌ្ឍ។ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញវិបត្តិដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារការផ្លាស់ឆាប់រហ័សនៃរបបពាណិជ្ជកម្មសកល, បញ្ហាជម្លោះ ព្រំដែនកម្ពុជា-ថៃ បាននិងកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ក្នុងនោះមួយផ្នែកធំការធ្វើឱ្យប៉ះពាល់ពលករដែលជាជនភៀសសឹក, និង សង្គ្រាមនៅមជ្ឈឹមបូព៌ា បានធ្វើឱ្យបញ្ហាថ្លៃប្រេងឥន្ធនៈ និងឧស្ម័នឡើងថ្លៃ ជាពិសេសការប៉ះពាល់ទៅលើវិស័យដែលពឹងផ្អែកប្រេង និង ឧស្ម័ន។ ឯកឧត្តមបន្តថា ជុំវិញបញ្ហានេះបានធ្វើឱ្យសម្ពាធអតិផរណាកើនឡើងខ្ពស់ ជាក់ស្តែងតាមការប៉ាន់ស្មាននៅដើមឆ្នាំ២០២៦ ស្ថិតក្នុងរង្វង់ ៣.៨% ហើយតាមរយៈការវាស់វែងចុងក្រោយនេះ អតិផរណាបានកំពុងកើនឡើងយ៉ាងលឿន ជាក់ស្តែងនៅក្នុងខែឧសភា កន្លងមកនេះ ត្រូវបានប៉ាន់ស្មានក្នុងរង្វង់ ៧.២%។ ជុំវិញបញ្ហាទាំងនេះ ទើបរាជរដ្ឋាភិបាលបានសម្រេចដាក់វិធានការបន្ថែម ដើម្បីជួយ សម្រាលបន្ទុកឡើងវិញ ជាពិសេសនៅចុងឆ្នាំ២០២៦នេះ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា ស្របតាម ស្មារតីខាងលើនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញ និងជំរុញអនុវត្តនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុ- វិបត្តិនេះឡើង ។ កម្មវិធីអន្តរាគមន៍នេះ បានរួមបញ្ចូលគ្នានូវវិធានការចម្រុះ ទាំងវិធានការផ្នែកផ្គត់ផ្គង់ និងវិធានការផ្នែកតម្រូវការ សំដៅ ជំរុញកំណើន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ។ សរុបជារួម, កម្មវិធីអន្តរាគមន៍ ដែលបានដាក់ឲ្យអនុវត្តជាផ្លូវការនេះ មិនមែនសម្រាប់តែការដោះស្រាយផលប៉ះពាល់ភ្លាមៗនៃវិបត្តិ តែ មួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើប្រជាជន, ការបង្កើតការងារ, ការបង្កើនផលិតភាព, ជាពិសេសសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម, និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ជាកញ្ចប់រួមតែមួយ ។ ក្នុងន័យនេះកម្មវិធីអន្តរាគមន៍ អាចត្រូវបាន ចាត់ទុកជាឧបករណ៍វិធានការគោលនយោបាយដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការខិតខំរក្សាលំនឹងជីវភាពប្រជាជន និងពង្រឹងភាព ធន់របស់សហគ្រាស ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ សម្រាប់ឆ្នាំ២០២៦នេះ និងជា មូលដ្ឋានសម្រាប់គាំទ្រសេដ្ឋកិច្ច ឲ្យបន្តស្ថិតលើមាគ៌ានៃកំណើន នៅបណ្តាឆ្នាំខាងមុខប្រកបដោយចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកា ៥៣ លានដុល្លារ សម្រាប់បន្តអភិវឌ្ឍន៍ជំនាញគាំទ្រ MSMEs

2026/09/07 12:38:57 pm        348
រាជរដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាប្រមាណ ៥៣ លានដុល្លារអាមេរិក គាំទ្រកម្មវិធីការអភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំ កម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងគាំទ្របង្កើតមុខរបរ និង ការចូលទីផ្សារការងារ។ ឯកឧត្តម អ៊ុង លុយណា អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងក្នុងពិធី ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវឯកសារ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ នៅចុងសប្តាហ៍កន្លង មកថា ជុំវិញបញ្ហាសេដ្ឋកិច្ចនេះ ឃើញថា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ មានបញ្ហាប្រឈមច្រើន ជាពិសេសនៅឆ្នាំ២០២៦នេះ កម្ពុជា ជួបបញ្ហាប្រឈមពហុវិបត្តិ ក្នុងនោះបញ្ហាប្រេងឥន្ធនៈ បានដាក់សម្ពាធខ្លាំងជាងគេ ដែលនឹងអាចធ្វើឱ្យកំណើនសេដ្ឋកិច្ចថមថយ ជាក់ ស្តែងការវាយតម្លៃកំណើនសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៦ បានព្យាករណ៍ក្នុងរង្វង់ ៥,២% និងបន្ទាប់មកទៀតនៅត្រឹម ៤,២% និងនៅក្នុង រយៈពេល ៦ ខែ ឆ្នាំ២០២៦នេះ ត្រូវបានវាយតម្លៃមកនៅត្រឹម ៤,១% ប៉ុណ្ណោះ។ បញ្ហានេះក្រសួងបាននិងកំពុងពិនិត្យ និងតាមដាន បន្ថែមទៀត ដើម្បធ្វើការវាយតម្លៃនៅពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២៦នេះ។ ឯកឧត្តម បន្តថា តាមរយៈការដាក់ចេញកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយនេះ គឺបានបែងចែកជាបីកញ្ចប់ធំៗ ដែលមានទំហំ ទឹកប្រាក់សរុបជាង ១ ២២៤ លានដុល្លារអាមេរិក ក្នុងនោះសម្រាប់កញ្ចប់ទី១ មានទឹកប្រាក់ជាង ១ ប៊ីលានដុល្លារអាមេរិក សម្រាប់ អនុវត្តលើ ១៥ វិធានការ, បញ្ចប់ទី២ មានទឹកប្រាក់ ៥៣ លានដុល្លារអាមេរិក និងអនុវត្តវិធានការចំនួន ៤ ក្នុងនោះការ គាំទ្រកម្មវិធីការ អភិវឌ្ឍជំនាញដែលមានស្រាប់ និងការរៀបចំកម្មវិធីបណ្តុះបណ្តាលថ្មីៗ ដើម្បីឆ្លើយតបទៅនិងតម្រូវការទីផ្សាររបស់ MSMEs និងគាំទ្រ បង្កើតមុខរបរ និងការចូលទីផ្សារការងារ និងការដាក់ចេញកម្មវិធីបណ្តុះបណ្តាលខ្លីនៅតាមសាកលវិទ្យាល័យជាដើម។ ចំណែកកញ្ចប់ ទី៣ មានទឹកប្រាក់ជាង ១២៤ លានដុល្លារអាមេរិក ដោយកញ្ចប់នេះអនុវត្តលើ ៨ វិធានការផងដែរ។ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា លើកឡើងថា កម្មវិធីអន្តរាគមន៍នេះគឺជាយុទ្ធនាការធំមួយរបស់ រាជរដ្ឋាភិបាល ដែលមានទឹកប្រាក់ជាង ១ ២២៤ លានដុល្លារអាមេរិក ដោយបំបែកទៅលើវិធានារតូចៗជាច្រើន ដែលបញ្ហាក៏សូមឱ្យ ម្ចាស់អាជីវកម្ម ក៏ដូចសមាគមនានា សូមយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីដាក់ពាក្យស្នើសុំឱ្យចំគោលដៅ ហើយបញ្ហានេះក៏សូមឱ្យ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្សព្វផ្សាយការអនុវត្តវិធានការទាំងនោះឱ្យបានទូលំទូលាយ ដើម្បីធានានូវប្រសិទ្ធភាព និងស័ក្តិភាព ក្នុង ការអនុវត្តនូវរាល់វិធានការគន្លឹះនានា។ សូមបញ្ជាក់ថា កញ្ចប់អន្តរាគមន៍ទី២ មានទឹកប្រាក់សរុប ៥៣ លានដុល្លារអាមេរិក ដោយអនុវត្តលើការផ្តល់ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ ដែលផ្តោតលើការគាំទ្រកម្មវិធីអភិវឌ្ឍន៍ជំនាញមានស្រាប់ ដែលកំពុងត្រូវ បានបន្តអនុវត្ត និងលើការរៀបចំនូវកម្មវិធីបណ្តុះបណ្តាលថ្មី ដែលមានគោលដៅច្បាស់លាស់ ព្រមទាំងឆ្លើយតបនឹង តម្រូវការទីផ្សារ របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដោយផ្សារភ្ជាប់ការអភិវឌ្ឍជំនាញ ជាមួយការគាំទ្រផ្នែកហិរញ្ញប្បទាន និងការគាំទ្របង្កើត មុខរបរ ឬការចូលទីផ្សារការងារ។ លើសពីនេះកញ្ចប់អន្តរាគមន៍ទី២នេះ ក៏មានការដាក់ចេញនូវកម្មវិធីបណ្តុះបណ្តាលវគ្គខ្លីនៅតាម សាកលវិទ្យាល័យនានា ទទួលបានការគាំទ្រពីគម្រោងកែលម្អការអប់រំកម្រិតឧត្តមសិក្សា និងការផ្តល់ការគាំទ្រដល់ការផ្គូផ្គងការងារ និង ការជួយស្វែងរកការងារ សម្រាប់ពលករទេសន្តរប្រវេសន៍វិលត្រឡប់ពីក្រៅប្រទេស គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ យុវជន ដែលមានជំនាញទាប និងកម្មករក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ វិស័យកសិកកម្ម សំណង់ សេវាកម្ម និងសហគ្រាសធុន តូច និងមធ្យម៕ អត្ថបទ៖ សុន រ៉ាឌី

ប្រព័ន្ធធារាសាស្ត្រក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អាចស្រោច​ស្រព​ផ្ទៃដីស្រែ​វស្សា​បាន​ជាង ១ម៉ឺន​៧ពាន់ហិកតា

2026/09/05 01:24:25 pm        299
ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាច មានទីតាំងស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង គឺ​ជា​ប្រព័ន្ធ​ប្រឡាយ ដែលអាច​នាំ​ទឹក​ទៅ​ស្រោច​ស្រព​លើ​​ដី​កសិកម្ម​ប្រជាកសិករ​បាន​ប្រមាណជាង ១ម៉ឺន​៧ពា​ន់ហិ​កតា ដោយប្រព័ន្ធធារាសាស្ត្រអាចាំង ស្រោចស្រពបានជាង១ម៉ឺន៤ពាន់ហិកតា និ​ង​លំហាចស្រោចស្រពបានជាង ៣ពាន់ហិកតា។ នេះបើតាមការបញ្ជាក់ពីលោក ចេង ចាន់ដូណា អភិបាល​ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងអោយដឹង នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៦។លោក ចេង ចាន់ដូណា បានអោយដឹងថា៖ ប្រព័ន្ធធារាសាស្ត្រអាចាំង និងលំហាចនេះ គឺ​ជា​សំណង់​ប្រព័ន្ធ​ធារាសាស្ត្រថ្មី ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយរបស់ខេត្តកំពង់ឆ្នាំង មិន​ត្រឹម​តែ​សម្រាប់​បំរើ​លើការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់កា​រ​ប្រើ​ប្រាស់​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បង​ប្អូន​ប្រជាកសិករ និងលើវិស័យទេសចរណ៍ថែមទៀត។ ប្រជាកសិករដែលទទួលផលប្រយោជន៍ពីប្រព័ន្ធធារាសាស្ត្រទាំង២ខាងលើ ក៏អាចដាំស្រូវបាន ចាប់​ពី​២​ទៅ៣ដងក្នុង១ឆ្នាំ រួមនិងដាំដំណាំផ្សេងៗ ហើយជីវភាពបានល្អប្រសើរជាងពេលមុន។លោក​បន្តថា សមិទ្ធិផលទាំងអស់នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោ​ម​ការ​ដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយចាប់​ផ្តើម​ពី​ការ​ស្តារ​មកកសាង និងអភិវឌ្ឍន៍ ហើយឈានទៅធ្វើការពង្រីកពង្រឹងសមត្ថភាពគ្រប់គ្រងទឹក ដើម្បីធា​នាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់ការបង្ករបង្កើនផលស្រូវ និងដំណាំ​គ្រប់​ប្រភេទ​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងៃ ដែលជាផ្នែក​មួយ​ជួយ​លើក​ស្ទួយដ​ល់​គោល​នយោបាយ​ជាតិ ស្តីពីសន្តិសុខស្បៀងប្រកបដោយប្រសិទ្ធិភាព និងយុទ្ធសាស្ត្រនាំស្រូវ​អង្ករ​ចេញ​រប​ស់​រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការប្រែប្រួលអាកាសធាតុ។ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណដល់ប្រទេសចិន និង​ជប៉ុន ដែលជានិច្ចជាកាលតែងជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាង និងអភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្ទើរគ្រប់វិស័យ និងបានកោតសរសើរ​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខំប្រឹង​ប្រែង​របស់​ក្រុម​ការងា​រអនុ​វត្តគម្រោងកែលំអ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះ​ទឹក​ភាគ​ខាង​លិច​បឹងទន្លេសាប ជាមួយលទ្ធផលការងារ​ដែល​សម្រេច​បាន​ទៅ​តាម​ផែនកា​រ​ដែល​បាន​គ្រោង​ទុក​។ លើសពីនេះឯកឧត្តអភិបាលខេត្ត ក៏បានអំពាវ​នាវ​អោយ​ប្រជាក​សិករ​នៅ​ក្នុង​ស្រុក​ទាំង​៣​នៃ​ខេត្តកំពង់ឆ្នាំង ដែលកំពុងទទួលបានសារៈប្រយោជន៍ពីគម្រោងទាំង២នេះ ត្រូវជួយថែរក្សា និង​ចែក​រំលែកទឹកប្រើប្រាស់អោយមានតម្លាភាព ការទទួលខុសត្រូវខ្ពស់ និងអោយ​មាន​សុខដុម​រម្យនា​នៅ​ក្នុង​សហគមន៍ទាំងអស់៕ អត្ថបទ៖ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កូរ៉េខាងជើងរិះគន់​ធ្ងន់​ៗ ចំពោះ​កិច្ចប្រជុំរបស់ IAEA ស្តីពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ
09/17/2026 04:09 PM
លោក Trump ព្រមាន​ដាក់ «អត្រា​ពន្ធធ្ងន់ធ្ងរ» លើ EU ជុំវិញការប៉ុន​ប៉ង​យក​កាណាដាជាសមាជិកដៃគូ​
09/17/2026 04:09 PM
កម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនៅក្នុងតំបន់មេគង្គ-ឡានឆាង
09/17/2026 04:09 PM
លោក Trump រំពឹង​ថា ជម្លោះជាមួយអ៊ីរ៉ង់ ជិតបញ្ចប់​​ ខណៈក្រុមហ៊ូទី និងអារ៉ាប៊ីសាអ៊ូឌីត ​ប្រយុទ្ធគ្នាកាន់​តែ​ខ្លាំង​​
09/17/2026 04:09 PM
អាមេរិកដាក់ទណ្ឌកម្មលើអតីតរដ្ឋមន្ត្រីថៃ និងក្រុមហ៊ុន ពាក់ព័ន្ធនឹង​ការឆបោកតាម​ប្រព័ន្ធ​បច្ចេក​វិទ្យា
09/17/2026 04:09 PM
អត្រាការប្រាក់របស់​សហរដ្ឋអាមេរិក ត្រូវបានដំឡើងជាលើកដំបូង ក្នុងរយៈពេល ៣ឆ្នាំ
09/17/2026 04:09 PM
អ្នកវិភាគ៖ សន្និសីទ ICCOS នឹងបង្ហាញពិភពលោក ឲ្យ​ឃើញ​ពិត​ពី​ឆន្ទៈ​របស់​កម្ពុជា​ក្នុង​ការ​កម្ទេច Online Scams
09/17/2026 04:09 PM
ទួរគី និងអ៊ីរ៉ង់ ពិភាក្សាពីការរំសាយក្រុមពាក់ព័ន្ធគណបក្សពលករឃើដ(PKK)និងកិច្ចសហប្រតិបត្តិការសន្តិសុខឆ្លងព្រំដែន
09/17/2026 04:09 PM
យោធាអាមេរិកអះអាងថា ច្រកសមុទ្រ Hormuz នៅតែបើក ទោះបីជាអ៊ីរ៉ង់នៅបន្តបិទផ្លូវទឹកក៏ដោយ
09/17/2026 04:09 PM
រដ្ឋមន្ត្រី៖ កូរ៉េខាងត្បូង នៅមិនទាន់សម្រេចលើការដាក់ពង្រាយកងទ័ពទៅកាន់ច្រកសមុទ្រHormuz នៅឡើយទេ
09/17/2026 04:09 PM