ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែល​បាន​បាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»
កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់
អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​

វប្បធម៌ និងទេសចរណ៍

ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ

2026/07/30 02:20:44 pm        331
ក្រសួងទេសចរណ៍ និងដៃគូផ្នែកឯកជន បានព្រមព្រៀងគ្នា ពង្រីកការអនុវត្តយុទ្ធសាស្រ្ត វិធាន​ការ​គន្លឹះ​បន្ទាន់​ និងជំរុញការអនុវត្តសកម្មភាពជាក់ស្តែង ពង្រីកការធ្វើទីផ្សារទេសចរណ៍ផ្ទាល់ និង​ទីផ្សារ ​«បូក១» ដើម្បីស្តារវិស័យទេសចរណ៍ និងពង្រឹងសេចក្តីទុកចិត្ត និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ទីផ្សារគោលដៅសំខាន់ៗមកកាន់កម្ពុជា។ លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បាន​ប្រាប់​BTV នៅថ្ងៃទី៣០ ខែកក្កដា នេះថា នៅក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆមាស​​ទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា CTB ​និងលើកទិសដៅការងារបន្ត គឺក្រុមការងារទេសចរណ៍ ផ្នែករដ្ឋ និងឯកជន បាន​សម្រេច​ដាក់​ចេញ​នូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ ពង្រីកការធ្វើទីផ្សារផ្ទាល់ និងទីផ្សារ «បូក១» សំដៅ​ទាក់​ទាញទេសចរអន្តរជាតិដែលទៅទស្សនានៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបូរី និង​ឥណ្ឌូនេស៊ី ជាដើម បន្តដំណើរមកទស្សនាកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បញ្ហា​ប្រឈម​សំខាន់​ៗ​ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍បច្ចុប្បន្ន រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam, បញ្ហាព័ត៌មានមិនពិត ត្រូវបានផ្សព្វ​ផ្សា​យ​ច្រើន​នៅ​ក្រៅ​ប្រទេស និងបញ្ហាសង្គ្រាមមៅមជ្ឈិមបូព៌ា ដែលធ្វើ​ឱ្យ​កើនឡើ​ង​ថ្លៃ​ប្រេង​ឥន្ធនៈ​ដែល​ជះ​ឥទ្ធិពលដ​ល់ការធ្វើដំណើរអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមការងារទេសចរណ៍ផ្នែក រដ្ឋ និងឯកជន បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និង​ទាក់​ទាញ​ទេសចរ​អន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» ​តាមរយៈវៀតណាម សិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការ​កសាង​ទំនុក​ចិត្ត​របស់​ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ ការ​អញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិ អញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ និងអ្នក​បង្កើត​មាតិកា​បរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍ជាដើម។ នៅ​ក្នុងកាលៈទេសៈលំបាកនេះ ឯកឧត្តម ក៏បានទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ និង​ពង្រឹងសមត្ថភាព ពង្រឹងភាពធន់ ពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅ​ជំរុញ​សន្ទុះ​វិស័យ​ទេសចរណ៍ ​ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និង​បត់​បែន​ឱ្យទាន់សភាពការណ៍ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និង​និរន្តរភាព​៕ អត្ថបទ៖ ស៊ុម សុខជា

ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែល​បាន​បាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»

2026/07/29 04:48:37 pm        280
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹតិ្តការណ៍វប្បធម៌ដ៏សំខាន់នេះ សហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំ។លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ ការតាំងពិព័រណ៍នេះ គឺត្រូវបានធ្វើឡើងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនបានជ្រាបព័ត៌មានអំពីសម្បត្តិវប្បធម៌ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាមទារបញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅ ឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងលើកឡើងថា «ន័យសំខាន់ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ បានដឹងអំពីតម្លៃនៃវប្បធម៌មើលឃើញអំពីសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការទាមទារនូវសម្បតិ្តបេតិកភណ្ឌជាតិ និងការដាស់ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រលាញ់មរតកដូនតាយើង។ តម្លៃ វាមានតម្លៃប្រវតិ្តសាស្រ្ត វាមានតម្លៃព្រលឹងជាតិ នោះការតភ្ជាប់បេះដូង។ វត្ថុបុរាណ មិនមែនត្រឹមតែរូបចម្លាក់ថ្ម ឬក៏ដែកនោះទេ ក៏ប៉ុន្តែវាគឺជារបស់ដែលតំណាងឲ្យស្មារតី និងកម្លាំងចិត្តរបស់បុព្វបុរសខ្មែរយើង។» លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ទៀតថា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ តាមរយៈនៃការទាមទារ ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការទូត។ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង ឃើញពីយុទ្ធនាការតាមផ្លូវច្បាប់អន្តរជាតិ និងការទូតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រី្តជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកត្រឡប់មកវិញ៕ អត្ថបទ រដ្ឋា

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់

2026/07/14 07:51:03 pm        732
ភ្នំពេញ៖ កម្ពុជា ឡាវ និងវៀតណាម បានដាក់ចេញកញ្ចប់ទស្សនិច្ចរួម «ប្រទេសបី គោល​ដៅ​តែ​មួយ» ដើម្បីជំរុញការធ្វើដំណើរក្នុងតំបន់។ សម្រាប់កម្ពុជា ការដាក់ចេញកញ្ចប់ទស្សន«ប្រទេសបី គោល​ដៅតែមួយ» គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា (Cambodia Head of NTO) បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ជួបប្រជុំត្រីភាគីជាមួយគណៈប្រតិភូឡាវ ដឹកនាំដោយ លោកជំទាវ Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកជំទាវ Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញ​យុទ្ធនាការ “ប្រទេសបី គោលដៅមួយ (Three Countries, One Destination)”។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ស្របពេលដែលគណៈប្រតិភូទាំង ៣ប្រទេស បានចូលរួមជាមួយគណៈប្រតិភូប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។ភាគីទាំងបី បានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការជម្រុញយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី។ ក្នុងន័យនេះ ដើម្បីជម្រុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លៃផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំងបីបានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា ដោយរួមមាន៣ថ្ងៃនៅប្រទេសវៀតណាម ៣ថ្ងៃនៅប្រទេសកម្ពុជា និង៣ថ្ងៃនៅប្រទេស ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជម្រុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា...) ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet) និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំងបី និងពីប្រទេសទី៣។ ជាមួយគ្នានេះ មន្រ្តីជំនាញទាំងបី នឹងបន្តជួបគ្នាដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម។លទ្ធផលនៃការអនុវត្តសកម្មភាព និងយុទ្ធនាការទាំងអស់នេះ នឹងត្រូវរាយការណ៍ជូនរដ្ឋមន្រ្តីទេសចរណ៍ទាំងបីនាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ ដែលនឹងប្រព្រឹត្តទៅនាអំឡុង ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ ចាប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីវាយតំលៃ និងដាក់ចេញនូវផែនការអនុវត្តបន្ត៕ អត្ថបទ៖ ធូ វិរៈ

អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​

2026/07/10 09:38:08 pm        249
ក្រុមការងារជំ​នាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុង​​រងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុល​ដំណាក់កាលទី៦នេះ ​បាន​ចាប់ផ្តើមតាំង​​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោង​នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើង​របស់​ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ន​នេះ ​រចនា​សម្ព័ន្ធ​ស្រះ​ទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បាន​​រងការខូចខាត​ មានកំណកដីច្រើន ធ្វើឱ្យបាត់​រូបរាងដើម​របស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់​ក្នុងដី ថ្មច្រាំងខ្លះ​ក៏​ខូចខាត​ដោយសារតែ​បៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំង​រង​កម្តៅថ្ងៃជាមួយនិង​ទឹក​​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​​ងាយ​នឹង​បាក់បែក។ កន្លែង​ខ្លះ​បាន​បាត់​ថ្ម ធ្វើ​ឱ្យ​មាន​ចន្លោះ​​​ប្រហោង ជាហេតុ​​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះក៏មាន​​។ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយ​​រុះ​រើ​ថ្ម​ជាស្រទាប់ៗ ហើយ​រំកិល​ទៅ​ដាក់នៅ​ទីតាំង​ផ្សេង ដើម្បី​ងា​យ​ស្រួល​ក្នុង​ការ​ជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់​ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។ ការ​ជួសជុល​ពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ការងារ​​ស្រាវ​ជ្រាវ​​តាំង​ពី​​ឆ្នាំ​២០១៩​មក។ ​មុន​នឹងធ្វើការជួសជុល​ដំណាក់កាលនីមួយៗ គឺ​ក្រុម​អ្នក​ជំនាញ​​ បាន​​រៀបចំការងារ​ជាច្រើន ដូចជា​ កំណាយ​សិក្សាស្រាវជ្រាវពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ សិក្សា​ប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏​បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕

ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា

2026/06/30 08:57:14 pm        367
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពិចារណាតភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងជំនួបនេះ លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈបណ្តាញដៃគូអន្តរជាតិ, ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ, ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ, ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។ ជាការ​ឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។ ក្នុង​ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះ មានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់៕ អត្ថបទ៖ ធូ វិរៈ

ភ្ញៀវជាតិ អន្តរជាតិ ធ្វើលំហាត់យោគៈអបអរសាទរទិវាយោគៈអន្តរជាតិ លើកទី១២

2026/06/21 06:08:44 pm        198
នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ តំណាងថ្នាក់ដឹកនាំតាមស្ថាប័នរដ្ឋ ឯកជន និងភ្ញៀវជាតិ អន្តរជាតិ ជាច្រើនកុះករ នាំគ្នាធ្វើលំហាត់យោគៈ សម្មាធិ នៅសួនមាត់ទន្លេចតុមុខ មុខវត្តឧណ្ណាលោម រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម និងអបអរសាទរទិវាយោគៈអន្តរជាតិ ២១ មិថុនា លើកទី១២។ ភ្ញៀវជាតិ និងទេសចរមកពីឥណ្ឌា បានថ្លែងថា រៀងរាល់ថ្ងៃព្រឹក និងល្ងាច គេតែងតែធ្វើលំហាត់ប្រាណតាមបែបយោគៈ បែបសម្មាធិ នៅក្នុងផ្ទះ ហើយពេលខ្លះធ្វើនៅតាមទីសាធារណៈដែលមានទេសភាពស្រស់ស្អាតខ្យល់អាកាសបរិសុទ្ធ ដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពផ្លូវកាយ ផ្លូវចិត្ត កាត់បន្ថយភាពតានតឹងនានា ហើយតាមរយៈទិវាយោគៈអន្តរជាតិនេះ ភ្ញៀវឥណ្ឌានានានោះ ក៏បានអំពាវនាវឲ្យទេសចរឥណ្ឌា និងទេសចរអន្តរជាតិនានាទៀត នាំគ្នាមកទស្សនាកម្ពុជា ជ្រើសរើសកម្ពុជាជាគោលដៅទេសចរណ៍លំហាត់យោគៈ ជាពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ខេត្តសៀមរាប រាជធានីភ្នំពេញ និងគោលដៅទេសចរណ៍តាមខេត្តនានាជាច្រើនទៀត។ ឯកឧត្តម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានថ្លែងថា កម្ពុជា ឥណ្ឌា បច្ចុប្បន្នបាននិងកំពុងអនុវត្តយុទ្ធនាការ ឆ្នាំទេសចរណ៍កម្ពុជា ឥណ្ឌា សំដៅជំរុញការផ្លាស់ប្តូរលំហូរទេសចររវាងប្រទេសពីរឲ្យមានកំណើនល្អប្រសើរ។ ឯកឧត្តម បន្តថា តាមរយៈការរៀបចំទិវាយោគៈអន្តរជាតិ ឆ្នា២០២៦ គឺបង្ហាញកាន់តែច្បាស់ថា គោលដៅទេសចរណ៍នៅកម្ពុជា គឺមានសុខសុវត្ថិភាពល្អប្រសើរ មានភាពរស់រវើកទាំងលើផ្នែកសេដ្ឋកិច្ច នយោបាយ និងវប្បធម៌ សាសនា ហើយព្រឹត្តិការណ៍នេះទៀត ក៏កំពុងជំរុញអភិវឌ្ឍន៍រាជធានីភ្នំពេញ ក្លាយជា គោលដៅទេសចរណ៍ទីក្រុងបែបសុខុមាលភាព ធ្វើលំហាត់យោគៈ ដ៏មានភាពទាក់ទាញ។ ឯកឧត្តម ហួត ហៃ អភិបាលរង រាជធានីភ្នំពេញ ថ្លែងថា គំនិតផ្តួចផ្តើមនិងកិច្ចខិតខំប្រឹងប្រែង របស់ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងក្រសួងទេសចរណ៍ សហការរៀបចំរៀបចំទិវាយោគៈអន្តរជាតិរៀងរាល់ឆ្នាំ បានរួមចំណែកខ្លាំង ការលើកកម្ពស់សុខុមាលភាពសង្គមតាមរយៈ ការធ្វើលំហាត់ប្រាណ ការអភិវឌ្ឍហិត្ថារចនាសម្ព័ន្ធកីឡា និងការចូលរួមចំណែកផ្សព្វផ្សាយពិសក្តានុពលទេសចរណ៍នៅកម្ពុជា និងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តកាន់តតែច្រើន ស្នាក់នៅយូរថ្ងៃ ពិសេសសម្រាប់គោលដៅទេសចរណ៍នៅរាជធានីភ្នំពេញ ។ សូមបញ្ជាក់ថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទាក់ទាញទេសចរអន្តរជាតិមកទស្សនាមានប្រមាណ១លាន៣សែននាក់ ក្នុងនោះទេសចរឥណ្ឌាមកទស្សនាមានប្រមាណជាង២ម៉ឺននាក់៕ អត្ថបទ ស៊ុម សុខជា

ទេសចរជាតិ-អន្ដរជាតិ៖ អាកាសយានដ្ឋានតេជោ ស័ក្ដិសមនឹងចំណាត់ថ្នាក់​អាកាស​យានថ្មី​ល្អ​លំដាប់​ពិភពលោក

2026/06/19 06:49:04 pm        302
ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរអន្ដរជាតិ ថា អាកាសយានដ្ឋានអន្ដរជាតិតេជោ ពិតជា​ស័ក្កិសម​នឹង​ចំណាត់ថ្នាក់ ជាអាកាសយានដ្ឋានអន្ដរជាតិថ្មី ដ៏ស្រស់ស្អាត និងទំនើបស្ដង់ដារ លំដាប់​ពិភពលោក​។ប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរទៅក្រៅប្រទេស បានប្រាប់ BTV នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៦​នេះថា រាល់ពេលធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) ពួកគេ មាន​អារម្មណ៍រំភើប និង​មោទនភាព​យ៉ាង​ខ្លាំង​ចំពោះ​អាកាស​យាន​ដ្ឋាន​ដ៏​អស្ចារ្យ​របស់​កម្ពុជា​មួយ​នេះ។​ អ្វីដែលពួកគេ ពេញចិត្តបំផុត គឺរចនាបថខ្មែរ អង្គបដិមាដ៏ធំដែលប្រៀបបាន ជាកា​រ​ឱ្យ​ពរ​ជ័យ​ដល់​អ្នកដំណើរចេញចូលកម្ពុជា។ ហើយការទទួលបានចំណាត់ថ្នាក់ ជាអាកាសយានដ្ឋាន​អន្ដរ​ជាតិ​ថ្មីល្អបំផុត និងស្រស់ស្អាតបំផុត លើពិភពលោក គឺពិតជាស័ក្ដិសមបំផុត។ ចំណែកភ្ញៀវទេសចរបរទេស មកពីប្រទេសបារាំង និងឥណ្ឌា ដែលធ្វើដំណើរមកលេងកម្ពុជា បាន​ប្រាប់​ថា ​ពួកគេស្រឡាញ់កម្ពុជា ពីព្រោះមានអារម្មណ៍ថា កក់ក្ដៅដូចជានៅប្រទេសរបស់ពួកគេ។ ហើយ​ចំពោះបរិយាកាសនៅអាកាសយានដ្ឋានអន្ដរជាតិតេជោ ពួគគេពេញចិត្ត ពីព្រោះសេវាកម្ម​បម្រើ​អតិថិជនប្រកបដោយយកចិត្តទុកដាក់ខ្ពស់។សូមជម្រាបជូនថា អាកាសយានដ្ឋានអន្ដរជាតិតេជោ (KTI) កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ត្រូវ​បាន Skytrax World Airport Awards ផ្ដល់ចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីប្រទេស ឥណ្ឌា អាមេរិក, ចិន និងជប៉ុន ដែលជាស្ថានីយអាកាស ថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) ដោយផ្អែកលើការវាយតម្លៃ ទៅលើវិសាលភាពពេញលេញ នៃ​បរិក្ខា, សេវាកម្មមានគុណភាព និងបទពិសោធន៍របស់អ្នកដំណើរ។ ហើយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០២៦នេះ អាកាសយានដ្ឋានអន្ដរជាតិតេជោ ត្រូវបានចាត់ថ្នាក់លេខ ៧ ជាអាកាស​យាន​ដ្ឋាន​ ដ៏ស្រស់ស្អាតបំផុតមួយ របស់ពិភពលោក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ Prix Versailles 2026។ ចំណាត់ថ្នាក់នេះ ត្រូវបានផ្ដល់ជូនដោយផ្អែកលើ ស្ថាបត្យកម្មវិសេស ប្រកបដោយភាពច្នៃប្រឌិត ស្ដង់ដារទំនើប និងការរំលេចនូវវប្បធម៌របស់ខ្លួន បង្ហាញ​ដល់​អ្នក​ដំណើរ​ឆ្លង​កាត់​កម្ពុជាតាមជើងអាកាស៕ អត្ថបទ៖ ស៊ីណា

តំណាងវិនិយោគិនចិនទៀជីវជាង ២០០នាក់នឹងមកកម្ពុជាម្តងទៀត ដើម្បីស្វែងរកការបណ្តាក់ទុនវិយោគ

2026/06/16 09:12:45 pm        286
នៅថ្ងៃទី១៦ ខែមិថុនា អ្នកវិនិយោគទុនចិនជាង ២០០នាក់ ដែលបានអញ្ជើញមកចូ​ល​រួម​កិច្ច​ប្រជុំបើកទូលាយ ប្រធានសមាគម នៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ នៅរាជធានីភ្នំពេញ បានត្រឡប់ទៅវិញអស់ហើយ ហើយបណ្តាអ្នកវិនិយោគទុនចិនទាំងនោះ ក៏បានសន្យាមកកម្ពុជាម្តងទៀតនៅចុងឆ្នាំនេះ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតនិងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគទុននៅកម្ពុជា។ បណ្តាអ្នកវិនិយោគទុនចិន បានថ្លែងប្រាប់BTVនៅអាកាសយានដ្ឋានអន្តរជាតិតេជោថា នៅក្នុងដំណើរចូលរួមកិច្ចប្រជុំប្រធានសមាគមនៃមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងធ្វើដំណើរកម្សាន្តទេសចរណ៍នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ អ្នកវិនិយោគទុនចិននានា ទទួលបានការយល់ដឹងជាច្រើនពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍នៅកម្ពុជា ពាក់ព័ន្ធនឹងសក្តានុពលទេសចរណ៍វប្បធម៌ និងវិនិយោគនៅកម្ពុជា ហើយគេក៏បានសន្យាមកកម្ពុជាម្តងទៀត នៅចុងឆ្នាំនេះ ដើម្បីចូលរួមមហាសន្និបាតធុរជនចិនទៀជីវពិភពលោក លើកទី១១ និងស្វែងរកឱកាសការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ខណៈកម្ពុជា បច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើន មានសុវត្ថិភាព ពលរដ្ឋមានស្នាមញញឹមរាក់ទាក់ ស្មោះត្រង់ ស្រួលរស់នៅ ជាដើម។ សូមបញ្ជាក់ថា កិច្ចប្រជុំបើកទូលាយ ប្រធានសមាគមនៃមហាសន្និបាតធុរជនចិទៀជីវពិភពលោកលើកទី១១ ឆ្នាំ២០២៦ បានបើកដំណើរការដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូវិសាមញ្ញនិងពេញសមត្ថភាពចិន ប្រចាំនៅកម្ពុជា ដោយមានប្រធាន អនុប្រធាន សមាគមចិន និងក្រុមហ៊ុនចិនទៀជីវធំៗមកពីតាមប្រទេសនានាលលើពិភពលោក និងនៅកម្ពុជា ចូលរួមប្រមាណជាង៤០០នាក់ ហើយកិច្ចប្រជុំក៏បានព្រមព្រៀងឯកឆន្ទឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះជាលើកដំបូង រៀបចំមហាសន្និបាតធុរជនចិនទៀជីវ លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២ ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៦ នេះ ៕ អត្ថបទ៖ ស៊ុម សុខជា

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជី អាកាសយានដ្ឋាន​ដ៏ស្រស់ស្អាតបំផុតមួយលើពិភពលោក ក្នុងឆ្នាំ ២០២៦

2026/06/16 06:48:22 pm        498
អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) ជាប់ចំណាត់ថ្នាក់ក្នុងបញ្ជីជា អាកាសយានដ្ឋានដ៏ស្រស់ស្អាតបំផុតមួយក្នុងចំណោមអាកាសយានដ្ឋាន ចំនួន ៧ នៅក្នុងពិភពលោក ក្នុងឆ្នាំ២០២៦។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prix Versailles 2026 ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ម្សិលមិញនេះ។សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា គម្រោងទាំងប្រាំពីរនេះបានបង្ហាញអំពីស្ថាបត្យកម្មដ៏វិសេសវិសាល និងប្លែកពីគេ បង្ហាញពីរបៀបដែលអាកាសយានដ្ឋានកំពុងងាកចេញពីស្តង់ដារចាស់ ដើម្បីផ្តល់ជូនពិភពលោកនូវស្តង់ដារថ្មីកាន់តែសម្បូរបែប និងស្រស់បំព្រង។លោក Jérôme Gouadain អគ្គលេខាធិការនៃ Prix Versailles បានបញ្ជាក់ពីការជ្រើសរើសនៅឆ្នាំនេះថា៖ “…មិនថាពួកគេទើបនឹងលេចចេញនៅលើជើងមេឃ ឬបានឆ្លងកាត់ការជួសជុលធំដុំនោះទេ អាកាសយានដ្ឋានទំនើបៗគឺជាភាពច្នៃប្រឌិត ហើយដែលចំណុចសំខាន់ៗត្រូវបានរំលេចដែលទាក់ទងនឹងវប្បធម៌ក្នុងប្រទេស និងតំបន់របស់ពួកគេ។ ភាពច្នៃប្រឌិត ស្ថាបត្យកម្មនៃអាកាសយានដ្ឋាន ការធ្វើទំនើបកម្ម ដើម្បីសម្រួលដល់ការកើនឡើងនៃការធ្វើដំណើរ និងតម្រូវការសម្រាប់ល្បឿនទៅកាន់អាកាសយានដ្ឋានដទៃទៀត”។អាកាសយានដ្ឋាន និង/ឬស្ថានីយចេញដំណើរ-ស្ថានីយមកដល់ ចំនួន ៣ ដែលឈ្នះជ័យលាភីពីក្នុងបញ្ជីឆ្នាំ២០២៦នេះ នឹងទទួលបានចំណាត់ថ្នាក់ពិភពលោក ហើយដែលនឹងត្រូវផ្តល់រង្វាន់នៅចុងឆ្នាំ២០២៦នេះ ដោយ Prix Versailles។សូមរម្លឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងខេត្តកណ្តាល និងមួយផ្នែកនៃខេត្តតាកែវ អាកាសយានដ្ឋានកម្រិត 4F ដែលមានទុនវិនិយោគប្រមាណ ២ ០០០លានដុល្លារអាម៉េរិក ដែលអនុញ្ញាតឱ្យយន្តហោះឆ្លងទ្វីបគ្រប់ប្រភេទចុះចតបាន។អាកាសយានដ្ឋាននេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ហើយការសាងសង់ដំណាក់កាលទី១ ត្រូវបានបិទបញ្ចប់ទាំងស្រុងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដោយប្រើប្រាស់កម្មករ និងស្ថាបត្យកម្មដោយកូនខ្មែរសុទ្ធសាធ។សូមបញ្ជាក់ផងដែរថា សម្រាប់ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលអ្នកដំណើរបាន១៣លាននាក់ក្នុងមួយឆ្នាំ ជាមួយនឹងទំនិញប្រមាណ ២ ៦០០តោន ពីឆ្នាំ២០២៥-២០៣០។ សម្រាប់ដំណាក់កាលទី២ ពីឆ្នាំ២០៣០-២០៥០ អាកាសយានដ្ឋានអាចទទួលអ្នកដំណើរបានដល់ប្រមាណ៣០លាននាក់ក្នុងមួយឆ្នាំ៕ https://share.google/e5SwxJseBP3hLc0jn

ក្រុមនិស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រងបង្កើតបច្ចេកវិទ្យា AI ជួយសម្រួលការងារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច

2026/06/12 10:23:40 pm        1465
ក្រុមនិស្សិត មកពីជំនាញទេសចរណ៍ បដិសណ្ឋារកិច្ច និងសេដ្ឋកិច្ចឌីជីថល នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៦នេះ បានដាក់បង្ហាញបច្ចេកវិទ្យា AI ដែលពួកគេរួមគ្នាបង្កើតឡើង ពាក់ព័ន្ធនឹងបំប្លែងគំនិតឱ្យទៅជាដំណោះស្រាយជាក់ស្តែង គាំទ្រដល់សេវាកម្មទេសចរណ៍ ប្រតិបត្តិការបដិសណ្ឋារកិច្ច ការអប់រំ សុខាភិបាល ហិរញ្ញវត្ថុ ការអភិវឌ្ឍអាជីព និងការធ្វើសេចក្តីសម្រេចចិត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ក្រុមនិស្សិតចំនួន ១៤ ក្រុម បានដាក់បង្ហាញស្នាដៃ ជាបច្ចេកវិទ្យា AI របស់ខ្លួន ដែលដើរស្របនឹងសង្គមបច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងជាដំណោះស្រាយបញ្ហាសង្គមនានា។ ការដាក់បង្ហាញបច្ចេកវិទ្យា AI របស់ក្រុមនិស្សិត សាកលវិទ្យាល័យជាតិគ្រប់គ្រងនៅថ្ងៃនេះ រួមមាន ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធប្រឹក្សាយោបល់លើការស្នើសុំទិដ្ឋាការ ប្រព័ន្ធបណ្តុះបណ្តាលការប្រាស្រ័យទាក់ទងផ្នែកបដិសណ្ឋារកិច្ចការិយាល័យខាងមុខ ប្រព័ន្ធរៀបចំកម្មវិធីទស្សនកិច្ចទេសចរណ៍ផ្ទាល់ខ្លួន ប្រព័ន្ធត្រួតពិនិត្យថ្លៃសេវាកម្មទេសចរណ៍ ប្រព័ន្ធរៀបចំផែនការសេវាកម្មម្ហូបអាហារ ប្រព័ន្ធរៀបចំផែនការទេសចរណ៍ធម្មជាតិផ្អែកលើសហគមន៍ ប្រព័ន្ធរៀបចំផែនការអាពាហ៍ពិពាហ៍ ប្រព័ន្ធរៀបចំផែនការធ្វើដំណើរទៅកម្សាន្តនៅខេត្តសៀមរាប ប្រព័ន្ធជំនួយការផ្នែកអាហារូបត្ថម្ភផ្ទាល់ខ្លួន ប្រព័ន្ធជំនួយការរៀបចំផែនការថវិកា ប្រព័ន្ធប្រឹក្សាយោបល់ពិនិត្យនិងវិនិច្ឆ័យស្បែក ប្រព័ន្ធណែនាំមុខម្ហូប និងអាហារក្នុងស្រុក ប្រព័ន្ធដៃគូត្រៀមប្រឡង IELTS ប្រព័ន្ធ GPT ផ្គូរផ្គងការងារ។ ក្រុមនិស្សិតដែលផ្តោតលើវិស័យទេសចរណ៍ ក៏បានពន្យល់លម្អិតបន្ថែមលើ ប្រព័ន្ធ AI របស់ខ្លួន អាចមានលទ្ធភាពបង្កើតជាគម្រោងមួយច្បាស់លាស់សម្រាប់អ្នកចង់ធ្វើដំណើរកម្សាន្ត ដោយលម្អិតការប្រើប្រាស់ថវិកា សកម្មភាពកម្សាន្ត ទីកន្លែងស្នាក់នៅ ទីកន្លែងពិសារអាហារថែមទៀតផង។ សម្រាប់ការដាក់បង្ហាញបច្ចេកវិទ្យា AI នៅថ្ងៃនេះដែរ លោកសាស្ត្រាចារ្យ ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា គម្រោងទាំងនេះបានបង្ហាញពីសមត្ថភាពរបស់និស្សិតក្នុងការស្វែងរកបញ្ហាប្រឈមក្នុងពិភពពិត ស្វែងយល់ពីតម្រូវការរបស់អតិថិជន និងអភិវឌ្ឍដំណោះស្រាយដែលជំរុញដោយ AI ជាមួយនឹងការអនុវត្តជាក់ស្តែង។ សមត្ថភាពទាំងនេះ គឺពិតជាខ្វះមិនបានសម្រាប់កម្លាំងពលកម្ម និងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនាពេលអនាគតរបស់កម្ពុជា។ សាកលវិទ្យាធិការ បានលើកឡើងដែរថា កិច្ចការទាំងនេះ ក៏ដើរស្របទៅនឹងគោលដៅកម្ពុជា ដែលកំពុងរុញច្រានរបៀបវារៈបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានសិក្សា និងសាកលវិទ្យាល័យ នានា លើតួនាទី និងការទទួលខុសត្រូវយ៉ាងសំខាន់ក្នុងការបំពាក់បំប៉នសិស្ស-និស្សិត នូវចំណេះដឹង បំណិន និងផ្នត់គំនិតបច្ចេកវិទ្យាដែលចាំបាច់ ដើម្បីអាចរីកចម្រើន និងប្រកួតប្រជែងនៅក្នុងយុគសម័យថ្មីនេះបាន៕អត្ថបទ៖ គឹម ហុក  

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សមត្ថកិច្ចបង្ក្រាប​ទីតាំង​សង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scams នៅនៅក្នុងក្រុងបាវិតឃាត់ខ្លួនមនុដ្ស៣៨នាក់
08/01/2026 08:08 PM
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក នាំយកទៀនចំណាំព្រះវស្សា ទេយ្យទាន និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង៥៣ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង
08/01/2026 06:08 PM
ក្រសួងកសិកម្ម និងក្រសួងទេសចរណ៍សហការគ្នាជំរុញខ្សែក្រវាត់បៃតងនៅតាមតំបន់ទេសចរណ៍កាន់តែប្រសើរ
08/01/2026 06:08 PM
ក្រុមហ៊ូទីអះអាងថា ខ្លួនបានបង្ខំឲ្យនាវាដឹកប្រេងអារ៉ាប៊ីសាអ៊ូឌីត ៨គ្រឿង បង្វែរទិសដៅ ដោយសារការបិទខ្ទប់ផ្លូវសមុទ្រ
08/01/2026 05:08 PM
ការចំណាយសរុបរបស់អ៊ុយក្រែនក្នុងឆ្នាំ ២០២៦ នឹងមានចំនួន ១៧៦,៨ ពាន់លានដុល្លារ
08/01/2026 04:08 PM
សហភាពអឺរ៉ុប នឹងពង្រីកការអនុវត្តច្បាប់ស្តីពីបញ្ញាសិប្បនិម្មិត (AI) ចាប់ពីថ្ងៃទី២ ខែសីហា
08/01/2026 04:08 PM
រដ្ឋាភិបាលឥណ្ឌា៖ ពលរដ្ឋឥណ្ឌា ១៦នាក់ ស្លាប់និង ៧៥នាក់ រងរបួស ចាប់តាំងពីជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះឡើង ក្នុងឆ្នាំនេះ
08/01/2026 04:08 PM
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំត្រប់ ស្រុកបាធាយ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
08/01/2026 04:08 PM
នាយករដ្ឋមន្ត្រីកាតា និងមេដឹកនាំក្រុមហាម៉ាស ពិភាក្សាតាមទូរស័ព្ទអំពីការអនុវត្តបទឈប់បាញ់នៅតំបន់ហ្កាហ្សា
08/01/2026 04:08 PM
កូរ៉េខាងជើងថា ផែនការផ្គត់ផ្គង់ប្រេងឥន្ធនៈរបស់ NATO បង្ហាញថា សម្ព័ន្ធយោធានេះកំពុងត្រៀមរៀបចំធ្វើ​សង្គ្រាម
08/01/2026 04:08 PM