កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក

2026/09/11 10:06:28 pm        118
នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារទ្វេភាគី ជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូជាន់ខ្ពស់ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦។ក្នុងឱកាសនៃជំនួប, សម្តេចធិបតីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានដ៏ឧដុង្គឧត្តមរបស់ឯកឧត្តមប្រធានាធិបតី និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះឆ្លុះបញ្ចាំងអំពីការបន្តពូនជ្រំចំណងមិត្តភាពទ្វេភាគី និងការបន្ដពង្រឹង និងពង្រកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ជាការឆ្លើយតប, ឯកឧត្តមប្រធានាធិបតីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក៏ដូចជាសម្តេចធិបតី ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ប្រកបដោយភាពស្និទ្ធស្នាល និងភាតរភាព។ ជាមួយគ្នានេះ, ឯកឧត្តមប្រធានាធិបតីបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការធ្វើទំនើបកម្មយ៉ាងឆាប់រហ័សរបស់កម្ពុជា ដោយបានគូសបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងក្នុងនាមជាប្រធានាធិបតីនាពេលនេះ ឯកឧត្តមបានមើលឃើញយ៉ាងច្បាស់ពីការប្រែប្រួលមុខមាត់ថ្មីរបស់ព្រះរាជាណាចក្រកម្ពុជា បើធៀបនឹងទស្សនកិច្ចកាលពីឆ្នាំ២០១៧។ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា, ឯកឧត្តមប្រធានាធិបតីចាត់ទុកកម្ពុជា​ គឺជាមិត្តល្អ មិត្តជិតស្និទ្ធ និងជាមិត្តដែលតែងតែជួយគាំទ្រដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាជាបន្តបន្ទាប់ ទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពិភពលោក ជាពិសេសក្នុងពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២។សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី លើវិស័យអាទិភាពមួយចំនួន រួមមាន៖ សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស, កិច្ចការសាសនា, និងការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងក្នុងការគាំទ្រគ្នាក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោក។ មុននឹងបញ្ចប់, សម្ដេចធិបតី និងលោកប្រធានាធិបតី បានពិភាក្សា និងប្ដេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា, មីយ៉ាន់ម៉ា និងតំបន់ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀន, និងបទឧក្រិដ្ឋតាមប្រព័ន្ធបច្ចេកវិទ្យា៕

កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌

2026/09/11 06:26:19 pm        154
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមជាអធិបតីភាពជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ដើម្បី ​ពង្រឹង​ទំនាក់ទំនង​តាម​រយៈ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌។នារសៀលថ្ងៃសុក្រ ទី១១ កញ្ញា ២០២៦ នេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជួបជាមួយ ឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព។ សម្ដេចធិបតី ចូលរួមជាអធិបតីភាពជាមួយ ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤៖១. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធនិងការចៀសវាងពន្ធ។២. កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ស្តីពីការជំរុញ និងការការពារទៅវិញទៅមកនៃវិនិយោគ។៣. វិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងវប្បធម៌, សណ្ឋាគារ និងទេសចរណ៍ នៃ រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។៤. អនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ គួរបញ្ជាក់ថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ ៖ វីរះ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា

2026/09/11 05:41:35 pm        91
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម មីន អោង ឡាំង (Min Aung Hlaing) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសដែលឯកឧត្តមប្រធានាធិបតីអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា។ក្រោយកិច្ចប្រជុំនេះទៅ សម្តេចមហាបវរធិបតី និងឯកឧត្តម មីន អោង ឡាំង នឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។បន្ទាប់មក សម្តេចមហាបវរធិបតី នឹងរៀបចំអាហារពេលល្ងាចជូនលោកប្រធានាធិបតី និងគណៈប្រតិភូ។ សូមជម្រាបថា ឯកឧត្តម មីន អោង ឡាំង បានអញ្ជើញមកដល់កម្ពុជានៅព្រឹកថ្ងៃទី១១ ខែកញ្ញានេះ ដើម្បីបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ។ ទស្សនកិច្ចនេះ ក៏បានបង្ហាញនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិការរវាងកម្ពុជា និងមីយ៉ាន់ម៉ាឱ្យកាន់តែល្អប្រសើរ។ខណៈប្រមាណជាមួយម៉ោងក្រោយអញ្ជើញដល់កម្ពុជា ឯកឧត្តម មីន អោង ឡាំង ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋយ៉ាងកក់ក្ដៅដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីក្នុងព្រះបរមនាមព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្តេចតេជោ និងឯកឧត្តម មីន អោង ឡាំង បានប្រជុំកំពូលជាមួយគ្នា និងឯកភាពពង្រឹកលើវិស័យជាច្រើនរួមទាំងសេដ្ឋ ការទូត នយោបាយជាមួយគ្នា។ក្នុងជំនួបកំពូលនេះ សម្តេចតេជោ ក៏បានហៅដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលនេះរបស់ ឯកឧត្តម មីន អោង ឡាំង ជាសក្ខីភាពនៃការបញ្ជាក់អំពីមិត្តភាពដ៏យូរអង្វែង ជួយរឹតបន្តឹងចំណងមិត្តភាព និងលើកកម្ពស់ភាពជាដៃគូ ដ៏ជិតស្និទ្ធរបស់ប្រទេសទាំងពីរ។ ទស្សនកិច្ចនេះ ក៏បានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈ យ៉ាង ស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់តំបន់ និងអន្តរជាតិ ហើយឈានទៅរកការឯកភាពគ្នា បង្កើនកិច្ចខិតខំប្រឹងប្រែងសំដៅធ្វើឱ្យបាននូវផលប្រយោជន៍ជាផ្លែផ្កា ជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕

គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

2026/09/10 05:51:42 pm        162
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, នៅវិមានសន្តិភាព, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា (American Cambodian Business Chamber - ACBC) ដឹកនាំដោយ លោកស្រី ចាន់ សុខវាសនា (Sokveasna Chan) ស្ថាបនិក និងជាប្រធាន ACBC ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ក្នុងឱកាសនៃជំនួប, លោកស្រីប្រធាន ACBC បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតីដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូ ACBC ចូលជួបសម្ដែងការគួរសម និងបានគោរពជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចធុរកិច្ច ដើម្បីស្វែងរកកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា។ លោកស្រីបានបញ្ជាក់ថា ក្នុងអំឡុងពេលបំពេញទស្សនកិច្ចធុរកិច្ចនេះ, គណៈប្រតិភូបានជួបពិភាក្សាការងារ និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានសម្តែងការកោតសរសើរព្រមទាំងវាយតម្លៃខ្ពស់ចំពោះការស្វាគមន៍ និងការគាំទ្ររបស់ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានចែករំលែកព័ត៌មានអំពីសក្តានុពលវិនិយោគលើវិស័យសំខាន់ៗរបស់កម្ពុជា។ ជាពិសេស, បណ្តាក្រុមហ៊ុនរបស់ ACBC បានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបណ្តាក់ទុនវិនិយោគលើវិស័យឡូជីស្ទីក, វិស័យកសិកម្ម និងគ្រឿងសង្ហារឹម សំដៅជំរុញការតភ្ជាប់រវាងវិនិយោគិននៃប្រទេសទាំងពីរ និងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែមានវិសាលភាពថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះស្ថាបនិក និងគណៈប្រតិភូ ACBC ដែលបានមកបំពេញទស្សនកិច្ចធុរកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចធិបតីបានចាត់ទុកដំណើរទស្សនកិច្ចនេះថាជាកម្លាំងចលករដ៏មានសារៈសំខាន់ក្នុងការជំរុញការតភ្ជាប់ទំនាក់ទំនងធុរកិច្ចរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយបានគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនដែលអាចពង្រីកកិច្ចសហប្រតិបត្តិការបាន ជាពិសេស លើវិស័យពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចធិបតីក៏បានបង្ហាញសុទិដ្ឋិនិយមថា នៅថ្ងៃអនាគត ផលិតផលកម្ពុជានឹងមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារសហរដ្ឋអាមេរិក។ បន្ថែមពីនេះ, សម្តេចធិបតីបានគូសរំលេចពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់គោលដៅប្រែក្លាយកំពង់ផែក្រុងព្រះសីហនុឱ្យទៅជាមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ព្រមទាំងមានបំណងជំរុញការតភ្ជាប់រវាងកំពង់ផែនេះ ជាមួយបណ្តាកំពង់ផែសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ៕

សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល

2026/09/10 05:27:25 pm        105
នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និង គណៈប្រតិភូ ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានសមាគម JCA បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចធិបតីដែលតែងតែផ្ដល់ពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យគណៈប្រតិភូរបស់ JCA ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ​ ជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពនៃដំណើរទស្សនកិច្ចធុរកិច្ចនាពេលនេះ ដោយ JCA បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងអគ្គនាយកដ្ឋានរដ្ឋបាល នៃក្រសួងមហាផ្ទៃ សំដៅលើកម្ពស់សហគ្រាសធុនតូចនិងមធ្យម (SME) របស់ជប៉ុន ដែលកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា ក៏ដូចជាគម្រោងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃបណ្ដាក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ក្នុងគោលបំណងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ។ ឯកឧត្តមបានសង្កត់ធ្ងន់អំពីការផ្ដោតអាទិភាពខ្ពស់របស់ JCA ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើសសរស្ដម្ភចំនួន៣ រួមមាន៖ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស, ការអភិវឌ្ឍវិស័យកសិកម្ម, និងការអភិវឌ្ឍឧស្សាហកមុ្មឌីជីថល។ ក្នុងឱកាសនោះដែរ, គណៈប្រតិភូ JCA ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីទិសដៅក្នុងការពង្រីកវិសាលភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ដែលមានជាអាទិ៍៖ (១) ការកែច្នៃកសិផលសូត្រមាស និងត្រីទីឡាព្យ៉ា ដើម្បីបំពេញតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុន និងពិភពលោក, និង (២) ការបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងការថែរក្សាសម្ផស្ស និងគ្រឿងសម្អាង ក៏ដូចជាការសហការជាមួយនឹងក្រុមហ៊ុន TOYOTA ក្នុងការបណ្ដុះបណ្ដាលអ្នកថែទាំរថយន្ត ជាដើម។ ក្រៅពីនេះ, ក្នុងទិសដៅផ្សព្វផ្សាយបន្ថែមអំពីច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, JCA គ្រោងនឹងរៀបចំសិក្ខាសាលានៅប្រទេសជប៉ុននាពេលខាងមុខ ដើម្បីមានឱកាសពន្យល់ដល់ក្រុមហ៊ុនជប៉ុនឱ្យយល់កាន់តែច្បាស់អំពីបរិយាកាសវិនិយោគ, ក្របខណ្ឌគោលនយោបាយ និងការលើកទឹកចិត្តនានា នៅកម្ពុជា។ជាការឆ្លើយតប, សម្ដេចធិបតីបានថ្លែងអំណរគុណដល់ JCA ដែលបានខិតខំប្រឹងប្រែងផ្សព្វផ្សាយអំពីសក្ដានុពលរបស់កម្ពុជា ក៏ដូចជាការទាក់ទាញក្រុមហ៊ុនជប៉ុន ដើម្បីធ្វើការវិនិយោគនៅកម្ពុជា ជាបន្តបន្ទាប់។ ព្រមជាមួយគ្នានេះ, សម្ដេចធិបតីសម្ដែងនូវសេចក្តីសោមនស្សរីករាយចំពោះការវិវឌ្ឍជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង JCA នាពេលកន្លងមក។ សម្ដេចធិបតីក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះ នឹងបន្តជាគំរូល្អក្នុងការទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនបន្ថែមទៀត នាពេលអនាគត។ សម្ដេចធិបតីរំលឹកអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងជប៉ុន ក្នុងការបន្តធ្វើការរួមគ្នាដើម្បីប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកថ្នាក់តំបន់ ហើយតាមរយៈកិច្ចសហប្រតិបត្តិការដ៏ល្អនេះផងដែរ, សម្ដេចធិបតីក៏សង្ឃឹមយ៉ាងមុតមាំថា តំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន នឹងលេចចេញជារូបរាងនៅកម្ពុជា និងរីកលូតលាស់ ជាបន្តបន្ទាប់ នាពេលអនាគត។ មុននឹងបញ្ចប់, សម្ដេចធិបតីបានលើកទឹកចិត្តឱ្យគណៈប្រតិភូ JCA បន្តពិភាក្សា និងសហការឱ្យបានជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

2026/09/10 05:17:57 pm        110
នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Ali Abadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួបនោះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត។ ឯកឧត្តមបានបង្ហាញចំណាប់អារម្មណ៍ស្វែងរកកាលានុវត្តភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន។ជាការឆ្លើយតប, សម្តេចធិបតី បានអបអរសាទរ ឯកឧត្តម Akbar Ghasemi Ali Abadi ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា។ សម្តេចធិបតីបានកត់សម្គាល់ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងមានជំនឿជាក់ថា អាណត្តិការទូតរបស់ឯកឧត្តម នឹងចូលរួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាមួយគ្នានេះ, សម្តេចធិបតីបានស្វាគមន៍ការប្តេជ្ញាចិត្តរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតក្នុងការស្វែងរកកាលានុវត្តភាពថ្មីៗ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីថែមទៀត និងលើកទឹកចិត្ត ឯកឧត្តម ពិភាក្សាបន្ថែមជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជា៕

សម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត

2026/09/09 06:23:23 pm        173
នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Akbar Ghasemi Aliabadi ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្តេចតេជោបានសម្ដែងនូវក្តីរីករាយក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោបានស្វាគមន៍ហើយអបអរសាទរចំពោះឯកឧត្តមដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។សម្ដេចសង្ឃឹមថា ក្នុងនាមឯកឧត្តមជាឯកអគ្គរដ្ឋទូតនឹងញ៉ាំងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់កាន់តែរឹងមាំបន្ថែមទៀត។ នៅក្នុងឱកាសនោះឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យឯកឧត្តមបានជួប ជូនសារតាំងនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ឯកឧត្តមបានស្គាល់សម្ដេចតេជោតាមរយៈការបញ្ជាក់អំពីជំហរនៃការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងអ៊ីរ៉ង់ ឲ្យកាន់តែមានភាពសកម្ម និងកាន់តែរីកចម្រើន។ សម្ដេចចង់ឃើញការពង្រីកនូវពាណិជ្ជកម្មសេដ្ឋកិច្ច នៃប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន ជាពិសេសផ្ដោតទៅលើវិស័យកសិកម្ម។ ជាចុងក្រោយ សម្ដេចតេជោហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា ទទួលបាននៅភាពជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

ឯកអគ្គរដ្ឋទូតថ្មីអ៊ុយរូហ្កាយប្រចាំកម្ពុជា ប្ដេជ្ញាថាខិតខំពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយរូហ្កាយឱ្យកាន់តែរីកចម្រើន

2026/09/09 06:17:41 pm        131
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា នារសៀលថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Diego Pelufo Acosta y Lara ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអ៊ុយរូហ្កាយ បានប្ដេជ្ញាថា នឹងខិតខំពង្រឹងនូវទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអ៊ុយ រូហ្កាយ ឲ្យកាន់តែរីកចម្រើនហើយជាពិសេសនោះគឺឯកឧត្តមមានមោទនភាពណាស់ដែលបានធ្វើជាឯកអគ្គរដ្ឋទូតរបស់អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា។ នៅក្នុងឱកាសនោះ ដែរសម្ដេចតេជោបានសម្ដែងនូវការពេញ្ចិតចំពោះការលើកឡើងរបស់ឯកឧត្តមអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ដោយសម្ដេចបានឯកភាពនៅក្នុងការពង្រឹងនូវទំនាក់ទំនងទ្វេភាគី រវាងកម្ពុជានិងអ៊ុយរូហ្កាយឲ្យកាន់តែរីកចម្រើន។ សម្ដេចបានមានប្រសាសន៍អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទោះបីជានៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ប៉ុន្តែប្រទេសទាំងពីរអាចមានសក្កានុពល ជាច្រើនទៀតក្នុងការពង្រីកទំនាក់ទំនងជាមួយគ្នា ជាពិសេសផ្ដោតទៅលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងអ៊ុយរូហ្កាយ។ចុងក្រោយសម្ដេចតេជោ ហ៊ុន សែន បានជូនពរឲ្យឯកឧត្តមឯកអគ្គរដ្ឋទូត អ៊ុយរូហ្កាយ ប្រចាំនៅកម្ពុជា ទទួលបានជោគជ័យនៅក្នុងបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា៕

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយប្រធានរដ្ឋសភា អាស៊ែបៃហ្សង់

2026/08/29 06:48:43 pm        131
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូជាមួយលោកជំទាវ សាហ៊ីបា កាហ្វារ៉ូវ៉ា (Sahiba Gafarova) ប្រធានរដ្ឋសភា អាស៊ែបៃហ្សង់ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានមានប្រសាសន៍ថា នៅក្នុងជំនួបសម្តេចតេជោបានសម្តែងនៅការរីករាយដែលបានជួបសន្ទនាសារជាថ្មីជាមួយលោកជំទាវប្រធានរដ្ឋសភាសាធារណរដ្ឋអាស៊ែបៃហ្សង់។ សម្តេចតេជោបានអរគុណលោកជំទាវដែលបានបញ្ជូនសមាជិកសភាសាធារណរដ្ឋអាស៊ែបៃហ្សង់ មកចូលរួមកិច្ចប្រជុំប្រធានសភានៃអន្តរសភាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោបានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលមានភាពល្អប្រសើរ។ ហើយប្រទេសទាំងពីរកំពុងតែសហការគ្នាយ៉ាងល្អ។ សម្តេចក៏បានរម្លឹកអំពីសារបានដែលសម្តេចធ្លាប់ទៅទស្សនកិច្ចនៅប្រទេសមួយនេះជាបន្តបន្ទាប់។ អ្នកនាំពាក្យបានបន្តថា នៅក្នុងឱកាសនោះ លោកជំទាវ Sahiba GAFAROVA បានសម្តែងនៅការអរគុណជាអនេកចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានទទួលជួបជាមួយលោកជំទាវតាមរយៈការសន្ទនាតាមរយៈវិដេអូខិនហ្វ្រើរិន។ ហើយលោកជំទាវរីករាយណាស់ដែលបានជួបសន្ទនាជាមួយសម្តេចតេជោសាជាថ្មី។ លោកជំទាវក៏បានអបអរសាទរដែលបានរៀបចំធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា ដែលទើបតែបានបញ្ចប់ទៅនាពេលថ្មីៗនេះ។ លោកជំទាវក៏បានអញ្ជើញសម្តេចតេជោអញ្ជើញទៅទស្សនកិច្ចនៅសាធារណរដ្ឋអាស៊ែបៃហ្សង់នៅពេលខាងមុនេះ។ លោកជំទាវក៏បានស្នើសុំសម្តេតេជោឲ្យជួយគាំទ្រលោកជំទាវជាបេក្ខភាពប្រធានសហភាពអន្តរសភា (IPU) ដែលលោកជំទាវ គឺជាបេក្ខភាពមួយរូបសម្រាប់ឈរជាប្រធាននៃ IPU។នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនៅការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសអរគុណលោកជំទាវដែលបានអបអរសាទរជុំវិញដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា នៃអន្តរសភា។ ហើយសម្តេចតេជោក៏បានទទួលយកនៅការអញ្ជើញរបស់លោកជំទាវនៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ែបៃហ្សង់នៅពេលខាងមុខ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចនឹងពិនិត្យមើលនៅពេលវេលាសមស្របដើម្បីទៅទស្សនកិច្ចសារជាថ្មីនៅអាស៊ែបៃហ្សង់។សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះសំណើរបស់លោកជំទាវ Sahiba GAFAROVA ប្រធានរដ្ឋសភានៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលស្វែងរកការគាំទ្រពីកម្ពុជានៅក្នុងបេក្ខភាពរបស់លោកជំទាវ គឺជាប្រធានសហភាពអន្តរសភា (IPU) ដែលនឹងបោះឆ្នោតនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ខាតមុខនេះ។ ដោយសម្តេចតេជោបានបញ្ជាក់ថា សម្រាប់កម្ពុជានឹងពិចារណាដោយយកចិត្តទុកដាក់ និងមានការអនុគ្រោះចំពោះការស្នើរបស់អាស៊ែបៃហ្សង់នៅពេលនេះ៕ អត្ថបទ៖ វង្ស សុភាព

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា

2026/08/28 08:52:54 pm        63
នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយគ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដឹកនាំ​ដោយ ឯកឧត្តម Syed Yusaf Raza Gilani ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងជាប្រធានស្ថាបនិកនៃសន្និសីទប្រធានសភានៃអន្តរសភា (ISC) នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានគណ:ប្រតិភូ​ នៃISC បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាដែលបានរៀបចំ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ ​ប្រកបដោយ​ជោគជ័យ​។ ឯកឧត្តមបានសង្កត់ធ្ងន់ថាវេទិកា ISC បានត្រូវបង្កើតឡើង ដោយឈរលើទស្សនាទាននៃសន្តិភាព, ស្ថិរភាព​ និងការអភិវឌ្ឍ ព្រមទាំងការលើកកម្ពស់​ការគោរពច្បាប់អន្តរជាតិ រួមទាំង ធម្មនុញ្ញអង្គការសហប្រជាជាតិ,​ សំដៅចូលរួមចំណែកធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងសកលលោក។ ឯកឧត្តម​ប្រធានគណៈប្រតិភូ​ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងទំនាក់ទំនងការទូត និងការផ្លាស់ប្តូរទស្សនកិច្ចរវាងស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីគាំទ្រដល់ការកសាង និងការរក្សាសន្តិភាព និង​ស្ថិរភាព។ជាការឆ្លើយតប, សម្តេចធិបតីបានថ្លែងអំណរគុណចំពោះគណៈប្រតិភូទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងសន្និសីទ ISC-2 នៅកម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ពីតួនាទីគន្លឹះរបស់ស្ថាប័ននីតិប្បញ្ញត្តិ ដែលបំពេញបន្ថែមឱ្យស្ថាប័ននីតិប្រតិបត្តិក្នុងការកសាងទំនាក់ទំនង​ និង​កិច្ចសហប្រតិ​បត្តិការ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ សម្តេចធិបតីបានសង្កត់ធ្ងន់ថា សន្តិភាពមានតម្លៃជាសារវន្ត សម្រាប់ការអភិវឌ្ឍ ។ ឆ្លៀតក្នុងឱកាសនោះ, សម្តេចធិបតីបានចែករំលែកនូវបទពិសោធន៍របស់កម្ពុជាក្នុងការបញ្ចប់សង្គ្រាមទាំងស្រុង ប្រកបដោយជោគជ័យ​ ដែល​បាន​នាំមកនូវសន្តិភាពពេញលេញទូទាំងប្រទេសជាប្រវត្តិសាស្ត្រ​ តាមរយៈ​ «នយោបាយឈ្នះ-ឈ្នះ» របស់សម្ដេចតេជោ ហ៊ុន សែន​ ។ កម្ពុជាយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងប្រាថ្នាចង់រស់នៅក្នុងសុខសន្តិភាពយូរអង្វែងជាមួយបណ្តាប្រទេសជិតខាងទាំងអស់។មុននឹងបញ្ចប់, សម្តេចធិបតីបានជម្រាបជូនគណៈប្រតិភូ​ នៃសន្និសីទប្រធានសភា​ នៃអន្តរសភា លើកទី២​ អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ​ ដោយសន្តិវិធី ដោយផ្អែកលេីច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM