ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿនភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។
ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានធ្វើឡើងនៅក្នុងប្រជុំអាស៊ាន-ចិន លើកទី២៦ នៅទីក្រុងហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃប្រទេសក្នុងតំបន់អាស៊ានទាំង១១ប្រទេស។
សម្ដេចធិបតី បានបញ្ជាក់ថា កម្ពុជាទទួលស្គាល់ផលប្រយោជន៍រួម នៃទំនាក់ទំនងល្អ ក្នុងអំឡុងពេលជិត៣ទស្សវត្សរ៍រវាងចិន និងអាស៊ាន។ ចំពោះប្រទេសកម្ពុជា, គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) បានផ្ដល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ជាពិសេសក្នុងវិស័យដឹកជញ្ជូន និងឡូជីស្ទីក ដូចមានផ្លូវលឿន ភ្នំពេញ-ព្រះសីហនុ ដែលជាសមិទ្ធផលនៃគំនិតផ្តួចផ្តើមនេះ ជាឧទាហរណ៍ស្រាប់។
សម្ដេចធិបតី បានកត់សម្គាល់អំពីសារៈសំខាន់នៃវិស័យទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច នៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនពេលមានវិបត្តិកូវីដ-១៩។ ក្នុងន័យនេះ,សម្ដេចធិបតី បានសង្កត់ធ្ងន់ពីភាពចាំបាច់ដែលអាស៊ានត្រូវជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃសេចក្ដីថ្លែងការណ៍អាស៊ាន- ចិន ស្ដីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
សម្ដេចធិបតី ក៏បានបញ្ជាក់ជូនកិច្ចប្រជុំកំពូលអាស៊ាន-ចិន អំពីដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី ទៅកាន់ទីក្រុងណាននីង ដើម្បីចូលរួមពិព័រណ៍ចិន-អាស៊ាន លើកទី២០ (CAEXPO ) និងដំណើរទស្សនកិច្ចនៅទីក្រុងប៉េកាំង ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI)ផងដែរ។
បើតាមលទ្ធផលនៃកិច្ចប្រជុំខាងលើនេះ បានឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៦នេះ បណ្តាថ្នាក់ដឹកនាំអាស៊ានប្រាថ្នាចង់ឃើញទំនាក់ទំនងរវាងកំពូលមហាអំណាចចិន និងសហរដ្ឋអាមេរិក ប្រព្រឹត្តទៅប្រកបដោយសុខដុមរមនា ដើម្បីបន្តផ្តល់ប្រយោជន៍សេដ្ឋកិច្ច និងពាណិជ្ជកម្ម ដល់តំបន់ទាំងមូលផងដែរ៕អត្ថបទ៖ បាន ចក់