ភ្នំពេញ ៖ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី៥ខែកក្កដា ឆ្នាំ២០២១ បានចុះពិនិត្យគម្រោងសាងសង់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដែលគ្រោងដាក់ឲ្យដំណើរការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ផ្នែកត្រចៀក ច្រមុះ បំពង់ក នាដើមឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា អគារថ្មី នៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួងនេះ ជាជំនួយឥតសំណង់របស់សាធារណរដ្ឋកូរ៉េ ខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិកូរ៉េ ហៅកាត់ថា កយកា (KOICA) ហើយក៏ជាតម្រូវការមួយសម្រាប់ប្រជាពលរដ្ឋយើង មកទទួលការថែទាំផ្នែកត្រចៀក ច្រមុះ បំពង់កផងដែរ។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តម រដ្ឋមន្រី្ត ក៏បានជូនពរដល់បុគ្គលិកនៃមនី្ទរពេទ្យព្រះអង្គឌួង និងភាគីកូរ៉េ ទទួលបានសុខភាពល្អ និងជោគជ័យក្នុងការបំពេញភារកិច្ច ខាងសាងសង់ និងខាងបម្រើសុខភាពប្រជាពលរដ្ឋ សមស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។
ក្រៅពីនោះភាគីកូរ៉េ ក៏បានជួយសាងសង់មនី្ទរពេទ្យ នៅខេត្តពោធិ៍សាត់ និងសាងសង់គម្រោងបន្ថែមមនី្ទរពេទ្យ ក្នុងខេត្តបាត់ដំបង និងមនី្ទរពេទ្យ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានបណ្តុះបណ្តាលធនធានមនុស្សលើវិស័យសុខាភិបាល មានចំនួនច្រើនផងដែរ៕
អត្ថបទ រដ្ឋា