ថ្នាក់ដឹកនាំ ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២៥នេះ បានរៀបចំពិធីសំពះគ្រូ សុំពរជ័យ សេចក្ដីសុខចម្រើន ក្នុងព្រឹតិ្តការណ៍ធំៗចំនួន៣។
លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់BTV ព័ត៌មានថា ថ្ងៃនេះនាយកដ្ឋានបានរៀបចំកិច្ចពិធីសំពះគ្រូ មានគោលបំណងសំខាន់ៗចំនួន៣ គឺទី១. កិច្ចពិធីសំពះគ្រូ សុំសេចកី្តសុខចម្រើន ដើម្បីចេញទៅសម្តែងសិល្បៈទស្សនីយភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២៥ខាងមុខនេះ, ទី២. កិច្ចពិធីសំពះគ្រូ សុំដំឡើងស្នាដៃល្ខោនចម្រុះ តន្រី្ត និងជីវិតខ្មែរ ដែលត្រៀមសម្តែងសិល្បៈទស្សនីយភាពនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅសាលសន្និសីទកោះពេជ្រ និងទី៣.កិច្ចពិធីសំពះគ្រូ សុំដំឡើងសិល្បៈទស្សនីយភាព ត្រៀមសម្តែងនៅក្នុងពិធីបុណ្យទន្លេ លើកទី៩ នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ ដែលមានទីតាំងប្រារព្ធ គឺនៅសួនច្បារមាត់បឹងតាកែវ។
លោក ឈាង ឆដាភ័ក្រ្ត បានសង្កត់ធ្ងន់ថា ចាប់ពីដើមឆ្នាំ២០២៥ នាយកដ្ឋានមានភារកិច្ចមមាញឹកខ្លាំង ជាក់ស្តែងគឺការសម្តែងសិល្បៈទស្សនីយភាពថ្មីៗ ដូចជាទើបបញ្ចប់ការសម្តែងសិល្បៈចំនួន០២លើក ដែលមានចំនួន៧ថ្ងៃ គឺការសម្តែងល្ខោនបាមោជ្ជទ័យ ចំណងជើងរឿង កុលាបប៉ៃលិន ក្នុងនោះមានការគាំទ្រច្រើនពីមហាជន និងមានការសំណូមពរឲ្យមានការសម្តែងរឿងកុលាបប៉ៃលិន បន្តទៀត ព្រមទាំងទម្រង់សិល្បៈផ្សេងៗទៀតផងដែរ។ កិច្ចការបន្ទាប់មកទៀត គឺនាយកដ្ឋាន ត្រៀមសម្តែងដើម្បីស្វែងរកមូលនិធិជួយដល់មនី្ទរពេទ្យគន្ធបុប្ជា និងសម្តែងក្នុងទិវាវប្បធម៌ជាតិ។ ដូច្នេះនាយកដ្ឋានមានការមមាញឹកខ្លាំង ក្នុងការចូលរួមផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជនជាតិ និងអន្តរជាតិ បានស្គាល់នូវអ្វីដែលជាមរតកវប្បធម៌ ដ៏មានតម្លៃរបស់ដូនតាយើង។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ដើម្បីបុព្វហេតុសិល្បៈវប្បធម៌ និងប្រជាជន ទុកជូនជនបន្តវេន៕ អត្ថបទ៖រដ្ឋា