ក្នុងជំនួបសម្ដែងការគួរសម និងជម្រាបលា ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ (ISHIHARA Masanao) នាយការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំកម្ពុជា មាននិវេសនដ្ឋាននៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម បានគូសបញ្ជាក់ថា ចាប់ពីខែមីនា ឆ្នាំ២០២៥តទៅ ប្រទេសជប៉ុននឹងបង្កើតឲ្យមានការិយាល័យសេនានុព័ន្ធជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានលើកឡើងថា រយៈពេលជាង ៣ ឆ្នាំមកនេះ រាជរដ្ឋាភិបាលជប៉ុន និងកម្ពុជា បានបន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងក្លា រហូតតម្លើងកំរិតក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជប៉ុន-កម្ពុជា ក្នុងនោះបញ្ហាសន្តិសុខក៏ត្រូវបានពង្រឹងផងដែរ។
លើវិស័យយោធា លោកវរសេនីយ៍ឯក ស៊ីស៊ីហារ៉ា ម៉ាសានាអូ បានគូបញ្ជាក់អំពីទំនាក់ទំនងល្អរវាងកងទ័ពប្រទេសទាំងពីរ ទាំងនៅក្នុងការផ្លាស់ប្ដូរទស្សនកិច្ចកម្រិតខ្ពស់ ក៏ដូចជាការសន្ទនារវាងមន្ត្រីជាន់ខ្ពស់នាពេលកន្លងមក ជាពិសេស ការចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយ និងការបង្កើនចំនួនសិក្ខាកាមទៅសិក្សានៅរាជបណ្ឌិតសភាយោធាប្រទេសជប៉ុន។
ជាកិច្ចឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្នុងរយៈពេលជាង ៧០ឆ្នាំមកនេះ និងបានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានចូលរួមចំណែកនៅក្នុងដំណើរការស្វែងរកសន្ដិភាពនៅកម្ពុជា ក៏ដូចជាការស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនដល់សព្វថ្ងៃ។
ក្នុងនាមអគ្គបញ្ជាការដ្ឋាន និងក្រសួងការពារជាតិ ឯកឧត្ដម នាយឧត្តមសេនីយ៍ វង្ស ពិសេន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់នាយការិយាល័យសេនានុព័ន្ធជប៉ុន ក្នុងការជួយពង្រឹងវិស័យកងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឲ្យមានការរីកចម្រើន រឹងមាំ ជាបន្តបន្ទាប់ ក្នុងនោះការជួយបណ្ដុះបណ្ដាលនៅប្រទេសជប៉ុន និងការហ្វឹកហ្វឺនដល់កងកម្លាំងកងទ័ពពួកខៀវកម្ពុជាផងដែរ។
ឯកឧត្តម អគ្គមេបញ្ជាការ បានគូសបញ្ជាក់ពីការស្វាគមន៍ដំណើរទស្សនកិច្ចនាវា២គ្រឿងរបស់កងទ័ពជប៉ុន គ្រោងនឹងចូលចតនៅខេត្តព្រះសីហនុ ក្នុងខែមេសាខាងមុខនេះ បង្ហាញពីទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការបង្កើននូវជំនឿទុកចិត្តគ្នាទៅវិញទៅមក។
ឯកឧត្តមអគ្គមេបញ្ជាការ ជឿជាក់ថា កងទ័ពប្រទេសទាំងពីរនឹងបន្តពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មានទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែននានា កិច្ចសហប្រតិបត្តិការការងារមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ៕ អត្ថបាន ចក់