ឧត្តរមានជ័យ៖ កសិកររស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការដាំដុះដំណាំដំឡូងមី ខណៈរដូវនេះ ដំណាំដំឡូងកំពុងមានតម្លៃហក់ឡើងល្អប្រសើរនៅលើទីផ្សារ។
កសិករម្នាក់មានវ័យជាង៥០ឆ្នាំ បានឲ្យដឹងថា គ្រួសាររបស់គាត់កន្លងមកប្រកបមុខរបរធ្វើកសិកម្មអស់រយះពេលជិត២០ឆ្នាំមកហើយ អាស្រ័យដោយការធ្វើស្រែ និងដាំដំឡូងមី ហើយការដាំដំឡូងមីនេះ ភាគច្រើនតែងតែហុចផ្តល់ផលបានល្អប្រសើរគួរជាទីគាប់ចិត្ត ជាងការធ្វើស្រែដោយតម្លៃលក់ចេញទៅឲ្យក្រុមឈ្មួញ បច្ចុប្បន្នក្នុងអំឡុងពេលវិបត្តិកូវីដនេះ គឺពេលប្រមូលផលម្តងៗនោះមានតម្លៃហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
លោក បានបន្តថា ពេលខ្លះក៏មានក្រុមឈ្មួញមកចាំទទួលទិញដល់កន្លែងក៏មាន ដើម្បីដឹកចេញយកទៅលក់បន្តនៅឯប្រទេសជិតខាងដូចជា ប្រទេសថៃ នឹងវៀតណាមជាដើម។
លោក បញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្ដិកូវីដ-១៩ មិនទាន់មានការថមថយបញ្ចប់ទាំងស្រុងយ៉ាងណាក្តី ក៏រូបលោកមិនសូវមានការបារម្មណ៍អ្វីនោះឡើយ ចំពោះការធ្វើកសិកម្មរបស់លោក ព្រោះថា តម្លៃដំឡូងលើទីផ្សារបច្ចុប្បន្នហាក់បីដូចជាមិនមានការប្រែប្រួល ឬក៏ធ្លាក់ចុះនោះឡើយ ផ្ទុយទៅវិញក្នុងស្ថានភាពបែបនេះ បែរជាតម្លៃហក់ឡើងខ្ពស់ទៅវិញ សំរាប់ការលក់ចេញឲ្យទៅក្រុមឈ្មួញនោះ៕
អត្ថបទ ៖ ឃិនសារិទ្ធ