ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល បានអរគុណសាធារណរដ្ឋឆែក ចំពោះការជួយឧបត្ថម្ភសាងសង់មនី្ទរពេទ្យ និងបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាល តាមបណ្តាខេត្តនានា។
ការថ្លែងរបស់ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង យ៉ាងដូច្នេះ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យសុខាភិបាល នាទីសី្តការក្រសួងសុខាភិបាល ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ ជាមួយឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ប្រចាំព្រះរាជាណាចក្រកម្ពុជា រួមជាមួយលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត Antonin Parizek ប្រធានមជ្ឈមណ្ឌលសិក្សាពីកំណើត(Perinatology) និងគ្លីនិករោគស្រី្ត និងសម្ពព នៃមហាវិទ្យាល័យវេជ្ជសាស្រ្តទី១ សាកលវិទ្យាល័យ Charles ទីក្រុងបា្រគ និងសាកលវិទ្យាល័យមនី្ទរពេទ្យទូទៅទីក្រុងប្រាគ។
ឯកឧត្តម រដ្ឋមន្រី្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភរបស់សាធារណរដ្ឋឆែក ដូចជាការសាងសង់មណ្ឌលសុខភាពចំនួន០៣ គឺមណ្ឌលសុខភាពរាមអណ្តើក មណ្ឌលសុខភាពធ្លាប្រជុំ និងមណ្ឌលសុខភាពត្រពាំងក្រញូង និងអគារសម្ភពក្នុងមនី្ទរពេទ្យបង្អែកកោះអណ្តែត និងការបណ្តុះបណ្តាលដល់មន្រី្តសុខាភិបាលខេត្តតាកែវ។
ជាមួយគ្នានោះដែរ ឯកឧត្តម Martin Vavra ឯកអគ្គរដ្ឋទូត បានជម្រាបថា ចាប់តាំងពីឆ្នាំ២០១៩មក ឆែក បានជួយគាំទ្រដល់មូលដ្ឋានសុខាភិបាលមួយចំនួនតាមរយៈអង្គការជាដៃគូរបស់ខ្លួន ដូចជាមនី្ទរពេទ្យកុមារជាតិ តាមរយៈគម្រោងSupporting Mother For Surviving Baby, ការផ្តល់ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត, គម្រោងNeonatal Care រួមមានការបណ្តុះបណ្តាល ការរៀបចំសេវានៅក្នុងមនី្ទរពេទ្យ និងការផ្តល់ឧបករណ៍វេជ្ជសាស្រ្ត, គម្រោងគាំពារសុខភាពទារក និងគម្រោង Improving Capacity of Maternal and Child Care in a Newly Built Perinatal Care Center Cambodia ដែលនឹងចុះហត្ថលេខាឆាប់ៗខាងមុខនេះ។
លើសពីនេះបានជួយដល់វិទ្យាស្ថានជាតិ សុខភាពសាធារណៈ តាមរយៈគម្រោង Finding Ways to Strengthen Infection Prevention and Control in Hospital Settings Through Improved Access to Safe and Quality Water, Sanitation and Hygiene មនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង តាមរយៈគម្រោងការផ្គត់ផ្គង់ ឧបករណ៍បរិក្ខារវេជ្ជសាស្រ្ត និងសំលៀកបំពាក់សុវតិ្ថភាពសម្រាប់បុគ្គលិកសុខាភិបាល (PPE)។
ទន្ទឹមនឹងនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ក៏បានស្នើសុំការគាំទ្រពីឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ដើម្បីចុះទៅធ្វើការសិក្សាទៅលើគម្រោងដែលបានអនុម័ត និងពិភាក្សាការងារជាមួយមនី្ទរសុខាភិបាលខេត្តកំពង់ឆ្នាំង ពីថ្ងៃទី២៨ ខែមករា ដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ជាការឆ្លើយតប ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានគាំទ្រចំពោះសំណើសុំទៅទស្សនកិច្ចនៅខេត្តកំពង់ឆ្នាំង និងបានជូនពរដល់គណៈប្រតិភូឲ្យទទួលបានជោគជ័យ និងស្នាក់នៅខេត្តកំពង់ឆ្នាំង ប្រកបដោយសុវត្ថិភាព។
ឯកឧត្តមរដ្ឋមន្រី្ត ក៏បានសម្តែងនូវសេចកី្តសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិបាល នៃប្រទេសទាំងពីរ មិនត្រឹមតែពង្រឹងប្រព័ន្ធសុខាភិបាលប៉ុណ្ណោះទេ តែចំណងមិត្តភាពសាមគ្គីភាពជាប្រពៃណី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋឆែក នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកជាលំដាប់៕អត្ថបទ៖ រដ្ឋា