កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
សម្តេចធិបតីនាយករដ្ឋមន្ត្រី ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា
គណៈប្រតិភូសភាពាណិជ្ជកម្មអាមេរិក-កម្ពុជា បង្ហាញចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគលើវិស័យសំខាន់ៗ នៅកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

2026/06/12 02:05:33 am        203
ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យវឌ្ឍនភាពរោងចក្រផលិតឯកសណ្ឋានយោធា ក្នុងខេត្តបាត់ដំបង នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថាកម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ។ កម្ពុជាក៏មិនធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅឈ្លានពាននរណាដែរ ប៉ុន្ដែកម្ពុជាធ្លាប់នាំកងទ័ពចេញពីព្រំដែនទៅរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិតែប៉ុណ្ណោះ។សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការបង្ហាញរបស់កម្ពុជា ចំពោះការផលិតសម្ភារៈយោធានាពេលនេះ ក៏មិនមែនដើម្បីបង្អួតអំពីកម្លាំងយោធារបស់កម្ពុជាដែរ ប៉ុន្ដែជាការបង្ហាញពីការគិតគូរលើការពង្រឹងវិស័យការពារជាតិរបស់កម្ពុជាតែប៉ុណ្ណោះ។ សម្ដេចបានលើកឡើងដែរ កាលពីពេលថ្មីៗនេះ មានព័ត៌មានថៃបានផ្សាយពីការទិញរថភាសដែករបស់កម្ពុជាចំនួន ៣០គ្រឿងថា ជាការបង្អួតកម្លាំងចង់ធ្វើសង្គ្រាម, ប៉ុន្ដែសម្ដេចតេជោបានពន្យល់វិញថា កម្ពុជាមិនមែនទើបតែមានរថពាសដែកតែចំនួន ៣០គ្រឿងនេះទេ គឺមានច្រើនជាងនេះប៉ុន្ដែមិនមែនទិញមកដើម្បីឈ្លានពានប្រទេសណាទេ គឺទុកសម្រាប់ការពារសន្ដិសសុខជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានបញ្ជាក់ថាប្រទេសខ្លះនៅជុំវិញកម្ពុជា មានទាំងលទ្ធភាពផលិតសព្វាវុធ រថភាសដែកដោយខ្លួនឯងថែមទៀត និងឈានរហូតទៅបញ្ជាទិញយន្តហោះចម្បាំង, តែកម្ពុជាត្រឹមផលិតសម្ភាសរៈយោធាដើម្បីការពារជាតិតែប៉ុណ្ណោះ។ សម្ដេចតេជោ បានគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជារដ្ឋស្រឡាញ់សន្តិភាព និងគោរពច្បាប់អន្តរជាតិ តែងតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែននៃគណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រកបដោយសុវត្ថិភាព

2026/06/10 04:38:32 am        131
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងខេត្តកណ្តាល នាយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖គ្រប់គោលនយោបាយដែលយើងបង្កើតឡើង ត្រូវចងចាំជានិច្ចថា «វិបុលភាពដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន»

2026/06/10 02:43:21 am        113
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅពេលដែលយើងជំរុញកំណើនសេដ្ឋកិច្ច ក្នុងគ្រប់គោលនយោបាយ ដែលយើងបង្កើតឡើង យើងត្រូវចងចាំជានិច្ចថា វិបុលភាព ដែលមានអត្ថន័យលុះត្រាតែបម្រើដល់ប្រជាជន។ សម្ដេចធិបតីបានថ្លែងថា ជារួមទាំងសន្ដិភាព ទាំងវិបុលភាព មិនមែនជាគោលដៅចុងក្រោយ នោះទេ តម្លៃពិតប្រាកដស្ថិតនៅលើការលើកកម្ពស់ជីវភាពរស់នៅ, សេចក្ដីថ្លៃថ្នូរ សន្ដិសុខ និងកាលានុវត្តភាព សម្រាប់ប្រជាពលរដ្ឋរបស់យើង។សម្ដេចធិបតីបន្តថា ការវាយតម្លៃលើសមិទ្ធផលរបស់អាស៊ាន មិនគួរពិនិត្យត្រឹមតែលើផលិតផលក្នុងស្រុកសរុប ទំហំពាណិជ្ជកម្ម ឬលំហូរវិនិយោគនោះទេ។ យើងក៏គួរវាយតម្លៃថា តើប្រជាជនរបស់យើងមានជីវភាពរស់នៅកាន់តែប្រសើរ មានសុវត្ថិភាព សុខភាពល្អជាងមុន និងមានជីវិតពោពេញទៅដោយក្ដីសង្ឃឹមជាងមុនដែរឬទេ។សម្ដេចធិបតីថ្លែងថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ អាស៊ានបានជួយប្រជាជនរាប់លាននាក់ឱ្យរួចផុតពីភាពក្រីក្រ ពង្រីកការទទួលបានការអប់រំ និងការថែទាំសុខភាព លើកកម្ពុស់ការតភ្ជាប់ បង្កើតការងារ បង្កើនការផ្លាស់ប្ដូរប្រជាជន និងប្រជាជន និងគាំទ្រដល់ការលេចកាន់តែច្រើនឡើងៗនៃវណ្ណៈកណ្ដាល។ សម្ដេចធិបតីបន្តថា នៅពេលដែលការរំពឹងទុកមានការកើនឡើង ហើយបញ្ហាប្រឈមកាន់តែមានការស្មុគស្មាញ អាស៊ានត្រូវបន្តផ្ដល់ផលប្រយោជន៍ឱ្យកាន់តែមានប្រសិទ្ធភាពដល់ប្រជាជនរបស់ខ្លួន។ ការណ៍នេះ តម្រូវឱ្យអាស៊ានបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍របស់ខ្លួន នៅគ្រប់សសរស្ដម្ភទាំងអស់។ សម្ដេចបន្តថា ទិដ្ឋភាពដ៏សំខាន់មួយ ក្នុងការកសាងសហគមន៍ប្រកបដោយភាពសុខដុម និងការយកចិត្តទុកដាក់ គឺការលើកកម្ពស់ការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋជាសមាជិក។ សម្ដេចបន្តថា ការខ្វះខាតការយល់ដឹងពីគ្នាទៅវិញទៅមកនេះបានធ្វើឱ្យចំណងមិត្តភាពកាន់តែចុះខ្សោយ។ ការការពារការរស់នៅរួមគ្នាប្រកបដោយសន្ដិភាព និងភាពជាអ្នកជិតខាងល្អ ក៏ដូចជាស្មារតីសាមគ្គីភាពនៃភាពជាសហគមន៍ កាន់តែចុះខ្សោយ។សម្ដេចធិបតីបន្តថា ការមិនជឿទុកចិត្តគ្នាទៅវិញទៅមក អនុញ្ញាតឱ្យមាននូវលទ្ធិជាតិនិយម, លទ្ធិប្រជាភិថុត, លទ្ធិកែប្រែនិយម ដ៏តូចចង្អៀត ព្រមទាំងការឃោសនា ដែលនាំឱ្យមានការបែកបាក់ កាន់តែមានអំណាចដែលអាចប៉ះពាល់ដល់ការកសាងសហគមន៍។ សម្ដេចបន្តថា ដើម្បីទប់ទល់នឹងនិន្នាការដ៏គ្រោះថ្នាក់នេះ អាស៊ានត្រូវពង្រីកការផ្លាស់ប្ដូររវាងយុវជន និងការផ្លាស់ប្ដូរផ្នែកសិក្សាអប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌ ការចូលរួមផ្នែកសេដ្ឋកិច្ច ភាពជាដៃគូរប្រព័ន្ធផ្សព្វផ្សាយ និងអន្តរកម្មផ្សេងទៀតឱ្យបានរឹងមាំ។ សកម្មភាពទាំងនេះ នឹងធានាថា មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែច្បាស់។ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា បទពិសោធន៍របស់អាស៊ាន បានបង្ហាញថា សន្ដិភាពបង្កើតលក្ខណ្ឌសម្រាប់វិបុលភាព ហើយជាគោលដៅចុងក្រោយវិបុលភាពត្រូវតែបម្រើដល់ប្រជាជន។ ការណ៍នេះ គឺជាស្នូលដ៏សំខាន់ ក្នុងការបង្កើតអនាគតរួមគ្នារបស់អាស៊ាន ក្នុងពិភពលោកដែលកាន់តែមានភាពមិនប្រាកដប្រជាខ្ពស់ អាស៊ានត្រូវតែរក្សាការរួបរួមគ្នា ភាពធន់ ការគិតគូរបែបវែងឆ្ងាយ និងការជឿទុកចិត្តលើសមត្ថភាពក្នុងការកំណត់ជោគវាសនារបស់ខ្លួន។ សម្ដេចធិបតីបន្តថា យើងត្រូវតែបន្តប្រកាន់ខ្ពាប់នូវគោលការណ៍ដែលបានតម្រង់ទិសភាពជោគជ័យរបស់យើង ពោលគឺ៖ ការគោរពអធិបតេយ្យភាព ការដោះស្រាយជម្លោះដោយសន្ដិវិធី កិច្ចសន្ទនា កិច្ចសហប្របត្តិការ បរិយាបន្ន និងការទទួលខុសត្រូវរួមគ្នា។ ការណ៍នេះ នឹងអនុញ្ញាតឱ្យអាស៊ាន បន្តដើរតួជាកម្លាំងនៃស្ថិរភាពជាស្នូលនៃកំណើន និងជាតំបន់នៃកាលានុវត្ត និងក្ដីសង្ឃឹម៕

សម្ដេចធិបតី៖ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលគឺជាការគិតបែបស្រមៃប៉ុណ្ណោះ

2026/06/10 02:32:43 am        107
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយអាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ខណៈដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន គឺមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួមសម្រាប់សហគមន៍ទាំងមូលនោះឡើយ។សម្ដេចធិបតីបានថ្លែងថា ចំពោះបញ្ហាសេដ្ឋកិច្ច៖ បច្ចុប្បន្នពិភពលោកបាននឹងកំពុងរងការញាំញី ដោយពហុវិបត្តិ ដែលកើតឡើងជាបន្តបន្ទាប់ ការណ៍នេះធ្វើឱ្យបញ្ហានៃការអភិវឌ្ឍប្រកបដោយចីរភាពលែងសូវមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ។ សម្ដេចធិបតី បន្តថា ជាការពិតយើងកំពុងមើលឃើញនូវការដើរថយក្រោយនៃដំណើរការអភិវឌ្ឍរបស់រដ្ឋតូចៗ ដែលធ្លាប់ពឹងផ្អែកយ៉ាងខ្លាំងលើសន្ដិភាព ភាពបើកជំហរ ពាណិជ្ជកម្មអន្តរជាតិ និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ដើម្បីឈានជើងឡើងជាបណ្ដើៗ លើជណ្ដើនៃការអភិវឌ្ឍ។ សម្ដេចធិបតី បានបន្តថា ការពិភាក្សាអំពីអនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនអាចបំភ្លេចបាននូវសារៈសំខាន់នៃការការពារសមិទ្ធផលដែលអាស៊ានសម្រេចបានរួមគ្នា ក្នុងការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលកាន់តែមានសមាហរណកម្មនោះទេ។ សម្ដេចធិបតី បានលើកឡើងថា ទស្សនៈដែលថា រដ្ឋជាមាជិកមួយ អាចពឹងផ្អែកលើខ្លួនឯងទាំងស្រុងនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ទាំងមូលរបស់ខ្លួន គឺជាការគិតបែបស្រមៃប៉ុណ្ណោះ ដើម្បីជាប្រយោជន៍ដល់អនាគតនៃសេដ្ឋកិច្ចអាស៊ាន យើងមិនត្រូវរំលាយ ឬផ្ដាច់ខ្លួនចេញពីប្រព័ន្ធដែលបាននាំមកនូវកាលានុវត្តភាពនៃសេដ្ឋកិច្ចរួម សម្រាប់សហគមន៍ទាំងមូលនោះឡើយ។ សម្ដេចធិបតី បញ្ជាក់ថា ក្នុងន័យនេះ អាស៊ានត្រូវតែ បន្តដើរតួជា អ្នកការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគី ដែលសេរី បើកជំហរ បរិយាបន្ន ផ្អែកលើច្បាប់ ដោយមានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ជាស្នូល ទាញយកប្រយោជន៍ឱ្យបានជាអតិបរិមា ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលមានស្រាប់ តាមរយៈការដំឡើងកម្រិត និងការអនុវត្តឱ្យបានពេញលេញ ប្រកបដោយប្រសិទ្ធភាព បន្តធ្វើសមាហរណកម្មតំបន់ឱ្យកាន់តែស៊ីជម្រៅ និងវិនិយោគលើវិស័យដែលកំណត់អនាគតនៃកំណើន រួមមាន៖ បញ្ញាសិប្បនិម្មិត (AI) បរិវត្តកម្មឌីជីថល អន្តរកាលបៃតង ខ្សែច្រវាក់ផ្គត់ផ្គង់ ប្រកបដោយភាពធន់ សេដ្ឋកិច្ចពណ៌ខៀវ សេដ្ឋកិច្ចច្នៃប្រឌិត (Creative Economy) វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍៕

សម្តេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញនិវត្តន៍ពីទីក្រុងហាណូយ បន្ទាប់ពីបានចូលរួមវេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការនៅវៀតណាម

2026/06/10 02:23:26 am        216
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម នាល្ងាចថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីបានអញ្ជើញទៅចូលរួម វេទិកាអនាគតរបស់អាស៊ានលើកទី៣ និងទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចធិបតី៖កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃគឺដើម្បីប្រយោជន៍រួមរបស់ប្រទេសទាំងពីរ សន្ដិភាព និងស្ថិរភាពក្នុងតំបន់

2026/06/10 02:17:18 am        144
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា សេចក្ដីសម្រេចនាពេលថ្មីៗនេះរបស់កម្ពុជា ក្នុងការផ្គួចផ្ដើមយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមក្របខណ្ឌអនុញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ បានបង្ហាញពីបំណងដ៏ស្មោះរបស់កម្ពុជា ក្នុងការស្វែងរកដំណោះស្រាយដោយុត្តិធម៌ និងយូរអង្វែង ដែលឈរផ្អែកលើមូលដ្ឋានដ៏រឹងមាំលើច្បាប់អន្តរជាតិ។ សម្ដេចធិបតី បានបន្តថា ការបញ្ជាក់ពីការត្រៀមលក្ខណៈរបស់ប្រទេសថៃ ក្នុងការចូលរួមក្នុងកិច្ចសម្របសម្រួលក្រោមក្របខណ្ឌ UNCLUS នេះ គឺជាជំហានគួរឱ្យស្វាគមន៍មួយឆ្ពោះទៅរកការដោះស្រាយដោយសន្ដិវិធីលើតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នា ដំណោះស្រាយនេះ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកដល់សន្ដិភាព និងស្ថិរភាពក្នុងតំបន់។ ក្នុងឱកាសនោះ សម្ដេចធីបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងទន្ទឹងរង់ចាំ ការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងបណ្ដាប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយដោយសន្ដិវិធី រវាងកម្ពុជា និងថៃ ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ សម្ដេចធិបតីបន្តថា កម្ពុជាទន្ទឹងរង់ចាំនូវការយកចិត្តទុកដាក់ និងការគាំទ្រជាបន្តបន្ទាប់៕

ពីវេទិកាអនាគតរបស់អាស៊ាន,សម្ដេចធិបតីថ្លែងថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជា ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ

2026/06/10 02:06:09 am        170
ក្នុងឱកាសថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកាអនាគតរបស់អាស៊ានលើកទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងហាណូយ ប្រទេសវៀតណាម, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាថ្មីថា ព្រំដែន និងអធិបតេយ្យភាពកម្ពុជាដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)ខណៈមកដល់ពេលនេះ បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ ហើយកម្ពុជានៅតែមានក្ដីព្រួយបារម្ភចំពោះស្ថានការណ៍លើដីជាក់ស្ដែងនៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ឈរលើការវាយតម្លៃស្រដៀងគ្នា ដែលបានលើកឡើងក្នុងវេទិកាអនាគតរបស់អាស៊ានលើកទី៣នេះ សម្ដេចបានឆ្លុះថា សន្ដិភាព៖ ក្នុងពេលអតីតកាល អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលពោពេញទៅដោយជម្លោះការមិនជឿទុកចិត្តគ្នា ការបែងចែកមនោគមវិជ្ជា និងភាពក្រីក្រ តាមរយៈកិច្ចសន្ទនា ការកសាងទំនុកចិត្ត ការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែក និងការដោះស្រាយជម្លោះដោយសន្ដិវិធី ដូចដែលមានចែងក្នុងធម្មនុញ្ញអាស៊ាន។ សម្ដេចបានបន្តថា តំបន់អាស៊ានបានផ្លាស់ប្ដូរបន្ដិចម្ដងៗ ទៅជាតំបន់មួយក្នុងចំណោមតំបន់ដែលមានស្ថិរភាព និង ជវភាពបំផុត នៅលើពិភពលោក។ សម្ដេចធិបតី បានបន្តថា ការផ្លាស់ប្ដូរនេះ មិនមែនចៃដន្យនោះទេ ប៉ុន្ដែជាលទ្ធផលនៃការជ្រើសរើសដោយផ្ទាល់របស់ថ្នាក់ដឹកនាំ និងប្រជាជននៅក្នុងតំបន់ទាំងមូល ពោលគឺ៖ ការជ្រើសរើសយកិច្ចសន្ទនា ជាជាងការប្រឈមមុខដាក់គ្នា, កិច្ចសហប្រតិបត្តិការ ជាជាងការបែកបាក់ និងវឌ្ឍនភាពរួម ជាជាងការប្រកួតប្រជែង។ សម្ដេចធិបតីបន្តថាទោះជាយ៉ាងណាក្ដី ក្នុងពេលបច្ចុប្បន្ន សន្ដិភាពមិនមែនជាអ្វីដែលយើងត្រូវមើលស្រាល ឬគិតថាគង់វង្សជារៀងរហូតនោះទេ នៅទូទាំងពិភពលោកយើងបន្តមើលឃើញនូវកម្មវិបាកយ៉ាងធ្ងន់ធ្ងរនៃជម្លោះប្រដាប់អាវុធ និងអំពើហិង្សា។ សម្ដេចធិបតីបញ្ជាក់ថា បច្ចុប្បន្នកម្រមានជម្លោះណា មិនរីកសាយភាយចេញពីតំបន់ដែលជម្លោះបានចាប់ផ្ដើមពីដំបូងណាស់។ សម្ដេចលើកឡើងថា ជម្លោះសម័យទំនើបនេះ ក៏មានលក្ខណៈពហុវិមាត្រផងដែរ។ សម្ដេចធិបតីថ្លែងថា ភាពតានតឹងដែលកំពុងកើតមានឡើងនៅមជ្ឈិមបូព៌ា គឺជាឧទាហរណ៍ជាក់ស្ដែង ក្រៅពីការបំផ្លាញសន្ដិភាព និងស្ថិរភាពនៅទូទាំងតំបន់ ភាពតានតឹងនេះ ក៏បានរំខានដល់ការដឹកជញ្ជូនធនធានសំខាន់ៗ ជាពិសេសប្រេង និងឧស្ម័ន និងបានរួមចំណែកដល់ការកើនឡើងនៃថ្លៃថាមពល ថ្លៃស្បៀងអាហារ សម្ពាធលើខ្សែច្រវាក់ផ្គត់ផ្គង់ និងភាពមិនប្រាកដប្រជានៅក្នុងទីផ្សារសកល។ សម្ដេចធិបតីបានបន្តថា ទោះបីជាកម្មវិបាកមិនទាន់បានលេចចេញទាំងស្រុងនៅឡើយ តថភាពដ៏ច្បាស់លាស់មួយនោះគឺ៖ អស្ថិរភាពនៅកន្លែងមួយ ជះឥទ្ធិពលកាន់តែខ្លាំងឡើងៗដល់វិបុលភាពនៅគ្រប់ទីកន្លែងទាំងអស់។សម្ដេចធិបតីបានបញ្ជាក់ថា បើក្រឡេកមកតំបន់អាស៊ានវិញ, បទឈប់បាញ់រវាងកម្ពុជា និងថៃនៅបន្តមាន ប៉ុន្ដែកំពុងស្ថិតនៅក្នុងសភាពមួយដ៏ផុយស្រួយ, កម្ពុជានៅតែមានក្ដីព្រួយបារម្ភ ចំពោះស្ថានការណ៍លើដីជាក់ស្ដែង នៅក្នុងតំបន់កាន់កាប់ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។ សម្ដេចបន្តថា ព្រំដែន និងអធិបតេយ្យភាព ដាច់ខាតមិនត្រូវបានកែប្រែដោយការប្រើកម្លាំងឡើយ ឬតាមរយៈការបង្កើតអង្គហេតុសម្រេចលើដីជាក់ស្ដែង (faits accomplis)។ សម្ដេចបន្តថា ទាំងកម្ពុជា និងថៃ បានបង្ហាញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តចំពោះការដោះស្រាយដោយសន្ដិវិធី និងការប្រែក្លាយបទឈប់បាញ់ដែលមានស្រាប់ទៅជាសន្ដិភាពអចិន្រ្តៃយ។ សម្ដេចបន្តថា ជាក់ស្ដែងភាគីទាំងពីរបន្តបង្ហាញការការប្រកាន់ខ្ពាប់នូវសេចក្ដីថ្លែងការណ៍រួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ហេតុដូច្នេះ ភាគីទាំងពីរត្រូវអនុវត្តសេចក្ដីថ្លែងការណ៍រួមនេះទាំងស្រុងឱ្យបានពេញលេញប្រកបដោយប្រសិទ្ធភាព និងជាបន្ទាន់។ ជាពិសេសចំណុចទី៣ ដែលអំពាវនាវឱ្យមានការចាប់ផ្ដើមឡើងវិញជាបន្ទាន់នូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញ ដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់។ សម្ដេចធិបតី បញ្ជាក់ទៀតថា កម្ពុជានៅតែបន្តផ្ដល់សារៈសំខាន់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសថៃ ដែលជាប្រទេសជិតខាងដ៏ជិតស្និទ្ធ ជាមួយនឹងការប្ដេជ្ញាចិត្តរួមគ្នា ក្នុងការរក្សាសន្ដិភាព និងវិបុលភាពនៅក្នុងតំបន់របស់យើង។ សម្ដេចធិបតី បានថ្លែងថា ការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះច្បាប់អន្តរជាតិ ព្រមទាំងសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ក៏ដូចជាកិច្ចសន្ទនា ស្មារតីសុចរិតភាព (Good Faith) និងការគោរពគ្នាទៅវិញទៅមក គឺជាគន្លឹះ និងជាកត្តាចាំបាច់ក្នុងការធានាថា អធិបតេយ្យភាព បូរណភាពទឹកដី និងខ្សែព្រំដែនអន្តរជាតិ ត្រូវបានគោរពដែលឈានទៅស្ដារឡើងវិញនូវទំនុកចិត្ត ការធានាបាននូវសន្ដិភាពយូរអង្វែង និងការអនុញ្ញាតឱ្យប្រជាពលរដ្ឋរបស់យើងដែលបានភៀសសឹកអាចត្រឡប់ទៅផ្ទះសម្បែងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្ដីថ្លៃថ្នូ ព្រមទាំងអាចស្ដារជីវភាពរស់នៅជាប្រក្រតីភាពឡើងវិញ៕

​​កម្ពុជា-វៀតណាម បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិកា​រ​ រវាងប្រទេសទាំងពីរ

2026/06/09 02:13:52 am        139
នារសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum-AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នារដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានរដ្ឋសភា បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយថាមវ័ន្ត និងការសម្រេចបាននូវសមិទ្ធផលជាច្រើនរបស់កម្ពុជាលើគ្រប់វិស័យ​ និងជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី, កម្ពុជានឹងបន្តសម្រេចបាននូវលទ្ធផលជោគជ័យ និងការអភិវឌ្ឍរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តមក៏បានសម្ដែងនូវការគាំទ្រដល់ការឯកភាពរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ដោយឯកឧត្តមបានគូសបញ្ជាក់ថា ភាគីវៀតណាមបន្តជំរុញការអនុវត្តនូវកិច្ចព្រមព្រៀង ដែលថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ព្រមទាំងសម្ដែងនូវសុទិដ្ឋិនិយមថា កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជានឹងត្រូវបានបន្តលើកកម្ពស់បន្ថែមទៀត។ ឯកឧត្តមប្រធានរដ្ឋសភាក៏បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះទំនាក់ទំនងដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានគូសបញ្ជាក់អំពីការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងអន្តរជាតិ។ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព​ នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម, ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ ២០៣០ និង ឆ្នាំ២០៤៥។ ជាមួយគ្នានេះ, សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រត្តិការដ៏ល្អប្រសើររវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្ដូរដំណើរទស្សនកិច្ចគ្រប់កម្រិត​ និងការជួបពិភាក្សាគ្នាជាញឹកញាប់រវាងថ្នាក់ដឹកនាំស្ថាប័ន​នីតិប្បញ្ញាតិ​ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងវេទិកាអន្តរជាតិនានា ដែលការណ៍នេះ​ បានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។សម្ដេចធិបតី និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នា សំដៅបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើវិស័យសំខាន់ៗ រួមមាន៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, នយោបាយ, សន្តិសុខ និងការពារជាតិ, អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, ទេសចរណ៍, វប្បធម៌, និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសចំណុចតភ្ជាប់រវាងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ, ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងការពង្រីកជើងហោះហើរបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។ មុននឹងបញ្ចប់, សម្តេច​ធិបតី​ និងឯកឧត្តមប្រធានរដ្ឋសភាវៀតណាម បានឯកភាពគ្នាថា ប្រទេសទាំងពីរនៅតែមានសក្កានុពល និងកាលានុវត្តភាពជាច្រើនទៀត ដែលអាចបំពេញឱ្យគ្នា និងគាំទ្រគ្នាទៅវិញទៅមក ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន​ទាំងពីរ៕

កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគី ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង

2026/06/09 12:35:53 am        161
នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ (3rd ASEAN Future Forum - AFF) ដែលប្រព្រឹត្តទៅនៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ។ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា និងបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍ និងសមិទ្ធផលធំៗជាច្រើនបន្ថែមទៀត។ជាការឆ្លើយតប, សម្តេចធិបតីបានសម្តែងនូវការអបអរសាទរចំពោះជោគជ័យនៃកំណើនសេដ្ឋកិច្ចក្នុងអត្រាខ្ពស់របស់ប្រទេសវៀតណាម និងជឿជាក់ថា ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តវៀតណាម និងរដ្ឋាភិបាលវៀតណាម ប្រទេសវៀតណាមនឹងឈានទៅសម្រេចបាននូវគោលដៅសហស្សវត្សរ៍ទាំងពីរ នៅឆ្នាំ២០៣០ និងឆ្នាំ២០៤៥។ប្រមុខរដ្ឋាភិបាលទាំងពីរ បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើនយ៉ាងល្អប្រសេីរ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងវៀតណាម ព្រមទាំងបានឯកភាពគ្នាក្នុងការរៀបចំព្រឹត្តិការណ៍នានាឱ្យបានអធិកអធម ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នៅឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាព និងប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ និងឈានទៅដល់កម្រិតខ្ពស់ថ្មីមួយទៀត ក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរទស្សនៈគ្នាអំពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះសំខាន់ៗ រួមមាន៖ នយោបាយ, សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ, សន្តិសុខ និងការពារជាតិ, អប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ, សុខាភិបាល, ទេសចរណ៍, វប្បធម៌, ថាមពល, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ សម្តេច​ធិបតី​ បាន​គូស​បញ្ជាក់អំពី​សារៈសំខាន់នៃការពន្លឿនការសម្រេចលើចំណុចការតភ្ជាប់នៃផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងហូជីមិញ-ម៉ុកបៃ,​ ការតភ្ជាប់ការធ្វើដំណើរតាមផ្លូវទឹក និងការពង្រីកជើងហោះហើរបន្ថែមរវាងប្រទេសទាំងពីរ។ ក្នុងវិស័យសេដ្ឋកិច្ច​ និងពាណិជ្ជកម្ម​ សម្តេច​ធិបតី​ បាន​ស្នេីដល់ការកែសម្រួលនីតិវិធី​សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ត្រង់រវាងប្រទេសទាំងពីរ សំដៅកាត់បន្ថយពេលវេលាដឹកជញ្ជូន។ មុននឹងបញ្ចប់ ប្រមុខរដ្ឋាភិបាលទាំងពីរ បានផ្លាស់ប្តូរទស្សនៈលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ៕

ថ្ងៃដំបូងទស្សនកិច្ចផ្លូវការ​របស់សម្ដេច​ធិបតីនៅវៀតណាមទទួលបានការ​ស្វាគមន៍យ៉ាងកក់ក្ដៅ និងជំនួបទ្វេភាគី

2026/06/09 12:22:28 am        136
តបតាមការអញ្ជើញរបស់ លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម, នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២៦។នៅថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានជំនួបទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលថ្នាក់ដឹកនាំទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគីខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន ចូលរួមពិធីបដិសណ្ឋារកិច្ចផ្លូវការ ដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងមាន ជំនួបទ្វេភាគី និងពិភាក្សាការងារ ផងដែរ។ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត រួមជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) បានធ្វើជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើឯកសារ៖ ផែនការសហប្រតិបត្តិការស្តីពីព័ត៌មាន ឆ្នាំ ២០២៦-២០៣០ រវាង ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ក្នុងថ្ងៃដដែលនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញ ចូលរួមពិធីជប់លៀងផ្លូវការដែលរៀបចំដោយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែមទាំងបានអញ្ជើញជួបជាមួយ ឯកឧត្តម ជិន ថាញ់មិន (Tran Thanh Man) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។គួរបញ្ជាក់ថា សម្ដេចធិបតីនឹងថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីបើក «វេទិកាអនាគតអាស៊ាន» ក្រោមប្រធានបទ រួមគ្នាស្ថាបនាអនាគតរបស់យើង៖ សន្តិភាពវិបុលភាព និងប្រជាជនជាស្នូលដែលសង្កត់ធ្ងន់លើការលើកកម្ពស់វិស័យពាណិជ្ជកម្មការវិនិយោគ និងសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ាន៕ ដោយ ៖ វីរះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម ជំរុញឱ្យយុវជនបង្កើនការស្រាវជ្រាវ និងធ្វើនវានុវត្តន៍ ដោះស្រាយដល់ការធ្វើធុរកិច្ច
09/12/2026 07:09 PM
ផ្ទះទេវតាទី៣៣៩ និង៣៤០ ចំនួន២ខ្នងទៀតដោយមានភ្ជាប់ប្រព័ន្ធភ្លើងសូឡា និងទឹកស្អាត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាព នៅខេត្តតាកែវ
09/12/2026 06:09 PM
កម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
09/12/2026 06:09 PM
ព្រះមហាក្សត្រព្រះរាជទានម៉ាស៊ីនបូមទឹកខ្នាតធំ ១៩គ្រឿង ដើម្បីសង្គ្រោះស្រូវប្រជានុរាស្ត្រក្រោយរងគ្រោះរាំងស្ងួតនៅខេត្តកំពង់ស្ពឺ
09/12/2026 05:09 PM
ជប៉ុនថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអ៊ូឌីត
09/12/2026 05:09 PM
នាវាផ្ទុកយន្តហោះចម្បាំងGeorgeWashington របស់អាមេរិក ចុះប្រតិបត្តិការហោះហើរ នៅពេលយប់
09/12/2026 05:09 PM
ក្រុមហ៊ូទីអះអាងថា បានបាញ់ទម្លាក់យន្តហោះចម្បាំងអារ៉ាប៊ីសាអ៊ូឌីត ៩គ្រឿង ចាប់តាំងពីថ្ងៃទី៣ ខែកញ្ញា
09/12/2026 05:09 PM
ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាមិនចុះចាញ់នឹងសម្ពាធសេដ្ឋកិច្ចរបស់អាមេរិក
09/12/2026 05:09 PM
ប្រធានាធិបតីចិនធ្វើដំណើរទៅដល់ទីក្រុងញូវដែលី សម្រាប់កិច្ចប្រជុំកំពូល BRICS
09/12/2026 05:09 PM
កម្មវិធីផ្លាស់ប្តូរវប្បធម៌អន្តរជាតិស៊ីសេហារ៉ា – ភូមិកម្ពុជា រួមចំណែកលើកកម្ពស់មិត្តភាព និងការយោគ យល់គ្នាទៅវិញទៅមករវាងប្រជាជនកម្ពុជា និងជប៉ុន
09/12/2026 04:09 PM