ក្រុមហ៊ុនហ្វីលីពីន បង្ហាញការចាប់អារម្មណ៍ខ្ពស់ក្នុងការស្វែងរកកាលានុវត្តភាពវិនិយោគនៅកម្ពុជា
កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និង ទូលំទូលាយបន្ថែមទៀត
សម្តេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតជូន ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ
កម្ពុជា-ឡាវ-វៀតណាម ឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែជិតស្និទ្ធ

នយោបាយ​ និង ការអភិវឌ្ឍន៍

មេដឹកនាំនយោបាយបារាំង ជជែកដេញដោលតាមទូរទស្សន៍ មុនការបោះឆ្នោតនៅពេលខាងមុខ

2024/06/28 12:38:37 pm        101
មេដឹកនាំនយោបាយប្រទេសបារាំង បានជាប់គាំងនៅក្នុងការជជែកដេញដោល តាមទូរទស្សន៍ដ៏ក្តៅគគុកមួយ កាលពីថ្ងៃព្រហស្បតិ៍ លើបញ្ហាជាច្រើន ដែលរួមមានទាំងជំនួយសម្រាប់ប្រទេសអ៊ុយក្រែននៅមុនការបោះឆ្នោតសភាជាន់ទាប នៅក្នុងប្រទេសបារាំង។ ការបោះឆ្នោតជុំទីមួយ នឹងធ្វើឡើងនៅថ្ងៃអាទិត្យខាងមុខនេះ បន្ទាប់មកជុំទីពីរ នៅថ្ងៃទី៧ ខែកក្កដា។ប្រធានាធិបតីបារាំង លោក Emmanuel Macron បានអំពាវនាវឲ្យមានការបោះឆ្នោតមុនអណត្តិសម្រាប់សភាជាតិ នៅដើមខែនេះ។ ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីក្រុមចម្រុះនិយមកណ្តាលរបស់លោក បានបរាជ័យនៅក្នុងការបោះឆ្នោតសភាអឺរ៉ុប។ ការជជែកដេញដោលនេះ ត្រូវបានចូលរួមដោយនាយករដ្ឋមន្ត្រីបារាំង លោក ហ្គាប្រ៊ីអែល អាតាល់(Gabriel Attal)មកពីក្រុមចម្រុះនិយមកណ្តាល មេដឹកនាំគណបក្សNational Rally លោក ចឌែន បាដែលឡា(Jordan Bardella) និងមេដឹកនាំសង្គមនិយម លោក អូលីវីយឺ ហ្វូរ៉េ(Olivier Faure) ដែល តំណាងឱ្យគណបក្សសម្ព័ន្ធរណសិរ្សនិយមថ្មី ឆ្វេងនិយមដែលទើបបង្កើតថ្មី។លោក Bardella បាននិយាយថា លោកនឹងក្លាយជានាយករដ្ឋមន្ត្រីសម្រាប់ប្រជាជនបារាំងទាំងអស់ ហើយលោក មានបំណងធ្វើឲ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្លាយជាស្នូលនៃសកម្មភាពសាធារណៈ។ លោកនិយាយថា លោកនឹងដាក់អាទិភាពលើវិធានការដើម្បីដោះស្រាយការកើនឡើងតម្លៃ និងធ្វើឱ្យសន្តិសុខប្រសើរឡើង។ ទាក់ទងទៅនឹងជំនួយរបស់អ៊ុយក្រែន លោក Bardella បាននិយាយថា លោកប្រឆាំងការបញ្ជូនកងទ័ពបារាំង និងមីស៊ីលរយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន ខណៈលោកចង់ការពារប្រទេសបារាំងពីហានិភ័យនៃការកើនឡើងភាពតានតឹងជាមួយរុស្ស៊ី។ ប៉ុន្តែលោក Attal បានបញ្ជាក់លើតម្រូវការគាំទ្រអ៊ុយក្រែន ដោយនិយាយថា ជ័យជម្នះរបស់រុស្ស៊ីនឹងមានផលប៉ះពាល់ធ្ងន់ធ្ងរ លើសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសបារាំង។ការស្ទង់មតិសាធារណៈដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញថា គណបក្ស National Rally និងបេក្ខជន ដែលមានទំនាក់ទំនងជាមួយគណបក្ស អាចទទួលជម្នះរហូតដល់២៦០ អាសនៈ។ ការស្ទង់មតិ បានបង្ហាញថាគណបក្សសម្ព័ន្ធភាពរណសិរ្សនិយមថ្មី អាចឈ្នះបានរហូតដល់២១០ អាសនៈ និងក្លាយជាកម្លាំងធំទីពីរនៅក្នុងសភាជាន់ទាប។

កងកម្លាំងអ៊ុយក្រែន វាយរុញទាហានរុស្ស៊ី ចេញពីផ្នែកមួយនៃទីក្រុងភាគខាងកើតដ៏សំខាន់

2024/06/28 11:09:46 am        324
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ថា កងកម្លាំងរបស់ខ្លួនបានបង្ខំឱ្យកងទ័ពរុស្ស៊ី ដកថយចេញពីតំបន់មួយក្នុងទីក្រុង ចាស៊ីវយ៉ា (Chasiv Yar) នៅផ្នែកសមរភូមិមុខភាគខាងកើតនៃសង្រ្គាម ដែលត្រូវបានគេមើលឃើញថាជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ ក្នុងការវាយរុលទៅមុខយឺតៗតាមរយៈតំបន់នោះ។ប៉ុន្តែរបាយការណ៍រុស្ស៊ីមួយបាននិយាយថា កងកម្លាំងរបស់ក្រុងមូស្គូ បានបំផ្លាញប៉មទំនាក់ទំនងមួយនៅជិតក្រុងនេះ ហើយបានបន្តវាយឆ្ពោះទៅមុខទៀត។ កងកម្លាំងរុស្ស៊ី កំពុងវាយរុញបន្តិចម្តងៗឆ្លងកាត់ផ្នែកមួយចំនួននៃភាគខាងកើតអ៊ុយក្រែន ដោយដណ្តើមបានទីក្រុងជាច្រើនចាប់តាំងពីការដណ្តើមយកទីក្រុង អាវឌីអ៊ីវកា (Avdiivka) ដ៏សំខាន់ក្នុងខែកុម្ភៈ មក។ទីក្រុង ចាស៊ីវយ៉ា ស្ថិតនៅលើតំបន់ដីខ្ពស់ចម្ងាយ ២០ គីឡូម៉ែត្រ នៅភាគខាងលិចនៃក្រុង បាកមូដ (Bakhmut) ជាទីដែលកងកម្លាំងរុស្ស៊ី ដណ្ដើមបានកាលពីមួយឆ្នាំមុន បន្ទាប់ពីការប្រយុទ្ធជាច្រើនខែ។ ភាគីទាំងពីរមើលឃើញថាក្រុង ចាស៊ីវយ៉ា ជាចំណុចចាប់ផ្តើមដ៏មានសក្ដានុពលសម្រាប់រុស្ស៊ី ក្នុងការវាយរុលទៅមុខលើទីក្រុងសំខាន់ៗនៃតំបន់ ដូណិតស្ក៍ (Donetsk) ភាគខាងកើត និងតំបន់ផ្សេងទៀត។ ស្ថានទូតអ៊ុយក្រែននៅទីក្រុងវ៉ាស៊ីនតោន បានបង្ហោះការអង្វរករមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឱ្យរុស្ស៊ី បញ្ឈប់ការវាយរុលរបស់ខ្លួននៅលើក្រុង ចាស៊ីវយ៉ា ដោយនិយាយថាទីក្រុងមូស្គូ កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការលុបបំបាត់ទីក្រុងនេះ ដាក់គោលដៅលើសូម្បីតែព្រះវិហារដែលរងការខូចខាតរួចទៅហើយ និងអគារលំនៅដ្ឋានស៊ីវិល៕

ក្រុមបាតុករគាំទ្រលោក Biden និងលោក Trump ប្រមូលផ្តុំគ្នានៅក្រុងអាត្លង់តា អំឡុងការជជែកដេញដោល

2024/06/28 11:05:19 am        121
ក្រុមបាតុករគូប្រជែងបានប្រមូលផ្តុំគ្នានៅទីក្រុង អាត្លង់តា (Atlanta) រដ្ឋ ចចា (Georgia) សហរដ្ឋអមេរិក កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ខណៈដែលប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) និងគូប្រជែងមកពីគណបក្សសាធារណរដ្ឋរបស់ខ្លួនគឺលោក ដូណាល់ ត្រាំ (Donald Trump) ស្ថិតក្នុងវេទិកាសម្រាប់ការជជែកដេញដោលបេក្ខជនប្រធានាធិបតី ដែលនឹងផ្តល់ឱ្យអ្នកបោះឆ្នោតនូវទិដ្ឋភាពដ៏កម្រមួយរវាងបេក្ខជនវ័យចំណាស់បំផុតទាំងពីរដែលមិនធ្លាប់មាន ក្នុងការស្វះស្វែងរកតំណែងប្រធានាធិបតីអាមេរិក។អ្នកគាំទ្រលោក បៃដិន ឈ្មោះថា អាន់តូណេត ហ្កាស្តុន (ANTOINETTE GASTON) និយាយថា «លោក បៃដិន គឺជាជម្រើសដ៏ល្អបំផុត ជំនួសឱ្យការគាំទ្រឧក្រិដ្ឋជន ដោយចង់សំដៅដល់លោក ត្រាំ ដែលជាប់បទចោទប្រកាន់ចំនួន ៣៤ ករណី។ »។អ្នកគាំទ្រលោក ត្រាំ ឈ្មោះថា ជីមមី (JIMMY) និយាយថា «យើគាំទ្រលោកព្រោះថាអតិផរណាមានកម្រិតទាបណាស់នៅលើការគ្រប់គ្រងរបស់លោក ត្រាំ មិនដូចពេលនេះទេ។ គ្រឿងទេស ហ្គាស តម្លៃផ្ទះ អ្វីគ្រប់យ៉ាងគឺទាបនៅពេលលោកកាន់តំណែង ហើយអត្រាអ្នកអត់ការងារធ្វើគឺកាន់តែទាបជាងនៅនេះទៅទៀតក្នុងចំណោមយុវជន»។ការជជែកដេញដោលតាមកញ្ចក់ទូរទស្សន៍រយៈពេល ៩០ នាទី ដែលជាលើកទីមួយរវាងប្រធានាធិបតីកំពុងកាន់តំណែង និងអតីតប្រធានាធិបតីអាមេរិក បានកើតឡើងនៅពេលដែលមានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅ និងការថប់បារម្ភយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតអំពីស្ថានភាពនយោបាយអាមេរិក៕

មេដឹកនាំអឺរ៉ុប ជ្រើសរើស លោកស្រី von der Leyen សម្រាប់អាណត្តិទីពីរ ជាប្រធានគណៈកម្មការ

2024/06/28 11:01:28 am        82
មេដឹកនាំសហភាពអឺរ៉ុប បានព្រមព្រៀងតែងតាំងលោកស្រី Ursula von der Leyen មកពីប្រទេសអាល្លឺម៉ង់ សម្រាប់អាណត្តិទីពីររយៈពេលប្រាំឆ្នាំ ជាប្រធានគណៈកម្មការអឺរ៉ុបបន្តទៀត ដែលជាស្ថាប័នប្រតិបត្តិដ៏មានឥទ្ធិពលរបស់សហភាពអឺរ៉ុប។នៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក មេដឹកនាំប្រទេសទាំង២៧ របស់ប្លុកនេះ ក៏បានជ្រើសរើសអតីតនាយករដ្ឋមន្ត្រីប្រទេសព័រទុយហ្គាល់ លោក Antonio Costa ជាប្រធាននៃកិច្ចប្រជុំក្រុមប្រឹក្សាអឺរ៉ុបនាពេលអនាគតរបស់ពួកគេ និងបានជ្រើសរើសនាយករដ្ឋមន្ត្រីប្រទេសអេស្តូនី លោក Kaja Kallas ជាប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បន្ទាប់។កញ្ចប់ភាពជាអ្នកដឹកនាំ តំណាងឱ្យការបន្តនៅក្នុងតំណែងកំពូលរបស់ប្លុកអឺរ៉ុប ដែលមានប្រជាជនប្រហែល ៤៥០លាននាក់ ជាមួយនឹងក្រុមគាំទ្រអឺរ៉ុបនិយមកណ្តាល នៅរក្សាតំណែងកំពូល ទោះបីជាមានការកើនឡើងអ្នកស្តាំនិយម នៅក្នុងការបោះឆ្នោត សភាអឺរ៉ុប កាលពីដើមខែនេះក៏ដោយ។អ្នកទាំងបី បានទទួលការគាំទ្រយ៉ាងទូលំទូលាយ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីតាលីស្តាំនិយម លោក ចចា មែលឡូនី(Giorgia Meloni) បានអនុបវាទការបោះឆ្នោតលើលោកស្រី von der Leyen ហើយបានបោះឆ្នោតប្រឆាំងលោក Costa និងលោក Kallas នេះបើយោងតាមអ្នកការទូត។ការតែងតាំងលោកស្រី Von der Leyen នៅតែត្រូវការ ការអនុម័តពីសភាអឺរ៉ុប នៅក្នុងការបោះឆ្នោតសម្ងាត់មួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាសំណើរដ៏ពិបាកមួយ ជាងការយល់ព្រមចំពោះលោកស្រី ដោយមេដឹកនាំសហភាពអឺរ៉ុប។

សម្ដេចតេជោ៖ សន្ដិភាពជាង២៥ឆ្នាំមកនេះ កម្ពុជាបានអភិវឌ្ឍន៍រីកចម្រើនផុតពីប្រទេសមានចំណូលទាប និងកំពុងឆ្ពោះទៅសម្រេចចក្ខុវិស័យចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០

2024/06/28 10:44:58 am        245
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស​ប្រជាជនកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចបាននូវសន្តិភាពពេញលេញ​រយៈពេលជាង២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជាប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិ​ទាំងមូល​ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿន​ដោយបានចេញផុតពីប្រទេស​មានចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះទៅ​សម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីបន្តឈានទៅធ្វើឱ្យកម្ពុជា ជាប្រទេសមាន​ចំណូល ខ្ពស់នៅឆ្នាំ ២០៥០ បច្ចុប្បន្នដំណើរជាតិកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាពវិជ្ជមាន។ ខណៈនៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ​ ប្រជាជនបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗថែមទៀត ក្នុងការអភិវឌ្ឍសង្គមជាតិទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃសភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀត​ជាច្រើនក្តី។ សម្ដេចតេជោ បានមានប្រសាសន៍ថា ឆ្លងតាមសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះបានបង្ហាញច្បាស់ថា​កម្ពុជាបាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។ ក្នុងឱកាសនោះសម្ដេចតេជោ បានគូសបញ្ជាក់ឡើងវិញថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្ស​ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដាឆ្នាំ២០២៣ បានអនុញ្ញាតឱ្យគណបក្សអនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ច ដឹកនាំ​ប្រទេសជាតិ​ដល់ជួរអ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀម លក្ខណសម្បត្តិ​យ៉ាងម៉ត់ចត់។ កិច្ចការនេះបានប្រព្រឹត្តទៅដោយរលូនក្នុងស្មារតីរក្សាដាច់ខាតនូវនិរន្តរភាពជាតិ និងដើម្បីធានានូវសន្តិភាព និងការអភិវឌ្ឍយូរអង្វែង ហើយមកដល់ពេលនេះ​រាជរដ្ឋាភិបាល​នីតិកាលទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រង​ប្រទេសប្រកបដោយភាពជោគជ័យ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ ៧៣ឆ្នាំមកនេះ បក្សប្រជាជនកម្ពុជា តែមួយគត់ស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជន

2024/06/28 10:30:45 am        132
ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់​ជានិច្ច​ជាមួយប្រជាជនទោះបីសភាពការណ៍ជាតិមាន ការវិវត្តដ៏​ស្មុគស្មាញ​យ៉ាងណាក្តី។សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ជាថ្ងៃគម្រប់​ខួប៧៣ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា​បក្សប្រជាជនបដិវត្តន៍ខ្មែរ​មានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជាបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិ​របស់ខ្លួន ក្នុងការបម្រើបុព្វហេតុដ៏ឧត្តុង្គឧត្តមបំផុតរបស់ជាតិ និងប្រជាជនឆ្លងកាត់ដំណាក់កាលធំៗរបស់ប្រទេសជាតិប្រកបដោយវីរភាព គឺការតស៊ូប្រយុទ្ធដើម្បីឯករាជ្យជាតិ, ការការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី, ការតស៊ូរំដោះជាតិ, ការសង្គ្រោះជាតិពីរបបប្រល័យពូជ សាសន៍, ការការពារ ស្តារ និងកសាងប្រទេសឡើងវិញ និងការថែរក្សាសន្តិភាព ប្រឆាំង បដិវត្តន៍ពណ៌ និងការអភិវឌ្ឍ។ ក្នុងឱកាសនោះសម្ដេចតជោបានសម្តែងនូវការគោរព និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ​បងប្អូន​ជនរួមជាតិនៅគ្រប់ទិសទី ដែលបានគាំទ្រ និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាធ្វើឱ្យគណបក្សមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញ បេសកកម្មជូនជាតិប្រកប​ដោយជោគជ័យក្នុងរយៈពេលជាង​ ៤៥ឆ្នាំកន្លងទៅនេះ។សូមជម្រាបថា គណបក្សប្រជាជនកម្ពុជាបានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយម ដើម្បីឯករាជ្យជាតិ។ គ្រប់ដំណាក់កាលគណបក្សប្រជាជនកម្ពុជាបានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេស បានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញពីបាតដៃទទេក្រោមគំនផេះផង់​នៃសង្គ្រាមរហូតមានការអភិវឌ្ឍជាតិរីកចម្រើនដូចបច្ចុប្បន្ន៕

អតីតប្រធានាធិបតីអាមេរិក លោក Trump នឹងធ្វើសង្រ្គាមពាណិជ្ជកម្មកាន់តែធំ បើជាប់ឆ្នោតម្ដងទៀត

2024/06/28 10:08:59 am        160
កាលនៅធ្វើជាប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើជាអធិបតីលើការដំឡើងពន្ធដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក ចាប់តាំងពីវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសចិន កាណាដា សហភាពអឺរ៉ុប ម៉ិកស៊ិក ឥណ្ឌា និងរដ្ឋាភិបាលផ្សេងទៀតជាមួយនឹងការយកពន្ធដ៏តឹងរ៉ឹង។ ហើយលោកធ្លាប់បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីចែករំលែកនូវទស្សនវិជ្ជាសេដ្ឋកិច្ចកណ្តាលនិយមមួយរបស់ខ្លួនថា៖ «សង្រ្គាមពាណិជ្ជកម្មគឺល្អខ្លាំងណាស់ ហើយងាយស្រួលឈ្នះទៀតផង»។ឥឡូវនេះ នៅពេលដែលលោកឈរឈ្មោះជាប្រធានាធិបតីម្តងទៀត លោក ត្រាំ កំពុងសន្យាថានឹងរៀបចំសង្រ្គាមពាណិជ្ជកម្មរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត។ លោកបានស្នើឡើងពី «ពន្ធមូលដ្ឋានជាសកលលើផលិតផលបរទេសភាគច្រើន» រួមទាំងការយកពន្ធខ្ពស់លើប្រទេសមួយចំនួនដែលទម្លាក់តម្លៃរូបិយប័ណ្ណរបស់ពួកគេ។នៅក្នុងបទសម្ភាសន៍នានា លោកបានបង្ហាញពីផែនការសម្រាប់ពន្ធបន្ថែម ១០ ភាគរយលើការនាំចូលភាគច្រើន និងពន្ធ ៦០ ភាគរយ ឬច្រើនជាងនេះលើទំនិញរបស់ចិន។ លោកក៏បានស្នើឱ្យកាត់បន្ថយពន្ធលើប្រាក់ចំណូលរបស់សហព័ន្ធ និងពឹងផ្អែកលើពន្ធសម្រាប់ប្រាក់ចំណូលជំនួសវិញ។លោក ត្រាំ ដែលធ្លាប់បានប្រកាសខ្លួនឯងថា «អ្នកដាក់ពន្ធ» (Tariff Man) បានអះអាងជាយូរមកហើយថាពន្ធនឹងជំរុញសមត្ថភាពរោងចក្រអាមេរិក បញ្ចប់គម្លាតរវាងអ្វីដែលអាមេរិកនាំចូល និងអ្វីដែលវានាំចេញ ហើយនិងបង្កើនការងារសម្រាប់ប្រជាជនអាមេរិក៕

កោះតៃវ៉ាន់ ព្រមានពលរដ្ឋខ្លួនមិនឱ្យធ្វើដំណើរទៅប្រទេសចិន ក្រោយការគំរាមប្រហារជីវិត

2024/06/28 09:59:48 am        120
រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានបង្កើនការព្រមានអំពីការធ្វើដំណើរទៅប្រទេសចិន ដោយប្រាប់ពលរដ្ឋរបស់ខ្លួនកុំឱ្យទៅទីនោះ លុះត្រាតែចាំបាច់ បន្ទាប់ពីការគម្រាមកំហែងពីទីក្រុងប៉េកាំង កាលពីសប្តាហ៍មុនក្នុងការប្រហារជីវិតអ្នកដែលចាត់ទុកថាគាំទ្រ «ផ្កាប់មុខ» នៃឯករាជ្យតៃវ៉ាន់។ប្រទេសចិន កាលពីសប្តាហ៍មុន បានប្រកាសពីគោលការណ៍ណែនាំផ្លូវច្បាប់ថ្មីដោយគំរាមប្រហារជីវិតអ្នកផ្ដាច់ខ្លួនទាមទារឯករាជ្យកោះតៃវ៉ាន់នៅក្នុងករណីធ្ងន់ធ្ងរ ដែលជាកំណើនបន្ថែមទៀតនៃភាពតានតឹងដែលទាក់ទាញការថ្កោលទោសពីរដ្ឋាភិបាលមេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ក៏ដូចជាសហរដ្ឋអាមេរិក។លោក ល៉ាំង វិនជា (Liang Wen-chieh) អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការចិនដីគោករបស់កោះតៃវ៉ាន់ បានប្រាប់អ្នកយកព័ត៌មានថា ការព្រមានអំពីការធ្វើដំណើរដែលបានលើកឡើងក៏បានអនុវត្តទៅលើទីក្រុងដែលគ្រប់គ្រងដោយប្រទេសចិន គឺក្រុងហុងកុង និងម៉ាកាវ។ លោក ល៉ាំង បាននិយាយថា គោលការណ៍ណែនាំទាំងនោះតំណាងឱ្យការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់ ដែលទៅលេងប្រទេសចិន បន្ថែមពីលើវិធានការផ្សេងទៀតដែលចិនកំពុងអនុវត្តដើម្បីពង្រឹងច្បាប់សន្តិសុខជាតិរបស់ខ្លួន។កាលពីថ្ងៃពុធ ដោយត្រូវសាកសួរអំពីការព្រួយបារម្ភថាគោលការណ៍ណែនាំនោះអាចបង្កការភ័យខ្លាចដល់ប្រជាជនតៃវ៉ាន់ និងមិនជួយកែលម្អទំនាក់ទំនង ការិយាល័យកិច្ចការកោះតៃវ៉ាន់របស់ចិន បាននិយាយថា គោលការណ៍ណែនាំផ្លូវច្បាប់ថ្មីនោះគ្រាន់តែសំដៅលើជនផ្ដាច់ខ្លួនគាំទ្រឯករាជ្យផ្កាប់មុខមួយចំនួនតូចដែល «ប្រើពាក្យសម្ដី និងសកម្មភាពអាក្រក់របស់ខ្លួនប៉ុណ្ណោះ»៕

លោក Biden និង Trump ប៉ះទង្គិចគ្នាលើសិទ្ធិរំលូតកូន និងសេដ្ឋកិច្ចក្នុងពេលជជែកដេញដោលលើកដំបូង

2024/06/28 09:38:28 am        115
លោកប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យ Joe Biden និងគូប្រជែងខាងគណបក្សសាធារណរដ្ឋ លោក Donald Trump បានវាយប្រហារគ្នាលើសិទ្ធិរំលូតកូន និងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោកទាំង២នៅពេលចាប់ផ្ដើមជជែកដេញដោលកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយផ្តល់ឱ្យអ្នកបោះឆ្នោតមើលឃើញមុខបេក្ខជនចំណាស់បំផុតពីររូបមិនធ្លាប់មាន ដើម្បីស្វែងរកតំណែងប្រធានាធិបតីអាមេរិក។ លោក Biden ដែលស្តាប់ទៅដូចជាស្អក និងស្ទាក់ស្ទើរ ពេលខ្លះបាននិយាយជាន់លើពាក្យសម្ដីខ្លួនឯង ក្នុងឱកាស លោក Trump បានវាយប្រហារម្តងហើយម្តងទៀត ដែលរួមមានការនិយាយមិនពិតជាច្រើន ដែលរួមមានទាំងការអះអាងថាជនអន្តោប្រវេសន៍បានប្រព្រឹត្តបទឧក្រិដ្ឋកម្ម និងថាគណបក្សប្រជាធិបតេយ្យគាំទ្រការសម្លាប់ទារកជាដើម។លោកBiden វ័យ៨១ ឆ្នាំ និង Trump វ័យ៧៨ឆ្នាំបានស្ថិតនៅក្រោមសម្ពាធដើម្បីបង្ហាញពីការបញ្ជារបស់លោកទាំង២អំពីបញ្ហានានា និងជៀសវាងការរនិយាយជាន់លើពាក្យសម្ដីខ្លួនឯងវិញ ខណៈបេក្ខជនទាំង២ស្វែងរកឱកាសដ៏សំខាន់ទទួលបានការគាំទ្រនៅក្នុងការប្រកួតប្រជែង ដែលការស្ទង់មតិ បង្ហាញថាបានជាប់គាំងអស់រយៈពេលជាច្រើនខែ។ ជាពិសេស លោក Biden បានរងនូវការព្រួយបារម្ភអំពីវ័យ និងសមត្ថភាពស្មារតីរបស់លោក។ លោក Biden បានស្តីបន្ទោសលោក Trump ចំពោះការធ្វើឱ្យមានការលុបបំបាត់សិទ្ធិទូទាំងប្រទេសក្នុងការរំលូតកូនដោយការតែងតាំងអ្នកអភិរក្សនិយមនៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក ជាបញ្ហាដែលបានធ្វើឱ្យប៉ះពាល់ដល់គណបក្សសាធារណរដ្ឋចាប់តាំងពីឆ្នាំ ២០២២មក ។ ជាការឆ្លើយតប លោក Trump បានប្រកែកថា លោក Biden នឹងមិនគាំទ្រដល់ការកំណត់ណាមួយលើការរំលូតកូនទេ ហើយបាននិយាយថា ការប្រគល់បញ្ហាទៅរដ្ឋវិញ គឺជាដំណើរដ៏ត្រឹមត្រូវនៃសកម្មភាព។លោក Trump បាននិយាយថា លោក Biden បានបរាជ័យក្នុងការធានាបាននូវព្រំដែនភាគខាងត្បូងសហរដ្ឋអាមេរិក ដោយបានដឹកនាំឧក្រិដ្ឋជនជាច្រើននាក់។ លោកបាននិយាយថា ខ្ញុំហៅថា ជាឧក្រិដ្ឋកម្មជនអន្តោប្រវេសន៍ Biden៕

ការិយាល័យបោះឆ្នោតជិត ៥៩.០០០ ទីតាំងត្រូវបានបង្កើតឡើងសម្រាប់ការបោះឆ្នោតប្រធានាធិបតីអ៊ីរ៉ង់

2024/06/28 08:42:55 am        95
អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញអ៊ីរ៉ង់ លោក ហាឌី តាហាន ណាហ្ស៊ីហ្វ (Hadi Tahan Nazif) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ថា ការិយាល័យបោះឆ្នោតជិត ៥៩.០០០ កន្លែងត្រូវបានបង្កើតឡើងនៅក្នុងរដ្ឋជាង ៩៥ សម្រាប់ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេស ដែលធ្វើឡើងនៅថ្ងៃសុក្រ (២៨ មិថុនា) នេះ។លោក ណាហ្ស៊ីហ្វ បានសង្កត់ធ្ងន់ថា បន្ទាប់ពីមរណភាពដ៏សោកសៅរបស់អតីតប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រកាលពីថ្ងៃទី១៩ ខែឧសភា ដំណើរការរៀបចំទាំងមូលនៃការបោះឆ្នោតមុនកំណត់ ត្រូវបានបញ្ចប់ក្នុងរយៈពេលជិត ៤០ ថ្ងៃ ដែលបង្ហាញពី «ភាពរឹងមាំ និងអំណាច» នៃរដ្ឋអ៊ីស្លាមមួយនេះ។លោកបន្ថែមថា អ្នកសង្កេតការណ៍បោះឆ្នោត រួមទាំងក្រុមប្រឹក្សាធម្មនុញ្ញ នឹងមានវត្តមាននៅគ្រប់ការិយាល័យបោះឆ្នោតទាំងក្នុង និងក្រៅប្រទេស ដើម្បីត្រួតពិនិត្យដំណើរការបោះឆ្នោតតាមច្បាប់។ លោកបានសង្កត់ធ្ងន់ថា ក្រសួងមហាផ្ទៃអ៊ីរ៉ង់ នឹងក្លាយជាស្ថាប័នយោងផ្លូវការសម្រាប់ការប្រកាសលទ្ធផលបោះឆ្នោត ដោយណែនាំបេក្ខជន និងអ្នកគាំទ្ររបស់ពួកគេ ប្រឆាំងនឹងការរំពឹងទុកយ៉ាងប្រញាប់ប្រញាល់ បន្ទាប់ពីដំណើរការបោះឆ្នោត។ការបោះឆ្នោតប្រធានាធិបតីទី១៤ របស់អ៊ីរ៉ង់ដែលកំណត់ដំបូងសម្រាប់ឆ្នាំ២០២៥ ត្រូវបានកំណត់ពេលឡើងវិញ បន្ទាប់ពីការស្លាប់ដែលមិនបានរំពឹងទុករបស់លោក រ៉េស៊ី។ ដំបូងឡើយ បេក្ខភាពចំនួនប្រាំមួយរូប សុទ្ធតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលរួមប្រកួតប្រជែង ប៉ុន្តែបេក្ខជនសំខាន់ពីររូបបានដកខ្លួនចេញពីការប្រជែងនេះ។ នៅក្នុងការលើកឡើងនៅក្រៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃពុធ រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) បាននិយាយថា ប្រជាជនអ៊ីរ៉ង់ជាង ៦១ លាននាក់មានសិទ្ធិបោះឆ្នោតនៅថ្ងៃសុក្រនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ផ្ទះទេវតា១ ខ្នងដោយមានភ្ជាប់ប្រព័ន្ធទឹកស្អាត និងភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ត្រូវបានប្រគល់ជូនពលរដ្ឋខ្វះខាតជីវភាពនៅខេត្តកំពង់ធំ
05/09/2026 06:05 PM
ក្រុមហេសបូឡាអះអាងពីការវាយប្រហារថ្មី ដែលកំណត់គោលដៅលើមូលដ្ឋាន យោធានៅអ៊ីស្រាអែល
05/09/2026 06:05 PM
សហភាពអឺរ៉ុបនឹងរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ចំនួន ២ ជាមួយអាជ្ញាធរអន្តរកាលស៊ីរី នៅទីក្រុងប្រ៊ុចសែល
05/09/2026 06:05 PM
កងទ័ពអ៊ីស្រាអែលអំពាវនាវប្រជាជនឲ្យជម្លៀសចេញពីភូមិចំនួន ៩ នៅភាគខាងត្បូងប្រទេសលីបង់
05/09/2026 06:05 PM
ប្រមុខការទូតរុស្ស៊ី និងអារ៉ាប៊ីសាអ៊ូឌីតអំពាវនាវឲ្យស្តារឡើងវិញនូវការធ្វើនាវាចរណ៍ដោយសេរី នៅច្រកសមុទ្រហ័រមូស
05/09/2026 06:05 PM
ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសព័ត៌មានស្តីពីការការពារខ្លួនពីការឆ្លងវីរុសហាន់តា (Hantavirus)
05/09/2026 05:05 PM
ស្លូវ៉ាគី៖ អឺរ៉ុបបង្ខូចប្រវត្តិសាស្ត្រ និងខ្វះការគោរពចំពោះព្រឹត្តិការណ៍សង្គ្រាមលោកលើកទី២
05/09/2026 05:05 PM
លោក TRUMP រំពឹងថា នឹងទទួលបានការឆ្លើយតបពីអ៊ីរ៉ង់ចំពោះសំណើរបស់អាមេរិក ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ
05/09/2026 05:05 PM
អាមេរិកវាយប្រហារទូកដឹកគ្រឿងញៀននៅភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក បានសម្លាប់មនុស្សយ៉ាងតិច ២នាក់
05/09/2026 05:05 PM
ប្រមុខUN ជំរុញឲ្យមានការអត់ធ្មត់អតិបរមា ដើម្បីជៀសវាងការកើនឡើងភាពតានតឹងបន្ថែមទៀត នៅច្រកសមុទ្រហ័រមូស
05/09/2026 05:05 PM