នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់ រាយការណ៍សកម្មភាពយោធាជាថ្មីរបស់ប្រទេសចិន នៅក្បែរកោះ

2024/06/26 08:08:15 pm        138
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅជិតកោះ ដែលមានយន្តហោះយោធាចំនួន ២៦ គ្រឿង ព្រមទាំងនាវាចម្បាំង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅទូទាំងច្រកសមុទ្រតៃវ៉ាន់។ប្រទេសចិន ដែលចាត់ទុកកោះតៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន មិនបានលាក់បាំងពីការមិនពេញចិត្តរបស់ខ្លួនលើមេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលខ្លួនចាត់ទុកថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់» ហើយបានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃ បន្ទាប់ពីលោកបានចូលកាន់តំណែងកាលពីខែមុន។អាជ្ញាធរការពារជាតិកោះនេះនិយាយថា ចាប់ពីម៉ោង ៧ ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃពុធនេះ ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ២៦ គ្រឿង រួមទាំងយន្តហោះចម្បាំង J-16 ដែលកំពុងប្រតិបត្តិការនៅភាគខាងជើង កណ្តាល និងភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» ជាមួយនាវាចម្បាំងចិន។កាលពីសប្តាហ៍មុន ប្រទេសចិន បានគម្រាមប្រហារជីវិតជនផ្ដាច់ខ្លួនឯករាជ្យតៃវ៉ាន់ នៅក្នុងករណីធ្ងន់ធ្ងរ ដោយនេះជាការកើនឡើងបន្ថែមទៀតនៃភាពតានតឹង ដែលទាក់ទាញការថ្កោលទោសពីលោក ឡៃ និងរដ្ឋាភិបាលរបស់ខ្លួន ក៏ដូចជាពីសហរដ្ឋអាមេរិកផងដែរ៕

រុស្ស៊ី នឹងបន្តប្រតិបត្តិការរថភ្លើងត្រង់ ដែលដឹកអ្នកដំណើរទៅកាន់កូរ៉េខាងជើង ក្នុងខែកក្កដា

2024/06/26 08:04:49 pm        249
ទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វាកស៍ (Interfax) បានរាយការណ៍នៅថ្ងៃពុធ (២៦ មិថុនា) នេះថា ប្រទេសរុស្ស៊ី នឹងបន្តសេវាកម្មរថភ្លើងធ្វើដំណើរត្រង់ ដែលដឹកអ្នកដំណើរទៅប្រទេសកូរ៉េខាងជើង ក្នុងខែកក្កដា បន្ទាប់ពីបានផ្អាករយៈពេល ៤ ឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩ (COVID-19)។ដោយដកស្រង់សម្តីអភិបាលនៃតំបន់ ព្រីម៉ូស្គី ក្រៃ (Primorsky Krai) ភាគខាងកើតរបស់រុស្ស៊ី ជាប់ព្រំដែនកូរ៉េខាងជើង លោក អូលេក ខូហ្ស៊េមយ៉ាកូ (Oleg Kozhemyako) សារព័ត៌មាន អ៊ីនធឺហ្វាកស៍ បានរាយការណ៍ថារថភ្លើងនឹងរត់ពីទីក្រុង វ្ល៉ាឌីវ៉ូស្តុក (Vladivostok) ទៅកាន់កំពង់ផែ រ៉ាសុន (Rason) របស់កូរ៉េខាងជើង។លោក ខូហ្ស៊េមយ៉ាកូ បាននិយាយនៅឯពិធីបើកពិធីមួយថា «ដោយជិះរថភ្លើងចេញពីក្រុង វ្ល៉ាឌីវ៉ូស្តុក ត្រង់ឆ្ពោះទៅដល់កូរ៉េខាងជើង ប្រជាជននឹងរីករាយជាមួយភាពស្រស់ស្អាត ធម្មជាតិ វប្បធម៌ ហើយនឹងបានស្គាល់ទំនៀមទម្លាប់ និងប្រពៃណីនៅទីនោះ»។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង កាលពីសប្តាហ៍មុន ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០០ ដោយធ្វើឱ្យទំនាក់ទំនងរបស់ទីក្រុងមូស្គូ កាន់តែស៊ីជម្រៅជាមួយទីក្រុងព្យុងយ៉ាង និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ដែលរួមបញ្ចូលការសន្យាការពារគ្នាទៅវិញទៅមក៕

កូរ៉េខាងជើង ប្រារព្ធខួបសង្គ្រាមកូរ៉េ ក្នុងព្រឹត្តិការណ៍ជួបជុំដ៏ធំសម្បើម

2024/06/26 06:51:24 pm        205
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រជាជនកូរ៉េខាងជើងបានប្រមូលផ្តុំគ្នាដ៏ធំសម្បើមនៅទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធ ២៥ មិថុនានេះ ដើម្បីរំលឹកខួបលើកទី ៧៤ ឆ្នាំនៃការចាប់ផ្តើមនៃសង្គ្រាមកូរ៉េ។នៅក្នុងវីដេអូ ផ្តល់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការរបស់កូរ៉េខាងជើង KCNA ដែលសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យនោះ កីឡដ្ឋាន May Day ពោរពេញទៅដោយមនុស្សកំពុងស្តាប់សុន្ទរកថា និងទស្សនាវីដេអូ។ ផ្ទាំងបដារិះគន់សហរដ្ឋអាមេរិក ដូចជា «យើងស្បថកម្ចាត់សត្រូវ ជនឈ្លានពានអាមេរិក!» និង "សងសឹកសហរដ្ឋអាមេរិកមួយរយដង!" ត្រូវបានព្យួរនៅកីឡដ្ឋាននេះ។KCNA បាននិយាយថា មនុស្សជាង ១០០.០០០ នាក់ រួមទាំងមន្ត្រី និងបុគ្គលិកទីភ្នាក់ងារជាតិ ព្រមទាំងនិស្សិត បានចូលរួមការប្រមូលផ្តុំដើម្បីប្រារព្ធខួបនេះ ដោយហៅថាជាថ្ងៃនៃការតស៊ូប្រឆាំងនឹងចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិក និងហៅសហរដ្ឋអាមេរិកថាជាសត្រូវដ៏ជូរចត់។កូរ៉េខាងជើងនិងខាងត្បូង នៅតែមានសង្រ្គាមក្នុងភាសាបច្ចេកទេស ព្រោះជម្លោះឆ្នាំ ១៩៥០ ដល់១៩៥៣ របស់បងប្អូនកូរ៉េទាំង២ បានបញ្ចប់ដោយត្រឹមតែជាបទឈប់បាញ់ មិនមែនសន្ធិសញ្ញាទេ៕

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀត ជូនដល់អតីតយុទ្ធជន

2024/06/26 06:27:23 pm        229
ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា យកចិត្តទុកដាក់ខ្ពស់ចំពោះជីវភាព និងសុខភាពរបស់អតីតយុទ្ធជន និងបន្តផ្តល់បណ្ណ ប.ស.ស និងការឧបត្ថម្ភផ្សេងទៀតជូនដល់អតីតយុទ្ធជន។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានផ្តល់បណ្ណថែទាំសុខភាព ប.ស.ស ជូនជនមានពិការភាព ​និវត្តជន និង ជនបាត់បង់សមត្ថភាពការងារ និងបណ្ណមូល​និធិសមធម៌សុខាភិបាល ជូនអ្នកកាន់សៀវភៅធនាគាររបស់គ្រួសារជនពលី និងគ្រួសារជន​មរណៈជាអតីតយុទ្ធជន ដើម្បីទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យដែលបានចុះកិច្ច​សន្យាជាមួយ ប.ស.ស ដោយមិនបង់ប្រាក់ឡើយ។សម្តេចធិបតី មានប្រសាសន៍ថា ការធ្វើសមាហរណកម្មនៅក្នុងប្រព័ន្ធរបបសន្តិសុខសង្គមថ្មី និងការគណនាគឺស្របតាមតម្លៃឯកតានៃសន្ទស្សន៍បៀវត្សមូលដ្ឋានរបស់អតីតយុទ្ធជន ចន្លោះឆ្នាំ ២០២០ ដល់ ២០២៣ ព្រមជាមួយនោះរាជរដ្ឋាភិបាលក៏បានដំឡើងរបបសន្តិសុខសង្គមប្រចាំខែ​ដែលទាបជាង ឬស្មើ៧៧ម៉ឺនឱ្យដល់៨២ម៉ឺន ៥ពាន់រៀល ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤មក។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានផ្តល់ប្រាក់ឧបត្ថម្ភ​ក្នុងឱកាសបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពិធីបុណ្យភ្ជុំបន្ថែមដល់អតីតយុទ្ធជនផងដែរ។សូមជម្រាបថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានគ្រប់គ្រងទិន្នន័យអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ត្រូវបានធ្វើបច្ចុប្បន្នភាព និងគ្រប់ គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានានូវប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែ។ សម្តេចធិបតីបញ្ជាក់ថា ការបើកផ្ដល់របបសន្តិសុខសង្គមប្រចាំខែចំនួនពីរសប្តាហ៍ម្តងក្នុងខែនីមួយៗ ត្រូវបានដាក់ឱ្យអនុវត្តចាប់ពីខែមករាឆ្នាំ២០១៩ មកម៉្លេះ។ តាមសារាចរណែនាំរបស់ រាជរដ្ឋាភិបាល ដោយសហការជាមួយធនាគារដៃគូ និងបានដាក់ឱ្យដំណើរការសេវាប្រើប្រាស់ កាតអេធីអឹម (ATM) សំដៅបង្កើនភាពងាយស្រួល ក្នុងការបើកប្រាក់សោធនប្រចាំខែតាមប្រព័ន្ធធនាគារ ជូនដល់បងប្អូនអតីតយុទ្ធជនដែលត្រូវបានអនុវត្តចាប់ពីខែមេសាឆ្នាំ២០១៧កន្លងមកផងដែរ៕អត្ថបទ៖វ៉ន ដារ៉ា

អាមេរិកព្រមានថា ជម្លោះអ៊ីស្រាអែល និងក្រុមហេសបូឡា អាចបង្កឱ្យមានសង្គ្រាមក្នុងតំបន់

2024/06/26 06:13:43 pm        216
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានជួបសមភាគីអ៊ីស្រាអែល លោក យ៉ូអាវ ហ្កាលែន(Yoav Gallant) នៅមន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារ ដោយព្រមានថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចបង្កឱ្យមានសង្គ្រាមក្នុងតំបន់ និងបានជំរុញឱ្យមានដំណោះស្រាយផ្នែកការទូត។ សង្គ្រាមរយៈពេលជាង៨ខែ នៅតំបន់ហ្កាហ្សា បានបង្កើនភាពតានតឹងនៅទូទាំងតំបន់ ដោយកងកម្លាំងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប្រទេសលីបង់ បានបាញ់តគ្នា ស្ទើរតែរាល់ថ្ងៃ។លោក Austin បាននិយាយថា សង្រ្គាមមួយផ្សេងទៀតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា អាចក្លាយទៅជាសង្រ្គាមក្នុងតំបន់យ៉ាងងាយស្រួល ដោយបង្កផលលំបាកខ្លាំងសម្រាប់តំបន់មជ្ឈិមបូព៌ា។ ផ្នែកការទូត គឺជាមធ្យោបាយល្អបំផុតដើម្បីទប់ស្កាត់ការរីកធំជម្លោះបន្ថែមទៀត។ លោក Gallant បាននិយាយនៅក្នុងជំនួបជាមួយ លោក Austin ថា យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទទួលបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែយើងក៏ត្រូវតែពិភាក្សាការត្រៀមខ្លួនជាស្រេច នៅគ្រប់សេណារីយ៉ូ ដែលអាចធ្វើទៅបាន។កងទ័ពអ៊ីស្រាអែល បាននិយាយកាលពីសប្តាហ៍មុនថា ផែនការសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ ត្រូវបានអនុម័តនិងមានសុពលភាព ក្នុងពេលមានការកើនឡើងការប៉ះទង្គិចគ្នាឆ្លងព្រំដែនកាន់តែខ្លាំង ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន កំពុងស្វែងរកការកាត់បន្ថយសីតុណ្ហភាព និងទប់ស្កាត់ជម្លោះរីកធំមួយផ្សេងទៀត នៅមជ្ឈិមបូព៌ា។លោក Gallant បានធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដើម្បីស្វែងរកការបញ្ជាក់ជាថ្មី នូវតម្លៃនៃទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តកំពូលមួយរបស់អ៊ីស្រាអែល បន្ទាប់ពីនាយករដ្ឋមន្រ្តី លោក Benjamin Netanyahu បានស្តីបន្ទោសសហរដ្ឋអាមេរិកជាសាធារណៈ ចំពោះអ្វីដែលលោកបាននិយាយថា ជាការពន្យារពេលក្នុងការដឹកជញ្ជូនសព្វាវុធ។រដ្ឋាភិបាលសហរដ្ឋអាមេរិក បានទទូចថា ការដឹកជញ្ជូនគ្រាប់បែក ត្រូវបានផ្អាក ជុំវិញការព្រួយបារម្ភអំពីការប្រើប្រាស់នៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ហើយការដឹកជញ្ជូនសព្វាវុធផ្សេងទៀតកំពុងដំណើរការ តាមធម្មតា។

នាយករដ្ឋមន្ត្រីហៃទី ប្តេជ្ញាដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈនគរបាលកេនយ៉ាដំបូង បានមកដល់

2024/06/26 05:59:20 pm        108
នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក ហ្ការី ខន់នីល(Garry Conille) បានប្តេជ្ញា កាលពីថ្ងៃអង្គារ នៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋនឹងដណ្តើមយកការគ្រប់គ្រងប្រទេសមកវិញ ខណៈបេសកកម្មរក្សាសន្តិភាពមកពីប្រទេសកេនយ៉ា បានមកដល់ប្រទេសនេះ។ក្រុមនគរបាលប្រទេសកេនយ៉ាដំបូងគេ បានមកដល់រដ្ឋធានីប្រទេសហៃទី ដើម្បីចាប់ផ្តើមបេសកកម្មរក្សាសន្តិភាពដែលរង់ចាំជាយូរមកហើយ នៅក្នុងប្រទេសតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញដោយអំពើហឹង្សារបស់ក្រុមជនអន្ធពាល។នាយករដ្ឋមន្ត្រីប្រទេសហៃទី លោក Garry Conille បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា កងកម្លាំងអន្តរជាតិនៅទីនេះ ដើម្បីគាំទ្រយើងនិងកងកម្លាំងនគរបាលរបស់យើង ដោយនិយាយថា ការងារគឺត្រូវដណ្តើមយកប្រទេសមកវិញ នឹងចាប់ផ្តើមមួយជំហានម្តងៗ។បេសកកម្មនេះ ត្រូវបានស្នើឡើងជាលើកដំបូងដោយរដ្ឋាភិបាលមុនរបស់ប្រទេសហៃទី ក្នុងឆ្នាំ២០២២។ ការគាំទ្របានធ្លាក់ចុះ ដែលនាំឱ្យអ្នកកាន់តំណែងមុនលោក Conille លាលែងពីតំណែងកាលពីដើមខែមីនា។ លោក Conille បាននិយាយថា រដ្ឋនឹងទទួលបានអំណាចមកវិញ និងកាន់កាប់សិទ្ធិអំណាចជាថ្មីរបស់ខ្លួន ដូច្នេះប្រជាជនហៃទីទាំងអស់ អាចរស់នៅដោយសន្តិភាពនៅក្នុងប្រទេសនេះ។សង្គ្រាមក្រុមជនអន្ធពាល នៅពេលបច្ចុប្បន្ននេះ បានជម្លៀសប្រជាជន ជាងកន្លះលាននាក់ ហើយជិតប្រាំលាននាក់កំពុងប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។ ក្រុមប្រដាប់អាវុធ នៅពេលនេះបានចូលគ្រប់គ្រងភាគច្រើននៅរដ្ឋធានី ដោយបានបង្កើតសម្ព័ន្ធភាពធំធេង ខណៈកំពុងអនុវត្តការសម្លាប់រាលដាល ការចាប់ជំរិតទាមទារប្រាក់លោះ និងអំពើហិង្សាផ្លូវភេទ។

មន្ត្រីជាន់ខ្ពស់វៀតណាមទៅកាន់អាមេរិក ក្រោយលោកBiden ខកចិត្តចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំរុស្ស៊ី

2024/06/26 05:41:56 pm        206
សហរដ្ឋអាមេរិកបានស្វាគមន៍រដ្ឋមន្ត្រីផែនការ និងវិនិយោគរបស់វៀតណាមកាលពីថ្ងៃអង្គារ ២៥ មិថុនា សម្រាប់កិច្ចពិភាក្សាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ហើយបាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំជាងពេលណាៗទាំងអស់ ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងហាណូយធ្វើឱ្យទីក្រុងវ៉ាស៊ីនតោនខកចិត្តដោយសារតែទទួលស្វាគមន៍វត្តមានលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា កិច្ចសន្ទនាក្នុងសប្តាហ៍នេះនឹងគ្របដណ្តប់លើសន្តិសុខសេដ្ឋកិច្ច បន្ទះឈីបអេឡិចត្រូនិក បរិយាកាសវិនិយោគ សេដ្ឋកិច្ចឌីជីថល អ៊ីនធឺណិត ថាមពល និងសារធាតុរ៉ែសំខាន់ៗ។កាលពីឆ្នាំមុន ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងវៀតណាមបានប្រសើរឡើង ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងអំឡុងទស្សនកិច្ចរបស់លោកប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីចុងឆ្នាំ២០២៣។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ទៅកាន់ប្រទេសវៀតណាមកាលពីសប្តាហ៍មុនបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីអាមេរិក។ ក្រោយមក ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួននឹងបន្តផ្តោតលើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងហាណូយ ខណៈសហរដ្ឋអាមេរិក ព្យាយាមប្រឆាំងនឹងគូប្រកួតប្រជែងដ៏មានឥទ្ធិពលរបស់ខ្លួនគឺប្រទេសចិន៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ជំរុញការសាងសង់ផ្ទះជូនអតីតយុទ្ធជន

2024/06/26 05:36:44 pm        167
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ជាពិសេសក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ ក្រសួងសង្គមកិច្ចត្រូវអនុវត្តឲ្យបានល្អ និងមានប្រសិទ្ធភាពបំផុត ក្នុងការជំរុញនៃការសាងសង់ ​នូវផ្ទះជូនដល់បងប្អូនអតីតយុទ្ធជន ខណៈកិច្ចការនេះជាផ្នែកមួយនៃការដោះស្រាយ​គោលនយោបាយ​របស់រាជរដ្ឋាភិបាលសម្រាប់ ​បងប្អូនអតីតយុទ្ធជននោះ។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ បន្តជំរុញការអនុវត្ត​គោល​នយោបាយ​ស្តីពីការផ្តល់សម្បទាន​ដីសង្គមកិច្ច ​ជូនអតីតកងកម្លាំងប្រដាប់អាវុធ និង​គ្រួសាររបស់​ពួកគាត់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសគឺការ​សាងសង់​នូវលំនៅដ្ឋាន​ជូនដល់​ពួកគាត់ឲ្យបានគ្រប់ៗគ្នាដែលពួកគាត់កំពុងជួបនូវការលំបាកនោះ។សូមបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិ​របស់​អតីតយុទ្ធជនចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០២៣ ​និងដោយបានការយកចិត្តទុកដាក់គិតគូរពី សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ​និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់​ផ្ទះជូន​អតីតយុទ្ធជនក្រីក្រ​ សរុបមានចំនួន ៥ ៥៦៩ខ្នង ហើយរហូតដល់ថ្ងៃនេះ៕អត្ថបទបាន ចក់

សម្តេចធិបតី៖ ដរាបណាបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសគឺលើកកម្ពស់ជីវភាព និងកិត្តិយកអតីតយុទ្ធជនជានិច្ច

2024/06/26 05:23:56 pm        190
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថ្លែងថា ដរាបណាគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេស គឺយកចិត្តទុកដាក់ខ្ពស់ជានិច្ចចំពោះបងប្អូន អតីតយុទ្ធជន យុទ្ធនារីគ្រប់រូប នឹងខិតខំលើកកម្ពស់ជីវភាពរបស់ពួកគាត់ឲ្យកាន់តែល្អប្រសើរបន្ថែម ទៀត។ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤នេះសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នីតិកាលរដ្ឋសភានេះ គឺរាជរដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះបងប្អូនអតីតយុទ្ធជនដោយបានដំឡើងប្រាក់​របបសន្តិសុខសង្គមប្រចាំខែ​ជូន​និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនពិការភាពជាបន្តបន្ទាប់ ហើយកិច្ចការនេះ នឹងបន្តធ្វើជានិច្ចដោយគ្មានការរាថយនោះឡើយ ។ទាក់ទងនឹងអតីតយុទ្ធជននេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានរំលឹកផងដែរថា ​ការ​ពលិកម្ម​ប្រកបដោយស្មារតីស្នេហាជាតិរបស់វីរអតីតយុទ្ធជន ​យុទ្ធនារី និងប្រជាពលរដ្ឋ យើងនៅ​គ្រប់ដំណាក់កាល​នៃប្រវត្តិសាស្ត្រ បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការពារបូរណភាពទឹកដី ការកសាង សុខសន្តិភាព និងស្ថិរភាពសង្គមសម្រាបកម្ពុជា សំដៅធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជនកម្ពុជាទាំងមូលរហូតដល់​សព្វថ្ងៃនេះ ​ហើយក្នុងនាមរាជ រដ្ឋាភិបាលសូមអគុណចំពោះបងប្អូនអតីតយុទ្ធជន ដែលបាន​បូជាសាច់ស្រស់ឈាមស្រោះដើម្បីបុព្វហេតុ ជាតិនោះ៕អត្ថបទបាន ចក់

ប្រមុខការពារជាតិអាមេរិក និងរុស្ស៊ី ពិភាក្សាគ្នា ខណៈភាពតានតឹងកើនឡើងជុំវិញការវាយប្រហារតំបន់គ្រីម៉េ

2024/06/26 05:09:48 pm        170
ប្រមុខការពារជាតិសហរដ្ឋអាមេរិក និងរុស្ស៊ី បានពិភាក្សាគ្នាតាមទូរសព្ទ កាលពីថ្ងៃអង្គារ (២៥ មិថុនា) នៅក្នុងការទំនាក់ទំនងដ៏កម្ររវាងមហាអំណាចទាំងពីរ ស្របពេលភាពតានតឹងកើនឡើងខ្លាំង បន្ទាប់ពីទីក្រុងមូស្គូ បានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន ចំពោះការវាយប្រហារដ៏បង្ហូរឈាមរបស់អ៊ុយក្រែន កាលពីចុងសប្តាហ៍លើឧបទ្វីបគ្រីម៉េ (Crimea) ដែលរុស្ស៊ីដាក់បញ្ចូល។ភាគីទាំងពីរបានផ្តល់ទស្សនៈផ្សេងគ្នាយ៉ាងទូលំទូលាយនៃការសន្ទនា ដែលជាលើកទីមួយរវាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីថ្មី លោក អាន់ឌ្រី បេលូសូវ (Andrei Belousov) ដែលបានជំនួសតំណែងលោក សើហ្កេ សយហ្គូ (Sergei Shoigu) កាលពីខែឧសភា។អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ផាទ្រីក រ៉ាយឌ័រ (Patrick Ryder) បានប្រាប់អ្នកយកព័ត៌មានថា លោក អស្ទីន និងលោក បេលូសូវ បានពិភាក្សាអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងបើកចំហ។ លោក អស្ទីន បានផ្តួចផ្តើមការសន្ទនានោះ ហើយវាជាការហៅទូរសព្ទបែបនេះជាលើកដំបូងចាប់តាំងពីខែមីនា ឆ្នាំ២០២៣ មក។ទោះយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា លោក បេលូសូវ បានព្រមានលោក អស្ទីន អំពីគ្រោះថ្នាក់នៃការបន្តផ្គត់ផ្គង់អាវុធរបស់អាមេរិក ដល់អ៊ុយក្រែន ក្នុងសង្គ្រាមដែលមានរយៈពេល ២៨ ខែនេះ។ ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានធ្លាក់ចុះដល់កម្រិតទាបបំផុតរបស់ពួកគេ បន្ទាប់ពីប្រតិបត្តិការយោធាទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM