នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Blinken ជំរុញឱ្យមេដឹកនាំមជ្ឈិមបូព៌ា ដាក់សម្ពាធលើក្រុមហាម៉ាស សម្រាប់បទឈប់បាញ់ហ្កាហ្សា

2024/06/11 03:21:19 pm        133
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) កាលពីថ្ងៃចន្ទ (១០ មិថុនា) បានជំរុញឱ្យបណ្ដាមេដឹកនាំអារ៉ាប់ ដាក់សម្ពាធលើក្រុមហាម៉ាស ឱ្យទទួលយកសំណើបទឈប់បាញ់ ដែលបានលើកឡើងកាលពី ១០ ថ្ងៃមុនដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ដើម្បីបញ្ចប់សង្គ្រាមរយៈពេលប្រាំបីខែនៅតំបន់ហ្កាហ្សា។លោក ប្លីងខិន កំពុងបំពេញទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលអូសបន្លាយរាប់ទសវត្សរ៍។ ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន ព្យាយាមបង្កើនសម្ពាធលើក្រុមហាម៉ាស ឱ្យយល់ព្រមលើកិច្ចព្រមព្រៀងឈប់បាញ់ជាមួយអ៊ីស្រាអែល និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។លោក ប្លីងខិន បាននិយាយថា ក្រុមហាម៉ាស គឺជាអ្នកខាងក្រៅតែមួយគត់ដែលមិនទទួលយកសំណើសម្រាប់កិច្ចព្រមព្រៀងបីដំណាក់កាល ពាក់ព័ន្ធនឹងការដោះលែងចំណាប់ថ្នូរ និងការពិភាក្សាឆ្ពោះទៅរកការបញ្ចប់ការប្រយុទ្ធ ដែលលោកបាននិយាយថា អ៊ីស្រាអែល បានយល់ព្រមរួចហើយ។ក្រុមហាម៉ាស បាននិយាយកាលពីខែឧសភា ថា ខ្លួនធ្លាប់បានយល់ព្រមលើកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ថ្នូរជាមួយអ្នកទោសប៉ាឡេស្ទីន ប៉ុន្តែក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយនៅពេលនោះថា កិច្ចព្រមព្រៀងនោះមិនអាចទទួលយកបានសម្រាប់អ៊ីស្រាអែលទេ ដោយសារតែលក្ខខណ្ឌត្រូវបាន «បន្ទាបខ្លាំងពេក»៕

ក្រុមហាម៉ាស ស្វាគមន៍សេចក្តីសម្រេចបទឈប់បាញ់ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលើតំបន់ហ្កាហ្សា

2024/06/11 03:16:18 pm        252
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានអនុម័តកាលពីរសៀលថ្ងៃចន្ទទី ១០ មិថុនា នូវសេចក្ដីសម្រេចរបស់សហរដ្ឋអាមេរិក ដែលស្វាគមន៍សំណើបទឈប់បាញ់ប្រកាសដោយលោកប្រធានាធិបតី Joe Biden ដែលសហរដ្ឋអាមេរិកនិយាយថាអ៊ីស្រាអែលបានទទួលយកហើយ។ សេចក្ដីសម្រេចនេះអំពាវនាវឱ្យក្រុមហាម៉ាសទទួលយកផែនការបីដំណាក់កាល។ ក្នុងចំណោមសមាជិកទាំង ១៥ ប្រទេស រុស្ស៊ីបានអនុប្បវាទក្នុងការបោះឆ្នោត ខណៈសមាជិកក្រុមប្រឹក្សាចំនួន ១៤ រូបទៀត បានបោះឆ្នោតគាំទ្រ។ សហរដ្ឋអាមេរិកបានបញ្ចប់អត្ថបទរបស់ខ្លួនកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចរចារយៈពេល៦ថ្ងៃក្នុងចំណោមសមាជិកក្រុមប្រឹក្សា។ ក្រុមហាម៉ាស បានស្វាគមន៍ចំពោះសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិUNSC ដែលគាំទ្រសំណើសុំឲ្យមានបទឈប់បាញ់នៅដែនដីហ្កាហ្សា ដោយនិយាយថា ខ្លួនត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយក្រុមអ្នកសម្របសម្រួលលើការអនុវត្តគោលការណ៍នៃផែនការនេះ។ក្រុមនេះក៏បាននិយាយផងដែរថា ខ្លួនមានឆន្ទៈក្នុងការចូលរួមចរចាដោយប្រយោលជុំវិញការអនុវត្តគោលការណ៍នានា ដែលស្របតាមការទាមទាររបស់ប្រជាជន និងការតស៊ូរបស់យើង។ សេចក្ដីសម្រេចនេះ ជំរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស អនុវត្តឱ្យបានពេញលេញនូវលក្ខខណ្ឌរបស់ខ្លួន ដោយមិនពន្យារពេល និងដោយគ្មានលក្ខខណ្ឌ។នេះគឺជាលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីផែនការបទឈប់បាញ់ ក្នុងបំណងបញ្ចប់សង្រ្គាមរយៈពេល៨ ខែ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅក្នុងដែនដីហ្កាហ្សា ដែលបានឆក់យកជីវិតមនុស្សជាង៣ម៉ឺននាក់ រួចមកហើយមកទល់នឹងពេលនេះ៕

ឯកឧត្តម ប្រាក់ សុវណ្ណ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៤

2024/06/10 11:43:11 pm        135
នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារ មានការរៀបចំពិធី ប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រះវិហារអាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការកងកម្លាំង ទាំង៣ អភិបាលក្រុង-ស្រុកទាំង៨ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។នាឱកាសនោះឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានអានរបាយការណ៍សង្ខេបពាក់ព័ន្ធភូមិសាស្ត្រ និងការអភិវឌ្ឍរីកចម្រើនរបស់ខេត្ត ក៏ដូចជាការចូលរួមចំណែករបស់ក្រុមប្រឹក្សាខេត្ត ជាមួយគណៈអភិបាលខេត្ត ដែលបានធ្វើឱ្យរដ្ឋបាលខេត្តសម្រេចបាននូវការដោះស្រាយបញ្ហានានា ជំរុញការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់រហូតមកដល់ពេលនេះ ជាពិសេសបានសម្តែងនូវការចូលរួម​អបអរសាទរយ៉ាងក្រៃលែងចំពោះក្រុមប្រឹក្សាខេត្តទាំង១៩រូប សម្រាប់អាណត្តិថ្មីនេះផងដែរ។ឯកឧត្តម បន្តថា ក្នុងនាម ថ្នាក់ដឹកនាំក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ សូមប្តេជ្ញាបន្ត ចូលរួមយ៉ាង សកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្តិសុខ​សណ្តាប់ធ្នាប់ ព្រមទាំងបន្ត ជំរុញ ការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅ សម្រាប់ការ អភិវឌ្ឍតាមបែប ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិតាមរយៈកំណែទំរង់វិមជ្ឈការ និងវិសហមជ្ឈការ និងចូលរួមពង្រឹងយន្តការផ្ទេរមុខងារកែទម្រង់រចនាសម្ព័ន្ធថ្មី និងប្រព័ន្ធអភិបាលកិច្ចទាំងថ្នាក់ខេត្ត រហូតដល់ក្រុង ស្រុក ឃុំ សង្កាត់។ឯកឧត្តម ម៉ៅ សុផាន់ បានថ្លែងថា ក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវបានតំណាងប្រជាពលរដ្ឋ ដែលមានសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតជ្រើសរើសជាសមាជិក ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ដើម្បីបន្តដឹកនាំសំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្ត អភិវឌ្ឍន៍ឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ដូចនេះ ក្នុងការអនុវត្តការងារជាសមាជិក សមាជិកាក្រុមប្រឹក្សា ត្រូវខិតខំបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើ ភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាប័ន្ន ជាពិសេសមិនត្រូវប្រកាន់និន្នាការ នយោបាយណាមួយនោះឡើយ។ឯកឧត្តមបន្ថែមថា ការពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អនៅក្នុងក្រុមប្រឹក្សា គណៈ អភិបាល មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋានលើក កម្ពស់ប្រសិទ្ធភាពការងារ ការគោរពច្បាប់គោលការណ៍នានារបស់រដ្ឋ និងពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្រ្តីនៅក្នុងការបំពេញតួនាទីភារកិច្ច របស់ខ្លួនសំដៅអភិវឌ្ឍន៍មូលដ្ឋាន និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ គឺធ្វើឱ្យយើង​សម្រេច គោលដៅមូលដ្ឋានមានការអភិវឌ្ឍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់​តែប្រសើរឡើង៕

លោក ហ្ស៊េឡិនស្គី៖ អ៊ុយក្រែន កំពុងធ្វើការលើកិច្ចព្រមព្រៀងគាំទ្រមួយផ្សេងទៀត ជាមួយអាល្លឺម៉ង់

2024/06/10 09:24:32 pm        139
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ្ស៊េឡិនស្គី បានថ្លែងថា ប្រទេសរបស់លោក កំពុងធ្វើការលើកិច្ចព្រមព្រៀងមួយផ្សេងទៀត ជាមួយប្រទេសអាល្លឺម៉ង់ ដើម្បីផ្តល់ការគាំទ្រដល់ប្រទេសរបស់លោក បន្ទាប់ពីមានការឈ្លានពានពីរុស្សីពេញទំហឹង ដែលបានធ្វើឡើងកាលពីជាងពីរឆ្នាំមុន។លោក ហ្ស៊េឡិនស្គី បាននិយាយនៅក្នុងសុន្ទរកថាវីដេអូប្រចាំថ្ងៃរបស់ខ្លួនដែលបានចេញផ្សាយកាលពីល្ងាចថ្ងៃអាទិត្យថា៖«យើងកំពុងរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អ៊ុយក្រែន ជាមួយដៃគូអឺរ៉ុប ជាពិសេសជាមួយប្រទេសអាល្លឺម៉ង់ លើវិធានការគាំទ្របន្ថែមទៀត»។លោកមិនបានផ្តល់ព័ត៌មានលម្អិតអំពីលក្ខណៈនៃកិច្ចព្រមព្រៀងដ៏សំខាន់នោះទេ។លោកប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានបន្ថែមថា ទីក្រុងគីវ ក៏កំពុងរៀបចំយ៉ាងហ្មត់ចត់នូវកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីរវាងប្រទេសរបស់យើង និងសហរដ្ឋអាមេរិកផងដែរ។លោក ហ្ស៊េឡិនស្គី បានប្រកាសរួចហើយកាលពីចុងខែមេសាថា ទីក្រុងគីវ និងទីក្រុងវ៉ាស៊ីនតោន កំពុងធ្វើការលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ខ្លួន ដើម្បីធានាថាប្រទេសដែលហែកហួរដោយសង្គ្រាមរបស់ខ្លួន ទទួលបានការគាំទ្ររយៈពេលវែង។សហរដ្ឋអាមេរិក គឺជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ុយក្រែន ខណៈដែលខ្លួនប្រឈមមុខនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី នៅភាគខាងត្បូង និងភាគខាងកើតនៃប្រទេស ក៏ដូចជាការវាយប្រហារតាមអាកាស នាពេលរាត្រីផងដែរ។អ៊ុយក្រែន ក៏បានបង្កើតកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយអង់គ្លេស អាល្លឺម៉ង់ និងបារាំងផងដែរ។កិច្ចព្រមព្រៀង បានបង្ហាញឲ្យឃើញពីការរំពឹងទុកនៃជំនួយផ្នែកហិរញ្ញវត្ថុ និងយោធាសម្រាប់ឆ្នាំខាងមុខ។

អាមេរិក អំពាវនាវឲ្យមានកិច្ចព្រមព្រៀងឈប់បាញ់ បន្ទាប់ពីបេសកកម្មជួយសង្គ្រោះចំណាប់ថ្នូរអ៊ីស្រាអែល

2024/06/10 09:21:21 pm        135
ទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan កាលពីថ្ងៃអាទិត្យ បាននិយាយថា កិច្ចព្រមព្រៀង «បទឈប់បាញ់ដ៏យូរអង្វែង» រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គឺជា «ផ្លូវដែលអាចទុកចិត្តបានតែមួយគត់ឆ្ពោះទៅមុខ» បន្ទាប់ពីបេសកកម្មជួយសង្គ្រោះចំណាប់ថ្នូររបស់អ៊ីស្រាអែល ដែលមន្ត្រីហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧៤នាក់។លោក Sullivan បានប្រាប់អ្នកសារព័ត៌មានCNN អ្នកស្រី Dana Bash ស្តីពី «សន្ទរកថាទៅកាន់ប្រជាជាតិ»ថា៖«មធ្យោបាយដ៏ល្អបំផុតក្នុងការយកចំណាប់ខ្មាំងទាំងអស់មកផ្ទះវិញ និងដើម្បីការពារជនស៊ីវិល ប៉ាឡេស្ទីន គឺត្រូវបញ្ចប់សង្រ្គាមនេះ ហើយវិធីដ៏ល្អបំផុត ដើម្បីបញ្ចប់សង្រ្គាមនេះ គឺសម្រាប់ក្រុមហាម៉ាសដើម្បីនិយាយថា «Yes»ចំពោះកិច្ចព្រមព្រៀង ដែលលោកប្រធានាធិបតី បៃដិន បានប្រកាស ហើយថា អ៊ីស្រាអែល បានទទួលយក ដែលដាក់ចេញនូវផែនទីបង្ហាញផ្លូវទៅកាន់បទឈប់បាញ់ដ៏យូរអង្វែង និងការវិលត្រឡប់មកវិញនូវចំណាប់ថ្នូរទាំងអស់»។ លោក Sullivan បានបន្ថែមថា៖«នោះហើយជាអ្វីដែលយើងកំពុងជំរុញ ហើយនោះជាអ្វីដែលយើងកំពុងស្នើឲ្យពិភពលោកអំពាវនាវដល់ក្រុមហាម៉ាស ឲ្យទទួលយក»។ ការអត្ថាធិប្បាយរបស់លោក បានកើតឡើង បន្ទាប់ពីយោធាអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍ បានជួយសង្គ្រោះចំណាប់ខ្មាំង ៤នាក់នៅក្នុងប្រតិបត្តិការពិសេសមួយនៅក្នុងជំរុំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាភាគកណ្តាលកណ្តាល ដែលអាជ្ញាធរហ្កាហ្សា បាននិយាយថា បានសម្លាប់មនុស្ស ២៧៤នាក់ និងជិត ៧០០នាក់ផ្សេងទៀត រងរបួស។

ទួរគីហៅបេសកកម្មរំដោះចំណាប់ថ្នូរអ៊ីស្រាអែលថា ជាការវាយប្រហារដ៏ព្រៃផ្សៃ

2024/06/10 09:14:02 pm        133
ប្រទេសទួរគី បានថ្កោលទោសប្រតិបត្តិការរបស់អ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូររបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា«ការវាយប្រហារដ៏ព្រៃផ្សៃ» ហើយបានចោទប្រកាន់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្ម សង្គ្រាម។ក្រសួងការបរទេសនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា៖« ជាមួយនឹងការវាយប្រហារដ៏ព្រៃផ្សៃចុងក្រោយនេះ អ៊ីស្រាអែល បានបន្ថែមករណីថ្មីមួយ ទៅក្នុងបញ្ជីឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា» ដោយមិបានលើកឡើងអំពីការជួយសង្គ្រោះចំណាប់ខ្មាំងទាំងនោះទេ។កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានដោះលែងមនុស្ស ៤នាក់ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែលអំឡុងការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា។ ពួកគេ ត្រូវបានគេរកឃើញនៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល ៨ខែ។មានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការបាញ់កាំភ្លើងធំដែលអមដំណើរបេសកកម្មជួយសង្គ្រោះនោះ។ រូបភាពទូរទស្សន៍ បានបង្ហាញពីអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងមន្ទីរពេទ្យមានអ្នកសម្រាកព្យាបាលដ៏ច្រើនលើសលប់។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីន ២១០នាក់ ត្រូវបានសម្លាប់ និងប្រហែល ៤០០នាក់ បានរងរបួសនៅក្នុងទីក្រុង Nuseirat ដែលជាទីតាំងមួយក្នុងចំណោម ទីតាំងដែលប្រតិបត្តិការបានកើតឡើង។ ព័ត៌មានពុំអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដំបូងឡើយ។

អ៊ីស្រាអែលទាមទារចម្លើយពី Al Jazeera ថា ហេតុអ្វីបានជា«ភេរវករហាម៉ាស» ធ្វើការជាអ្នករាយការណ៍?

2024/06/10 09:10:37 pm        211
កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ស្ថាប័នព័ត៌មាន Al Jazeera ដែលគ្រប់គ្រងដោយរបបកាតាថា បានជួលភេរវករហាម៉ាម្នាក់ ដែលក្រុមគ្រួសាររបស់ខ្លួន បានចាប់ចំណាប់ថ្នូរបីនាក់ ដែលត្រូវបានដោះលែង នៅក្នុងការវាយឆ្មក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃ សៅរ៍។កងកម្លាំងការពារអ៊ីស្រាអែល បានសម្លាប់អ្នកយកព័ត៌មាន Al Jazeera លោក Abdallah Aljamal អំឡុងពេលបេសកកម្មជួយសង្គ្រោះរបស់ខ្លួននៅជំរំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។IDF បានសរសេរនៅលើបណ្តាញសង្គម Xថា៖«អ្នកសារព័ត៌មាន លោក Abdallah Aljamal គឺជាភេរវករហាម៉ាសដែលបានចាប់ Almog, Andrey និង Shlomi ធ្វើជាចំណាប់ថ្នូរ នៅក្នុងផ្ទះគ្រួសាររបស់ខ្លួន នៅ ជំរំជនភៀសខ្លួន Nuseirat ។ ពុំមានអាវកាក់សារព័ត៌មានណាមួយ អាចធ្វើឲ្យលោកគ្មានទោសពីឧក្រិដ្ឋកម្ម ដែលលោក បានប្រព្រឹត្តនោះទេ។ កងកម្លាំងការពារអ៊ីស្រាអែល បានសួរសារព័ត៌មាន AlJazeera ថាតើភេរវករនេះ កំពុងធ្វើអ្វី នៅលើគេហទំព័ររបស់អ្នកនោះ?សារព័ត៌មាន Al Jazeera បានចុះឈ្មោះលោក Aljamal ជាអ្នកនិពន្ធនៅលើគេហទំព័ររបស់ខ្លួន ហើយលោកត្រូវបានគេរាយការណ៍ថា បានសរសេរអត្ថបទយ៉ាងហោចណាស់មួយសម្រាប់បណ្តាញដែលមានមូលដ្ឋាន នៅទីក្រុងដូហា។ប៉ុន្តែប្រធានការិយាល័យនៃការិយាល័យ Al Jazeera នៅទីក្រុងហ្ស៊េរុយសាឡឹម ដែលបិទនៅពេលនេះ លោក Omar al-Walid បានបដិសេធថា លោក Aljamal មិនបានធ្វើការឲ្យសារព័ត៌មាន Al Jazeera ទេ។ នេះបើយោងតាមសារព័ត៌មាន Times of Israel។

លោក Blinken កំពុងធ្វើដំណើរទៅកាន់អេហ្ស៊ីប សម្រាប់ការជំរុញលើបទឈប់បាញ់ហ្កាហ្សា

2024/06/10 09:07:00 pm        173
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) គ្រោងនឹងទៅដល់ទីក្រុងគែរ នៅថ្ងៃចន្ទ (១០ មិថុនា) ក្នុងពេលដ៏សំខាន់មួយ ខណៈដែលក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការបង្កើនសម្ពាធលើក្រុមហាម៉ាស និងអ៊ីស្រាអែល ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ ប្រមុខអ្នកការទូតរបស់សហរដ្ឋអាមេរិករូបនេះក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ្ស៊កដានី និងកាតា ផងដែរក្នុងសប្តាហ៍នេះ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី៣១ ឧសភា បានគូសបញ្ជាក់អំពីសំណើបទឈប់បាញ់បីដំណាក់កាល មួយពីអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោក ប្លីងខិន ក្នុងអំឡុងពេលធ្វើដំណើរសប្តាហ៍នេះ នឹងពិភាក្សាជាមួយដៃគូអំពីតម្រូវការក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលធានាការដោះលែងចំណាប់ថ្នូរទាំងអស់ ក៏ដូចជាតម្រូវការដើម្បីការពារជម្លោះកុំឱ្យកើនឡើងបន្ថែមទៀត។ ក្រុមមន្ត្រីអាមេរិកនិយាយថា ដោយសារសំណើបទឈប់បាញ់នោះជាផែនការរបស់អ៊ីស្រាអែល គេរំពឹងថាអ៊ីស្រាអែល ទំនងជាទទួលយកវា ប៉ុន្តែកាតា បាននិយាយថា អ៊ីស្រាអែលចាំបាច់ត្រូវផ្តល់ជំហរច្បាស់លាស់លើផែនការនោះ ដែលតំណាងឱ្យរដ្ឋាភិបាលទាំងមូល ខណៈអ្នកមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រឆាំងមិនឱ្យមានបទឈប់បាញ់៕

នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក ប្រកាសលាលែងពីតំណែង

2024/06/10 09:03:58 pm        204
ដោយសារតែការបង្ហាញពីការខកចិត្តរបស់គណបក្ស Open VLD របស់លោកនៅក្នុងការបោះឆ្នោតសភា នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិចសានឌ័រ ដេ ក្រូ(Alexander De Croo) បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា លោកនឹងលាលែងពីតំណែង ចាប់ពីថ្ងៃទី១០ ខែមិថុនានេះ។លោកបាននិយាយថា សម្រាប់ពួកយើង វាជាពេលល្ងាចដ៏ពិបាកបំផុត យើងបានចាញ់ក្នុងការបោះឆ្នោត។ ចាប់ពីថ្ងៃទី១០ ខែមិថុនា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ លោក បានសាទរអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត។ គណបក្សរបស់លោកទទួលបានសំឡេង ៥,៩ ភាគរយ នៃសម្លេងឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និង ៨,១ ភាគរយ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់។យោងតាមការបង្ហាញលទ្ធផលបឋម ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃប្រទេសបែលហ្ស៊ិក គណបក្ស N-VA នឹងនៅតែជាក្រុមសភានាំមុខ។គណបក្សចលនាកំណែទម្រង់ (MR) ទទួលបានជ័យជម្នះដាច់ ទាំងនៅទីក្រុងប្រ៊ុចសែល និង នៅទីក្រុង Wallonia ដោយទទួលបាន ២៦,១ ភាគរយ និង២៩,៨ ភាគរយនៃការបោះឆ្នោតនៅទីក្រុងនីមួយៗ។ប្រជាជនបែលហ្ស៊ិក ត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតសម្រាប់សភាសហព័ន្ធថ្មី សភាប្រចាំតំបន់ និងសមាជិកសភាសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ។

ស្ថាប័នបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក បញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតី លោកស្រី Sheinbaum

2024/06/10 09:00:27 pm        149
ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ បាននិយាយថា ស្ថាប័ន បានបញ្ចប់ការរាប់សន្លឹកឆ្នោត ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី២ ខែមិថុនា ដោយបញ្ជាក់ពីជ័យជម្នះតំណែងប្រធានាធិបតីនៃបេក្ខជនរបស់គណបក្សកាន់អំណាច លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum)។ វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានបើកសម័យប្រជុំវិសាមញ្ញ ដើម្បីប្រកាសថា លោកស្រី Sheinbaum ដែលបានឈរឈ្មោះសម្រាប់ក្រុមចម្រុះ ដឹកនាំដោយចលនា Morena ដែលកំពុងគ្រប់គ្រង បានទទួលជ័យជម្នះក្នុងសំឡេង៥៩,៧៥ ភាគរយ នៃសន្លឹកឆ្នោត។ប្រធានការិយាល័យលេខាធិការដ្ឋានប្រតិបត្តិរបស់វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) លោក ក្លៅឌៀ អ៊ីឌីត សួរ៉េស(Claudia Edith Suarez) បាននិយាយថា ជំហានបន្ទាប់គឺសម្រាប់តុលាការបោះឆ្នោត នៃសាខាតុលាការសហព័ន្ធ (TEPJF) ដើម្បីអនុវត្តការរាប់ចុងក្រោយ និងអនុម័តលទ្ធផល។អ្នកទទួលបានការគាំទ្របន្ទាប់ លោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នៃបក្សចម្រុះប្រឆាំង ទទួលបានសំឡេងគាំទ្រ ២៧,៤៥ ភាគរយ ខណៈបេក្ខជនទទួលសំឡេងគាំទ្រទីបី គឺលោក ចច អាល់វ៉ារ៉េស(Jorge Alvarez) មកពីគណបក្សចលនាប្រជាជន ទទួលបានសំឡេង ១០,៣២ ភាគរយ។វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានឲ្យដឹងថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៦០.១១៥.១៨៤នាក់ បានទៅបោះឆ្នោត។ អាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador នឹងបញ្ចប់នៅចុង ខែកញ្ញា ខាងមុខនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM