តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋាន ប្រកាសបញ្ចូល​សមាជិក​គណបក្ស​ថ្មីជាង ១៥០០នាក់នៃឃុំចំនួន៥ ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

នយោបាយ​ និង ការអភិវឌ្ឍន៍

[BREAKING NEWS]អ្នកប្រជាធិបតេយ្យហុងកុង ១៤ នាក់ត្រូវបានកាត់ទោស ២នាក់ត្រូវបានជម្រះក្ដីពីបទសមគំនិតបំពានអំណាចជាតិ ក្នុងការកាត់ក្តីសន្តិសុខជាតិដ៏សំខាន់

2024/05/30 09:45:58 am        104
អ្នកប្រជាធិបតេយ្យហុងកុងចំនួន ១៤ នាក់ត្រូវបានគេរកឃើញថាមានកំហុស ហើយពីរនាក់ ត្រូវបានជម្រះក្ដីពីបទចូលរួមឃុបឃិតគ្នាប្រព្រឹត្តអំពើបំពានអំណាចច្បាប់ ក្នុងការកាត់ក្តីស្ដីពីសន្តិសុខជាតិដ៏សំខាន់មួយជុំវិញតួនាទីរបស់ពួកគេនៅក្នុងការបោះឆ្នោតបឋមក្រៅផ្លូវការកាលពីខែកក្កដាឆ្នាំ ២០២០។ គណៈកម្មាការចៅក្រមសន្តិសុខជាតិដែលបានកំណត់ចំនួនបីរូប បានប្រកាសសាលក្រមរបស់ខ្លួនទៅកាន់អតីតសមាជិកសភា អតីតក្រុមប្រឹក្សាស្រុក និងអតីតអ្នកសារព័ត៌មាននៅតុលាការ West Kowloon នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

សភារបស់អង់គ្លេស ត្រូវបានរំលាយនៅមុនការបោះឆ្នោត

2024/05/30 09:38:27 am        139
សភារបស់ចក្រភពអង់គ្លេស ត្រូវបានរំលាយនៅថ្ងៃព្រហស្បតិ៍នេះ នៅមុនការបោះឆ្នោតសកល នៅថ្ងៃទី៤ ខែកក្កដា ដែលមើលទៅនឹងនាំឱ្យគណបក្សការងារ ឡើងកាន់អំណាច បន្ទាប់ពីការគ្រប់គ្រងរយៈពេល១៤ឆ្នាំ របស់គណបក្សអភិរក្សនិយម។ យុទ្ធនាការរយៈពេលប្រាំសប្តាហ៍ បានចាប់ផ្តើមជាផ្លូវការ ខណៈអាសនៈចំនួន៦៥០នៃសមាជិកសភា បាននៅទំនេរភ្លាមៗ កាលពីពាក់កណ្តាលអាធ្រាត្រ ស្របទៅតាមកាលបបរិច្ឆេទនៃការបោះឆ្នោត។សប្តាហ៍ដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោត ត្រូវបានគេមើលឃើញថាចាប់ផ្តើមរង្គោះរង្គើ បន្ទាប់ពីការប្រកាសការបោះឆ្នោតរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak ក្នុងពេលមានភ្លៀងធ្លាក់ជោគជាំ ដោយអ្នកសង្កេតការណ៍ជាច្រើន បានចាត់ទុកភ្លៀងធ្លាក់នេះថាជាប្រផ្នូលមិនល្អ។លោក Sunak បានកំណត់ការបោះឆ្នោតនៅថ្ងៃទី ៤ខែកក្កដា ដូចដែលបានរំពឹងទុកយ៉ាងទូលំទូលាយ ជាអ្វីដែលអ្នកសង្កេតការណ៍ បាននិយាយថា ជាការប៉ុនប៉ងដើម្បីទទួលបានសន្ទុះឡើងវិញ ខណៈគណបក្សរបស់លោក ធ្លាក់ចុះនៅក្នុងការបោះឆ្នោតស្ទង់មតិ។បន្ទាប់ពីការប្រឆាំងរយៈពេល១៤ឆ្នាំមក គណបក្សការងារ បច្ចុប្បន្ននេះ មានឱកាសទទួលជ័យជម្នះឡើងកាន់អំណាច ជាមួយមេដឹកនាំរបស់ខ្លួន លោក ឃៀ ស្តាមឺ(Keir Starmer) ដែលជាអតីតមេធាវីសិទ្ធិមនុស្ស ជាអ្នកឡើងកាន់តំណែង។

ក្រសួងកសិកម្មគ្រោង នឹងធ្វើតេស្តរកសារធាតុញៀន ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល

2024/05/30 09:17:02 am        108
ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានចូលរួមស្តាប់បទបង្ហាញរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនទាក់ទងនឹងការធ្វើតេស្តរកសារធាតុញៀន នៅទីស្តីការក្រសួងកសិកម្ម។បន្ទាប់ពីបានស្តាប់បទបង្ហាញចប់សព្វគ្រប់ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យបង្កើតគណៈកម្មាការរៀបចំ និងគ្រប់គ្រងការងារធ្វើតេស្តរកសារធាតុញៀននេះ ដើម្បីសិក្សាឱ្យបានច្បាស់លាស់ពីនីតិវិធីការងារ ដើម្បីឈានទៅអនុវត្តបានត្រឹមត្រូវ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។សូមបញ្ជាក់ថា ការធ្វើតេស្តរហ័សរកសារធាតុញៀនសម្រាប់មន្ត្រីរាជការ ធ្វើឡើងតាមបទបញ្ជារបស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា លេខ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។គិតមកដល់ពេលនេះ ឃើញមានមន្រ្តីរាជការស៊ីវិលបានចាប់ផ្តើមធ្វើ​តេស្តរកសារធាតុញៀន​ជាបណ្តើរៗ ​ដើម្បីបញ្ជាក់ពីភាពស្អាតស្អំមិនប្រើប្រាស់គ្រឿងញៀន ឬមិនជាប់ពាក់ព័ន្ធ​នឹងគ្រឿងញៀន​ខុសច្បាប់៕អត្ថបទ ឈិត បូរ៉ាវី

ចៅក្រមអាមេរិក ក្នុងសំណុំរឿងលោក Trump បញ្ចប់ថ្ងៃដំបូងនៃការជំនុំជម្រះដោយគ្មានសាលក្រម

2024/05/30 09:08:46 am        92
ចៅក្រមនៅក្នុងការកាត់ក្តីនៃសំណុំរឿងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ចប់ថ្ងៃដំបូងរបស់ពួកគេនៃការជំនុំជម្រះបិទទ្វារកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយមិនបានឈានដល់សាលក្រម ដែលនឹងសម្រេចជោគវាសនារបស់អតីតប្រធានាធិបតីអាមេរិកតែមួយគត់ ដែលត្រូវបានចោទប្រកាន់ពីបទព្រហ្មទណ្ឌ។ចៅក្រមកាត់ក្ដីទាំង ១២ រូប និងចៅក្រមឆ្លាស់វេនចំនួន ៦ រូបទៀតត្រូវត្រលប់ទៅតុលាការក្រុងញូវយ៉ក (New York) វិញនៅព្រឹកនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីថ្លឹងថ្លែងភស្តុតាង និងសក្ខីកម្មសាក្សីដែលពួកគេបានឃើញ និងបានស្តាប់ក្នុងរយៈពេលប្រាំសប្តាហ៍នៃការកាត់ក្តីនេះ។ គេមិនទាន់ដឹងច្បាស់ទេថា តើពេលណាចៅក្រមអាចឈានដល់ការប្រកាសសាលក្រម។លោក ត្រាំ វ័យ ៧៧ ឆ្នាំត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ ដុល្លារនៅមុនការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ ដើម្បីបំបិទមាត់តារាភាពយន្តអាសអាភៀស នាង ស្តមមី ដានីញែលស៍ (Stormy Daniels) ដែលបានចោទប្រកាន់ថាពួកគេមានទំនាក់ទំនងផ្លូវភេទជាមួយគ្នា ប៉ុន្តែលោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោស ហើយបដិសេធទំនាក់ទំនងនោះ។ សាលក្រមណាមួយក្នុងបណ្ដឹងនេះទាមទារឱ្យមានការឯកភាពជាឯកច្ឆន្ទដោយចៅក្រមទាំង ១២ រូប។ ចៅក្រមនឹងប្រកាសពីដំណើរការកាត់ក្ដីដោយខុសឆ្គង ប្រសិនបើពួកគេមិនអាចដោះស្រាយភាពខ្វែងគំនិតរបស់ខ្លួនបាន៕

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហាខាងមុខនេះ

2024/05/30 09:01:00 am        151
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានប្រកាសចាប់ផ្ដើមបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន ខណៈព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្ដ និងផ្ដល់ឯករាជភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាតែម្ដង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីបានថ្លែងថា «កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើន​ចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង»។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថាឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណេះខ្មែរធ្វើបាន បើទោះពីជាគ្មាការ​ចូលរួម​វិនិយោគពីណាក៏ដោយក៏ខ្មែរអាចធ្វើបានដែរ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សា​យ៉ាងល្អិតល្អន់​ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមាន​តម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះអាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ ​និងសមុទ្រនោះទេ ប៉ុន្ដែព្រែកជីកនេះ​នឹងផ្ដល់ឯករាជភាពការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាវត្តិសាស្រ្ដ៕

ប្រមុខការពារជាតិអាមេរិក និងចិន នឹងជួបពិភាក្សាដ៏កម្រនៅសិង្ហបុរីនៅចុងសប្ដាហ៍នេះ

2024/05/30 08:44:47 am        105
ប្រមុខការពារជាតិអាមេរិក និងចិន គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ដ៏កម្រនៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដោយផ្តល់ក្តីសង្ឃឹមនៃការសន្ទនាផ្នែកយោធាបន្ថែមទៀតក្នុងគោលបំណងទប់ស្កាត់ការផ្ទុះជម្លោះដែលមិនអាចគ្រប់គ្រង។ កិច្ចប្រជុំដែលរំពឹងទុករវាងរដ្ឋមន្ត្រីការជាតិអាមេរិក លោក Lloyd Austin និងលោក ទុង ជុន (Dong Jun)របស់ចិននៅឯកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ក្នុងរយៈពេល១៨ ខែចុងក្រោយនេះ។ វេទិកាសន្តិសុខនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់ប្រមុខការពារជាតិមកពីជុំវិញពិភពលោក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាឧបករណ៍សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ជំនួបនៅឆ្នាំនេះ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ៣១ ឧសភា សប្ដាហ៍នេះ នឹងកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និងបានព្រមានពីសង្គ្រាមលើកោះនេះ។ ជម្លោះជុំវិញកោះតៃវ៉ាន់ គាំទ្រដោយប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក ដែលចិនបានប្ដេជ្ញាថានឹងនាំមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ធំបំផុតជាបន្តបន្ទាប់រវាងមហាអំណាចពិភពលោកទាំងពីរនេះ។ ទីក្រុងប៉េកាំង ក៏ខឹងសម្បារចំពោះទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ជាពិសេសជាមួយហ្វីលីពីន អំឡុងមានភាពតានតឹងខ្លាំងនៅសមុទ្រចិនខាងត្បូង៕

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

2024/05/30 08:36:53 am        172
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ។ ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះ ទេ។ សង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជា។ ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនស្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលនយោបាយត្រូវ នាំឱ្យកម្ពុ ជាបញ្ចប់សង្គ្រាម ៥០០ ឆ្នាំកន្លងមកនៅត្រឹមរយៈពេល ២ ឆ្នាំ(សម្ដេចតេជោដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៦ បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរ ច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយម ដែលមានការ ចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិ សាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង ត្រូវសង្ស័យថាបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់

2024/05/30 08:23:08 am        137
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១០ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិក ដែលបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។យោធាកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលសង្ស័យនោះ ត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្បែររដ្ឋធានីព្យុងយ៉ាង របស់ខ្លួននៅម៉ោង ៦:១៤ ព្រឹកនៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយបានហោះប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការប៉ុនប៉ងរបស់ខ្លួននៃការដាក់ផ្កាយរណបចារកម្មទីពីរចូលទៅក្នុងគន្លង នៅពេលដែលយានជំរុញដែលទើបនឹងបង្កើតថ្មីបានផ្ទុះនៅក្នុងការហោះហើរ។ បន្ទាប់ពីបរាជ័យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ។នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង មួយរូបបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ដែលថាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកគឺប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អ៊ុយក្រែន៖ រុស្ស៊ី ដាក់សម្ពាធលើប្រទេសនានាដើម្បីមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព

2024/05/30 08:19:18 am        151
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃពុធ (២៩ ឧសភា) ថា រុស្ស៊ី នៅតែព្យាយាមរំខានដល់ «កិច្ចប្រជុំកំពូលសន្តិភាព» ពិភពលោកនៅខែក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយជម្លោះជាមួយរុស្ស៊ី ហើយកំពុងដាក់សម្ពាធលើប្រទេសនានាឱ្យនៅឆ្ងាយពីការជួបជុំមួយនេះ។លោក ហ៊្សេឡិនស្គី ចង់ឱ្យកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅប្រទេសស្វីស បង្កើតបានជាលទ្ធផលដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី និងជំរុញ «រូបមន្តសន្តិភាព» របស់លោក ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់អ៊ុយក្រែន។នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា «បណ្ដាប្រទេស និងអង្គការអន្តរជាតិជិត ១០០» ឥឡូវនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង «កិច្ចខិតខំប្រឹងប្រែងជាសកលនេះ» ដើម្បីដោះស្រាយជម្លោះនេះ។ ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះរបស់កិច្ចប្រជុំកំពូលនេះ មិនបានអញ្ជើញរុស្ស៊ីទេ ហើយទីក្រុងមូស្គូ បានច្រានចោលព្រឹត្តិការណ៍នេះថាគ្មានន័យបើមិនមានវត្តមានរបស់ខ្លួន៕ វិមានក្រឹមឡាំង និយាយថា ខ្លួនបានរៀបចំដើម្បីចរចាលើការបញ្ចប់ជម្លោះ ហើយលើកឡើងថានោះជាកិច្ចពិភាក្សាចំណុចចាប់ផ្តើម ដែលបានធ្វើឡើងនៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមកាលឆ្នាំ២០២២ ដែលហាក់ដូចជាជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែក្រុមអ្នកចរចាអ៊ុយក្រែន នៅពេលនោះបានបដិសេធ៕

សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ខេត្តបាត់ដំបង

2024/05/29 03:05:19 pm        462
បាត់ដំបង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមាន៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីន​ថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាព​ភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការ​អភិរក្សការការពារភ្នំថ្មកំបោរ​ ក្រោមជំនួយ​ឧបត្ថម្ភ​ថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ​ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា បាន​បញ្ជាក់​ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ ​និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយ​អ្នកពាក់ព័ន្ធ ដែលបាន​ខិតខំ​ប្រឹងប្រែង​ការសិក្សាស្រាវជ្រាវ​ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ​ ដែលមានវត្តមាន នៅក្នុងតំបន់​អភិរក្សរបស់ប្រទេសកម្ពុជា ​ដើម្បីជាប្រយោជន៍​សម្រាប់ការអភិរក្ស ​និងសម្រាប់ការយល់ដឹងរបស់​សាធារណេជន ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅ​ប្រទេស​កម្ពុជា ​ត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេស​នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រាន​មានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។ ក្រសួងបរិស្ថាន នឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បី​អភិរក្សតំបន់​ការពារធម្មជាតិ​ ដែលធនធាន​ជីវៈចម្រុះកំពុង​មានចំនួនកើនឡើងនិងកំពុងរស់នៅ»។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមទៀតថា ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំ​យុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ក្នុងនោះ ១.ជំរុញការដាំឈើ​ឱ្យបាន​ច្រើន យ៉ាង​តិចចំនួន ១លានដើមក្នុង១ឆ្នាំ ចែកកូនឈើតាមរយៈយុទ្ធនាការ«ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទីសាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០% នៅឆ្នាំ២០៥០។២.ការពង្រឹងការអនុវត្តច្បាប់១០០% ព្រមទាំងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ៣ ជំរុញការចូលរួមពីសហគមន៍ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់​ជីវភាព​សហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ ​មានជីវភាពរីកចម្រើន មានជម្រើសពីការចូលព្រៃ មក​បង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍន៍​គោលដៅលំហែរបៃតង ​ដែលប្រជាសហគមន៍​អាចរកចំណូល​បានពីទេសចរណ៍ធម្មជាតិ ។សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន​ ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ​ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ​ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត
05/11/2026 09:05 PM
ការវាយប្រហារស្លាប់មនុស្សរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បង្ហាញពីភាពផុយស្រួយនៃបទឈប់បាញ់
05/11/2026 08:05 PM
ប្រធានាធិបតីអ៊ុយក្រែន៖ ទម្រង់នៃកិច្ចប្រជុំជាមួយលោក Putin ត្រូវបានពិភាក្សាជាមួយអាមេរិក
05/11/2026 08:05 PM
មីយ៉ាន់ម៉ាបង្ហាញភាពមិនសប្បាយចិត្ត អំពីការប្រព្រឹត្តិកាត់ផ្ដាច់ខ្លួនចេញពីប្លុក នៅក្នុងក្រុមអាស៊ាន
05/11/2026 08:05 PM
ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត
05/11/2026 08:05 PM
អ៊ីតាលី៖ គ្មានបេសកកម្មកំពុងដំណើរការ នៅច្រកសមុទ្រ Hormuz ទេ ទោះមានការចល័តកងទ័ពជើងទឹកក្ដី
05/11/2026 08:05 PM
កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន
05/11/2026 08:05 PM
ទាហានអ៊ីស្រាអែលវាយឆ្មក់ជំរំ Qalandia ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែងបណ្តាលឲ្យយុវជនម្នាក់ស្លាប់
05/11/2026 08:05 PM
កសិករបារាំងរងផលប៉ះពាល់ខ្លាំង ដោយសារវិបត្តិអ៊ីរ៉ង់ ខណៈតម្លៃជីកសិកម្មហក់ឡើងខ្ពស់
05/11/2026 08:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត ពិភាក្សាគ្នាអំពីដំណើរការការទូត រវាងអាមេរិក និងអ៊ីរ៉ង់
05/11/2026 08:05 PM