នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Zelenskiy ចោទចិន ថាជួយរុស្ស៊ី គាបប្រទេសដទៃមិនឱ្យចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន

2024/06/03 04:56:09 pm        125
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានចោទប្រកាន់ប្រទេសចិនកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថាបានជួយរុស្ស៊ី ក្នុងការរំខានដល់សន្និសីទសន្តិភាពដែលរៀបចំដោយប្រទេសស្វីស នាពេលខាងមុខស្តីពីសង្គ្រាមនៅអ៊ុយក្រែន។ ថ្លែងនៅក្នុងសន្និសីទសន្តិសុខកំពូលរបស់អាស៊ី លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រទេសចិន កំពុងដាក់សម្ពាធប្រទេសផ្សេងទៀត និងមេដឹកនាំរបស់ពួកគេមិនឱ្យចូលរួមកិច្ចពិភាក្សានាពេលខាងមុខ។ លោកបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅឯវេទិកាការពារជាតិ សាំងគ្រី-ឡា (Shangri-La) ក្នុងប្រទេសសិង្ហបុរី ថា «រុស្ស៊ី ប្រើប្រាស់ឥទ្ធិពលចិននៅក្នុងតំបន់ ដោយប្រើអ្នកការទូតចិនផងដែរឱ្យធ្វើអ្វីៗគ្រប់យ៉ាងដើម្បីរំខានដល់កិច្ចប្រជុំកំពូលសន្តិភាព»។ លោកបន្ថែមថា «នេះជារឿងអកុសល ដែលប្រទេសមហាអំណាចឯករាជ្យដ៏ធំមួយ ដូចជាប្រទេសចិន ព្រមធ្វើជាឧបករណ៍មួយនៅក្នុងដៃរបស់មេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន»។ប្រទេសចិន បានឈរលើអ្វីដែលខ្លួននិយាយថាជាជំហរអព្យាក្រឹតចំពោះសង្គ្រាម ដោយធ្វើឱ្យខ្លួនមានភាពតានតឹងជាមួយអ៊ុយក្រែន សហរដ្ឋអាមេរិក និងអឺរ៉ុបភាគច្រើន។ ប្រទេសស្វីស បានសង្ឃឹមថាចិន នឹងចូលរួមសន្និសីទសន្តិភាពនៅពាក់កណ្តាលខែមិថុនា ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង (Mao Ning) បានផ្តល់សញ្ញាកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថាចិនមិនទំនងជាចូលរួមនោះទេ។ ប្រទេសចិនបាននឹងកំពុងអំពាវនាវឱ្យមានសន្និសីទសន្តិភាពដោយមានការចូលរួមស្មើៗគ្នាពីគ្រប់ភាគីជម្លោះ រួមទាំងរុស្ស៊ី ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួមកិច្ចប្រជុំសន្តិភាពអ៊ុយក្រែននោះ៕

កូរ៉េខាងជើង និយាយថា ខ្លួននឹងផ្អាកការបញ្ជូនបាឡុងសំរាមចូលទៅកូរ៉េខាងត្បូង

2024/06/03 04:52:53 pm        254
ប្រទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ខ្លួននឹងបញ្ឈប់ការបញ្ជូនបាឡុងដែលដឹកសំរាមឆ្លងកាត់ព្រំដែនចូលទៅកាន់ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែបានប្តេជ្ញាថានឹងបន្តការអនុវត្តន៍នេះទៀត ប្រសិនបើខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង ត្រូវបានហោះចេញម្តងទៀតពីកូរ៉េខាងត្បូង។អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងជើង លោក គីម កាងអ៊ីល (Kim Kang Il) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលរាយការណ៍ដោយ KCNA ថា កូរ៉េខាងត្បូង មានបទពិសោធន៍ល្មមគ្រប់គ្រាន់ហើយថាតើវាជារឿងមិនសប្បាយចិត្តប៉ុណ្ណា ហើយត្រូវចំណាយពេលប៉ុន្មានដើម្បីប្រមូលសំរាម ក្រោយពីកូរ៉េខាងជើងបានបញ្ជូនសំរាម ១៥ តោនដោយប្រើបាឡុងចំនួន ៣.៥០០ គ្រឿង។កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងចាត់វិធានការ «ធ្ងន់ធ្ងរ» ប្រឆាំងនឹងកូរ៉េខាងជើង សម្រាប់ការបញ្ជូនបាឡុងសំរាមឆ្លងព្រំដែន ដែលអាចរាប់បញ្ចូលទាំងការបំផ្ទុះការឃោសនាពីឧបករណ៍បំពងសម្លេងដែលតម្រង់ទៅកាន់កូរ៉េខាងជើង។សេចក្តីប្រកាសពីការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នេះ បានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកស្តីពីការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងសេអ៊ូល បាននិយាយថាជាបាឡុងដឹកសំរាមជាង ៧០០ គ្រឿង ដែលទីក្រុងព្យុងយ៉ាង បានបញ្ជូនឆ្លងកាត់ព្រំដែនដើម្បីរំខានដល់អ្នកជិតខាងរបស់ខ្លួន។ ក្រុមប្រឹក្សានេះបានថ្កោលទោសបាឡុងសំរាម និងការកកស្ទះប្រព័ន្ធតាមដាន GPS ក្នុងពេលដំណាលគ្នាថាជា «ទង្វើបង្កហេតុដែលមិនសមហេតុផល»៕

UNRWA៖ តំបន់ហ្កាហ្សា ត្រូវការជំនួយស្បៀងអាហារឱ្យគ្រប់គ្រាន់ដើម្បីបញ្ចៀសទុរ្ភិក្ស

2024/06/03 04:20:36 pm        180
មន្ត្រីម្នាក់មកពីទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) នៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យ (០២ មិថុនា) ថា ប្រជាជននៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ ត្រូវការជំនួយស្បៀងអាហារយ៉ាងច្រើនដើម្បីគ្រប់គ្រាន់បញ្ចៀសគ្រោះទុរ្ភិក្ស។លោកស្រី អ៊ីណាស ហាមដាន (Inas Hamdan) មន្ត្រីព័ត៌មានសាធារណៈស្តីទីរបស់ទីភ្នាក់ងារជំនួយប៉ាឡេស្ទីន UNRWA នៅហ្កាហ្សា បាននិយាយនៅក្នុងបទសម្ភាសន៍ផ្ទាល់នៅទីក្រុងគែរ ជាមួយបណ្តាញទូរទស្សន៍រដ្ឋ អាល់កាហេរ៉ា (Al-Qahera) របស់ប្រទេសអេហ្ស៊ីប ថា «មិនមានកន្លែងសុវត្ថិភាពនៅក្នុងតំបន់នេះទេ ហើយវិបត្តិមនុស្សធម៌កាន់តែស្មុគស្មាញ និងធ្ងន់ធ្ងរ»។លោកស្រីបានបន្តថា មជ្ឈមណ្ឌលជម្រកនៅក្នុងទីក្រុងខាន់យូនីស (Khan Younis) ភាគខាងត្បូង និងកណ្តាលហ្កាហ្សា ពោរពេញទៅដោយជនភៀសខ្លួនប៉ាឡេស្ទីនពីទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងចុងខាងត្បូងនៃតំបន់នេះ ស្របពេលមានការវាយប្រហាររបស់អ៊ីស្រាអែល។ លោកស្រីបានបន្ថែមថាក្រុមការងាររបស់ទីភ្នាក់ងារ UNRWA កំពុងព្យាយាមផ្តល់សេវាសុខភាព និងចែកចាយការផ្គត់ផ្គង់ស្បៀងអាហារដល់ទីជម្រកដែលត្រូវការជំនួយអាហារក្នុងចំនួនច្រើនដើម្បីបញ្ចៀសគ្រោះទុរភិក្ស។យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនជាង ៣៦.៤០០ នាក់បានស្លាប់ និងជាង ៨២.៦០០ នាក់ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខដែលចេញផ្សាយដោយអាជ្ញាធរសុខាភិបាលហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែល បានបើកការវាយលុកទ្រង់ទ្រាយធំ បន្ទាប់ពីក្រុមហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើភាគខាងត្បូងរដ្ឋជ្វីហ្វមួយនេះមក៕

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ខ្លួនកំពុងវាយតម្លៃជម្រើសជំនួសការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា

2024/06/03 03:19:39 pm        188
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យ ទី ២ ខែមិថុនា ថាអ៊ីស្រាអែលនឹងមិនទទួលយកក្រុមហាម៉ាស ឲ្យបន្តគ្រប់គ្រងតំបន់ហ្កាហ្សាក្នុងដំណាក់កាលណាមួយក្នុងអំឡុងពេលដំណើរការបញ្ចប់សង្គ្រាមនោះទេ ហើយថាខ្លួនកំពុងពិនិត្យមើលជម្រើសជំនួសក្រុមអ៊ីស្លាមនេះ។លោក យ៉ាវ ហ្គាឡិន (Yoav Gallant) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខណៈយើងធ្វើសកម្មភាពយោធាដ៏សំខាន់របស់យើង ការបង្កើតផ្នែកការពារជាតិកំពុងវាយតម្លៃក្នុងពេលដំណាលគ្នានូវជម្រើសគ្រប់គ្រងសម្រាប់ក្រុមហាម៉ាស។ លោក Gallant បាននិយាយថា យើងនឹងដាក់តំបន់នានាដាច់ដោយឡែក នៅហ្កាហ្សា ដោយដកប្រតិបត្តិករហាម៉ាសចេញពីតំបន់ទាំងនេះ ហើយណែនាំកងកម្លាំងដែលនឹងអនុញ្ញាតឱ្យមានរដ្ឋាភិបាលជំនួសដើម្បីបង្កើតឡើងជាជម្រើសដែលគំរាមកំហែងដល់ក្រុមហាម៉ាស។ លោកពុំបានបញ្ជាក់លម្អិតអំពីជម្រើសដែលអាចធ្វើទៅបាននោះទេ។ក្រុមហាម៉ាសគាំទ្រដោយអ៊ីរ៉ង់ ដែលគុំកួននឹងការបំផ្លិចបំផ្លាញរបស់អ៊ីស្រាអែល បានគ្រប់គ្រងតំបន់ហ្កាហ្សាស្ទ្រីបចាប់តាំងពីឆ្នាំ ២០០៧ មួយឆ្នាំបន្ទាប់ពីខ្លួនបានឈ្នះការបោះឆ្នោតសភា និងបន្ទាប់ពីសង្គ្រាមស៊ីវិលរយៈពេលខ្លីជាមួយកងកម្លាំងសន្តិសុខពីអាជ្ញាធរប៉ាឡេស្ទីនដែលគាំទ្រដោយលោកខាងលិច។ ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានរាយការណ៍ថា គណៈរដ្ឋមន្ត្រីសង្គ្រាមរបស់អ៊ីស្រាអែល ដែលលោក Gallant ជាសមាជិក ត្រូវគេរំពឹងថានឹងជួបប្រជុំគ្នានៅថ្ងៃក្រោយ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានបង្ហាញកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយសម្រាប់ការរំសាយសង្គ្រាមនៅតំបន់ហ្កាហ្សា។ ក្រុមហាម៉ាស បានស្វាគមន៍ជាបណ្តោះអាសន្ននូវគំនិតផ្តួចផ្តើមនេះ ប៉ុន្តែមិនបានផ្តល់ការចង្អុលបង្ហាញថា ខ្លួនអាចចាកចេញ ឬដកហូតអាវុធដោយស្ម័គ្រចិត្តនោះទេ៕

ព្រឹទ្ធសភាកម្ពុជាសម្រេចបង្កើតមិត្តភាពព្រឹទ្ធសភា-រដ្ឋសភា ជាមួយប្រទេសចំនួន១១

2024/05/31 10:01:15 pm        207
ភ្នំពេញ៖ ព្រឹទ្ធសភាជាតិ បានសម្រេចបង្កើតនូវមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្ដាប្រទេសជាមិត្តចំនួន ១១ ដែលមានប្រទេសស្ថិតក្នុងសមាជិកអាស៊ាន ក្នុងតំបន់អាស៊ី និងអឺរ៉ុប ។យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភានេះ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំនេះ មានរបៀបវារៈមួយចំនួន ក្នុងនោះ ទី១. ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត, ទី២. ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការ ជាមួយអង្គការអន្តរសភា, ទី៣. ការពិនិត្យ និងសម្រេចអំពីការចាត់តាំង ក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា សម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំ នៃអង្គការអន្តរសភា និងទី៤. ផ្សេងៗ ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួច គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ទី១. បង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្តចំនួន ១១ប្រទេស រួមមាន ព្រឹទ្ធសភានៃសាធារណរដ្ឋបារាំង, សភាប្រឹក្សានយោបាយប្រជាជនចិន, រដ្ឋសភាតួកគី, ព្រឹទ្ធសភានៃព្រះរាជាណាចក្រថៃឡង់ដ៍, រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម, រដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី, ព្រឹទ្ធសភាជប៉ុន, រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ, ព្រឹទ្ធសភានៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន និងសភាសហព័ន្ធវ៉ាល់ឡូនី ព្រុចសែល ប៊ែលហ្ស៊ិក ។ទី២. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជា ដែលទទួលបន្ទុកសហ-ប្រតិបត្តិការជាមួយអង្គការអន្តរសភាចំនួន៥ រួមមាន សភាប្រើភាសាបារាំង (Assemblée Parlementaire de la Francophonie – APF), សហភាពអន្តរសភា (Inter-Parliamentary Union – IPU), វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Parliamentary Forum – APPF), សភាតំបន់អាស៊ី (Asian Parliamentary Assembly – APA) និងបណ្តាញសភានៃក្រុមប្រទេសចលនាមិនចូលបក្សសម្ព័ន្ធ (Non-Aligned Movement Parliamentary Network – NAM-PN) ។ទី៣. បង្កើតក្រុមសមាជិកព្រឹទ្ធសភាកម្ពុជាសម្រាប់ត្រៀមសហការ និងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភាចំនួន៤ រួមមាន អន្តរសភាអាស៊ាន (ASEAN Inter-Parliamentary Assembly – AIPA), កិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (Cambodia - Laos - Viet Nam (CLV) Parliamentary Summit), ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (Asia-Europe Parliamentary Partnership – ASEP) និងសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (International Parliament for Tolerance and Peace – IPTP) ៕អត្ថបទ បាន សុខរិទ្ធិ

ប្រទះឃើញវត្តមានកូនផ្សោតថ្មី១ក្បាល នៅក្នុងព្រែកត្នោត ខេត្តកំពត

2024/05/31 09:49:34 pm        284
កំពត៖ កូនសត្វផ្សោតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅព្រែកត្នោត ខេត្តកំពត ដែលជាកន្លែងមន្ត្រីរដ្ឋបាលជលផល ចុះធ្វើការសិក្សាពីសត្វផ្សោតជាប្រចាំ វាជាការដែលមិននឹកស្មានដល់ ព្រោះកូនផ្សោតនេះជាប្រភេទផ្សោតក្បាលត្រឡោក រីឯផ្សោតធំ គឺជាពូជសត្វផ្សោតឃ្លៀច ដែលនេះជាមានព័ត៌មានដ៏រំភើបមួយផងដែរ ។យោងតាមការចេញផ្សាយរបស់រដ្ឋបាលជលផល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះពិតជារឿងមិនធម្មតាទេ ព្រោះត្បិតតែប្រភេទសត្វទាំងពីរនេះ ចែករំលែកលក្ខណៈគ្នាខ្លះ ហើយជួនកាលអាចត្រូវបានឃើញ នៅក្នុងក្រុមចម្រុះគ្នាក៏ដោយ ទំនាក់ទំនងពួកគេភាគច្រើន​ដែលបានឃើញ​ ក្នុងអំឡុងពេលចុះសិក្សា គឺដោយសារតែប្រភពចំណីនៅក្នុងតំបន់តែមួយ មិនមែនដោយសារពួកគេស្វែងរកគ្នាទៅវិញទៅមក យ៉ាងសកម្មនោះទេ ។ប្រភពបានបន្តថា នៅពេលដែលរូបភាពនេះត្រូវបានថត សត្វផ្សោតក្បាលត្រឡោកធំ (សន្មត់ថាជាមេ) ក៏នៅជាមួយក្រុមនេះផងដែរ ហើយកូនផ្សោតនេះ មានលក្ខណៈរូបរាងទាំងអស់​របស់​កូនសត្វផ្សោតក្បាលត្រឡោក ដូច្នេះទោះបីជាការបង្កាត់ ត្រូវបានចងក្រងជាឯកសារកាលពី​អតីតកាល (វាពិតជាកម្រណាស់) ​មិនគិតថានេះជារឿងហ្នឹងទេ ហើយកំពុងបន្តតាមដាន ដើម្បីព្យាយាមរកឱ្យឃើញនូវអ្វី ដែលកំពុងកើតឡើង ប៉ុន្តែវាអាចជាករណីពីរ ។ចំពោះករណីទាំង២នោះ រួមមានទី១. ការចិញ្ចឹមកូនជំនួស (alloparenting) ពេលដែលការមើល​ថែរក្សា ត្រូវបានផ្ដល់ដោយអ្នកដែលមិនមែនជាមេ នេះអាចកើតឡើងនៅក្នុងប្រភេទពូជតែមួយ ឬពូជខុសគ្នា ហើយរឿងនេះត្រូវបានកត់ត្រាពីមុន ​នៅក្នុងប្រភេទសត្វទាំងនេះ ទោះបីជាវាកម្រ​ក៏ដោយ និងទី២. អាកប្បកិរិយាបែបហឹង្សាទាក់ទងនឹងការបន្ដពូជ ចំណុចនេះត្រូវបានចងក្រង​ជាឯកសារជាច្រើនដង រវាងប្រភេទសត្វទាំងនេះ ដែលជារឿយៗ​ពាក់ព័ន្ធនឹងក្រុម​សត្វផ្សោត​ឃ្លៀចឈ្មោល​ព្យាយាមបំបែកមេនិងកូនចេញពីគ្នា ។រដ្ឋបាលជលផល បានបន្ថែមថា រហូតមកដល់ពេលនេះ មិនទាន់ច្បាស់ថា ករណីមួយណាជា​ការពិតនោះទេ ប៉ុន្តែកំពុងបន្តតាមដាន​ ហើយកូនផ្សោតនេះត្រូវបានគេឃើញជាច្រើនដង ដោយ​សនិដ្ឋានថា វាត្រូវបានមេជាអ្នកបំបៅ ហើយអាចកំណត់អត្តសញ្ញាណសត្វផ្សោតដែលជាប់ពាក់ព័ន្ធ តាមរយៈលេខសម្គាល់រូបថត ​ទោះបីជាមិនអាចកំណត់ភេទ ​ក្រៅពីការប្រស្រ័យទាក់ទងរបស់ពួកគេ (ឧទាហរណ៍៖ សត្វផ្សោតដែលតែងតែមានកូននៅជាមួយ ​សន្មត់ថា ជាញី និងជាមេ) នឹងកំពុងតាមដាន​សត្វផ្សោតទាំងនេះម្ដងទៀត ៕អត្ថបទ បាន សុខរិទ្ធិ

តើលោក Trump អាចប្រឈមនឹងការជាប់ពន្ធនាគារសម្រាប់សាលក្រមក្នុងក្ដីប្រាក់បំបិទមាត់ ឬទេ?

2024/05/31 09:12:23 pm        131
បន្ទាប់ពីគណៈវិនិច្ឆ័យនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌរបស់លោក ដូណាល់ ត្រាំ (Donald Trump) បានធ្វើការសម្រេចចិត្តជាប្រវត្តិសាស្ត្រក្នុងការផ្តន្ទាទោសដល់អតីតប្រធានាធិបតីរូបនេះ ក្រុមចៅក្រមដែលត្រួតពិនិត្យករណីនេះនឹងត្រូវប្រឈមមុខនឹងជម្រើសដ៏ធំធេងមួយក្នុងពេលឆាប់ៗនេះ គឺថាតើត្រូវកាត់ទោសបេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋឆ្នាំ២០២៤ រូបនេះឱ្យជាប់ពន្ធនាគារដែរឬទេ។ក្រោយពីគណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបកាលពីថ្ងៃព្រហស្បតិ៍ បានចេញសាលក្រមរបស់ខ្លួនដែលបានរកឃើញថាលោក ត្រាំ មានទោសលើការចោទប្រកាន់ចំនួន ៣៤ ករណីនៃការក្លែងបន្លំកំណត់ត្រាអាជីវកម្មដែលលោកបានប្រឈម ចៅក្រម វ័ន មើឆាន (Juan Merchan) បានកំណត់ការកាត់ទោសនៅថ្ងៃទី១១ ខែកក្កដា។ការជាប់ពន្ធនាគារគឺកម្រណាស់សម្រាប់អ្នកដែលត្រូវបានកាត់ទោសក្នុងរដ្ឋញូវយ៉ក (New York) ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ដោយនោះជាការចោទប្រកាន់ដែលអ្នកជំនួញប្រែក្លាយជាអ្នកនយោបាយ លោក ត្រាំ ត្រូវប្រឈមមុខក្នុងការកាត់ទោសប្រាំមួយសប្តាហ៍របស់ខ្លួន។ ប៉ុន្តែអ្នកជំនាញផ្នែកច្បាប់បាននិយាយថា លទ្ធភាពនៃការកាត់ទោសគឺស្ថិតលើការសម្រេចរបស់ចៅក្រម មើឆាន ឱ្យសមស្របនៅក្នុងការកាត់ក្តីព្រហ្មទណ្ឌលើកដំបូងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកពីមុន ឬបច្ចុប្បន្ន។ទោសអតិបរមាសម្រាប់ការក្លែងបន្លំឯកសារអាជីវកម្មគឺជាប់ពន្ធនាគារ ៤ ឆ្នាំ ហើយអ្នកជំនាញផ្នែកច្បាប់ចំនួនប្រាំមួយរូប រួមទាំងមេធាវីការពារក្តី និងអតីតរដ្ឋអាជ្ញា បានប្រាប់សារព័ត៌មានរ៉យទ័រថា ការកាត់ទោសបែបនេះអាចទៅរួច ប៉ុន្តែបានព្រមានថាវាលឿនពេកក្នុងការទស្សន៍ទាយថាតើការដាក់ទោសទណ្ឌបែបណាដែលលោក ត្រាំ អាចនឹងប្រឈម៕

អ៊ីរ៉ង់ ចុះឈ្មោះបេក្ខជនប្រធានាធិបតី សម្រាប់ការបោះឆ្នោត បន្ទាប់ពីការស្លាប់របស់លោក Raisi

2024/05/31 09:08:33 pm        136
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីរ៉ង់ លោក អាម៉ាដ វ៉ាហ៊ីឌី (Ahmad Vahidi) បានប្រាប់ទូរទស្សន៍រដ្ឋថា ប្រទេសអ៊ីរ៉ង់កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បានចាប់ផ្តើមចុះឈ្មោះបេក្ខជនសម្រាប់ការបោះឆ្នោតមុនកំណត់នៅខែក្រោយ បន្ទាប់ពីការស្លាប់របស់លោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ក្នុងឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រ។ដោយធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាអ្នកសម្រេចការចុងក្រោយរបស់អ៊ីរ៉ង់ ការស្លាប់ភ្លាមៗរបស់លោក រ៉ាស៊ី បានបង្កឱ្យមានការកួតប្រជែងក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹង ដើម្បីមានឥទ្ធិពលលើការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។បន្ទាប់ពីរយៈពេលចុះឈ្មោះប្រាំថ្ងៃ ក្រុមប្រឹក្សាអាណាព្យាបាល ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់នឹងត្រួតពិនិត្យបេក្ខជនឈរឈ្មោះជាប្រធានាធិបតី។ អ្នកនយោបាយប្រឆាំងជាច្រើនបានចោទប្រកាន់ក្រុមប្រឹក្សាអាណាព្យាបាល ដែលមានសមាជិក ១២ រូបនេះថា បានដកសិទ្ធិគូប្រជែងរបស់ក្រុមអ្នកប្រកាន់ជំហរតឹង ដែលត្រូវបានគេរំពឹងថានឹងគ្រប់គ្រងការប្រជែងតំណែងប្រធានាធិបតីនាពេលខាងមុខនេះ។អ្នកផ្ទៃក្នុងបាននិយាយថា ការចុះឈ្មោះបេក្ខជននោះអាចរួមបញ្ចូល លោក ផាវីស ហ្វាតតាស (Parviz Fattah) អតីតសមាជិកកងអង្គរក្ស និងលោក សៃអ៊ីត ចាលីលី (Saeed Jalili) អតីតប្រធានអ្នកចរចានុយក្លេអ៊ែរ។ ប្រធានាធិបតីបណ្តោះអាសន្ន លោក ម៉ូហាម៉េដ ម៉ូកប៊ឺ (Mohammad Mokhber) និងអតីតប្រធានសភា និងជាទីប្រឹក្សាលោក ខាមីណេ គឺលោក អាលី ឡារីចានី (Ali Larijani) ក៏ត្រូវគេបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ថាអាចឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដែរ៕

ប្រព័ន្ធផ្សព្វផ្សាយ៖ ចិន មានវិធានការតបតថែមទៀត បើអាមេរិក បង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ខ្លួន

2024/05/31 09:05:17 pm        235
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសចិន មានវិធានការតបតដ៏ខ្លាំងក្លាបន្ថែមទៀត ប្រសិនបើសហរដ្ឋអាមេរិក នៅតែបន្តបំពាន និងបង្កគ្រោះថ្នាក់ដល់អធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ប្រទេសនេះលើបញ្ហាស្នូល ឬដាក់សម្ពាធលើការអភិវឌ្ឍន៍របស់ក្រុមហ៊ុនចិន។ការលើកឡើងនេះបានមកពីការបង្ហោះរបស់គណនីផ្សព្វផ្សាយសង្គម យូយ័ន ថានធាន (Yuyuan Tantian) របស់ទូរទស្សន៍រដ្ឋចិន CCTV ដែលបានដកស្រង់ប្រភពរដ្ឋាភិបាលលើគោលនយោបាយការបរទេស។សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានចោទប្រកាន់ថ្នាក់ដឹកនាំរបស់ប្រទេសចិន ថាបានគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយបានព្រមានថាទីក្រុងប៉េកាំង អាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មបន្ថែមទៀតជាការឆ្លើយតបពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូ ផ្សេងទៀត។ទំនាក់ទំនងសហរដ្ឋអាមេរិក និងចិន មានភាពតានតឹងយ៉ាងខ្លាំង បន្ទាប់ពីឧប្បត្តិហេតុ «បាឡុងចារកម្ម» និងកំណើនភាពតានតឹងជុំវិញកោះតៃវ៉ាន់ រួមជាមួយនឹងការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក នៅក្នុងសមុទ្រចិនខាងត្បូង ហើយបញ្ហាដំឡើងពន្ធ ដែលកំពុងធ្វើឱ្យទំនាក់ទំនងកាន់តែជូរចត់។ ប៉ុន្តែប្រធានាធិបតីនៃប្រទេសទាំងពីរ បានស្វះស្វែងរកការកសាងឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជាសសរស្តម្ភសម្រាប់គ្រប់គ្រងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនេះ៕

អ្នកគាំទ្រនៅអាមេរិករបស់លោក Trump អំពាវនាវឱ្យមានកុបកម្ម និងហិង្សា បន្ទាប់ពីសាលក្រម

2024/05/31 08:55:13 pm        131
ក្រុមអ្នកគាំទ្រអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលខឹងសម្បារចំពោះការផ្តន្ទាទោសរបស់លោកលើបទព្រហ្មទណ្ឌចំនួន ៣៤ ករណីដោយគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក (New York) បាននាំគ្នាបញ្ចេញមតិតាមគេហទំព័រអនឡាញដែលគាំទ្រ ត្រាំ ជាមួយនឹងការអំពាវនាវឱ្យមានកុប្បកម្ម បដិវត្តន៍ និងការសងសឹកដោយហិង្សា។បន្ទាប់ពីលោក ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ អ្នកគាំទ្ររបស់លោកបានឆ្លើយតបជាមួយនឹងការបង្ហោះតាមអ៊ីនធឺណែតដ៏ឃោរឃៅជាច្រើន នេះបើយោងតាមការពិនិត្យឡើងវិញរបស់សារព័ត៌មានរ៉យទ័រ លើការអត្ថាធិប្បាយនៅលើគេហទំព័រចំនួនបី ដែលគាំទ្រលោក ត្រាំ គឺវេទិកាសង្គម ទ្រូស សូសល (Truth Social) របស់អតីតប្រធានាធិបតីរូបនេះ គេហទំព័រ ផាទ្រីយ៉ូត ដត វីន (Patriots.Win) និងគេហទំព័រ ហ្គេតវ៉េ ផុនឌីត (Gateway Pundit)។អ្នកខ្លះបានអំពាវនាវឱ្យមានការវាយប្រហារលើចៅក្រម ការកាត់ទោសស្លាប់លើចៅក្រម វ័ន មើឆាន (Juan Merchan) ឬបង្កសង្គ្រាមស៊ីវិល និងការបះបោរប្រដាប់អាវុធ។ នៅក្នុងការបង្ហោះមួយ អ្នកគាំទ្របានស្នើឱ្យមានការបាញ់ប្រហារបន្ទាប់ពីសាលក្រមនេះ។ ការគំរាមកំហែងនៃអំពើហិង្សា និងវោហាសាស្ត្របំភិតបំភ័យបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីលោក ត្រាំ ចាញ់ការបោះឆ្នោតឆ្នាំ២០២០ ហើយបានអះអាងថាការបោះឆ្នោតនោះមានការក្លែងបន្លំ។ នៅពេលធ្វើយុទ្ធនាការសម្រាប់អាណត្តិទីពីរនៅសេតវិមាន លោក ត្រាំ បានចោទចៅក្រម និងរដ្ឋអាជ្ញានៅក្នុងការកាត់ក្តីរបស់ខ្លួនថា ជាឧបករណ៍ពុករលួយរបស់រដ្ឋបាលលោក ចូ បៃដិន (Joe Biden) ដែលមានចេតនាបំផ្លាញតំណែងសេតវិមានរបស់លោក។ ក្រុមអ្នកស្មោះត្រង់របស់លោក ត្រាំ បានឆ្លើយតបលើការធ្វើទុក្ខបុកម្នេញនយោបាយនេះ ជាមួយនឹងយុទ្ធនាការនៃការគំរាមកំហែង និងការបំភិតបំភ័យ ដែលផ្តោតលើចៅក្រម និងមន្ត្រីតុលាការ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM