នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន
តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ប្រទេសចិន អាចរៀបចំសន្និសីទសន្តិភាពរវាងរុស្ស៊ី-អ៊ុយក្រែន

2024/05/30 09:04:06 pm        180
ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្កេ ឡាវរ៉ូវ (Sergei Lavrov) នៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន អាចរៀបចំសន្និសីទសន្តិភាពមួយ ដែលរុស្ស៊ី និងអ៊ុយក្រែន នឹងចូលរួម ហើយថា ទង្វើបែបនេះនឹងជាការបន្តកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។លោក ឡាវរ៉ូវ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាននេះថា «យើងចែករំលែកជំហររបស់ប្រទេសចិន ដែលថាមូលហេតុឫសគល់នៃជម្លោះចាំបាច់ត្រូវដោះស្រាយជាដំបូង ហើយផលប្រយោជន៍ផ្លូវច្បាប់របស់ភាគីទាំងអស់ត្រូវតែការពារ ជាមួយនឹងកិច្ចព្រមព្រៀងជាបន្តបន្ទាប់ដោយផ្អែកលើគោលការណ៍នៃសន្តិសុខស្មើគ្នា និងមិនអាចបំបែកបាន»។រុស្ស៊ី បានអំពាវនាវម្តងហើយម្តងទៀតឱ្យមានកិច្ចចរចាដោយមានលក្ខខណ្ឌជាមុនមួយ ដោយឱ្យទីក្រុងគីវ និងលោកខាងលិច ទទួលស្គាល់ទឹកដីដែលខ្លួនដណ្ដើមបាននៅអ៊ុយក្រែន ប៉ុន្តែទីក្រុងគីវ បានច្រានចោលសំណើទាំងនោះ។ លោក ឡាវរ៉ូវ បានរិះគន់សហរដ្ឋអាមេរិក ចំពោះការជួយអ៊ុយក្រែន ដោយនិយាយថាទីក្រុងវ៉ាស៊ីនតោន បានក្លាយជា «អ្នកសមគំនិតក្នុងឧក្រិដ្ឋកម្មនៃរបបទីក្រុងគីវ»។អ៊ុយក្រែន សង្ឃឹមថានឹងទទួលបណ្ដាប្រទេសឱ្យបានច្រើនតាមតែអាចធ្វើទៅបាននៅកិច្ចប្រជុំកំពូលសន្តិភាព ដែលរៀបចំដោយទីក្រុងគីវ ក្នុងប្រទេសស្វីស នៅខែក្រោយនេះ ក្នុងការប៉ុនប៉ងបង្រួបបង្រួមមតិស្តីពីវិធីបញ្ឈប់សង្រ្គាម និងដាក់សម្ពាធលើរុស្ស៊ី ដែលបានដណ្តើមកាន់កាប់ស្ទើរតែមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។ ទីក្រុងវ៉ាស៊ីនតោន បានផ្តល់សញ្ញាគាំទ្រ ប៉ុន្តែមិនបាននិយាយថាតើលោកប្រធានាធិបតី ចូ បៃដិន នឹងចូលរួម ឬយ៉ាងណានោះទេ៕

កោះតៃវ៉ាន់៖ ចិន កំពុងលុបបំបាត់ដែនអាកាសតៃវ៉ាន់ ខណៈព្យាយាមធ្វើឱ្យសមយុទ្ធក្លាយជារឿងធម្មតា

2024/05/30 08:57:49 pm        158
ប្រមុខការបរទេសរបស់កោះតៃវ៉ាន់ លោក លីន ជែរឡុង (Lin Chia-lung) បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះថា ប្រទេសចិន កំពុងព្យាយាម «លុបបំបាត់ដោយសន្សឹមៗ» នូវដែនអាកាសរបស់កោះតៃវ៉ាន់ និងបង្កើតភាពធម្មតាថ្មីមួយជាមួយនឹងសមយុទ្ធយោធារបស់ខ្លួន និងសកម្មភាពផ្សេងទៀត ដើម្បីដាក់សម្ពាធលើកោះនេះ ដែលជាបញ្ហាសម្រាប់ការព្រួយបារម្ភជាសកល។ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួន បានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃជុំវិញកោះនេះកាលពីសប្តាហ៍មុន ភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់មេដឹកនាំតៃវ៉ាន់ថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។ខណៈពេលដែលសមយុទ្ធទាំងនោះបានបញ្ចប់ជាផ្លូវការ សកម្មភាពយោធារបស់ចិនមិនបានបញ្ឈប់នោះទេ ដោយកោះតៃវ៉ាន់ បានរាយការណ៍ថាកាលពីថ្ងៃពុធថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិនបានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា»។ ការិយាល័យកិច្ចការកោះតៃវ៉ាន់ របស់ប្រទេសចិន នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃរបស់ខ្លួនកាលពីថ្ងៃពុធ បានរំលឹកឡើងវិញនូវការរិះគន់របស់ខ្លួនអំពីលោក ឡៃ ជាអ្នកគាំទ្រដ៏គ្រោះថ្នាក់នៃឯករាជ្យភាពផ្លូវការរបស់តៃវ៉ាន់ និងបានគំរាមកំហែងបន្តសកម្មភាពយោធា៕

លោក ប៊្លីនខិន អះអាងថា ការបញ្ជូនសព្វាវុធរបស់អាមេរិកទៅអ៊ុយក្រែន ជួយរក្សាស្ថិរភាព នៅជួរមុខ

2024/05/30 08:41:23 pm        167
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អង់តូនី ប្ល៊ីនខិន (Antony Blinken) បាននិយាយកាលពីថ្ងៃពុធថា ការបញ្ជូនអាវុធរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ុយក្រែន កំពុងជួយឲ្យមានស្ថិរភាពនៅសមរភូមិជួរ មុខ ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន កំពុងប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីផ្តល់ការការពារដែនអាកាសបន្ថែមទៀត ដល់អ៊ុយក្រែន។ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅរដ្ឋធានីឃីស៊ីណាវ ( Chisinau)របស់ប្រទេសម៉ុលដាវី លោក ប៊ីលនខិន បាននិយាយថា ការគាំទ្រសម្រាប់អ៊ុយក្រែន ប្រាប់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន យ៉ាងច្បាស់ថា លោកមិនអាចយកឈ្នះអ៊ុយក្រែនបានទេ។ប្រមុខការទូតសហរដ្ឋអាមេរិករូបនេះ បានទៅដល់ទីក្រុងឃីស៊ីណាវ កាលពីព្រឹកថ្ងៃពុធ ជាទីដែលឈប់ដំបូងក្នុងដំណើររយៈពេលខ្លីនៅអឺរ៉ុប ក្នុងគោលបំណងពង្រឹងការគាំទ្ររបស់លោកខាងលិចសម្រាប់អ៊ុយក្រែន នៅទូទាំងសម្ព័ន្ធមិត្តណាតូ និងប្រទេសជិតខាង។ប្រទេសអ៊ុយក្រែន បាននិងកំពុងព្យាយាមទប់ទល់នឹងការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ី នៅភាគខាងកើត ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ការអនុញ្ញាតឲ្យទីក្រុងគីវ ប្រើអាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅខាងក្នុងរុស្ស៊ី អាចបង្កឲ្យមានជម្លោះជាសកល។លោក ប្ល៊ីនខិន បាននិយាយថា រុស្ស៊ីបានទាញយកប្រយោជន៍ពីការពន្យារពេល ក្នុងការបញ្ជូនកញ្ចប់សព្វាវុធចំនួន ៦១ ពាន់លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន ប៉ុន្តែបានបញ្ជាក់ថា សព្វាវុធឥឡូវនេះ កំពុងស្វែងរកផ្លូវរបស់ពួកវា ទៅកាន់សមរភូមិ និងធ្វើឲ្យមានការផ្លាស់ប្តូរជាក់ជាមិនខាន។

លោកស្រី Galvez សង្ឃឹមក្លាយជាប្រធានាធិបតីម៉ិកស៊ិក បញ្ចប់យុទ្ធនាការមុនការបោះឆ្នោតនៅថ្ងៃអាទិត្យ

2024/05/30 06:47:00 pm        145
បេក្ខជនប្រធានាធិបតីរបស់ប្រទេសម៉ិកស៊ិក សម្រាប់ក្រុមចម្រុះគណបក្សប្រឆាំងទាំងស្តាំនិងឆ្វេងនិយម លោកស្រី សូជីល ហ្គាលវ៉េស(Xochitl Galvez) បានបញ្ចប់យុទ្ធនាការរបស់លោកស្រី ជាផ្លូវការ កាលពីថ្ងៃពុធ ដោយប្តេជ្ញាប្រយុទ្ធប្រឆាំង ភាពអសន្តិសុខ នៅក្នុងប្រទេស។លោកស្រី Galvez បានបិទយុទ្ធនាការរបស់លោកស្រី នៅក្នុងទីក្រុង Monterrey ជាទីក្រុងមួយនៅក្នុងដែនដីបេះដូងនៃឧស្សាហកម្មភាគនៅខាងជើងប្រទេសម៉ិកស៊ិក ជាច្រើនថ្ងៃបន្ទាប់ពីលោកស្រី បានដឹកនាំការប្រមូលផ្តុំដ៏ធំ នៅក្នុងរដ្ឋធានី។អតីតសមាជិកព្រឹទ្ធសភា និងអ្នកជំនួញស្រ្តីវ័យ៦១ឆ្នាំរូបនេះ បានសន្យាថានឹងធ្វើឲ្យប្រសើរ និងពង្រីកកម្មវិធីសង្គម ព្រមទាំងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងអំពើហឹង្សារាលដាល ដោយបោសសម្អាតឧក្រិដ្ឋកម្មរៀបចំទុក នៅក្នុងប្រទេសមានមនុស្សឃាតច្រើនដែលបានឈានដល់កំណត់ត្រាខ្ពស់ ១៨៥.០០០ករណី នៅក្នុងអាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador ។បេក្ខជនណាក៏ដោយ ដែលទទួលជ័យជម្នះ នឹងប្រឈមមុខទៅនឹងបញ្ហាជាច្រើន រួមមានទាំងនិទណ្ឌភាពដែលគ្រប់គ្រងមិនបាន ក្នុងពេលមានអត្រាឃាតកម្មខ្ពស់ និងការចាប់ជំរិត កំណើនសេដ្ឋកិច្ចទាប និងសំណួរជុំវិញគោលនយោបាយថាមពល នៅពេលអនាគត។

របាយការណ៍៖ មនុស្សជាង ៧៤ លាននាក់ ប្រឈមអសន្តិសុខស្បៀងនៅតំបន់ញកអាហ្រ្វិក

2024/05/30 06:43:25 pm        122
យោងតាមរបាយការណ៍ចេញផ្សាយកាលពីថ្ងៃពុធ (២៩ ឧសភា) ដោយអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអាជ្ញាធរអន្តររដ្ឋាភិបាលស្តីពីការអភិវឌ្ឍន៍ (IGAD) ដែលជាប្លុកនៅអាហ្វ្រិកខាងកើត បានឱ្យដឹងថា ប្រជាជនប្រហែល ៧៤,៩ លាននាក់នៅក្នុងតំបន់ញកអាហ្រ្វិកដ៏ធំល្វឹងល្វើយ កំពុងប្រឈមនឹងបញ្ហាអសន្តិសុខស្បៀងយ៉ាងខ្លាំង និងត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់។ស្ថាប័នទាំងពីរនេះបាននិយាយថា ក្នុងចំណោមតួលេខនោះ មានមនុស្សចំនួន ៤៦,៨ លាននាក់មកពីប្រទេសចំនួនប្រាំពីរក្នុងចំណោមរដ្ឋសមាជិកនៃប្លុកអាជ្ញាធរអន្តររដ្ឋាភិបាល IGAD ដូចជា ជីប៊ូទី កេនយ៉ា សូម៉ាលី ស៊ូដង់ខាងត្បូង តង់ហ្សានី សូដង់ និងអ៊ូហ្កង់ដា។ ដែលនៅសល់គឺនៅប្រទេសប៊ូរុនឌី សាធារណរដ្ឋអាហ្វ្រិកកណ្តាល (CAR) និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC)។របាយការណ៍នេះបានសង្កេតឃើញថា ស្ថានភាពអាហារូបត្ថម្ភនៅទូទាំងតំបន់នៅតែគួរឱ្យព្រួយបារម្ភ ដែលភាគច្រើនបណ្តាលមកពីជម្លោះ ការផ្លាស់ទីលំនៅ អសន្តិសុខស្បៀង ជំងឺឆ្លង ទឹកមិនស្អាត និងលក្ខខណ្ឌអនាម័យមិនសមស្រប។របាយការណ៍នោះបានបន្ថែមថា ក្រៅពីវិបត្តិស្បៀងអាហារ តំបន់ញកអាហ្រ្វិកនេះក៏កំពុងប្រឈមមុខនឹងការផ្ទុះឡើងជំងឺជាច្រើនផងដែរ ដោយសារលក្ខខណ្ឌសើមជាងធម្មតា ដែលត្រូវបានសង្កេតឃើញលើផ្នែកភាគច្រើននៃតំបន់ ដោយបង្កើនហានិភ័យនៃជំងឺដែលឆ្លងតាមរយៈទឹក ដោយសារតែគ្រោះទឹកជំនន់៕

ប្រធានាធិបតី អ៊ុយក្រែន ធ្វើទស្សនកិច្ចទៅកាន់រដ្ឋសមាជិកអឺរ៉ុបចំនួនបី សម្រាប់កិច្ចព្រមព្រៀងសន្តិសុខ

2024/05/30 06:40:33 pm        146
ប្រទេសស៊ុយអែត បានប្រកាសផ្តល់ជំនួយយោធាបន្ថែមទៀតសម្រាប់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បានធ្វើដំណើរទៅកាន់ប្រទេសសមាជិកសហភាពអឺរ៉ុបចំនួនបី ដើម្បីបង្កើនការគាំទ្រសម្រាប់ការប្រយុទ្ធប្រឆាំងរុស្ស៊ី។ ប្រទេសស៊ុយអែត កាលពីថ្ងៃពុធ បានប្រកាសកញ្ចប់ថវិកាចំនួន ១,១៦ពាន់លានអឺរ៉ូ ឬប្រហែល ១,២៥ ពាន់លានដុល្លារ ដើម្បីជួយបង្កើនសមត្ថភាពការពារដែនអាកាសរបស់អ៊ុយក្រែន។ ចំនួនទឹកប្រាក់នេះ គឺជាការរួមចំណែកច្រើនបំផុត មិនធ្លាប់មានរបស់ប្រទេសស៊ុយអែត ដល់ប្រទេសអ៊ុយក្រែន។លោក Zelenskyy បានបញ្ជាក់ថា កញ្ចប់ជំនួយ ដែលរួមមានយន្តហោះឈ្លបយកការណ៍របស់កងទ័ពអាកាស និងយន្តយោះត្រួតពិនិត្យ នឹងមិនត្រឹមតែជួយសង្គ្រោះអាយុជីវិតរបស់អ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយធានាបានសន្តិភាពនិងសន្តិសុខរយៈពេលវែង នៅទ្វីបអឺរ៉ុបផងដែរ។លោក Zelenskyy បានស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេស្ប៉ាញ និងបែលហ្ស៊ិក។ លោកបានបញ្ជាក់ពីភាពជោគជ័យនៃដំណើរទស្សនកិច្ចរបស់លោក ក្នុងអំឡុងពេលដែលលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគី។អ៊ុយក្រែន បាននឹងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត នៅមុនកិច្ចប្រជុំកំពូលក្រុមប្រទេសG7នៅប្រទេសអ៊ីតាលី នៅពាក់កណ្តាលខែមិថុនា និងសន្និសីទអន្តរជាតិដើម្បីសន្តិភាពនៅអ៊ុយក្រែនដែលស្នើឡើងដោយលោក Zelenskyy ដែលគ្រោងនឹងធ្វើនៅប្រទេសស្វីស។ទន្ទឹមនឹងនេះ រុស្ស៊ីបានចាប់ផ្តើមសមយុទ្ធកាលពីសប្តាហ៍មុន ដោយក្លែងប្រដូចការពិតដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរតាកទិក។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា អ្នកតំណាងប្រទេសសមាជិកសម្ព័ន្ធយោធាណាតូ ជាពិសេសប្រទេសតូចៗនៅអឺរ៉ុប គួរតែដឹងពីអ្វីដែលពួកគេកំពុងលេងជាមួយ។

ការរាប់សន្លឹកឆ្នោតចាប់ផ្តើមនៅអាហ្រ្វិកខាងត្បូង ខណៈអ្នកបោះឆ្នោតស្វែងរកការផ្លាស់ប្តូរមេដឹកនាំ

2024/05/30 06:35:27 pm        94
ការិយាល័យបោះឆ្នោត បានបិទនៅទូទាំងប្រទេសអាហ្រ្វិកខាងត្បូង កាលពីថ្ងៃពុធ បន្ទាប់ពីរយៈពេលមួយថ្ងៃនៃការតម្រង់ជួរដ៏វែង ខណៈអ្នកបោះឆ្នោតសម្រាប់ការបោះឆ្នោតដ៏សំខាន់ អាចមើលឃើញគណបក្ស African National Congress (ANC) ចាញ់សំឡេងភាគច្រើន បន្ទាប់ពីកាន់អំណាចរយៈពេល៣០ឆ្នាំ។អ្នកបោះឆ្នោតចុងក្រោយ បានបោះឆ្នោតដែលនឹងកំណត់ផ្លូវសម្រាប់សេដ្ឋកិច្ចដែលមានឧស្សាហកម្មរីកលូតលាស់បំផុតនៅទ្វីបអាហ្រ្វិក បន្ទាប់ពីរយៈពេលមួយទសវត្សរ៍ នៃភាពមិនរីកចម្រើន និងរឿងអាស្រូវពុករលួយ ដែលបានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់គណបក្ស African National Congress (ANC) ដែលកាលពីពេលមុនដឹកនាំ ដោយលោក Nelson Mandela។ ប្រសិនបើគណបក្ស African National Congress (ANC) បរាជ័យក្នុងការទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតជាតិ វាទំនងជាត្រូវការបង្កើតរដ្ឋាភិបាលចម្រុះ។គណបក្ស African National Congress (ANC) បានប្រឈមមុខទៅនឹងការខឹងសម្បារ ចំពោះសេវាសាធារណៈដែលមិនល្អប្រសើរ ការដាច់ចរន្តអគ្គិសនី អំពើពុករលួយដ៏ច្រើនលើសលប់ និងអត្រាគ្មានការងារធ្វើលើសពី៣០ភាគរយ ដែលបានធ្វើឱ្យមនុស្សរាប់លាននាក់ជាប់ក្នុងភាពក្រីក្រ រយៈពេលជិតបីទសវត្សរ៍។ អ្នកបោះឆ្នោត បានអំពាវនាវឱ្យមានការផ្លាស់ប្តូរ ដោយលើកឡើងពីអត្រាខ្ពស់នៃភាពអត់ការងារធ្វើ និងឧក្រិដ្ឋកម្ម ការដាច់ចរន្តអគ្គិសនីញឹកញាប់ និងអំពើពុករលួយ ជាហេតុផលដែលពួកគេនឹងបោះឆ្នោតឱ្យគណបក្សប្រឆាំង។ខណៈអ្នកផ្សេងទៀត មិនទុកចិត្តចំពោះការផ្លាស់ប្តូរ ពួកគេនៅតែជឿជាក់ថាគណបក្ស African National Congress (ANC) ដែលកំពុងកាន់អំណាច នៅតែអាចបំពេញតាមការសន្យារបស់ខ្លួន។

អ៊ីស្រាអែលនិយាយថា សង្គ្រាមនៅតំបន់ហ្កាហ្សា ទំនងជានឹងបន្តរយៈពេលប្រាំពីរខែទៀត

2024/05/30 06:26:31 pm        130
ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែល និយាយថា សង្រ្គាមលើតំបន់ហ្កាហ្សា ទំនងជានឹងបន្តរហូតដល់ចុងឆ្នាំនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រដ្ឋ ខាន់ (Kan) របស់អ៊ីស្រាអែល កាលពីថ្ងៃពុធ (២៩ ឧសភា) លោក ហ្ស៊ាឈី ហាណេកប៊ី (Tzachi Hanegbi) បាននិយាយថា «យើងរំពឹងថានឹងមានការប្រយុទ្ធរយៈពេលប្រាំពីរខែទៀត» ដើម្បីបំផ្លាញសមត្ថភាពយោធា និងការគ្រប់គ្រងរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ។ការលើកឡើងរបស់លោកបានកើតឡើងនៅពេលដែលអ៊ីស្រាអែល រកឃើញថាខ្លួនឯងកាន់តែឯកោនៅលើឆាកពិភពលោក ជិតប្រាំបីខែក្នុងការវាយប្រហារ ដោយសូម្បីតែសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជិតស្និទ្ធផ្សេងទៀត ក៏បានសម្តែងការខឹងសម្បារចំពោះចំនួនអ្នកស្លាប់របស់ជនស៊ីវិលដ៏ច្រើនលើសលប់នៅហ្កាហ្សា។លោក ហាណេកប៊ី ការពារប្រតិបត្តិការដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅក្រុងរ៉ាហ្វា (Rafah) ជាប់ព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប ដោយនិយាយថា ព្រំដែនបានក្លាយទៅជា «តំបន់រត់ពន្ធ» តាំងពីឆ្នាំ២០០៧ មក នៅពេលដែលក្រុមហាម៉ាស ចាប់ផ្តើមគ្រប់គ្រងហ្កាហ្សា។ អេហ្ស៊ីប បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការវាយលុកលើក្រុងរ៉ាហ្វា របស់អ៊ីស្រាអែល ដោយនិយាយថាវាគំរាមកំហែងដល់សន្ធិសញ្ញាសន្តិភាពឆ្នាំ១៩៧៩។ការលើកឡើងរបស់លោក ហាណេកប៊ី បង្កជាសំណួរអំពីអនាគតហ្កាហ្សា និងថាតើអ៊ីស្រាអែលនឹងដើរតួនាទីបែបណានៅក្នុងតំបន់នោះ។ សម្ព័ន្ធមិត្តកំពូលរបស់ខ្លួន គឺសហរដ្ឋអាមេរិក បានទាមទារឱ្យលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បង្កើតផែនការក្រោយសង្គ្រាមសម្រាប់ទឹកដីប៉ាឡេស្ទីនមួយនេះ ហើយរដ្ឋមន្ត្រីការពារជាតិ និងដៃគូគ្រប់គ្រងរបស់លោកក៏បានព្រមានថា លោក ណេតាន់យ៉ាហ៊ូ ត្រូវតែចាត់វិធានការដើម្បីធានាថាអ៊ីស្រាអែល មិនស្ថិតនៅក្នុងតំបន់ហ្កាហ្សា ដោយគ្មានកំណត់៕

អ៊ីរ៉ង់ ស្វះស្វែងរកអ្នកប្រកាន់ជំហរតឹងដែលគួរឱ្យទុកចិត្តដើម្បីជំនួសតំណែងលោក Raisi ក្នុងការបោះឆ្នោត

2024/05/30 06:21:10 pm        234
ប្រទេសអ៊ីរ៉ង់ បានចាប់ផ្តើមនៅសប្តាហ៍នេះក្នុងការបោះឆ្នោតដើម្បីរកអ្នកជំនួសតំណែងលោកប្រធានាធិបតី អ៊ីប្រាហ៊ីម រ៉េស៊ី (Ebrahim Raisi) ដែលការស្លាប់របស់លោកនៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ អាចធ្វើអោយស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរដើម្បីគ្រប់គ្រងភារកិច្ចដែលមានផលវិបាកកាន់តែធំ នោះគឺការស្នងតំណែងរបស់មេដឹកនាំកំពូល។ដោយធ្លាប់ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងរបស់មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមីណេ (Ayatollah Ali Khamenei) ដែលជាអ្នកសម្រេចចិត្តចុងក្រោយដ៏ចំណាស់របស់អ៊ីរ៉ង់ ការស្លាប់ភ្លាមៗរបស់លោក រ៉េស៊ី បានបង្កឱ្យមានការប្រកួតប្រជែងក្នុងចំណោមក្រុមអ្នកប្រកាន់ជំហរតឹង ដើម្បីមានឥទ្ធិពលលើការជ្រើសរើសមេដឹកនាំបន្ទាប់របស់អ៊ីរ៉ង់។លោក ខាមីណេ វ័យ ៨៥ ឆ្នាំ កំពុងស្វះស្វែងរកប្រធានាធិបតីថ្មីដ៏ស្មោះត្រង់ម្នាក់នៅក្នុងការបោះឆ្នោតថ្ងៃទី ២៨ ខែមិថុនា ខាងមុខនេះ ដើម្បីគ្រប់គ្រងប្រទេស ហើយម្នាក់នោះត្រូវតែជាសម្ព័ន្ធមិត្តអាចទុកចិត្តបាន ដែលអាចធានាបាននូវស្ថិរភាព ស្របពេលមានភាពតានតឹងលើការបន្តស្នងតំណែងរបស់ខ្លួន នេះបើតាមអ្នកផ្ទៃក្នុង និងក្រុមអ្នកវិភាគ។ការចុះឈ្មោះបេក្ខជននឹងបើកនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) នេះ ហើយនោះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះនៃដំណើរការ ដែលនឹងមើលឃើញបេក្ខជននាំមុខត្រូវបានត្រួតពិនិត្យដោយក្រុមប្រឹក្សាអាណាព្យាបាល ដែលជាស្ថាប័នឃ្លាំមើលដ៏តឹងរ៉ឹង ដែលមិនផ្តល់សិទ្ធិឱ្យបេក្ខជនដោយមិនផ្សព្វផ្សាយហេតុផលជាសាធារណៈ។ ក្រុមអ្នកផ្ទៃក្នុង និងអ្នកវិភាគបាននិយាយថា ដើម្បីធានាថាអ្នកឈ្នះគឺជាអ្នកប្រកាន់ជំហរតឹងដែលស្មោះត្រង់នឹងលោក ខាមីណេ ការបោះឆ្នោតនាពេលខាងមុខនេះទំនងជានឹងត្រូវបានគ្របដណ្ដប់ដោយក្រុមប្រកាន់ជំហរតឹងដែលមានទស្សនវិស័យស្រដៀងនឹងមេដឹកនាំកំពូលរូបនេះ៕

អាមេរិកប្រាប់UN ថា អ៊ីស្រាអែល បំផ្លាញគោលដៅ ដោយបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលនៅហ្កាហ្សា

2024/05/30 05:04:55 pm        138
សហរដ្ឋអាមេរិក បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធថា អ៊ីស្រាអែល ត្រូវតែធ្វើអ្វីបន្ថែមទៀត ដើម្បីការពារជនស៊ីវិលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយគួរតែ ដកចេញនូវរបាំងទាំងអស់ចំពោះលំហូរជំនួយតាមរយៈច្រកឆ្លងកាត់ និងផ្លូវទាំងអស់ ដែលចូលទៅក្នុងតំបន់ហ៊ុមពព័ទ្ធមួយនេះ។ ឯកអគ្គរដ្ឋទូតរងសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោក Robert Wood បាននិយាយទៅកាន់ក្រុមប្រឹក្សាដែលមានសមាជិក១៥ រូប ថា គំរូដែលនៅបន្តនៃការបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល បណ្តាលមកពីឧបទ្ទវហេតុ ដូចជាការវាយប្រហារតាមអាកាស កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានបំផ្លាញដល់គោលដៅយុទ្ធសាស្ត្រ របស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ការវាយប្រហារតាមអាកាសកាលពីថ្ងៃអាទិត្យទី២៦ ខែឧសភា បានបង្កឱ្យមានអគ្គិភ័យ នៅក្នុងជំរំតង់មួយកន្លែងក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤៥នាក់។ អ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានកំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស ហើយពុំមានបំណងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិលឡើយ។ ប្រទេសអាល់ហ្សេរី កាលពីថ្ងៃអង្គារ បានដាក់ពង្រាងសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបង្គាប់ឱ្យអ៊ីស្រាអែល «បញ្ឈប់ការវាយលុកដោយយោធារបស់ខ្លួនជាបន្ទាន់» នៅទីក្រុងRafah។ កាលពីថ្ងៃពុធ លោក Wood បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិនិត្យមើលសេចក្តីសម្រេចនេះឡើងវិញ ប៉ុន្តែចំណាត់ការរបស់អង្គការសហប្រជាជាតិ មិនទំនងជាមានប្រយោជន៍ ឬផ្លាស់ប្តូរស្ថានភាព នៅលើដែនដី នោះបានទេ។សេចក្តីព្រាងឯកសារនេះ ក៏បានលើកឡើងពីការចេញសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ(ICJ) កាលពីថ្ងៃទី២៤ ខែឧសភា ដែលបានបង្គាប់ឱ្យអ៊ីស្រាអែល បញ្ឈប់ជាបន្ទាន់នូវការវាយលុកដោយយោធារបស់ខ្លួនលើទីក្រុង Rafah ជាការចេញសេចក្តីសម្រេចបន្ទាន់ដ៏សំខាន់ នៅក្នុងសំណុំរឿងនាំមកដោយប្រទេសអាហ្វ្រិកខាងត្បូង ដែលចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍។ អង្គការសហប្រជាជាតិបាននិយាយថា ការទទួលបានជំនួយមនុស្សធម៌ចូលទៅកាន់តំបន់ហ្កាហ្សា ត្រូវបានកំណត់យ៉ាងតឹងតែង ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមការវាយលុកដោយយោធារបស់ខ្លួនចូលទៅក្នុងទីក្រុង Rafah កាលពីបីសប្តាហ៍មុន ដោយគ្រោះទុរ្ភិក្ស កំពុងខិតជិតមកដល់ នៅក្នុងតំបន់ហ៊ុមព័ទ្ធ ដែលមានប្រជាជន ២,៣លាននាក់ មួយនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងចូលរួមរំលែកទុក្ខសិស្សសាលា ប៊ែលធី អន្ដរជាតិ ចំនួន ៥រូប ដែលស្លាប់ក្នុងហេតុការណ៍រថយន្ដធ្លាក់ទឹក នៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល…!!
11/10/2026 11:11 PM
កាតាបញ្ជាក់​ថា អាមេរិក និង​អ៊ីរ៉ង់ ផ្ដល់​ការ​ឆ្លើយ​តប​វិជ្ជមាន​ ចំពោះកិច្ចប្រឹងប្រែង​សម្រប​សម្រួល​
11/10/2026 07:11 PM
ប៉ាគីស្ថានបង្កើនវិធានការបង្ក្រាបការបំភាយឧស្ម័នពុលរបស់រថយន្ត ខណៈផ្សែងអ័ព្ទកាន់តែធ្ងន់ធ្ងរនៅទីក្រុង Lahore
11/10/2026 07:11 PM
ប៉ាគីស្ថាន៖ ការដុត​កាំជ្រួចភ្ញី ក្នុងពិធីបុណ្យ Diwali របស់ឥណ្ឌា បង្ក​ឱ្យមាន​​ខ្យល់ពុល នៅ​ទី​ក្រុង Lahore
11/10/2026 07:11 PM
សិស្សានុសិស្ស នៅបារាំង បិទសាលារៀនរាប់សិបកន្លែង ដើម្បី​បន្ត​ដាក់សម្ពាធ​រដ្ឋាភិបាល​​
11/10/2026 07:11 PM
ផ្លូវជនបទកំពុងផ្តល់ក្តីសង្ឃឹមដល់ប្រជាពលរដ្ឋ តាមរយៈការជំរុញដំណើរអន្តរកម្មផ្នែកសេដ្ឋកិច្ច
11/10/2026 07:11 PM
ការវាយប្រហាររុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន សម្លាប់មនុស្ស ៣នាក់ និងមនុស្សម្នាក់រងរបួស
11/10/2026 06:11 PM
ម៉ិកស៊ិកចាប់ខ្លួនមេខ្លោងគ្រឿងញៀន ក្នុងប្រតិបត្តិការដោយមានជំនួយពីចារកម្មអាមេរិក
11/10/2026 06:11 PM
រដ្ឋមន្រ្តីការបរទេសបារាំងជួបសមភាគីមកពីអ៊ីតាលី កូរ៉េខាងត្បូង ប្រេស៊ីល និងអារ៉ាប៊ីសាអ៊ូឌីត
11/10/2026 06:11 PM
នាយករដ្ឋមន្ត្រី៖ ហុងគ្រីឃាត់ខ្លួនប្អូនប្រុសរបស់លោក Viktor Orban ពាក់ព័ន្ធ​សំណុំរឿងជួញដូរមនុស្ស
11/10/2026 06:11 PM