រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ស្ពានភ្នំក្រវាញ និង​ផ្លូវកៅ​ស៊ូ​ក្នុង​​ខេត្តពោធិ៍សាត់
BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់

នយោបាយ​ និង ការអភិវឌ្ឍន៍

ហ្វីលីពីន៖ កិច្ចប្រជុំកំពូលត្រីភាគីជាមួយអាមេរិក និងជប៉ុន នឹងរួមបញ្ចូលកិច្ចសហប្រតិបត្តិការសមុទ្រចិនខាងត្បូង

2024/04/10 02:39:18 pm        133
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) បាននិយាយនៅថ្ងៃពុធ (១០ មេសា) នេះថា កិច្ចប្រជុំកំពូលត្រីភាគីនាពេលខាងមុខរវាងសហរដ្ឋអាមេរិក ហ្វីលីពីន និងជប៉ុន នឹងរួមបញ្ចូលកិច្ចព្រមព្រៀងមួយដើម្បីរក្សាសន្តិសុខ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងសមុទ្រចិនខាងត្បូង។លោក ម៉ាកូស គ្រោងនឹងចាកចេញទៅទីក្រុងវ៉ាស៊ីនតោន នៅរសៀលថ្ងៃពុធនេះ ដើម្បីពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុន ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida)។ លោក ម៉ាកូស ក៏គ្រោងនឹងរៀបចំកិច្ចប្រជុំទ្វេភាគីជាមួយលោក បៃដិន មុនពេលកិច្ចប្រជុំក្នុងចំណោមមេដឹកនាំទាំងបីផងដែរ។ប្រទេសហ្វីលីពីន ក្រោមការដឹកនាំរបស់លោក ម៉ាកូស បានពង្រឹងទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក និងជប៉ុនកាន់តែស៊ីជម្រៅ ខណៈដែលការប៉ះទង្កិចដែនសមុទ្រជាមួយចិន នៅសមុទ្រចិនខាងត្បូងមានការកើនឡើង។ លោក ម៉ាកូស បានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពហ្វីលីពីនទំហំជិតពីរដងធៀបនឹងកាលពីមុន ដែលទាហានអាមេរិកអាចចូលបាន ហើយកិច្ចពិភាក្សាកំពុងដំណើរការជាមួយប្រទេសជប៉ុនសម្រាប់កិច្ចព្រមព្រៀងចូលដំណើរការទៅវិញទៅមកដែលនឹងអនុញ្ញាតឱ្យមានវត្តមានរបស់កងកម្លាំងជប៉ុននៅលើទឹកដីហ្វីលីពីន។ទន្ទឹមនឹងនេះដែរ លោក ម៉ាកូស ក៏បានបដិសេធនូវអត្ថិភាព (វត្តមាន) នៃអ្វីដែលគេហៅថា «កិច្ចព្រមព្រៀងសុភាពបុរស» ដែលត្រូវបានរាយការណ៍ថា ស្ថិតនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ជាមួយទីក្រុងប៉េកាំង ដើម្បីរក្សាស្ថានភាពដដែលនៅក្នុងតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនសមុទ្រមានជម្លោះនៅសមុទ្រចិនខាងត្បូង៕

ប្រមុខមន្ទីរបញ្ចកោណ៖ គ្មានភ័ស្តុតាងណាដែលបញ្ជាក់ថា អ៊ីស្រាអែល បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ទេ

2024/04/10 02:36:02 pm        102
រដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin កាលពីថ្ងៃអង្គារ បាននិយាយថា ពុំមានភ័ស្តុតាងណាមួយដែលបញ្ជាក់ថា អ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា ចំពេលមានសង្រ្គាមប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនោះទេ។លោក Austin បាននិយាយក្នុងអំឡុងពេលសវនាការនៃគណៈកម្មាធិការសេវាប្រដាប់អាវុធព្រឹទ្ធសភា នៅវិមាន Capitol Hill បានបដិសេធថា អ៊ីស្រាអែល មិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ បន្ទាប់ពីក្រុមអ្នកតវ៉ា បានរំខានដល់គណៈកម្មាធិការ ហើយបានអំពាវនាវឲ្យសហរដ្ឋអាមេរិកបញ្ឈប់ការផ្តល់មូលនិធិដល់សង្រ្គាមដែលពួកគេហៅថា ជាអំពើប្រល័យពូជសាសន៍។លោក Austin បាននិយាយបន្ទាប់ពីមានសំណួររបស់សមាជិកព្រឹទ្ធសភាលោក Tom Cotton ដើម្បីឆ្លើយតបទៅក្រុមបាតុករថា៖«យើងមិនមានភ័ស្តុតាងនៃអំពើប្រល័យពូជសាសន៍ទេ»។លោកក៏បានជៀសវាងការនិយាយសំដៅទៅលើការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែលភាគខាងត្បូងថា ជាអំពើប្រល័យពូជសាសន៍ បន្ទាប់ពីការសាកសួរពីសមាជិកព្រឹទ្ធសភា លោកRoger Wicker ដែលជាសមាជិកក្នុងគណៈកម្មាធិការ។លោក Austin បានលើកឡើងអំពីការវាយប្រហារថ្ងៃទី៧ ខែតុលា បន្ទាប់ពីលោកWicker បានដាក់សម្ពាធលើខ្លួនម្តងហើយម្តងទៀត ដោយសំដៅលើការវាយប្រហារនោះថា ជាអំពើប្រល័យពូជសាសន៍។ក្រុមហាម៉ាស បានសម្លាប់មនុស្សជាង ១.១០០នាក់ នៅក្នុងការវាយប្រហារ និងចាប់ចំណាប់ថ្នូរចំនួន ២៤០នាក់។ ចំណាប់ថ្នូរប្រហែល ១០០នាក់ ត្រូវបានគេជឿថា នៅរស់រានមានជីវិត នៅក្នុងតំបន់ហ្កា ហ្សា និងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។

ចិន លើកឡើងថា ការអត្ថាធិប្បាយរបស់អាមេរិក លើកោះតៃវ៉ាន់ និង AUKUS ជារឿងគ្រោះខ្លាំងណាស់

2024/04/10 02:27:14 pm        116
ការិយាល័យសម្រាប់កិច្ចការកោះតៃវ៉ាន់របស់ប្រទេសចិន នៅថ្ងៃពុធនេះ បានហៅការអត្ថាធិប្បាយធ្វើឡើងដោយអនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ឃើត ខេមបេល ( Kurt Campbell) ថាជារឿងគ្រោះថ្នាក់ខ្លាំងណាស់ បន្ទាប់ពីលោកបានលើកឡើងថាគម្រោងនាវាមុជទឹករបស់ក្រុមប្រទេសសមាជិក AUKUS រវាង អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក អាចជួយរារាំងសកម្មភាពរបស់ចិនប្រឆាំងកោះតៃវ៉ាន់ ។ ក្នុងអំឡុងការថ្លែង ឆ្លើយតបទៅនឹងសំណួរនេះនៅឯសន្និសីទសារព័ត៌មានប្រចាំសប្ដាហ៍ អ្នកនាំពាក្យ របស់ការិយាល័យរបស់ចិន លោកស្រី ជូ ហ្វឹងលៀន (Zhu Fenglian) បាននិយាយថា ការអត្ថាធិប្បាយរបស់លោកគឺជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ ការបង្កើតអ្វីដែលហៅថា ភាពជាដៃគូសន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី នឹងរុញឲ្យមានការប្រឈមដាក់គ្នាខាងយោធានៅក្នុងតំបន់ ទោះបីកិច្ចសហប្រតិបត្តិការយោធានេះមានទំហំតូចក៏ដោយ។ លោកខេមបេល ដែលបានលើកឡើងការជាប់ពាក់ព័ន្ធដ៏កម្ររវាងកោះតៃវ៉ាន់ និងក្រុមប្រទេស AUKUS បានប្រាប់មជ្ឈមណ្ឌលស្រាវជ្រាវសម្រាប់ផ្នែកសន្តិសុខអាមេរិកថ្មី ថា សមត្ថភាពរបស់នាវាមុជទឹកថ្មី នឹង ជួយពង្រឹងសន្តិសុខ និងស្ថិរភាព រួមទាំងច្រកសមុទ្រដែលខណ្ឌចែកប្រទេសចិន និងកោះតៃវ៉ាន់ ។ លោកស្រី ជូ បានលើកឡើងថា រាល់ការប៉ុនប៉ងប្រើប្រាស់កិច្ចសហប្រតិបត្តិការយោធាជាប់ពាក់ព័ន្ធណាមួយ ដើម្បីធ្វើអន្តរាគមន៍នៅក្នុងបញ្ហាកោះតៃវ៉ាន់ គឺជាការជ្រៀតជ្រែក ចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភគោលនយោបាយចិនតែមួយ និងបង្កគ្រោះថ្នាក់ដល់សន្តិភាព និងស្ថិរភាពក្នុងច្រកសមុទ្រតៃវ៉ាន់ ហើយចិន ប្រឆាំងដាច់ខាតចំពោះសកម្មភាពទាំងនោះ។ ប្រទេសចិន បានពង្រីកឃ្លាំងមីស៊ីល និងនាវាចម្បាំងយ៉ាងធំនៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ និងបានពង្រីកការអះអាងសិទ្ធិគ្រប់គ្រងលើប្រជុំកោះនៅក្នុងសមុទ្រចិនខាងត្បូង កសាងមូលដ្ឋានទ័ពអាកាស និងយោធាសំខាន់ៗ ដែលនាំឲ្យទីក្រុងវ៉ាស៊ីនតោន និងជុំវិញតំបន់នេះ បង្ហាញការព្រួយបារម្ភកាន់តែខ្លាំង៕

ប្រទេសកូរ៉េខាងត្បូង ចាប់ផ្តើមការបោះឆ្នោតសកលនៅថ្ងៃពុធនេះ

2024/04/10 02:23:07 pm        67
ប្រជាជនកូរ៉េខាងត្បូង ចេញបោះឆ្នោតជ្រើសរើសសភាថ្មីនៅថ្ងៃពុធ ទី១០ ខែមេសានេះ នៅក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ ដែលត្រូវបានអ្នកវិភាគមើលឃើញថាជាការបោះឆ្នោតប្រជាមតិ សម្រាប់ប្រធានាធិបតី លោក Yoon Suk Yeol ដែលប្រជាប្រិយភាពរបស់លោករងការលំបាក ក្នុងពេលមានវិបត្តិជីវភាពរស់នៅ និងការរាលដាលនៃរឿងអាស្រូវនយោបាយ។អ្នកបោះឆ្នោតកូរ៉េខាងត្បូង បោះឆ្នោតដើម្បីជ្រើសរើសតំណាងរបស់ពួកគេទៅកាន់រដ្ឋសភា។ ប្រទេសនេះ រៀបចំការបោះឆ្នោតសកលរៀងរាល់បួនឆ្នាំម្តង។ ការបោះឆ្នោតនៅឆ្នាំនេះ ត្រូវបានគេមើលឃើញថាជាការវាយតម្លៃពាក់កណ្តាលអាណត្តិ នៃការគ្រប់គ្រងរបស់ប្រធានាធិបតី លោក Yoon Suk-yeol ដែល លោកនឹងចូលដល់ឆ្នាំទីបីនៃអាណត្តិរយៈពេលប្រាំឆ្នាំរបស់លោកនៅខែក្រោយ។ការបោះឆ្នោតត្រូវបានកំណត់ចាប់ផ្តើមនៅវេលាម៉ោង៦ព្រឹក នៅការិយាល័យបោះឆ្នោតជាង១៤.០០០កន្លែង។ សមាជិក ៣០០រូបនៃប្រព័ន្ធឯកសភា នឹងត្រូវបានបោះឆ្នោតជ្រើសរើសដោយការបោះឆ្នោតថ្នាក់ស្រុកឬសង្កាត់ និងតាមរយៈប្រព័ន្ធតំណាងសមាមាត្រ។ ការបោះឆ្នោតនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាការប្រកួតប្រជែងរវាងគណបក្សអំណាចប្រជាជនដែលកំពុងកាន់អំណាច និងគណបក្សប្រជាធិបតេយ្យ ជាគណបក្សប្រឆាំងធំ។គណបក្សអំណាចប្រជាជន(PPP) ស្វែងរកការទទួលបានសំឡេងភាគច្រើន ដើម្បីជួយដំណើរការ រដ្ឋាភិបាលដែលមានស្ថិរភាព។ ការិយាល័យបោះឆ្នោត នឹងបិទនៅម៉ោង ៦ ល្ងាច ដោយលទ្ធផលបឋមត្រូវបានរំពឹងទុកនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះ។

រណសិរ្សកម្ពុជា ឡាវ វៀតណាម ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ដើម្បី​បន្តពង្រឹងពង្រីកនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ

2024/04/10 01:55:28 pm        173
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍ មាតុ​ភូមិ​កម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស ៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅ​រដ្ឋធានី​វៀង​ចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃអង្គារ ១កើត ខែ​ចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។សម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍លើកឡើងថា ឆ្នាំនេះគឺជាកិច្ចប្រជុំលើកទី ៥ រវាង​ក្រុម​ប្រឹក្សា​ជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា, គណ:កម្មាធិការមជ្ឈិម រណសិរ្ស​អភិវឌ្ឍន​ជាតិ​ឡាវ និងគណ:កម្មាធិការមជ្ឈិមរណសិរ្ស មាតុភូមិវៀតណាម នៃ ដំណាក់កាល ២០២៤-២០២៧។ នៅក្នុងកិច្ចប្រជុំនោះប្រទសទាំង៣ បានលើកឡើងអំពីវឌ្ឍន:ភាពរបស់រណសិរ្សនីមួយៗ និង បាន​ចែករំលែកនូវបទពិសោធន៍ទៅវិញទៅមកក្នុងបរិយាកាសយ៉ាងស្និទ្ធស្នាលជាទីបំផុត។បន្ទាប់មកទៀតរណសិរ្សនៃប្រទសទាំង ៣ ក៏មានឯកភាពគ្នា និងចុះហត្ថលេខា លើ អនុស្ស​រណៈ​នៃ​យោគយល់គ្នាដំណាក់កាល ២០២៤ ២០២៧ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ​ នៃ​ប្រទេស​ទាំង​៣ ដើម្បីជម្រុញការពង្រឹង និងពង្រីក សាមគ្គីភាព មិត្តភាព និងកិច្ចសហ ប្រតិបត្តិ​ការ​របស់​ប្រទេស​ទាំង៣ កាន់តែទូលំទូលាយ រឹងមាំ ស្ថិតស្ថេរ គង់វង្សយូរអង្វែង ៕

សហភាពអឺរ៉ុប ប្រកាសស៊ើបអង្កេតលើអាជីវកម្មថាមពលខ្យល់របស់ប្រទេសចិននៅក្នុងប្លុកអឺរ៉ុប

2024/04/10 11:51:08 am        132
សហភាពអឺរ៉ុប បានប្រកាសពីការស៊ើបអង្កេតលើក្រុមហ៊ុនផ្គត់ផ្គង់ទុរប៊ិនខ្យល់របស់ប្រទេសចិន ដែលមានសកម្មភាពនៅក្នុងប្លុកអឺរ៉ុប។ ចំណាត់ការនេះ ធ្វើឡើងក្នុងពេលដែលការស៊ើបអង្កេតជាបន្តលើថាតើ រថយន្តអគ្គិសនីរបស់ប្រទេសចិន ដែលនាំចូលមកប្លុកអឺរ៉ុប បានទទួលអត្ថប្រយោជន៍មិនយុត្តិធម៌ដោយសារការឧបត្ថម្ភធនពីទីក្រុងប៉េកាំងឬយ៉ាងណា។លោកស្រី ម៉ាហ្គារេត វ៉េសស្តាជឺ(Margrethe Vestager) អនុប្រធានប្រតិបត្តិនៃគណៈកម្មាធិការអឺរ៉ុបបានធ្វើសេចក្តីប្រកាស កាលពីថ្ងៃអង្គារក្នុងអំឡុងពេលសុន្ទរកថានៅសហរដ្ឋអាមេរិក។ លោកស្រី បានបង្ហាញការព្រួយបារម្ភរបស់សហភាពអឺរ៉ុប ទាក់ទងទៅនឹងការផលិតលើសបរិមាណរបស់ប្រទេសចិននៅក្នុងថាមពលកកើតឡើងវិញ និងទីផ្សារផ្សេងៗទៀត។ លោកស្រី និយាយថា វាមិនត្រឹមតែមានគ្រោះថ្នាក់សម្រាប់ការប្រកួតប្រជែងរបស់យើងប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសេដ្ឋកិច្ចរបស់យើងផងដែរ។លោកស្រី Vestager និយាយថា សហភាពអឺរ៉ុបកំពុងស៊ើបអង្កេតលក្ខខណ្ឌជាច្រើនសម្រាប់ការអភិវឌ្ឍឧទ្យានខ្យល់ នៅក្នុងប្រទេសអេស្ប៉ាញ ក្រិក និងប្រទេសជាសមាជិកផ្សេងទៀត។ជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយ NHK គណៈកម្មការអឺរ៉ុប បានបង្ហាញថាក្រុមហ៊ុនផលិតថាមពលខ្យល់របស់ប្រទេសចិនមួយចំនួនដែលមានភាពសកម្មនៅលើទីផ្សារសហភាពអឺរ៉ុប អាច ទទួលអត្ថប្រយោជន៍ប្រកួតប្រជែងមិនយុត្តិធម៌តាមរយៈការឧបត្ថម្ភធនរបស់រដ្ឋ ដែលនាំឱ្យមានការប្រកួតប្រជែងមិនសមស្រប។សហភាពអឺរ៉ុប បានចាប់ផ្តើមការស៊ើបអង្កេតស្រដៀងគ្នាលើក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ប្រទេសចិន កាលពីខែតុលា បន្ទាប់ពីមានការសង្ស័យថាការឧបត្ថម្ភធនរបស់រដ្ឋ កំពុងជួយពួកគេឲ្យរក្សាតម្លៃទាបនៅក្នុងប្លុកអឺរ៉ុប។ ប្រទេសចិន បានច្រានចោលដោយរិះគន់សហភាពអឺរ៉ុប ចំពោះការចាប់ផ្តើម ការស៊ើបអង្កេតដោយគ្មានភស្តុតាងគ្រប់គ្រាន់។

ចក្រភពអង់គ្លេស និងរ្វាន់ដា ទន្ទឹងរង់ចាំការនិរទេសជនអន្តោប្រវេសន៍

2024/04/10 11:45:07 am        142
នាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak និងប្រធានាធិបតីរបស់ប្រទេសរ្វាន់ដា លោក Paul Kagame បានជួបគ្នា កាលពីថ្ងៃអង្គារ ដើម្បីពិភាក្សាអំពីផែនការរបស់ចក្រភពអង់គ្លេស ដើម្បីនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេសរ្វាន់ដា។បន្ទាប់ពីជំនួបនៅទីក្រុងឡុងដ៍ ការិយាល័យរបស់ លោក Sunak បាននិយាយថា មេដឹកនាំទាំងពីរ ទន្ទឹងរង់ចាំជើងហោះហើរ ដែលចេញដំណើរទៅកាន់ប្រទេសរ្វាន់ដា នៅនិទាឃរដូវ។លោក Sunak មានបំណងផ្លាស់ប្តូរទីតាំងអ្នកស្វែងរកសិទ្ធិជ្រកកោនរាប់ពាន់នាក់ដែលបានមកដល់ ចក្រភពអង់គ្លេសដោយគ្មានការអនុញ្ញាតក្នុងមួយឆ្នាំៗ ទៅកាន់ប្រទេសអាហ្វ្រិកខាងកើត។ ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាប្រឈមផ្លូវច្បាប់ បានរារាំងអ្នកដែលនឹងត្រូវបានបញ្ជូនទៅទីនោះ ហើយដំបូងរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេស ចាំបាច់ត្រូវអនុម័តច្បាប់ថ្មី។លោក Sunak សង្ឃឹមថា នឹងត្រួសត្រាយផ្លូវសម្រាប់រដ្ឋាភិបាលដើម្បីចាប់ផ្តើមដំណើរការនិរទេសជនអន្តោប្រវេសន៍ទៅកាន់ប្រទេសរ្វាន់ដា។ លោក Sunak ធ្លាប់បាននិយាយថា លោករំពឹងថាជើងហោះហើរដំបូងនឹងចាកចេញនៅនិទាឃរដូវ មុនពេលការបោះឆ្នោតរបស់ប្រទេស ដែលត្រូវបានរំពឹងទុកនៅឆមាសទីពីរនៃឆ្នាំនេះ។ច្បាប់ដែលព្យាយាមរារាំងបញ្ហាប្រឈមនានារបស់តុលាការចំពោះផែនការនេះ នឹងត្រូវបានលើកយកមកពិភាក្សាដេញដោល ក្នុងសភា នៅថ្ងៃទី ១៥ ខែមេសា។

សម្ដេចធិបតីណែនាំគ្រប់រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ខ្ពស់លើសន្ដិសុខសណ្តាប់ធ្នាប់សង្គម ក្នុងឱកាសពិធីចូលឆ្នាំថ្មី

2024/04/10 11:10:05 am        196
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៤តាមរយៈបណ្ដាញសង្គម តេឡេក្រាម និងហ្វេសប៊ុក បានណែនាំដល់ គ្រប់រាជធានី-ខេត្តត្រូវយកចិត្តទុកដាក់ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ជាពិសេស បញ្ហាចរាចរណ៍​ដោយត្រូវកាត់បន្ថយឱ្យបានជាអប្បបរមា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ អមជាមួយនឹងរូបភាព រាជធានី-ខេត្ត ទាំង ២៥ ដែលបានត្រៀមលក្ខណៈ និងរៀបចំលម្អរួចរាល់ ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ នាពេលខាងមុខនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលបំពេញការងារ​ក្នុង​រាជធានីភ្នំពេញ ដែលមានបំណងធ្វើដំណើរទៅស្រុកកំណើតក្នុងឱកាសឆ្នាំថ្មីនេះ អាចប្រើប្រាស់​មធ្យោបាយ​រថយន្តក្រុង ដែលសាលារាជធានីភ្នំពេញបានរៀបចំនៅតាមគោលដៅ​ទាំង ៨ ដែលបានជូនដំណឹង​ជាមុនរួចរាល់ហើយ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា គ្រប់រាជធានី-ខេត្តទាំងអស់ ត្រូវបន្តយកចិត្ត​ទុកដាក់​ខ្ពស់លើសុខសណ្តាប់ធ្នាប់សង្គម ពិសេស បញ្ហាចរាចរណ៍ ដោយត្រូវកាត់បន្ថយឱ្យបាន​ជាអប្បបរមា។សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរឆ្មាំនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ​បានណែនាំដល់គ្រប់រាជធានី ខេត្ត ស្រុក ក្រុង ត្រូវរៀបចំឱ្យបាន​អធិកអធម ជាពិសេសរៀបចំពិធីសង្ក្រាន្តឱ្យបានសប្បាយរីករាយនៅតាមមូដ្ឋានភូមិ ឃុំផ្ទាល់តែម្ដង៕

មេដឹកនាំជាប់ឆ្នោតកោះតៃវ៉ាន់ តែងតាំងអតីតប្រធានបក្សកាន់អំណាច ជាមន្រ្តីជាន់ខ្ពស់ថ្មី

2024/04/10 11:00:19 am        57
មេដឹកនាំជាប់ឆ្នោតថ្មីរបស់កោះតៃវ៉ាន់ លោក ឡៃ ឈីងតឺ (Lai Ching-te) បានប្រកាសនៅថ្ងៃពុធ (១០ មេសា) នេះថា លោកបានតែងតាំងលោក ចូ យ៉ុងថៃ (Cho Jung-tai) ដែលជាអតីតប្រធានគណបក្សប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច ធ្វើជាមន្ដ្រីជាន់ខ្ពស់ថ្មី (កោះនេះហៅថា នាយករដ្ឋមន្ត្រី)។ មន្ដ្រីជាន់ខ្ពស់ថ្មី និងគណៈរដ្ឋមន្ត្រីរបស់ខ្លួន នឹងមិនកាន់តួនាទីទេរហូតដល់លោក ឡៃ បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែឧសភា ខាងមុខ។នៅក្រោមប្រព័ន្ធរដ្ឋាភិបាលរបស់តៃវ៉ាន់ មេដឹកនាំតែងតាំងមន្ដ្រីជាន់ខ្ពស់ ដែលបន្ទាប់មកមន្ដ្រីជាន់ខ្ពស់នោះតែងតាំងសមាជិកគណៈរដ្ឋមន្ត្រីជាមួយនឹងការយល់ព្រមចុងក្រោយពីមេដឹកនាំ ហើយគណៈរដ្ឋមន្ត្រីនោះជាអ្នកដែលបង្កើតគោលនយោបាយ និងស្នើច្បាប់។លោក ចូ បានប្រាប់អ្នកសារព័ត៌មានថា លោកនឹងប្រកាសសមាជិកគណៈរដ្ឋមន្ត្រីរបស់ខ្លួននៅពេលក្រោយ ដោយបន្ថែមថា លោកនឹងជ្រើសរើសពីគ្រប់ជួរគណបក្ស។ លោក ឡៃ ដែលបច្ចុប្បន្នជាមេដឹកនាំលំដាប់ទី២ បានឈ្នះការបោះឆ្នោតមេដឹកនាំកាលពីខែមករា ប៉ុន្តែបក្ស DPP បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា។គណបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ គឺគណបក្ស គូមីនតាំង (KMT) បានយកអាសនៈច្រើនជាងគេ ប៉ុន្តែមិនគ្រប់គ្រាន់ដើម្បីបង្កើតសភាភាគច្រើនដោយខ្លួនឯងនោះទេ។ អាសនៈផ្សេងទៀតត្រូវបានឈ្នះដោយគណបក្សប្រជាជនតៃវ៉ាន់ (TPP) ដ៏តូច ដែលដឹកនាំដោយអតីតអភិបាលក្រុងតៃប៉ិ លោក កឺ វិនជឺ (Ko Wen-je)៕

សហរដ្ឋអាមេរិក ពិចារណាបន្ធូរបន្ថយការព្រមានសម្រាប់ពលរដ្ឋអាមេរិក ដែលធ្វើដំណើរទៅចិន

2024/04/10 10:37:23 am        45
អនុរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ឃឺដ ខេមប៊ែល (Kurt Campbell) បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាសហរដ្ឋអាមេរិក កំពុងពិចារណាបន្ធូរបន្ថយការប្រឹក្សាប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនដែលធ្វើដំណើរទៅកាន់ប្រទេសចិន ដោយទទួលស្គាល់ការព្រួយបារម្ភថា ការព្រមាននេះអាចកាត់បន្ថយការផ្លាស់ប្តូររវាងប្រជាជនអាមេរិក និងប្រជាជនចិន។លោក ខេមប៊ែល បាននិយាយក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិមិនរកប្រាក់ចំណេញស្តីពីទំនាក់ទំនងអាមេរិក-ចិន ថា បណ្តាញទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានដំណើរការជាធម្មតាបន្ទាប់ពីមានភាពតានតឹងកើនឡើងជាច្រើនខែ។ យ៉ាងណាក៏ដោយ លោកក៏បានព្រមានថា ការគាំទ្ររបស់ចិន ចំពោះសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ធ្វើឱ្យទំនាក់ទំនងដែលមានស្ថិរភាពនេះស្ថិតក្នុងហានិភ័យ។ក្រសួងការបរទេសបានចេញការព្រមានជាលំដាប់សម្រាប់ជនជាតិអាមេរិក ដែលធ្វើដំណើរទៅកាន់ប្រទេសចិន ដោយអំពាវនាវឱ្យពួកគេពិចារណាឡើងវិញនូវដំណើរទាំងនោះ ឬបង្កើនការប្រុងប្រយ័ត្ន ដោយសារហានិភ័យនៃ «ការអនុវត្តច្បាប់ក្នុងស្រុក» ការហាមឃាត់ការចាកចេញ និងការឃុំខ្លួនដោយច្រឡំ។ប៉ុន្តែប្រធានាធិបតីនៃប្រទេសទាំងពីរ បានស្វះស្វែងរកការកសាងឡើងវិញនូវការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដើម្បីជាសសរស្តម្ភសម្រាប់គ្រប់គ្រងការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាចទាំងពីរនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កិច្ចប្រជុំ RBC ព្រឹកនេះ កម្ពុជា និងថៃ បានប្តេជ្ញាចិត្តធ្វើការរួមគ្នាឆ្ពោះទៅស្តារប្រក្រតីភាពឡើងវិញ នៅតាមតំបន់ព្រំដែន
08/25/2025 01:08 PM
មណ្ឌលសុខភាពទូទាំងប្រទេស ទទួលការបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងមន្រ្តីផ្អែកលើកិច្ចព្រមព្រៀងការងារ
08/25/2025 01:08 PM
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេអរគុណជាថ្មីចំពោះកម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះទីម័រឡេស្តេចូលជាសមាជិកពេញលេញរបស់អាស៊ាន
08/25/2025 12:08 PM
កម្មវិធីស្បៀងអាហារពិភពលោក អំពាវនាវរកជំនួយមនុស្សធម៌៣០លានដុល្លារសម្រាប់ជនជាតិរ៉ូហ៊ីងយ៉ា
08/25/2025 12:08 PM
ប្រធានអង្គការ WFP «ខកចិត្ត និងខឹង» ចំពោះវិបត្តិស្បៀងអាហារនៅតំបន់ហ្កាហ្សា
08/25/2025 12:08 PM
រដ្ឋសភាអនុម័តជាឯកច្ឆន្ទសេចក្តីព្រាងច្បាប់ចំនួនពីរនៅព្រឹកនេះ ក្នុងសម័យប្រជុំរដ្ឋសភា​លើកទី៤ នីតិកាល​ទី៧
08/25/2025 12:08 PM
មេដឹកនាំពិភពលោក ផ្ញើសារគាំទ្រនៅថ្ងៃទិវាឯករាជ្យអ៊ុយក្រែន
08/25/2025 12:08 PM
ទឹកជំនន់ធ្ងន់ធ្ងរបានបំផ្លិចបំផ្លាញតំបន់ជាយក្រុង Aden របស់ប្រទេសយេម៉ែន
08/25/2025 12:08 PM
មនុស្សរាប់ម៉ឺននាក់ចេញធ្វើបាតុកម្មនៅជុំវិញពិភពលោក ដើម្បីគាំទ្រពលរដ្ឋប៉ាឡេស្ទីននៅហ្កាហ្សា
08/25/2025 12:08 PM
លោក Trump មានគោលដៅដាក់ពង្រាយយោធារហូតដល់ទីក្រុង Baltimore ដោយមានការតវ៉ាពីអភិបាលរដ្ឋ
08/25/2025 12:08 PM