សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ ក្នុងព្រះរាជពិធីពន្លត់ទៀនជ័យ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ខួបលើកទី៧៣
នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយ​អភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា​
ឯកអគ្គរាជទូតជប៉ុនថ្មី ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
សម្ដេចតេជោផ្ដល់អនុសាសន៍ដល់គុនខ្មែរ និងសមាគមខ្មែរនៅជប៉ុនឱ្យខិតខំបន្ថែម ដើម្បីនិរន្តរភាពស្ថាប័ន

នយោបាយ​ និង ការអភិវឌ្ឍន៍

អគ្គលេខាធិការ៖ សម្ព័ន្ធមិត្តណាតូ នឹងសម្លឹងមើលការបញ្ជូនប្រព័ន្ធការពារដែនអាកាសបន្ថែមទៀតទៅអ៊ុយក្រែន

2024/04/05 08:10:54 pm        85
សមាជិកសម្ព័ន្ធមិត្តរបស់សម្ព័ន្ធយោធាណាតូ បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការស្វែងរកនៅឃ្លាំងអាវុធរបស់ពួកគេសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីការពារអ៊ុយក្រែន ពីការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់រុស្ស៊ី ខណៈសម្ព័ន្ធមិត្តនេះបានប្រារព្ធខួបលើកទី ៧៥ ដែលគ្របដណ្តប់ដោយសង្រ្គាមនៅតាមព្រំដែនរបស់ខ្លួន។អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានជួបសមភាគីណាតូ ហើយបានអំពាវនាវសុំប្រព័ន្ធការពារដែនអាកាសថ្មីបន្ថែមទៀត ជាពិសេសប្រព័ន្ធមីស៊ីលប៉ាទ្រីយ៉ូត(Patriot) ដែលផលិតដោយសហរដ្ឋអាមេរិក។ លោក Stoltenberg ពុំបានបញ្ជាក់ពីការសន្យាជាក់លាក់ ឬគោលដៅជំនួយនោះទេ។មន្ត្រីអ៊ុយក្រែន បាននិយាយថា កាលពីយប់ថ្ងៃព្រហស្បតិ៍ ការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីបានវាយប្រហារលើអគារលំនៅឋាននៅក្នុងទីក្រុង Kharkov របស់អ៊ុយក្រែន និងទីតាំងថាមពល នៅក្នុងតំបន់ ដោយបានសម្លាប់មនុស្សច្រើននាក់ និងកាត់ផ្តាច់ចរន្តអគ្គិសនីសម្រាប់ប្រជាជន ៣៥០.០០០ នាក់។

គណៈរដ្ឋមន្ត្រីអ៊ីស្រាអែល អនុម័តការបើកច្រកព្រំដែនហ្កាហ្សាឡើងវិញ ជាលើដំបូងចាប់តាំងពីថ្ងៃទី៧តុលា

2024/04/05 08:07:42 pm        120
មន្ត្រីអ៊ីស្រាអែល មួយរូប បានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា សប្ដាហ៍នេះថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តការបើកច្រកព្រំដែនអ៊ីរ៉េស (Erez)ឡើងវិញ រវាងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ភាគខាងជើង ជាលើកដំបូង ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ ។ក្រុមមន្ត្រីអ៊ីស្រាអែល បាននិយាយថា ច្រកឆ្លងកាត់ព្រំដែននេះ នឹងអនុញ្ញាតឲ្យនាំជំនួយបន្ថែមទៀត ចូលទៅក្នុងដែនដីហ្កាហ្សា ដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធជិត ។ គណៈរដ្ឋមន្ត្រីនេះ ក៏បានអនុម័តឲ្យប្រើប្រាស់កំពង់ផែរបស់អ៊ីស្រាអែលផងដែរ ដើម្បីជួយសម្រួលដល់ការផ្ទេរជំនួយចូលទៅហ្កាហ្សា។ ការយល់ព្រមបើកច្រកនេះ កើតឡើង ក្រោយលោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ស្ថានភាពសិទ្ធិមនុស្សជារួមនៅក្នុងតំបន់ហ្កាហ្សា បានធ្លាក់ក្នុងសភាពមិនអាចទទួលយក នៅក្នុងការសុន្ទនាតាមទូរស័ព្ទជាមួយលោក Benjamin Netanyahu និងបានព្រមានថា អ៊ីស្រាអែល ត្រូវតែចាត់វិធានការដោះស្រាយវិបត្តិនេះ ពុំនោះនឹងប្រឈមផលវិបាកមិនខានឡើយ។ ច្រកឆ្លងកាត់ អ៊ីរ៉េស ដែលជាច្រកសម្រាប់អ្នកថ្មើរជើង ជាចំណុចព្រំដែនមួយក្នុងចំណោមច្រកព្រំដែនជាច្រើន ប្រើប្រាស់ឲ្យក្រុមសកម្មប្រយុទ្ធហាម៉ាស កាលពីថ្ងៃទី ៧តុលា នៅពេលដែលក្រុមនេះបានសម្រុកចូលដែនដីអ៊ីស្រាអែលភាគខាងត្បូងសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥០នាក់ជាចំណាប់ខ្មាំង។ គេនៅតែពុំទាន់ច្បាស់ទេថាតើ ការបើកច្រកនេះនឹងត្រូវអនុវត្តដោយរបៀបណា ហើយកម្រិតនៃការដឹកជញ្ជូនជំនួយប៉ុណ្ណា ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែនភាគខាងត្បូងរបស់តំបន់ហ្កាហ្សា សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលកំពុងរងទុក្ខខ្លាំងនៅក្នុងដែនដីនេះ៕

រដ្ឋមន្ត្រីរតនាគារអាមេរិក ប្រឈមផ្លូវដ៏លំបាក ចំពោះបញ្ហាផលិតកម្មលើសចំណុះរបស់ប្រទេសចិន

2024/04/05 07:55:41 pm        105
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី ជែណេត យ៉េឡិន (Janet Yellen) បានទៅដល់មជ្ឈមណ្ឌលរោងចក្រភាគខាងត្បូងនៃទីក្រុង ខ្វាងជូវ (Guangzhou) របស់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ ៤មេសា អមដោយសារដ៏តានតឹងមួយទៅកាន់មន្ត្រីចិន ថា អ្នកកំពុងផលិតអ្វីៗគ្រប់យ៉ាងច្រើនពេក ជាពិសេសទំនិញថាមពលស្អាត ហើយពិភពលោកមិនអាចទទួលយកបានទេ។ ប្រទេសចិនកំពុងបញ្ចេញរថយន្តអគ្គិសនី (EVs) អាគុយ បន្ទះស្រូបពន្លឺព្រះអាទិត្យ ដែលហៅថា ផ្ទាំង solar បន្ទះឈីបអេឡិចត្រូនិក(semiconductors) និងផលិតផលទំនិញផ្សេងទៀត ចូលទៅក្នុងទីផ្សារពិភពលោក ដោយសារតែការឧបត្ថម្ភធនយ៉ាងច្រើនរបស់រដ្ឋាភិបាលជាច្រើនឆ្នាំ និងតម្រូវការទាបនៅក្នុងប្រទេសរបស់ខ្លួន។តម្លៃជាសកលសម្រាប់ទំនិញជាច្រើនកំពុងឡើងថ្លៃ ជាការដាក់សម្ពាធលើក្រុមហ៊ុនផលិតនៅក្នុងប្រទេសផ្សេងៗ។មន្ត្រីរតនាគារជាន់ខ្ពស់មួយរូបរបស់សហរដ្ឋអាមេរិក បាននិយាយថា ការផលិតដ៏ច្រើនលើសចំណុះនៅក្នុងវិស័យសំខាន់ៗរបស់ប្រទេសចិន យើងមើលឃើញការគំរាមកំហែងកាន់តែខ្លាំងនៃក្រុមហ៊ុនកំពុងខាតបង់ប្រាក់ ដែលនឹងត្រូវលក់ចេញពីផលិតកម្មរបស់ពួកគេនៅប្រទេសណាមួយ។ នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិនចាប់ពីថ្ងៃសុក្រសប្ដាហ៍នេះ ដល់ថ្ងៃចន្ទសប្ដាហ៍ក្រោយ លោកស្រី Yellen នឹងស្វែងរកការបង្ហាញពីទស្សនៈរបស់ខ្លួនថា ការផលិតលើសចំនួន នេះគឺមិនល្អសម្រាប់ប្រទេសចិន ហើយថាមានការព្រួយបារម្ភកើនឡើងកាន់តែខ្លាំងចំពោះការផលិតនេះ នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន ម៉ិកស៊ិក និងប្រទេសមានសេដ្ឋកិច្ចធំៗផ្សេងទៀត។ មន្ត្រីនិយាយសុំមិនបញ្ចេញឈ្មោះ ក៏បាននិយាយផងដែរថាលោកស្រី Yellen នឹងពន្យល់ថា ប្រសិនបើមានសកម្មភាពពាណិជ្ជកម្មនៅជុំវិញពិភពលោក នោះមិនមែនជារឿងប្រឆាំងនឹងចិនទេ នោះគឺជាការឆ្លើយតបទៅនឹងគោលនយោបាយរបស់ពួកគេ៕

លោកប្រធានាធិបតីម៉ាក្រុង៖ បារាំងនិងសម្ព័ន្ធមិត្ត«អាចបញ្ឈប់» អំពើប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤

2024/04/05 07:51:14 pm        127
ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសបារាំង និងសម្ព័ន្ធមិត្តរបស់ខ្លួន អាចបញ្ឈប់ការប្រល័យពូជសាសន៍រ្វ៉ាន់ដា ឆ្នាំ ១៩៩៤ ប៉ុន្តែខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ ដែលជាការប្រកាសយ៉ាដាច់ខាតមួយ នៅមុនខួបលើកទី៣០របស់ប្រទេសអាហ្រ្វិកនៃការកាប់សម្លាប់ ដែលបានបណ្តាលឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់។ការិយាល័យរបស់លោកម៉ាក្រុង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីបារាំង នឹងបញ្ចេញវីដេអូមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៅថ្ងៃអាទិត្យ ខណៈដែលប្រទេសរ៉្វាន់ដា ប្រារព្ធពិធីរំលឹកជាឧឡារិកនៃអំពើប្រល័យពូជសាសន៍នេះ។នៅក្នុងវីដេអូនោះ លោកម៉ាក្រុងបានលើកឡើងថា៖«ប្រទេសបារាំង ដែលអាចបញ្ឈប់អំពើប្រល័យពូជសាសន៍ជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងអាហ្វ្រិក ខ្វះឆន្ទៈក្នុងការធ្វើដូច្នេះ»។នៅឆ្នាំ ២០២១ ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសអាហ្រ្វិកកណ្តាល លោកម៉ាក្រុង បានទទួលស្គាល់ «ការទទួលខុសត្រូវ» របស់ប្រទេសបារាំង ក្នុងអំពើប្រល័យពូជសាសន៍ ដែលបានធ្វើឲ្យមនុស្សជាង ៨០០.000នាក់ ស្លាប់ ភាគច្រើនជាជនជាតិភាគតិចTutsis និង Hutus ដែលព្យាយាមការពារពួកគេ។លោកមិនបានសូមទោសទេ ប៉ុន្តែប្រធានាធិបតីរ្វ៉ាន់ដា លោក Paul Kagame បានផ្តល់សញ្ញាថា ទំព័រមួយ ត្រូវបានបង្វែរនៅក្នុងទំនាក់ទំនងបារាំង-រ្វ៉ាន់ដា បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំងជាបន្តបន្ទាប់ដើម្បីជួសជុលទំនាក់ទំនងរវាងប្រទេសទាំងពីរ។រដ្ឋាភិបាលប្រទេសរ៉្វាន់ដា បានចោទបារាំងជាយូរមកហើយថា បានបង្កឲ្យមានអំពើប្រល័យពូជសាសន៍។ចាប់តាំងពីលោកបានជាប់ឆ្នោតជាលើកដំបូងក្នុងឆ្នាំ ២០១៧ លោកម៉ាក្រុង បានធ្វើរបាយការណ៍គួរឲ្យកត់សម្គាល់អំពីតួនាទីរបស់ប្រទេសបារាំងមុន និងក្នុងអំឡុងពេលនៃអំពើប្រល័យពូជសាសន៍ ហើយបានសម្រេចចិត្តបង្ហាញឯកសារសំខាន់ៗរបស់ប្រទេសនេះដល់សាធារណជន ចាប់ពីពេលនេះតទៅ។

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការបញ្ជូនកងទ័ព ទៅកាន់អ៊ុយក្រែន

2024/04/05 06:01:01 pm        138
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បានព្រមានសមភាគីបារាំងប្រឆាំងនឹងការដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែននៅក្នុងការសន្ទនាតាមទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធ ហើយបានកត់សម្គាល់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចា ដើម្បីបញ្ចប់ជម្លោះ។សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា លោក Sergei Shoigu បានប្រាប់រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu ថា ប្រសិនបើទីក្រុងប៉ារីស ធ្វើតាមសេចក្តីថ្លែងការណ៍របស់ខ្លួនអំពីលទ្ធភាពនៃការបញ្ជូនកងយោធាបារាំង ទៅកាន់អ៊ុយក្រែន វានឹងបង្កើតបញ្ហាសម្រាប់បារាំងខ្លួន ឯង។ សេចក្តីថ្លែងការណ៍នោះ មិនបានបញ្ជាក់លម្អិតទេ។ការសន្ទនានេះ បានធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) កាលពីខែកុម្ភៈ ដែលក្នុងនោះ លោកបាននិយាយថា លទ្ធភាពនៃការបញ្ជូនទាហានលោកខាងលិច ទៅកាន់អ៊ុយក្រែន មិនអាចត្រូវបានគេច្រានចោលឡើយ។ការអំពាវនាវនេះ គឺជាទំនាក់ទំនងលើកដំបូងរវាងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងបារាំង ចាប់តាំងពីខែតុលា ឆ្នាំ ២០២២។លោក Shoigu បានបញ្ជាក់អំពី«ការត្រៀមខ្លួនរបស់ទីក្រុងមូស្គូសម្រាប់ការពិភាក្សាអំពីអ៊ុយក្រែន» ដោយសង្កត់ធ្ងន់ថា កិច្ចចរចាសន្តិភាពដែលបានគ្រោងធ្វើនៅទីក្រុងហ្សឺណែវ នឹង «គ្មានន័យ»ប្រសិនបើគ្មានការចូលរួមពីរុស្ស៊ី។ លោកបានបន្ថែមថា លទ្ធភាពចរចានាពេលអនាគត អាចផ្អែកលើឯកសារព្រាងដែលត្រូវបានពិភាក្សា ក្នុងអំឡុងពេលកិច្ចចរចារុស្ស៊ី-អ៊ុយក្រែន នៅទីក្រុងអ៊ីស្តង់ប៊ុល ក្នុងខែមីនាឆ្នាំ ២០២២។

ការដឹកជញ្ជូននៅកំពង់ផែ បាល់ទីម័រ នឹងបន្តឡើងវិញនៅចុងខែមេសា ជាមួយសមត្ថភាពពេញលេញចុងខែឧសភា

2024/04/05 05:40:09 pm        129
អង្គភាពវិស្វករនៃកងទ័ពអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) ថា ខ្លួនរំពឹងថានឹងបើកច្រកថ្មីទៅកាន់កំពង់ផែ បាល់ទីម័រ (Baltimore) នៅចុងខែមេសា ដោយបើកឡើងវិញនូវការដឹកជញ្ជូនពាណិជ្ជកម្មដែលត្រូវបានរារាំងដោយសារស្ពានបាក់រលំ ហើយបន្ទាប់មកស្ដារច្រកចូលកំពង់ផែឱ្យដំណើរការដោយសមត្ថភាពពេញលេញនៅចុងខែឧសភា។បណ្ដាញច្រកចូលសំខាន់ត្រូវបានរារាំងដោយបំណែកស្ពាន ចាប់តាំងពីកប៉ាល់ដឹកទូរកុងតឺន័រ ដាលី (Dali) បានបាត់បង់ថាមពល ហើយបានបុកបង្គោលជំនួយនៃស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) កាលពីថ្ងៃទី ២៦ ខែមីនា ដោយបានសម្លាប់កម្មករផ្លូវថ្នល់ចំនួន ៦ នាក់ និងបណ្តាលឱ្យស្ពានផ្លូវហាយវេបាក់ធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco)។អង្គភាពកងទ័ព ដែលជាផ្នែកមួយនៃក្រុមចម្រុះដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ បាល់ទីម័រ បានប្រកាសពីផែនការនេះ មួយថ្ងៃមុនដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ដោយនិយាយថាក្នុងរយៈពេល ៤ សប្តាហ៍ទៀត ច្រកផ្លូវទឹកនេះនឹងមានលក្ខណៈសមរម្យសម្រាប់នាវាមួយចំនួនក្នុងការចេញចូល ដែលដឹកជញ្ជូនរថយន្ត និងឧបករណ៍កសិកម្ម។កំពង់ផែបាល់ទីម័រ ជាប់ចំណាត់ថ្នាក់លេខ១ នៅសហរដ្ឋអាមេរិក សម្រាប់បរិមាណដែលខ្លួនអាចផ្ទុកយានយន្តស្វ័យប្រវត្តិ និងប្រភេទរថយន្តដឹកទំនិញធុនស្រាល ព្រមទាំងគ្រឿងចក្រកសិកម្ម និងសំណង់ នេះបើយោងតាមរដ្ឋ ម៉ារីលែន (Maryland)។ ភាគច្រើននៃចរាចរណ៍ទាំងនោះត្រូវបានផ្អាកចាប់តាំងពីឧបទ្ទវហេតុមក ទោះបីជាប្រតិបត្តិការស្ថានីយមួយចំនួននៅខាងក្រៅតំបន់ដែលរងផលប៉ះពាល់បានបន្តឡើងវិញក៏ដោយ៕

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ផែនការសន្តិភាពរបស់ចិនលើអ៊ុយក្រែន គឺសមហេតុផលបំផុត រហូតមកដល់ពេលនេះ

2024/04/05 05:36:42 pm        130
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ (Sergei Lavrov) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រហូតមកទល់ពេលនេះ ប្រទេសចិន បានស្នើផែនការសន្តិភាពដែលសមហេតុផលបំផុតសម្រាប់ការដោះស្រាយជម្លោះអ៊ុយក្រែន។ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន១២ចំណុចកាលពីជាងមួយឆ្នាំមុន ដែលបានដាក់ចេញនូវគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាម ប៉ុន្តែមិនបានបញ្ជាក់ពីជាក់លាក់នោះទេ។ ឯកសារនោះ បានទទួលការស្វាគមន៍យ៉ាងកក់ក្តៅនៅពេលនោះទាំងនៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ខណៈដែលសហរដ្ឋអាមេរិក បាននិយាយថា ប្រទេសចិន កំពុងបង្ហាញខ្លួនឯងថា ជាអ្នកបង្កើតសន្តិភាព ប៉ុន្តែឆ្លុះបញ្ចាំងពី «ការនិទានរឿងមិនពិត»របស់រុស្ស៊ី និងបរាជ័យ ក្នុងការថ្កោលទោសការឈ្លានពានរបស់ខ្លួន។ទីភ្នាក់ងារសារព័ត៌មានរដ្ឋRIA បានដកស្រង់សម្តីលោកឡាវរ៉ូវ ដោយប្រាប់អ្នកសារព័ត៌មានថា៖«អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺថា ឯកសាររបស់ចិន គឺផ្អែកលើការវិភាគអំពីហេតុផលនៃអ្វីដែលកំពុងកើតឡើង និងតម្រូវការ ក្នុងការលុបបំបាត់មូលហេតុឫសគល់ទាំងនេះ។«ផែនការនេះ ត្រូវបានគេរិះគន់ថា មានភាពមិនច្បាស់លាស់...ប៉ុន្តែនេះ គឺជាផែនការដ៏សមហេតុផលដែលអរិយធម៌ចិនដ៏អស្ចារ្យ បានស្នើឡើងឲ្យមានការពិភាក្សា»។លោកឡាវរ៉ូវ គ្រោងនឹងជួបសមភាគីចិន ក្នុងពេលឆាប់ៗនេះ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីខែមុនថា លោកនឹងពិចារណាអំពីការទៅប្រទេសចិនសម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងនៃអាណត្តិ ៦ឆ្នាំថ្មីរបស់ខ្លួន។ប្រទេសរុស្ស៊ី និយាយថា ខ្លួនមានឆន្ទៈក្នុងការចូលរួមក្នុងការពិភាក្សាអំពីអ៊ុយក្រែន ប៉ុន្តែទាំងនេះ ត្រូវតែឆ្លុះបញ្ចាំងពីអ្វីដែលខ្លួនហៅថា «ការពិតថ្មី»ជាក់ស្តែង ដែលកងកម្លាំងរបស់ខ្លួនគ្រប់គ្រងត្រឹមតែ១ភាគ៥នៃប្រទេសនេះ ហើយទីក្រុងមូស្គូ បានទាមទារតំបន់អ៊ុយក្រែនចំនួន៤ ជារបស់ខ្លួន។

ហ្វីលីពីន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា ជាមួយអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈភាពតានតឹងនៅអាស៊ី-ប៉ាស៊ីហ្វិក

2024/04/05 05:32:28 pm        110
ប្រភពការទូតចំនួនពីរបានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃព្រហស្បតិ៍ទី៤មេសា សប្ដាហ៍នេះថាហ្វីលីពីន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នាជាមួយសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី ខណៈប្រទេសទាំងបួនពង្រឹងទំនាក់ទំនងយោធាឱ្យកាន់តែខ្លាំង ដើម្បីទប់ទល់ការរីកសាយឥទ្ធិពលរបស់ចិនក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។សមយុទ្ធនេះនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី៧មេសា សប្ដាហ៍នេះ នៅសមុទ្រចិនខាងត្បូងកំពុងមានជម្លោះ ដែលទីក្រុងប៉េកាំងអះអាងសិទ្ធិគ្រប់គ្រងស្ទើរតែទាំងស្រុង ប៉ុន្មានថ្ងៃមុនលោកប្រធានាធិបតីអាមេរិកលោក Joe Biden គ្រោងរៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន នៅថ្ងៃទី១១ខែមេសា សប្ដាហ៍ក្រោយក្នុងទីក្រុង Washington។ ប្រភពការទូតទាំងនោះ បាននិយាយដោយសុំមិនបញ្ចេញឈ្មោះ ព្រោះសមយុទ្ធនេះមិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ។ កាលពីដើមសប្តាហ៍នេះ នាវាចម្បាំងអូស្ត្រាលី HMAS Warramunga បានទៅដល់ខេត្តកោះ Palawan របស់ហ្វីលីពីន ដែលប្រឈមមុខនឹងជម្លោះដែនទឹកដ៏ក្តៅគគុក។ យោធាហ្វីលីពីនបាននិយាយថា ដំណើរទស្សនកិច្ចនេះគឺ សំដៅពង្រឹងទំនាក់ទំនងយោធាជាមួយបណ្ដាប្រទេសជាដៃគូ។ភាពតានតឹងក្នុងតំបន់បានកក្រើកឡើងខ្លាំងកាលពីឆ្នាំមុន ដោយសារប្រទេសចិនកាន់តែមានទំនុកចិត្តក្នុងការអះអាងសិទ្ធិកាន់កាប់លើដែនទឹក ដែលអះអាងសិទ្ធិគ្រប់គ្រងដោយហ្វីលីពីន និងជប៉ុន ក៏ដូចជាលើ កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ផងដែរ។ជាការឆ្លើយតប សហរដ្ឋអាមេរិកបានស្វែងរកការពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់ រួមទាំងជាមួយនឹងសម្ព័ន្ធមិត្តសន្ធិសញ្ញាជប៉ុន និងហ្វីលីពីនផងដែរ។ កិច្ចប្រជុំកំពូលដែលបានគ្រោងទុកនៅថ្ងៃទី១១ ខែមេសា របស់លោក Biden ជាមួយ លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos និងលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida នៅសេតវិមាន នឹងក្លាយជាកិច្ចប្រជុំចុងក្រោយបង្អស់ជាមួយដៃគូអាស៊ីប៉ាស៊ីហ្វិក៕

អង្គការសហប្រជាជាតិ អំពាវនាវឱ្យរដ្ឋាភិបាលបញ្ឈប់ការនាំចេញប្រេងឥន្ធនៈយន្តហោះ ទៅមីយ៉ាន់ម៉ា

2024/04/05 05:06:59 pm        166
ស្ថាប័នសិទ្ធិមនុស្សឈានមុខគេរបស់អង្គការសហប្រជាជាតិបានឯកភាពកាលពីថ្ងៃព្រហស្បតិ៍ ទី៤មេសា លើវិធានការនានាក្នុងគោលបំណងដាក់សម្ពាធលើរបសឹកសហភាពមីយ៉ាន់ម៉ា និងអ៊ីរ៉ង់ ដែលរដ្ឋាភិបាលរបស់ពួកគេត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាលើប្រជាជនរបស់ខ្លួន។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស បង្កើតឡើងដោយមានសមាជិកចំនួន៤៧ប្រទេស គាំទ្រជាឯកច្ឆ័ន្ទនូវវិធានការមួយ ដែលអំពាវនាវឱ្យរដ្ឋាភិបាលនានាបញ្ចៀសការនាំចេញ ឬលក់ឥន្ធនៈយន្តហោះទៅឲ្យសហភាពមីយ៉ាន់ម៉ា ប្រសិនបើពួកគេជឿថារបបយោធាកំពុងកាន់អំណាច អាចប្រើប្រាស់ប្រេងឥន្ធនៈដើម្បីរំលោភសិទ្ធិមនុស្សនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ហែកហួរដោយសង្រ្គាម និងភាពចលាចលខាងនយោបាយ។ អង្គការនេះ ក៏បានជំរុញឱ្យបញ្ឈប់ការផ្ទេរអាវុធ គ្រាប់បែក និងឧបករណ៍យោធាផ្សេងទៀតដោយខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍យោធាលោក មីន អ៊ុងឡាំង (Min Aung Hlaing) ផងដែរ ។ អ្នកជំនាញឯករាជ្យទទួលបន្ទុកដោយក្រុមប្រឹក្សានេះ បានព្រមានកាលពីខែមុនថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាកំពុងបង្កើនអំពើហិង្សាលើជនស៊ីវិល ខណៈខ្លួនប្រឈមការដើរថយក្រោយបន្ថែមទៀតនៅលើសមរភូមិប្រឆាំងនឹងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។ យោធាបានដណ្តើមអំណាចជាងបីឆ្នាំកន្លងទៅពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រីអ៊ុងសាន ស៊ូជី(San Suu Kyi) បង្កឲ្យមានការប្រឆាំងអហិង្សាទូទាំងប្រទេស ដែលត្រូវបានវាយទប់ទល់វិញដោយការបង្ក្រាបដ៏ហិង្សាយ៉ាងសាហាវពីសំណាក់កម្លាំងយោធា។ ការគាបសង្កត់បានរុញឱ្យមានការងើបតស៊ូប្រដាប់អាវុធ និងច្រានប្រទេសនេះធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរហូតមកដល់បច្ចុប្បន្ន។ ក្រុមតស៊ូមតិរបស់អង្គការលើកលែងទោសអន្តរជាតិ បានអំពាវនាវម្តងហើយម្តងទៀតឲ្យបញ្ឈប់ការដឹកជញ្ជូនប្រេងខុសច្បាប់ទៅកាន់សហភាពមីយ៉ាន់ម៉ា ហើយកាលពីខែមករា បានចង្អុលពីទិន្នន័យការដឹកជញ្ជូន ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីជៀសវាងការដាក់ទណ្ឌកម្មនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងឥន្ធនៈអាកាសចរណ៍។អង្គការនេះបានបន្តទៀតថា យ៉ាងហោចណាស់ការដឹកជញ្ជូនប្រេងឥន្ធនៈចំនួនប្រាំពីរលើកបានទៅដល់មីយ៉ាន់ម៉ាកាលពីឆ្នាំមុន ដែលជាប់ពាក់ព័ន្ធដោយផ្ទាល់ចំពោះអង្គភាពស្តុកទុកក្នុងប្រទេសវៀតណាម៕

លោក ណេតាន់យ៉ាហ៊ូ៖ អ៊ីស្រាអែល នឹងចាត់វិធានការប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីការពារខ្លួន

2024/04/05 04:38:24 pm        208
អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ (០៤ មេសា) បានត្រៀមខ្លួនសម្រាប់លទ្ធភាពនៃការវាយប្រហារសងសឹក បន្ទាប់ពីការសង្ស័យថាខ្លួនបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់នៅទីក្រុងដាម៉ាស ប្រទេសស៊ីរី ក្នុងសប្តាហ៍នេះ ហើយនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយថា ប្រទេសលោកនឹងធ្វើបាប «អ្នកណាដែលចង់ធ្វើបាប ឬមានផែនការធ្វើបាបអ៊ីស្រាអែល» ដើម្បីការពារខ្លួន។ការអត្ថាធិប្បាយនេះបានកើតឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធរបស់អ៊ីស្រាអែល បានប្រកាសថាពួកគេកំពុងផ្អាកការចាកចេញសម្រាប់អង្គភាពប្រយុទ្ធទាំងអស់ រយៈពេលមួយថ្ងៃបន្ទាប់ពីបាននិយាយថា ពួកគេកំពុងចល័តកងទ័ពបន្ថែមទៀតសម្រាប់អង្គភាពការពារដែនអាកាស។លទ្ធភាពនៃការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលត្រូវបានសន្មត់ កាលពីថ្ងៃចន្ទ លើបរិវេណស្ថានទូតអ៊ីរ៉ង់ នៅទីក្រុង ដាម៉ាស បានបង្កើនទិដ្ឋភាពនៃសង្រ្គាមកាន់តែទូលំទូលាយ ទោះបីជាប្រភពចំនួនពីររបស់អ៊ីរ៉ង់បាននិយាយថា ការឆ្លើយតបរបស់ទីក្រុងតេអេរ៉ង់ នឹងត្រូវបានក្រិតតាមខ្នាតដើម្បីជៀសវាងការកើនឡើងនៃជម្លោះក៏ដោយ។ អ៊ីរ៉ង់ ដែលជាសត្រូវដ៏អង់អាចរបស់អ៊ីស្រាអែល បានស្បថសងសឹកចំពោះការសម្លាប់ឧត្តមសេនីយ៍ពីរនាក់របស់ខ្លួន រួមជាមួយនឹងទីប្រឹក្សាយោធាចំនួនប្រាំនាក់ នៅក្នុងការវាយប្រហារតាមអាកាសលើបរិវេណការទូតអ៊ីរ៉ង់ មួយក្នុងរដ្ឋធានីស៊ីរី កាលពីថ្ងៃចន្ទ។ អ៊ីស្រាអែលត្រូវបានគេជឿថា បានធ្វើការវាយប្រហារដែលស្ថិតក្នុងចំណោមផលប្រយោជន៍ដ៏សំខាន់បំផុតរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុងតេអេរ៉ង់។ អ៊ីស្រាអែល មិនបានបញ្ជាក់ ឬបដិសេធចំពោះការពាក់ព័ន្ធក្នុងការវាយប្រហារនោះឡើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប្រយុទ្ធគ្នាកាន់តែខ្លាំងនៅយេម៉ែន ខណៈក្រុមហ៊ូទី ច្រានចោលថាមិនបានកំណត់គោលដៅលើទីក្រុងមេកា
11/12/2026 05:11 PM
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មបើកកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ជាកំហុសទិន្នន័យលើឯកសារអត្តសញ្ញាណប្រជាពលរដ្ឋ
11/12/2026 05:11 PM
អ៊ីរ៉ង់ ព្រមានសងសឹកកាន់តែខ្លាំង ខណៈមានសេចក្តីរាយការណ៍ថា អ៊ីស្រាអែលត្រៀមវាយប្រហារ
11/12/2026 04:11 PM
ទីក្រុងឌែលី ទប់ទល់វិបត្តិបំពុលបរិស្ថានខណៈខ្យល់និងទឹកមានសារធាតុពុលបង្កហានិភ័យសុខភាព
11/12/2026 04:11 PM
មេដឹកនាំ៖ កោះតៃវ៉ាន់ ចូលរួមក្នុងកិច្ចប្រជុំកំពូល APEC នៅប្រទេសចិនដោយឈរលើមូលដ្ឋានសមភាព
11/12/2026 04:11 PM
ប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី ត្រូវបានរៀបចំដាក់តាំងបង្ហាញនៅ «ភូមិហ្រ្វង់កូហ្វូនី» ដើម្បីបង្ហាញឱ្យថ្នាក់ដឹកនាំ និងភ្ញៀវអន្តរជាតិទស្សនា
11/12/2026 04:11 PM
លោក Xi បញ្ជាក់​ថា ការបង្រួបបង្រួមតៃវ៉ាន់វិញ​ ត្រូវតែកើត​ឡើង​ ដ្បិត​ប្រវត្តិសាស្ត្រមិនអាចបញ្ឈប់បាន​ឡើយ
11/12/2026 04:11 PM
កូរ៉េខាងត្បូងឃើញលទ្ធភាពតិចតួចនៃការ​មាន​ទំនាក់ទំនង រវាងអាមេរិក និងកូរ៉េខាងជើង នៅ​ APEC
11/12/2026 04:11 PM
អង្គការ MSF៖ ការផ្ទុះ​ជំងឺអេបូឡា នៅកុងហ្គោ នៅតែមិនអាចគ្រប់គ្រងបាន​ ក្រោយ​រយៈពេល ៦ខែ
11/12/2026 04:11 PM
ក្រុមលោក Eisenkot គ្រោងលុបចោលច្បាប់ចំនួន ៥ សម័យលោក Netanyahu មុនបង្កើត​រដ្ឋាភិបាលអ៊ីស្រាអែលថ្មី​
11/12/2026 03:11 PM