សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ

នយោបាយ​ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំកំពូលភាគខាងត្បូងលើកទី៣ អំពាវនាវឱ្យបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន

2024/01/23 02:19:39 pm        110
កិច្ចប្រជុំកំពូលភាគខាងត្បូងលើកទី ៣ បានបញ្ចប់កាលពីថ្ងៃចន្ទ នៅក្នុងរដ្ឋធានី Kampala ប្រទេសអ៊ូហ្គង់ដា ដោយមានមេដឹកនាំជាច្រើនចូលរួម អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅតំបន់ហ្កាហ្សា និងការការពារជនស៊ីវិល។ កិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃ ដែលបានមកជួបជុំមេដឹកនាំនៃក្រុមសមាជិកចំនួន ៧៧ប្រទេស ហើយប្រទេសចិន បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អនុវត្តកិច្ចខិតខំប្រឹងប្រែងអនុវត្តសេចក្តីសម្រេចរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែលនិងប៉ាឡេស្ទីន ដោយមិនពន្យារពេល។ កិច្ចប្រជុំកំពូលភាគខាងត្បូង គឺជាស្ថាប័នធ្វើសេចក្តីសម្រេចចិត្តជាន់ខ្ពស់របស់ក្រុមប្រទេសចំនួន ៧៧ ដែលមានសមាជិកចំនួន ១៣៤នាក់។ តំណាងជាន់ខ្ពស់នៃប្រទេសជិត ១០០ និងប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិ ក៏បានចូលរួមក្នុងកិច្ចប្រជុំនេះ។ ក្រុមមេដឹកនាំ បាននិយាយនៅក្នុងឯកសារលទ្ធផលនៃកិច្ចប្រជុំថា យើងក៏បានបញ្ជាក់ឡើងវិញនូវការទាមទាររបស់យើងសម្រាប់ការដកចេញបន្ទាន់ និងពេញលេញនៃការបិទផ្លូវរបស់អ៊ីស្រាអែល ដែលបានដាក់នៅតំបន់ហ្កាហ្សា ដែលបង្កើតជាការដាក់ទណ្ឌកម្មរួមដ៏ធំ។ ពួកគេបានអំពាវនាវ ឱ្យមានការរុះរើទាំងស្រុង និងបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពតាំងទីលំនៅខុសច្បាប់របស់អ៊ីស្រាអែល នៅក្នុងដែនដីប៉ាឡេស្ទីនដែលកាន់កាប់ រួមទាំងទីក្រុងហ្សេរុយសាឡឹមខាងកើត និងតំបន់ Golan Heights របស់ប្រទេសស៊ីរីដែលកាន់កាប់។ ក្រុមមេដឹកនាំ បាននិយាយថា អ៊ីស្រាអែលកំពុងបំពានធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ សម្រាប់ការវាយប្រហាររបស់ខ្លួនលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលស៊ីរី រួមទាំងអាកាសយានដ្ឋានស៊ីវិល ដែលគំរាមកំហែងដល់ជីវិតរស់នៅរបស់ជនស៊ីវិល រារាំងប្រតិបត្តិការមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពអាកាសចរណ៍ស៊ីវិល។ កិច្ចប្រជុំកំពូលនេះ ត្រូវបានធ្វើឡើងក្រោមប្រធានបទ «មិនទុកនរណាម្នាក់រងគ្រោះនៅពីក្រោយឡើយ»។ ប្រទេសអ៊ូហ្គង់ដា បានកាន់តួនាទីជាប្រធាននៃកិច្ចប្រជុំកំពូលពីប្រទេសគុយបា។ នេះជាលើកទីមួយហើយដែលកិច្ចប្រជុំកំពូលភាគខាងត្បូង ត្រូវបានធ្វើឡើងនៅ អាហ្វ្រិក។ កិច្ចប្រជុំកំពូលពីរលើកកាលពីពេលមុន ត្រូវបានធ្វើឡើងនៅទីក្រុងឡាហាវ៉ាន ប្រទេសគុយបា ក្នុងឆ្នាំ ២០០០ និងនៅទីក្រុងដូហា ប្រទេសកាតា ក្នុងឆ្នាំ ២០០៥។

លោក ត្រាំ ប្រឈមនឹងគូប្រជែងចុងក្រោយរបស់ខ្លួន ខណៈការបោះឆ្នោតបឋមនៅរដ្ឋ New Hampshire ខិតកាន់តែជិត

2024/01/23 02:12:22 pm        128
អ្នកបោះឆ្នោតនៅរដ្ឋ ញូវហែមស៊ៀ (New Hampshire) របស់សហរដ្ឋអាមេរិក នឹងធ្វើដំណើរទៅបោះឆ្នោតនៅថ្ងៃអង្គារ (២៣ មករា) នេះ ខណៈដែលលោក ដូណាល់ ត្រាំ (Donald Trump) ប្រឈមមុខនឹងគូប្រជែងខាងគណបក្សសាធារណរដ្ឋដែលនៅសល់ចុងក្រោយគឺលោកស្រី នីកគី ហាលី (Nikki Haley) នៅក្នុងការបោះឆ្នោតបឋមនេះ។ អតីតប្រធានាធិបតីអាមេរិករូបនេះសង្ឃឹមថាលទ្ធផលឆ្នោតនឹងផ្ដល់វាយលុកដ៏ធំដល់យុទ្ធនាការរបស់អតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា (South Carolina) លោកស្រី នីកគី ហាលី។លោកស្រី ហាលី សង្ឃឹមថា ប្លុកអ្នកបោះឆ្នោតឯករាជ្យរបស់រដ្ឋដែលសម្បូរដោយថ្មក្រានីតមួយនេះ នឹងជួយលោកស្រី យកជ័យជម្នះដ៏ខកចិត្តសម្រាប់លោកត្រាំ នៅក្នុងការប្រជែងតំណែងសេតវិមានរបស់សាធារណរដ្ឋ។ ការប្រកួតលើកទីពីរនេះ ធ្វើឡើងបន្ទាប់ពីការឈ្នះដ៏លើសលប់របស់លោក ត្រាំ កាលពីសប្តាហ៍មុននៅរដ្ឋ អ៊ីអូវ៉ា (Iowa)។បេក្ខភាពគណបក្សសាធារណរដ្ឋចុងក្រោយនឹងប្រជែងជាមួយបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ ដែលទំនងជាលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតសកលនៅខែវិច្ឆិកា។ គណបក្សប្រជាធិបតេយ្យក៏កំពុងបោះឆ្នោតនៅក្នុងការបោះឆ្នោតបឋមរបស់ពួកគេនៅរដ្ឋ ញ៉ូវហែមស៊ៀ នៅថ្ងៃអង្គារ នេះដែរប៉ុន្តែដោយសារតែជម្លោះរវាងក្រុមមន្ត្រីគណបក្សជាតិ និងមូលដ្ឋាន លោក បៃដិន គឺជាប្រធានាធិបតីកំពុងកាន់តំណែងដំបូងគេដែលមិនបង្ហាញខ្លួននៅលើសន្លឹកឆ្នោត។លោក ត្រាំ វ័យ ៧៧ឆ្នាំ បាននាំមុខក្នុងពិន្ទុពីរខ្ទង់រួចហើយនៅក្នុងការស្ទង់មតិជាច្រើនដែលបានធ្វើឡើងនៅរដ្ឋ ញ៉ូវហែមស៊ៀ មុនពេលការបោះបង់របស់អភិបាលរដ្ឋហ្ល្វរីដា លោក រ៉ន ដឺសេនធីស (Ron DeSantis)។ ការស្ទង់មតិភាគច្រើនបង្ហាញថាក្រុមអ្នកគាំទ្ររបស់លោកអភិបាលរដ្ឋហ្ល្វរីដា រូបនេះភាគច្រើនចាត់ទុកលោក ត្រាំ ជាជម្រើសបន្ទាប់ដ៏ល្អបំផុត៕

កាណាដា កាត់បន្ថយទិដ្ឋាការនិស្សិតបរទេស ដើម្បីបន្ធូរបន្ថយសម្ពាធលំនៅដ្ឋាន ខណៈថ្លៃចំណាយកើនឡើង

2024/01/23 02:07:28 pm        89
ប្រទេសកាណាដា កាលពីថ្ងៃចន្ទ (២២ មករា) បានប្រកាសកាត់បន្ថយលើទិដ្ឋាការនិស្សិតអន្តរជាតិរយៈពេលពីរឆ្នាំ ដើម្បីបន្ធូរបន្ថយសម្ពាធលើលំនៅដ្ឋាន ការថែទាំសុខភាព និងសេវាកម្មផ្សេងទៀតនៅពេលដែលមានការធ្វើអន្តោប្រវេសន៍ដ៏ច្រើនលើសលប់ក្នុងកំណត់ត្រា និងកំណើនថ្លៃចំណាយក្នុងការរស់នៅប្រចាំដ៏ខ្ពស់។រដ្ឋមន្ត្រីអន្តោប្រវេសន៍លោក ម៉ាក មីលឡឺ (Marc Miller) បាននិយាយថានឹងមានការកាត់បន្ថយ ៣៥ភាគរយនៃទិដ្ឋាការសិក្សាថ្មីនៅឆ្នាំ២០២៤ នេះ។ លោកបាននិយាយថាកម្មវិធីនិស្សិតអន្តរជាតិត្រូវបានរងផលប៉ះពាល់ដោយបណ្ដាស្ថាប័នដែលផ្តល់សញ្ញាប័ត្រ «ក្លែងក្លាយ» ដោយដាក់សម្ពាធលើលំនៅដ្ឋាន និងការថែទាំសុខភាព។ចំនួនទិដ្ឋាការថ្មីដែលត្រូវបានចេញនឹងត្រូវកំណត់ត្រឹម ៣៦៤.០០០ច្បាប់ប៉ុណ្ណោះ ដែលទិដ្ឋាការបែបនេះមានចំនួនជិត ៥៦០.០០០ច្បាប់ត្រូវបានចេញកាលពីឆ្នាំមុន។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) នៅទីក្រុងម៉ុនត្រេអាល់ (Montreal) នៅសប្តាហ៍នេះ នឹងផ្តល់អាទិភាពដល់លទ្ធភាពនៃការទទួលបានសេវាកម្មផ្សេងៗ និងលំនៅដ្ឋាន នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល។រដ្ឋាភិបាលបាននិយាយថាមាននិស្សិតបរទេសប្រហែល ១លាននាក់ ក្នុងប្រទេសឥឡូវនេះ ហើយបើមិនមានការអន្តរាគមន៍ណាមួយនោះទេ ចំនួននេះនឹងបន្តកើនឡើងទៀត។ លោករដ្ឋមន្ត្រីអន្តោប្រវេសន៍ មីលឡឺ បាននិយាយថា ក្រុមមន្ត្រីបាននិងកំពុងធ្វើការលើការរក្សាស្ថិរភាពចំនួនប្រជាជនដែលចូលប្រទេសជារៀងរាល់ឆ្នាំ ខណៈដែលសម្ពាធលំនៅដ្ឋានកើនឡើងខ្លាំង៕

រុស្ស៊ី កំពុងធ្វើសកម្មភាពរារាំងការវាយប្រហាររបស់អ៊ុយក្រែន លើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ

2024/01/23 02:00:54 pm        103
វិមានក្រឹមឡាំង បាននិយាយកាលពីថ្ងៃចន្ទ (២២ មករា) ថារុស្ស៊ី កំពុងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារពលរដ្ឋរបស់ខ្លួន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗពីការវាយប្រហាររបស់អ៊ុយក្រែន រយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានចោទប្រកាន់កងកម្លាំងរបស់ទីក្រុងគីវ ថាបានសម្លាប់មនុស្ស ២៧នាក់ ក្នុងការបាញ់ផ្លោងលើទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ី នៅភាគខាងកើតប្រទេសអ៊ុយក្រែន។កាលពីថ្ងៃអាទិត្យផងដែរ ក្រុមហ៊ុនរុស្ស៊ីឈ្មោះ ណូវ៉ាថេក (Novatek) ត្រូវបានបង្ខំឱ្យផ្អាកប្រតិបត្តិការមួយចំនួននៅឯស្ថានីយនាំចេញឥន្ធនៈនៅសមុទ្របាល់ទិកដ៏ធំមួយ បន្ទាប់ពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនបាននិយាយថា គឺជាការវាយប្រហារចុងក្រោយបង្អស់នៃយានដ្រូនរបស់អ៊ុយក្រែន ទៅលើរោងចក្រថាមពលរុស្ស៊ី។ក្រុមមន្ត្រីដែលដំឡើងដោយរុស្ស៊ីនៅទីក្រុងដូណិតស្ក៍ (Donetsk) បាននិយាយថា ការវាយប្រហារដែលបានធ្វើឱ្យមនុស្ស ២៥នាក់រងរបួសផងដែរនោះ បានវាយប្រហារលើតំបន់មមាញឹកមួយជាទីដែលហាងនានា និងផ្សារមួយស្ថិតនៅ។ កងកម្លាំងអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអាទិត្យថា ពួកគេមិនទទួលខុសត្រូវចំពោះការស្លាប់របស់ប្រជាជននៅលើទឹកដីដែលកាន់កាប់នោះទេ ហើយបានស្តីបន្ទោសរុស្ស៊ីចំពោះការបណ្ដាឲ្យបាត់បង់ជីវិតមនុស្សយ៉ាងធ្ងន់ធ្ងរ។ជនស៊ីវិលអ៊ុយក្រែនរាប់ពាន់នាក់ត្រូវបានសម្លាប់ ឬរងរបួសដោយការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់រុស្ស៊ី ចាប់តាំងពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានបញ្ជូនទាហានរាប់ម៉ឺននាក់ចូលទៅក្នុងអ៊ុយក្រែនកាលពីជិតពីរឆ្នាំមុនមក៕

ការប្រកួតប្រជែងក្នុងការបោះឆ្នោតឥណ្ឌូនេស៊ី ឡើងកម្តៅខ្លាំងជុំវិញយុទ្ធសាស្ត្រដែកនីកែល របស់លោក Jokowi

2024/01/23 12:37:00 pm        112
បណ្ដាបេក្ខភាពអនុប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី ដែលតំណាងឱ្យការប្រកួតប្រជែងរបស់ពួកគេ បានដាក់គោលដៅលើយុទ្ធសាស្ត្រឧស្សាហកម្មនីកែលរបស់ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលត្រូវបានគេស្គាល់ដោយឈ្មោះហៅក្រៅរបស់លោកថា ចូកូវី (Jokowi) នៅក្នុងការជជែកដេញដោលកាលពីយប់ថ្ងៃអាទិត្យ (២១ មករា) មុនការបោះឆ្នោតប្រធានាធិបតី ដែលនឹងមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ។ការជជែកដេញដោលជាផ្លូវការវគ្គទី៤ ក្នុងចំណោមវគ្គទាំង៥ បានលើកឡើងពីប្រធានបទនៃការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ធនធានធម្មជាតិ និងសន្តិសុខស្បៀង និងបានបង្ហាញពីបេក្ខជននាំមុខរបស់តំណែងអនុប្រធានាធិបតីដែលមានដូចជា លោកអភិបាល ហ្គីប្រាន រ៉ាកាប៊ូមីង (Gibran Rakabuming) លោករដ្ឋមន្រ្តី ម៉ូហាម៉េដ ម៉ាហ្វហ្វូដ អ៊ឹមឌី (Mohammad Mahfud MD) និងអ្នកនាំពាក្យរងរបស់សភា លោក ម៉ូហៃមីន អ៊ីស្កាន់ដា (Muhaimin Iskandar)។ លោកប្រធានាធិបតី ចូកូវី បានអនុវត្តនូវអ្វីដែលលោកហៅថា «យុទ្ធសាស្រ្តដែកនីកែល» ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីកសាងខ្សែសង្វាក់ដ៏មានតម្លៃក្នុងការកែច្នៃក្នុងស្រុកសម្រាប់រ៉ែនីកែល ខណៈដែលតម្រូវការកើនឡើងសម្រាប់សម្ភារៈអាគុយរថយន្តអគ្គិសនី។រោងចក្រចម្រាញ់នីកែល ដែលគ្រប់គ្រងដោយក្រុមហ៊ុនចិន បានរីកសាយភាយនៅក្នុងប្រទេសឥណ្ឌូនេស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែប្រតិបត្តិការរបស់ពួកគេបានទាក់ទាញការត្រួតពិនិត្យលើផលប៉ះពាល់បរិស្ថាន និងថ្មីៗនេះទៅលើសុវត្ថិភាពរបស់កម្មករ ខណៈដែលការផ្ទុះឡដុតនៅឯបរិវេណឧស្សាហកម្មនីកែលដ៏ធំមួយនៅលើកោះ ស៊ូឡាវេស៊ី (Sulawesi) ក្នុងខែធ្នូ តាមសេចក្តីរាយការណ៍បានសម្លាប់មនុស្ស ២១នាក់ ដែលភាគច្រើនជាអ្នកស្រុក៕

រុស្ស៊ី គឺជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតក្នុងឆ្នាំ២០២៣ សម្រាប់ប្រទេសចិន

2024/01/23 12:33:45 pm        102
យោងតាមទិន្នន័យគយចុងក្រោយរបស់ប្រទេសចិន ប្រទេសរុស្ស៊ី បានវ៉ាដាច់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំជាងគេបំផុតរបស់ប្រទេសចិន កាលពីឆ្នាំ២០២៣កន្លងទៅនេះ។ ប្រទេសដែលទិញប្រេងឆៅច្រើនជាងគេបំផុតរបស់ពិភពលោកមួយនេះ បាននាំចូលប្រេងដែលមានតម្លៃធូរក្នុងចំនួនដ៏ច្រើនបំផុតរបស់ប្រទេសរុស្ស៊ីកាលពីឆ្នាំមុន ដែលហុចប្រយោជន៍ឲ្យទៅទីក្រុងមូស្គូ ដែលកំពុងស្វែងរកអតិថិជនដ៏អស់សង្ឃឹមសម្រាប់អតិថិជនថ្មី ស្របពេលរងទណ្ឌកម្មពីបណ្ដាប្រទេសលោកខាងលិច ក្រោយការលុកលុយរបស់វិមានក្រឹមឡាំងលើអ៊ុយក្រែន កាលពីចុងខែកុម្ភៈឆ្នាំ២០២២។ យោងតាមទិន្នន័យចេញផ្សាយដោយរដ្ឋបាលគយរបស់ចិន កាលពីថ្ងៃសៅរ៍ កម្រិតនៃការដឹកជំញ្ជូនប្រេងឆៅពីរុស្ស៊ី ទៅកាន់ប្រទេសចិន បានកើនឡើង២៤% កាលពីឆ្នាំ២០២៣ ដែលមានបរិមាណដល់ទៅ១០៧,០២ លានតោន បើធៀបទៅនឹងឆ្នាំ២០២២ ។ នេះបានជួយប្រទេសរុស្ស៊ី ឲ្យឈ្នះដាច់លើប្រទេសអារ៉ាប៊ីសាអ៊ូឌីត ក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងឆៅធំបំផុតរបស់ប្រទេសចិន សម្រាប់ឆ្នាំ២០២៣។ប្រទេសនៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះ បានលក់ប្រេងឆៅចំនួន៨៥,៩៦ លានតោនឲ្យទៅប្រទេសចិន កាលពីឆ្នាំ២០២៣ ធ្លាក់ចុះ២%ធៀបទៅនឹងឆ្នាំ២០២២។ បច្ចុប្បន្នប្រទេសរុស្ស៊ី បាននាំចេញប្រេងចំនួន១៩% ទៅកាន់ប្រទេសចិន ចំណែកប្រទេសអារ៉ាប៊ីសាអ៊ូឌីត មានចំនួន១៥%។ ប្រទេសរុស្ស៊ី បានក្លាយជាប្រទេសផ្គត់ផ្គង់ប្រេងធំបំផុតរបស់ប្រទេសចិន រយៈពេល៨ឆ្នាំ កន្លងមកនេះប៉ុន្តែប្រទេសរុស្ស៊ី បានធ្លាក់ចុះដោយនៅពីក្រោយប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅចន្លោះឆ្នាំ២០១៩ និង២០២១ នៅពេលដែលប្រទេសឈូងសមុទ្រមួយនេះ បានបង្កើនទំហំពាណិជ្ជកម្មថាមពលរបស់ខ្លួនជាមួយទីក្រុងប៉េកាំង៕

អូស្រ្តាលី គំាទ្រយុទ្ធសាស្រ្តបញ្ចកោណរបស់​រាជរដ្ឋាភិបាលដោយបន្តពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

2024/01/23 12:29:18 pm        115
ភ្នំពេញ៖ ប្រទេសអូស្រ្តាលីបានបង្ហាញឆន្ទះមុះមុត នៅក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ជាមួយប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅ​ក្នុង​ជំនួបជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាន​គូស​បញ្ជាក់​ថា អូស្រ្តាលីបានគំាទ្រចំពោះយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់​រាជ​រដ្ឋាភិបាល​ អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅ​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស លើកកម្ពស់សុខមាលភាពពលរដ្ឋ ជំរុញកំណើនសេដ្ឋកិច្ចជាតិ លើក​កម្ពស់​ជីវភាព​ពលរដ្ឋ និងសមភាពយេនឌ័រ ធ្វើកំណែទម្រង់និងអភិបាលកិច្ច ពង្រឹង​វិស័យ​សន្តិសុខ និង​ការពារ​ជាតិជាដើម។ ក្នុងជំនួបដែលធ្វើឡើងនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូតបានថ្លែងការកោតសរសើរដល់កម្ពុជា បានប្រែក្លាយ​ពី​ប្រទេស​ដែល​ធ្លាប់​ទទួល​កង​កម្លំាង​ថែ​រក្សា​សន្តិភាព​របស់អង្គការសហប្រជាជាតិ នៅឆ្នាំ១៩៩១ ទៅជាប្រទេស​ដែល​បាន​បញ្ជូន​កង​កម្លំាង​ថែ​រក្សាសន្តិភាព ក្រោមឆត្ររបស់អង្គការសហប្រជាជាតិ ទៅចូលរួមថែរក្សាសុខសន្តិភាព នៅ​តាម​ប្រទេសជាច្រើន នៅលើសកលលោកវិញ។ ក្នុងនាមរដ្ឋសភា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគំាទ្រចំពោះលទ្ធផលពិភាក្សាការងាររវាង ឯក​ឧត្តមឯកអគ្គរដ្ឋទូតអូស្រ្តាលី ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ក៏ដូចជាការប្តេជ្ញាចិត្តយ៉ាងមុតមាំនៃរដ្ឋាភិបាលប្រទេសទំាងពីរនៅក្នុងការ​ពង្រឹង​ពង្រីក​កិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។ សម្តេច បានគូសបញ្ជាក់ថា ទំនាក់ទំនងនៃប្រទេសទំាងពីរជាទំនាក់ទំនងដ៏ល្អ ប្រែក្លាយ​ពី​មិត្ត​ភាព​ដ៏​ជិត​ស្និទ្ធ​ជាដៃគូយុទ្ធសាស្រ្ត ឈរលើសាមគ្គីភាព មិត្តភាព ការស្មោះត្រង់ និងការយោគយល់គ្នា ដើម្បី​ផល​ប្រយោជន៍ប្រទេសទំាងពីរ ក៏ដូចជាការចូលរួមរក្សាការពារសុខសន្តិភាពក្នុងតំបន់ និង​នៅលើឆាកអន្តរជាតិ។ សម្តេចប្រធានរដ្ឋសភា ក៏ស្នើដល់ប្រទេសអូស្រា្តលី ជួយគំាទ្រដល់គោល​ដៅ​អភិវឌ្ឍ​ន៍​រដ្ឋសភា​កម្ពុជា​ ទៅជាសភាឌីជីថល ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាពការងាររដ្ឋសភា ក្នុង​ការ​បម្រើ​ផល​ប្រយោជន៍​ប្រជាជន ពលរដ្ឋ និងប្រទេសជាតិ ស្របតាមការរីកចម្រើនសម័យបច្ចេកវិទ្យា។ សម្តេចបានស្នើប្រទេសអូស្រ្តាលីជួយបណ្តុះបណ្តាលបច្ចេកវិទ្យា និងផ្តល់អាហារូបករណ៍ ដល់​មន្រ្តី​អគ្គលេខាធិការដ្ឋានរដ្ឋសភា បានទៅសិក្សានៅប្រទេសអូស្រ្តាលី។ ឯកឧត្តម Justin Kevin Whyatt បានគំាទ្រការលើកឡើងរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងបានគូសបញ្ជាក់ថា មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អាចដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ដែលរដ្ឋាភិបាលអូស្រ្តាលី តែងតែផ្តល់ជូនកម្ពុជា ជារៀងរាល់ឆ្នាំ។ ដូចគ្នានេះ អាហា​រូបករណ៍ឆ្នាំ២០២៥ នឹងប្រកាសជាផ្លូវការ នាពេលខាងមុខ ស្ថានទូត​អូស្រ្តាលី​ប្រចាំ​នៅ​ភ្នំពេញ នឹងរងចាំធ្វើកិច្ចសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ឯកឧត្តមបានលើកឡើងពីកិច្ចសហប្រតិបត្តិការដ៏ល្អនៃរដ្ឋសភាប្រទេសទំាងពីរ ដែល​បាន​គំាទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅតាមវេទិកាអន្តរសភានានា ក្នុងនោះថ្នាក់ដឹកនាំ​រដ្ឋសភា​កម្ពុជា​ធ្លាប់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) នៅប្រទេសអូស្រ្តាលី ហើយ​ថ្នាក់ដឹកនាំ​សភា​អូស្រ្តាលី ក៏ធ្លាប់បានមកចូលរួមកិច្ចប្រជុំនៅកម្ពុជាផងដែរ ។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណដល់ប្រទេសអូស្រ្តាលី ដែល​តែង​តែ​ជួយ​គំាទ្រ​កម្ពុជា នៅគ្រប់កាលៈទេសៈ មានតំាងពីការស្វែងរកសន្តិភាព និងបានចូល​រួម​អភិវឌ្ឍ​នៅ​កម្ពុជា​យ៉ាង​សកម្ម នៅលើគ្រប់វិស័យចាប់ពីឆ្នាំ១៩៩៣ មក៕

បេសកកម្មអង្គការសហប្រជាជាតិ បង្ហាញពីមន្ត្រីអាហ្វហ្គានីស្ថាន រារាំងសិទ្ធិទទួលបានការងាររបស់ស្ត្រី

2024/01/23 12:25:34 pm        97
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទថា បេសកកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានរាយការណ៍ថាក្រុមតាលីបង់ កំពុងហាមឃាត់ស្ត្រីដែលមិនទាន់រៀបការ ឬអ្នកទាំងឡាយណាដែលពុំមានបុរសគ្រប់គ្រង មិនឲ្យទទួលបានការងារ ឬទទួលបានសេវាផ្សេងៗ។ការចោទប្រកាន់នេះ ធ្វើឡើងដោយបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានរៀបរាប់លម្អិតនៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មីៗនេះ ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ការធ្វើបច្ចុប្បភាព ដែលគ្របដណ្តប់រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២៣ ត្រូវបានប្រកាសដោយ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ។ លោក Dujarric បាននិយាយថា បុគ្គលិករបស់យើងនៅទីក្រុងកាប៊ុល និយាយថា អាជ្ញាធរផ្តាច់ការក្រុមតាលីបង់ បន្តអនុវត្ត និងផ្សព្វផ្សាយ ការរឹតត្បិតលើសិទ្ធិការងារ ការអប់រំ និងសេរីភាពរបស់ស្ត្រី ហើយ វាគឺជាមន្ត្រីនាយកដ្ឋានផ្សព្វផ្សាយគុណធម៌ និង ការការពារ ដែលកំពុងរារាំងសិទ្ធិស្ត្រី។ កាលពីដើមខែមុន មន្ត្រីទាំងនោះ បានណែនាំដល់សមាជិកបុគ្គលិកស្រីមិនទាន់រៀបការ នៅមណ្ឌលថែទាំសុខភាពឱ្យរៀបការ បើមិនដូច្នេះទេមានហានិភ័យបាត់បង់ការងារ ដោយនិយាយថា វាមិនសមស្របសម្រាប់ស្ត្រីដែលមិនទាន់រៀបការដើម្បីធ្វើការ។អ្នកនាំពាក្យរូបនេះបាននិយាយថា ការធ្វើបច្ចុប្បន្នភាពក៏បាននិយាយផងដែរថា អាជ្ញាធរផ្តាច់ការ នៅតែបន្តអនុវត្តការដាក់ទណ្ឌកម្មនៅកន្លែងសាធារណៈ ដែលជាធម្មតាប្រកាសពីការដាក់ទណ្ឌកម្មនិងឧក្រិដ្ឋកម្ម ដែលពួកគេត្រូវបានអនុវត្តនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ របាយការណ៍មួយ បានលើកឡើងពី ហេតុការណ៍មួយកាលពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២៣ ដែល បុគ្គលិកសុខាភិបាលស្រី ៣ នាក់ ត្រូវបានឃុំខ្លួនដោយសារតែពួកគេទៅធ្វើការដោយគ្មានបុរសជូនដំណើរទៅជាមួយ។

ប្រទេសម៉ិកស៊ិក និងអាមេរិក ពិភាក្សាអំពីវិធានការបន្ធូរបន្ថយសម្ពាធនៅព្រំដែន និងការជួញដូរអាវុធ

2024/01/23 12:07:34 pm        101
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក លោកស្រី Alicia Barcena បាននិយាយកាលពីថ្ងៃចន្ទ ថា មន្ត្រីជាន់ខ្ពស់ប្រទេសម៉ិកស៊ិក សហរដ្ឋអាមេរិក និងកាតេម៉ាឡា នឹងជួបប្រជុំគ្នាក្នុងពេលឆាប់ៗតាមដែលអាចធ្វើទៅបាន សម្រាប់កិច្ចពិភាក្សាស្តីពីការធ្វើអន្តោប្រវេសន៍។ ថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken កាលពីសប្តាហ៍មុននៅទីក្រុងវ៉ាស៊ីនតោន លោកស្រី Barcena បាននិយាយថា ភាគីទាំងពីរមានបំណងអនុញ្ញាតឱ្យអ្នកស្វែងរកសិទ្ធិជ្រកកោន ចុះឈ្មោះនៅភាគខាងត្បូងបន្ថែមទៀតសម្រាប់កម្មវិធីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលប្រើប្រាស់សម្រាប់កំណត់ពេលណាត់ជួប។ លោកស្រី Barcena បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលថា ជំហានដែលបានគ្រោងទុកសម្រាប់កម្មវិធីដែលត្រូវបានគេស្គាល់ថា CBP One មានគោលបំណងកាត់បន្ថយការប្រមូលផ្តុំមនុស្សនៅតាមព្រំដែនភាគខាងជើងប្រទេសម៉ិកស៊ិក។ លោកស្រីរដ្ឋមន្ត្រីនិយាយថា មន្ត្រីម៉ិកស៊ិក និងសហរដ្ឋអាមេរិក បានឈានដល់កិច្ចព្រមព្រៀងសំខាន់ៗចំនួន ១០ចំណុច ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេ។ លោក Ken Salazar ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសម៉ិកស៊ិក បាននិយាយថា កិច្ចប្រជុំបានចេញលទ្ធផលនៅក្នុងក្របខ័ណ្ឌមួយ ដែលមានបីចំណុចសំខាន់ៗ។ លោក បានប្រាប់អ្នកសារព័ត៌មាន ថា ទាំងនេះកំពុងដោះស្រាយបញ្ហាឫសគល់នៃការធ្វើអន្តោប្រវេសន៍ បង្កើតផ្លូវច្បាប់សម្រាប់ជនអន្តោប្រវេសន៍ ទៅកាន់សហរដ្ឋអាមេរិក និងអនុវត្តច្បាប់ សម្រាប់អ្នកដែលបំពានច្បាប់។ លោកស្រី Barcena បាននិយាយថា ការស៊ើបអង្កេតនឹងត្រូវធ្វើឡើងចំពោះអាវុធមកពីកងទ័ពអាមេរិកដែលចូលទៅក្នុងប្រទេសម៉ិកស៊ិក បន្ទាប់ពីមានការជូនដំណឹងបញ្ជូនទៅអាមេរិកដោយមន្ត្រីក្នុងតំបន់។ លោក Salazar បាននិយាយថា ការកាត់បន្ថយលំហូរសព្វាវុធពីសហរដ្ឋអាមេរិកទៅកាន់ម៉ិកស៊ិក គឺជាអាទិភាពចម្បងសម្រាប់សហរដ្ឋអាមេរិក។ គណៈប្រតិភូអាមេរិកប្រចាំប្រទេសម៉ិកស៊ិក នៅដើមខែកុម្ភៈ នឹងពិភាក្សាផ្តោតលើការការពារអាវុធអាមេរិក មិនឲ្យចូលទៅដល់ប្រទេសម៉ិកស៊ិក។

ក្រុមអ្នកជំនាញនិយាយថា គឺអ៊ីរ៉ង់ មិនមែនហ្កាហ្សាទេ ដែលជាចំណុចកណ្តាលនៃភាពវឹកវនៅរមជ្ឈិមបូព៌ា

2024/01/23 11:59:30 am        184
ការកើនឡើងសកម្មភាពយោធា និងការវាយប្រហារតាមអាកាសជាច្រើនដង នៅទូទាំងមជ្ឈិមបូព៌ាកំពុងបង្កើនការព្រួយបារម្ភ ថាតំបន់នេះកំពុងខិតចូលទៅជិតសង្រ្គាមកាន់តែធំ។ នៅចំកណ្តាលនៃភាពចលាចល គឺប្រទេសអ៊ីរ៉ង់ ដែលកំពុងប្រើប្រាស់សកម្មភាពយោធាតំណាងរបស់ខ្លួននៅក្នុងប្រទេសយេម៉ែន និងលីបង់ ដើម្បីប្រយុទ្ធជាមួយអ៊ីស្រាអែល ក៏វាយប្រហារប៉ាគីស្ថាន និងអ៊ីរ៉ាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួន ផងដែរ។ ក្រុមអ្នកជំនាញផ្នែកសន្តិសុខមួយចំនួននៅបស្ចិមលោកអះអាងថា ការវាយប្រហាររបស់អ៊ីរ៉ង់នៅអ៊ីរ៉ាក់ ស៊ីរី និងប៉ាគីស្ថាន មិនមានទំនាក់ទំនងដោយផ្ទាល់ទៅនឹងសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសទេ ផ្ទុយទៅវិញ កើតចេញពីការព្រួយបារម្ភផ្នែកសន្តិសុខផ្ទៃក្នុងរបស់ទីក្រុងតេអេរ៉ង់អំពីការគំរាមកំហែងនៃអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីសំណាក់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម និងក្រុមបំបែកខ្លួន។ ក្រុមអ្នកវិភាគផ្សេងទៀតបានបង្ហាញគំនិតផ្ទុយគ្នា ដោយលើកឡើងថា នយោបាយការបរទេសរបស់អ៊ីរ៉ង់មានឫសគល់យ៉ាងជ្រៅក្នុងការប្រឆាំងនឹងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ដោយសង្គ្រាមនៅហ្កាហ្សាកំពុងដើរតួជាកាតាលីករសម្រាប់ការឈ្លានពានរបស់អ៊ីរ៉ង់នៅទូទាំងតំបន់។ សារព័ត៌មាន Reuters បានរាយការណ៍ដោយសអំអាងប្រភពពីក្រុមមន្ត្រីអ៊ីរ៉ង់ និងក្រុមអ្នកវិភាគ ថា ការវាយប្រហាររបស់អ៊ីរ៉ង់លើប៉ាគីស្ថានត្រូវបានជំរុញដោយ សម្ពាធក្នុងតំបន់ ដើម្បីពង្រឹងសន្តិសុខផ្ទៃក្នុងរបស់ខ្លួន ជាជាងមហិច្ឆតារបស់ខ្លួនសម្រាប់តំបន់មជ្ឈិមបូព៌ា ហើយការប៉ះទង្គិចគ្នាយ៉ាងតានតឹង រវាងអ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងកើតឡើងឆ្ងាយពីសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។ ប៉ុន្តែខណៈការវាយប្រហារកាន់តែខ្លាំងរបស់អ៊ីរ៉ង់ ទំនងជាអាចមិនពាក់ព័ន្ធនឹងសង្រ្គាមនៅហ្កាហ្សា លោក Jay Solomon និពន្ធនាយកផ្នែកសន្តិសុខសកលរបស់សារព័ត៌មាន Semafor បានលើកឡើង ដោយចង្អុលទៅការចោទប្រកាន់ជាច្រើនទសវត្សរ៍របស់អ៊ីរ៉ង់ដែលថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុង គាំទ្រក្រុមជ្រុលនិយមនិកាយស៊ុននី ដូចជា ពួក al-Qaida និងរដ្ឋឥស្លាម ដើម្បីទប់ស្កាត់ទីក្រុងតេអេរ៉ង់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីសន្តិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម
06/30/2026 04:06 PM
ធនាគារពិភពលោកនឹងបោះបង់គោលដៅផ្តល់ប្រាក់កម្ចី ៤៥% ដល់គម្រោងបម្រែ​បម្រួល​អាកាសធាតុ
06/30/2026 04:06 PM
កុងហ្គោនិយាយថាមានករណីឆ្លងជំងឺអេបូឡាជាង១.០០០ករណី ត្រូវបានបញ្ជាក់ រួមទាំងអ្នកស្លាប់៣៧៧ នាក់
06/30/2026 04:06 PM
នគរបាលតាម​រក​ជនរត់គេចខ្លួន បន្ទាប់ពីការផ្ទុះ នៅ Monaco ធ្វើឱ្យមនុស្សជាច្រើននាក់រងរបួស
06/30/2026 04:06 PM
លោកស្រី Fujimori ឈ្នះការបោះឆ្នោតប៉េរូក្នុង​សំឡេង​ស្ដួចស្ដើង​ សម្រាប់​ការ​ឈរ​ឈ្មោះ​លើកទី៤
06/30/2026 04:06 PM
បុគ្គលិកក្រុមហ៊ុនអាកាសចរណ៍ថៃ ត្រូវបានចាប់ខ្លួន នៅអូស្ត្រាលី ក្រោយ​រកឃើញគ្រឿង​ញៀន​ក្នុងកាបូប
06/30/2026 04:06 PM
សហភាពអឺរ៉ុប និងចិន ចាប់ផ្តើមកិច្ចពិភាក្សាពាណិជ្ជកម្ម ដើម្បីបន្ធូរបន្ថយភាពតានតឹង
06/30/2026 04:06 PM
តំបន់អូរស្មាច់ស្ថិតក្រោមអធិបតេយ្យភាពដាច់ខាតរបស់កម្ពុជា៖ រាល់ទង្វើចូលមកដោយគ្មានការអនុញ្ញាត និងការបង្កើតព័ត៌មានមិនពិតគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ
06/30/2026 03:06 PM
កង​ទ័ព​រំដោះ​ប្រជាជន​ចិន ធ្វើការល្បាតត្រៀមខ្លួនប្រយុទ្ធ នៅជុំវិញតំបន់​ថ្មប៉ប្រះទឹក​
06/30/2026 03:06 PM
អ្នករួច​ជីវិត រិះគន់​ការ​ផ្ដល់​ជំនួយយឺតយ៉ាវ​ ក្រោយ​រញ្ជួយដីដ៏​អាក្រក់​បំផុត​ នៅវ៉េណេស៊ុយអេឡា
06/30/2026 03:06 PM