សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម ចាយ បូរិន អញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា

2023/12/18 02:11:57 pm        458
ភ្នំពេញ៖ ប្រតិភូយុវជនផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល ដឹកនាំដោយឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញសួរសុខទុក្ខ និងនាំយកវត្ថុអនុស្សាវរីយ៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្រ្តៃយ៍កាកបាទក្រហមកម្ពុជា ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ដល់គេហដ្ឋាន ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេច ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនលោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា និងក្រុមគ្រួសារ ។លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារ ពិតជាមានការពេញចិត្តយ៉ាងខ្លាំងចំពោះសកម្មភាពចុះសួរសុខទុក្ខរបស់ក្រុមការងារយុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដឹកនាំបន្តពីសម្តេចតេជោហ៊ុន សែន ហើយតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមដល់ចាស់ព្រឹទ្ធាចារ្យទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។ លោកជំទាវបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ពីការគាំទ្រ និងមានសង្ឃឹមយ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានដាក់ចេញ និងកំណត់នូវចក្ខុវិស័យ ផែនការយុទ្ធសាស្រ្តច្បាស់លាស់ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ។ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ក៏បានផ្តល់ទស្សនទានជូនយុវជនគណបក្សដូចខាងក្រោម ៖១-ត្រូវផ្តោតសំខាន់លើការថែរក្សាសុខភាព ទាំងសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ២-សេពគប់មនុស្សឱ្យច្រើន ប៉ុន្តែត្រូវជ្រើសរើសយកតែមិត្តល្អ៣-ត្រូវយកចិត្តទុកដាក់ចំពោះសាសនាទាំងអស់ និងត្រូវសិក្សាពីគុណតម្លៃរបស់សាសនានីមួយៗ លោកជំទាវក៏បានរំលឹកពីប្រវត្តិ និងអនុស្សាវរីយ៍ជាច្រើនដែលលោកជំទាវធ្លាប់បានចូលរួម និងឆ្លងកាត់ ដើម្បីជាបទពិសោធន៍ចែកជូនដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ ជាអ្នកសិក្សាស្រាវជ្រាវ និងបង្រៀនជំនាញទស្សនវិជ្ជាព្រះពុទ្ធសាសនា ព្រមទាំងបទពិសោធន៍ការងារយ៉ាងច្រើនដូចជា៖ ធ្លាប់បានបម្រើការងារជាសាស្ត្រាចារ្យបង្រៀនប្រវត្ដិវិទ្យា ភូមិវិទ្យា នៅសាលាគរុវិជ្ជាជាន់ខ្ពស់ សិក្សាថ្នាក់បណ្ឌិត ផ្នែកទស្សនវិជ្ជាប្រៀបធៀបសាសនាតួនាទីព្រះពុទ្ធសាសនានៅកម្ពុជា ឆ្លុះបញ្ចាំងតាមរយៈពាហិរសាសនា ជាព្រឹទ្ធនារីរង និងជាសាស្ត្រាចារ្យទស្សនវិជ្ជានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញមណ្ឌលទី១, ទី២ ពុទ្ធិកមហាសាកលវិទ្យាល័យព្រះសីហនុរាជ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យភូមិន្ទកសិកម្ម អង្គការក្រៅរដ្ឋាភិបាលចម្រើនស្ត្រី ជាអនុប្រធានវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ជាប្រធានក្រុមបណ្ឌិតសភាចារ្យ ជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាឧត្តមទីប្រឹក្សា នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ឯកឧត្តម ចាយ បូរិន និងក្រុមការងារក៏បានសម្តែងនូវការកោតសសើរ និងដឹងគុណ​ចំពោះវីរភាព​លះបង់គ្រប់បែបយ៉ាងចូលរួមបម្រើ និងកសាងជាតិ មាតុភូមិរបស់លោកជំទាវ ជាមួយគ្នានោះ​ឯកឧត្តម ក៏បានប្រគល់ជូនវត្ថុអនុស្សារីយ៍ និងថវិកា​ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់លោកជំទាវបណ្ឌិត​សភាចារ្យ ខ្លូត ធីតា និងសូមបួងសួង​ដល់គុណបុណ្យ​ព្រះរតនត្រ័យ វត្ថុ​សិទ្ធិស័ក្ដិ​ក្នុងលោកសូមតាម​ជួយបីបាច់ថែរក្សា​លោកជំទាវបណ្ឌិតសភាចារ្យ និងក្រុមគ្រួសារមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕អត្ថបទ រដ្ឋា

នាវាពិព័រណ៍សៀវភៅអន្តរជាតិ Doulos Hope បានចូលមកដល់ខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

2023/12/18 02:00:43 pm        591
អ្នកចូលទស្សនានាវា Doulos Hope បានជ្រើសរើសសៀវភៅដែលមានចំណងជើងជាច្រើនជា ២០០០ ប្រភេទផ្សេងៗគ្នា ក្នុងតម្លៃសមរម្យមានទាំងផ្នែកវិទ្យាសាស្ត្រ ឱសថសាស្ត្រ សិល្បៈ ភាសា ជំនឿ ចំណង់ចំណូលចិត្ត ការចម្អិនអាហារ និងកីទ្បា ព្រមទាំងសៀវភៅកុមារ អត្ថបទសិក្សា វចនានុក្រម និងសៀភៅផ្សេងៗជាច្រើនទៀត។ នាវា Doulos Hope បើកដំណើរការឱ្យចូលទស្សនាដោយសេរីនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ រៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ២:០០ នាទីរសៀល ដល់ម៉ោង ៩:០០ នាទីយប់ (សម្រាប់កុមារ ត្រូវមានមនុស្សពេញចាស់នៅជាមួយ)។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ លោក Oliver Dawson តាមរយៈទូរស័ព្ទលេខ ០៩៦ ៣១៩ ៩៣៥៧ ឬអ៊ីម៊ែល [email protected] ។ ដើម្បីធ្វើការកក់សំបុត្រ និងទទួលបានព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រដូចខាងក្រោម • Instagram DoulosHopeCambodia • Facebook DoulosHope_Cambodia ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម គីស៊ីដា ហ្វូមីអូ អញ្ជើញជាអធិបតីភាព​ក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នាលើឯកសារសំខាន់ៗចំនួន ៧

2023/12/18 02:00:06 pm        447
នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អញ្ជើញចូលរួមជាអធិបតីជាមួយ ឯកឧត្តម គីស៊ីដា ហ្វូមីអូ (KISHIDA Fumio) នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពិធីចុះអនុស្សរណៈ នៃ​ការ​យោគយល់គ្នា​លើ​ឯកសារ​សំខាន់ៗ​មួយចំនួន ក្នុងនោះរួមមាន៖១-គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលផ្ទុកទិន្នន័យជាតិឆ្ពោះទៅរកការ​លើកកម្ពស់​រដ្ឋាភិបាល​អេឡិច​ត្រូនិក២-គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ទីប្រជុំជន៣-គម្រោងស្នើសុំនាវាសម្រាប់វាស់ស្ទង់ជលធារសាស្ត្រ សម្រាប់​ផលិតផែនទី​នាវាចរណ៍​អេឡិចត្រូនិក៤-កំណត់ហេតុរួមរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងកិច្ចការផ្ទៃក្នុង និង​គមនាគមន៍ជប៉ុន ស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ក្នុង​ប្រទេស​កម្ពុជា៥-អនុស្សរណៈរវាងធនាគារជាតិកម្ពុជា និងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ស្តីពី កិច្ចសហប្រតិបត្តិការនៃការទូទាត់ឆ្លងដែនតាមរយៈQR Code៦-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយក្រុមហ៊ុន Minebea Mitsumi និងក្រុមហ៊ុន SchneiTec ស្តីពីកិច្ចសហប្រតិបត្តិការលើគម្រោងថាមពលព្រះអាទិត្យ (សូឡា)៧-អនុស្សរណៈរវាងក្រសួងរ៉ែ និងថាមពល ជាមួយ ក្រុមហ៊ុន erex Co. Ltd និងក្រុមហ៊ុន SPHP (Cambodia) ស្ដីពីកិច្ចសហប្រតិបត្តិការលើ គម្រោងថាមពលជីវម៉ាស ។

គណបក្សកាន់អំណាចរបស់រុស្ស៊ី អនុម័តបំណងបោះឆ្នោតថ្មីរបស់លោក Putin

2023/12/18 01:32:13 pm        402
គណបក្សរុស្ស៊ីរួបរួម(United Russia) ជាគណបក្សកំពុងកាន់អំណាច បានផ្តល់ការគាំទ្រជាឯកច្ឆ័ន្ទ សម្រាប់ លោក Vladimir Putin នៅមុនការបោះឆ្នោតប្រធានាធិបតី ដែលគ្រោងធ្វើឡើងនៅខែមីនាខាងមុខនេះ។ គណបក្សនេះ បានអនុម័តបំណងរបស់លោកPutin ដើម្បីស្វែងរកការបោះឆ្នោតថ្មី នៅឆ្នាំ២០២៤ នៅក្នុងកិច្ចប្រជុំនៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ។ លោកPutin បានប្រកាសបេក្ខភាពរបស់លោកកាលពីដើមខែនេះ ដោយលោកមានផែនការឈរឈ្មោះជាបេក្ខជនឯករាជ្យ។មេដឹកនាំគណបក្ស United Russia អតីតប្រធានាធិបតី លោក Dmitry Medvedev បាននិយាយថា គណបក្សរបស់លោក នឹងខិតជិតយុទ្ធនាការបោះឆ្នោតប្រធានាធិបតី ខណៈបានត្រៀមរៀបចំ និងរួបរួមគ្នា។ លោកបាននិយាយបន្ថែមថា ជ័យជម្នះរបស់លោក Putin នៅក្នុងការបោះឆ្នោតនៅពេលខាងមុខ នឹងមានលក្ខណៈសមហេតុផល ស្របច្បាប់ និងមិនអាចជជែកតវ៉ាបាន។ នៅក្នុងសុន្ទរកថា ក្នុងកិច្ចប្រជុំ លោកPutin បានសរសើរទាហានរុស្ស៊ី ដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន និងបានរិះគន់ដដែលៗចំពោះប្រទេសលោកខាងលិច។ លោកនិយាយថា ប្រជាជនរុស្ស៊ី គួរតែមានភាពម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមលំបាកបំផុត។ រដ្ឋបាលរបស់លោកPutin នឹងត្រូវរៀបចំនូវអ្វីដែលទីក្រុងមូស្គូ និយាយថាជាការបោះឆ្នោតនៅផ្នែកខ្លះរបស់អ៊ុយក្រែន ដែលរុស្ស៊ីបានដាក់បញ្ចូលឧបសម្ព័ន្ធជាឯកតោភាគី។ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស បានព្រមានកាលពីថ្ងៃអាទិត្យថា ការបោះឆ្នោតប្រធានាធិបតីនឹងបោះនៅក្នុងតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ីនៅអ៊ុយក្រែន នឹងពុំមែនជាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នោះទេ។ ក្រសួងនិយាយថា អាជ្ញាធររុស្ស៊ី បានមើលឃើញយ៉ាងពិតប្រាកដថា ការទទួលបានលទ្ធផលត្រឹមត្រូវ គឺជាអាទិភាព។ នេះគឺដោយសារតែ ពួកគេចង់ផ្តល់នូវការយល់ឃើញពីភាពស្របច្បាប់ចំពោះការឈ្លានពានរបស់រុស្ស៊ី។ ក្រសួងបាននិយាយបន្ថែមថា រដ្ឋបាលរុស្ស៊ី នឹងប្រើប្រាស់វិធីសាស្រ្តពិតប្រាកដ ដែលរួមមានការក្លែងបន្លំការបោះឆ្នោតដ៏សំខាន់ និងការបំភិតបំភ័យអ្នកបោះឆ្នោត ដើម្បីធានាបានថា លោក Putin ទទួលជ័យជម្នះក្នុងការបោះឆ្នោតក្នុងចំនួនច្រើនលើសលប់។

លោក Biden មានសុវត្ថិភាព បន្ទាប់ពីរថយន្តមួយគ្រឿងបុកក្បួនរថយន្តរបស់លោក ក្នុងរដ្ឋ Delaware

2023/12/18 12:48:14 pm        444
សាក្សីសារព័ត៌មាន Reuters បាននិយាយថា ប្រធានាធិបតី លោក Joe Biden មានសុវត្ថិភាព បន្ទាប់ពី រថយន្តមួយគ្រឿង បានបុកជាមួយរថយន្ត SUV ក្នុងក្បួនរថយន្តរបស់លោក ជាផ្នែកមួយនៃព័ត៌មានលម្អិតអំពីសន្តិសុខរបស់ប្រធានាធិបតី។ លោក Biden និងស្រ្តីទីមួយ លោកស្រី Jill Biden ទើបតែចាកចេញពីទីស្នាក់ការកណ្តាលយុទ្ធនាការរបស់លោក នៅពេលដែលឧបទ្ទវហេតុបានកើតឡើង។ សាក្សីនិយាយថា លោកស្រី Jill Biden ក៏មានសុវត្ថិភាពផងដែរ បន្ទាប់ពីគ្រោះថ្នាក់នេះ។យោងតាមការរាយការណ៍របស់សេតវិមាន បានឲ្យដឹងថា លោកនិងលោកស្រី Bidens បានចេញពីទីស្នាក់ការកណ្តាល Biden-Harris 2024 នៅក្នុងទីក្រុង Wilmington ដែលមានភ្លៀងធ្លាក់ នៅម៉ោង ៨:០៧នាទីយប់ (ម៉ោងក្នុងស្រុក) បន្ទាប់ពីទទួលទានអាហារជាមួយសមាជិកក្រុមបោះឆ្នោតថ្មីរបស់លោក នៅមុនពេលកើតហេតុ ។មួយសន្ទុះបន្ទាប់ពីលោក Biden បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន រថយន្តមួយគ្រឿងពាក់ស្លាកលេខ រដ្ឋ Delaware ពណ៌ទឹកប្រាក់ បានបុក ជាអ្វីដែលមើលទៅដូចជារថយន្ត SUV ក្នុងក្បួនរថយន្ត ដែលកំពុងការពារក្នុងក្បួនរថយន្តនៅផ្លូវប្រសព្វឆ្លងកាត់ចេញពីផ្លូវចូលទីស្នាក់ការកណ្តាលយុទ្ធនាការ។វីដេអូ បានបង្ហាញពីភ្នាក់ងារអង្គភាពសេវាកម្មសម្ងាត់ នាំលោក Biden ទៅកាន់រថយន្តរបស់លោក បន្ទាប់ពីមានឧបទ្ទវហេតុ។ រថយន្តពណ៌ទឹកប្រាក់ ដែលរងការខូចខាត ត្រូវបានមន្ត្រីសន្តិសុខហ៊ុមព័ទ្ធភ្លាមៗបន្ទាប់ពីរថយន្តឈប់។ ភ្នាក់ងារបានព័ទ្ធរថយន្ត ហើយទាញអាវុធភ្ជុងលើអ្នកបើកបរដែលបានលើកដៃឡើងលើ។ សាក្សីបាននិយាយថា លោក និងលោកស្រី Bidens បានត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាពនៅទីក្រុង Wilmington បន្ទាប់ពីឧបទ្ទវហេតុនេះ។

លោក Zelenskyy និយាយអំពីគោលដៅបន្ទាន់សម្រាប់ការងារលើការចូលជាសមាជិកសហភាពអឺរ៉ុប

2023/12/18 12:35:19 pm        429
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន និងគណៈកម្មការអឺរ៉ុប នឹងវាយតម្លៃអំពីវឌ្ឍនភាពរបស់ទីក្រុងគីវ លើការចូលជាសម្ព័ន្ធមិត្តរបស់ខ្លួនជាមួយសហភាពអឺរ៉ុប និងក្របខ័ណ្ឌការងារសម្រាប់កិច្ចពិភាក្សាការចូលជាសមាជិកសហភាពអឺរ៉ុប ត្រូវបានគេរំពឹងទុកនៅក្នុងនិទាឃរដូវ។ នៅក្នុងសុន្ទរកថាតាមវីដេអូកាលពីពេលយប់ លោកបានរំលឹកពីប្រទេសលោក ដែលមេដឹកនាំសហភាពអឺរ៉ុប បានសម្រេចនៅក្នុងកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃព្រហស្បតិ៍ ក្នុងការចាប់ផ្តើមកិច្ចពិភាក្សាសមាជិកភាពជាផ្លូវការជាមួយអ៊ុយក្រែន។ ប្រទេសនេះ ប្រឈមនឹងភាពមិនច្បាស់លាស់អំពីអនាគតនៃជំនួយបរទេសដ៏សំខាន់ក្នុងពេលសង្គ្រាម ជាពិសេសមកពីសហរដ្ឋអាមេរិក។លោក Zelenskyy បាននិយាយថា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ជាមួយគណៈកម្មាការអឺរ៉ុប យើងនឹងចាប់ផ្តើមដំណើរការជាផ្លូវការការវាយតម្លៃច្បាប់របស់អ៊ុយក្រែន សម្រាប់ការអនុវត្តន៍តាមច្បាប់របស់សហភាពអឺរ៉ុប ជាដំណើរការពិនិត្យ។ លោកនិយាយថា យើងក៏កំពុងរៀបចំសម្រាប់ការងារលើក្របខ័ណ្ឌចរចាសម្រាប់អ៊ុយក្រែន ហើយយើងរំពឹងថាវានឹងកើតឡើងនៅនិទាឃរដូវ។ ទីក្រុងប្រ៊ុចសែល បានផ្តល់ស្ថានភាពជាបេក្ខជនរបស់ទីក្រុងគីវ រយៈពេលបួនខែបន្ទាប់ពីការវាយលុករបស់ទីក្រុងមូស្គូ ក្នុងខែកុម្ភៈឆ្នាំ ២០២២ ដែលជំរុញឱ្យអាជ្ញាធរអ៊ុយក្រែនប្រញាប់ប្រញាល់ ដើម្បីធ្វើកំណែទម្រង់វិស័យអាទិភាពដែលកំណត់ដោយគណៈកម្មការអឺរ៉ុប។ គណៈកម្មាការ បានរាយការណ៍កាលពីខែមុនថា អ៊ុយក្រែនបានបំពេញនូវការណែនាំចំនួន៤ ក្នុងចំណោមការណែនាំចំនួន ៧ចំណុចរបស់ខ្លួន រួមមានទាំងការជួលមន្ត្រីប្រឆាំងអំពើពុករលួយ ការរៀបចំប្រព័ន្ធតុលាការសម្រាប់ការផ្លាស់ប្តូរទ្រង់ទ្រាយធំ និងការចងសម្ព័ន្ធច្បាប់ប្រព័ន្ធផ្សព្វផ្សាយតាមបទដ្ឋានសហភាពអឺរ៉ុប។ គណៈកម្មាការ បាននិយាយថា ខ្លួននឹងវាយតម្លៃពីវឌ្ឍនភាពរបស់អ៊ុយក្រែនម្តងទៀតនៅក្នុងខែមីនា ជាផ្នែកនៃផ្លូវដ៏វែងឆ្ងាយ និងស្មុគស្មាញ ទៅកាន់សមាជិកភាព ដែលឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅអ៊ុយក្រែន លោកស្រី Katarina Mathernova បានចាត់ទុកថា ជារឿងនឿយហត់ខ្លាំង។

រដ្ឋបាលរាជធានី ជំរុញការអនុវត្តកម្មវិធីជំនួយសង្គមជាកញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល

2023/12/18 12:35:06 pm        409
រដ្ឋបាលរាជធានីភ្នំពេញបានប្រជុំពិនិត្យវឌ្ឍនភាព និង​ទិសដៅបន្ត​សម្រាប់​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ជា​កញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាល។ក្នុងឱកាស​អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងទិសដៅ​បន្ត​សម្រាប់​អនុវត្តកម្ម​វិធី​ជំនួយ​សង្គម​ជា​កញ្ចប់គ្រួសាររបស់រាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅសាលា​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ពិសេស​ចៅ​សង្កាត់ទាំង១០៥ ពិនិត្យឡើងវិញពីប្រជាពលរដ្ឋក្រីក្រ ដែលមានប្រភេទក្រ១ ក្រ២ និង​ពលរដ្ឋដែលរងហានិភ័យ ដើម្បីបានជួយពួកគាត់ឲ្យចំគោលដៅរបស់រាជរដ្ឋាភិបាល។ ដោយសារ​ការរាតត្បាតជាសកលនៃជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីសង្គ្រាមអ៊ុយក្រែន រុស្ស៊ី បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ក្នុង​នោះស​ម្រា​ប់​ប្រទេស​កម្ពុជា​ក៏​បាន​ទទួល​នូវ​ផល​ប៉ះពាល់​ទាំង​នេះ​ដែរ ដោយទាមទារឲ្យអាជ្ញាធរដែលជាប្រតិបត្តិករត្រូវ ពិនិត្យមើលប្រជាពលរដ្ឋក្រីក្រ និង​ប្រជា​ពលរដ្ឋដែលរងហានិភ័យ។ឯកឧត្តម ឃួង ស្រេង បន្ថែមថា កិច្ចប្រជុំ​នេះ​ដែរ​ក៏​ធ្វើឡើង​ដើម្បី​ស្តាប់​នូវ​បញ្ហា​ប្រឈម​នានា​យក​មក​ដោះស្រាយ។ សម្រាប់ខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ត្រូវប្រជុំរៀបចំ និងត្រួតពិនិត្យ​ផែន​ការ ដកស្រង់បទពិសោធន៍យ៉ាងហោចណាស់ក្នុង១ឆ្នាំឲ្យបាន២ដង។ រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​ច្រើនណាស់ដល់ជំនួយសង្គមនេះ ដូច្នេះក្នុងនាម​ជា​ប្រតិបត្តិករ​ត្រូវ​ធ្វើ​ការងារ​នេះ​ឲ្យ​ចំគោល​ដៅ ពោលគឺចំប្រជាពលរដ្ឋដែលក្រីក្រពិតប្រាកដ នៅពេលប្រជាពលរដ្ឋ​មាន​បញ្ហា​ត្រូវ​ចុះ​ជួយ​ភ្លាមៗ។ឯកឧត្តម ឃួង ស្រេង បានណែនាំឲ្យមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​រាជ​ធានី​ភ្នំពេញ ត្រូវសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចៅសង្កាត់ទាំង១០៥ ធ្វើបច្ចុប្បន្នភាពរាល់ឆ្នាំ ដើម្បី​ទទួលបានព័ត៌មានជាក់លាក់ និងមន្ត្រីជាប្រតិបត្តិករ ក៏ត្រូវ​បន្ត​សហការ​ជាមួយ​មន្ទីរ​សង្គម​កិច្ច ក្នុងការកំណត់អត្តសញ្ញាណប្រជាពលរដ្ឋក្រីក្រ កាត់បន្ថយឲ្យបាននូវភាពអសកម្មនានា ហើយ​ត្រូវ​ពិនិត្យមើលឧបករណ៍ប្រើប្រាស់លើការងារនេះឲ្យបានល្អ។ ក្នុងនាមអាជ្ញាធរត្រូវដឹងថា ប្រជាពលរ​ដ្ឋក្រីក្រត្រូវការជំនួយសង្គមដែលផ្តល់ជូនដោយរាជរដ្ឋាភិបាល។ បន្ថែម​ពី​នេះ​ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន ក៏ជាការងារចាំបាច់បំផុត ដែលត្រូវអនុវត្ត សន្តិសុខ គឺ​ជាអ្វី​ដែល​ប្រជាពលរដ្ឋចង់បានគ្រប់គ្នា មិនថាអ្នកមាន ឬអ្នកក្រឡើយ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រុមហ៊ុនជប៉ុន មានបំណងបង្កើនការនាំចូលគ្រាប់ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត​ពីប្រទេសកម្ពុជា

2023/12/18 12:27:05 pm        369
នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ (IMAMURA Masahiro) ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់​ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម អ៊ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ បានអបអរសាទរចំពោះសម្តេចធិបតី ដែល​ត្រូវ​បាន​រដ្ឋសភាបោះឆ្នោតជ្រើសតាំង ជានាយករដ្ឋមន្រ្តី និងបានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ជាសមាជិកសភា នៃ​​សម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម ព្រមទាំង​បាន​ជម្រាប​ជូន​អំពី​សកម្មភាព​របស់​សម្ព័ន្ធសភា ដែលកន្លងមកបាន​សហការ​បំពេញ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជា​មួយ​ស្ថាន​ទូត​កម្ពុជាប្រចាំប្រទេសជប៉ុន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរជប៉ុន-កម្ពុជា ឱ្យកាន់​តែ​ស្អិត​រមួត​ថែម​ទៀត ជាពិសេសលើវិស័យអាទិភាពមួយចំនួន រួមមានជាអាទិ៍÷ វិស័យកសិកម្ម, សុខាភិបាល, ថាមពល, ការបោសសំអាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ជាដើម ។ ពាក់ព័ន្ធ​នឹង​ផលិត​ផល​កសិកម្ម សម្ព័ន្ធសភា បានគូសបញ្ជាក់ថា ក្រុមហ៊ុន​ជប៉ុន​មាន​បំណង​បង្កើន​ការ​នាំ​ចូល​គ្រាប់​ស្វាយចន្ទី និងផលិតផលម្រេចបន្ថែមទៀត ពីប្រទេសកម្ពុជា។ជាការ​ឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីសោមន្សរីករាយ ដែលបានជួបឯកឧត្តម អ៉ីម៉ាមូរ៉ា ម៉ាសាហ៊ីរ៉ូ ប្រធានសម្ព័ន្ធសភាមិត្តភាពជប៉ុន-កម្ពុជា សាជាថ្មី បន្ទាប់ពីជំនួបចំនួន ២ លើក​កន្លង​មក នៅពេលដែល សម្តេចធិបតី បំពេញកិច្ចការយុវជន និង​ក្នុង​មុខ​តំណែង​ជា​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក នៃកងយោធពលខេមរភូមិន្ទ។ ក្នុងជំនួបនេះ សម្តេចធិបតី បានលើកឡើងថា ឆ្នាំ២០២៣ នេះ គឺជាខួបលើកទី៧០ នៃចំណង​ការ​ទូត និងជាឆ្នាំដ៏ពិសេសដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ត្រូវបានដំឡើងទៅជា “ភាព​ជាដៃ​គូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ដែលជាកម្រិតល្អប្រសើរបំផុត នៃទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ហើយក៏បានរំឭកផងដែរអំពីការជួយឧបត្ថម្ភគាំទ្ររបស់ជប៉ុន នៅក្នុងដំណើរការកសាង និង​អភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់កម្ពុជា រាប់ចាប់តាំងពីដំណាក់កាលស្វែងរកសន្តិភាព។ ក្នុង​ន័យនេះ សម្តេចធិបតី ក៏បានធ្វើការវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាពរឹងមាំ និង​ភាព​រីក​ចម្រើន​នៃ​កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ជប៉ុន ទាំងក្នុងផ្នែកស្ថាប័ននីតិប្បញ្ញត្តិ, ស្ថាប័ន​នីតិប្រតិបត្តិ, ធុរកិច្ច និងធុរកិច្ច ក៏ដូចជារវាងប្រជាជន និងប្រជាជន ព្រមទាំង​បាន​គូស​បញ្ជាក់​ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ចំពោះប្រទេសជប៉ុន ត្រូវ​បាន​រក្សាដូចអាណត្តិមុនៗផងដែរ គឺការបន្តរក្សានិរន្តរភាព និងសង្គតិភាព នូវទំនាក់​ទំនង​ដែល​មាន​ស្រាប់ ព្រមទាំងបន្តពូនជ្រំអភិវឌ្ឍន៍ទំនាក់ទំនងដ៏ល្អប្រសើរនេះ ឱ្យបានកាន់​តែ​រឹងមាំ​បន្ថែម​ទៀត៕

ហ្វីលីពីន ចង់ចាប់ផ្តើមគម្រោងរុករកថាមពលថ្មី នៅសមុទ្រចិនខាងត្បូង

2023/12/18 11:56:57 am        134
ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀរ (Ferdinand Marcos Jr) បាននិយាយថា ប្រទេសរបស់លោកកំពុងធ្វើការដើម្បីដោះស្រាយ បញ្ហារុករក នៅក្នុងសមុទ្រចិនខាងត្បូង ដូច្នេះ អាចចាប់ផ្តើមគម្រោងរុករកថាមពលថ្មីនៅក្នុងផ្លូវទឹកដែលសំបូរទៅដោយធនធាន ដើម្បីបំពេញតម្រូវការថាមពលរបស់ប្រទេសនេះ។ នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយជប៉ុនកាលពីថ្ងៃសៅរ៍ លោក Marcos បាននិយាយថា ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបាន កើនឡើងច្រើនជាងការថយចុះ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយព្រមានថា ប្រទេសចិនដែលបានអះអាងសិទ្ធិគ្រប់គ្រងកាន់តែច្រើន បានបង្កឱ្យមាន បញ្ហាប្រឈមពិតប្រាកដ ដល់ប្រទេសជិតខាងអាស៊ីរបស់ខ្លួន។ហ្វីលីពីន និងចិន បានបន្តការពិភាក្សាអំពីការរួមគ្នារុករកធនធានប្រេង និងឧស្ម័ននៅសមុទ្រចិនខាងត្បូង ដែលប្រទេសទាំងពីរបានខ្វែងគំនិតគ្នាអស់ជាច្រើនទសវត្សរ៍លើសិទ្ធិអធិបតេយ្យភាពក្នុងការអភិវឌ្ឍន៍ធនធានធម្មជាតិនៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រ។ ប៉ុន្តែលោក Marcos បាននិយាយថា មានការវិវឌ្ឍន៍ដ៏តិចតួច ត្រូវបានធ្វើឡើងទាក់ទងនឹងកិច្ចពិភាក្សា នេះបើយោងតាមការចេញផ្សាយពីការិយាល័យប្រទេសលោក ខណៈលោកបានចូលរួមក្នុងជំនួបកំពូលក្រុងតូក្យូ ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN។ ប្រធានាធិបតីហ្វីលីពីនរូបនេះ បាននិយាយថា យើងនៅតែស្ថិតក្នុងភាពជាប់គាំងនៅពេលនេះ ខណៈលោកបានសង្កត់ធ្ងន់លើសិទ្ធិរបស់ប្រទេសខ្លួនក្នុងការទាញយកថាមពលបម្រុងនៅក្នុងសមុទ្រហ្វីលីពីនខាងលិច នៅពេលដែលហ្វីលីពីនចង់កាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល និងធ្យូងថ្ម និងការផ្លាស់ប្តូរទៅជាឧស្ម័នធម្មជាតិរាវ៕

កោះតៃវ៉ាន់ បានរកឃើញបាឡុងអាកាសធាតុរបស់ចិន ចំនួនពីរឆ្លងកាត់ច្រកសមុទ្រខ្លួន

2023/12/18 11:53:09 am        91
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃច័ន្ទ (១៨ ធ្នូ) នេះថាបាឡុងអាកាសធាតុរបស់ចិនចំនួនពីរ បានហោះកាត់ច្រកសមុទ្រកោះតៃវ៉ាន់ដ៏រសើបកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានឈប់ស្ថិតនៅភាគខាងជើងនៃកោះតៃវ៉ាន់ ដោយនោះជាលើកទីពីរក្នុងខែនេះ ដែលទីក្រុងតៃប៉ិ បានរាយការណ៍ពីវត្តមានបាឡុងចិននៅក្បែរច្រកសមុទ្រខ្លួន។លទ្ធភាពដែលប្រទេសចិនប្រើប្រាស់បាឡុងសម្រាប់ចារកម្ម បានក្លាយជាបញ្ហាសកលកាលពីខែកុម្ភៈ នៅពេលដែលសហរដ្ឋអាមេរិក បានបាញ់ទម្លាក់នូវអ្វីដែលខ្លួននិយាយថាជាបាឡុងឃ្លាំមើលរបស់ចិន ប៉ុន្តែចិន បាននិយាយថាបាឡុងនោះជាយានស៊ីវិលដែលរសាត់ដោយចៃដន្យប៉ុណ្ណោះ។អាជ្ញាធរការពារជាតិកោះតៃវ៉ាន់បាននិយាយថា បាឡុងទាំងពីរនោះត្រូវបានរកឃើញនៅម៉ោង ៩:០៣ព្រឹក និងម៉ោង ២:៤៣រសៀល (ម៉ោងក្នុងស្រុក) បន្ទាប់ពីឆ្លងកាត់ច្រកសមុទ្រមេដ្យានចម្ងាយ ២០៤គីឡូម៉ែត្រ ភាគពាយ័ព្យនៃទីក្រុងកំពង់ផែ គីឡុង (Keelung) ភាគខាងជើងរបស់កោះនេះ។កោះតៃវ៉ាន់កំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពរបស់ចិន ទាំងយោធា និងនយោបាយ នៅមុនការបោះឆ្នោតជ្រើសរើសមេដឹកនាំ និងសភានៅថ្ងៃទី១៣ ខែមករា ខាងមុខនេះ។ ទីក្រុងតៃប៉ិ បានព្រមានពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៉េកាំង ក្នុងការជ្រៀតជ្រែកក្នុងសន្លឹកឆ្នោតដើម្បីឲ្យអ្នកបោះឆ្នោតជ្រើសរើសបេក្ខជនដែលចិន អាចនឹងពេញចិត្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Katz ៖ កងទ័ពអ៊ីស្រាអែល នឹងបន្តនៅក្នុងប្រទេសលីបង់ ស៊ីរី និងហ្កាហ្សា «ដោយគ្មានកំណត់ពេលវេលា»
06/26/2026 02:06 PM
ពីដើមឆ្នាំ២០២៥ ដល់ថ្ងៃទី២២ខែមិថុនានេះ សមត្ថកិច្ចកម្ពុជា បង្ក្រាប​អំពើ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ជាង ៥០០ទីតាំង ដកហូត និងព្យួរអាជ្ញាប័ណ្ណកាស៊ីណូ ២៥ទីតាំង
06/26/2026 01:06 PM
«ពង្រឹង ជាជាងពង្រីក»៖ ក្រសួងមុខងារសាធារណៈ និងក្រសួងធម្មការ ជួបពិភាក្សា​សម្រួច​រចនា​សម្ព័ន្ធ​ការងារ​នៃអង្គភាពចំណុះជៀសវាងការអនុវត្តតួនាទីជាន់គ្នា
06/26/2026 01:06 PM
ទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ជួបជាមួយក្រុមហ៊ុនខ្មែរ ពិភាក្សា​លើការនាំ​ផលិតផល​បន្ថែម​ទៅកាន់ទីផ្សារកូរ៉េ
06/26/2026 01:06 PM
ជម្រើសជាតិនារីកម្ពុជា ទទួលបានឈាមថ្មី ត្រៀមប្រជែងជើងឯកអាស៊ាន ក្រោយខកខានពីរដូវកាលមុន
06/26/2026 01:06 PM
ប្រធានក្រុមហ៊ុន CCCC របស់ចិន បានប្ដេជ្ញាចំពោះមុខសម្ដេចតេជោ អនុវត្តគម្រោងព្រែកជីកហ្វូណនតេជោឱ្យបានជោគជ័យ
06/26/2026 01:06 PM
Manchester City ព្រមព្រៀងផ្ទេរ Elliot Anderson ពី Nottingham Forest ក្នុងតម្លៃបំបែកកំណត់ត្រាក្លិប
06/26/2026 01:06 PM
ក្រសួងការងារលើកទឹកចិត្តយុវជនរៀនជំនាញឱ្យត្រូវនឹងទីផ្សារការងារ ជាជាងរៀនតាមគ្នា
06/26/2026 12:06 PM
តេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
06/26/2026 12:06 PM
ក្រសួងបរិស្ថាន អំពាវនាវពលរដ្ឋឱ្យចូលរួមយុទ្ធនាការដាំដើមឈើទូទាំងប្រទេស ដើម្បីពង្រឹងភាពធន់របស់ប្រទេសប្រឆាំងនឹងបាតុភូតអែលនីញ៉ូ និងការប្រែប្រួលអាកាសធាតុ
06/26/2026 12:06 PM