BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា សម្ដេចធិបតីជំរុញសម្រេចឱ្យបាននូវការបញ្ចប់ការចរចា​លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ

2024/10/11 12:08:24 pm        125
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេច​មហា​បវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញសម្រេចឱ្យ​បាននូវ​ការ​បញ្ចប់​ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។នៅក្នុង​កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាព ធន់អាស៊ាន សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ពីតម្រូវការក្នុងការបង្កើនកិច្ចខិតខំប្រឹងប្រែង ទ្វេដង ដើម្បី​ជំរុញពាណិជ្ជកម្ម និងវិនិយោគទៅវិញទៅមក ព្រមទាំងលើកកម្ពស់ការធ្វើ សមាហរណកម្ម​សេដ្ឋកិច្ចក្នុងតំបន់។ នៅក្នុងន័យនេះ សម្តេចធិបតី បានជំរុញសម្រេចឱ្យបាននូវការ បញ្ចប់ការចរចាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីអាស៊ាន-កាណាដា ជាស្ថាពរនៅឆ្នាំក្រោយ។ បន្ថែមពីនេះ សម្តេចធិបតី​ក៏បាន​ជំរុញឱ្យមានការពង្រឹងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-កាណាដា ដើម្បីផ្តល់វេទិកា​សម្រាប់វិស័យ​ឯកជន​ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ស្វះស្វែងរកឱកាសអាជីវកម្ម កៀរគរមូលនិធិ និងកសាងបណ្តាញទំនាក់ទំនងនានា។សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់តំបន់ទាំងពីរ ដើម្បីទាញយកសក្តានុពល ដ៏ធំៗ នៃឧស្សាហកម្មនានាដែលកំពុងលេចឡើង ដូចជាវិស័យសេដ្ឋកិច្ចឌីជីថល អន្តរកាលបៃតង ការតភ្ជាប់ និងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ដែលមានភាពធន់។ សម្តេចធិបតីក៏បានឆ្លៀតឱកាសថ្លែង អំណរគុណដល់កាណាដា ចំពោះការគាំទ្រថវិកាចំនួន ៨,៥ លានដុល្លាកាណាដា ក្នុងរយៈពេល៥ឆ្នាំសម្រាប់វិស័យអាទិភាពនានា ក្រោមក្របខ័ណ្ឌផែនការសកម្មភាពតំបន់របស់អាស៊ានស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)៕

សម្តេចធិបតីនាយករដ្ឋមន្ត្រី ជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន ក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន

2024/10/11 12:02:47 pm        203
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២១ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យឥណ្ឌាបន្តគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ានក្នុងការបំពាក់បំប៉នជំនាញឌីជីថលដល់ប្រជាជនអាស៊ាន តាមរយៈការប្តូរជំនាញថ្មីៗ និងការបំប៉នជំនាញនានា ដែលមានសារសំខាន់ក្នុងការពង្រឹង សហគ្រាសធុនមីក្រូ តូច និងមធ្យម។ក្នុងឱកាសនោះ សម្តេចធិបតី ក៏បានចែករំលែកផងដែរថា អាស៊ាន និងឥណ្ឌា គួរបង្កើនកិច្ចសហការឱ្យកាន់តែស៊ីជម្រៅ លើថាមពលកកើតឡើងវិញ, ថាមពលបៃតង និង ថាមពលបញ្ចេញកាបូនទាប ដោយប្រើប្រាស់ជំនាញបច្ចេកទេស និងបច្ចេកវិទ្យារបស់ឥណ្ឌា។ សម្តេចធិបតី បានលើកឡើងបន្ថែមទៀតថា ដើម្បីជួយផ្តល់ហិរញ្ញវត្ថុដល់ការកាត់បន្ថយកាបូន យើងត្រូវទាញប្រយោជន៍ពីមូលនិធិអភិវឌ្ឍន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអាស៊ាន-ឥណ្ឌា និងមូលនិធិ បៃតងអាស៊ាន-ឥណ្ឌា។ចំពោះការតភ្ជាប់ក្នុងតំបន់ សម្តេចធិបតី បានកត់សម្គាល់ដោយសេចក្តីពេញចិត្តចំពោះការ ដាក់ឱ្យដំណើរការនូវជើងហោះហើរត្រង់រវាងរាជធានីភ្នំពេញ និងរដ្ឋធានីញវឌេលី ដែលអាចជួយជំរុញ ទេសចរណ៍ទ្វេភាគី ចំពេលនឹងការកំណត់យកឆ្នាំ ២០២៥ ជា “ឆ្នាំទេសចរណ៍អាស៊ាន-ឥណ្ឌា”៕

សម្តេចធិបតីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើ​ឱ្យ​សមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត

2024/10/11 11:21:05 am        134
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជា​ធិបតេយ្យ​ប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិ​ត្ត​របស់​កម្ពុជា​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​អូស្ត្រាលដើម្បីធ្វើឱ្យសមាហរណកម្មសេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត។សម្តេចធិបតី បានបញ្ជាក់នូវការប្តេជ្ញាចិត្ត ក្នុងការធ្វើការជាមួយអូស្ត្រាលី ដើម្បីធ្វើឱ្យ​សមាហរណកម្ម​សេដ្ឋកិច្ចតំបន់ឱ្យកាន់តែស៊ីជម្រៅថែមទៀត ហើយនៅក្នុងន័យនេះ កម្ពុជាបាន​ស្វាគមន៍​ការ​ដាក់ឱ្យអនុវត្តនូវឯកសារយុទ្ធសាស្ត្រ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ អូស្ត្រាលីឆ្ពោះ​ទៅ​ឆ្នាំ២០៤០ (Invested: Australia's Southeast Asia Economic Strategy to 2040) ដើម្បី​ពង្រឹង​ទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ សម្ដេចធិបតីបានគូសបញ្ជាក់ថា ដើម្បីចាប់យកអត្ថប្រយោជន៍​ឱ្យ​បាន​ជា​អតិបរមា​ពី​ការ​ដំឡើង​កម្រិត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលហ្សេឡង់ (AANZFTA) នាពេល​ថ្មី​ៗ​នេះ អាស៊ាន និងអូស្ត្រាលីត្រូវបង្កើនល្បឿនក្នុងដំណើរការផ្តល់សច្ចាប័ន ដើម្បីធ្វើយ៉ាង​ណា​ធានា​ឱ្យ​ពិធីសារទី២ ស្តីពីវិសោធនកម្មលើ កិច្ចព្រមព្រៀង AANZFTA ចូលជាធរមាន​តាម​ពេល​កំណត់​។ សម្តេចធិបតីក៏បានសង្កត់ធ្ងន់ពីសារសំខាន់ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្ម​ដែលកំពុងលេចឡើងថ្មីៗ មានជា អាទិ៍ ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល របៀបវារៈបៃតង និង​បណ្តាញ​អគ្គិសនី អាស៊ាន ខណៈគូសបញ្ជាក់អំពីទំនាក់ទំនងរវាងប្រជាជន និងប្រជាជនដ៏រឹងមាំ ដែល​បានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ភាពជាដៃគូអាស៊ាន-អូស្ត្រាលី។សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យអូស្ត្រាលីជួយផ្តល់ការគាំទ្រដល់សហគ្រាសអាស៊ានតូចៗ ដើម្បីឱ្យ​កាន់តែមានផលិតភាព មានសមត្ថភាពប្រកួតប្រជែង និងមានភាពធន់ រួមទាំង​តាម​រយៈ​ការចាប់យកឧបករណ៍ឌីជីថលនានា និងការទទួលបានថែមទៀតនូវច្រកចូលទីផ្សារ និង​ហិរញ្ញប្បទាន​៕

សម្តេចធិបតីគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់​ក្នុងការលើកកម្ពស់​នវានុវត្តន៍ឌីជីថល​នៅក្នុងតំបន់ និងធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ច​ឌីជីថលអាស៊ាន

2024/10/11 11:11:04 am        112
​នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៥ និងរំឭកខួបអនុស្សាវរីយ៍លើកទី៣៥ នៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានដើរតួនាទីយ៉ាងសំ​ខាន់​ក្នុងកា​រ​លើកកម្ពស់នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការ​គាំទ្រ​ការ​សម្រេច​ឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់អំពីការ​អនុម័ត​សេចក្តីថ្លែង​ការណ៍​រួម​ស្តីពី​ការ​បង្កើត​ភាព​ជា​ដៃ​គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលជាបង្គោល​ចរ​ដ៏សំខាន់​មួយទៀត​ក្នុង​ដំណើររួមគ្នាអស់រយៈពេលជាង៣ទសវត្សរ៍មកនេះ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព។ ចំពោះវិស័យសេដ្ឋកិច្ច សម្តេចធិបតី បានសង្កត់ធ្ងន់ថា ជាលទ្ធផលនៃការ​ប្រើប្រាស់​បាន​ពេញ​លេញ និងប្រកបដោយប្រសិទ្ធ ភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ និង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយតំបន់ (RCEP) ពាណិជ្ជកម្មរវាងអាស៊ាន និង​សាធារណ​រដ្ឋ​កូរ៉េកាន់តែរីកចម្រើនឡើង។ នៅ ក្នុងន័យនេះ សម្តេចធិបតី បានសង្កត់​ធ្ងន់​ថា​ការ​ដំឡើង​កម្រិតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-សាធារណរដ្ឋកូរ៉េ នឹងធានាថាកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មសេរីនេះនឹងនៅតែមានសារ សំខាន់ មានការឆ្លើយតប ទំនើប និងប្រកបដោយ​ចក្ខុ​វិស័យ​វែងឆ្ងាយ។សម្តេចធិបតី ក៏បានគូសបញ្ជាក់ផងដែរថា សាធារណរដ្ឋកូរ៉េដើរតួនាទីយ៉ាងសំខាន់ក្នុងការ លើក​កម្ពស់​នវានុវត្តន៍ឌីជីថលនៅក្នុងតំបន់ រួមមានតាមរយៈការគាំទ្រការសម្រេចឲ្យបាននូវកិច្ចព្រម ព្រៀង​ក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ចំពោះការលើកកម្ពស់ការតភ្ជាប់តំបន់ សម្តេចធិបតីពាក់ព័ន្ធ​នឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម សម្តេចធិបតី បានទន្ទឹងរ​ង់ចាំ​ធ្វើ​ការ​ជាមួ​យ​សាធារណ​រដ្ឋ​កូរ៉េ ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូចកាន់តែមានភាពធន់ ប្រកបដោយការប្រកួតប្រជែង និង​ផលិតភាពតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូធុរកិច្ចថ្មីអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ក្នុង​វិស័យ​នានា​ដែល​គ្របដណ្តប់​លើការ​កសាង​សមត្ថភាពការតភ្ជាប់អាជីវកម្ម និងការផ្ទេរបច្ចេកវិទ្យាទាំងឡាយ៕

សម្តេចធិបតីគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ​មាន​លក្ខណៈ​ជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ី​បូព៌ា​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី លើកទី២៧

2024/10/11 11:02:59 am        128
នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៧ ទីក្រុងវៀងចន្ទន៍ សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានគូសបញ្ជាក់​អំពី​សារសំខាន់​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្ម​សហគមន៍​អាស៊ីបូព៌ា​។អង្គប្រជុំកំពូលអាស៊ានបូកបីលើកទី២៧ បានកោតសរសើរ​ចំពោះវឌ្ឍន​ភាពគួ​រ​ឱ្យស​ម្គាល់​ក្នុង​ការ​អនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី (២០២៣-២០២៧)។ កិច្ច​ប្រជុំ​ក៏​បាន​គូសបញ្ជាក់ជាថ្មីនូវតួនាទីដ៏សំខាន់នៃយន្តការអាស៊ានបូកបីក្នុងការជំរុញ ការកសាង​សហគមន៍​តំបន់ និងការជំរុញសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ ដោយមាន អាស៊ាន​ជា​កម្លាំងចលករ។ កិច្ចប្រជុំបានអនុម័ត «សេចក្តីថ្លែងការណ៍ប្រមុខដឹកនាំអាស៊ានបូកបី ស្តីពីការ​ពង្រឹង​ការ​តភ្ជាប់​ខ្សែ​ច្រវ៉ាក់​ផ្គត់​ផ្គង់តំបន់» គាំទ្រមូលបទឆ្នាំនេះស្តីពីការពង្រឹងភាពធន់ សាមគ្គីភាព និងចីរភាពតំបន់ ដើម្បី​ធ្វើ​ឱ្យអាស៊ានក្លាយជាអង្គការមួយដែលស្វាហាប់ និងបុរេសកម្ម​ដែល​មាន​សមត្ថ​ភាព​បន្សំ​នឹងគ្រោះ​​កាចនានា នាពេលអនាគត។នៅក្នុងកិច្ចប្រជុំនោះផងដែរ សម្តេចធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃកិច្ច សហប្រតិបត្តិការ​ឈ្នះ-ឈ្នះ ដែលមានលក្ខណៈជាក់ស្តែង និងការជំរុញសមាហរណកម្មសហគមន៍ អាស៊ីបូព៌ា តាម​រយៈ​ការ​ជំរុញពាណិជ្ជកម្ម និងវិនិយោគក្នុងតំបន់ ការពង្រឹងការតភ្ជាប់ក្នុងតំបន់ ការទាញ​យក​កាលា​នុវត្តភាពពីឧស្សាហកម្មដែលកំពុងលេចឡើងថ្មី ដើម្បីត្រៀម​កម្លាំង​រួច​ជា​ស្រេច​សម្រា​ប់​បំពាក់​អនាគតឌីជីថលដល់កម្មករនិយោជិក និងការកសាងភាពធន់ក្នុងតំបន់ ដើម្បីឆ្លើយ​តប​ទៅ​នឹង​ហានិភ័យហិរញ្ញវត្ថុ។ ទន្ទឹមនឹងនេះសម្តេចធិបតី បានកោតសរសើរចំពោះ វឌ្ឍនភាព​ក្នុង​ការ​អនុវត្ត​ផែន​ការការងារសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានបូកបីឆ្នាំ២០២៣-២០២៤ និង​កិច្ច​ព្រម​ព្រៀង​ RCEP។សម្តេចធិបតីបានគូសបញ្ជាក់ថា ប្រទេសបូកបីមានភាពអំណោយផល នៅក្នុងការរួមចំណែក ដល់​ការ​អភិវឌ្ឍកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន និងការ​អភិវឌ្ឍ​បណ្តាញ​អគ្គិសនី អាស៊ាន។ សម្តេចធិបតី ក៏បានជំរុញ​បណ្តាប្រ​ទេស​បូក​បី​ឲ្យ​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាស៊ាន ក្នុងការបំពាក់ជូនប្រជាជននូវអនាគតឌីជីថល និងបៃតង។ សម្តេចធិបតី ក៏បាន​គូ​ស​បញ្ជាក់ផងដែរ ថា ការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់អាស៊ានបូកបី (APTERR) និងប្រព័ន្ធ​ព័ត៌មាន​សន្តិសុខ ស្បៀងតំបន់អាស៊ាន (AFSIS) បានចូលរួមចំ​ណែក​យ៉ាង​សំខាន់ដល់ការ​កសាង​ភាព​ធន់នឹងគ្រោះ កាចនានា នាពេលអនាគត៕

សម្តេចធិបតីបានកោតសរសើរចំពោះការរួមចំណែករបស់ជប៉ុនក្នុងផែនការមេស្តីពីការតភ្ជាប់អាស៊ានឆ្នាំ២០២៥

2024/10/11 10:49:01 am        165
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រក​ម្ពុជា​បាន​កោតសរសើរ​ចំពោះ​ការ​រួម​ចំណែក​របស់​ជ​ប៉ុន​ក្នុង​ផែនការមេស្តីពីការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥។ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា ចំពោះការរួមចំណែករបស់​ជប៉ុន​ក្នុង​ផែនការ​មេ​ស្តី​ពី​ការតភ្ជាប់អាស៊ាន (MPAC) ឆ្នាំ២០២៥ គឺអាស៊ានបានទន្ទឹង​រង់ចាំ​ការ​សម្រេច​បាន​នូវ​កិច្ច​ព្រម​ព្រៀង​សេវាកម្មដឹកជញ្ជូនតាម ផ្លូវអាកាសអាស៊ាន-ជប៉ុន ដែលកាន់តែមានលក្ខណៈសេរី និង​ផ្តល់​ផលប្រយោជន៍ទៅវិញទៅមក ដែលសម្រួលដល់លំហូរពាណិជ្ជកម្ម និងទំនាក់​ទំនង​រវាង​ប្រជាជន និងប្រជាជន។ ក្នុង​របៀបវារៈ បៃតងសម្តេចធិបតី បានសម្តែងការកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុង​ការជួយដល់ អាស៊ានក្នុងការកាត់បន្ថយកាបូន និងបាន​លើក​ទឹក​ចិត្ត​ជប៉ុន​ឱ្យ​រួម​ចំណែក​ដល់​កិច្ច​ខិត​ខំប្រឹងប្រែងរបស់អាស៊ានក្នុងការកសាងបណ្តាញអគ្គិសនីអាស៊ាន។សម្តេចធិបតី បានគូសបញ្ជាក់ផងដែរថា ចំណងមិត្តភាពរវាងប្រជាជន និងប្រជាជន​នៅ​តែ​ជា​សសរ​ស្ដម្ភ​ដ៏សំខាន់នៃភាពជាដៃគូ ហើយពេញចិត្តចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ ភាព​ជាដៃគូដើម្បីសហបង្កើតថ្មីនូវអនាគតមួយជាមួយនឹងជំនាន់ក្រោយគម្រោង WA 2.0 ដែល​នឹង​ផ្តល់​កាលានុវត្តភាពដល់មនុស្សចំនួន ១០ លាននាក់ ជាពិសេស​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​នៃ​តំបន់ អាស៊ីអាគ្នេយ៍ និងជប៉ុន ដើម្បីធ្វើទំនាក់ទំនង និងស្វែងយល់​ពី​គ្នា​ទៅ​វិញទៅ​មក​កាន់​តែ​ប្រសើរ​ឡើង៕

សម្តេចធិបតី៖ កម្ពុជាពេញចិត្តចំពោះការសម្រេចបានការចរចាដំឡើងកម្រិត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA) ៣.០

2024/10/11 10:39:37 am        164
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៧ នៅទីក្រុងវៀងចន្ទន៍ សាធារណ​រដ្ឋ​ប្រជា​ធិបតេយ្យ​​​ប្រជាមានិតឡាវ កាលពីទី១០ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា​ពេញ​ចិត្តចំ​ពោះ​ការ​សម្រេច​បាននូវការបញ្ចប់ជាដុំកំភួន នៃការចរចា​ដំឡើង​កម្រិត​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន-ចិន (ACFTA) ៣.០។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងដែលត្រូវ​ដំឡើង​កម្រិត​នឹង​រួម​ចំណែក​បន្ថែម​ទៀតដល់ការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចតំបន់។ សម្តេច​ធិបតី​ក៏​បាន​លើក​ឡើង​ផងដែរពីក្តីសង្ឃឹមថា អាស៊ានអាចទទួលផលប្រយោជន៍​ពី​ការចូល​ទៅ​កាន់​ទីផ្សារ​ដ៏​ធំ​របស់​ចិន​កាន់​តែ​ល្អប្រសើរ តាមរយៈកិច្ចសហប្រតិបត្តិការកសិកម្ម និងពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិច​ត្រូនិក​ដែលកាន់តែមានលក្ខណៈប្រសើរជាងមុន។ ក្នុងន័យនេះ​សម្តេចធិបតី បានចែករំលែកថា កម្ពុជាកំពុងធ្វើការដើម្បីធ្វើទំនើបកម្មវិស័យកសិកម្ម។ ដូច្នេះ​កម្ពុជាគាំទ្រការអភិវឌ្ឍកសិកម្មឆ្លាតវៃ និងភូមិឌីជីថល ដូចដែលបាន​ចែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន-ចិនស្តីពីការពង្រឹង កិច្ចសហប្រតិបត្តិការកសិកម្ម កាលពីឆ្នាំមុន និងបា​ន​ស្វាគមន៍​ការ​អនុម័តសេចក្តីថ្លែងការណ៍រួម អាស៊ាន-ចិន ស្តីពី​ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​កសិកម្ម​ឆ្លាត​វៃ​នៅ​ឆ្នាំនេះ។សម្តេចធិបតី ក៏បានលើកឡើងនូវការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីជំរុញ​របៀប​វារៈ​បៃតង​។ ក្នុងន័យនេះកម្ពុជាស្វាគមន៍សំណើបង្កើតកិច្ចប្រជុំរដ្ឋមន្ត្រីថាមពលអាស៊ាន-ចិន និង​បាន​ស្នើចិនឱ្យចូលរួមចំណែកក្នុងការបង្កើតបណ្តាញអគ្គិសនីអាស៊ាន។ សម្តេចធិបតី បានអះអាងជាថ្មីនូវការគាំទ្ររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងរួមអាស៊ាន និង​ចិន ដើម្បីពង្រឹងទំនាក់ទំនងប្រជាជន និងប្រជាជន ហើយបាន​ស្វាគមន៍​ការ​អនុម័ត​សេចក្តី​ថ្លែង​ការណ៍​រួម​អាស៊ាន-ចិនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងផ្លាស់ប្តូរប្រជាជន និងប្រជាជន និង​ការ​បង្កើតកិច្ចប្រជុំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ចិន៕ឌឌ

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍

2024/10/09 10:41:42 am        141
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៤៤ នៅទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ព្រះមហាក្សត្រ យាងនិវត្តពីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅសាធារណរដ្ឋបារាំង

2024/10/07 11:37:58 am        185
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងនិវត្តពី​ចូលរួមកិច្ច​ប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី លើកទី១៩ នៅសាធារណរដ្ឋបារាំង នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤។តបតាមការសូមយាងរបស់ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតី នៃ​សាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិត​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា​ ព្រះអង្គបានសព្វព្រះរាជហឫទ័យយាងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែល​បាន​ប្រព្រឹត្ត​ទៅពីថ្ងៃទី៤ ដល់ ទី៥ ខែតុលា ឆ្នាំ២០២៤ នៅ Villers-Cotterêts និងនៅទីក្រុង​ប៉ារីស​។កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩នេះធ្វើឡើងក្រោមមូលបទ «ការបង្កើតថ្មី នវានុវត្តន៍ និង​សហគ្រិន​ភាពជាភាសាបារាំង»។ កិច្ចប្រជុំកំពូលនេះជាឱកាសមួយសម្រាប់ប្រមុខរដ្ឋ និងប្រមុខ​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ពី​ដំណោះ​ស្រាយ​នៃ​បញ្ហា​ប្រឈម​នានា​ដូច​ជា​ការ​បង្កើត​ការងារ​សម្រាប់​យុវជន​ក្នុង​តំបន់ប្រើប្រាស់ភាសាបារាំង។ តាមរយៈកិច្ចប្រជុំនេះក៏បានបង្កើតបរិយាកាសដែលមានលក្ខណៈអំណោយផលសម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច ដែលគោរពសេរីភាពនៃការបង្កើតថ្មី និងសហគ្រិនភាព​ព្រម​ទាំង​ធ្វើ​ឱ្យ​ពហុភាគីនិ​យម​មាន​ភាព​រស់​រវើកឡើងវិញដោយមានការរួមចំណែកពីស្ថាប័នហ្វ្រង់កូហ្វូនផងដែរ។ក្នុងឱកាស​ចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ជាលទ្ធផលដ៏លើស​លប់​ប្រទេ​សក​ម្ពុ​ជា​នឹង​​ធ្វើ​ជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ខណៈដែល​ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានប្រកាស​ជា​ផ្លូវ​ការ​បែប​នេះ​នៅ​វិមាន Grand Palais ទីក្រុងប៉ារីស ដោយមានការទះ​ដៃអបអរសាទរ​យ៉ាង​កងរំពង​ពីបណ្តាប្រមុខរដ្ឋ និងរដ្ឋាភិបាល។បន្ទាប់ពី​ការប្រកាសពីឯកមានការចាក់បញ្ចាំងវីដេអូស្តីពីប្រទេសកម្ពុជា ដែលបង្ហាញ​ថា​កម្ពុជា​ជា​ប្រទេស ដែលមានវប្បធម៌ជាចលករមួយសម្រាប់ការអភិវឌ្ឍ និងជាចំណុចមួយដែលអតីតកាល និង​អនាគតរួបរួមគ្នាប្រកបដោយសុខដុមរមនា។ ក្នុងឱកាសកិច្ចប្រជុំនេះ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយា​ង​ថ្លែង​សុន្ទ​រកថាបិទ កិច្ចប្រជុំ ដែលព្រះអង្គ មានព្រះរាជ​កិត្តិយស​ទទួល​ឱ្យប្រ​ទេសក​ម្ពុ​ជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ក្នុងភាពស្ងៀមស្ងាត់ដ៏អស្ចារ្យ និងក្រោមក្រសែភ្នែកកោតសសើររបស់អង្គប្រជុំទាំងមូល ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងព្រះរាជសុន្ទរកថាដ៏ឱឡារិក ហើយមានព្រះរាជបន្ទូលថ្លែង អំណរគុណយ៉ា​ងជ្រាលជ្រៅចំពោះប្រទេសសមាជិកទាំងអស់ ដែលបានគាំទ្រ​បេក្ខភាព​របស់​កម្ពុជា​។ ព្រះអង្គក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ រាជរដ្ឋាភិបាល និងប្រជាជន​កម្ពុជា​ក្នុងនាមជាប្រទេសម្ចាស់ផ្ទះដើម្បីរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឱ្យក្លាយជា​ឱកាស​ដ៏ពិសេសមួយសម្រាប់ការចែករំលែក និងការប្រារព្ធពិធីមួយដ៏សប្បាយរីករាយ។សូមបញ្ជាក់ថា នៅក្នុងអំឡុងពេលដែលព្រះអង្គស្ដេចគង់នៅក្នុងទីក្រុងប៉ារីស ព្រះករុណា​ជា​អម្ចាស់​ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ​ក៏​បាន​ព្រះរាជ​ទាន​ព្រះរា​ជស​វនាការ​ទ្វេភាគីជាមួយនឹង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃ​សាធារណរ​ដ្ឋ​បារាំង​ដោយ​បាន​ពិភាក្សាអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណី រវាងកម្ពុជានិងបារាំងផងដែរ៕

សម្ដេចតេជោ៖ ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយទើបអង្គកឋិនទានដង្ហែ ទៅវត្តខ្មែរក្រោមដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»

2024/10/07 09:50:27 am        213
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៤នេះ បានបង្ហោះសរតាមបណ្ដាញសង្គមហ្វេសប៊ុក បញ្ជាក់​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការ​ដង្ហែ​កឋិនទានទៅវត្តខ្មែរក្រោមដោយដាក់ឈ្មោះថា «មហាសាមគ្គីគ្រួសារខ្មែរ»។ សម្ដេចតេជោមានប្រសាសន៍ថា ភរិយារបស់សម្ដេចបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គ​កឋិន​ទាន​ទៅ​វត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្ដែជាអកុសល​ឪពុក​របស់​សម្ដេច​បាន​ទទួលម​រណភាពនៅឆ្នាំ២០១៣ ដែលគ្រួសារសម្ដេចសម្រេចផ្អាក ការធ្វើបុណ្យ​កឋិន​រយៈ​ពេល​៥​ឆ្នាំ។ សម្ដេចតេជោបានបញ្ជាក់ថា រឿងថ្មីបានកើតឡើងគឺម្តាយក្មេកសម្ដេចមានជំងឺ និង​បាន​ទទួលមរណភាពនៅឆ្នាំ២០២០ ដូច្នេះសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។សម្ដេច​តេជោបានបញ្ជាក់ថា៖«ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើង​បាន​ឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយ​ការ​ខិត​ខំរ​បស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែ​អង្គ​កឋិន​មហា​សាមគ្គីគ្រួសារខ្មែរមួយទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាង​មុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់ផ្សេ​ង​ទៀត​ដង្ហែ​ទៅ​ដោយផ្ទាល់»។សូមបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ បើតា​មប្រសាសន៍​សម្ដេចតេជោ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការ​គណប​ក្ស​ប្រជាជន​កម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្ដេចតេជោ និងសម្ដេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ចូល​រួម​ដោយផ្ទាល់។សម្ដេចតេជោបញ្ជាក់បន្ថែមថា៖«ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់​ឈ្មោះ​អង្គ​កឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូន​ខ្មែរ​នៅ​គ្រប់​ទី​កន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា។ បង​ប្អូន​ប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញ​ទៅ​លេង​បុណ្យ​កឋិន​ទាន​នេះ​បាន​ដោយ​បំពេញ​បែប​បទ​ឆ្លង​ប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។ ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេច​ឆ្នាំ​២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីអ៊ីស្រាអែល ប្រកាសសាងសង់ផ្ទះថ្មីចំនួន ៣.៤០១ខ្នង សម្រាប់អ្នកតាំងលំនៅ នៅ West Bank
08/14/2025 02:08 PM
ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)
08/14/2025 02:08 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញនាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សាក្នុងវត្តវិមានតេជះ ហៅវត្តស្រះចក និងបានឧទ្ទិសកុសលជូនវីរកងទ័ព​ដែលបាន​ពលីការពារបូរណភាពទឹកដី
08/14/2025 01:08 PM
ពលករខ្មែរអះអាងថា មិនត្រឡប់ទៅថៃវិញទេ បើទោះបីជាស្ថានភាពវិលត្រឡប់ដូចដើមក្តី
08/14/2025 01:08 PM
អ្នកនាំពាក្យក្រសួងអប់រំ៖ បេក្ខជនប្រឡងបាក់ឌុបមកពីខេត្តឧត្តរមានជ័យ និងព្រះវិហារ​អាចទៅ​ចុះ​ឈ្មោះប្រ​ឡងរាជធានី-ខេត្ត ដទៃបើមិនចង់ប្រឡងនៅខេត្តខ្លួន
08/14/2025 01:08 PM
ចំហេះព្រៃរីករាលដាល និងរលកកម្ដៅយ៉ាងខ្លាំងក្លា បន្តដុតកម្លោចពាសពេញទ្វីបអឺរ៉ុបខាងត្បូង
08/14/2025 12:08 PM
យោធាអ៊ីស្រាអែល ថាខ្លួនបានអនុម័តផែនការសម្រាប់ពង្រីកការវាយលុកនៅក្នុងតំបន់ហ្កាហ្សា
08/14/2025 12:08 PM
កងកម្លាំងរុស្ស៊ី អះអាងថា ខ្លួនវាយដណ្ដើមបានភូមិពីរទៀត នៅភាគខាងកើតអ៊ុយក្រែន
08/14/2025 12:08 PM
ពលរដ្ឋទីក្រុងវ៉ាស៊ីនតោន តវ៉ានៅប៉ុស្តិ៍ត្រួតពិនិត្យរបស់នគរបាលក្នុងពេលមានការបង្ក្រាបឧក្រិដ្ឋកម្ម របស់លោកTrump
08/14/2025 12:08 PM
នគរបាលប្រទេសស៊ែរប៊ី ធ្វើអន្តរាគមន៍ដើម្បីបញ្ចប់ការប្រឈមមុខដាក់គ្នារវាងបាតុករគាំទ្រនិងប្រឆាំងរដ្ឋាភិបាល
08/14/2025 12:08 PM