សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
សម្ដេ​ចតេជោ ហ៊ុន សែន៖«២០ មិថុនា ១៩៧៧ ជីវិតរបស់ខ្ញុំ និងភរិយាពេលនោះជួបជាមួយគ្រោះថ្នាក់ និងលំបាកវេទនាខ្លាំងណាស់»
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ីប្តេជ្ញាជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែម ពិសេសផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ

2023/10/26 11:44:59 am        444
ភ្នំពេញ៖ រុស្ស៊ីប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនវិនិយោគឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ការបញ្ជាក់បែបនេះធ្វើឡើងតាមរយៈជំនួបពិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្សីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្នុងជំនួបនេះ ឯកឧត្តម Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា របស់ សម្តេចធិបតី នៅក្នុងអាណត្តិទី៧ នេះ ដោយបានសម្តែងនូវការជឿជាក់ថា ចំណងមិត្តភាពរុស្សី-កម្ពុជា នឹងកាន់តែរីកចម្រើនរឹងមាំ បន្ថែមលើកិច្ចសហប្រតិបត្តិការល្អ ដែលមានស្រាប់ ក្នុងរយៈកាលនៃចំណងការទូតជាប្រវត្តិសាស្ត្រយូរលង់ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែលបានដើរតួនាទីក្នុងនាមជាប្រទេសសម្របសម្រួលអាស៊ាន-រុស្សី ដើម្បីលើកស្ទួយទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-រុស្សី បន្ថែមមួយកម្រិតទៀត ។ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូតរុស្ស៊ី ដែលជាឱកាសសម្រាប់ការពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្ស៊ី និងបានរំឭកអំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងដំណាក់កាលដែលកាលនោះជាអតីតសហភាពសូវៀត បានជួយឧបត្ថម្ភគាំទ្រកម្ពុជាលើការស្តារកសាងប្រទេសឡើងវិញ បន្ទាប់ពីការដួលរលំនៃរបប ប៉ុល ពត ព្រមជាមួយនឹងការបញ្ជាក់ថា គោលនយោបាយការបរទេសរបស់កម្ពុជា មិនមានការប្រែប្រួលឡើយ ជាពិសេសនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-រុស្ស៊ី ។ជារួម សម្តេចធិបតីនាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទំនាក់ទំនងទ្វេភាគី ក្នុងរយៈកាលកន្លងមក ជាពិសេស ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងនៅក្នុងអង្គនីតិប្បញ្ញត្តិ និងអង្គនីតិប្រតិបត្តិ ហើយក៏គ្រោងនឹងមានការរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានព្រឹទ្ធសភាកម្ពុជា ទៅកាន់សហព័ន្ធរុស្ស៊ី នៅក្រោយការបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មីរួច ក៏ដូចជាការផ្លាស់ប្តូរក្នុងវិស័យការពារជាតិ និងសន្តិសុខ ដូចដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងនៃការចូលចតនាវារុស្ស៊ី នៅខេត្តព្រះសីហនុ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ, រុស្ស៊ីក៏បានបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការជំរុញក្រុមហ៊ុនវិនិយោគរុស្ស៊ី ឱ្យមកកម្ពុជាបន្ថែមទៀត ជាពិសេសនៅក្នុងផ្នែកឧស្សាហកម្មរថយន្ត និងគ្រឿងចក្រ, គ្រឿងយន្តកសិកម្ម, បរិក្ខារសុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន ។ ចំពោះទិសដៅទៅមុខ ក្រៅពីកិច្ចសហប្រតិបត្តិលើវិស័យដែលមានស្រាប់, កិច្ចពិភាក្សាក៏បានផ្តោតផងដែរលើការប្តេជ្ញាចិត្តរួមក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ និងអប់រំ ក៏ដូចជាបញ្ហាផ្សេងៗមួយចំនួនទៀត ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជន ទាំងពីរ ៕

សម្ដេចតេជោប្រកាសរៀបចំឱ្យ ឌី ពេជ្រ និង ហ៊ិន ចន្ធ័នីរ័ត្ន បានចូលរោងការតាមប្រពៃណី

2023/10/26 11:31:45 am        8927
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៣នេះ បានសរសេរបញ្ជាក់នៅលើបណ្ដាញតេឡេក្រាមផ្លូវការថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ សម្ដេចតេជោ ប្រកាសរៀបចំឱ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ចន្ធ័នីរ័ត្ន បានចូលរោងការតាមប្រពៃណី។សម្ដេចតេជោបានសរសេរថា ដើម្បីជៀសវាងមាត់ចាបមាត់ព្រាបដូចពាក្យ ចាស់លោកពោលថាមាត់វែងជាងផ្លូវជុំវិញ កូនប្រុសឌី ពេជ្រនិងកូនស្រីហ៊ិន ចន្ធ័នីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរបានចូលរោងការតាមប្រពៃណី។សម្ដេចតេជោបញ្ជាក់ថា៖«ថ្ងៃស្អែក២៧តុលា២០២៣ ឪពុកម្តាយខាងប្រុស ចូលស្តីដណ្តឹងកូនស្រី ហើយនៅថ្ងៃ២២ ខែធ្នូ២០២៣ កំណត់ជាថ្ងៃរៀបការដែលគ្រួសារទាំងសងខាង និងសាមីខ្លួនបានយល់ស្របតាមខ្ញុំដែលជាអាចារ្យធំរៀបចំពេលវេលាបែបនេះ»។សម្ដេចតេជោបញ្ជាក់ថា ឈាមច្បាស់ជាខាប់ជាងទឹក និងសង្ឃឹមថាពុំមានអ្នកធ្វើអត្ថាធិប្បាយណាយកទៅបកស្រាយផ្សេងពីនេះទៀតឡើយ៕

កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន ១,៥ លាននាក់ គ្រោងដាក់ឱ្យដំណើរការនាខែវិច្ឆិកាឆ្នាំ២០២៣នេះ

2023/10/26 11:26:18 am        579
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រកាសដាក់ឱ្យដំណើរការ​ជាផ្លូវការកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់។នៅក្នុងពិធីបើកវគ្គវិក្រិតការគ្រូបច្ចេកទេស ​ស្តីពីវិធីសាស្រ្តបង្រៀននិងការប្រើប្រាស់ម៉ូឌុល​តាមជំនាញ​ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកម្រិតសញ្ញាបត្រ​បច្ចេកទេសនិងវិជ្ជាជីវៈ ១ ​ដល់យុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសាររងហានិភ័យ ​នៅព្រឹកថ្ងៃទី២៦ ខែតុលានេះ ឯកឧត្តមរដ្ឋមន្រ្តីការងារ បានមានប្រសាសន៍ឱ្យដឹងទៀតថា តាមរយៈកម្មវិធីនេះ យុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសារងាយរងហានិភ័យ ​អាចចូលរៀនដោយមិនបង់ប្រាក់ និងទទួលបានប្រាក់​ឧបត្ថម្ភ​បន្ថែមពីរាជរដ្ឋាភិបាលផងដែរ។មុខជំនាញដែលនឹងត្រូវផ្តល់ជូនក្នុងកម្មវិធីនេះមានចំនួនជាង៦០ ជំនាញ ​ក្នុងវិស័យដូចជា៖ សំណង់ , អគ្គីសនី អេឡិចត្រូនិច កម្មន្តសាល មេកានិច កសិកម្ម និងកសិ ឧស្សាហកម្ម ​ជួសជុល​រថយន្ត តំឡើងប្រព័ន្ធទឹកជាដើម។សូមបញ្ជាក់ថា ដើម្បីទទួលបានការសិក្សានេះ ​យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ​រង​ហានិភ័យ ត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំ​ និងអាចចុះ ឈ្មោះតាមឃុំ ​សង្កាត់ដែលខ្លួនរស់នៅ ឬនៅគ្រឹះស្ថានអប់រំ ​បណ្តុះបណ្តាលវិជ្ជាជីវៈ ​ឬតាមប្រព័ន្ធអេឡិចត្រូនិច៕

រុស្ស៊ីសាកល្បងមីស៊ីល ខណៈខ្លួនលុបចោលសច្ចាប័នសន្ធិសញ្ញានុយក្លេអ៊ែរ

2023/10/26 11:17:58 am        449
ប្រទេសរុស្ស៊ី និយាយថាការបាញ់មីស៊ីល គឺជាផ្នែកនៃការហាត់សមដ៏ជោគជ័យសម្រាប់ការវាយប្រហារនុយក្លេអ៊ែរសងសឹក។ នោះគឺជារបៀបដែលរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu បានបង្ហាញលក្ខណៈការបាញ់ដល់ប្រធានាធិបតីលោក Vladimir Putin នៅក្នុងវីដេអូ ចាក់ផ្សាយនៅលើទូរទស្សន៍រដ្ឋរុស្ស៊ី។ វាជាការបង្ហាញអំពីកម្លាំង ស្របគ្នាជាមួយទីក្រុងមូស្គូ ដែលកំពុងមានចំណាត់ការយ៉ាងឆាប់រហ័សដើម្បីលុបចោលការធ្វើសច្ចាប័ននៃសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែររបស់ខ្លួន។ សេចក្តីស្នើច្បាប់លុបចោលសច្ចាប័ន បានអនុម័តជាឯកតោភាគីដោយសភាជាន់ខ្ពស់របស់រុស្ស៊ីកាលពីថ្ងៃពុធ។ លោក Putinនឹងចុះហត្ថលេខាចុងក្រោយ។ ប្រទេសរុស្ស៊ីមានឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោក ហើយបច្ចុប្បន្នមើលឃើញខ្លួនឯងថា កំពុងស្ថិតក្នុងការប្រឈមមុខដែលកំពុងកើតមានជាមួយប្រទេសលោកខាងលិចជុំវិញបញ្ហានៅអ៊ុយក្រែន។ ទីក្រុងមូស្គូ និយាយថាការលុបចោល ការផ្តល់សច្ចាប័នសន្ធិសញ្ញានឹងសមស្របទៅតាមជំហររបស់ទីក្រុងវ៉ាស៊ីនតោន។ សហរដ្ឋអាមេរិក បានចុះហត្ថលេខា ប៉ុន្តែ ពុំទាន់បានផ្តល់សច្ចាប័ននោះទេ ជាឯកសារដូចគ្នា។ ប្រធានសភាជាន់ខ្ពស់ លោក Valentina Matvienko បានប្រាប់សមាជិកសភាថា ប្រសិនបើសហរដ្ឋអាមេរិក បន្តមិនមានចំណាត់ការដើម្បីបំពេញកាតព្វកិច្ច នៅពេលនោះកិច្ចព្រមព្រៀងនេះ នឹងនៅតែជាភាពលាក់ពុត។ ខណៈសន្ធិសញ្ញាហាមប្រាមការសាកល្បងគ្រប់ជ្រុងជ្រោយ មិនទាន់បានចូលជាធរមានផ្លូវការ នោះវាបានធ្វើឲ្យមានការហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។ ប្រទេសរុស្ស៊ី បានធ្វើសមយុទ្ធសាកល្បងនូវអ្វីដែលគេហៅថាកម្លាំងវាយប្រហារនុយក្លេអ៊ែរទាំងបីផ្នែក ម្តងហើយម្តងទៀត ខណៈសហរដ្ឋអាមេរិកអនុវត្តសមយុទ្ធជាទៀងទាត់។ អ្នកជំនាញគ្រប់គ្រងអាវុធ និយាយថាការសាកល្បងដោយភាគីណាមួយ អាចបង្កឲ្យមានការប្រជែងអាវុធថ្មីៗ និងបង្កឲ្យមានការសាកល្បងបន្ថែមទៀតពីប្រទេសផ្សេងៗ។ ទីក្រុងមូស្គូ និយាយថថាខ្លួនគ្មានផែនការចាប់ផ្តើមសាកល្បងនោះទេ លុះត្រាតែ ទីក្រុងវ៉ាស៊ីនតោន សាកល្បងជាមុន។

រាជរដ្ឋាភិបាលថៃ នឹងបញ្ចុះតម្លៃការធ្វើទិដ្ឋាការការងារដល់កម្មករខ្មែរពី១៩០០បាត មកត្រឹម ៥០០បាត

2023/10/25 02:39:19 pm        344
កំពង់ចាម៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃប្រទេសថៃ បានសម្រេច​បញ្ចុះ​តម្លៃ នៃការធ្វើ​ទិដ្ឋាការ​(VISA) ការងារ ​ដល់កម្មករ និយោជិតខ្មែរ ​ដែលទៅធ្វើការនៅប្រទេសថៃ ពីតម្លៃ១៩០០ (ប្រមាណ​៥០ដុល្លា) មកត្រឹម ៥០០បាត (ជិត១៥ដុល្លារ) ។ក្នុង​ពិធីសំណេះសំណាលកម្មករនិយោជិតជាង ១ម៉ឺន ២ពាន់នាក់ ​នៅខេត្តកំពង់ចាម ក្រោម​អធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅថ្ងៃទី២៥ ខែតុលា​ ឆ្នាំ២០២៣ ឯកឧត្តម ហេង សួរ ​មានប្រសាសន៍ថា ​កាលពីជំនួបទ្វេភាគីរបស់សម្ដេចធិបតី បានស្នើទៅកាន់​នាយករដ្ឋមន្ត្រីថៃ ​ជួយកាត់បន្ថយនូវបន្ទុកចំណាយផ្សេងៗ របស់ពលករខ្មែរ ដែលទៅធ្វើការងារ​នៅប្រទេសថៃ ​ជាការឆ្លើយតប ​ទើបរាជរដ្ឋាភិបាលថៃ ​បានសម្រេច​បញ្ចុះ​នូវតម្លៃធ្វើទិដ្ឋាការ ដែល​ត្រូវអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២៣តទៅ ។គួរបញ្ជាក់ថា ​ឯកឧត្តម សេដ្ឋា ថាវីស៊ីន ​នាយករដ្ឋមន្ត្រី​ នៃប្រទេសថៃ ​បានធ្វើដំណើរ​ទស្សនកិច្ច​នៅក្រៅប្រទេសលើកដំបូង ​ក្នុងតំណែងជានាយករដ្ឋមន្ត្រី ​មកកាន់ប្រទេសកម្ពុជា ​កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ​មានជំនួបទ្វេភាគី​ និងពិភាក្សាការងារជាមួយសម្ដេចធិបតី ​លើការងារមួយចំនួន ។ ក្នុងជំនួបនោះ ភាគីទាំងពីរ ​បានសន្យាបន្តពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន​ ដូចជា ការផ្សារភ្ជាប់វិស័យសេដ្ឋកិច្ចឌីជីថល ​និងសេដ្ឋកិច្ចបៃតង​ វិស័យទេសចរណ៍​ វិស័យអប់រំ វិស័យ​ការងារ​ វិស័យការពារជាតិ​ រួមទាំងវិស័យសំខាន់ៗ​មួយចំនួនទៀត ដើម្បីបម្រើដល់ផល​ប្រយោជន៍​ប្រជាជន នៃប្រទេសទាំងពីរ ​ដែលជាប់ព្រំដែននឹងគ្នា ។ជាមួយគ្នានោះ ​តបតាមសំណើរបស់សម្ដេចធិបតី ​នាយករដ្ឋមន្ត្រីថៃ នឹង​ពិចារណា​ដោយយកចិត្តទុក​ដាក់បំផុត ចំពោះ​សំណើរ​ឲ្យមាន​នីតិវិធីអន្តោប្រវេសន៍ និង​ការ​សម្រួល​នៅតាមព្រំដែន​ប្រសើរ​ជាងមុន ព្រមទាំង​ពន្លឿននីតិវិធីបង្កើតអគ្គកុងស៊ុលកម្ពុជា ​នៅក្នុងខេត្តសុងក្លា ដើម្បី​ពង្រីក​សេវា​កុងស៊ុល​ជួយ​ប្រជាពលរដ្ឋកម្ពុជា ​ដែលធ្វើការ ​និងស្នាក់នៅក្នុងភាគខាងត្បូង នៃប្រទេសថៃផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

អភិបាលខេត្តព្រះវិហារ អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និងសង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣

2023/10/25 02:03:28 pm        109
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត នាថ្ងៃទី២៤ ខែតុលា ម្សិលមិញនេះ បានអញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពកងរុករក និងសង្គ្រោះលេខ៧២១ នៃកងពលធំអន្តរាគមន៍លេខ៣ នាទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំ​អន្តរាគមន៍​លេខ៣ អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជារង កងកម្លាំងទាំងបី ថ្នាក់ដឹកនាំ​មន្ទីរអង្គភាពជំនាញ ​ព្រមទាំងលោក លោកស្រី ជាសមាជិកក្រុមរុករក​សង្គ្រោះ​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តជាច្រើនរូបទៀត។ក្នុងអង្គពិធីនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះ​មហន្តរាយទឹកជំនន់ខ្យល់ កន្ត្រាក់បានបង្ករផលប៉ះពាល់ជាច្រើនដល់អាយុជីវិត និងជីវភាពរស់នៅ​របស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាខេត្តព្រះវិហាររបស់យើងស្ទើររៀងរាល់ឆ្នាំ។ជាក់ស្តែងកន្លងមកនេះយើងក៏ធ្លាប់បានទទួលរងនូវទឹកជំនន់ ទឹកភ្លៀងរហ័ស​នៅតាមតំបន់​ជួរភ្នំដងរ៉ែក និងតំបន់ស្ទឹងសែនផងដែរ។ដោយមើលឃើញអំពីតម្រូវការចាំបាច់ គណៈកម្មាធិការ​គ្រប់គ្រងគ្រោះមហន្តរាយ បានធ្វើការណែនាំដល់លេខាធិការដ្ឋានគ្រប់គ្រង​គ្រោះមហន្តរាយ គ្រប់លំដាប់ថ្នាក់ ​ឱ្យត្រៀមលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការជួយ​សង្គ្រោះករណី​មានគ្រោះ មហន្តរាយកើតឡើងជាយថាហេតុណាមួយ។ឯកឧត្តម គីម រិទ្ធី បានបន្ថែមថា ផ្អែកលើមូលដ្ឋាននៃបទពិសោធន៍ និងអនុវត្តតាមការណែនាំរបស់​គណៈកម្មាធិការ​គ្រប់គ្រង គ្រោះមហន្តរាយខេត្តព្រះវិហារ បានរៀបចំវគ្គបណ្តុះបណ្ដាលពង្រឹងសម្ថតភាព និង​អនុវត្តលំហាត់សមយុទ្ធ រុករក និងសង្គ្រោះគ្រោះ​មហន្តរាយដល់កងកម្លាំង និងមន្ត្រី​នៃលេខាធិការដ្ឋាន​ក្នុងគោលបំណង​បង្កើនចំណេះដឹង ពង្រឹង​សមត្ថភាពក្នុងការគ្រប់គ្រងហានិភ័យ យន្តការគ្រប់គ្រងឆ្លើយតបនានា ការយល់ដឹងអំពីរបៀបប្រើ ប្រាស់ប្រព័ន្ធគ្រប់គ្រង បញ្ហា​ឧបទ្ទវហេតុ​ និងការប្រើប្រាស់​ឧបករណ៍រុករក និងសង្គ្រោះលើផ្ទៃទឹក​ដូចជាការ ប្រើប្រាស់ទូកសង្គ្រោះ ការប្រើប្រាស់ខ្សែសុវត្ថិភាពជាដើម។បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ សូមយកចិត្តទុកដាក់ សិក្សារៀនសូត្រ ទាំងទ្រឹស្តី និងការអនុវត្តជាក់ស្ដែង ដូចជាការអនុវត្តលំហាត់សមយុទ្ធ និងយុទ្ធវិធីនានា​ ដើម្បីទទួលបាននូវ ចំណេះដឹង ​និងជំនាញនានាក្នុងការគ្រប់គ្រង ឆ្លើយតប​ទៅនឹងគ្រោះមហន្តរាយ។ពង្រឹងគុណភាព និងប្រសិទ្ធភាព នៃវគ្គបណ្តុះបណ្តាល​តាមរយៈការជំរុញ​ដំណើរការ ​និងការចូលរួមឱ្យបានពេញលេញ ​ជាពិសេសការ​ អនុវត្តលំហាត់​សមយុទ្ធ​ឱ្យកៀក​ទៅនឹងការពិតជាក់ស្តែង ហើយត្រូវយកចំណេះដឹង​ និងជំនាញដែលទទួល បានទៅប្រើប្រាស់​ឱ្យចំ​គោលដៅ ​និងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះករណីមានគ្រោះមហន្តរាយកើត ឡើងជាយថាហេតុ៕

សម្ដេចតេជោ ហ៊ុន សែនអញ្ជើញចុះកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត

2023/10/25 01:12:36 pm        270
នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបាន អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន២៧ផ្សេងទៀត។ ពិធីនេះធ្វើឡើងនៅវិមាន៧មករា ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា។សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានកោតសរសើរដល់គណបក្សទាំង២៨ ដែលរៀបចំឱ្យមានការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ។សម្តេចតេជោបានមានប្រសាសន៍ថា គណបក្សទាំងអស់មិនស្ថិតនៅលើការគ្រប់គ្រងពីគណបក្សណាមួយទេ គឺស្មើសិទ្ធិ ស្មើភាពគ្នា មិនមែនស្ថិតក្រោមគណបក្សប្រជាជនកម្ពុជានោះ ​បើទោះបីជាបក្សប្រជាជនកំពុងកាន់អំណាចក្តី និងមានធនធានហិរញ្ញវត្ថុក្តី។សម្តេចតេជោបានមានប្រសាសន៍បន្តថា ការអញ្ជើញអនុប្រធានបក្សប្រជាជនទាំង៤រូប ចូលរួមនៅពេលនេះដែលមានចំនួនច្រើនជាងបក្សដទៃ គឺក្នុងនាមជាម្ចាស់ផ្ទះ ជាការទទួលភ្ញៀវ។ ការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ គណបក្សផ្សេងទៀតអាចនឹងរងការចោទប្រកាន់ពីក្រុមប្រឆាំង ថាជាអាយ៉ងរបស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបន្តថា បើទោះបីគណបក្សប្រជាជន មានធនធានមនុស្សច្រើន និងមានធនធាន​ហិរញ្ញវត្ថុ តែមិនបានមើលឃើញគណបក្សផ្សេងៗថាតូច មិនមែនជាដៃគូរបស់ខ្លួន​នោះទេ គឺស្មើភាព និងស្មើសិទ្ធិគ្នា។សម្តេចតេជោ បានថ្លែងទៀតថា​ អ្វីដែលយើងចុះកិច្ចព្រមព្រៀងនេះ គឺមានការ​គ្របដណ្តប់​ក្នុងរដ្ឋធម្មនុញ្ញ។នៅថ្ងៃនេះសម្តេចតេជោ បានចោទជាសំណួរថា សម្តេចមិនយល់មនុស្សមួយចំនួន ដែលបាន​បកស្រាយ​មិនត្រឹមត្រូវ ​លើកិច្ចព្រមព្រៀងទីក្រុងប៉ារីស​ ២៣ តុលា ដោយសម្តេចបានរំលឹក​ពី​ដំណើរការ​នៃការចុះកិច្ចព្រមព្រៀងទីក្រុងប៉ារីសទៀត។​សម្តេចបានចាត់ទុកការបកស្រាយរបស់ក្រុមមួយចំនួននោះ ​គឺបំពានលើភាពជាក់ស្តែង នៃកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស។ សម្តេចតេជោ ចង់បានការគោរពនូវសច្ចភាពនូវអ្វីដែលបានឆ្លងកាត់ ហើយពេលនេះកម្ពុជា​គោរពតែរដ្ឋធម្មនុញ្ញប៉ុណ្ណោះ។សម្តេចតេជោ បានមានប្រសាសន៍ថា ​សម្តេច​ និងសម្តេចនរោត្តម សីហនុ គឺជាតួអង្គ២នាក់ដែល​សំខាន់ នាំឱ្យមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ការយកកិច្ចព្រមព្រៀងទីក្រុងប៉ារីស មកសង្កត់​លើរដ្ឋ​ធម្មនុញ្ញកម្ពុជា គឺជារឿងមិនត្រឹមត្រូវទេ។សម្តេច បានថ្លែងថា ក្នុងកិច្ចព្រមព្រៀងដែលចុះហត្ថ​លេខា​ជាមួយបក្សនយោបាយទាំង២៨​ មានចំណុចដែលតម្រូវឱ្យមានការពាររបបរាជនិយម អាស្រ័យ​រដ្ឋធម្មនុញ្ញ ដោយសារប៉ុន្មានឆ្នាំចុងក្រោយនេះ​ មានក្រុមប្រឆាំងបានបំពាន និងប្រមាថ​លើព្រះមហាក្សត្រ រួមទាំងការទាមទារឱ្យព្រះមហាក្សត្រ ដាក់រាជជាដើម។សម្តេចតេជោបានថ្លែងថា ការពាររបបរាជានិយមបានទាមទារឱ្យមានចលនាជាតិនិយមមួយ ដែលទាមទារឱ្យគណបក្សនយោបាយចូលរួមផងដែរ។ការពារទឹកដី ​ការពារសន្តិភាព និងស្ថិរភាព គឺជារឿងចាំបាច់បំផុតសម្រាប់កម្ពុជា «ពេលមានសន្តិភាព គេមិនសូវនឹកពីតម្លៃនៃសន្តិភាពទេ ប៉ុន្តែពេលមានសង្គ្រាមទើប គេនឹករកសន្តិភាព»។សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា យើងមិនត្រូវអត់ឱនដល់ក្រុមណាក៏ដោយ បក្សណា​ក៏ដោយដែលចង់បំផ្លាញសន្តិភាពរបស់ប្រទេស។ អ្វីដែលយើងទាមទារនៅពេលនេះ គឺកម្លាំងជាតិ និងកម្លាំងបក្សនយោបាយ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងសម្ព័ន្ធភាពនេះ គឺត្រូវការពារសន្តិភាព ឱ្យខាងតែបាន។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចលនា៩វិច្ឆិកា ដែលជាចលនានៃការផ្តួលរំលំរាជរដ្ឋាភិបាល គឺមិនត្រូវអត់ឱនទេ ហើយតុលាការកំពុងបន្តដំណើរការលើរឿងក្តីនេះ។ សម្តេចតេជោ បាន​ជូនសារដល់បរទេស និងអង្គការមួយចំនួន ​ឱ្យឆាប់ដកខ្លួនចេញពីចលនាបដិវត្តពណ៌ យើងមិនអាច​ទទួលយកបានទេ។ នយោបាយជ្រុលនិយម ​គឺជាការនាំឱ្យកើតបដិវត្តន៍ពណ៌ ដែលយើងត្រូវរួមគ្នា​ទប់ស្កាត់ និងកម្ចាត់ចោល។សម្តេចតេជោបានអំពាវនាវឱ្យបណ្តាគណបក្សយោបាយទាំងអស់ ចូលរួមទប់ស្កាត់នូវនយោបាយ ឬចលនាជ្រុលនិយមនេះ និងអំពាវនាវដល់បណ្តាគណបក្សទាំងអស់ អប់រំសមាជិករបស់ខ្លួន ដើម្បី​កម្ចាត់នូវចលនាជ្រុលនិយម។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប៉ុន្មានថ្ងៃនេះរាជរដ្ឋាភិបាល​កម្ពុជា ឬគណបក្សប្រជាជន ពិតជាលំបាកណាស់ក្នុងការគាំទ្រ លើអ៊ីស្រាអែល ឬក្រុមហាម៉ាស របស់ប៉ាឡេស្ទីន ​ដោយសារតែមានចលនាជ្រុលនិយម។សម្តេចបានណែនាំឱ្យមានការរៀបចំបទបញ្ជាផ្ទៃក្នុងមួយ សម្រាប់សម្ព័ន្ធភាពនៃគណបក្ស​នយោបាយ​ទាំង២៨ ដែលចុះព្រមព្រៀងនេះ រួមមានទាំងការជួបប្រជុំ ទីតាំងជួបជុំ រយៈពេលជួប​ប្រជុំជាដើម។ ​សម្តេចបានថ្លែងថា ស្មារតីនៃកិច្ចព្រមព្រៀងនេះ គឺបើកទូលាយឱ្យ​គណបក្ស​ផ្សេងទៀត ចួលរួមក្នុងសម្ព័ន្ធភាព ដែលត្រូវទាមទារឱ្យមានការស្រុះស្រួលគ្នាមួយ ដែលទាមទារឱ្យ​មាន​បទបញ្ជាផ្ទៃក្នុងមួយថា តើជ្រើសរើសយកការសម្រេចបែបកុងសង់ស៊ីស ឬ៥០បូក១?សម្តេចតេជោ ហ៊ុន សែន ការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព ​នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។ យើងត្រូវការកម្លាំងមួយដើម្បីការពារដ្ឋធម្មនុញ្ញ​ របបរាជានិយម អធិបតីភាព ​និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចងសម្ព័ន្ធនេះមិនមែនជាបញ្ហាកញ្ឆក់កណ្តៀត ដូចសម្ព័ន្ធភាពរបស់គណបក្សនយោបាយខ្លះ ​ដែលមានគោលដៅរយៈពេលខ្លីនោះទេ។ការចងសម្ព័ន្ធភាពរវាងបក្សនយោបាយ២៨ គឺមានគោលដៅយូរអង្វែងសម្រាប់ប្រទេសរបស់យើង។ សម្តេចតេជោ ហ៊ុន សែន ​បានលើកឡើងថា អាណត្តិមុន សម្តេចផ្តួចផ្តើមបង្កើតឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ និងផ្តល់យោបល់ ដោយមានសមាជិកមកពីគណបក្សចូលរួមការបោះឆ្នោត ប៉ុន្តែ​អាណត្តិនេះ នាយករដ្ឋមន្រ្តីថ្មី មានគំនិតមួយទៀត ដែលយកសមាសភាពគណបក្ស​ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ។ សមាសភាពថ្មី ក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ​ជាឱកាសសម្រាប់បក្សនយោបាយទាំងអស់ផ្តល់ធាតុចូលរាជរដ្ឋាភិបាល។ ការចុះហត្ថលេខាលើសម្ព័ន្ធភាពថ្ងៃនេះ​ គឺស្ថិតនៅក្នុងគោលដៅមួយចំនួន ដែលយើងបានដាក់ចូល​ទៅក្នុងកិច្ចព្រមព្រៀងនេះ​ ដែលនឹងធ្វើការសហការជាមួយគ្នាក្នុងគោលដៅទូលាយ ដូចជា​ការពាររដ្ឋធម្មនុញ្ញ របបរាជានិយម ឯករាជ្យ អធិបតេយ្យភាព សន្តិភាព ការអភិវឌ្ឍ និង​ការកម្ចាត់ចោលនយោបាយជ្រុលនិយម ដែលគ្រោះថ្នាក់រយៈពេលវែងសម្រាប់កម្ពុជា ហើយមិន​គួរឱ្យកើតមានឡើងចំពោះកម្ពុជាទៀតទេ។ បន្ទាប់ពីពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សទាំង២៨ រួចហើយ សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក៏បានអញ្ជើញសមាជិក សមាជិកា គណបក្ស​នយោបាយទាំងអស់ ទទួលទានអាហារសាមគ្គីជាមួយគ្នា ​នៅវិមាន៧មករា ក្នុងបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព សង្គតិភាព និងបម្រើផលប្រយោជន៍ជាតិជាធំ

2023/10/25 01:04:13 pm        335
កំពង់ចាម៖ គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺនិរន្តភាព និងសង្គតិភាព ដោយបន្តថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងអាណត្តិកន្លងមក និងបន្តកសាងថ្មីបន្ថែម ហើយជំរុញការអភិវឌ្ឍ និងបម្រើផលប្រយោជន៍ជាតិ និងប្រជាជនជាធំ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនូវសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករ-និយោជិតចំនួន ១២ ០៦០នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស ដែលមានមូលដ្ឋានស្ថិតក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃពុធ ទី២៥ តុលា ២០២៣ ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំពីវត្តមាននៃហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែរីកកកើតឡើង ដោយបានបន្តការផ្សារភ្ជាប់ប្រជាជនពីតំបន់មួយទៅតំបន់មួយកាន់តែលឿន និងផ្តល់ផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ការបើកការដ្ឋានពង្រីកផ្លូវជាតិលេខ ៧ ដោយមាន ៤ គន្លង និងគម្រោងព្រែកជីកហ្វូណន ដែលនឹងតភ្ជាប់សមុទ្រ និងទន្លេ ។ សមិទ្ធផលដែលយើងកំពុងមានជាង ៤០ ឆ្នាំ ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល បានផ្តល់ជូនប្រទេសជាតិ នូវសុខសន្តិភាព ស្ថិរភាព ដែលជាមូលដ្ឋានគ្រឹះនៃលំនឹងលើគ្រប់វិស័យ និយាយជារួម និងវិស័យរោងចក្រ-សហគ្រាស និយាយដោយឡែក ។ប្រជាពលរដ្ឋបានផ្តល់នូវជំនឿចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះជាសក្ខីភាពយ៉ាងច្បាស់លាស់ បញ្ជាក់អំពីការគាំទ្រ និងការស្រលាញ់សុខសន្តិភាព និងបន្តអនុញ្ញាតឱ្យគណបក្សប្រជាជនកម្ពុជាដឹកនាំនាវាកម្ពុជា សំដៅឆ្ពោះទៅការអភិវឌ្ឍរីកម្រើនទៅមុខទៀត ។ មូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យ គឺការណ៍ដែលប្រជាពលរដ្ឋបានចេញទៅបោះឆ្នោត ហើយការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់ ក៏ជាមូលដ្ឋាននៃការគាំទ្រសន្តិភាព ស្ថិរភាព និងសេចក្តីសុខសុភមង្គលក្នុងការរស់នៅរបស់ប្រជាជន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ការបោះឆ្នោត គឺជាកិច្ចសន្យាក្នុងលិទ្ធិប្រជាធិបតេយ្យ ដែលមានរយៈពេល ៥ ឆ្នាំរវាងម្ចាស់ឆ្នោត និងគណបក្សនយោបាយ ។ កាលបើការដឹកនាំរបស់គណបក្សនយោបាយ ដែលទទួលបានការគាំទ្រធ្វើមិនបានល្អ នោះម្ចាស់ឆ្នោតនឹងសម្រេចចិត្តជាថ្មីនៅថ្ងៃបោះឆ្នោត ។ កន្លងមក យើងអាចកត់សម្គាល់ថា សន្លឹកឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា មានកាន់តែកើនឡើងពីមួយអាណត្តិទៅមួយអាណត្តិ ទាំងនេះគឺជាតឹកតាំងច្បាស់អំពីកិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការអនុវត្តគោលនយោបាយបម្រើប្រជាពលរដ្ឋបានត្រឹមត្រូវ និងការរៀបចំចងក្រងគោលនយោបាយកាន់តែល្អ សកម្ម និងប្រកបដោយស័ក្តិសិទ្ធភាព ។ ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់អំពីករណីនិស្សិត និងប្រជាពលរដ្ឋ នៅក្នុងប្រទេសអ៊ីស្រាអែល ដោយបានលើកឡើងថា អាយុជីវិតរបស់ប្រជាពលរដ្ឋ គឺជាគោលដៅធំដែលគណបក្សប្រជាជនកម្ពុជាតែងបានយកចិត្តទុកដាក់ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ដូច្នេះ រាជរដ្ឋាភិបាល បានប្រើប្រាស់យន្តការសម្របសម្រួល និងសហការយ៉ាងសកម្មជាមួយរដ្ឋាភិបាលអ៊ីស្រាអែល ដោយផ្តល់អាទិភាពខ្ពស់បំផុត លើសុខភាព និងសុវត្ថិភាព របស់និស្សិត និងប្រជាពលរដ្ឋ តាមរយៈ៖ ទី១. ត្រូវរកព័ត៌មានឱ្យបានទាំងអស់អំពីនិស្សិត និងអំពីទីតាំងរស់នៅ ហើយទី២. ត្រូវពិនិត្យមើលថា នរណាខ្លះនៅក្នុងតំបន់សុវត្ថិភាព និងតំបន់គ្មានសុវត្ថិភាព ។ ប្រសិនបើនៅក្នុងតំបន់គ្មានសុវត្ថិភាព គឺចាំបាច់ត្រូវសម្របសម្រួលឱ្យមកកាន់តំបន់សុវត្ថិភាពទាំងអស់ ហើយផ្តល់ការផ្គត់ផ្គង់ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏នឹងបន្តតាមដាន និងដោះស្រាយជាប់ជាប្រចាំពាក់ព័ន្ធនឹងការស្នាក់នៅ ការហូបចុក ការសិក្សា និងសុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ រហូតដល់ស្ថានភាពឈានទៅល្អប្រសើរ និងមានប្រក្រតីភាពឡើងវិញ ៕

អ្នកវិភាគ៖ ការចងសម័្ពន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ឆ្លុះបញ្ចាំង​ពីសង្គមប្រជាធិបតេយ្យ

2023/10/25 12:28:58 pm        250
ភ្នំពេញ៖ អ្នកវិភាគបញ្ហានយោបាយ និងទំនាក់ទំនាក់អន្តរជាតិ លើកឡើងថា ការចងសម័្ពន្ធភាពរវាងបណ្ដាគណបក្សនយោបាយនៅកម្ពុជា ឆ្លុះបញ្ចាំងពីសង្គមប្រជាធិបតេយ្យ។ស្របពេលថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា ​បានចុះកិច្ចសហប្រតិបត្តិការ ចងសម្ព័ន្ធភាព​ជាមួយគណបក្សចំនួនជាង២៧ ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះលោកបណ្ឌិត យង់ ពៅ អ្នកវិភាគនិងតាមដានបញ្ហានយោបាយ​ បានលើកឡើងថា ការចងសម្ព័ន្ធរួមគ្នាបង្ហាញថា គណបក្សនយោបាយនានាមាននិន្នាការប្រហាក់ប្រហែលគ្នា។ លោកបន្តថា សម្ព័ន្ធភាពនេះ ក៏ជាការបង្ហាញនិន្នាការតាមបែបសង្គមប្រជាធិបតេយ្យ​នៅកម្ពុជាផងដែរ។ លោកបណ្ឌិត តឹក ម៉េង អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ ​បានលើកឡើងដែរថា ការចង​សម្ព័ន្ធភាពរបស់គណបក្សនយោបាយពុំមានអ្វីគួរឱ្យខុសឆ្គងនោះទេ ដោយសារការចង​សម្ព័ន្ធ​ត្រូវផ្អែកតាមការអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងស្របតាមរដ្ឋធម្មនុញ្ញរបស់​ប្រទេសកម្ពុជា។ សូមជម្រាបថា នៅថ្ងៃនេះគណបក្សប្រជាជនកម្ពុជា ​បានចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាព​ជាមួយគណបក្សនយោបាយចំនួន ២៧ ផ្សេងទៀត ខណៈការចងសម្ព័ន្ធគ្នាជាមួយ​បណ្ដា​គណបក្សនយោបាយ​នៅកម្ពុជានាពេលនេះ ​បណ្ដាគណបក្សនយោបាយនានា​នឹង​ក្លាយជាដៃគូសហការជាមួយគណបក្សប្រជាជនកម្ពុជា ​និងធ្វើឱ្យដំណើរការល្អនៃការអនុវត្ត​លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ​ក៏ដូចជាការអភិវឌ្ឍសង្គមជាតិ​ទាំងមូលផងដែរ៕អត្ថបទ សេក ឧត្តម 

សម្ដេចតេជោ បើកទូលាយសម្រាប់បក្សនយោបាយស្របច្បាប់ផ្សេងទៀតមកចងសម្ព័ន្ធ

2023/10/25 12:20:51 pm        180
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសបើកទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀត ដែលគាំទ្រ និងមានបំណងចង់ចូលរួមសហប្រតិបត្តិការ និងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។សម្ដេចតេជោ ហ៊ុន សែន​ ប្រធានគណបក្សប្រជាជនកម្ពុជា ​មានប្រសាសន៍​ក្នុងឱកាសអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាង​ គណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនៅកម្ពុជាចំនួន ២៧ ផ្សេងទៀត នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០២៣នេះ នៅវិមាន៧មករា​ ទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញថា ​ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបយានាពលេនេះ គឺដើម្បី ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាឲ្យបានគង់វង្ស និងការពារសន្តិភាព ស្ថិរភាពនយោបាយ​ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម ដើម្បីធានាដំណើរការ​អភិវឌ្ឍសេដ្ឋកិច្ច សង្គមដោយចីរភាព និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនគ្រប់រូបប្រកប​ដោយភាព​សុខដុមរមនាក្នុងសង្គមផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​ការចងសម្ព័ន្ធគ្នាជាមួយបណ្ដាគណបក្សនយោបាយ​នៅកម្ពុជា គឺ​គណបក្សជាសម្ព័ន្ធទាំងអស់នៅតែមានសិទ្ធិដាក់​ចេញនូវទិសដៅ​នយោបាយ​ដែលស្របជាមួយគោលការណ៍ទាំងឡាយ​ដែលបានឯកភាពគ្នាដដែល៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកទេយ្យវត្ថុ និងបច្ច័យ ថ្វាយប្រគេនសម្ដេចព្រះមហាសង្ឃរាជ នន្ទ ង៉ែត
06/14/2026 03:06 PM
ករណីនាំសាច់បង្កកមកពីថៃជាង២០០តោន : តំណាងអយ្យការចោទប្រកាន់ជនសង្ស័យ ២នាក់
06/14/2026 03:06 PM
ក្រសួងបរិស្ថានគាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍
06/14/2026 02:06 PM
អ៊ីរ៉ង់៖ បុណ្យសពអតីតមេដឹកនាំកំពូល នឹងចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបញ្ចប់ជាមួយការបញ្ចុះសពនៅថ្ងៃទី ៩ខែកក្កដា
06/14/2026 02:06 PM
សហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
06/14/2026 01:06 PM
ស.ស.យ.ក បន្តចុះអប់រំនិស្យិតដោយផ្សារភ្ជាប់ព្រះពុទ្ធសាសនាទៅនឹងការរស់នៅថ្លៃថ្នូរ
06/14/2026 01:06 PM
សមាគមអតីតយុទ្ធជន កំពង់ឆ្នាំង ប្រគល់ថវិកាបេឡាមរណៈសង្គ្រោះ ១២លានរៀល ជូនសមាជិក ៣គ្រួសារ
06/14/2026 01:06 PM
សំណុំរឿងសាច់បង្កកជាង ២០០តោន នាំមកពីថៃចូលដល់ដៃតុលាការហើយ
06/14/2026 01:06 PM
ការខូចខាតធ្ងន់ធ្ងរ បានកើតឡើងនៅទីក្រុងភាគខាងត្បូង Tyre ប្រទេសលីបង់ ក្រោយការវាយប្រហាររបស់អ៊ីស្រាអែល
06/14/2026 12:06 PM
សម្ដេចធិបតី៖គិតត្រឹមខែមេសាឆ្នាំនេះយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យចំនួន ២៧,១ម៉ឺននាក់ទទួលបានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ
06/14/2026 12:06 PM