សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ សុវត្ថិភាពនិស្សិតខ្មែរកំពុងមានវត្តមាននៅអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតរបស់រាជរដ្ឋាភិបាល

2023/10/10 09:22:09 am        161
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា សុវត្ថិភាពរបស់និស្សិតខ្មែរ និងពលរដ្ឋខ្មែរ ដែលកំពុងមានវត្តមាននៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខណៈនិស្សិតចំនួន៣២៣នាក់ ក្នុងចំណោម ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងមានសុវត្ថិភាពហើយ។ក្នុងឱកាសអញ្ជើញ​ជាអធិបតីប្រកាសដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រជាតិ ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ​នៅសណ្ឋាគារសុខាភ្នំពេញ ​នាថ្ងៃទី១០ ខែតុលា ​ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គិតមកដល់ម៉ោងនេះ ​និស្សិត និងពលរដ្ឋខ្មែរ ដែលកំពុង​ស្នាក់នៅក្នុងប្រទេសអ៊ីស្រាអែលចំនួន ៣២៣នាក់ ​ក្នុងចំណោមនិស្សិត​ និងពលរដ្ឋសរុប ៤៥៤នាក់ ត្រូវបានជម្លៀសមកទីតាំងសុវត្ថិតភាពហើយ ​ដោយរាជរដ្ឋាភិបាលកម្ពុជា​បាន​ប្រមូល​ទិន្នន័យ​និង​ព័ត៌មានរបស់​ពួកគាត់រួចហើយដែរ ដោយរហូតដល់​បង្កើត​ជាក្រុម​តេលេក្រាម​មួយដើម្បី​ទាក់ទង​គ្នាជាប្រចាំផងដែរ។យ៉ាងណាក៏ដោយសម្តេចធិបតី ​ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី ​ក៏បាន​បានណែនាំ​ដល់ភាគីពាក់ព័ន្ធ​ទាំងអស់ជា​ពិសេសអគ្គកុងស៊ុលប្រចាំ​នៅប្រទេសអ៊ីស្រាអែល និង​ក្រសួងការបរទេស​ត្រូវ​ស្រង់​ទិន្នន័យ​ចំពោះ​និស្សិត និងពលរដ្ឋខ្មែរចំនួន១៣១ទៀត ឲ្យ​បានច្បាស់លាស់ថា​ពួកគាត់​នៅ​ទីណាឲ្យច្បាស់ ​ដើម្បីងាយស្រួលទាក់ទងគាត់​ និង​ជួយ​អន្តរាគមន៍​ពួកគាត់​ឲ្យបានទាន់​ពេលវេលា។សូមបញ្ជាក់ថា ​ក្រោយ​ការវាយប្រហារ​គ្នា​រវាង​កងទ័ពអ៊ីស្រាអែល​ និងក្រុមហាម៉ាស់ ​កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ បានបណ្តាលឲ្យ​និស្សិតខ្មែរម្នាក់​ដែល​មាន​ឈ្មោះថា ចាន់ ឧត្តម ជា​និស្សិត​ផ្នែក​កសិកម្ម​បាន​បាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុដ៏រន្ធត់នោះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

2023/10/10 09:07:09 am        218
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ។ *ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សុវត្ថិភាពរបស់និស្សិតខ្មែរយើង ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល គឺជាអាទិភាពធំបំផុតក្នុងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល។ -សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់យ៉ាងច្បាស់ថា ពលរដ្ឋប្រកបមុខរបរ ទាំងក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្តី ឬក្នុងប្រព័ន្ធក្តី គឺត្រូវបានយកចិត្តទុកដាក់ជាអាទិភាពគ្រប់ៗគ្នាពីរាជរដ្ឋាភិបាល។ -សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវស្រង់ ទិន្នន័យឲ្យបានច្បាស់លាស់ ចំពោះនិស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ថាគាត់នៅទីណាឲ្យច្បាស់ ដើម្បីងាយស្រួលទាក់ទងគាត់ និងជួយអន្តរាគមន៍ពួកគាត់ឲ្យបានទាន់ពេលវេលា។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការដាក់ចេញយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ គោលដៅធំគឺដើម្បីជួយប្រជាពលរដ្ឋឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ប៉ុន្ដែក្រៅពីនេះក៏បានជួយដល់ការកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា និងជួយដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ពង្រឹងភាពធននូវសេដ្ឋកិច្ច និងសង្គមជាតិ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ជម្រាបជូនពលរដ្ឋនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចុះឈ្មោះចូលរួមក្នុងប្រព័ន្ធសេដ្ឋកិច្ចនេះ មិនមែនជាការបង្ខិតខំឡើយ។ ហើយការចូលរួមពីពលរដ្ឋនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីផ្ដល់ភាពងាយស្រួលដល់រាជរដ្ឋាភិបាលក្នុងការជួយអភិវឌ្ឍន៍ដល់អាជីវកម្មនៃពលរដ្ឋដែលឋិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ក្នុងនោះរួមមានទាំងការលើកលែងពន្ធជាដើម។

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃយុទ្ធសាស្ត្រជាតិ​ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨

2023/10/10 08:26:09 am        172
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ​២០២៣នេះ បានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពី​ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ។ «សេដ្ឋកិច្ចក្រៅប្រព័ន្ធ» គឺជាប្រព័ន្ធនៃការធ្វើពាណិជ្ជកម្ម ឬការដោះដូរទំនិញ និងសេវា ដែល​ច្បាប់​មិន​តម្រូវ​ឱ្យចុះបញ្ចី។ សេដ្ឋកិច្ចក្រៅប្រព័ន្ធផ្តល់នូវការបង្កើតមុខរបរការងារធ្វើ និងប្រាក់​ចំណូល​ ប៉ុន្តែអាចបង្កឱ្យមានផលវិបាកក្នុងការគ្រប់គ្រងបរិស្ថានសុវត្ថិភាពចំណីអាហារ ការ​ប្រមូល​ពន្ធ​ជា​ដើម។«យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឈ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ត្រូវ​បាន​ដាក់​ចេញ​ជា​មួយ​ចក្ខុវិស័យអភិវឌ្ឍសេដ្ឋកិច្ច ក្រៅប្រព័ន្ធឱ្យរីកធំធាត់និងមានលទ្ធភាពឈានចូលក្នុងប្រព័ន្ធ ហើយ​ក្លាយទៅជាកម្លាំង ចលករដ៏សំខាន់ក្នុងការកែលម្អជីវភាពរបស់ប្រជាជន និងអាច​រួម​ចំណែក​ជា​អតិបរមា ក្នុងការឈានទៅសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាព បរិយាបន្ន ភាព​រឹងមាំ និងភាពធន់ទៅនឹងវិបត្តិ។យុទ្ធសាស្ត្រជាតិនេះ មានគោលបំណងលើកកម្ពស់ការគាំពារ និងការពង្រឹងសមត្ថភាព ផលិតភាព និងភាពធន់នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងជំរុញ និង​ពន្លឿន​ការ​ចូលរួម​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ ដើម្បីធានាឱ្យបាននូវភាពធន់ ភាពប៉ាន់ប្រមាណបាន និងភាពរីក​ចម្រើន​ទៅ​មុខ​នៃ​ការ​ធ្វើ​ធុរកិច្ច ពាណិជ្ជកម្ម ការវិនិយោគ និងការប្រកបអាជីវកម្ម មុខរបរ និងការងារ​ចិញ្ចឹម​ជីវិត​នៅ​កម្ពុជា​។

ព្រះមហាក្សត្រ ផ្ញើព្រះរាជសាររំលែកមរណទុក្ខចំពោះក្រុម​គ្រួសារសពនិសិត្ស ចាន់ ឧត្ដម ដែលបានស្លាប់ដោយសារការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុមហាម៉ាស់

2023/10/09 05:03:44 pm        518
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រ​កម្ពុជា នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ បាន​ផ្ញើព្រះរាជសារ​ចូល​រួម​សោក​ស្ដាយ និង​រំលែក​មរណ​ទុក្ខ ចំពោះក្រុម​គ្រួសារលោក ចាន់ ឈាងគ្រី និងលោកស្រី នង ណារុន ដែលកូនប្រុស​បង្កើត​របស់​គាត់ គឺលោក ចាន់ ឧត្ដម ជានិសិត្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម​ចំការដូង បាន​បាត់​​ប​ង់ជីវិត​នៅ​ក្នុងប្រទេសអ៊ីស្រាអែល ដោយសារតែការប្រយុទ្ធរវាងកងទ័ពអ៊ីស្រាអែល និង ក្រុម​ហាម៉ាស់​។

ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ា-ថតខ្សែភាពយន្តភាគរឿង " កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី "

2023/10/09 04:53:29 pm        509
ភ្នំពេញ៖ ពិធីបិទបញ្ចប់កញ្ចក់កាមេរ៉ាថត ខ្សែភាពយន្តភាគ រឿង “ កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣។+ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរចំពោះអ្នកដឹកនាំរឿង អ្នកបច្ចេកទេស និងតួសម្ដែងទាំងអស់ ក្នុងការថតខ្សែភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» រហូតឈានដល់ការបិទបញ្ចប់ជាផ្លូវការនាថ្ងៃនេះ។-សម្ដេចតេជោ ហ៊ុន សែន រឿងភាគប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី បើថត គ្រប់ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រទាំងអស់ អាចឈានដល់ជាង ៣០០ ភាគ។-សម្ដេចតេជោ ហ៊ុន សែន ការរីកចម្រើននៅកម្ពុជា បានបង្កឱ្យមានការលំបាកខ្លាំងដល់ដំណើរការថ តរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដើម្បីឱ្យត្រូវតាមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។-សម្ដេចតេជោ ថ្លែងអំណរគុណចំពោះសប្បុរសជននានា ដែលបានជួយឧបត្ថម្ភដល់ដំ ណើរការថតរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលជាការចំណាយច្រើនបំផុតមិនធ្លាប់ មាននៅក្នុងប្រវត្តិនៃការថតភាពយន្តនៅកម្ពុជា។-សម្ដេចតេជោ ហ៊ុន សែន សោកស្ដាយចំពោះសាក្សីប្រវត្តិសាស្ត្រ ដែលបានទទួលមរណភាពនៅអំឡុងពេលថតខ្សែភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ដែលមិនបានមើល ភាពយន្តនេះ នៅក្រោយថតចប់ ក្នុងនោះមានដូចជាឯកឧត្ដម សុខ សារឿន, សម្ដេច ហ៊ុន ណេង, អ្នក គ្រូពេទ្យ តាំង លី និងប្អូនថ្លៃស្រីសម្ដេចតេជោ ជាដើម។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចនឹងមិនអនុញ្ញាតឱ្យថតសាច់រឿងរបស់សម្ដេចផ្សេងទីពីរ ដែលមានការបញ្ចូលដាក់មនោសញ្ចេតនារបស់អ្នកនិពន្ធ នាំឱ្យខុសប្រវត្តិសាស្រ្ដឡើយ។-សម្ដេចតេជោ ហ៊ុន សែន ចោទជាសំណួរថា តើមានមនុស្សប៉ុន្មាននាក់នៅលើពិភពលោក ដែលសុខចិត្តលះបង់អំណាច នៅពេលដែលខ្លួនកំពុងមានប្រជាប្រិយភាពខ្ពស់?-សម្ដេចតេជោ៖ ការលះបង់របស់ខ្ញុំ គឺដើម្បីប្រជាជនកម្ពុជា រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។-សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារទៅកាន់ក្រុមប្រឆាំងទាំងឡាយឱ្យភ្លឺភ្នែក និងផ្ដាំទៅក្រុមប្រឆាំងត្រូវរៀនសូត្រពីសម្ដេចឱ្យបានច្រើនបន្ថែមទៀត ខណៈកាលពីមុនក្រុមនេះតែងតែនិយាយថាសម្ដេចតេជោ មិនហ៊ានចុះចេញពីតំណែង ប៉ុន្ដែមកដល់ពេលនេះ សម្ដចតេជោ កំពុងធ្វើជាឪពុករបស់នាយករដ្ឋមន្រ្ដីរួចបាត់ទៅហើយ។-សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំអាចរស់នៅយ៉ាងតិច ៣០ ឆ្នាំទៀត ហើយក៏នៅមានឥទ្ធិពលនៅក្នុងសង្គមកម្ពុជា ជាបន្តទៅទៀតដែរ។-សម្ដេចតេជោ ៖ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅ តែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។-សម្ដេចតេជោ ហ៊ុន សែន៖ បើអ៊ីស្រាអែល តម្រូវឱ្យយើងជម្លៀសនិស្សិតជាង ៤០០ នាក់ចេញពីអ៊ីស្រាអែល កម្ពុជាមិនខ្លាចនឹងចំណាយថវិកាជួលយន្តហោះពិសេស ដើម្បីទៅដឹកនិស្សិតទាំងនោះ នោះឡើយ។-សម្ដេចតេជោ ហ៊ុន សែន៖ សង្គ្រាមនៅអ៊ីស្រាអែល អាចរាលដាលទៅដល់លីបង់ ដែលមានក្រុមចលនាហេសប៊ូឡានៅទីនោះ។-សម្ដេចតេជោ អំពាវនាវ ដល់ប្រទេសអ៊ីស្រាអែល និងហាម៉ាស់ ប្រកាន់ភ្ជាប់នូវភាពអត់ធ្មត់ និងប្រកាន់យកនៅការចរចារគ្នា ដើម្បីឈានទៅបញ្ចប់ការឈប់បាញ់។-សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងនាមជាប្រធានគណបក្សកាន់អំណាចសម្ដេចនៅតែមានសិទ្ធិក្នុងកិច្ចការងារនយោបាយទាំងក្នុងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនមានសិទ្ធិបញ្ជាលើកងកម្លាំងនោះទេ ប៉ុន្តែខ្ញុំមានសិទ្ធិខាងនយោបាយ។-សម្ដេចតេជោ ហ៊ុន សែន៖ ការបន្តពូជនៅក្នុងអំណាច គឺជាការពិត រដ្ឋាភិបាលមួយ ត្រូវបន្តទៅរដ្ឋាភិ បាលមួយទៀត ដោយមិនមានដាច់។ ទី២ គឺជាការបន្តតំណែង តាមរយៈបក្សឈ្នះឆ្នោត។ ទី៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជាកូនសម្ដេច ដែលទទួលបានការសិក្សាកម្រិតខ្ពស់ទាំងនៅក្នុង និងក្រៅប្រទេស ព្រមទាំងមានបទពិសោធន៍ការងារជាច្រើន។-សម្ដេចតេជោ ហ៊ុន សែន៖ អ្នកវិភាគបរទេសមួយចំនួន គេសំណាងនៅត្រង់ គេកើតនៅប្រទេសអ្នក មាន ប៉ុន្តែខួរក្បាលគេ មិនពូកែជាងយើងនោះទេ។-សម្ដេចតេជោ ហ៊ុន សែន ផ្ដល់ថវិកាជូនតួសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រ រឿងកូនប្រុសក្រោមព ន្លឺព្រះចន្ទពេញបូណ៌មី ជាង ៤០០ នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥០០ ដុល្លារ។ ចំពោះកុមារា កុមារី ដែលបានចូលរួមសម្ដែងនៅក្នុងភាពយន្តប្រវត្តិសាស្ត្រនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធប ណ្ឌិត ឧបត្ថម្ភនូវខ្សែកមាសទម្ងន់ ៥ ជីក្នុងម្នាក់ៗ ជំនួសឱ្យការមិនបានមេដាយ ដោយសារនៅជាកុមារ។

កម្ពុជាបង្កើតការងារជិត ៦ម៉ឺនកន្លែង ក្នុងរយៈពេល៨ខែឆ្នាំ២០២៣

2023/10/09 02:29:55 pm        471
ភ្នំពេញ៖ យោងតាមរបាយការណ៍ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា រយៈពេល៨ខែឆ្នាំ២០២៣នេះ មានសហគ្រាស គ្រឹះស្ថានបើកដំណើរការថ្មីចំនួន ១,១៨៨ នៅក្នុងប្រទេសកម្ពុជា ដោយផ្តល់ការងារដល់​ប្រជាពលរដ្ឋ​បានចំនួនជិត ៦ម៉ឺនកន្លែង(៥៩,៦៣១)។ ក្នុងនោះ សហគ្រាសគ្រឹះស្ថានវិស័យកាត់ដេរបើកថ្មីមានចំនួន៧៩ ផ្តល់ការងារថ្មីបានជិត​៣ម៉ឺន៣ពាន់នាក់(៣២,៥៥១នាក់) រីឯសហគ្រាសគ្រឹះស្ថាន​ក្រៅវិស័យកាត់ដេរ​បើកថ្មីមានចំនួន១,១០៩ ផ្តល់ការងារថ្មីបានជាង២ម៉ឺន៧ពាន់កន្លែង (២៧,០៨០)។ វត្តមាននៃសហគ្រាសគ្រឹះស្ថានថ្មីនេះ អាចបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តចំពោះគោល​នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ​ក៏ដូចជាការមើលឃើញនូវសក្តានុពលផ្នែកធុរកិច្ច ពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាផងដែរ។សូមបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា មានរោងចក្រ សហគ្រាសដែលបានចុះបញ្ជិការសរុបចំនួន ១៧,៦៨៤ ដែលមានកម្មករនិយោជិតសរុបចំនួនជិត១,៥លាននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យវាយនភណ្ឌកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ១,៣៣៧ ដែលមានកម្មករនិយោជិតសរុបជាង៨៣ម៉ឺននាក់។ ក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងអាណត្តិទី៧នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំកិច្ចប្រជុំជាមួយវិស័យឯកជន នាខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។ទន្ទឹមនេះដែរ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏កំពុងបន្តអនុវត្តទិសដៅក្នុងការរក្សា និង បង្កើនមុខរបរ និងការងារនៅក្នុង និងក្រៅប្រទេសផងដែរ។ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតរោងចក្រកាត់ដេរនៅក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានបង្ហាញ អំពីវឌ្ឍនភាពការងារអាទិភាព ដែលក្រសួងត្រូវអនុវត្តក្នុងឆ្នាំ២០២៣នេះផងដែរ។ ក្នុងនោះគឺក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជាក់ថា បានបង្កើតក្រុមការងារដើម្បីរៀបចំ​យន្តការវាយ​តម្លៃនិងកំណត់លក្ខណវិនិច្ឆ័យ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដោយ​ពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡង​ប្រណាំងចាប់ពីឆ្នាំ២០២៤។ ​កម្មវិធីនេះ​ នឹងចូលរួមជម្រុញ ​លើកទឹកចិត្តដល់រោងចក្រ សហគ្រាស បង្កើនការប្រកួតប្រជែងទាំង​បរិយាកាសការងារ និង ​ផលិតភាពការងារ ​ក្នុងរោងចក្រ​សហគ្រាសនីមួយៗ​កាន់តែខ្លាំង៕

ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ចុះអនុស្សរណៈ ស្ដីពីការកសាងមជ្ឈមណ្ឌល​បច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈ

2023/10/09 02:22:38 pm        600
ភ្នំពេញ៖ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក.អ.យ.ក. នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជា​អធិបតីភាព​ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់គ្នា ស្ដីពីការកសាង​មជ្ឈ​មណ្ឌល​បច្ចេក​វិទ្យា​សហគមន៍​នៅ​តាម​វិទ្យាល័យ​សាធារណៈ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តី​រាជការ តំណាងក្រសួងទាំងពីរ ព្រមទាំងតំណាងគ្រឹះស្ថានឧត្ដមសិក្សា និងមធ្យមសិក្សាទុតិយភូមិ វិស័យ​ឯកជន និងអង្គភាពសារព័ត៌មាន ដែលមានចំនួនសរុបប្រមាណ ២៧០ នាក់។នៅក្នុងឱកាសនោះ លោកជំទាវ ហ៊ាន ប៉ូលីណេ អនុរដ្ឋលេខាធិការ ក.ប.ទ. បាន​ជម្រាប​ជូន​អំពី​វត្ថុ​បំណង​នៃ​ការបង្កើត “មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍” (ម.ប.ស.) នៅតាមវិទ្យាល័យ​សាធារណៈ​ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានចក្ខុវិស័យចម្បងចំនួន ៣ រួមមាន៖ (១) ការចូល​រួមអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និង​គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា 2022-2035។(២) ការលើក​កម្ពស់​បរិវត្តកម្ម​វិស័យ​អប់រំ និងអក្ខរកម្មឌីជីថល។(៣) ការគាំទ្រដល់ដំណើរការអភិវឌ្ឍមូលធនមនុស្សឌីជីថល។បន្ថែមពីលើនេះ លោក​នាយកវិទ្យាល័យ ហ៊ុន សែន ១មិថុនា បានលើកឡើងថា តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​បង្កើត ម.ប.ស. នេះ សហគមន៍ទាំងមូលនឹងមានឱកាសទទួលបានជំនាញបច្ចេកវិទ្យា និង​សេវាចាំបាច់នានា ក្នុងយុគសម័យឌីជីថល។ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ដើម្បីកសាងរដ្ឋាភិបាល សេដ្ឋកិច្ច សង្គម និង​ពលរដ្ឋឌីជីថល តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការតភ្ជាប់ឌីជីថល ការ​រៀប​ចំ​ប្រព័ន្ធ​បច្ចេកវិទ្យាឌីជីថល ការតភ្ជាប់អ៊ីនធឺណិត និងការបង្កើត “មជ្ឈមណ្ឌល​បច្ចេក​វិទ្យាស​ហគមន៍​”​ នៅតាមវិទ្យាល័យសាធារណៈ គឺជាកាតាលីករថ្មីដ៏មានសារៈសំខាន់ ប្រកប​ដោយ​សក្ដានុពល និងកាលានុវត្តភាព ក្នុងការជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូឡូស៊ី​ នៃ​ការ​អប់​រំ​បែប​ឌីជីថល​ឱ្យ​រឹង​មាំ និងអំណោយផលដល់ការធ្វើបរិវត្តកម្មឌីជីថលលើគ្រប់វិស័យ។ ឯកឧត្តមរដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​បន្ថែមថា ពិធីចុះហត្ថលេខានេះ គឺពិតជាឆ្លុះបញ្ចាំង​អំពី​វឌ្ឍន​ភាព​បន្ថែម​ថ្មី​មួយ​ទៀត​រវាង​ក្រសួង​ទាំងពីរ ក្នុងការធ្វើបរិវត្តកម្មឌីជីថលបម្រើដល់ការអប់រំ ដើម្បីបន្ត​អភិវឌ្ឍ​ធន​ធាន​មនុស្ស​បច្ចេកវិទ្យាឌីជីថល ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ក្រោមការ​ដឹក​នាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ ក.ប.ទ. ដែលបាន​ផ្តួច​ផ្តើម​បង្កើត​ ម.ប.ស. ដើម្បីរួមចំណែកដល់ការលើកកម្ពស់អក្ខរកម្មនិងបំណិនឌីជីថល និងកា​រ​ធ្វើ​សមាហរណ​កម្ម​បច្ចេកវិទ្យាអប់រំ ដើម្បីការអប់រំឌីជីថលនៅក្នុងថ្នាក់រៀន សាលារៀន និង​សហគមន៍​ទាំងមូល។ ម្យ៉ាងទៀត អនុស្សរណៈនៃការយោគយល់គ្នានេះ ពិតជាមានសារៈសំខាន់ ទាន់​ពេលនិងចំគោលដៅ ដែលគាំទ្រដល់ដំណើរអភិវឌ្ឍន៍ការអប់រំឌីជីថល ក្នុងគោល​ដៅ​ជំរុញ​កំណើន ​ការលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពនៃការកសាងអនាគតពលរដ្ឋឌីជីថលកម្ពុជា។សូមជម្រាបជូនថា ម.ប.ស. បានចាប់ផ្តើមសាងសង់នៅ វិទ្យាល័យ ហ៊ុន សែន ១ មិថុនា នៅ​ឃុំ​ពារាម​ ស្រុកបាទី ខេត្តតាកែវ ដែលជាវិទ្យាល័យឈានមុខគេនៅស្រុកបាទី ខេត្តតាកែវ ហើយ​នាយ​ក​វិទ្យាល័យបានទទួលពានរង្វាន់លេខ២ ក្នុងការគ្រប់គ្រងល្អ នៅទូទាំងប្រទេស។ គម្រោង ម.ប.ស. នឹងត្រូវចាប់ផ្តើមសាងសង់នៅគ្រប់វិទ្យាល័យនៃខេត្តតាកែវ នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងបន្តសាងសង់នៅទូទាំងប្រទេស៕

អ្នកប្រើប្រាស់ប័ណ្ណ ប.ស.ស. ក្នុងមន្ទីរពេទ្យព្រះអង្គឌួងកើនឡើងជិត ១,២លាននាក់

2023/10/09 02:19:58 pm        1089
ភ្នំពេញ៖ ការិយាល័យផ្នែកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃមន្ទីរពេទ្យព្រះអង្គឌួង លើកឡើងថា គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកត្រឹមខែកញ្ញា ឆ្នាំ២០២៣នេះ មានអ្នកជម្ងឺចំនួនជិត ១,២លាននាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង។ តាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី៩ ខែតុលានេះ លោកស្រី ឃួន វ៉ាន់ឌី អនុប្រធានការិយាល័យផ្នែក ប.ស.ស. នៃមន្ទីរពេទ្យព្រះអង្គឌួង ចាត់ទុកថា ទោះបីជាប្រជាពលរដ្ឋដែលប្រើប័ណ្ណ ប.ស.ស. រឺ ប័ណ្ណសមធម៌ រឺអ្នកត្រូវបង់លុយដើម្បីទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺក្តី គឺសុទ្ធតែជាអ្នកជម្ងឺរបស់មន្ទីរពេទ្យដូចគ្នាទាំងអស់។ ដូចនេះ សម្រាប់អ្នកជម្ងឺដែលប្រើប័ណ្ណ ប.ស.ស. ក៏ទទួលបានការយកចិត្តទុកដាក់ដូចគ្នាពីក្រុមគ្រូពេទ្យ។ លោកស្រី បញ្ជាក់ថា គ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងមន្ត្រីផ្នែក ប.ស.ស. ដែលប្រចាំការក្នុងមន្ទីរពេទ្យនេះ សហការគ្នាយ៉ាងល្អក្នុងការសម្របសម្រួលឲ្យមានភាពងាយស្រួល និងរហ័ស សម្រាប់អ្នកជម្ងឺមកទទួលសេវាពិនិត្យសុខភាព និងព្យាបាលជម្ងឺ។ លោកស្រី បានលើកទឹកចិត្តដល់អ្នកមានប័ណ្ណ ប.ស.ស. ទាំងអស់មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់គ្រប់ផ្នែកទាំងអស់ រួមមាន ផ្នែកច្រមុះ បំពង់ក ផ្នែកភ្នែក ផ្នែកសម្ភព និងរោគស្ត្រី ផ្នែកមាត់ធ្មេញ និងផ្នែកជម្ងឺទូទៅជាដើម។ ដោយឡែក លោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស. ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បានបញ្ជាក់ថា ជាមធ្យមក្នុងថ្ងៃធម្មតា មានអ្នកជម្ងឺប្រមាណ ៦០០នាក់ មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់ប័ណ្ណ ប.ស.ស.។ ដោយឡែក សម្រាប់ថ្ងៃអាទិត្យ អាចកើនដល់ជាង ១ ០០០នាក់។ លោក មើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើប័ណ្ណ ប.ស.ស. មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុងមួយខែមានប្រហែលជា ៣ម៉ឺននាក់។គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨។ របាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣,២លាននាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន ១ ៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន៕អត្ថបទ ឈិត បូរ៉ាវី 

ប្រមុខការពារជាតិថ្មី អំពាវនាវឲ្យមានជំហរត្រៀមខ្លួនដ៏ម៉ឺងម៉ាត់ប្រឆាំងនឹងកូរ៉េខាងជើង

2023/10/09 02:07:58 pm        492
រដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង លោក ស៊ីន វ៉ុង ស៊ីក (Shin Won-sik) នៅពីថ្ងៃចន្ទនេះ បានអំពាវនាវឲ្យមានកាតត្រៀមខ្លួនដ៏រឹងមាំប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ខណៈដែលលោក បានធ្វើទស្សនកិច្ចលើកដំបូងទៅកាន់អង្គភាពយោធាជួរមុខក្នុងតួនាទីថ្មីរបស់ខ្លួន។លោកស៊ីន ដែលចូលកាន់តំណែង កាលពីថ្ងៃសៅរ៍ ត្រូវបានគេរាយការណ៍ជូនដោយសង្ខេបអំពីប្រតិបត្តិការព្រំដែននៅកងពលធំថ្មើរជើងលេខ១របស់កងទ័ពនៅទីក្រុងប៉ាជូ ( Paju) ភាគខាងត្បូងនៃតំបន់គ្មានយោធា ហើយបានបញ្ជាឲ្យមានជំហរត្រៀមលក្ខណៈយោធាដ៏ម៉ឺងមាត់។លោកត្រូវបានដកស្រង់សម្តី ដោយនិយាយថា៖«កន្លងទៅ ប្រទេសកូរ៉េខាងជើង បានធ្វើការបង្កហេតុទ្រង់ទ្រាយធំ បន្ទាប់ពីរដ្ឋាភិបាលរបស់យើងចូលកាន់តំណែងបានរយៈពេលពីរទៅបីឆ្នាំ»។ប្រសិនបើកូរ៉េខាងជើងបង្កហេតុ លោកបាននិយាយថា៖«ទីមួយ សងសឹកភ្លាមៗ ទីពីរសងសឹកយ៉ាងខ្លាំងនិង ទីបី សងសឹករហូតដល់ទីបញ្ចប់»។កាលពីសប្តាហ៍មុន ប្រធានាធិបតី Yoon Suk Yeol បានប្តេជ្ញាការពារប្រទេសពីការបង្កហេតុរបស់កូរ៉េខាងជើង ដោយពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការឆ្លើយតប «ភ្លាមៗ និងយ៉ាងលើសលប់» ។ភាពតានតឹងនៅឧបទ្វីបកូរ៉េ នៅតែបន្ត បន្ទាប់ការគំរាមកំហែងដោយនុយក្លេអ៊ែរនិងមីស៊ីល ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។

អាល្លឺម៉ង់ និង បារាំង រៀបចំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលមិនធ្លាប់មានពីមុនមក អំពីគោលនយោបាយថាមពល ឧស្សាហកម្ម និងការពារជាតិរបស់EU

2023/10/09 01:28:32 pm        428
រដ្ឋាភិបាលរបស់ប្រទេសបារាំង និងអាល្លឺម៉ង់ ចាប់ផ្តើមកិច្ចប្រជុំរយៈពេលពីរថ្ងៃដែលមិនធ្លាប់មានពីមុនមកនៅទីក្រុងហាំប៊ឺក (Hamburg) នៅថ្ងៃចន្ទនេះ ក្នុងគោលបំណង ដើម្បីស្តារទំនាក់ទំនងឡើងវិញរវាងមហាអំណាចទាំងពីររបស់សហភាពអឺរ៉ុប ចំពេលមានការខ្វែងគំនិតគ្នាជាច្រើនស្តីពីគោលនយោបាយថាមពល ឧស្សាហកម្ម និងការពារជាតិ។ក្រុមអ្នកវិភាគ និងសមាជិកសភា បាននិយាយថា កិច្ចសហការបារាំង-អាល្លឺម៉ង់ ដែលបានជំរុញគោលនយោបាយរបស់សហភាពអឺរ៉ុបអស់រយៈពេលជាច្រើនទស្សវត្សរ៍ បានបង្ហាញឲ្យឃើញថា វាមិនធ្លាប់មាន បើទោះបីជាវាមានភាពចាំបាច់ជាងពេលណាៗទាំងអស់ ដោយសារវិបត្តិជាច្រើនដែលប្លុកនេះ កំពុងប្រឈមមុខ។អឺរ៉ុបកំពុងប្រឈមមុខនឹងការកើនឡើងនៃការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ច អព្យាក្រឹតកាបូន សង្រ្គាមអ៊ុយក្រែន ការផ្លាស់ប្តូរទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មសំខាន់របស់ចិន ហើយឥឡូវនេះ ក៏មានជម្លោះ នៅមជ្ឈិមបូព៌ាផងដែរ។លោក Jacob Ross បាននិយាយនៅឯក្រុមប្រឹក្សាអាល្លឺម៉ង់ទទួលបន្ទុកកិច្ចការបរទេសថា៖«ដោយសារទំនាក់ទំនងបារាំង-អាល្លឺម៉ង់ ដោយសារបញ្ហាអឺរុប មិនស្របតាមនឹងបញ្ហាប្រឈម ដែលយើងកំពុងជួបប្រទះ នាពេលបច្ចុប្បន្ននេះទេ» ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM