ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី៖ គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាព

2023/10/01 10:30:48 am        474
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា គ្រប់កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តែងតែផ្ដល់ការយកចិត្តទុកដាក់លើមនុស្សចាស់ជាអាទិភាពមួយ ក្នុងចំណោមគោលនយោបាយអាទិភាពផ្សេងៗទៀត។ តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ការជួយមនុស្សចាស់ គឺជួយយើងទាំងអស់គ្នា» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ឈរលើស្មារតីយកចិត្តទុកដាក់លើមនុស្សចាស់ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិកម្ពុជា ដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពី មនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ និងមានគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាព មនុស្សវ័យចាស់​នៅកម្ពុជា ហើយរាជរដ្ឋាភិបាលក៏បានអនុវត្តនូវក្របខណ្ឌគោលនយោបាយជាតិ​គាំពារសង្គម ឆ្នាំ២០១៦-២០២៥ ​និងគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ ផងដែរ។តាមរយៈសារលិខិតនេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលក្នុងនោះ ការអភិវឌ្ឍវិស័យសង្គមកិច្ចជាអាទិភាពសំខាន់មួយៗនៅក្នុងបញ្ចកោណទី១ «ការអភិវឌ្ឍមូលធនមនុស្ស» និងក្នុងមុំទី៤ «ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង» ដែលមានគោលដៅជាយុទ្ធសាស្ត្រ គឺការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម​ឲ្យមាន​លក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម ​និងប្រព័ន្ធសន្តិសុខ សង្គម និងការ​ពង្រឹងប្រព័ន្ធស្បៀងដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូបផងដែរ។សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមទៀតថា ការបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឈរលើស្មារតី «មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់» ហើយការពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមឈរលើអភិក្រម មួយចំនួនដូចជា ចីរភាព នៃកម្មវិធី, លទ្ធភាពអាចទ្រទ្រង់បាន នៃថវិកាជាតិ, ការធានាបរិយាបន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរាគមន៍របស់រដ្ឋលើគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ, និងភាពអាចពង្រីកវិសាលភាព នៃប្រព័ន្ធគាំពារសង្គមតាមរយៈការអភិវឌ្ឍជាប្រព័ន្ធជាដើម។សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលបាននឹងកំពុងយកចិត្តទុកដាក់អនុវត្តគោល​នយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ឆ្នាំ២០១៧-២០៣០ និងបានកោតសរសើរចំពោះកាកបាទ​ក្រហមកម្ពុជា ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល​ អង្គការអន្តរជាតិ និងសមាគមនានា ដែលបានធ្វើសកម្មភាពគាំទ្រប្រកបដោយមនុស្សធម៌ និងសាមគ្គីធម៌ចំពោះមនុស្សវ័យចាស់នៅ​តាមសហគមន៍នានាផងដែរ៕អត្ថបទ៖ បាន ចក់ 

នាយឧត្តមសេនីយ៍ ដាំ ដារ៉ានី៖ យោធិនត្រូវលះបង់គ្រប់យ៉ាង ដើម្បីអង្រឹងវិស័យការពារជាតិឲ្យកាន់តែរឹងមាំ

2023/10/01 09:27:10 am        563
ភ្នំពេញ៖ ក្នុងឱកាសចុះជួបសំណេះសំណាល និងពិនិត្យមើលវឌ្ឍនភាពការងារយេឌ័រ នៅបញ្ជាការដ្ឋានយោធភូមិភាគទី៤កាលពីថ្ងៃទី៣០ ខែកញ្ញាម្សិលមិញ លោកជំទាវនាយឧត្តមសេនីយ៍ ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ បានក្រើនរំលឹកដល់យោធិនទាំងអស់ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែម និងត្រូវលះបង់គ្រប់យ៉ាង ដើម្បីពង្រឹងខឿនការពារជាតិកម្ពជាឲ្យកាន់តែរឹកមាំបន្ថែមទៀតផងដែរ។លោកជំទាវរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា« ក្នុងនាមនាយទាហាន នាយទាហានរង និង ពលទាហាន​យោធភូមិភាគទី៤ត្រូវមានភាពស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ពិសេសស្មោះត្រង់ ​និងគោរពការពារដាច់ខាត​ រាល់បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ។ជាមួយគ្នានេះដែរ​កងយោធពលខេមរៈភូមិន្ទ ក៏​ត្រូវ​យកចិត្ត​ទុកដាក់ពង្រឹង​សមត្ថភាពជំនាញបន្ថែមទៀត ​ដើម្បីបំពេញភារកិច្ចការពារបូរណភាពទឹកដី ដោយហ៊ាន​ពុះពារ លះបង់ គ្រប់ការលំបាក​ ចូលរួមនៅគ្រប់ភារកិច្ច ដើម្បីពង្រឹងវិស័យ​ការពារជាតិ​អោយបានកាន់តែរឹងមាំ»។ក្នុងឱកាសនោះដែរលោកជំទាវដាំ ដារ៉ានី ​ក៏បានបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះ​ការងារ​យេនឌ័រ ត្រូវបានរាជរដ្ឋាភិបាល ​ផ្ដល់ការយកចិត្តទុកដាក់សិទ្ធិជាអាទិភាពឱ្យ​ដល់​យោធិនជានារី មាន​សិទ្ធិស្មើគ្នាទៅនឹងបុរសក្នុងការបំពេញ​តួនាទីភារកិច្ចការងារ ​សម្រាប់ជាតិមាតុភូមិនិងប្រជាជន​នៅក្នុង​សង្គមផងដែរ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះ ​ថ្នាក់ដឹកនាំ មេបញ្ជាការ មេបញ្ជាការរង គ្រប់ស្ថាប័នអង្គភាព​ចំណុះឲ្យយោធភូមិភាគទី៤ទាំងអស់ ដែលបានអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់​ពិសេសបាន​គិតគូរដល់ការលើកកម្ពស់ការងារយេនឌ័រ ​ដោយបានប្រគល់តួនាទី-ភារកិច្ចដល់​យោធិនជានារីយើង​បានចូលរួមបំពេញភារកិច្ច ការពារព្រំដែន ​ការពារអធិបតេយ្យ បូរណភាពទឹកដី របស់​ព្រះរាជាណា​ចក្រកម្ពុជា​ និងភារកិច្ចការពារស្ថេរភាព ​សន្តិសុខ​ សណ្ដាប់ធ្នាប់សារធារណៈ ក្នុង​មូលដ្ឋានដែលខ្លួនឈរជើងទទួល​ខុសត្រូវ​បានយ៉ាងល្អជាដើម។លោកជំទាវ ក៏បានកោតសរសើរ ​និងវាយតម្លៃខ្ពស់ ​ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក្នុង​បញ្ជាការដ្ឋានយោធភូមិភាគទី ៤កងទ័ពជើងគោក ​ដែលកន្លងមកបានសហការគ្នាយ៉ាងល្អ ជាមួយ​គ្រប់ស្ថាប័នទ័ពជំនាញរបស់កងយោធពលខេមរភូមិន្ទ ​ពិសេសជាមួយអាជ្ញាធរដែនដី មូលដ្ឋានគ្រប់លំដាប់ថ្នាក់​ ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់ជាតិ-អង្គភាពកងយោធពលខេមរភូមិន្ទ ​ចាប់តាំងពីថ្នាក់យោធភូមិភាគ​ រហូតដល់ថ្នាក់ក្រោម នៃអង្គភាពចំណុះឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ​ពិសេសពង្រឹងបានប្រៀបរឹងមាំ ប្រព័ន្ធ​ការពារជាតិ នៅតាមបណ្ដោយព្រំដែន​ជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែន​សន្តិភាព​ពិតប្រាកដមានកិច្ចសហប្រតិបត្តិការ ​និងការអភិវឌ្ឍន៍វិស័យនយោបាយ សេដ្ឋកិច្ចរីកចម្រើន​ឆាប់រហ័សផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតី អំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវលើកម្ពស់សុខុមាលភាពមនុស្សចាស់ ឲ្យបានប្រសើរថែមទៀត

2023/10/01 09:02:31 am        424
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវ​ដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់​ត្រូវយកចិត្តទុកដាក់លើកកម្ពស់នូវ​សុខុមាលភាព​របស់​មនុស្សចាស់បន្ថែមទៀត ​ខណៈការយកចិត្តទុកដាក់ជួយ​មនុស្សចាស់​ប្រៀបបានដូចនឹងការជួយ​ខ្លួនឯង​យ៉ាងដូច្នេះដែរ។តាមរយៈសារលិខិតក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្សចាស់អន្តរជាតិ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣នេះ ​ក្រោមវិធានបទ«ការជួយមនុស្សចាស់គឺជួយយើងទាំងអស់គ្នា»សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា ​ការរៀបចំទិវាមនុស្សចាស់កម្ពុជា ​និងទិវា​មនុស្សចាស់អន្តរជាតិ នាថ្ងៃនេះ​មានគោលបំណងលើកកម្ពស់កិច្ចគាំពារ ​ដ៏មានប្រសិទ្ធភាព ​សំដៅលើកស្ទួយសុខុមាល ភាពរបស់មនុស្សវ័យចាស់ឱ្យកាន់តែប្រសើរឡើង ​ហើយទិវានេះក៏បង្ហាញ​ឱ្យឃើញពីតួនាទីដ៏សំខាន់ របស់មនុស្ស វ័យចាស់​ បុព្វការីជន​ ដែលបានបង្កើតធនធាន​ដ៏មានសារប្រយោជន៍ ព្រមទាំងផ្តល់​នូវចំណេះដឹង ចំណេះ ធ្វើ​និង​បទពិសោធន៍​យ៉ាង​ច្រើន​ឥតគណនា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយផងដែរ។សម្តេចធិបតី បានចាត់ទុកទិវាមនុស្សចាស់កម្ពុជា ​និងទិវាមនុស្ស​ចាស់​អន្តរជាតិ ជាទិ​វាបុណ្យរំលឹក​ដល់​គុណូបការៈរបស់​មនុស្សវ័យចាស់កម្ពុជា ​បុព្វការីជន ជីដូនជីតា ឪពុកម្ដាយ អ៊ុ ពូ មីង ដែលបាន កសាង ​និងបន្សល់ទុកនូវកេរមរតកដ៏​ថ្លៃថ្លា​សម្រាប់កូនចៅជំនាន់នេះ​ និងជំនាន់ក្រោយៗទៀត។តាមរយៈសារលិខិតនេះ សម្រេចធិបតី​នាយករដ្ឋមន្រ្តីកម្ពុជា ​បានអំពាវនាវដល់ ​ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា ​គណៈកម្មាធិការជាតិកម្ពុជា ​ដើម្បី​មនុស្សចាស់​គ្រប់ក្រសួង ស្ថាប័ន​ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ​ត្រូវបង្កើនការយកចិត្តទុកដាក់និងគាំទ្រ តាម​គ្រប់មធ្យោបាយ​ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សវ័យ​ចាស់​ឱ្យបានកាន់​តែល្អ​ប្រសើរ​ឡើង។ ហើយគ្រប់ក្រសួង ស្ថាប័ន ​ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ សូមបង្កើន​ការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ​នៅពេលចុះបំពេញ​ការងារ​តាមមូលដ្ឋាន សូម​ឆ្លៀត​សួរសុខទុក្ខ ​និង​ជួយ​ឧបត្ថម្ភ​ដល់ជនចាស់​ជរាជាពិសេស​ជនចាស់ជរាពិការដែល​មានការ​លំបាកនៅតាមសហគមន៍ជាដើម។សម្តេចធិបតី ក៏អំពាវនាវឲ្យគ្រប់ភាគីទាំងអស់ ជួយបង្កលក្ខណៈងាយ​ស្រួល​ដល់សមាគម​មនុស្សចាស់​កម្ពុជា​ដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញ​សកម្មភាព​បង្កើតជួយពង្រឹង ​និងពង្រីកសមាគមមនុស្សចាស់នៅ​តាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើន​ស្មារតីសាមគ្គីជួយគ្នាទៅវិញ ​ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា​ ជាពិសេសមនុស្សចាស់​ជរាពិការ មនុស្សចាស់​ជរាមានជំងឺក្រីក្រគ្មានទីពឹង។ ​កាកបាទក្រហមកម្ពុជា មូលនិធិស្ថានីយ​វិទ្យុ និងទូរទស្សន៍ ​ដៃគូអភិវឌ្ឍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ ​និងអន្តរជាតិនានា សូម​បន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រ​ផ្នែកជំនួយមនុស្សធម៌ ​ទាំងស្បៀង​ សម្ភារ ថវិកា បច្ចេកទេស​សម្រាប់​ផ្តល់សេវាសុខុមាលភាពរបស់មនុស្សវ័យចាស់ ​ដែលបាន ​និងកំពុងជួបប្រទះការលំបាក ទាំងផ្នែកជីវភាព​ និងសុខភាពទាំងផ្លូវកាយ​ និងផ្លូវចិត្ត។​គ្រប់គ្រួសារនៅតាមសហគមន៍នីមួយៗ សូមបន្តពង្រឹងនូវសីលធម៌ ​និង​ទំនៀមទម្លាប់​ល្អរបស់ខ្មែរយើង​ ជាពិសេសត្រូវអប់រំកូនចៅ និង​ក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ​និងចេះគោរពព្រឹទ្ធាចារ្យជាដើម។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវឲ្យគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍របស់រដ្ឋ ​និងឯកជន ព្រមទាំងគ្រប់ភ្នាក់ងារព័ត៌មាន ​សូមជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវស្នាដៃ និង​សមិទ្ធផល​នានា​ដែលមនុស្សវ័យចាស់​បានបន្សល់ទុកសម្រាប់មនុស្ស​ជំនាន់ក្រោយ ក៏ដូចជា​សម្រាប់សង្គមជាតិ​ទាំងមូល​ និងផ្សព្វផ្សាយ​សកម្មភាពនានា​ដែល​បង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ និង​លើកស្ទួយ​សុខុមាលភាព​មនុស្ស​វ័យ​ចាស់​នៅក្នុង​សង្គម​កម្ពុជា​ទាំង​មូល​ផងដែរ៕ អត្ថបទ៖ បាន ចក់

នៅព្រឹកនេះកម្ពស់ទឹកស្ទឹងពោធិ៍សាត់ បន្តស្រកចុះមកនៅក្រោមកំរិតប្រកាសអាសន្ន

2023/10/01 08:24:00 am        680
ពោធិ៍សាត់៖ គិតត្រឹនម៉ោង៧ព្រឹកថ្ងៃទី១ខែតុលា ឆ្នាំ២០២៣នេះ ទឹកស្ទឹង ពោធិ៍សាត់ បានបន្តស្រកចុះ ដោយទឹកមានកម្ពស់ ៤,៨៨ ម៉ែត្រ ស្ថិតនៅក្រោមកម្ពស់ប្រកាសអាសន្ន ដែលមានកម្ពស់៥ម៉ែត្រ ។ នេះបើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក និង ឧតុនិយម ខេត្តពោធិ៍សាត់ ។នៅក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ផ្ទះប្រជាពលរដ្ឋតាមទីតាំងមួយចំនួនដែល​បានជន់​លិចកាលពីម្សិលមិញបាន ស្រកទៅវិញហើយ តែទីតាំងដែលមានទឹកបែកវាលនៅតែបន្ត​លិចលង់ដដែល នៅវាលស្រែចម្ការជាច្រើនពាន់ហិកតា ដែលលិចលង់ កំពុងប្រឈមនិងការខូចខាត ។ទោះជាយ៉ាងណាអាជ្ញាធរខេត្ត ពោធិ៍សាត់ នៅតែបន្តដឹកនាំកម្លាំង ចុះអន្តរាគមន៍ជួយ​ប្រជាពលរដ្ឋ​ជាប់ជានិច្ច។សូមបញ្ជាក់ដែរថា ក្នុងខេត្តពោធិ៍សាត់ មានក្រុងស្រុកចំនួន៤ ​បានជន់លិចដោយសារជំនន់​ទឹកភ្លៀង រួមមាន៖ ក្រុង ពោធិ៍សាត់ ស្រុកវាលវែង ស្រុកភ្នំក្រវាញ និងស្រុកកណ្តៀង ធ្វើ​ឲ្យប៉ះពាល់ស្រែ​ចម្ការជាច្រើន​ពាន់ហិកតា ​ប៉ះពាល់ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ហើយ​ប្រជាពលរដ្ឋជាច្រើន​ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព ​និងខូចខាតផ្លូវថ្នល់ស្ពានជាច្រើន​កន្លែងផងដែរ។ ពៅ ភិរុណ

ក្រសួងសាធារណការ និងដឹកជញ្ជូន រកឃើញយានយន្តលើសទម្ងន់ជាង៧១ម៉ឺនគ្រឿង គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣

2023/09/29 03:59:15 pm        639
ភ្នំពេញ៖ របាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលBTVទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ លេខាធិការដ្ឋានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តលើសទម្ងន់បានចំនួន ៧១៥,៥៣៤ គ្រឿង ក្នុងចំណោមរថយន្តដែលត្រូវត្រួតពិនិត្យសរុបចំនួន ២,២៤៦,១៤០គ្រឿង។របាយការណ៍ក្រសួងសាធារណការដដែល បានបន្ថែមទៀតថា ក្នុងការចុះត្រួតពិនិត្យមន្ដ្រីជំនាញរកឃើញ រថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ១,៥២៨,៨៤០គ្រឿង,រថយន្តផ្ទុកលើសទម្ងន់ចំនួន៧១៧,៣០០ គ្រឿង ស្មើនឹង ៣១.៩៣% ក្នុងនោះមាន៖ រថយន្តផ្ទុកលើសទម្ងន់ ក្រោម ៥% ចំនួន ៧១៥,៥៣៤ គ្រឿង ស្មើនឹង៣១.៨៦% , រថយន្តផ្ទុកលើសទម្ងន់ ពី ៥% ទៅ ១០ % ចំនួន ២៨គ្រឿង , រថយន្តផ្ទុកលើសទម្ងន់ ១០% ទៅ ២០% ចំនួន ១,៣២៣គ្រឿង ស្មើនឹង០.០៦% , រថយន្តផ្ទុកលើសទម្ងន់លើសពី ២០% ចំនួន ៤១៥ គ្រឿង ស្មើនឹ ០.២% ។ក្រសួងសាធារណការ បានបន្ដទៀតថា ពាក់ព័ន្ធនឹងវិធានការករណីខាងលើគណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការដឹកនាំ ត្រួតពិនិត្យយានយន្តលើសទម្ងន់ បានពិន័យរថយន្តដឹកលើទម្ងន់សរុបចំនួន១,៧៦៦គ្រឿង មានទឹកប្រាក់សរុបចំនួន ២,៧១០,៥០៩,០០០រៀល (ពីរប៊ីលាន ប្រាំពីររយដប់លាន ប្រាំរយប្រាំបួនពាន់រៀលគត់)។ ទន្ទឹមនឹងនោះ រថយន្តត្រូវ បាន ឃាត់ទុក ១ឆ្នាំ គិតត្រឹមថ្ងៃទី ២៥ខែកញ្ញា ឆ្នាំ២០២៣សរុបចំនួន ៣៥៦ គ្រឿង។ រថយន្តបានឃាត់ទុកមិនទាន់គ្រប់១ឆ្នាំ ដែលត្រូវដោះលែងមានចំនួន៩៦ គ្រឿង ៕

ឯកឧត្តម គន់ គីម ណែនាំអាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍តាមបទបញ្ជាសម្តេចធិបតី ឱ្យបានម៉ឺងម៉ាត់ជួយពលរដ្ឋពីគ្រោះទឹកជំនន់

2023/09/29 02:59:40 pm        223
ពោធិ៍សាត់៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្តអនុវត្តន៍​តាមបទបញ្ជា​សម្តេចធិបតី នាយករដ្ឋមន្ត្រី ឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ក្នុងរដូវវស្សានេះ។ ខណៈអាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិបានស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។ស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង តែង បង្ក ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។ អភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា បង្ការ គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តពោធិ៍សាត់ បានចុះទៅដល់ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យស្ថានភាពដោយផ្ទាល់ និងរួមគ្នាដាក់ចេញវិធានការជួយពលរដ្ឋរងគ្រោះ។ឯកឧត្តម ខូយ រីដា បានឱ្យដឹងថា ការជន់លិចនៅស្រុកកណ្តៀង និងក្រុងពោធិ៍សាត់នេះ ដោយសារកាលពីពីរថ្ងៃ មុនភ្លៀងបានធ្លាក់ខ្លាំងនៅជួរភ្នំក្រវាញ ហើយទឹកក៏បានលិច​នៅ​ស្រុកវាលវែង។ បន្ទាប់ពីភ្លៀងរាំង ទឹកស្រក នៅផ្នែកខាងលើ ទឹកក៏ហូរទាក់មកស្ទឹងពោធិ៍សាត់ និងលិចផ្នែកខ្លះក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានវាយតម្លៃថា ប្រសិនបើមិនមានភ្លៀងធ្លាក់ផ្នែកខាងលើទៀត​ទេនោះ ស្ថានភាពនៃការ ជន់លិច ក្នុងក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង នឹងធូរស្រាលក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។ ទោះបីយ៉ាងណា ​ក្រោមបទបញ្ជារបស់សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា រូបលោកផ្ទាល់ ​និងអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្ត តាមដានស្ថានការណ៍ ហើយដាក់ចេញវិធានការ​មួយចំនួនបញ្ចៀសផលប៉ះពាល់កុំឱ្យធ្ងន់ធ្ងរ។ ជាពិសេសការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានអរគុណដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធ ដែលបាន​រួមគ្នាយ៉ាង សស្រាក់សស្រាំជួយដល់ប្រជាពលរដ្ឋរងគ្រោះ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ក៏បានណែនាំដល់អាជ្ញាធរពាក់ព័ន្ធបន្ត អនុវត្តន៍តាមបទបញ្ជាសម្តេចធិបតី នាយករដ្ឋមន្ត្រីឱ្យបានម៉ឺងម៉ាត់ជួយប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងរដូវវស្សានេះ៕

ក្រុមប្រឹក្សាEU ពង្រីកការការពារបណ្តោះអាសន្នដល់ជនភៀសខ្លួនអ៊ុយក្រែន រហូតដល់ឆ្នាំ ២០២៥

2023/09/29 02:16:13 pm        193
ក្រុមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋជាសមាជិករបស់ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានយល់ព្រមបន្តយន្តការការពារបណ្តោះអាសន្នសម្រាប់ជនភៀសខ្លួនពីអ៊ុយក្រែនសម្រាប់រយៈពេល មួយឆ្នាំ ចាប់ពីថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៤ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២៥។សេវាកម្មសារព័ត៌មាន បានឲ្យដឹងថា៖«ដើម្បីផ្តល់ភាពប្រាកដប្រជាសម្រាប់ជនភៀសខ្លួនអ៊ុយក្រែនជាង ៤ លាននាក់ ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុប ក្រុមប្រឹក្សានេះ បានយល់ព្រមបន្តការការពារបណ្តោះអាសន្នសម្រាប់មនុស្ស ដែលភៀសខ្លួនពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន»។លោក Fernando Grande-Marlaska Gómez រដ្ឋមន្ត្រីស្តីទីក្រសួងមហាផ្ទៃអេស្ប៉ាញដែលបច្ចុប្បន្នកាន់តំណែងជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប បាននិយាយថា៖«សហភាពអឺរ៉ុប នឹងគាំទ្រប្រជាជនអ៊ុយក្រែនឲ្យបានយូរតាមដែលប្រទេសនេះត្រូវការ។ ការអូសបន្លាយស្ថានភាពការពារ ផ្តល់នូវភាពប្រាកដប្រជាដល់ជនភៀសខ្លួនជាង៤លាននាក់ដែលបានរកឃើញជម្រកសុវត្ថិភាពនៅក្នុងសហភាពអឺរ៉ុប»។បន្ទាប់ពីកិច្ចព្រមព្រៀងនយោបាយថ្ងៃនេះ ក្រុមប្រឹក្សាសហភាពអឺរ៉ុប នឹងត្រូវសម្រេចជាផ្លូវការលើការបន្តការការពារបណ្តោះអាសន្ន។ កិច្ចព្រមព្រៀងនេះ នឹងត្រូវអនុវត្ត នៅពេលដែលនីតិវិធីតាមច្បាប់ និងការបកប្រែទៅជាភាសាសហភាពអឺរ៉ុបទាំងអស់ ត្រូវបានបញ្ចប់។យន្តការការពារបណ្តោះអាសន្ន ត្រូវបានធ្វើឲ្យដំណើរការ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ ២០២២ ហើយត្រូវបានបន្តដោយស្វ័យប្រវត្តិសម្រាប់រយៈពេលមួយឆ្នាំ។

ការផលិតអាវុធនៅរុស្ស៊ី និងអ៊ីរ៉ង់៖ ទួរគី ឥណ្ឌា និងប្រទេសដទៃ ទៀតទទួលបានការព្រមានជាបន្តបន្ទាប់

2023/09/29 02:11:49 pm        181
ទីក្រុងប្រ៊ុចសែល បាននិយាយថា មានការហាមឃាត់ដ៏សំខាន់ទៅលើការលក់ទំនិញមួយចំនួនទៅឲ្យ ប្រទេសទួរគី ឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀតដែលអ៊ីរ៉ង់ និងរុស្ស៊ីផ្គត់ផ្គង់គ្រឿងបន្លាស់សម្រាប់យានដ្រូន និងអាវុធផ្សេងទៀត ដែលបាននិងកំពុងវាយប្រហារទីក្រុងនានានរបស់អ៊ុយក្រែន។ ការអត្ថាធិប្បាយរបស់គណៈកម្មាការអ៊ឺរ៉ុប ធ្វើឡើង បន្ទាប់ពីឯកសារកម្រាស់៤៧ទំព័ររបស់កាសែត The Guardian ដែលរដ្ឋាភិបាលអ៊ុយក្រែន បានរៀបរាប់លម្អិតអំពីការប្រើប្រាស់បច្ចេកវិទ្យារបស់លោកខាង លិច។ឯកសាររបស់អ៊ុយក្រែន ដែលត្រូវបានបង្ហាញដល់រដ្ឋាភិបាល G7 ក្នុងខែសីហា បានបញ្ជាក់ថា ការវាយប្រហារចំនួន៦០០លើកលើទីក្រុងអ៊ុយក្រែនក្នុងរយៈពេលបីខែមុននេះ ត្រូវបានធ្វើឡើងដោយយានអាកាសដែលគ្មានមនុស្សបើក(UAVs) ដែលប្រើបច្ចេកវិទ្យាលោកខាងលិច។ព័ត៌មានគយបង្ហាញថា ការនាំចូលស្ទើរតែទាំងអស់ទៅកាន់ប្រទេសអ៊ីរ៉ង់ មានប្រភពមកពីប្រទេសទួរគី ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន វៀតណាម និងកូស្តារីកា។ក្រុមហ៊ុនអឺរ៉ុបចំនួន៥រួមទាំងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប៉ូឡូញនៃក្រុមហ៊ុនពហុជាតិរបស់អង់គ្លេស ត្រូវបានគេដាក់ឈ្មោះថា ជាក្រុមហ៊ុនមេដែលផលិតសមាសធាតុ ដែលត្រូវបានកំណត់អត្តសញ្ញាណ។

មន្ដ្រីក្រសួងរ៉ែ និងថាមពល ចុះពិនិត្យក្រុមហ៊ុនអាជីកម្មរ៉ែមាស នៅតំបន់ភ្នំជី ពាក់ព័ន្ធករណីមានជំលោះរវាងពលរដ្ឋ និងក្រុមហ៊ុន

2023/09/29 01:55:41 pm        253
កំពង់ធំ៖ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមមន្រ្តីជំនាញរបស់ អគ្គនាយកដ្ឋានរ៉ែ និងថាមពល នៃក្រសួងរ៉ែ និងថាមពល បានចុះពិនិត្យ និងសិក្សាពីដំណើរការ នៅទីតាំងក្រុមហ៊ុន​ស្រាវជ្រាវ គឺក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន ឯ.ក (LATE CHENG MINING DEVELOPMENT CO.,LTD.) ​ពាក់ព័ន្ធករណីលេចលឺមានជំលោះដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុន។ការចុះពិនិត្យដឹកនាំ​ដោយ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានរ៉ែ និងថាមពល ​ព្រមទាំងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ស្រុក ភាគីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន។ក្នុងដំណើរការនេះ លោក អ៊ុច បូរ៉ា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ​បញ្ជាក់ថា ក្រុមការងារ​បាន​បែងចែកជាពីរក្រុម គឺ ក្រុមទី១.ចុះសិក្សាទាក់ទងនឹងបច្ចេកទេសរបស់ក្រុមហ៊ុន និង ក្រុមទី២.ចុះសិក្សាស្រាវជ្រាវ​ទាក់ទង នឹងការដោះស្រាយគោល​នយោបាយជាមួយ​ប្រជាពលរដ្ឋ។តំណាងក្រុមហ៊ុនអាជីកម្មរ៉ែមាសលោក សម្បត្តិ ដែលជាប្រធានផ្នែកសម្របសម្រួលផល ប៉ះពាល់​រវាងក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបម៉ិន បញ្ជាក់ថា ​ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណ​អាជីវកម្មស្របច្បាប់ពីរាជរដ្ឋាភិបាល។ បច្ចុប្បន្ននេះ គឺក្រុមហ៊ុនកំពុងធ្វើអាជីវកម្មលើផ្ទៃដី​ដែល​រាជរដ្ឋាភិបាល​ផ្តល់អាជ្ញាបណ្ណ ​ឲ្យធ្វើអាជីវកម្ម ​និងបានគិតគូរពីផលប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ដែលរស់នៅក្នុងតំបន់ទាំង​សុខភាពសាធរណៈ និងសុវត្ថិភាព​ជុំវិញមូលដ្ឋានផងដែរ។ករណីដែលមានការចុះផ្សព្វផ្សាយ​ពីស្ថាប័នសារព័ត៌មានមួយចំនួនកាលពីពេល ​កន្លងទៅថ្មីៗ​នេះថា ​មានករណីវិវាទដីធ្លីរវាងក្រុមហ៊ុន ​ជាមួយ​ប្រជាពលរដ្ឋ ​គឺករណីមិនពិតនោះទេ៕

កាកបាទក្រហមកម្ពុជា ទូលថ្វាយអំណរព្រះរាជគុណចំពោះព្រះមហាក្សត្រ នូវព្រះរាជទ្រព្យចំនួន ១០០០ដុល្លារ

2023/09/29 01:19:45 pm        128
កាកបាទក្រហមកម្ពុជាមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនជាប្រធាន សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ សម្តេចកិត្តិ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីរីករាយឥតឧបមា ដោយបានទទួលនូវ ព្រះរាជទ្រព្យ ចំនួន ១០០០ USD (មួយពាន់ដុល្លារអាមេរិក) អំពី ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូង ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជូបត្ថម្ភចំពោះ កាកបាទក្រហមកម្ពុជា សម្រាប់ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ សម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ។ក្នុងនាមកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយ អំណរព្រះរាជ គុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះព្រះរាជ ទានព្រះរាជទ្រព្យនេះ ដើម្បីទ្រទ្រង់សកម្មភាព​មនុស្សធម៌ របស់កាក បាទក្រហមកម្ពុជា ​សម្រាប់ជួយសង្គ្រោះប្រជារាស្ត្រ ​កម្ពុជាក្រីក្រទទួលរងគ្រោះដោយ គ្រោះមហន្តរាយផ្សេងៗ ។សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុ​ស័ក្ដិសិទ្ធិ​នានាក្នុងលោក ព្រះបារមី ទេវតារក្សា ព្រះមហាស្វេតច្ឆត្រ និងព្រះបារមីនៃព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះ មេត្តាប្រោសព្រះរាជទាន​ព្រះពរជ័យបវរមហាប្រសើរ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត សូមព្រះអង្គប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់​ក្នុងព្រះមហាសិរីរាជសម្បត្តិ ជាម្លប់ ដ៏ត្រជាក់ត្រជំ សម្រាប់ប្រជា រាស្ត្រកម្ពុជាជ្រកកោនតរៀងទៅ៕ អត្ថបទ៖ សំ ងីម

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីមីយ៉ាន់ម៉ាបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តចំពោះសន្តិសុខរបស់ឥណ្ឌា
06/01/2026 08:06 PM
ប្រតិបត្តិករនាវា ជំរុញឲ្យមានច្បាប់ច្បាស់វិលត្រឡប់មកកាន់ច្រកសមុទ្រ Hormuz វិញ
06/01/2026 08:06 PM
កងទ័ពជើងទឹកបារាំងដោយមានការគាំទ្រពីអង់គ្លេស បានស្កាត់ចាប់នាវាដឹកប្រេងរុស្ស៊ី
06/01/2026 08:06 PM
EU ជំរុញឲ្យ​អ៊ីស្រាអែលឈប់​បង្កើន​ភាពតានតឹងផ្នែកយោធា នៅលីបង់ និងគាំទ្រកិច្ចប្រឹងប្រែងការទូត
06/01/2026 08:06 PM
មន្ត្រី៖ ក្រុម​ហាម៉ាសនឹងធ្វើកិច្ចពិភាក្សា​ជាមួយអន្តរការី​តំបន់​ហ្កាហ្សា នៅអេហ្ស៊ីប
06/01/2026 08:06 PM
កម្អែហូរចេញពីមាត់ភ្នំភ្លើង Kilauea របស់រដ្ឋហាវ៉ៃ ខណៈការកម្រើកត្រូវបានគេរំពឹងថានឹងកើនឡើង
06/01/2026 07:06 PM
កិច្ចព្រមព្រៀងពាណិជ្ជកម្មឥណ្ឌា-អាមេរិក ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន
06/01/2026 07:06 PM
អ៊ីស្រាអែល៖ «គ្មានភាពស្ងប់ស្ងាត់ នៅទីក្រុងបេរូត» ទេ បើ​ក្រុមហេសបូឡាមិន​បញ្ឈប់ការវាយប្រហារ
06/01/2026 07:06 PM
វិមានក្រឹមឡាំង៖ អាជ្ញាធរកំពុងធ្វើការដោះស្រាយបញ្ហាបែងចែកប្រេងនៅតំបន់គ្រីមៀ
06/01/2026 07:06 PM
ពលរដ្ឋជម្លៀសខ្លួនចេញពីតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ក្រោយលោក Netanyahu បញ្ជាឲ្យវាយប្រហារក្រុមហេសបូឡា
06/01/2026 07:06 PM