ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានមកដល់ប្រទេសកំណើតវិញ បន្ទាប់ពីការនិរទេសខ្លួន១៥ឆ្នាំ

2023/08/22 11:55:47 am        101
ថៃ៖ មហាសេដ្ឋី និងជាអតីតនាយករដ្ឋមន្ត្រីរបស់ប្រទេសថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានត្រលប់ទៅដល់ប្រទេសវិញនៅថ្ងៃអង្គារ(២២សីហា)នេះ បន្ទាប់ពីការនិរទេសខ្លួនឯងអស់រយៈពេលជាង១៥ឆ្នាំ។ ឥស្សរជនភៀសខ្លួនរូបនេះ បានរស់នៅក្រៅប្រទេសចាប់តាំងពីលោកត្រូវបានផ្ដួលរំលំនៅក្នុងរដ្ឋប្រហារយោធាក្នុងឆ្នាំ២០០៦មក ខណៈពេលដែលលោកចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។មហាសេដ្ឋីវ័យ៧៤ឆ្នាំរូបនេះ បាននិយាយជាយូរមកហើយថា រូបលោកចង់វិលត្រឡប់ទៅប្រទេសកំណើតវិញ ប៉ុន្តែនឹងត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ លើការចោទប្រកាន់ជាច្រើនពីអំពើពុករលួយ និងការរំលោភអំណាច។ លោកថា ករណីចោទប្រកាន់ទាំងនេះ មានហេតុផលនយោបាយនៅពីក្រោយ។ ពេលវេលានៃការមកដល់របស់លោក គឺត្រឹមតែប៉ុន្មានម៉ោងមុនពេលសមាជិកសភា ត្រូវកំណត់ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយការវិលត្រឡប់របស់លោកនេះ ជាពេលវេលាដ៏សំខាន់នៅក្នុងនយោបាយថៃ។លោកស្រី Aim Sinpeng សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកនយោបាយប្រៀបធៀបនៅសកលវិទ្យាល័យ ស៊ីដនី បាននិយាយថា «ខ្ញុំគិតថា ដំណើរវិលត្រឡប់មកវិញរបស់លោក ថាក់ស៊ីន នឹងក្លាយជាទំព័រប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅក្នុងប្រទេសថៃ»៕

ទឹកជំនន់ និងកម្ទេចកម្ទី ធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្នល់ នៅម៉ិចស៊ិកបន្ទាប់ពីព្យុះ Hilary

2023/08/22 11:52:57 am        90
ម៉ិចស៊ិក៖ ព្យុះត្រូពិក Hilary បានវាយបក់បណ្តាលឲ្យមានទឹកជំនន់ខ្លាំងភ្លាមៗ នៅទូទាំងឧបទ្វិប Baja California ប្រទេសម៉ិចស៊ិក បណ្តាលឲ្យមានភាពចលាចលចំពោះយានយន្ត និងការកាត់ផ្តាច់ទឹក និងអគ្គិសនីកាលពីថ្ងៃអាទិត្យនិងថ្ងៃចន្ទ។នៅទីក្រុងឆ្នេរ Rosarito យានយន្តយ៉ាងហោចណាស់៧គ្រឿង បានជាប់ក្នុងទឹកជំនន់កំពុងហូរបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ គ្រប់អ្នកដំណើររទាំងអស់ត្រូវបានជួយសង្គ្រោះដោយគ្មានរងរបួសធ្ងន់ធ្ងរឡើយ។ នៅទីក្រុង Mexicali រដ្ឋធានី Baja California ខ្យល់បក់ខ្លាំង បានបណ្តាលឲ្យផ្ទាំងប្រកាស កាប៊ីនភ្លើង និងបង្គោលភ្លើងបាក់រលំ បណ្តាលឲ្យដាច់ចរន្តអគ្គិសនី និងដាច់ទឹក។ព្យុះ បានឈានដល់កម្រិតព្យុះកួចខ្លាំងនៅប្រទេសម៉ិចស៊ិក និងបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ម្នាក់ស្លាប់ ហើយបានបក់ឆ្ពោះទៅទិសខាងជើង ដោយបន្តបំផ្លាញនៅក្នុងសហរដ្ឋអាមេរិក។ មជ្ឈមណ្ឌលទប់ទល់ព្យុះកំណាចជាតិ បាននិយាយថា សំណល់ពីព្យុះ Hilary ត្រូវបានគេរំពឹងថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ Nevada និង Utah និងចូលទៅភាគពាយព្យ ជាកន្លែងដែលមនុស្សជាង៤លាននាក់ នៅតែស្ថិតនៅក្រោមការគំរាមកំហែងពីទឹកជំនន់រហូតដល់យប់ថ្ងៃចន្ទ៕

លោក Zelenskyy ជឿជាក់ថា មានយន្តហោះ F-16 រុស្ស៊ីនឹងចាញ់សង្គ្រាម

2023/08/22 11:50:28 am        127
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីថ្ងៃចន្ទថា ការផ្តល់ឲ្យតាមសន្យា នូវយន្តហោះប្រយុទ្ធ F-16 ធ្វើឲ្យលោកជឿជាក់ថាអ៊ុយក្រែននឹងធ្វើឲ្យរុស្ស៊ីបរាជ័យ។ មនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភា ក្នុងទីក្រុង Copenhagen ( កូប៉េនហាក) ប្រទេសដាណឺម៉ាក ដើម្បីស្តាប់លោកនិយាយ។ លោកនិយាយថា មិត្តជាទីស្រលាញ់ ថ្ងៃនេះយើងជឿជាក់ថា រុស្ស៊ីនឹងចាញ់សង្គ្រាមនេះ។ប្រទេសដាណឺម៉ាក និងហូឡង់ បានប្រកាសកាលពីថ្ងៃអាទិត្យថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះ F-16 ផលិតនៅអាមេរិក ជាលើកដំបូងទៅឲ្យអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានផ្តល់ការអនុញ្ញាតរបស់ខ្លួន។ យន្តហោះ៦គ្រឿងដំបូង ត្រូវបានកំណត់ពេលដឹកជញ្ជូនអំឡុងចូលឆ្នាំថ្មី។ រឿងដែលសំខាន់ គឺជាអ្វីដែលយើងត្រូវបង្ហាញជាមួយជោគជ័យរបស់យើង តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើង អ្វីដែលអ្នកបង្ហាញ កំពុងគាំទ្រអ៊ុយក្រែន។ រួមគ្នា យើងបង្ហាញថា ជីវិតមានតម្លៃ នោះជាបញ្ហារបស់ប្រជាជន បញ្ហាសេរីភាព និងបញ្ហារបស់សហភាពអឺរ៉ុប។ រុស្ស៊ីបានព្រមានថា ការផ្គត់ផ្គង់យន្តហោះទៅឲ្យអ៊ុយក្រែន នឹងធ្វើឲ្យសង្គ្រាម ដែលបានអូសបន្លាយរយៈពេល១ឆ្នាំកន្លះមកនេះ កាន់តែរីកធំឡើង។  កងកម្លាំងទ័ពអាកាសអ៊ុយក្រែន និយាយថា យន្តហោះ មានសារៈសំខាន់ចំពោះជោគជ័យនៃការវាយបក ដែលរហូតមកដល់ពេលនេះមានសភាពយឺតយ៉ាវ ព្រោះតែខ្លួនទប់ស្កាត់យន្តហោះប្រយុទ្ធរុស្ស៊ីដែលវាយប្រហារលើកងកម្លាំងរុលទៅមុខ។ ប្រទេសដាណឺម៉ាក នឹងផ្តល់យន្តហោះសរុប១៩គ្រឿង ហើយប្រទេសហូឡង់ មានយន្តហោះហោះF-16 ចំនួន៤២គ្រឿង ប៉ុន្តែនៅមិនទាន់សម្រេចនៅឡើយថាតើត្រូវផ្តល់ឲ្យទាំអស់ឬយ៉ាងណា។ ប្រធានាធិបតីអ៊ុយក្រែន និយាយកាលពីថ្ងៃចន្ទថា ប្រទេសក្រិក នឹងជួយបណ្តុះបណ្តាលអកាសយានិកកងកម្លាំងទ័ពអាកាសអ៊ុយក្រែន ្យចេះប្រើប្រាស់យន្តហោះ F-16 ៕

ចៅហ្វាយក្រុមទាហានស៊ីឈ្នួលWagner លោកPrigozhin អះអាងថា លោកកំពុងនៅអាហ្វ្រិក ដោយសន្យាថា នឹងធ្វើឲ្យប្រទេសរុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់ទ្វីប

2023/08/22 11:46:53 am        109
អាហ្វ្រិក៖ ប្រមុខក្រុមទាហានស៊ីឈ្នួលWagner និងជាឧក្រិដ្ឋជនសង្គ្រាម លោក យ៉េហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) បានអះអាងថា លោកស្ថិតនៅក្នុងទ្វីបអាហ្រ្វិក នៅក្នុងវីដេអូដែលបានចែករំលែក នៅថ្ងៃទី ២១ ខែសីហា តាមរយៈបណ្តាញ Telegram ឈ្មោះ Razgruzka Vagnera ដែលមានទំនាក់ទំនងនឹងក្រុមទាហានស៊ីឈ្នួលនេះ។នៅក្នុងវីដេអូនោះ លោកព្រីហ្គោហ្ស៊ីន ស្លៀកពាក់ខោអាវទាហាន ឈរនៅពីមុខដីវាលខ្សាច់ ដែលលោក អះអាងថា ស្ថិតនៅក្នុងទ្វីបអាហ្វ្រិក ដោយមានទាហានមួយចំនួនតូច នៅពីក្រោយលោក។លោកបាននិយាយនៅក្នុងវីដេអូនោះថា ក្រុមWagner ធ្វើប្រតិបត្តិការឈ្លបយកការណ៍ និងស្វែងរក ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យនៅលើទ្វីបទាំងអស់ និងអាហ្វ្រិក កាន់តែមានសេរីភាព យុត្តិធម៌ និងសុភមង្គលសម្រាប់ប្រជាជនអាហ្រ្វិក។ សុបិនអាក្រក់ នឹងកើតឡើងសម្រាប់ក្រុមISIS អាល់កៃដា(Al-Qaida) និងក្រុមជនអន្ធពាលផ្សេងទៀត។ បន្ថែមពីលើការប្រយុទ្ធគ្នាជាមួយកងទ័ពរុស្ស៊ីដ៏ទៀងទាត់នៅអ៊ុយក្រែន មុនពេលមានការបះបោររយៈពេលខ្លីប្រឆាំងនឹងវិមានក្រឹមឡាំង ក្នុងខែមិថុនា ក្រុម Wagner ត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស រួមទាំងការធ្វើទារុណកម្ម និងការសម្លាប់មនុស្សនៅក្រៅប្រព័ន្ធច្បាប់ នៅក្នុងប្រទេសម៉ាលី រួមជាមួយកងទ័ពម៉ាលីដែលកំពុងប្រយុទ្ធនឹងពួកជីហាដ ក៏ដូចជានៅប្រទេសស៊ីរី លីប៊ី សាធារណរដ្ឋអាហ្វ្រិកកណ្តាល ស៊ូដង់ និងម៉ូសំប៊ិក៕

ពលរដ្ឋអាមេរិក ត្រូវបានជំរុញឲ្យចាកចេញពីប្រទេសបេឡារុសជាបន្ទាន់

2023/08/22 11:20:22 am        305
បេឡារុស៖ រដ្ឋបាលលោកបៃដិន កំពុងជំរុញឲ្យពលរដ្ឋអាមេរិក នៅក្នុងប្រទេសបេឡារុស ចាកចេញពីប្រទេសនេះ ជាបន្ទាន់ ហើយបានព្រមានប្រឆាំងនឹងការធ្វើដំណើរនៅទីនោះ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ កាលពីថ្ងៃចន្ទ។ការព្រមានអំពីការធ្វើដំណើរដែលបានធ្វើបច្ចុប្បន្នភាពកើតឡើង បន្ទាប់ពីប្រទេសជាប់ព្រំដែនលីទុយអានី ឡាតវី និងប៉ូឡូញ បានបង្កើនសន្តិសុខនៅតាមព្រំដែនជុំវិញការព្រួយបារម្ភអំពីកងកម្លាំងទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ីដែលត្រូវបាននិរទេស នៅក្នុងប្រទេសនេះ។នៅក្នុងការព្រមានរបស់ខ្លួន ក្រសួងការបរទេសអាមេរិកបានលើកទឹកចិត្តជនជាតិអាមេរិក ដែលនៅតែស្ថិតក្នុងប្រទេសបេឡារុស ឲ្យចាកចេញពីប្រទេសនេះជាបន្ទាន់ ហើយចាត់ថ្នាក់ប្រទេសនេះ ជាហានិភ័យកម្រិតទី៤ ដែលជាការព្រមានផ្នែកសន្តិសុខកម្រិតខ្ពស់បំផុត។មេដឹកនាំដ៏យូររបស់ប្រទេសបេឡារុស លោក អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) ដែលគេស្គាល់ថា ជាមេដឹកនាំផ្តាច់ការចុងក្រោយរបស់អឺរ៉ុប គឺជាអ្នកសម្របសម្រួលដ៏សំខាន់នៃសង្គ្រាមរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) នៅអ៊ុយក្រែន ហើយស្ថិតនៅក្នុងបញ្ជីនៃទណ្ឌកម្មរបស់សហរដ្ឋអាមេរិកចំពោះការរំលោភសិទ្ធិមនុស្ស និងការគាបសង្កត់ផ្នែកនយោបាយប្រឆាំងនឹងប្រជាជនបេឡារុសដែលប្រឆាំងជំទាស់នឹងការអះអាងរបស់គាត់ក្នុងជ័យជម្នះនៃបោះឆ្នោតក្នុងឆ្នាំ២០២០៕

ប្រទេសកូរ៉េខាងជើង អាចនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មយោធា នៅប៉ុន្មានថ្ងៃខាងមុខ បន្ទាប់ពីបរាជ័យកាលពីលើកមុន

2023/08/22 11:13:25 am        288
កូរ៉េខាងជើង៖ ក្រុមមន្ត្រីជប៉ុន បាននិយាយថា កូរ៉េខាងជើង បានប្រាប់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារថា ខ្លួនគ្រោងនឹងបាញ់បង្ហោះផ្កាយរណបមួយ នៅក្នុងប៉ុន្មានថ្ងៃខាងមុខ ដែលអាចជាការព្យាយាមលើកទីពីរ ដើម្បីដាក់ផ្កាយរណបចារកម្មយោធាទៅកាន់គន្លងតារាវិថីរយៈពេលបីខែ បន្ទាប់ពីការប្រឹងប្រែងលើកដំបូងរបស់ខ្លួន បរាជ័យ។នៅចុងខែឧសភា គ្រាប់រ៉ុក្កែតរបស់កូរ៉េខាងជើងដែលផ្ទុកផ្កាយរណបចារកម្ម បានធ្លាក់ចូលទៅក្នុងសមុទ្រភ្លាមៗ បន្ទាប់ពីបានបាញ់បង្ហោះ ដែលបង្កជាឧបសគ្គដល់ការជំរុញរបស់មេដឹកនាំ លោក គីម ជុងអ៊ុន (Kim Jong Un) ដើម្បីបង្កើតប្រព័ន្ធឃ្លាំមើលដែលមានមូលដ្ឋានលើលំហរ ដើម្បីតាមដានសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងកាន់តែប្រសើរឡើង។ ប្រទេសកូរ៉េខាងជើង បានប្តេជ្ញាថា នឹងធ្វើការព្យាយាមលើកទីពីរ បន្ទាប់ពីបានសិក្សាពីអ្វីដែលខុសនឹងការបាញ់បង្ហោះ កាលពីលើកដំបូង។ឆ្មាំល្បាតឆ្នេរសមុទ្ររបស់ប្រទេសជប៉ុន បាននិយាយថា អាជ្ញាធរកូរ៉េខាងជើង បានជូនដំណឹងអំពីផែនការបាញ់បង្ហោះផ្កាយរណប ចាប់ពីថ្ងៃទី២៤ ខែសីហា និងចុងខែសីហា ថ្ងៃទី៣០។ អ្នកនាំពាក្យឆ្មាំល្បាតឆ្នេរសមុទ្រ លោក Hiromune Kikuchi បាននិយាយថា សេចក្តីជូនដំណឹងនេះ មិនបានបញ្ជាក់ពីប្រភេទផ្កាយរណបដែលកូរ៉េខាងជើងមានបំណងបាញ់បង្ហោះនោះទេ។ ប៉ុន្តែលោកជឿថា វាអាចសំដៅទៅលើផ្កាយរណបមួយស្រដៀងនឹងផ្កាយរណបចារកម្ម ដែលបានបាញ់បង្ហោះ នៅខែឧសភា។សេចក្តីជូនដំណឹងរបស់កូរ៉េខាងជើង បានលើកឡើងពីតំបន់ដែនសមុទ្រចំនួនបី ដែលអាចរងផលប៉ះពាល់ដោយការបាញ់បង្ហោះរបស់ខ្លួន — នៅឆ្នេរសមុទ្រខាងលិចឧបទ្វីបកូរ៉េ នៅសមុទ្រចិនខាងកើត និងខាងកើតកោះLuzonរបស់ហ្វីលីពីន។ ប្រទេសជប៉ុន បានចេញការព្រមានសុវត្ថិភាពសម្រាប់នាវា ដែលឆ្លងកាត់តំបន់ទាំងបី នេះបើយោងតាមគេហទំព័ររបស់ឆ្មាំល្បាតឆ្នេរសមុទ្រជប៉ុន៕

កូរ៉េខាងជើងនិយាយថា កិច្ចព្រមព្រៀងរវាងអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង អាចជំរុញឲ្យផ្ទុះសង្រ្គាមនុយក្លេអ៊ែរ

2023/08/22 11:10:06 am        269
កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងបានរិះគន់សមយុទ្ធយោធាប្រចាំឆ្នាំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដោយព្រមានពីការផ្ទុះសង្រ្គាមនុយក្លេអ៊ែរ ពាក់ព័ន្ធកិច្ចព្រមព្រៀងត្រីភាគីថ្មីៗ ដើម្បីពង្រីកទំនាក់ទំនងឲ្យកាន់តែស៊ីជម្រៅរវាងក្រុមមេដឹកនាំ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុននៅឧស្យានជាតិ Camp David ក្នុងរដ្ឋម៉ារីលែន (Maryland) សហរដ្ឋអាមេរិក។  កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្ដើម សមយុទ្ធ រដូវក្ដៅ ដែលមានឈ្មោះថា អាល់ឈី ហ្វី្រឌឹម ស៊ៀល (Ulchi Freedom Shield)ឬហៅថាខែលការពារសេរីភាពអាល់ឈី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ជាការឆ្លើយតបរួមគ្នាទៅនឹងការគំរាមកំហែងនុយក្លេអ៊ែរនិង មីស៊ីលរបស់កូរ៉េខាងជើង ។ ទីក្រុងព្យុងយ៉ាង បានរិះគន់ ជាយូរមកហើយថា សមយុទ្ធនេះ គឺជាការហាត់សមមុនធ្វើសង្រ្គាម។ នៅក្នុងឯកសារមួយចេញផ្សាយដោយទីភ្នាក់ងារសាររព័ត៌មានកណ្ដាល KCNA កូរ៉េខាងជើងនិយាយថា ជំនួបកំពូលរវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន នៅវិមានសម្រាកលំហែប្រធានាធិបតី Camp Davidកាលពីថ្ងៃសុក្រសប្ដាហ៍មុន មានបំណងបង្កាត់ការបង្កហេតុសង្គ្រាមនុយក្លេអ៊ែរ។  នៅក្នុងកិច្ចប្រជុំឯកត្តជនលើកដំបូងរវាងមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ប្រទេសទាំងបីបានព្រមព្រៀងគ្នាក្នុងការធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច ខណៈមេដឹកនាំទាំង៣ស្វែងរកការរួបរួមក្នុងការប្រឈមទៅនឹងការរីកលូតលាស់នៃអំណាចរបស់ប្រទេសចិន និងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញមរតកបន្ត​គឺអ្នកបន្តវេន​បន្តរក្សាសន្តិភាព និងស្ថិរភាព​នយោបាយបន្តទៀត

2023/08/22 11:06:41 am        364
ក្នុងឱកាសអញ្ជើញចូលរួមបើកសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ នៅ​វិមានរដ្ឋសភា​នាព្រឹក​ថ្ងៃ​ទី២២សីហា និងក្រោយ​ពីសភា​បាន​ដំណើរ​ការ​ចប់សព្វ​គ្រប់​ក្រោមការ​ដឹកនាំ​ដោយ​សម្តេច​ពញា​ចក្រី ហេង សំរិន ព្រឹទ្ធសមាជិក លើដំណើរការ​បោះឆ្នោត​ជា​កញ្ចប់​ផ្តល់​សេចក្តីទុក​ចិត្ត​ដល់​ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធាន​គណៈកម្មការ​ទាំង​១០​ និង​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​រាជរដ្ឋាភិបាលថ្មី សម្តេចតេជោ ហ៊ុន សែន បានធ្វើនូវ​សន្និសីទ​សារព័ត៌មាន​ជាមួយ​បណ្តា​អ្នក​សារព័ត៌មានជាតិ និងអន្តរជាតិថា សម្តេច ចង់​ឃើញ​មរតក​បន្ត​គឺ​អ្នក​បន្ត​វេន​បន្ត​រក្សាសន្តិភាព និង​ស្ថិរភាពនយោបាយបន្តទៀត។សម្តេចតេជោ បានបញ្ជាក់ពី​មោទនភាព​ដែល​អ្នក​នយោបាយ​ជំនាន់​មុន​បាន​បន្សល់​ជា​មរតក​ សម្រាប់​អ្នក​ជំនាន់​ក្រោយបន្ត ជាពិសេសមរតកដែលគិតតាំងពីព្រះបិតា សម្តេចឪ សម្តេច​តា​ដែល​បាន​បន្សល់​មរតក​នៃ​ការ​ផ្សះផ្សារ​ជាតិ​ និង​មរតក​ដែល​សម្តេច​សន្សល់​ដល់​អ្នក​ដឹកនាំ​ជំនាន់​ក្រោយ​នៅ​ពេល​នេះ​ គឺសម្តេច​ច​ង់​ឃើញ​អ្នក​បន្ត​វេន​បាន​បន្ត​រក្សា​បាន​ល្អនូ​វ​សន្តិភាព​ និង​ស្ថិរភាព​ខាង​នយោបាយ​ជា​បន្តទៀត។ក្នុងសន្និសីទសារព័ត៌មាននេះសម្តេចក៏បានឆ្លើយនឹងអ្នកសារព័ត៌មានថា ក្រៅពីចង់​ឃើញ​អ្នក​បន្ត​វេន​រក្សា​សន្តិភាព ស្ថិរភាព​នយោបាយ​ឱ្យ​បាន​ល្អ​ក៏ចង់​ឃើញ​អ្នក​បន្ត​វេន​អនុវត្ត​ឱ្យ​បាន​ជោគ​ជ័យ​​គឺ​ការ​ដឹកនាំ​ប្រទេស​ចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍ​តិចតួច​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​កំរិតខ្ពស់ និង​ជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់តែម្តង៕

នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ប្តេជ្ញាដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិឲ្យបានសម្រេចជោគជ័យបំផុត

2023/08/22 10:39:38 am        600
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងអះអាងថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល អាណត្តិទី៧នេះ ឯកឧត្តមសូមសន្យា និង​ធ្វើ​ការប្តេជ្ញា ជាឱឡារិកថា នឹងប្តូរផ្តាច់ដឹកនាំនីតិប្រតិបត្តិរបស់ជាតិ ដែលជា​កម្ម​វិធី​នយោបាយ​របស់​រាជរដ្ឋាភិបាលឲ្យខាងតែបាន និងជោគជ័យបំផុត។ការសន្យា និងការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីថ្មីរបស់កម្ពុជានេះ គឺបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៃ​រដ្ឋសភា នីតិកាលទី៧ ដើម្បីបោះឆ្នោតជ្រើសតាំង ប្រធាន និងអនុប្រធាន នៃរដ្ឋសភា ប្រធាន​ និង​អនុប្រធានគណៈកម្មការជំនាញ នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្ត ចំពោះ​រាជ​រដ្ឋាភិបាល​កម្ពុជា​ នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះនៅវិមានរដ្ឋសភា។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមជាប្រមុខរាជរដ្ឋាភិ បាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមសូមសន្យា និងធ្វើការប្តេជ្ញា ជាឱឡារិក​ជូន​បង​ប្អូន​ជន​រួម ជាតិទូទាំងប្រទេសថា ឯកឧត្តម នឹងប្តូរផ្តាច់ ដឹកនាំស្ថាប័ននីតិប្រតិបត្តិរបស់ជាតិ ធានា​អនុវត្ត​ឲ្យបានសម្រេចជោគជ័យនូវ«កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល» ដែលជាការ​សន្យា​របស់​គណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ នៅមុនការបោះឆ្នោតនាពេលកន្លងទៅនេះ។ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា «កម្ម​វិធី​នយោបាយ»​ របស់​រាជ​រដ្ឋាភិបាលដែលត្រូវបានបង្ហាញជូនរដ្ឋសភា និងតាមរយៈរដ្ឋសភា ជូនជនរួមជាតិ និង​សាធារណៈ ​មតិទូទៅនាពេលនេះ គឺឆ្លុះបញ្ចាំងអំពីគោលបំណង ឧត្តមគតិ និងការប្តេជ្ញាចិត្ត ដ៏​មុះមុត​របស់រាជរដ្ឋាភិ បាល ក្នុងការពុះពារបម្រើជាតិ និងប្រជាជនក្នុងគ្រប់កាលៈទេសៈ ព្រម​ទាំង​បង្ហាញ​ច្បាស់​អំពីចក្ខុះវិស័យ និងគោលនយោបាយលើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល ដើម្បី​បន្ត​ការពារ និងកសាងមាតុភូមិ ឆ្ពោះទៅរក អនាគតមួយដ៏រុងរឿង ស្របតាមឆន្ទៈ និង​បំណង​ប្រាថ្នា​របស់​ប្រជាជនជាដើម៕ អត្ថបទ៖ បាន ចក់

ក្រុមមន្ត្រីកេនយ៉ាជួបជាមួយនគរបាលហៃទី ដើម្បីពិភាក្សាអំពីកម្លាំងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាល

2023/08/22 10:39:09 am        248
កេនយ៉ា៖ គណៈប្រតិភូកេនយ៉ាមួយក្រុម បានទៅដល់ប្រទេសហៃទី ហើយបាននិងកំពុងជួបជាមួយនគរបាលជាតិរបស់ប្រទេសនេះ ខណៈដែលខ្លួនវាយតម្លៃពីការដឹកនាំកម្លាំងសន្តិសុខពហុជាតិ ដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជួយនគរបាលប្រយុទ្ធប្រឆាំងនឹងសង្គ្រាមរបស់ក្រុមជនអន្ធពាល ដែលកំពុងកើន ឡើង។រដ្ឋាភិបាលនៃប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ បានអំពាវនាវជាលើកដំបូងសុំជំនួយសន្តិសុខអន្តរជាតិ កាលពីខែតុលាឆ្នាំមុន។ប្រមុខUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស ( Antonio Guterres) ក៏បានអំពាវនាវជាយូរមកហើយឲ្យសហគមន៍អន្តរជាតិផ្តល់ការគាំទ្ររបស់ខ្លួន ហើយកាលពីខែមុននេះ ប្រទេសកេនយ៉ា បានក្លាយជាប្រទេសដំបូងដែលនិយាយថា ខ្លួនបានត្រៀមរៀបចំ ដើម្បីដឹកនាំកងកម្លាំងបែបនេះ។ប្រភពមួយបានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមមន្ត្រីកេនយ៉ានៅទីស្នាក់ការនគរបាល នៅទីក្រុងព័រអូប្រាំង (Port-au-Prince) កាលពីថ្ងៃចន្ទ ជាទីដែលពួកគេបានជួបជាមួយលោក ហ្វ្រាន អែលបេ (Frantz Elbe) ប្រមុខនគរបាលជាតិរបស់ប្រទេសហៃទី។ ការពិភាក្សាគ្រោង នឹងបន្តនៅថ្ងៃអង្គារនេះ។ជាមួយនឹងធនធានដ៏ខ្សត់ខ្សោយ នគរបាលរបស់ប្រទេសហៃទី បាននិងកំពុងប្រយុទ្ធជាមួយនឹងក្រុមជនអន្ធពាល ដ៏ខ្លាំងក្លាដែលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ប្រមាណថា នឹងគ្រប់គ្រងផ្នែកធំៗនៃប្រទេស ដែលជាកន្លែងអ្នកស្រុកជួបប្រទះនឹងការខ្វះខាតស្បៀងអាហារដ៏ធ្ងន់ធ្ងរ ការសម្លាប់មនុស្សញឹកញាប់ ការចាប់ជំរិត និងអំពើហិង្សាផ្លូវភេទរីករាលដាលយ៉ាងខ្លាំង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM
មនុស្សយ៉ាង​តិច​ ១៥នាក់រងរបួស ដោយសារ​ព្យុះនៅជប៉ុន ខណៈ​មាន​ការអំពាវនាវឲ្យ​ជម្លៀស
06/02/2026 07:06 PM
លោក Trump ថាលោកបាននិយាយជាមួយក្រុមហេសបូឡា តាមរយៈអន្តរការី
06/02/2026 07:06 PM
លោក Netanyahu ប្រាប់លោក Trump ថា អ៊ីស្រាអែលនឹងវាយប្រហារទីក្រុងបេរូត បើសិនការវាយប្រហាររបស់ក្រុមហេសបូឡានៅតែបន្ត
06/02/2026 07:06 PM