ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

នាវាពាណិជ្ជកម្មត្រូវបានប្រាប់ឲ្យនៅឆ្ងាយពីអ៊ីរ៉ង់ ដោយសារតែលទ្ធភាពកើនឡើងនៃការវាយប្រហារ ឬការរឹបអូស

2023/08/14 02:06:19 pm        380
អាមេរិក៖ មន្ត្រីកងទ័ពជើងទឹកអាមេរិកម្នាក់កាលពីថ្ងៃសៅរ៍ បានព្រមានក្រុមអ្នកដឹកជញ្ជូនដែលឆ្លងកាត់ដែនទឹកក្បែរប្រទេសអ៊ីរ៉ង់ ឲ្យនៅ«ឲ្យឆ្ងាយ»តាមដែលអាចធ្វើបានពីដែនទឹករបស់សាធារណរដ្ឋឥស្លាមមួយនេះ ចំពេលមានការបារម្ភថា ទូកមួយគ្រឿង អាចត្រូវបានរឹបអូសនៅប៉ុន្មានថ្ងៃខាងមុខនេះ។នៅឆ្នាំនេះ ប្រទេសអ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងពីរគ្រឿងរួចហើយ ដោយមួយគ្រឿងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រHormuz និងមួយគ្រឿងទៀតនៅឈូងសមុទ្រអូម៉ង់ រួមទាំងនាវាដឹកប្រេងឆៅសម្រាប់ក្រុមហ៊ុន Chevron ផងដែរ។ ដោយគ្មានភ័ស្តុតាង អ៊ីរ៉ង់បានអះអាងថា ការរឹបអូសបានធ្វើឡើងដោយសារតែបញ្ហាបទប្បញ្ញត្តិនិងសុវត្ថិភាព។ថ្លែងទៅកាន់សារព័ត៌មាន AP មេបញ្ជាការកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក Timothy Hawkins បាននិយាយថា នាវាទាំងអស់កំពុងត្រូវបានណែនាំឲ្យឆ្លងកាត់ឆ្ងាយពីដែនទឹកអ៊ីរ៉ង់ តាមដែលអាចធ្វើទៅបាន ដោយបញ្ជាក់ថា ការព្រមានដែលចេញដោយសហព័ន្ធសន្តិសុខដែនសមុទ្រអន្តរជាតិ ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។ អង្គការដែនសមុទ្រអឺរ៉ុបមួយ ក៏បានព្រមានថា កប៉ាល់មួយគ្រឿង អាចត្រូវបានរឹបអូស«ក្នុងរយៈពេល ១២ ទៅ ៧២ម៉ោងខាងមុខ នេះបើយោងតាមការវិភាគសម្ងាត់ឯកជនដែលដកស្រង់ដោយសារសារព័ត៌មានAP៕

បណ្ដាញសង្គមនាយករដ្ឋមន្រ្ដីថ្មី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បង្កើតឡើងជាបន្តបន្ទាប់

2023/08/14 01:56:00 pm        398
ភ្នំពេញ៖ បណ្ដាញសង្គមនាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសកម្ពុជា គឺឯកឧត្ដមកិត្តិទេសាភិបាលបណ្តិត ហ៊ុន ម៉ាណែត ត្រូវបានបង្កើតឡើងជាផ្លូវការ បន្ទាប់ពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំគណៈរដ្ឋមន្រ្តីសម្រាប់​រាជរដ្ឋាភិបាលអាណត្តិទី៧ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ។បណ្ដាញសង្គមផ្លូវការនានាដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្កើតឡើង​ជាផ្លូវការនោះ​មានឈ្មោះថា Dr. Hun Manet, Prime Minister of Cambodia ក្នុងមានដូចជាបណ្ដាញសង្គមហ្វេសប៊ុក​ដែលមានអ្នកចូលចិត្ត (Like) ជាង២ លាននាក់ និង មានអ្នកគាំទ្រ (Follow) ជាង ២ លាននាក់។ ក្រៅពីនេះក៏មានបណ្ដាញសង្គមល្បីៗជាច្រើនទៀត ដូចជាបណ្ដាញសង្គម ធ្វីតធើ តេឡេក្រាម និងបណ្ដាញសង្គម តិចតុក ជាដើម។ បណ្ដាញសង្គមផ្លូវការរបស់នាយករដ្ឋមន្រ្ដីថ្មីរបស់ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត ក៏មិនខុសគ្នាពី​បណ្ដាញ​សង្គមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល គឺតាមរយៈបណ្ដាញ​សង្គមនេះ ​បានចែករំលែកនូវសកម្មភាពនានារបស់នាយករដ្ឋមន្រ្ដី ព័ត៌មានអំពីគោលនយោបាយ​ជាតិសំខាន់នានា ​និងបានចែករំលែកនូវព័ត៌មានពិតជាច្រើនថែមទៀត។សូមជម្រាបថា នៅសល់ប្រមាណ ៨ ថ្ងៃទៀតប៉ុណ្ណោះ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ប្រកាស​ចូលកាន់​តំណែង​ជានាយករដ្ឋមន្រ្ដីនៃកម្ពុជាជាផ្លូវការ​ ខណៈរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើកដំបូង នាថ្ងៃទី២១ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក សមាជិកាសភាសរុប ១២៥ រូប ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការរៀបចំរាជរដ្ឋាភិបាលនីតិកាលទី៧នេះ៕ អត្ថបទ៖ វ៉ន ដារ៉ា

ប៉ាឡេស្ទីន និងអ៊ីស្រាអែល មានការខ្វែងគំនិតគ្នាទៅលើសារៈសំខាន់នៃបេសកជនអារ៉ាប៊ីសាអ៊ូឌីតថ្មី

2023/08/14 01:54:56 pm        279
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានច្រានចោលរាល់បេសកកម្មជាក់ស្តែងចុងក្រោយ នៅទីក្រុងហ្ស៊េរុយសាឡិមសម្រាប់បេសកជនអារ៉ាប៊ីសាអ៊ូឌីតដំបូងសម្រាប់ប៉ាឡេស្ទីន ទោះបីជាពួកគេ បានហៅការតែងតាំងបេសកជនរូបនេះថាជាការយល់ព្រមលើគោលដៅនៃរដ្ឋមួយដែលនឹងរួមបញ្ចូលផ្នែកមួយនៃទីក្រុងនេះថាជារដ្ឋធានីរបស់ខ្លួនក្តី។ឯកអគ្គរាជទូតអារ៉ាប៊ីសាអ៊ូឌីតប្រចាំប្រទេសហ្ស៊កដានី លោក ណាយេហ្វ អាល់ស៊ុដៃរី (Nayef Al-Sudairi) កាលពីថ្ងៃសៅរ៍ បានពង្រីកសារតាំងរបស់ខ្លួន ដើម្បីរួមបញ្ចូលបេសកជនមិនមែនស្នាក់នៅសម្រាប់ប៉ាឡេស្ទីន។ ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមដោយស្ថានទូតរបស់ខ្លួន បាននិយាយថា អគ្គកុងស៊ុលនៅទីក្រុងហ្ស៊េរុយសាឡិម ឥឡូវនេះក៏ស្ថិតក្នុងចំណោមភារកិច្ចរបស់លោកអាល់ស៊ុដៃរីផងដែរ។ចំណាត់ការនេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា មានវឌ្ឍនភាពខ្លះក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការសម្របសម្រួលបង្កើតទំនាក់ទំនងផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ដែលពីមុនបានច្រានចោលកិច្ចព្រមព្រៀងបែបនេះ រហូតដល់គោលបំណងនៃការបង្កើតរដ្ឋប៉ាឡេស្ទីន ត្រូវបានដោះស្រាយ។ដោយបង្ហាញថា ពួកគេមានអារម្មណ៍ថាត្រូវបានដកចេញឲ្យក្រៅសង្វៀននៃពីកិច្ចពិភាក្សាដែលត្រូវបានធ្វើឡើងដោយប្រយោលនោះ ប៉ាឡេស្ទីន បានសម្តែងក្តីសង្ឃឹម នៅដើមខែនេះថា ទីក្រុងរីយ៉ាដ (Riyadh) នឹងស្តាប់ការព្រួយបារម្ភរបស់ពួកគេ និងសម្របសម្រួលជាមួយពួកគេ៕

រដ្ឋមន្ត្រីទេសចរណ៍៖ ក្រសួងសម្រេចសមិទ្ធផលជាច្រើនផ្នែកបណ្តុះបណ្តាលអ្នកជំនាញទេសចរណ៍

2023/08/14 12:58:24 pm        414
ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហានេះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​បើកកិច្ចប្រជុំបច្ចុប្បន្នភាព​សមិទ្ធផលការងាររបស់គណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ ហៅកាត់ថា MRA-TP នៅទីស្តីការក្រសួង ខណៈការងារ MRA-TP ដែលធ្វើការពាក់ព័ន្ធបណ្តុះ​បណ្តាលអ្នកជំនាញទេសចរណ៍ក្នុងក្របខណ្ឌជាតិ ​និងអាស៊ាន​ គឺបានសម្រេច​សមិទ្ធផល​ជាច្រើន នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦នេះ។ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន ថ្លែងថា ការអនុវត្តការងារ របស់គណៈកម្មាធិការជាតិអ្នកជំនាញ​ទេសចរណ៍ ​នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី៦ បើទោះជាមានភាពរអាក់រអួលដោយ​សារតែ​វិបត្តិកូវីដ-១៩ យ៉ាងណាក្តី ក៏មានសមិទ្ធផលមួយចំនួនធំគឺបានធ្វើការសម្រេចបាននៅក្នុងក្រ​ប​ខ័ណ្ឌជាតិ​ និងអាស៊ានដូចជា ក្រសួងទេសចរណ៍កម្ពុជា ដឹកនាំរៀបចំស្តង់ដា​សមត្ថភាពអ្នក​​​ជំនាញទេសចរណ៍ស្ប៉ា និងសុខុមាលភាពអាស៊ាន. ការងារដឹកនាំរៀបចំ​គោលការណ៍ណែនាំអាស៊ានស្តីពីការវាយតម្លៃការសិក្សាពីមុន (RPL). ការងារសម្របសម្រួលរៀបចំគោលការណ៍ណែនាំស្តីពីអនាម័យ និងសុវត្ថិភាពដល់អ្នកជំនាញទេសចរណ៍ និងសហគមន៍សម្រាប់ឧស្សាហកម្មទេសចរណ៍អាស៊ាន. ការងារបង្កើតឲ្យមានតែមសុវត្ថិភាពក្នុងការធ្វើដំណើរ សម្រាប់អាស៊ាន និងការងាររៀបចំកម្មវិធីសិក្សាអប់រំបច្ចេកទេសមធ្យមសិក្សាទុតិយភូមិផ្នែកទេសចរណ៍ និងការងារសហប្រតិបត្តិការអភិវឌ្ឍអ្នកជំនាញទេសចរណ៍រវាងអង្គការជាតិ និងអន្តរជាតិជាច្រើនទៀត។ឯកឧត្តម ថោង ខុន ថ្លែងថា បទពិសោធន៍នៃការកសាងរចនាសម្ព័ន្ធមូលដ្ឋាន​ការ​បណ្តុះបណ្តាលជំនាញទាំងនេះ នឹងត្រូវបានយកទៅអនុវត្តដោយសាលាជាតិទេសចរណ៍ ដែលក្រសួងទេសចរណ៍កំពុងតែសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការ AFDរបស់ប្រទេសបារាំង ហើយសង្ឃឹមថានឹងអាចដំណើរការក្នុងដើមអាណត្តិរាជរដ្ឋាភិបាលទី៧ នេះ។ឯកឧត្តម បញ្ជាក់ថា ជាក់ស្តែងណាស់ ការងារអភិវឌ្ឍន៍ជំរុញវិស័យ​ទេសចរណ៍​ឲ្យមានការរីករចម្រើន គឺយើងត្រូវការចាំបាច់អ្នកជំនាញទេសចរណ៍មកធ្វើការ ពោល គឺ បើគ្មានអ្នកជំនាញទេសចរណ៍ធ្វើការងារនោះ វិស័យទេសចរណ៍មិនអាចរីកចម្រើននោះទេ។ ឯកឧត្តម ទ្រី ឈីវ ប្រធានលេខាធិការដ្ឋាន MRA -TP និងជាប្រធាននាយកដ្ឋានសហប្រិតបត្តិការអន្តរជាតិ និងអាស៊ាន ថ្លែងថា បច្ចុប្បន្នបណ្តាប្រទេសជាសមាជិកអាស៊ាន កំពុងទទួលស្គាល់ជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន៧០មុខជំនាញ គឺអាចធ្វើការងារចល័តបំលាស់ទីនៅតាមបណ្តាប្រទេសអាស៊ានបាន៕អត្ថបទ ស៊ុមសុខជា

សហគ្រិនវ័យក្មេងបង្ហាញការគាំទ្រចំពោះឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ជានាយករដ្ឋមន្ត្រីអាណត្តិថ្មី

2023/08/14 12:48:33 pm        279
ភ្នំពេញ៖ ក្រុមសហគ្រិនវ័យក្មេង បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះឯកឧត្តមកិត្តិទេសភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី អាណត្តិទី៧ រួមទាំងមានជំនឿ និងជឿជាក់យ៉ាងមុតមាំ ទៅលើធនធាន មនុស្ស និងទេពកោសល្យរបស់ឯកឧត្តម ។នៅក្នុងពិធីជួបសំណេះសំណាលម្ចាស់អាជីវកម្ម និងប្រគល់លិខិតតែងតាំង ថ្នាក់ដឹកនាំ ផែនសហ គ្រិនវ័យក្មេង របស់សាខាកិត្តិយស នៃយុវជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ កាលពីយប់ថ្ងៃ ទី១៣ ខែសីហា នេះ ឯកឧត្តម ដួង អក្ខរា ប្រធានសាខាកិត្តិយស នៃផែន​សហគ្រិនវ័យក្មេង លើកឡើងថា ការគាំទ្រនេះ ដោយសារតែមើលឃើញយ៉ាងច្បាស់ ពី​សមត្ថភាពដឹកនាំ មានចំណេះដឹងខ្ពស់ ភាពក្លាហាន ការទទួលស្គាល់ពីសហគមន៍ជាតិ អន្តរជាតិ និងជាបុត្រាឆ្នើមរបស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិ ភាព បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ មាតុភូមិដូចសព្វថ្ងៃនេះ ។ ឯកឧត្តម បានបន្តថា ផែនសហគ្រិនវ័យក្មេង មានសមាជិករាប់ម៉ឺននាក់ បានចូលរួមបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ហើយលទ្ធផលនៃការបោះឆ្នោតតំណាងរាស្រ្តឆ្នាំ២០២៣នេះទៀតសោត ក៏ បង្ហាញកាន់តែច្បាស់ពីការស្រឡាញ់ គាំទ្រ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានយន្ត ការ និងចក្ខុវិស័យត្រឹមត្រូវ ច្បាស់លាស់ ដើម្បីបុពហេតុជាតិ ពីសំណាក់ប្រជាពលរដ្ឋរាប់លាននាក់ ទាំងក្នុង និងក្រៅប្រទេស ។ឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោជាស្នូល និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី នឹងកាន់តែកសាង និងអភិវឌ្ឍន៍​ប្រទេសជាតិកាន់តែខ្លាំងថែមទៀត ពិសេសនឹងជួយលើក ​កម្រិតជីវភាពរបស់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ ​និងកាន់តែមានភាពជឿជាក់ ។ឯកឧត្តម បានបន្តថា ការចូលរួមចំណែករបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃសហគ្រិនវ័យ ក្មេង គឺជាសញ្ញាដ៏វិជ្ជមាន នៃការរួបរួមសាមគ្គីក្នុងសង្គមជាតិតែមួយ និងសូមឱ្យម្ចាស់អាជីវកម្ម និងសមា ជិក សមាជិកាទាំងអស់ រួមគ្នាការពារសន្តិភាព និងសេរីភាព ៕អត្ថបទ៖ បាន សុខរិទ្ធិ

សម្ដេច ស ខេង អះអាងថា ក្រោយសម្តេចលាចេញពីតំណែង មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃ បន្ដបំពេញតួនាទីខ្លួនជាធម្មតា

2023/08/14 12:29:20 pm        517
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ​ក្រោយពីសម្ដេច លាចេញពីតំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ​ទៅជាសមាជិកឧត្តមក្រុមប្រឹក្សាផ្ទាល់​ព្រះមហាក្សត្រ គឺ​មន្ដ្រីក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ ​នៅបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បីរួបរួម​គ្នា​បម្រើដល់ប្រទេសជាតិ ​ឲ្យមានការរីកចម្រើនបន្ថែមទៀត​ ដូចអ្វីដែលកំពុងធ្វើសព្វថ្ងៃនេះ។ក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ​និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្តនគរបាល ជូនដល់​និស្សិតជ័យលាភី ​នៅបណ្ឌិត្យភានគរបាលកម្ពុជា ​នាថ្ងៃ១៤ សីហា ​ឆ្នាំ២០២៣នេះ សម្ដេចក្រឡា​ហោម ស ខេង បានលើកឡើងថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានា​ចំណុះក្រសួងមហាផ្ទៃ គឺ​បន្ដការងារជាធម្មតា ហើយរឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេចបន្ថែមថា​ ក្រៅពីនោះ​ មន្ដ្រីនយោបាយ ​មានឋានៈរដ្ឋលេខាធិការ ​អនុរដ្ឋលេធិការ ក៏ត្រូវបន្ដ​ទទួល​នូវភារកិច្ចដែលក្រសួងប្រគល់ជូន ​ព្រោះមានការងារត្រូវធ្វើជាច្រើនបន្តទៀត។សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា​ «សម្រាប់ក្រសួងមហាផ្ទៃ ​គឺមានតែខ្ញុំទេដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកម្មផ្សេងទៀត។ ក្រៅពីនោះអាចថា មន្ដ្រីផ្ទេពីកន្លែងនេះ ពីកន្លែងនោះ វាជា​រឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើន ​ឬក៏ទាំងអស់ ក្រៅពីអ្នកដែលចេញហើយចេញ​តាមរយៈ​បញ្ចប់​អាណត្តិ ដូចខ្ញុំជាដើម ឬក៏អ្នកផ្ទេរចេញទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ ប៉ុន្ដែអ្នកក្រៅពីហ្នឹងគឺបន្ដទៀត ក្នុងក្របខណ្ឌក្រសួងនេះ ។ អីចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថា អគ្គនាយក​ចុះដែលជាស្ថាប័នមុខងារសាធារណៈ នឹងបន្ដធ្វើការងាររបស់ខ្លួន»។ជាមួយគ្នានោះដែរ​សម្ដេចក្រឡាហោម ​សង្ឃឹមថា​ មន្ដ្រីក្រសួងមហាផ្ទៃ ​នឹង​បន្ដបំពេញការងាររបស់​ខ្លួន​បន្ថែមទៀត ដើម្បីឲ្យក្រសួងមានការរីកចម្រើនបន្ដទៀត ​ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជន​កម្ពុជា ពិសេស ក្នុងវិស័យដែលក្រសួងទទួលខុសត្រូវ។នាឱកាសនោះ សម្ដេច ស ខេង បានលើកឡើងដែរថា ​នៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាលទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ​ក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់​ព្រះមហាក្សត្រ។ បន្ទាប់ពីនោះ នៅថ្ងៃទី២២ សីហា រាជរដ្ឋាភិបាលថ្មី នឹងត្រូវបានបង្កើតឡើង​តាមរយៈ ការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា ដូច្នេះចាប់ពីថ្ងៃរសៀលថ្ងៃទី២២ សីហា ឆ្នាំ២០២៣​តទៅ ក្រោយ​ស្បថ​ចូលកាន់តំណែង​ រាជរដ្ឋាភិបាលថ្មីរួច​ រាជរដ្ឋាភិបាលថ្មី នឹង​បន្ដការងារពីរាជរដ្ឋាភិបាលចាស់៕អត្ថបទ៖ បានចក់

ក្រុមសកម្មប្រយុទ្ធវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាន ដែលអមដំណើរជនជាតិចិន

2023/08/14 12:26:54 pm        250
ប៉ាគីស្ថាន៖ យោធាប៉ាគីស្ថាន និងប្រភពសន្តិសុខមួយបាននិយាយថា ក្រុមសកម្មប្រយុទ្ធបានវាយប្រហារក្បួនរថយន្តយោធាប៉ាគីស្ថាន នៅជិតកំពង់ផែយុទ្ធសាស្ត្រភាគនិរតីនៃទីក្រុង Gwadar កាលពីថ្ងៃអាទិត្យ (១៣ សីហា) ខណៈដែលក្បួននោះកំពុងអមដំណើរគណៈប្រតិភូជនជាតិចិន ទៅកាន់គម្រោងសាងសង់មួយ។ប្រទេសចិន បានវិនិយោគយ៉ាងច្រើននៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ខ្លួននៅក្នុងខេត្តសម្បូររ៉ែ បាឡូជីស្ថាន (Balochistan) រួមទាំងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅទីក្រុង Gwadar របស់ប្រទេសប៉ាគីស្ថាន ទោះបីជាមានការបះបោរផ្តាច់ខ្លួនជាច្រើនទសវត្សរ៍នៅក្នុងតំបន់នោះក៏ដោយ។បណ្ដាញទំនាក់ទំនងសាធារណៈរបស់យោធាប៉ាគីស្ថាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមភេរវករបានប្រើអាវុធធុនតូច និងគ្រាប់បែកដៃក្នុងអំឡុងពេលធ្វើសកម្មភាព" ដោយបន្ថែមថា សកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ ហើយមិនមានគ្រោះថ្នាក់ណាមួយដល់បុគ្គលិកយោធា ឬជនស៊ីវិលឡើយ។ស្ថានកុងស៊ុលរបស់ចិននៅទីក្រុង Karachi ភាគខាងត្បូងប្រទេសប៉ាគីស្ថាន បានថ្កោលទោសការវាយប្រហារនេះ ដោយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មិនមានអ្នករងរបួសក្នុងចំណោមពលរដ្ឋរបស់ខ្លួននៅលើក្បួននោះទេ។ មន្ត្រីសន្តិសុខប៉ាគីស្ថានម្នាក់ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា អ្នកវាយប្រហារ២នាក់បានស្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង ដោយពុំមានអ្នករបួសណាមួយនៅក្នុងក្បួនទេ។ ប្រភពនោះបាននិយាយថា ការវាយប្រហារបានផ្តោតលើអ្នកដំណើរជនជាតិចិន ដែលធ្វើដំណើរពីអាកាសយានដ្ឋានទីក្រុង Gwadar ឆ្ពោះទៅការដ្ឋានសំណង់ក្នុងតំបន់កំពង់ផែនោះ៕

គណៈប្រតិភូនីហ្សេរីយ៉ា៖ របបសឹកនីហ្សេ បើកចំហចំពោះដំណោះស្រាយការទូត

2023/08/14 12:24:11 pm        241
នីហ្សេរីយ៉ា៖ ក្រុមអ្នកប្រាជ្ញអ៊ីស្លាមជាន់ខ្ពស់របស់នីហ្សេរីយ៉ា បាននិយាយកាលពីថ្ងៃអាទិត្យបន្ទាប់ពីកិច្ចប្រជុំជាមួយរបបសឹកនីហ្សេ ក្នុងរដ្ឋធានី នីញ៉ាមេ ថា ក្រុមមេដឹកនាំរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ បើកចំហចំពោះការទូតដើម្បីដោះស្រាយការប្រឈមមុខដាក់គ្នាជាមួយប្លុកក្នុងតំបន់របស់អាហ្រ្វិកខាងលិច។ដំណើរទស្សនកិច្ចរបស់ពួកគេធ្វើឡើងនៅពេលដែលសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច (ECOWAS) កំពុងព្យាយាមស្វែងរកជម្រើសរបស់ខ្លួនក្នុងការស្តារការគ្រប់គ្រងស៊ីវិលនៅក្នុងប្រទេសនីហ្សេ ឡើងវិញ រួមទាំងអន្តរាគមន៍យោធាដ៏មានសក្តានុពល បន្ទាប់ពីការទម្លាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum កាលពីថ្ងៃទី២៦ ខែកក្កដា ដែលជារដ្ឋប្រហារលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមកនេះ។ខណៈដែលប្លុកនៅតែជំរុញឱ្យមានដំណោះស្រាយដោយសន្តិវិធី ប្រធានប្លុក ECOWAS និងជាប្រធានាធិបតីនីហ្សេរីយ៉ា លោក Bola Tinubu បានយល់ព្រមលើបេសកកម្មកាលពីថ្ងៃសៅរ៍ទៅកាន់រដ្ឋធានី នីញ៉ាមេ ដោយគណៈប្រតិភូអ្នកប្រាជ្ញឥស្លាម ដែលបានប្តេជ្ញាលើកកម្ពស់ការសន្ទនាជាមួយរបបសឹកនីហ្សេ។ លោក Sheikh Abdullahi Bala Lau ដែលដឹកនាំគណៈប្រតិភូបាននិយាយថា កិច្ចប្រជុំរបស់ក្រុមនេះជាមួយមេដឹកនាំរបបសឹក លោកឧត្តមសេនីយ Abdourahamane Tiani គឺមានរយៈពេលជាច្រើនម៉ោង។ការបដិសេធពីមុនរបស់បណ្ដាមេដឹកនាំរដ្ឋប្រហារចំពោះកិច្ចខិតខំប្រឹងប្រែងការទូតដោយប្លុក ECOWAS សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត បានបង្កើនទិដ្ឋភាពនៃជម្លោះបន្ថែមទៀតនៅក្នុងប្រទេសនៃតំបន់Sahel ដ៏ក្រីក្ររបស់អាហ្វ្រិកខាងលិច ដែលកំពុងដោះស្រាយជាមួយការបះបោរអ៊ីស្លាមជ្រុលនិយមមួយនេះ៕

តម្រូវការឧបករណ៍ផ្ដល់ភាពត្រជាក់បានហក់ឡើងយ៉ាងខ្លាំងនៅប្រទេសហ៊្សកដានី ខណៈសីតុណ្ហភាពកើនឡើង

2023/08/14 12:21:39 pm        209
ហ្ស៊កដានី៖ សីតុណ្ហភាពខ្ពស់ជាបន្តបន្ទាប់ក្នុងប្រទេសហ្ស៊កដានី ពីខែកក្កដា និងរហូតដល់ខែសីហា បាននាំឱ្យមានការកើនឡើងនៃតម្រូវការឧបករណ៍ផ្ដល់ភាពត្រជាក់ នេះបើយោងតាមអ្នកគ្រប់គ្រងម្នាក់នៅហាងអេឡិចត្រូនិចនៅរដ្ឋធានី Amman (អាម៉ង់)។ អ្នកគ្រប់គ្រងផ្នែកដឹកជញ្ជូននៅក្រុមហ៊ុន Smart Buy លោក Soqrat Karaja បាននិយាយថា ហាងនេះបានលក់ម៉ាស៊ីនត្រជាក់ចន្លោះពី ១៥០គ្រឿង ទៅ ១៧០គ្រឿងកាលពីចុងសប្តាហ៍មុន ដោយបន្ថែមថាកាលពីខែមុន ហាងនេះបានលក់ម៉ាស៊ីនត្រជាក់ច្រើនគ្រឿងបំផុត ដែលមិនធ្លាប់មានពីមុនមក។អ្នកគ្រប់គ្រងនោះនិយាយថា «កំណើនអត្រាលក់កាលពីខែមុន គឺដោយសារសីតុណ្ហភាពខ្ពស់ដែលកំពុងបន្ត ហើយវាមានអត្រាស្មើនឹងការលក់រយៈពេលមួយឬពីរឆ្នាំ។ នេះជាលើកទីមួយហើយដែលការលក់មានកំណើនយ៉ាងខ្លាំងបែបនេះ ដោយសារសីតុណ្ហភាពឡើងដល់កម្រិតខ្ពស់»។ស្ថាបនិកនៃទីភ្នាក់ងារព្យាករណ៍អាកាសធាតុឯកជន Arabiaweather លោក Mohammed Al-Shaker បាននិយាយថា សីតុណ្ហភាពដ៏ខ្ពស់ដែលកំពុងបន្តនេះ មានផលប៉ះពាល់ផ្ទាល់ទៅលើការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្នុងរដូវក្តៅ ដោយមនុស្សជាច្រើនបានកែប្រែកាលវិភាគចេញទៅក្រៅរបស់ពួកគេ ដើម្បីជៀសវាងផលប៉ះពាល់ពីកម្ដៅថ្ងៃ។លោក Al-Shaker បាននិយាយថា បណ្ដាប្រទេសភាគខាងកើតមេឌីទែរ៉ានេ រួមទាំងប្រទេសហ្ស៊កដានីកំពុងទទួលរងនូវលក្ខខណ្ឌអាកាសធាតុក្តៅខ្លាំង ដែលនឹងនាំឱ្យមានកំណើនសីតុណ្ហភាពនៅក្នុងប្រទេសហ្ស៊កដានី រវាងថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទនេះ ជាមួយនឹងកម្រិតសីតុណ្ហភាពដែលបានព្យាករណ៍ថានឹងឡើងដល់ជាង៤០អង្សាសេ៕

ការកាត់ផ្តាច់ចរន្តអគ្គិសនីកាន់តែអាក្រក់ឡើងនៅប្រទេសនីហ្សេ បន្ទាប់ពីការដាក់ទណ្ឌកម្មពីប្លុក ECOWAS

2023/08/14 12:18:15 pm        211
នីហ្សេ៖ ប្រជាជនក្នុងប្រទេសនីហ្សេ កំពុងទទួលផលប៉ះពាល់ពីទណ្ឌកម្មដែលដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្រ្វិកខាងលិច (ECOWAS) ក្នុងការឆ្លើយតបទៅនឹងរដ្ឋប្រហារយោធានៅក្នុងប្រទេស ដែលបណ្តាលឱ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេលយូរ។ជាងមួយសប្តាហ៍មុន មេដឹកនាំនៃប្លុក ECOWAS ជាប្លុកតំបន់ ដែលមានសមាជិក១៥ប្រទេស ព្រមទាំងសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្វ្រិកខាងលិច (UEMOA) បានសម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងហិរញ្ញវត្ថុដល់ប្រទេសនីហ្សេ ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរអំណាចមិនស្របតាមរដ្ឋធម្មនុញ្ញ។ទណ្ឌកម្ម បានធ្វើឱ្យប្រទេសគ្មានព្រំដែនសមុទ្រមួយនេះ ទទួលបានការផ្គត់ផ្គង់ថាមពលតិចតួច ខណៈដែលប្រទេសនីហ្សេរីយ៉ា ដែលមានការផ្គត់ផ្គង់អគ្គិសនីមានចំនួន៧០ភាគរយនៃអគ្គិសនីរបស់ប្រទេសនីហ្សេ បានកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់ប្រទេសនេះ ស្របតាមទណ្ឌកម្មរបស់ប្លុក ECOWAS។នៅក្នុងរដ្ឋធានី នីញ៉ាមេ របស់ប្រទេសនីហ្សេ និងទីក្រុងជាច្រើនផ្សេងទៀត ប្រជាជនកំពុងជួបការលំបាកក្នុងការទប់ទល់នឹងការដាច់ចរន្តអគ្គិសនីជាបន្តបន្ទាប់ និងយូរអង្វែង ហើយផ្លូវ និងតំបន់លំនៅឋាននានាកំពុងព្យាយាមសម្របខ្លួននឹងការធ្លាក់ចូលទៅក្នុងភាពងងឹតអស់ជាច្រើនម៉ោង។រដ្ឋប្រហារលើកទី៧ នៅអាហ្វ្រិកខាងលិច និងកណ្តាលក្នុងរយៈពេលបីឆ្នាំមួយនេះ ទទួលបានការថ្កោលទោសពីបណ្តាប្រទេសជាច្រើននៅទ្វីបអាហ្រ្វិក ដែលចាត់ទុកការផ្លាស់ប្តូរអំណាចដោយអធម្មនុញ្ញថា ជាការគំរាមកំហែងដល់ស្ថិរភាព និងការអភិវឌ្ឍន៍នៅលើទ្វីបទាំងមូល៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាមេរិកវាយប្រហារកោះ Qeshm របស់អ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់បាញ់មីស៊ីលទៅលើកូវ៉ែត និងបារ៉ែន​
06/03/2026 09:06 AM
អ៊ីរ៉ង់ កំពុងសិក្សាកិច្ចព្រមព្រៀងផ្អាកសង្គ្រាម ខណៈភាពជាប់គាំងនៅតែបន្ត
06/03/2026 08:06 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រីនៃមន្ទីរអង្គភាពនានាជុំវិញខេត្តកំពង់ធំ
06/03/2026 07:06 AM
UNICEF ៖ សង្រ្គាមអ៊ីរ៉ង់គំរាមកំហែងដល់ការចែកចាយគ្រឿងផ្គត់ផ្គង់សង្រ្គោះជីវិតកុមារ
06/02/2026 08:06 PM
ក្រុមហ៊ុន Moderna និងក្រុមហ៊ុនផ្សេងទៀត ទទួលបានប្រាក់ ៦០លានដុល្លារ ដើម្បីផលិតវ៉ាក់សាំងបង្ការជំងឺអេបូឡា
06/02/2026 08:06 PM
កូដកម្មរថភ្លើងក្រោមដីធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរនៅទីក្រុងឡុងដ្រ៍ ចក្រភពអង់គ្លេស
06/02/2026 08:06 PM
របាយការណ៍៖ EU ពិចារណាដាក់ទណ្ឌកម្មរដ្ឋមន្ត្រីអ៊ីស្រាអែល ជុំវិញ​​ការប្រព្រឹត្តិ ចំពោះ​នាវាមនុស្ស​ធម៌ឆ្ពោះ​ទៅ​ហ្កាហ្សា
06/02/2026 08:06 PM
WHO៖ ករណីសង្ស័យជំងឺ Ebola ធ្លាក់ចុះ ក្រោយ​មនុស្សរាប់រយនាក់​ត្រូវបាន​ដក​ចេញ
06/02/2026 08:06 PM
ប្រធានគ្លីនិករងការខូចខាតដោយសារការវាយប្រហាររុស្ស៊ីនិយាយថា ទីក្រុងមូស្គូ មិនចង់បញ្ចប់សង្រ្គាមនោះទេ
06/02/2026 08:06 PM
អគ្គិភ័យដ៏ធំមួយ បានឆាបឆេះផ្សារមួយកន្លែងស្ថិតក្នុងទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី
06/02/2026 07:06 PM