ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្ដម សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជារៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាព

2023/08/08 12:39:52 pm        707
ភ្នំពេញ៖ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា​បានរៀបចំគណៈរដ្ឋមន្រ្តីថ្មី ប្រកបដោយសមត្ថភាពខ្ពស់ក្នុងការដឹកនាំប្រទេសកម្ពុជា ក្នុងអាណត្តិទី៧នេះ ខណៈឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែ ជានាយករដ្ឋមន្រ្ដីថ្មីរួម នឹងសមាសភាពថ្នាក់ដឹកនាំវ័យក្មេងចេញពីគណបក្សប្រជាជនជាច្រើនរូបទៀត។បន្ទាប់ពីព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យបង្គាប់​ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ​សម្រាប់អាណ្ណត្តិទី៧ ឯកឧត្តម សុខ ឥសាន ​បានប្រាប់ BTV News ឲ្យដឹងនៅ​ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះថា ដើម្បីឆ្ពោះទៅរកការរៀបចំរាជរដ្ឋាភិបាល ​នីតិកាលទី៧ ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា មកដល់ពេលនេះ​ការរៀបចំសមាសភាព​គណៈរដ្ឋមន្រ្តី​បានត្រៀមលក្ខណៈគ្រប់គ្រាន់ ​និងរង់ចាំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភាតែប៉ុណ្ណោះ។ ឯកឧត្តម បញ្ជាក់ថា ​ចំពោះគណៈរដ្ឋមន្រ្តីថ្មីសម្រាប់នីតិកាលទី៧ ​គឺជាសមាសភាពថ្មី ដែលមាន​សមត្ថភាព និងធានាការអនុវត្តកម្មវិធីនយោបាយរបស់​គណបក្សប្រជាជន​កម្ពុជា​ឲ្យប្រែក្លាយ​ជា​សមិទ្ធផល​ជាក់ស្តែងសម្រាប់ជាប្រយោជន៍​ជូន​សង្គមជាតិ និងប្រជាជន។ សូមជម្រាបថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំលើក១ ​និងលើកដំបូង នាថ្ងៃទី២១​ និងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជវត្តមានដ៏​ខ្ពង់ខ្ពស់​បំផុតរបស់ព្រះ​ករុណា ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយសមាជិក​ សមាជិកាសភាសរុប១២៥រូប ​ដើម្បី​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​លើការរៀបចំ​រាជរដ្ឋាភិបាល នីតិកាលទី៧៕ អត្ថបទ សេក ឧត្តម

យ៉ាងហោចណាស់មនុស្ស១៦នាក់ស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកជនអន្តោប្រវេសន៍នៅអាហ្វ្រិកខាងជើង

2023/08/08 12:34:22 pm        286
ទុយនីស៊ី៖មនុស្សយ៉ាងហោចណាស់១៦នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុលិចទូកនៅប្រទេសទុយនីស៊ី និងតំបន់សាហារ៉ាភាគខាងលិច ខណៈប្រទេសអាហ្វ្រិកខាងជើងមួយនេះ ប្រឈមការកើនឡើងការឆ្លងកាត់សមុទ្រធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាចំណុចពិសេសនៃច្រកទ្វារសំខាន់សម្រាប់ជនភៀសខ្លួន ជាចម្បងមកពីតំបន់ផ្សេងៗនៃទ្វីបអាហ្វ្រិក ដែលប៉ុនប៉ងធ្វើដំណើរតាមផ្លូវទឹកប្រកបដោយគ្រោះថ្នាក់ ក្នុងក្តីសង្ឃឹមសម្រាប់ជីវិតកាន់តែប្រសើរ។ ចំនួនអ្នកស្លាប់ពីការលិចទូកកាលពីថ្ងៃអាទិត្យនៅប្រទេសទុយនីស៊ី បានកើនឡើងដល់១១នាក់ បន្ទាប់ពីសាកសពន្ថែមទៀតត្រូវបានរកឃើញ។ អាជ្ញាធរនិយាយថា មនុស្ស២នាក់ ត្រូវបានជួយសង្គ្រោះក្នុងចំណោម៥៧នាក់នៅលើទូក ដែលទាំងអស់នេះមកពីប្រទេសអាហ្វ្រិកអនុតំបន់សាហារ៉ា ហើយអាជ្ញាធរបានបន្តស្វែងរកអ្នកកំពុងបាត់ខ្លួន។ អ្នករួចផុតពីស្លាប់ពីការលិចទូកដែលបានរាយការណ៍ចុងក្រោយនៅជិតកោះ Kerkennah ប្រទេសទុយនីស៊ី នៅសមុទ្រម៉េឌីទែរ៉ាណេ បាននិយាយថា ទូកបណ្តោះអាសន្នរបស់ពួកគេ បានចេញដំណើរកាលពីចុងសប្តាហ៍ ពីឆ្នេរភាគខាងជើងទីក្រុង Sfax មានផ្ទុកមនុស្ស៥៧នាក់នៅលើទូក។ក្នុងឧបទ្ទវហេតុដាច់ដោយឡែកមួយទៀត អាជ្ញាធរនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃចន្ទបាននិយាយថា សាកសព៥នាក់ ទាំងអស់នេះមកពីប្រទេសសេណេហ្គាល់ ត្រូវបានរកឃើញ ហើយ១៨៩នាក់ ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីទូកមួយគ្រឿងបានក្រឡាប់នៅតំបន់សាហារ៉ាភាគខាងលិច៕

ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំ

2023/08/08 12:32:03 pm        401
ប៉ាគីស្ថាន៖ក្រុមមេធាវីរបស់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan នៅថ្ងៃអង្គារ (៨ សីហា)នេះ គ្រោងនឹងដាក់សំណើសុំនៅក្រៅឃុំសម្រាប់រូបលោក ខណៈរូបលោកកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ដែលមានអាយុកាលមួយសតវត្ស នៅពេលចាប់ផ្តើមការជាប់ពន្ធនាគាររយៈពេលបីឆ្នាំពីបទប្រព្រឹត្តអំពើពុករលួយ។អតីតកីឡាករវាយគ្រីឃីតអន្តរជាតិរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីត្រូវបានរកឃើញថាមានពិរុទ្ធភាពនៅក្នុងសំណុំរឿងជាង២០០ករណី ដែលលោកបានប្រឈមមុខ ចាប់តាំងពីត្រូវបានបណ្តេញចេញពីតំណែង ក្នុងការបោះឆ្នោតសកលកាលពីខែមេសា ឆ្នាំ២០២២មក។ការជាប់ពន្ធនាគារបានហាមឃាត់រូបលោកមិនឱ្យចូលរួមការបោះឆ្នោតខាងមុខ។ លោក Khan កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារសម័យអាណានិគមមួយនៅជាយក្រុងប្រវត្តិសាស្ត្រ Attock ចម្ងាយប្រហែល៦០គីឡូម៉ែត្រភាគខាងលិចរដ្ឋធានី Islamabad។ អ្នកនាំពាក្យរបស់លោក Khan ឈ្មោះ Raoof Hasan បានប្រាប់សារព័ត៌មាន AFP ថា ក្រុមមេធាវីរបស់លោក Khan នឹងដាក់ពាក្យសុំនៅក្រៅឃុំនៅថ្ងៃអង្គារនេះនៅតុលាការជាន់ខ្ពស់រដ្ឋធានី Islamabad បន្ទាប់ពីបានទៅសួរសុខទុក្ខលោកនៅក្នុងពន្ធនាគារដើម្បីទទួលបានអំណាចមេធាវីពីលោក៕

ប្រទេសអេស្ប៉ាញ ត្រៀមទប់ទល់រលកកម្ដៅលើកទីបីនៃរដូវក្តៅ

2023/08/08 12:27:02 pm        311
អេស្ប៉ាញ៖ កាលពីថ្ងៃចន្ទ ប្រទេសអេស្ប៉ាញ បានត្រៀមទប់ទល់ថ្ងៃដំបូងនៃរលកកម្ដៅរយៈពេលមួយសប្តាហ៍ដែលក្រុមអ្នកឧតុនិយមរំពឹងថា នឹងជំរុញទែរម៉ូម៉ែត្រលើសពីកម្រិត៤៤អង្សាសេ (១១១ហ្វារិនហៃ) នៅក្នុងផ្នែកខ្លះនៃឧបទ្វីប Iberian ព្រមទាំងបង្កើនហានិភ័យនៃចំហេះព្រៃផងដែរ។អឺរ៉ុបខាងត្បូងកំពុងប្រឈមមុខនឹងសីតុណ្ហភាពដ៏ខ្ពស់បំផុតក្នុងរដូវកាលទេសចរណ៍នៃរដូវក្តៅនេះ ដែលជំរុញឱ្យក្រុមអាជ្ញាធរព្រមានអំពីហានិភ័យសុខភាព។ ក្រុមអ្នកវិទ្យាសាស្ត្រនិយាយថា រលកកម្តៅកាន់តែញឹកញាប់ កាន់តែខ្លាំង និងរាលដាលពេញមួយរដូវ ដោយសារតែបម្រែបម្រួលអាកាសធាតុ។លោក Ruben del Campo នៃទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ AEMET បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា កត្តាដែលបណ្តាលឱ្យមានរលកកម្ដៅចុងក្រោយបំផុតគឺបរិយាកាសនៅនឹង ដែលបណ្តាលឲ្យមេឃគ្មានពពក ព្រមទាំងការមកដល់នៃម៉ាស់ខ្យល់ក្តៅ និងស្ងួតពីអាហ្វ្រិកខាងជើង ។លោកបានបន្ថែមថា ការរួមបញ្ចូលគ្នានៃសីតុណ្ហភាពក្តៅខ្លាំង និងសំណើមទាប បានធ្វើឱ្យទឹកនៅក្នុងអាងស្តុកទឹកហួតក្នុងអត្រាលឿនជាងមុន ខណៈការប្រើប្រាស់ក៏កំពុងកើនឡើងផងដែរ ធ្វើឲ្យផលប៉ះពាល់នៃគ្រោះរាំងស្ងួតកាន់តែអាក្រក់ទៅៗ ដែលអូសបន្លាយរយៈពេលយូរទៅលើប្រទេសអេស្ប៉ាញ៕

ចំហេះព្រៃជិត១០០កន្លែង កំពុងឆាបឆេះពាសពេញសាធារណរដ្ឋសាក់ខា នៃប្រទេសរុស្ស៊ី

2023/08/08 12:24:39 pm        261
រុស្ស៊ី៖ ទីភ្នាក់ងារសាក់ខាក្នុងតំបន់នៃក្រសួងសង្គ្រោះបន្ទាន់រុស្ស៊ីបាននិយាយកាលពីថ្ងៃចន្ទថា ចំហេះព្រៃជិត១០០កន្លែង កំពុងឆាបឆេះនៅក្នុងសាធារណរដ្ឋចុងបូព៌ា សាក់ខា (Sakha) របស់ប្រទេសរុស្ស៊ី។ ក្រុមអាជ្ញាធរបាននិយាយថា ចំហេះព្រៃចំនួន៩៨ករណី បានឆាបឆេះលើផ្ទៃដីសរុបចំនួន១២៥.៦០០ហិចតា ដែលជាទំហំប្រហែលពាក់កណ្តាលនៃប្រទេសលុចសំបួ។ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានបន្ថែមថា ពួកគេកំពុងបន្តតាមដានផ្សែងពីចំហេះនោះ ខណៈដែលទីប្រជុំលំនៅឋានជាច្រើននៅទូទាំងតំបន់ត្រូវបានគេរាយការណ៍ថា បានគ្របដណ្តប់ដោយផ្សែង។ ចំហេះព្រៃនៅរដូវក្តៅ កើតឡើងប្រចាំឆ្នាំក្នុងសាធារណរដ្ឋសាក់ខា ជាតំបន់ធំបំផុត និងត្រជាក់បំផុតរបស់រុស្ស៊ី។ ប៉ុន្តែព្រឹត្តិការណ៍ទាំងនេះកាន់តែធ្ងន់ធ្ងរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតំបន់អាក់ទិករបស់រុស្ស៊ី ឡើងកម្តៅលឿនជាងមធ្យមភាគពិភពលោកចំនួនពីរដង។លោក Grigory Kuksin អ្នកជំនាញការពារចំហេះព្រៃឯករាជ្យបានប្រាប់សារព័ត៌មាន The Moscow Times ថា ស្ថានភាពនៅសាធារណរដ្ឋសាក់ខាឆ្នាំនេះអាក្រក់ណាស់ ហើយក្រុមអាជ្ញាធរមិនតម្រូវឱ្យចាត់វិធានការប្រឆាំងនឹងការរីករាលដាលបន្ថែមទៀតរបស់ចំហេះទាំងនេះឡើយ។ចាប់តាំងពីដើមរដូវកាលចំហេះព្រៃឆ្នាំនេះមក ចំហេះព្រៃជាង៧០០ករណី ត្រូវបានចុះបញ្ជីនៅក្នុងសាធារណរដ្ឋសាក់ខា ដែលប៉ះពាល់ដល់ផ្ទៃដីសរុប១,២លានហិចតា នេះបើយោងតាមទីភ្នាក់ងារការពារចំហេះព្រៃ ដែលជាសាខានៃទីភ្នាក់ងារព្រៃឈើសហព័ន្ធរបស់ប្រទេសរុស្ស៊ី៕

ប៉ូឡូញនិយាយថា បេឡារុស និងរុស្ស៊ីកំពុងរៀបចំលំហូរជនអន្តោប្រវេសន៍ថ្មី

2023/08/08 12:06:54 pm        130
ប៉ូឡូញ៖ រដ្ឋាភិបាលប៉ូឡូញកាលពីថ្ងៃចន្ទ បានចោទប្រកាន់ប្រទេសបេឡារុស និងរុស្ស៊ីពីបទរៀបចំលំហូរជនអន្តោប្រវេសន៍មួយផ្សេងទៀតចូលទៅក្នុងសហភាពអឺរ៉ុប តាមព្រំដែនប៉ូឡូញក្នុងគោលបំណងធ្វើឲ្យតំបន់មានអស្ថិរភាព។អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ូឡូញ លោក ម៉ាស៊ី វ៉ាស៊ីក (Maciej Wasik) បានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«យើងកំពុងនិយាយអំពីប្រតិបត្តិការដែលរៀបចំឡើងដោយសេវាកម្មសម្ងាត់របស់ប្រទេសរុស្ស៊ី និងបេឡារុសដែលកំពុងមានភាពតានតឹងកាន់តែខ្លាំងឡើង»។លោក តូម៉ាស ប្រាហ្គា (Tomasz Praga) ប្រធានឆ្មាំត្បាតព្រំដែនប៉ូឡូញ បានបន្ថែមថា សេវាបេឡារុស ក្លាយទៅជា«ក្រុមឧក្រិដ្ឋជនដែលគ្រប់គ្រងការធ្វើទេសន្តរប្រវេសន៍ខុស   ច្បាប់។លោកបានថ្លែងប្រាប់អ្នកយកព័ត៌មានថា៖«ពិតណាស់ ពួកគេកំពុងរកប្រាក់ចំណេញយ៉ាងច្រើនពីការធ្វើទេសន្តរប្រវេសន៍នេះ។ក្នុងអំឡុងពេលវិបត្តិព្រំដែនពីមុន ចាប់ផ្តើមនៅរដូវក្តៅឆ្នាំ ២០២១ ជនអន្តោប្រវេសន៍ និងជនភៀសខ្លួនរាប់ម៉ឺននាក់ ដែលភាគច្រើនមកពីមជ្ឈិមបូព៌ា បានឆ្លង ឬប៉ុនប៉ងឆ្លងចូលទៅក្នុងប្រទេសប៉ូឡូញពីប្រទេសបេឡារុសជិតខាង៕

ព្យុះខិតជិតមកដល់បានបិទការិយាល័យនៅអាមេរិក ហើយមនុស្សរាប់លាននាក់តាមដានព្យុះកួច

2023/08/08 12:03:58 pm        242
អាមេរិក៖ នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ការិយាល័យរដ្ឋាភិបាលសហរដ្ឋអាមេរិកបានបិទកាលពីព្រឹកថ្ងៃចន្ទ ដោយសារតែព្យុះរន្ទះកំពុងខិតជិតមកដល់ ខណៈពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិក ភាគខាងកើត ត្រូវបានព្រមានពីព្យុះកួចកំណាចដែលអាចកើតមាន ដូចជាខ្យល់បង្កមហន្តរាយ និងដុំព្រិលធំៗនៅមុនពេលបំណាច់ថ្ងៃ។ ការិយាល័យសេវាអាកាសធាតុជាតិ បាននិយាយថា មនុស្សជាង២៩,៥លាននាក់ រស់នៅក្នុងតំបន់មួយចាប់ពីរដ្ឋអាឡាបាម៉ារហូតដល់ រដ្ឋញូវយ៉កភាគខាងលិច ជាកន្លែងដែលមានហានីភ័យព្យុះកួចកំណាចនៅមុនម៉ោង១១យប់ ម៉ោងក្នុងតំបន់។ ការិយាល័យសេវាអាកាសធាតុជាតិ បាននិយាយថា ហានីភ័យធំបំផុតគឺនៅក្នុងតំបន់ភាគកណ្តាលនៃសមុទ្រអាត្លង់ទិក រួមមានទីក្រុងវ៉ាស៊ីនតោនD.C។ កន្លែងមួយចំនួនអាចមើលឃើញខ្យល់មានល្បឿនលើសពី១២១គីឡូម៉ែត្រក្នុងមួយម៉ោង និងមានធ្លាក់ព្រិលធំជាងគ្រាប់កូនហ្គោល។ យោងតាមគេហទំព័រតាមដាន PowerOutage.us. បានឲ្យដឹងថា ពលរដ្ឋជាង៨០០.០០០នាក់ គ្មានអគ្គិសនីប្រើប្រាស់នៅរដ្ឋភាគកណ្តាលអាត្លង់ទិក និងភាគខាងត្បូង។រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បានចេញបញ្ជាដល់ជើងយន្តហោះដែលចេញដំណើរ ចូលចតនៅអាកាសយានដ្ឋានក្នុងទីក្រុងញូវយ៉ក វ៉ាស៊ីនតោន ហ្វីឡាដែលហ្វីយ៉ា អាត្លង់តា និងទីក្រុងបាល់ទីម័រ ដោយសារតែព្យុះភ្លៀង។ រដ្ឋបាលអាកាសចរណ៍សហព័ន្ធនិយាយថា ខ្លួនកំពុងផ្លាស់ប្តូរផ្លូវយន្តហោះ នៅជុំវិញព្យុះតាមដែលអាចធ្វើទៅបាន។ បណ្ណាល័យ សារមន្ទីរ ឧទ្យានជាតិ អាងហែលទឹក និងសេវាសហព័ន្ធនិងក្រុងដ៏ទៃទៀត នៅក្នុងតំបន់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានបិទ។ គេហទំព័រ FlightAware ជាគេហទំព័រតាមដានជើងហោះហើរ បាននិយាយថា ជើងហោះហើរសហរដ្ឋអាមេរិក ជាង២.៣០០ជើង ត្រូវបានលុបចោល រួមទាំង៩៥ជើង នៅអាកាសយានដ្ឋានជាតិ Washington Reagan៕

ឯកឧត្តម គីម រិទ្ធី៖ ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាម តែមួយគត់ដែលអាចផ្តល់ ឈាមប្រកបដោយចីរភាព

2023/08/08 12:01:46 pm        284
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មានប្រសាសន៍ថា ការផ្តល់ឈាមដោយស្ម័គ្រចិត្តជាប្រភពឈាម តែមួយគត់ដែលអាចផ្តល់ ឈាមប្រកបដោយចីរភាព ដើម្បីផ្គត់ផ្គង់ដល់មន្ទីរពេទ្យខេត្តព្រះវិហារយើង ក្នុងការយកទៅជួយ សង្គ្រោះអាយុជីវិត​ជនរងគ្រោះទូទៅ ដែលបណ្តាលមកពីកត្តាផ្សេងៗជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។ថ្លែងក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្រោមប្រធានបទ ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ នាព្រឹកថ្ងៃទី ០៧ខែសីហា ម្សិលមិញនេះ នៅក្នុងបរិវេណសាលាស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីព្រះសង្ឃ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា ​និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។នាឱកាសនោះ ឯកឧត្ដម គីម រិទ្ធី បាន សម្តែងនូវក្តីរីករាយសប្បាយចិត្ត នឹងថ្លែងអំណរគុណ​ចំពោះវត្តមាន របស់បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការ​បរិច្ចាគឈាម​នាពេលនេះ ​ដែលនេះគឺជាផ្នែក ​មួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោម​ពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។ឯកឧត្តមក៏បានលើកឡើង អំពីអត្ថប្រយោជន៍របស់បងប្អូន ដែលជាអ្នកបរិច្ចាគឈាម ផងដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង​ និងជម្ងឺផ្សេងៗជាច្រើនទៀត ហើយក៏ ទទួល​បាននូវការសរសើរ ​និងមានឈ្មោះថាជាអ្នកជួយសង្គ្រោះជីវិតមនុស្ស ​ជាពិសេសទៅ ទៀតនោះ គឺអ្នកដែលបានផ្ដល់ឈាម​ និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុមគ្រួសារខ្លួន ត្រូវការ​ឈាមបន្ទាន់ ។តាមការបញ្ជាក់ពីពេទ្យជំនាញ បានអះអាងថា ការអ្នកបរិច្ចាគឈាម​ គឺទទួលបានការ ពិនិត្យ​សុខភាព និងវិភាគឈាមដោយឥតគិតថ្លៃ ​ហើយលក្ខខណ្ឌនៃការផ្តល់ឈាម ​គឺត្រូវមាន​ អាយុចាប់ពី ១៨ឆ្នាំដល់ ៥៥ឆ្នាំ ​មានទម្ងន់តិចបំផុត ​៤៥គីឡូក្រាម ​ក្នុងនោះចំពោះស្ត្រីអាច ផ្តល់ឈាម​បានក្នុងរយៈពេល ៤ខែម្តង ​ចំណែកឯបុរសអាច​ផ្តល់​ឈាម​បាន​ ក្នុងរយៈពេល ៣ខែ ម្តង។សូមបញ្ជាក់ថា ​ឈាមដែលទទួលបានពីការបរិច្ចាគដោយស្ម័គ្រចិត្តរបស់បងប្អូន ​នាពេល នេះសរុបចំនួន ​៩៤នាក់ ​ក្នុងចំណោមអ្នកចូលរួមសរុប​ ១១៦នាក់ ៕ 

ក្រុមកាយរិទ្ធិ៍ត្រៀមចាកចេញពីទីតាំងបោះជំរំនៅកូរ៉េខាងត្បូងមុនព្យុះទីហ្វុងមកដល់

2023/08/08 12:01:26 pm        237
កូរ៉េខាងត្បូង៖ ក្រុមកាយរិទ្ធិ៍ ត្រូវបានគេឃើញកំពុងរៀបចំសម្រាប់ការជម្លៀសខ្លួនពីទីតាំងបោះជំរំក្នុងពិធីជួបជុំក្រុមកាយរិទ្ធិ៍ពិភពលោក នៅក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃអង្គារនេះ មុនពេលការខិតចូលជិតមកដល់នៃព្យុះទីហ្វុង។អ្នករៀបចំនិយាយកាលពីថ្ងៃចន្ទថា មនុស្សរាប់ម៉ឺននាក់ នឹងចាកចេញពីទីតាំងបោះជំរំនៅក្នុងតំបន់ដីគោកដែលទទួលបានសិទ្ធក្នុងការរៀបចំ នៅក្នុងខេត្ត Jeolla ភាគនិរតី។ អ្នករៀបចំនិយាយថា អ្នកចូលរួមប្រមាណ៣៦.៦០០នាក់ នឹងឡើងជិះរថយន្តក្រុងនៅថ្ងៃអង្គារនេះទៅកាន់តំបន់នានាចេញឆ្ងាយពីផ្លូវព្យុះទីហ្វុង Khanun ដែលបានបង្កការបំផ្លាញរួចទៅហើយនៅប្រទេសជប៉ុនភាគខាងត្បូង ហើយត្រូវបានគេរំពឹងថានឹងវាយបក់ទៅលើប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា។ក្រុមមន្ត្រីកំពុងស្វែងរកទីកន្លែងដែលអាចផ្លាស់ប្តូរគ្នា និងទីកន្លែងស្នាក់នៅ នៅក្នុងនិងជុំវិញទីក្រុងសេអ៊ូល។ ពិធីជួបជុំក្រុមកាយរិទ្ធិ៍ត្រូវបានកំណត់ពេលដំណើរការរហូតដល់ថ្ងៃទី១២ ខែសីហា ដែលនឹងនៅបន្ត៕

មនុស្សរាប់ពាន់នាក់នៅហៃទី ធ្វើបាតុកម្មទាមទារសុវត្ថិភាពពីក្រុមជនអន្ធពាលហិង្សា

2023/08/08 11:58:38 am        104
ហៃទី៖ មនុស្សរាប់ពាន់នាក់ដោយមានបិទមុខរបស់ពួកគេដើម្បីបិទបាំងអត្តសញ្ញាណ បានដង្ហែរបាតុកម្មឆ្លងកាត់រដ្ឋធានីប្រទេសហៃទីកាលពីថ្ងៃចន្ទ ទាមទារការការពារពីក្រុមជនអន្ធពាលហិង្សាជាអ្នកដែលកំពុងចូលលួចប្លន់នៅទីជិតខាងក្នុងរដ្ឋធានីព័រអូប្រាំង និងលើសពីនេះ។ ជីវិតរស់នៅរាល់ថ្ងៃរបស់ពលរដ្ឋហៃទី ត្រូវបានរំខានដោយអំពើហិង្សាពីជនអន្ធពាលឥតឈប់ឈរ ដែលបានបង្កឲ្យមានភាពក្រីក្រកាន់តែធ្ងន់ធ្ងរនៅទូទាំងប្រទេស ខណៈប្រទេសនេះរង់ចាំការសម្រេចចិត្តពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិជុំវិញការដាក់ពង្រាយដ៏មានសក្តានុពលនៃកងកម្លាំងប្រដាប់អាវុធអន្តរជាតិ។ យើងចង់បានសន្តិសុខ ហ្វូងមនុស្សបានស្រែកដូច្នេះខណៈចេញធ្វើបាតុកម្មរយៈពេល២ម៉ោងពីសហគមន៍ Carrefour-Feuilles (កាហ្វួរ ហ្វើយ) ដែលជួបបញ្ហា ទៅកាន់ជំរំ de Mars នៅក្នុងតំបន់ទីប្រជុំជន ហើយបន្ទាប់មកទៅកាន់លំនៅឋានផ្លូវការរបស់នាយករដ្ឋមន្ត្រី ជាកន្លែងដែលនគរបាលបានបំបែកបាតុកម្មដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក។នាង Wilene Joseph អាយុ៣៦ឆ្នាំ ជាអាជីវករលក់ដូរតាមដងផ្លូវនិងជាម្តាយមានកូន២នាក់ដែលបានមកចូលរួមធ្វើបាតុកម្មទាមទារការការពារបាននិយាយថា ខ្ញុំពុំអាចធ្វើការងារបាន ខ្ញុំពុំអាចចេញទៅខាងក្រៅ ខ្ញុំដូចជាអ្នកទោសម្នាក់នៅតែក្នុងលំនៅឋាន។ នាង Joseph និយាយអំពីកូនៗរបស់នាង មានអាយុ៥ឆ្នាំ និង៧ឆ្នាំ ថា ខ្ញុំព្រួយបារម្ភអំពីកូនៗរបស់ខ្ញុំព្រោះតែគ្រាប់កាំភ្លើងកំពុងហោះមកពីគ្រប់ទិសដៅគ្រប់ពេលវេលា។ ស្ថានការណ៍បែបនេះពុំអាចទទួលយកបាននោះទេ។ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតីលោក Jovenel Moïse( ចូវ៉ិនណែល ម៉ូអ៊ីស) ក្នុងឆ្នាំ២០២១ អ្នកជំនាញនិយាយថា ក្រុមជនអន្ធពាល បានដណ្តើមយកការគ្រប់គ្រងរហូតដល់៨០ភាគរយ នៅទីក្រុងព័រអូប្រាំង ដែលមានការសម្លាប់ ការចាប់ជំរិត និងការរាលដាលការភ័យខ្លាចនៅក្នុងសហគមន៍ជាច្រើនដែលកំពុងទទួលរងភាពក្រីក្រតែក្នុងតំបន់រួចទៅហើយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM