ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់
ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨
ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» នឹងបណ្តុះធុរកិច្ចថ្មីលើអាជីវកម្ម​ឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនមីនេបៀប្រទេសជប៉ុន ដាក់ឱ្យដំណើរការសាកល្បងរោងចក្រតម្លៃជិត ៤០លានដុល្លារ ក្នុងខេត្តពោធិ៍សាត់

2025/12/10 01:24:22 pm        711
រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ ដែលជាក្រុមហ៊ុនរបស់ជប៉ុន បានដាក់ឱ្យដំណើរការសាកល្បងហើយបន្ទាប់ពីចំណាយពេលសាងសង់ជាងមួយឆ្នាំ។ រោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងភូមិសារវ័ន្ត ឃុំស្នាអន្យា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ រោងចក្រទី៤នេះ គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុនមីនេបៀ ដែលមានទីតាំងស្ថិតនៅក្រៅរាជធានីភ្នំពេញ ដោយប្រើទុនវិនិយោគចំនួន ៣៨,៥លានដុល្លារអាម៉េរិក លើផ្ទៃដីទំហំ ៥០ហិកតា និងអាចបង្កើតការងារបានប្រមាណ ៨,០០០កន្លែងនៅពេលដំណើរការពេញសមត្ថភាព។ពិធីដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅយ៉ាងមហោឡារិកក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា អគ្គនាយកក្រុមហ៊ុនមីនេបៀមីត្សូមិ ព្រមទាំងថ្នាក់ដឹកនាំដឹកនាំក្រុមហ៊ុនមីនេបៀ មន្ត្រីរាជការខេត្ត និងកម្មករ និយោជិតរបស់ក្រុមហ៊ុន។ក្នុងឱកាសនោះ លោក យ៉ូស៊ីហ៊ីសា កៃនុម៉ា បានថ្លែងរំលឹកពីដំណើរការដំបូងនៃរោងចក្ររបស់ក្រុមហ៊ុននៅកម្ពុជា ដោយមានការគាំទ្រយ៉ាងខ្លាំងពីសម្តេចតេជោ ហ៊ុន សែន ហើយសម្តេចតេជោ បានប្រៀបការវិនិយោគរបស់ក្រុមហ៊ុននៅឆ្នាំ២០១១ ដូចនឹងកូនង៉ែតទើបនឹងកើត។ លោកបានថ្លែងថា ដោយមានការគាំទ្រដ៏ខ្លាំងក្លារបស់រាជរដ្ឋាភិបាល ក្រុមហ៊ុនមិនព្រួយបារម្ភពីហានិភ័យក្នុងការវិនិយោគនៅកម្ពុជានោះឡើយ។ឯកឧត្តម កែវ រតនៈ បានបង្ហាញក្តីរីករាយចំពោះវត្តមានរោងចក្រមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់ ដែលជាចំណែកជំរុញដល់ដំណើរការសេដ្ឋកិច្ចក្នុងខេត្ត និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម កែវ រតនៈ បង្ហាញការប្តេជ្ញាគាំទ្ររាល់គម្រោងវិនិយោគរបស់ក្រុមហ៊ុនមីនេបៀនៅកម្ពុជានៅកម្ពុជា។ដើម្បីរួមចំណែកជួយឱ្យច្រវាក់ផលិតកម្មក្រុមហ៊ុនមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់ អាចដំណើរការទៅមុខល្អប្រសើរនោះ ឯកឧត្តម កែវ រតនៈ បានប្រកាសថា រដ្ឋបាលខេត្តពោធិ៍សាត់នឹងជួយទិញផលិតផលភ្លើងបំភ្លឺសាធារណៈឆ្លាតវៃរបស់ក្រុមហ៊ុនបំពាក់តាមផ្លូវនៅក្នុងខេត្តពោធិ៍សាត់។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញនូវការមើលឃើញពីផលលំបាករបស់ក្រុមហ៊ុនលើការធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្នផងដែរ។ ក្នុងន័យនេះ ឯកឧត្តម កែវ រតនៈ បានប្រកាសជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីរំលែកការលំបាករបស់ក្រុមហ៊ុន។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអបអរសាទរចំពោះការដាក់ឱ្យដំណើរការសាកល្បងរោងចក្រទី៤របស់ក្រុមហ៊ុនមីនេបៀនៅលើទឹកដីខេត្តពោធិ៍សាត់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានប្រកាសជួយផ្តល់កិច្ចសហការ និងសម្របសម្រួលរាល់បញ្ហារបស់ក្រុមហ៊ុន ដើម្បីឱ្យដំណើរច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនដំណើរការប្រកបដោយជោគជ័យ។សូមបញ្ជាក់ថា ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមានប្រភពមកពីខេត្តណាហ្គាណូ ប្រទេសជប៉ុន បានចាប់ផ្តើមវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១១ ដោយមានការគាំទ្រយ៉ាងខ្លាំងក្លាដោយសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកាលពីពេលនោះ។ ក្រុមហ៊ុននេះផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហា គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរស័ព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃ។ បច្ចុប្បន្ននេះក្រុមហ៊ុនមានកម្មករ និយោជិតចំនួន ៨,៨០៣នាក់ ស្ត្រី ៧,៨៣៣នាក់។ផលិតផលរបស់ក្រុមហ៊ុន បាននាំចេញទៅកាន់ប្រទេសជាច្រើននៅតំបន់អាស៊ី អឺរ៉ុប និងអាមេរិកឡាទីនជាដើម។ ទំហំនៃការនាំចេញរបស់ក្រុមហ៊ុនក្នុងឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែកញ្ញា មានទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក។ ក្រុមហ៊ុនមីនេបៀ ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជប៉ុនឈានមុខគេ ដែលបានបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនមីនេបៀ បាននាំមកនូវផលវិជ្ជមានជាច្រើនលើទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដោយបានបង្កើតឱកាសការងារជូនដល់ប្រជាជនកម្ពុជាប្រមាណ ៨៧០០កន្លែង ដែលជាលទ្ធផលរួមចំណែកយ៉ាងសំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជនកម្ពុជារាប់ពាន់នាក់។ការវិនិយោគរបស់ក្រុមហ៊ុនមីនេបៀ មិនត្រឹមតែបង្កើតការងារដែលមានលក្ខខណ្ឌល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងបានជួយត្រួសត្រាយផ្លូវក្នុងការផ្ទេរបច្ចេកវិទ្យា និងជំនាញកម្រិតខ្ពស់ដល់វិស័យឧស្សាហកម្មក្នុងស្រុករបស់កម្ពុជាផងដែរ។ ការផ្ទេរចំណេះដឹង និងបច្ចេកវិទ្យានេះ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជំនាញនៃកម្លាំងពលកម្មនៅកម្ពុជា ព្រមទាំងលើកកម្ពស់នវានុវត្តន៍នៅប្រទេសកម្ពុជាផងដែរ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងនេះ ក្រុមហ៊ុនមីនេបៀ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងមូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការផ្លាស់ប្តូរទិដ្ឋភាពនៃរចនាសម្ព័ន្ធឧស្សាហកម្មរបស់កម្ពុជា ជាពិសេសក្នុងវិស័យអេឡិចត្រូនិក៕

ក្រសួងពាណិជ្ជកម្មបើកវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា កំឡុងរៀបចំ“ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨

2025/12/05 03:16:33 pm        125
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាស្ដីពីវិស័យនាំចេញកម្ពុជា មូលបទ៖ "ការលើកកម្ពស់អ្នកនាំចេញកម្ពុជា ឆ្ពោះទៅរកភាពជោគជ័យជាសកល ផ្តោតសំខាន់លើស្ដង់ដា គុណភាព និងទីផ្សារអន្តរជាតិ” ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋលេខាធិការ ប៉ែន សុវិជាតិ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។ វេទិកានេះ គឺជាវេទិកាអមក្នុងព្រឹត្តិការណ៍ “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ និងរៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, ជួយបំពាក់បំប៉ននិងពង្រឹងសមត្ថភាពដល់អ្នកនាំចេញ, បង្កើតឱកាសទំនាក់ទំនងនិងភាពជាដៃគូ និងបទបង្ហាញពីសក្តានុពលនៃវិស័យនាំចេញរបស់កម្ពុជា។ បន្ថែមពីនេះ ក៏មានរៀបចំជាកិច្ចពិភាក្សា និងការធ្វើបទបង្ហាញដោយមន្ត្រីរាជរដ្ឋាភិបាល និងវិស័យឯកជន ពាក់ព័ន្ធនឹងគោលនយោបាយ និងយន្តការជំរុញការនាំចេញ ច្បាប់និងបទប្បញ្ញត្តិ អនុលោមភាព និងព័ត៌មានទីផ្សារសំខាន់ៗ រួមមាន ចក្រភពអង់គ្លេស អូស្ត្រាលី និងសហភាពអឺរ៉ុប ផងដែរ។សូមជម្រាបជូនថា “ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា” លើកទី១៨ ឆ្នាំ២០២៥ នេះ ត្រូវបានរៀបចំឡើងនៅសាលសន្និបាត ភីអេច ហ្គ្រេនហល បុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ទី៧ ខែធ្នូ ឆ្នាំ២០២៥។ ក្នុងព្រឹត្តិការណ៍នេះដែរ ក្រសួងពាណិជ្ជកម្ម បានរៀបចំជាពន្លាសេវាសាធារណៈរបស់ក្រសួង-ស្ថាប័នចំនួន១១ ដើម្បីអនុញ្ញាតឱ្យសាធារណជនបានជ្រាប និងអាចមកទទួលសេវាសាធារណៈរបស់រាជរដ្ឋាភិបាលនៅនឹងកន្លែងពិព័រណ៍ រាប់គិតចាប់ពីសេវាចុះបញ្ជីពាណិជ្ជកម្ម រហូតដល់សេវាគាំទ្រការនាំចេញ ព្រមទាំងបានសម្របសម្រួលជូនក្រុមហ៊ុន សហគ្រាសធុនមីក្រូ តូច និងមធ្យម សមាគម ក្រសួង-ស្ថាប័ន ស្ថានទូត សរុបចំនួន១៦៣ (៣៧ ជាក្រុមហ៊ុនបរទេស/ស្ថានទូត) សរុបស្តង់ពាណិជ្ជកម្មមានចំនួន ២៦៩ស្តង់ (៥៤ស្តង់ ជាផលិតផលនាំចូលនិងសេវាកម្មមកពីបរទេស) និងមានសហគ្រិនស្រ្តី អាជីវករ ផលិតករ ពាណិជ្ជករ សេវាករ និងវិនិយោគិនប្រមាណ ៥០០នាក់ ដែលក្នុងនោះមានផលិតផល និងសេវាកម្មចូលរួមតាំងបង្ហាញ តាមក្រុមប្រភេទរួមមាន៖ វត្ថុអនុស្សាវរីយ៍ សិប្បកម្ម និងគ្រឿងអលង្ការ, ចំណីអាហារ ភេសជ្ជៈ និងគ្រឿងទេស, ផលិតផលកសិកម្ម ឧស្សាហកម្ម និងគ្រឿងសំណង់, និងសេវាកម្ម ធនាគារ ទូរគមនាគមន៍ បដិសណ្ឋារកិច្ច និងភស្តុភារកម្ម៕

ការដឹកជញ្ជូនតាមផ្លូវទឹក កំពុងមានសកម្មភាពយ៉ាងផុលផុស គាំទ្រដល់ការធ្វើពាណិជ្ជកម្មកម្ពុជា

2025/12/05 11:14:59 am        192
អ្នកជំនាញនៅក្នុងវិស័យដឹកជញ្ជូន ថ្លែងឱ្យដឹងថា ខណៈក​ម្ពុជា​មាន​បញ្ហា​ព្រំដែន​ដែល​បង្ក​ដោយ​ប្រទេស​ជិត​ខាង ការដឹកជញ្ជូនតាមផ្លូវទឹក បាននិងកំពុងមានសកម្មភាពកើតឡើងយ៉ាងផុលផុស លើ​ពាណិជ្ជកម្មនាំទំនិញចេញ-ចូល ខណៈការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និង​បាន​ឆ្ងាយ​។ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយសារព័ត៌មាន ស្តីពីខ្សែច្រវាក់ដឹកជញ្ជូននាំចេញ-ចូល ក្នុង​សិក្ខា​សាលា​ស្តីពីកាតព្វកិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្ម ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​ទឹក​ជា​អន្តរជាតិថា អនុវិស័យដឹកជញ្ជូនគឺជាផ្នែកមួយដ៏សំខាន់ នៅក្នុងវិស័យសេវាកម្មរបស់កម្ពុជា អនុវិស័យ នេះរួមមាន៖ ការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក ដោយអនុវិស័យ​ទាំង​៣​នេះ ​បាននិងកំពុងចូលរួមចំណែកទ្រទ្រង់ដល់ កំណើនសេដ្ឋកិច្ច តាមរយៈ​ការ​ធ្វើ​ពាណិជ្ជក​ម្ម​ដឹក​ជញ្ជូន​ទំនិញ​នាំចេញ-ចូល។ លោក ជា ចាន់ដារ៉ា បន្តថា ទាក់ទងនិងការដឹកជញ្ជូនក្នុងវិស័យទាំង៣ខាងលើនេះ បច្ចុប្បន្ន​ឃើញ​ថា​ការ​ដឹកជញ្ជូនតាមផ្លូវទឹក គឺជាផ្នែកមួយយ៉ាងសំខាន់ គាំទ្រដល់ការ​ធ្វើ​ពាណិជ្ជ​កម្ម​នាំ​ទំនិញ​ចេញ-​ចូល ព្រោះការដឹកជញ្ជូនតាមផ្នែកនេះ គឺដឹកបានច្រើន និងបាន ឆ្ងាយ ជាក់ស្តែង​មក​ដល់​ពេល​នេះ ខណៈដែលកម្ពុជាមានបញ្ហាព្រំដែនដែលបង្ករឡើងដោយប្រទេសជិតខាង ការ​ដឹកជ​ញ្ជូន​ទំនិ​ញតាមផ្លូវទឹក មានសកម្មភាពកាន់តែមមាញឹក និងបានកំពុងគាំទ្រ​ដល់​ការដឹក​ជញ្ជូ​ន​ក្នុង​ស្រុក ​ទៅដល់គោលដៅអ្នកប្រើប្រាស់ គឺមានសកម្ម ភាពយ៉ាងផុសផុសផងដែរ។ សូមបញ្ជាក់ថា ជុំវិញសកម្មភាពអាជីវកម្មដឹកជញ្ជូនទំនិញតាមផ្លូវទឹកនេះ នៅថ្ងៃទី៣ ធ្នូ កន្លង​មក​នេះ សមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា បានរៀប​ចំ​សិក្ខា​សាលា​ស្តីពី​កាត​ព្វ​កិច្ចពន្ធគយ និងសារពើពន្ធ ចំពោះសកម្មភាពអាជីវកម្មដឹកជញ្ជូន ទំនិញតាម​ផ្លូវ​ទឹក​ជា​អន្តរជាតិ ដើម្បីជាចំណេះដឹងដល់អ្នកនាំទំនិញចេញ-ចូល និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូន បាន​ស្វែង​យល់​បន្ថែម ឆ្លើយតបនឹងស្ថានភាពជាក់ស្តែងនៃសេដ្ឋកិច្ចជាតិ តំបន់ និងពិភពលោក។ នេះ​ក៏​ជា​ការពង្រឹង និងក៏ជាការត្រៀមខ្លួនសម្រាប់អ្នក ប្រកបរបរដឹកជញ្ជូនក្នុងស្រុកផងដែរ និង​សម្រាប់​​ពេ​លខាងមុខ ខណៈដែលកម្ពុជាបាននិងកំពុងស្ថាបនាគម្រោងព្រែកជីកហ្វូណន តេជោ។ ក្នុង​នោះបន្ទាប់ពីគម្រោងនេះដាក់ឱ្យដំណើរ វានឹងចូល​រួមចំណែកកាន់​តែ​ខ្លាំង​នៅ​ក្នុង​សកម្មភាព​ដឹក​ជញ្ជូន​ និងការចូលរួម ក្នុងកំណើនសេដ្ឋកិច្ចបន្ថែម៕ អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» នឹងបណ្តុះធុរកិច្ចថ្មីលើអាជីវកម្ម​ឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ

2025/12/03 11:58:55 am        70
នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងបន្តការ​ប្រកួត​ប្រែង​កម្ម​វិធី​បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ដោយផ្តោតលើតម្រូវការអាជីវកម្មដែលឆ្លើយតបទៅនិងទីផ្សារ ក្នុង​គោល​ដៅ​ជំរុញបង្កើតផលិតផលលើទីផ្សារឱ្យបានច្រើន ដើម្បីរួម ចំណែកក្នុងសេដ្ឋកិច្ច។ឯកឧត្តម​បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការ បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ឆ្នាំ២០២៦ នេះថា មជ្ឈមណ្ឌល​បណ្តុះ​ធុរ​កិច្ច​ថ្មី "តេជោ" គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយ​កសាង​ប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មី ជា​បន្ត​បន្ទាប់ ក្នុងការអភិវឌ្ឍធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬ​ផ្តួច​ផ្តើម​សកម្មភាពថ្មីៗបន្ថែម ទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះ​ស្មារតី ​ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។ឯកឧត្តមបណ្ឌិត បន្តថា ចំណែកនៅក្នុងរដូវកាលទី៦ ឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌល​នឹង​រៀបចំ​បណ្តុះធុរកិច្ចថ្មីនៅលើ អាជីវកម្មប្រហាក់ប្រហែលរដូវកាលទី៥ គឺការចាប់យក​បច្ចេក​វិទ្យា​ឌីជីថល​សម្រាប់ដំណោះស្រាយអាជីវកម្ម ដើម្បីឆ្លើយតបទៅនិង តម្រូវការទីផ្សារ​បច្ចុប្បន្ន​មាន​ដូច​ជា​៖ សន្តិសុខឌីជីថល, បច្ចេកវិទ្យាអគ្គិសនី ដោយដើរតាម បរិបថរបស់កម្ពុជា, ផ្លេតហ្វម​ថ្នាល​ឌីជីថល សម្រាប់បម្រើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលការអនុវត្តនេះបានធ្វើឡើង, ស្រប​តាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលបានបន្ថែមនូវផ្នែកបច្ចេកវិទ្យា។ឯកឧត្តមបណ្ឌិត តាំង ងួនលី លើកឡើងថា ជុំវិញការបណ្តុះធុរកិច្ចថ្មី ឬហៅថា Starup បើ​យោង​តាម​របាយការណ៍ ទាក់ទងការបណ្តុះ ធុរកិច្ចថ្មីនៅលើពិភពលោក គឺមានអត្រាប្រមាណជាង ៩០ ភាគរយ ទទួលនូវការបរាជ័យ។ ប៉ុន្តែសម្រាប់ការងារដែលមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” វិញ គិតមកដល់ពេលនេះក្រុមដែលជាប់ជ័យលាភីមានចំនួន ៣៦ ក្រុម ឃើញថា មានប្រមាណ ៥៥ ភាគរយ បាននិងកំពុងបន្តធ្វើអាជីវកម្ម និង ៤៥ ភាគរយផ្សេងទៀតបានក្ស័យធុន ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ក៏ពួកគាត់បាននិងកំពុងចាប់យកនូវ អាជីវកម្មផ្សេងៗ។ ចំពោះ​តាម​ការ​វាយ​តម្លៃ​ជារួ​ម, ធុរកិច្ចដែលបង្កើតក្រុមហ៊ុនថ្មីមានហានីភ័យក៏ដោយ ក៏មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅ​មានអត្រាជោគជ័យខ្ពស់នៅលើទីផ្សារកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនក្នុងវិស័យមូលបត្រ ស្វែងរកកាលានុវត្តវិនិយោគលើវិស័យអាទិភាពមួយចំនួននៅកម្ពុជា

2025/12/02 03:45:43 pm        117
ក្រុមហ៊ុន Cambodia Securities Plc សិក្សាស្វែងយល់អំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែង​រក​កាលា​នុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការលើវិស័យកម្មន្តសាល កិច្ចអភិវឌ្ឍឧស្សាហកម្ម ហេដ្ឋា​រចនាសម្ព័ន្ធ អចលនទ្រព្យ និងហិរញ្ញវត្ថុនៅកម្ពុជា។ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ​២០២៥​នេះ បានទទួលជួប ពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ច ដឹកនាំ​ដោយ​អ្នក​គ្រប់​គ្រង​ក្រុមហ៊ុន Cambodia Securities Plc សមាសភាពគណៈប្រតិភូ រួមមាន តំណា​ង​ក្រុម​ហ៊ុនដែ​ល​មា​​នសកម្មភាពធុរកិច្ចក្នុងវិស័យមូលបត្រ និងវិស័យហិរញ្ញវត្ថុ។ គោល​បំណង​នៃ​ដំណើរ​ទស្សន​កិច្ច​មកកម្ពុជានាពេលនេះ គឺដើម្បីធ្វើការសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា និង​ស្វែងរកកាលានុវត្តភាព សម្រាប់កិច្ច សហប្រតិបត្តិការ ក្រៅពីវិស័យមូលបត្របន្ថែម។ក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម បានជម្រាបជូនគណៈប្រតិភូអំពីបរិស្ថានវិនិយោគជារួមនៅកម្ពុជា និងវឌ្ឍនភាពសំខាន់ៗមួយ ចំនួនដែលកម្ពុជាខិតខំសម្រេចបានដូចជា ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, កំណើននៃរំហូរវិនិយោគបរទេសផ្ទាល់មកកម្ពុជា, ការរីក ចម្រើននៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសជាដើម។ បន្ថែមលើនេះ ឯកឧត្តមអគ្គលេខាធិការរង ក៏បានលើកឡើង ពីរបបលើកទឹកចិត្ត វិនិយោគ ដែលពោរពេញដោយភាពទាក់ទាញ, ពន្ធដារ, កត្តាគន្លឹះនៃការទាក់ទាញវិនិយោគមកកម្ពុជា, កិច្ចសម្រួល និងការថែទាំ វិនិយោគ ព្រមទាំងវិធានការគាំទ្រផ្សេងៗ ដែលរាជរដ្ឋាភិបាលបានបន្តដាក់ចេញសម្រាប់លើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ច នៅកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់។ចំណែកនៅថ្ងៃទី១ ធ្នូ ម្សិលមិញនេះដែរ ឯកឧត្តម លឹម វិសាល បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន ផ្តល់សេវាផ្នែកច្បាប់ DHH មកពីរដ្ឋធានីប៉េកាំង ប្រទេសចិន ក្នុងនោះឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូដែលបាន មកដំណើទស្សនកិច្ចនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ DHH មានការិយាល័យនៅប្រទេសចិន ៣៥ និងនៅ បរទេសចំនួន ១៥ ព្រម ទាំងមានបុគ្គលិកដែលមានវិជ្ជាជីវៈ ផ្នែកច្បាប់ប្រមាណជាង ៣ ពាន់នាក់ ទន្ទឹមនេះ, ក្រុមហ៊ុនគ្រោងនឹង បើកការិយាល័យនៅប្រទស កម្ពុជា ថៃ និងវៀតណាម តាមរយៈដំណើទស្សនកិច្ចលើកនេះផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

១០ខែឆ្នាំនេះ កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និង​ពីប្លាស្ទិក​មាន​ទឹកប្រាក់​សរុប​ជិត​២​ពាន់​លាន​ដុល្លារ

2025/12/02 11:50:32 am        159
កម្ពុជានាំចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងផលិតផលធ្វើពីប្លាស្ទិក នៅក្នុងរយៈពេល១០ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់ សរុបប្រមាណជិត ២ ពាន់លានដុល្លារ ដែល​ផលិត​ផល​ទាំ​ង​នេះ​បាន​គាំទ្រ​ដល់កំណើននៃការនាំចេញទំនិញសរុបរបស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិ ក្នុងនោះសម្រាប់ការរនាំចេញរយៈពេល ១០ខែ ឆ្នាំ​២០២៥ នេះ កម្ពុជាបាននាំចេញទំនិញគ្រប់ប្រភេទ មានទំហំទឹក ប្រាក់សរុបប្រមាណជិត ២៥ ពាន់​លានដុល្លារអាម៉េរិក កើនឡើងជាង ១៥ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ ដែល​បាន​នាំ​ចេញក្នុងរង្វង់ប្រមាណជាង ១៧ ពាន់លានដុល្លារអាម៉េរិកប៉ុណ្ណោះ។ជុំវិញការ​នាំ​ចេញកៅស៊ូ ផលិតផលធ្វើពីកៅស៊ូ និងប្លាស្ទិក បើយោងតាមបទបង្ហាញរបស់ឯកឧត្តម ញឹម ខេមរា រដ្ឋលេខាធិការ ប្រចាំការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នៅ​ក្នុងវេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រ នៅកម្ពុជា បាន​លើក​ឡើង​ឱ្យ​ដឹង​ថា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ២០២៥ នេះ ការនាំចេញសំបកកង់ថ្មី និងផលិត​ផល​ធ្វើ​ពី​កៅ​ស៊ូ ​មានទឹកប្រាក់ជិត ១ ១០០ លានដុល្លារ, កៅស៊ូធម្មជាតិ និងជ័ឈើធម្មជាតិ​ប្រហាក់​ប្រហែល​ជាង ៤២៤ លានដុល្លារ, កៅស៊ូសំយោគ និងកៅស៊ូបានពីប្រេង ផលិតជាបន្ទះ និង​សន្លឹក​ជា​ដើម ជាង ៥៧ លានដុល្លារ, គ្រឿងបន្ទាប់បន្សំធ្វើពីកៅស៊ូជាង ១៥ លានដុល្លារ។ ចំណែកការនាំចេញផលិតផលធ្វើពីប្លាស្ទិករួមមាន៖ សម្ភារៈសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក មានទឹកប្រាក់ជាង ១៦១ លាន ដុល្លារ, វត្ថុធ្វើពីប្លាស្ទិកសម្រាប់បម្រើការជញ្ជូន និងវេចខ្ចប់ ៦២ លាន​ដុល្លារ, សម្ភារៈធ្វើពីប្លាស្ទិក និងសម្ភារៈធ្វើពីវត្ថុផ្សេងទៀត ៥៩ លានដុល្លារ, បំពង់ទុយោ ទុយោបត់បាន និងគ្រឿងបន្ទាប់សន្សំ ជិត ១៥ លានដុល្លារ, សម្ភារៈតុអាហារ សម្ភារៈចង្ហ្រានបាយ និងដទៃទៀត ជិត ១៣ លានដុល្លារ និងកម្រាល ការ៉ូ ជញ្ជាំង និងពិដានធ្វើពីប្លាស្ទិក ជាង ៩ លាន​ដុល្លារផងដែរ។សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥ មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើង​ជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញមានទឹកប្រាក់ជាង ២៧ ពាន់លានដុល្លារ កើន​ឡើង​ជិត ១៨ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-អាម៉េរិក ស្វែង​រកយន្តការថ្មីៗ​ ដើម្បី​ជំរុញ​លំហូរ​ទុន​វិនិយោគ​ពី​អាមេរិក​មក​កម្ពុជា​បន្ថែម​ទៀត

2025/12/02 11:25:59 am        224
កម្ពុជា-អាម៉េរិកពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់​ពី​សហរដ្ឋ​អាម៉េរិក មកកាន់ កម្ពុជាបន្ថែម និងការស្វែងរកមធ្យោបាយ​ដើម្បី​ពង្រឹង​ទំនាក់​ទំនង​រវាង​រាជរដ្ឋាភិបាលកម្ពុជា និងវិស័យឯកជនអាម៉េរិក ក្នុងគោលបំណង អភិវឌ្ឍសេដ្ឋកិច្ច​កម្ពុជា​ប្រកប​ដោយ​ចីរភាព។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ ឆ្នាំ២០២៥ បាន ទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន (US-ABC) ដឹក​នាំ​ដោយ ឯកឧត្តម Ted Osius (ឯកអគ្គរដ្ឋទូតអាម៉េរិក ចូលនិវត្តន៍) អនុប្រធានជាន់ខ្ពស់ និង​ជា​នាយកគ្រប់គ្រងប្រចាំតំបន់នៃ US-ABC ជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្រោម​កិច្ចសម្របសម្រួលរបស់ លោកស្រី Bridgette L. Walker ភារៈធារីនៃស្ថានទូតសហរដ្ឋអាម៉េរិក ប្រចាំ​នៅ​ព្រះរាជាណាចក្រកម្ពុជា។ជំនួបនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់កម្ពុជា និងសហរដ្ឋអាម៉េរិក ក្នុង​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ គណៈប្រតិភូ​ក្រុម​ប្រឹក្សា​ធុរកិច្ច​អាម៉េរិក​-អាស៊ាន (US-ABC) ដែលមានតំណាងក្រុមហ៊ុនអាម៉េរិក ធំៗជាច្រើន បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ក្នុងការស្វែងយល់ និងទាញយកប្រយោជន៍ពីសក្តានុពលវិនិយោគនៅកម្ពុជា ដែល​ជាសមាជិកដ៏សំខាន់មួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពនៃសក្តានុពលវិនិយោគកម្ពុជា ដោយ​បញ្ជាក់​ពី​កិច្ចខិតខំរបស់កម្ពុជា ក្នុងការកែទម្រង់ និងបង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​វិនិយោគ​បរទេស តាមរយៈការអនុវត្តច្បាប់ស្តីពីការវិនិយោគ ដែល មានការលើកទឹកចិត្តជាច្រើន និង​បានបង្ហាញពីតួនាទីកម្ពុជាក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អាស៊ាន ក្នុងនាម​ជា​ច្រក​តភ្ជាប់​វិនិយោគិន​អាម៉េរិក ទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។ បន្ថែមពីនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់ពីការធ្វើសាមញ្ញកម្មនីតិវិធី ពាក់ព័ន្ធនានា ជាពិសេស​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្ម​សម្រាប់​ការ​ផ្ដល់សេវាសាធារណៈ តួយ៉ាងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធ cdcIPM ជាមួយ​នឹង​កិច្ច​សហការក្នុងការបង់កម្រៃសេវាតាមរយៈសេវាកម្ម Visa និង MasterCard នៃ​ធនាគារ​ដៃគូ​។អង្គប្រជុំបានធ្វើការពិភាក្សាពីយន្តការ និងកាលានុវត្តភាពថ្មីៗ ក្នុងការ​ជំរុញ​លំហូរ​ទុន​វិនិយោគ​ដោយ​ផ្ទាល់ ​(FDI) ពីសហរដ្ឋ អាម៉េរិកមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត និងការ​ស្វែង​រក​មធ្យោបាយ​ ដើម្បីពង្រឹងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជនអាម៉េរិក ក្នុង​គោល​បំណងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ភាគីទាំងពីរក៏​បាន​ផ្លាស់​ប្តូរ​ទស្ស​នៈ​លើ​កំណែ ​ទម្រង់គោលនយោបាយ និងបរិយាកាសវិនិយោគរបស់កម្ពុជា ជាពិសេស​ច្បាប់​ស្តីពី​ការ​វិនិយោគ​ថ្មី និងការសម្របសម្រួលពាណិជ្ជកម្ម។ជុំវិញជំនួបខាង​លើ​នេះ មិនត្រឹមតែជាការសម្តែងការគួរសមប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកា​ទំនាក់​ទំនង​រវាងរដ្ឋ និង​ឯកជនដ៏សំខាន់មួយ ដែលបានរួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម ​និងបើកទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការ។ ជំនួបនេះត្រូវបានរំពឹងថា នឹងបង្កើនទំនុក​ចិត្ត​របស់​វិនិយោគិន​អាម៉េរិកមកលើទីផ្សារកម្ពុជា និងបន្តជំរុញឱ្យមានការវិនិយោគថ្មីៗបន្ថែមទៀត ដែល​នឹង​ក្លាយជា កម្លាំងចលករដ៏សំខាន់ សម្រាប់កំណើន​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា​នា​ពេលអ​នាគត​៕ ​អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-កូរ៉េ នឹងរៀបចំសន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នៅថ្ងៃទី១៨ធ្នូ

2025/12/01 04:15:41 pm        397
អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នឹង​រៀបចំ​សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ ​ក្រោមប្រធានបទ “កសិកម្មវិលជុំរបស់កូរ៉េ និងការប្រែប្រួលសម្រាប់កម្ពុជា ដំណើរ​ទៅ​រក​អនាគត​កសិកម្ម​ចីរភាពកាលបរិច្ឆេទ” នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ ។ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ អគ្គនាយកមណ្ឌលស្រាវជ្រាវកសិកម្មកូរ៉េ–កម្ពុជា នៅថ្ងៃទី១ ខែ​ធ្នូ​ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ទោះបីជាពេលថ្មីៗនេះមានបញ្ហាមួយចំនួននៅកូរ៉េ ដែល​ធ្វើ​ឲ្យ​មាន​ការ​ព្រួយបារម្ភអំពីការធ្វើដំណើរមកកម្ពុជា ក៏ប៉ុន្តែ ជឿជាក់ថា នេះគឺជាពេល​វេលា​ដែល​ត្រូវ​ពង្រឹង​ទំនុក​ចិត្ត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ សេចក្តីប្រកាសព័ត៌មានដដែល បានបន្តថា ដូច្នេះកម្ពុជា-កូរ៉េ នឹងបន្តរៀបចំ សន្និសីទ​ស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ​លើកទី២ រួមគ្នាតាមកាលវិភាគដដែល បន្ទាប់ពីការរៀបចំ​ជោគជ័យ​របស់​សន្និសីទ​លើកទី១ កាលពីខែសីហាកន្លងមក ។សន្និសីទនេះ នឹងមានការចូលរួមពីអ្នកជំនាញជនជាតិកូរ៉េ ដែលជាតំណាងឧស្សាហកម្មជី ខណៈ​ភាគីកម្ពុជា មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង​បរិស្ថាន ​និងក្រសួងទេសចរណ៍ និងសហគមន៍កសិករ ។សន្និសីទស្រាវជ្រាវកសិកម្មអន្តរជាតិលើកទី២ នឹងមានបទបង្ហាញពី គំរូកសិកម្មវិលជុំរបស់កូរ៉េ និង​ទិសដៅអនាគត ពាក់ព័ន្ធនឹងបច្ចេកទេសប្រើប្រាស់ និងកែច្នៃជីកំព្យូទ័រប្រភពពីសត្វចិញ្ចឹម, វិបត្តិ និងលក្ខខណ្ឌកសិកម្មជនបទកម្ពុជា ពីអ្នកជំនាញជនជាតិកូរ៉េ ៕ អត្ថបទ បាន សុខរិទ្ធិ 

ប្រធាន AmCham ៖ អាមេរិកនឹងបញ្ចុះពន្ធបដិការបន្ថែមដល់ការនាំចេញវិស័យអាទិភាពកម្ពុជា

2025/12/01 03:27:30 pm        538
ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) រំពឹងថា សហរដ្ឋអាមេរិក​នឹងបន្ត​បញ្ចុះអត្រាពន្ធបដិការដល់កម្ពុជា បន្ថែម នៅលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដោយវិស័យទាំងនេះមិនសូវមានអ្នកប្រកួតប្រជែង និង ខណៈដែលសហរដ្ឋអាមេរិកក៏មានការផលិតបន្តិចបន្ទួច។ លោក ខេស៊ី បាណេត ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីការបន្តចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅក្នុងកម្មវិធីប្រកួតភាពជាសហគ្រិនភាពប្រចាំឆ្នាំ២០២៥ ថា ជុំវិញការចរចារពន្ធបដិការនេះឃើញថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ យ៉ាងខ្លាំង ចាប់តាំងពីដំណាក់កាលដំបូង ពីប្រមាណ ៤៩ ភាគរយ មកនៅត្រឹម ៣៦ ភាគរយ និងបានបន្តទម្លាក់មកនៅត្រឹម ១៩ ភាគរយ ហើយមកដល់នេះឃើញថា ក្រុមការងារចំពោះ កិច្ចលើការចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក នៅតែបន្តចរចារ ដើម្បីបញ្ចុះពន្ធបដិការបន្ថែមទៀត នៅលើវិស័យ អាទិភាពទាំង៤ សម្រាប់ការនាំចេញរបស់កម្ពុជា។ទាក់ទងការរចរចារនេះ, លោក ខេស៊ី បាណេត មានសុទិដ្ឋិនិយមខ្ពស់ នឹងរំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍នៅលើ ការខិតខំប្រឹងប្រែងនេះជាមិនខាន ខណៈដែលសហរដ្ឋអាមេរិកមិនស្រូវមានរោងចក្រផលិតមុខទំនិញទាំងនេះ និងខណៈដែលការប្រកួត ប្រជែងនាំចូលទំនិញលើវិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ក៏មានចំនួនតិច តួចផងដែរ។ជុំវិញពន្ធបដិការនេះដែរ, ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើក ឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍ វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលដាក់ចេញក្នុងវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ថា កម្ពុជាបាននិងកំពុងបន្តដើម្បីចរចាបញ្ចុះពន្ធបដិការបន្តទៀត ជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត លើវិស័យអាទិភាពមួយចំនួនរួមមាន៖ វិស័យកាត់ដេរ វាយនភណ្ឌ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ដែលវិស័យទាំងនេះបាននិងកំពុងស្រូបទាញកម្លាំងពលកម្ម និងផ្តល់ឱកាសការងារយ៉ាងច្រើន។ តាមរយៈកិច្ចចរចានេះដែរ ឯកឧត្តម រំពឹងថា កម្ពុជានឹងអាចទទួលបានការបញ្ចុះពន្ធបដិការក្រោម ១៩% បន្ថែមទៀត ឬអាចដល់ ០% ព្រោះសហរដ្ឋអាមេរិកមិនសូវមាន រោងចក្រកាត់ដេរលើប្រភេទទំនិញមួយចំនួននេះ ដែលកម្ពុជាបានកំពុងនាំចេញនោះឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

អាករលើតម្លៃបន្ថែមលើទំនិញផលិតក្នុងស្រុក ដែលជាអាហារ​ជាមូលដ្ឋានត្រូវ​បានចាត់​ទុកជា​បន្ទុករដ្ឋ

2025/12/01 02:10:10 pm        124
អាករលើតម្លៃបន្ថែមសម្រាប់មុខទំនិញផលិតក្នុងស្រុក ដែលជាអាហារជាមូលដ្ឋានសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ត្រូវ បានរាជរដ្ឋាភិបាលចាត់ទុកជាបន្ទុករបស់រដ្ឋ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរកស៊ីទទួលទាន លើផ្នែកទាំងនេះ និងត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញប្រកាសស្តីពីការចាត់ទុកាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមលើមុខទំនិញដែលជាអាហារ ជាមូលដ្ឋានការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយប្រកាសនេះមានគោលបំណងដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែម លើមុខទំនិញផលិតក្នុងស្រុកដែលជាអាហារជាមូលដ្ឋាន និងមានវិសាលភាពអនុវត្តចំពោះការផ្គត់ផ្គង់ទំនិញផលិតក្នុងស្រុក ដែលជា អាហារជាមូលដ្ឋានដោយអ្នកជាប់ពន្ធតាមរបបស្វ័យប្រកាស។សម្រាប់គោលដៅនៃប្រកាសនេះ, អាហារជាមូលដ្ឋាន គឺសំដៅដល់មុខទំនិញផលិតក្នុងស្រុកមួយចំនួនដែលចាំបាច់ សម្រាប់ ជីវភាពរស់នៅប្រចាំថ្ងៃដូចជា៖ ១- សាច់សត្វចិញ្ចឹម ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ២- ស៊ុត សត្វចិញ្ចឹមគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាស៊ុតស្រស់ ឬកែច្នៃ។ ៣- ត្រីទឹកសាប ឬទឹកប្រៃគ្រប់ប្រភេទ រួមទាំងបង្កង បង្គា កំពឹស ក្ដាម និងសិប្បីជាតិគ្រប់ប្រភេទ ទោះបីមានលក្ខណៈជាសាច់ស្រស់ ឬកែច្នៃតាមវិធីផ្អាប់ ប្រឡាក់ ឬឆ្អើរ។ ៤- ស្ករគ្រប់ប្រភេទ ដែលមិន មានលក្ខណៈជាស្ករគ្រាប់។ ៥- អំបិលគ្រប់ប្រភេទ និង៦- ទឹកត្រី ឬទឹកស៊ីអីវគ្រប់ប្រភេទ។សូមបញ្ជាក់ថា អាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់ក្នុងស្រុក នូវអាហារជាមូលដ្ឋានដូចមានចែងក្នុងប្រកាសនេះ ត្រូវបានចាត់ជាបន្ទុករបស់ រដ្ឋចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ រហូតដល់ដំណាច់ឆ្នាំ២០២៨។ ការចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមក្នុងប្រការនេះ មិនរាប់បញ្ចូលការផ្គត់ផ្គង់ម្ហូបអាហារ ដោយភោជនីយដ្ឋានឡើយ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនភៀសសឹកបានកើនដល់ជាង ៥ម៉ឺន ៦ពាន់គ្រួសារ ស្មើនឹងមនុស្សជាង១សែន ៩ម៉ឺននាក់
12/10/2025 10:12 PM
ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព នៅម៉ោងជិត១០ យប់នេះ
12/10/2025 10:12 PM
ធនគារជាតិបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ដល់ប្រជាជន និងភាគីពាក់ព័ន្ធនៅស្រុកទឹកផុស
12/10/2025 09:12 PM
យុទ្ធនាការ ១៦ថ្ងៃ ប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ បញ្ចប់ដោយជោគជ័យ
12/10/2025 08:12 PM
នាយករដ្ឋមន្ត្រីអង់គ្លេស បញ្ជាក់ថា អឺរ៉ុប គឺ «រឹងមាំ» និងរួបរួមគ្នានៅពីក្រោយអ៊ុយក្រែន
12/10/2025 08:12 PM
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកកំពឹស ថ្លែងនូវការសប្បាយចិត្ត បន្ទាប់ពីបានបណ្តាញទឹករដ្ឋប្រើប្រាស់
12/10/2025 08:12 PM
ប្រភព៖ ក្រុមឧទ្ទាម M23 គាំទ្រដោយរ៉្វាន់ដា ចូលដល់ទីក្រុង Uvira នៅភាគខាងកើតកុងហ្គោ
12/10/2025 08:12 PM
កម្ពុជាទប់ស្កាត់បទល្មើសឆបោកបន្លំអត្តសញ្ញណ ដើម្បីបង្កើនទំទុកចិត្តការប្រើប្រាស់សេវាទូទាត់ឌីជីថល
12/10/2025 08:12 PM
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យស្ថានភាពមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
12/10/2025 08:12 PM
ក្រសួងអប់រំ និង ក្រសួងមុខងារសាធារណៈ បើកកម្មវិធី «មនសិកាពលរដ្ឋល្អ» ឆ្នាំ២០២៦
12/10/2025 08:12 PM