ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទទួលបានចំណូលបានជាង ១,២ពាន់លានដុល្លារ ពីការនាំចេញស្រូវ អង្ករ ក្នុងឆ្នាំ២០២២

2023/01/04 03:28:51 pm        397
ភ្នំពេញ៖ កម្ពុជាបាននាំចេញស្រូវបានចំនួន ៣,៤លានតោន ​និងអង្ករបាន ៦៣ម៉ឺនតោន ដោយរកចំណូលសរុបបានជាង ១,២ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ។របាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ​រយៈពេលពេញមួយឆ្នាំ២០២២ កម្ពុជា​បាននាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ​៦៣៧ ០០៤ តោន និងនាំចេញស្រូវបានចំនួន ៣ ៤៦៧ ៨៨៦តោន ​ដែលគិតជាទឹកប្រាក់ប៉ាន់ស្មាន​បាន​ចំនួនជាង ១ ២៥៥​លានដុល្លារសហរដ្ឋអាមេរិក។សហព័ន្ធស្រូវអង្ករបញ្ជាក់ថា ​ក្នុងរយៈពេល ១២ខែនៃឆ្នាំ២០២២ ក្រុមហ៊ុននាំចេញអង្ករចំនួន៦១ បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិចំនួន ​៥៩ ប្រទេស។ប្រទេសចិនរួមទាំងតំបន់ស្វយ័ត ហុងកុង ម៉ាកាវ ជាទីផ្សារធំបំផុតសម្រាប់ការនាំចេញអង្ករកម្ពុជា ដោយមានបរិមានបានចំនួន ​២៨៨ ៨៣០ តោន ឬស្មើនឹង​ ៤៥% តាមពីក្រោយដោយ ប្រទេស​នៅទ្វីបអឺរ៉ុបចំនួន ២៥ បានបរិមាណសរុបចំនួន ២២១ ៥០៤ តោន ​ឬស្មើនឹង ៣៥% ។ការនាំចេញអង្ករទៅកាន់ទីផ្សារនៃប្រទេសសមាជិកអាស៊ានចំនួន៤​ បានបរិមាណសរុបចំនួន ៦៤ ៧៣៣ តោន ឬស្មើនឹង ១០% និងបណ្តាគោលដៅផ្សេងៗ​ មានបរិមាណសរុបចំនួន​ ៦១ ៩៣៧ តោន ឬស្មើនឹង ១០% នៃការនាំចេញសរុបចំនួន ៦៣៧ ០០៤តោន។ តម្លៃសរុបនៃការនាំចេញអង្ករ មានចំនួន ៤១៨.២៩ ​លានដុល្លារសហរដ្ឋអាមេរិក។កម្ពុជាបាននាំចេញអង្ករក្រអូបប្រណិត បានចំនួន ២៧៧ ៧៣៩ តោន ឬស្មើនឹង ៤៤% អង្ករសែនក្រអូប បានចំនួន ១៧៩ ០៧០ តោន ឬស្មើនឹង ២៨% អង្ករសបានចំនួន ១៥៣ ៤២៨ តោន ឬស្មើនឹង ២៤% អង្ករចំហុយបានចំនួន ១៥ ៧៨១ តោន ឬស្មើនឹង ២% អង្ករសរីរាង្គបានចំនួន ១០ ៩៦៣ តោន ឬជិត ២% និងអង្ករដំណើបចំនួន ២៣តោន។ដោយឡែក សម្រាប់ការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាម បានចំនួន ៣ ៤៧៧ ៨៨៦ តោនដែលគិតជាទឹកប្រាក់ចំនួនប្រមាណជា ៨៤១.០៩ ​លានដុល្លារសហរដ្ឋអាមេរិក៕អត្ថបទ៖ វណ្ណៈ

វិស័យឯកជន៖ កម្ពុជានៅក្រោមម្លប់សន្តិភាព ជាមូលដ្ឋានគតិយុត្តិនៃការទាក់ទាញអ្នកវិនិយោគ

2023/01/04 01:31:34 pm        433
ភ្នំពេញ៖ វិស័យឯកជន ចាត់ទុក ទិវា៧ មករា បាននាំនូវសន្តិភាព សេរីភាព និងសិទ្ធិគ្រប់យ៉ាងជូន​ដល់​ប្រជាពលរដ្ឋកម្ពុជា ​ជាពិសេសសន្តិភាពនាំមកនូវការវិនិយោគ និងជា​មូលដ្ឋាន​គតិយុត្តិ​សម្រាប់​ទាក់ទាញ និងផ្តល់វិសាលភាពដល់វិនិយោគិនងាយស្រួលក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។លោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ​លើកឡើងថា ចាប់ពីកម្ពុជាទទួល​បាន​សុខសន្តិភាព ចំពោះការវិនិយោគ, កម្ពុជាបានបង្កើតនូវទំនុកចិត្ត និងផ្តល់នូវទាក់ទាញដល់អ្នក​វិនិយោគ​ទាំងក្នុងស្រុក ​និងបរទេស មកបណ្តាក់ទុនជាហូរហែរ ដែលជាកត្តារួមចំណែកដល់ការកាត់​បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសង្គម​ និងបានកំពុងជំរុញនាវាសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន និងដើរឆ្ពោះលឿនទៅមុខ ​ជាពិសេសការសម្រេចតាមចក្ខុវិស័យ ដែលបានកំណត់ដោយ​រាជរដ្ឋាភិបាល។ចំណែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា លើកឡើងថា សន្តិភាពមាន​សារៈសំខាន់ខ្លាំងណាស់ បើគ្មានសន្តិភាពនោះទេ ក្រុមហ៊ុននានាក៏មិនអាចមកវិនិយោគ​នៅ​កម្ពុជាបានដែរ ​ហើយការវិនិយោគនេះ មិនមែនផ្តើមចេញពីអស្ថិរភាព និងសង្រ្គាមនោះទេ។ វិស័យដឹកជញ្ជូន ​និងឡូជីស្ទឹក មានការរីកចម្រើន និងបានចូលរួមចំណែក GDP ក្នុងរង្វង់ប្រមាណ ៨ភាគរយ ពិតណាស់គឺកើតចេញពីកត្តាសន្តិភាព។សូមបញ្ជាក់ថា ថ្ងៃ ៧មករា ឆ្នាំ១៩៧៩ គឺជាទិវាមហាជ័យជំនះរបស់ប្រជាជនកម្ពុជា លើបនប្រល័យ​ពូជ​សាសន៍ ប៉ុល ពត កម្ពុជាបានបិទនូវទំព័រសករាជដ៏ខ្មៅងងឹតរបស់ខ្លួន ហើយបើកចេញនូវទំព័រ​សករាជថ្មី គឺសករាជឯករាជ្យ ​សេរីភាព ប្រជាធិបតេយ្យ ​និងវឌ្ឍនភាពសង្គម, ក្នុងនោះសម្រាប់​ការអភិវឌ្ឍ​ កម្ពុជាបានស្តារ​ និងកសាងខឿនសេដ្ឋកិច្ចជាតិឲ្យមានស្ថេរភាពជាបណ្តើរៗ ហើយ​នៅក្នុងដំណាក់កាលមុនវិបត្តិកូវីដ ១៩ ​សេដ្ឋកិច្ចកម្ពុជា ​សម្រេចបានក្នុងរង្វង់ប្រមាណ ៧ភាគរយ។នៅក្នុងឆ្នាំ ២០២៣ នេះ បន្ទាប់ពីវិបត្តិជំងឺកូវីដ ១៩​ បានធូរស្រាយ សេដ្ឋកិច្ចកម្ពុជាត្រូវបាន​ព្យាករថា នឹងបន្តកើនឡើងក្នុងអត្រា ៦,៦% ក្នុងឆ្នាំ ២០២៣ ​ពី​កំណើន ៤,៣% ក្នុងឆ្នាំ ២០២២៕អត្ថបទ៖ សុន រ៉ាឌី

គណៈកម្មាធិការក្រសួងសេដ្ឋកិច្ច នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣

2023/01/03 12:18:48 pm        387
ភ្នំពេញ៖ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងតាមដាន​វឌ្ឍនភាពនៃការងារអភិវឌ្ឍន៍​ និងអនុវត្តគម្រោងបញ្ជរតែមួយជាតិដំណាក់កាលទី២ និង​រៀបចំដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី៣។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ​នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ​នេះ បានដឹកនាំប្រជុំលើកទី៣ នៃគណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ក្នុង​គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺតាមដានវឌ្ឍនភាព ​ការអភិវឌ្ឍប្រព័ន្ធបញ្ជរតែមួយជាតិ ដំណាក់កាលទី២ ​និងដើម្បីបន្តពិនិត្យ ពិភាក្សា​ និងផ្តល់ធាតុចូលបន្ថែមលើការងារពាក់ព័ន្ធ នឹង​ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី២ ​និងវាយតម្លៃខ្ពស់អំពីលទ្ធផលការងារ ដែលសម្រេច​បាន​នាពេលកន្លងមក ​និងការស្នើឱ្យតំណាងក្រសួង-ស្ថាប័នជំនាញទាំងអស់ត្រៀមខ្លួន និងរៀបចំ​ដើម្បី​ប្រើប្រាស់ប្រព័ន្ធបញ្ជរតែមួយជាតិ ​ដំណាក់កាលទី៣។ទាក់ទងបញ្ជរតែមួយជាតិ គឺជាកន្លែងដែលអនុញ្ញាត​ឱ្យភាគីពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្ម​ និង​ដឹកជញ្ជូន ដាក់នូវព័ត៌មានឧត្តមានុវត្តន៍ និងសំណុំឯកសារនៅចំណុចចូលតែមួយ សម្រាប់​បំពេញ​នូវរាល់បទប្បញ្ញត្តិដែលតម្រូវ ​ពាក់ព័ន្ធនឹងការនាំចេញ-ចូល​ និងការឆ្លងកាត់។ សម្រាប់ព័ត៌មានដែលដាក់ស្នើក្នុងទម្រង់អេឡិចត្រូនិក គំរូទិន្នន័យនឹងត្រូវបានឲ្យដាក់​ស្នើតែម្តង​ប៉ុណ្ណោះ។ ចំណែកគោលដៅសំខាន់បំផុត​ នៃប្រព័ន្ធបញ្ជរតែមួយ គឺការពង្រឹងទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ និងរដ្ឋាភិបាល, រដ្ឋាភិបាល ​និងធុរជន, និងធុរជន និងធុរជន។កិច្ចប្រជុំ គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ មានការអញ្ជើញចូលរួមពីសមាជិក​នៃ​ក្រុមអនុវត្តគម្រោងបញ្ជរតែមួយជាតិ ក្រសួង-ស្ថាប័នពាក់ព័ន្ធរួមមាន៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងពាណិជ្ជកម្ម, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម និងសិប្បកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍, ធនាគារជាតិនៃកម្ពុជា, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, កំពង់ផែស្វយ័តភ្នំពេញ និងមកពីតំណាងវិស័យឯកជន៕

ផ្សារទំនើបៗកំពុងកើតឡើងជាបន្តបន្ទាប់ បង្ហាញអំពីការងើបឡើងនៃសេដ្ឋកិច្ចកម្ពុជា

2023/01/02 02:43:19 pm        1125
​ភ្នំពេញ៖ ឱកាសដែលកម្ពុជាទទួលបានការវិនិយោគជាហូរហែ ពិសេសការវិនិយោគលើផ្សារ​ទំនើបៗ ​និងកំពុងបើកដំណើរការយ៉ាងផុលផុស​ ក្នុងពេលបច្ចុប្បន្ន គឺបានបង្ហាញអំពីការងើបឡើង​នៃសេដ្ឋកិច្ចកម្ពុជា ​ដែលកំពុងដើរឆ្ពោះទៅរកប្រទេស​ ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ តាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​អ្នកយកព័ត៌មាន ស្តីពី កម្ពុជាគឺជាប្រទេសគោលដៅសម្រាប់ការទាក់ទាញអ្នកវិនិយោគ ថា កម្ពុជាគឺជាប្រទេសមួយ​កំពុង ទាក់ទាញអ្នកវិនិយោគ ដោយកម្ពុជាបានបើកទូលាយដល់​វិនិយោគិន​គ្រប់ផ្នែក គ្រប់កម្រិត។​​​​ ខណៈដែលពិភពលោកកំពុងរងនូវវិបត្តិជាសកល កម្ពុជានូវ​តែទទួល​បាន​ឱកាសវិនិយោគ និងទាក់ ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ។លោកឧកញ៉ា បន្តថា កម្ពុជាមិនត្រឹមតែទទួលបានការវិនិយោគលើផ្នែកឧស្សាហកម្ម រោងចក្រ សហគ្រាស​ប៉ុណ្ណោះទេ ថែមទាំងទទួលបានការវិនិយោគលើផ្សារទំនើបៗ និងបានកំពុង​បានបើកដំណើរការជាបន្តបន្ទាប់ ដែលតាមរយៈ នេះបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋកម្ពុជា​មានជីវភាពកាន់តែធូរ, ដោយមានកំណើន GDP កើនឡើង​ បានបង្កើតទំនុកចិត្ត និងការជឿជាក់លើរាជរដ្ឋាភិបាល ស្របពេលកម្ពុជាបានផ្តល់ភាពអំណោយផលគ្រប់បែបយ៉ាង ដល់ការ វិនិយោគគ្រប់ផ្នែក គ្រប់កម្រិត។ទាក់ទងការវិនិយោគលើផ្សារទំនើបៗនេះដែរ, លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញកិច្ច វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា ចំពោះការវិនិយោគលើទីផ្សារ គឺមិន​ខុសគ្នា​លើការវិនិយោគលើផ្នែកផ្សេងៗផងដែរ ​ប៉ុន្តែអ្វីដែលជាកត្តាសំខាន់ ច្បាស់ណាស់អ្នក​វិនិយោគ​គឺសម្លឹងមើលពីនិរន្តភាព នៃការវិនិយោគរបស់ខ្លួន ​ជាពិសេសសេដ្ឋកិច្ច និងការរីកចម្រើន​លើវិស័យបច្ចេកវិទ្យាផ្សេងៗជាដើម ដើម្បីជាតំណរនៃ ការតភ្ជាប់សម្រាប់ទំនាក់ទំនង និងផ្សាព្វផ្សាយ ក៏ដូចជាភាពស៊ីវីល័យរបស់ប្រទេសនោះផងដែរ។របាយការណ៍ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងរយៈពេល ១០ខែ ឆ្នាំ២០២២, ស្ថានភាពវិនិយោគ​នៅកម្ពុជា បានបង្ហាញ​ពីភាពល្អប្រសើរបន្តិច, ជាក់ស្ដែងគម្រោងវិនិយោគឯកជនសរុបមានចំនួន ១១៦ គម្រោង បាន កើនឡើង ២៤ គម្រោង, ​និងមានលទ្ធភាពបង្កើតកម្លាំងពលកម្មថ្មីប្រមាណជា ១០៥ ពាន់នាក់​ កើនឡើងជាង ៤៣% ​និងទុនវិនិយោគ សរុប ២ ៧៥៨​ លានដុល្លារអាមេរិក កើនឡើងជាង ១៣៦% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុល២០០លានដុល្លារ ដើម្បីបំពេញចំណាយ នៅឆ្នាំ២០២៣

2023/01/02 01:28:18 pm        395
ភ្នំពេញ៖ រាជរដ្ឋាភិបាល គ្រោងបោះលក់បណ្ណបំណុលក្នុងទំហំទឹកប្រាក់ ​៨១៣ ០០០លានរៀល ឬស្មើនឹងប្រមាណ ២០០លានដុល្លារ សម្រាប់ឆ្នាំ២០២៣។ ​ការបោះលក់​បណ្ណបំណុលនេះ គឺដើម្បី​គៀរទុនពីវិនិយោគិនក្នុងស្រុកមកបំពេញចំណាយប្រចាំឆ្នាំ ។ការសម្រេច​បោះលក់មូលបត្ររដ្ឋនេះ មិនត្រឹមដើម្បីបំពេញការចំណាយប្រចាំឆ្នាំរបស់រដ្ឋាភិបាល​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែថែមទាំងបាន​ចូលរួម​ក្នុងការលើក​ស្ទួយវិស័យ​មូលបត្រកម្ពុជា ដោយ យោង​តាម​សេក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង​ ឆ្នាំ២០២៣ ​រដ្ឋមាន​បន្ទុក​ចំណាយច្រើន ។ គិតមកទល់បច្ចុប្បន្ន ​ផ្សារមូលបត្រកម្ពុជាគឺមានក្រុមហ៊ុនចំនួន១៦​ បានចុះបញ្ជី។ ក្នុងនោះ​ មាន៩ក្រុមហ៊ុនបានចុះបញ្ជីបោះផ្សាយលក់ភាគហ៊ុន និង៦ក្រុមហ៊ុនទៀត​ចុះបញ្ជី​បោះលក់​មូល​បត្រ​បំណុល ឬ សញ្ញាប័ណ្ណ ដែលបាន​កៀរគរទុន​វិនិយោគពីទីផ្សារនេះ​បានប្រមាណ ៣០០លាន​ដុល្លារ។ សូមជម្រាបថា រដ្ឋាភិបាល សម្រេចបោះលក់បណ្ណបំណុល​ ចាប់តាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២២មក តាមរយៈធនគារជាតិនៃកម្ពុជា។ ​សម្រាប់ឆ្នាំ២០២២ រដ្ឋគ្រោង​បណ្ណបំណុលក្នុងទំហំ​៣០០លាន​ដុល្លារ ជាមួយនឹងគូប៉ុង(អត្រាការប្រាក់)ខ្ពស់បំផុត២.២ភាគរយ​ ប៉ុន្តែ ការបោះលក់នេះ​គឺមិនបាន​គ្រប់តាមផែនការឡើយ។ ​គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២២ រដ្ឋាភិបាលបោះផ្សាយ​លក់​មូលបត្ររដ្ឋបានត្រឹម​ ៤១,៨ ពាន់លានរៀល (១០,១៥) លានដុល្លារប៉ុណ្ណោះ៕អត្ថបទ៖ វណ្ណៈ

ក្រសួងកសិកម្ម៖ ត្រីសម្រាប់ធ្វើប្រហុក ផ្អកឆ្នាំនេះ កើនចំនួន៤០%

2022/12/31 11:19:48 am        660
កណ្តាល៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុក ផ្អកនៅឆ្នាំ២០២២-២០២៣ មានចំនួន១៣ ០៥០តោន កើនឡើងប្រមាណ ៤០% បើធៀបនឹងឆ្នាំ២០២១-២០២២ ​មានចំនួនសរុប ៨ ៧០០តោន។ ថ្លែងក្នុងឱកាសឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចុះពិនិត្យដាយត្រី និងសកម្មភាពធ្វើប្រហុក ផ្អក របស់ប្រជាជន នៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ។

សភាពាណិជ្ជកម្មកម្ពុជា ពង្រឹងការប្រកួតប្រជែងខ្លាំងក្លាជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម

2022/12/31 11:09:05 am        448
សភាពាណិជ្ជកម្មកម្ពុជា ប្រកាសជំរុញ និងផ្តល់ផលប្រយោជន៍ដល់វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម ឲ្យមានការប្រកួតប្រជែងកាន់តែខ្លាំងក្លា និង​មាន​ការ​រីក​ចម្រើន ដើម្បីចូលរួមជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ឯកឧត្តម គឹម មាសសុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើក​ឡើង​នៅ​ក្នុង​កម្ម​វិធី​ណែនាំ​អំពី​ការឃោស នាបោះឆ្នោត និងចាប់លេខរៀងបេក្ខជនបោះឆ្នោត សភា​ពាណិជ្ជ​កម្ម​រាជ​ធានី​ភ្នំពេញ អាណត្តិទី៤ លើកទី ២ នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២២ នេះថា សភា​ពាណិជ្ជកម្ម​មាន​តួនាទី​សំខាន់ណាស់ តំណាងឲ្យអាជីវករ ពាណិជ្ជករ ក្នុងគោលដៅកៀងគរ ដល់អ្នកវិនិយោគ និង​អ្នក​រកស៊ីទទួលទានក្នុងវិស័យផ្សេងៗ ចាប់ជាដៃគូរ ឬមកវិនិយោគ ជាងនេះទៅទៀត សភា​ពាណិជ្ជកម្ម​ គឺ​ជាតំណាងឲ្យវិស័យឯកជនទាំងមូល ក្នុងការចរចារជាមួយរាជរដ្ឋាភិបាល ដើម្បី​ស្វែង​រក​អ្វី​ដែលជាប្រមយោជន៍ សម្រាប់វិស័យឯកជន និង​ការ​ដោះស្រាយ​ការងារ​រាំង​ស្ទុះ​ផ្សេង​ៗ​ជា​ដើម​។ឯកឧត្តម បន្តថា ចំពោះការរៀបចំណែនាំអំពីការឃោសនាបោះឆ្នោត នឹង​ឈាន​ទៅ​រៀប​ចំ​បោះឆ្នោត​នៅ​ខែមករា ឆ្នាំ ២០២៣ ខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុង​ការ​ជ្រើស​រើស​យក​អ្នក​ដឹកនាំដែលមានលទ្ធភាព សមត្ថភាព ដើម្បី​ដឹក​នាំ​នាវា​ក្នុង​វិស័យ​ឯកជន​ឲ្យ​កាន់​តែ​រីក​ចម្រើន ព្រោះវិស័យឯកជនគឺជាស្នូល នៃការបង្កើតប្រពភពចំណូល សម្រាប់សេដ្ឋកិច្ចជាតិ ។ចំណែកលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងឲ្យដឹងថា សភា​ពាណិជ្ជ​កម្ម​បានចែកចេញជាពីរគឺ សភាពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ ក្នុង​នោះ​សម្រាប់​ក្រប​ខ័ណ្ឌ​ជាតិ ប្រមុខរាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនគឺជាឆ្អឹងខ្នង នៃសេដ្ឋកិច្ច និងជា​ក្បាល​ម៉ាស៊ីន​ នៃ​សេដ្ឋកិច្ចផងដែរ ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ហើយ​រា​ជ​រដ្ឋាភិបាល​តែង​តែ​ចូល​រួម​ដោះ​ស្រាយ​រាល់ការលំបាករបស់វិស័យឯកជន បានជំរុញមានភាពរលូនមកដល់សព្វថ្ងៃ, ដោយ​ឡែក​ក្នុង​ក្របខ័ណ្ឌអន្តរជាតិ សភាពាណិជ្ជកម្ម​ក៏​បាន​ធ្វើ​ការងារ​ជាច្រើន​ប្រកប​ដោយ​ភាព​ជោគ​ជ័យ​ផងដែរ។សូមបញ្ជាក់ថា ជុំវិញការបោះឆ្នោតជ្រើសរើសសភាពាណិជ្ជកម្មរាជធានីភ្នំពេញ នឹងគ្រោង​រៀបចំ​ការ​បោះឆ្នោត​នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៣ ខាងមុខ ក្នុងនោះបេក្ខជនដែលបានចូលរួម មាន​ផ្នែកកសិកម្ម, សេវាកម្ម វិជ្ជាជីវៈ, ផ្នែកឧស្សាហកម្ម និងសិប្បកម្ម ហើយចាប់ពីថ្ងៃទីនេះ រហូត​ដល់​ថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៣ បេក្ខជនដែលឈរឈ្មោះបោះឆ្នោតទាំងអស់ អាចចេញ​ឃោសនា​រក​សំឡេងឆ្នោតពីអ្នកគាំទ្រ គឺពីម្ចាស់ពាណិជ្ជករ និងអាជីវករ ដើម្បី​ទទួល​បាន​លទ្ធ​ផល​ក្នុង​ការ​ឆ្នោត​អាណត្តិថ្មី៕ អត្ថបទ៖ សុន រ៉ាឌី

សម្តេចតេជោ៖ ចំណូលគយ-ពន្ធដារកើនឡើង បង្ហាញពីការវិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩

2022/12/30 03:41:23 pm        525
កំពត៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការប្រមូលចំណូលទាំងគយ និងពន្ធដារ បានកើនឡើង លើសផែនការ ក្នុងឆ្នាំ២០២២ បង្ហាញពីការវិវឌ្ឍនៃស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ថ្លែងក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ​ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅថ្ងៃទី៣០ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បាន​បង្ហាញក្តី​រីករាយ​ចំពោះការវិវឌ្ឍស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា​ ក្រោយវិបត្តិជំងឺកូវីដ១៩។សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ពន្ធដារ ​ប្រមូលចំណូលបានប្រមាណ ​៣ ៤០០ លានដុល្លារ លើសផែនការ ​១២១ភាគយ​ និងគយប្រមូលចំណូលបាន​ ២ ៦០០ ​លានដុល្លារ លើសផែនការ ១០៤ភាគរយ។សម្តេចតេជោ ហ៊ុន សែន លើកឡើងថា ​ចំណូលពន្ធនេះ​ មិនទាន់​រាប់​បញ្ចូល​ចំណូល​មិនមែន​សារ​ពើពន្ធ ដូចជា​បាន​ពី​ចំណូល​ថ្លៃចេញ​ទិដ្ឋាការ​ដល់​ទេសចរណ៍ប្រទេស​ ប្រមាណ ២លាននាក់ មាន​ប្រាក់​ប្រមាណ ៦០លានដុល្លារ ​សម្រាប់ឆ្នាំ២០២២នេះ។ប្រមុខរាជ​រដ្ឋាភិបាល​ បានបញ្ជាក់ថា ​ចំណូលពន្ធនេះ ​នឹង​ផ្តល់​ឱកាស​ដល់រដ្ឋាភិបាល​សម្រាប់​វិនិយោគ​ទៅ​លើផ្លូវថ្នល់​ ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​នានា និង​ទៅ​លើថវិកា​បដិភាគ​ទៅ​លើ​គម្រោងនានា ​ដែល​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​ជួយមកដល់កម្ពុជា៕ 

សហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាឧស្សាហកម្មធំ សម្រាប់ការផ្គត់ផ្គង់ និងចែកចាយ

2022/12/30 03:18:29 pm        522
ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ចថា សហគ្រាសធុនតូច និងមធ្យម គឺជាវិស័យយុទ្ធសាស្រ្តមួយរបស់​កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលប្រកប ​ដោយភាពធន់ ហើយវិស័យនេះនឹងក្លាយ​ទៅជា​ឧស្សាហកម្ម សម្រាប់ការផ្គត់ផ្គង់ ​និងចែកចាយទំនិញកាន់តែធំ និងបង្កើតចំណូល​សម្រាប់​សេដ្ឋកិច្ចជាតិកាន់តែប្រសើរ។ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច ​នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងក្នុង​កិច្ច​សម្ភាសន៍ជាមួយភ្នាក់ងារ BTV ស្តីពីវិស័យសហគ្រាសធុនតូច ​និងមធ្យមនៅកម្ពុជាថា នៅមុន​ពេលផ្ទុះឡើងនៃជំងឺកូវីដ ១៩ វិស័យដែលទ្រទ្រង់សេដ្ឋកិច្ចជាតិ​ ដែលនមានសម្ទុះខ្លាំងក្លា គឺវិស័យ​អចលនទ្រព្យ, ទេសចរណ៍ និងវិស័យសំណង់ តែនៅពេលជួបវិបត្តិវិស័យទាំង៣នេះ​បានជាប់គាំង ប៉ុន្តែ​នៅក្នុងវិបត្តិនេះដែរ ​វិស័យកសិកម្ម ​និងសហគ្រាសធុនតូច ​និងមធ្យម បានក្លាយទៅជា​វិស័យ​យុទ្ធសាស្រ្តរបស់កម្ពុជា ​និងដើរតួនាទីជាវិស័យស្នូលដ៏សំខាន់ ​ប្រកបដោយភាពធន់ ទោះជាមាន​វិបត្តិបែបណាក៏ដោយ វិស័យទាំងពីរនេះ​ នឹងដើរតួជាអ្នកផ្គត់ផ្គង់ និងចែកចាយ ទោះបីវិស័យ​ទាំងនេះ មានតម្លៃបន្ថែមទាបក៏ដោយ។ឯកឧត្តម បន្តថា ចំពោះវិស័យ SME វិញ, គឺជាវិស័យមួយនឹងអាចពង្រីកខ្លួនកាន់តែប្រសើរ និង​អាចស្របយកកសិផល ពីវិស័យកសិកម្មកាន់តែធំ ​យកមកកែច្នៃ ​និងវេចខ្ចប់ ​ហើយទៅថ្ងៃខាងមុខ វិស័យនេះ​នឹងអាចក្លាយទៅជាឧស្សាហកម្មខ្នាតធំ ​សម្រាប់ការផលិត​ និងផ្គត់ផ្គង់ ប្រសិនមាន​ការគាំទ្រ ការលើកទឹកចិត្ត និងការជំរុញឲ្យវិស័យរឹងមាំ ​ហើយទៅឆ្នាំ ២០២៣ តទៅ SME នឹងមាន​កំណើនលឿន ​ជា​ជាង​ការអភិវឌ្ឍ​លើ​វិស័យអចនទ្រព្យ និងសំណង់ ដែលវិស័យនេះ ធ្វើឲ្យមាន​គម្លាយខ្លាំងរវាងអ្នកមាន និងអ្នកក្រ។ជុំវិញសហគ្រាសធុនតូច និងមធ្យមនេះ, លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើក​ឡើងថា នៅដើមឆ្នាំ ២០២២ ឃើញថា ​វិស័យនេះមានកំណើនងើបឡើង ​ប៉ុន្តែមកដល់ចុងឆ្នាំ បាន​ប្រែប្រួលស្រុតចុះ​បន្តិចបន្ទួច​ទៅវិញ ចំពោះនៅឆ្នាំក្រោយ ឬឆ្នាំបន្តបន្ទាប់ ក៏មិនទាន់អាច​ធ្វើការវាយតម្លៃបាននៅឡើយ ប៉ុន្តែលោកជំទាវ ​មាន​ការ​រំពឹង​ខ្ពស់ ​នៃ​ការកើនឡើងវិញ​នៃ​ភ្ញៀវទេស​ចរណ៍ ជាពិសេសការជួយ​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល ​តាមរយៈការទម្លាក់នូវកញ្ចប់ថវិកា​ជួយ​អន្តរគមន៍ផ្សេងៗ អាចនឹងជួយស្រោចស្រង់ឲ្យវិស័យ​ SME ឲ្យងើបឡើងមកវិញ។សូមបញ្ជាក់ថា៖ នៅក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២២ បើ​យោងតាមរបាយការណ៍ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ​និងនវានុវត្តន៍ ​ទទួលបានការចុះបញ្ជីសហគ្រាសធុនតូច និង​មធ្យម មានចំនួនជាង ១ ពាន់មូលដ្ឋាន ​សរុបទាំងអស់ការ​ចុះបញ្ជីដែលជាប្រភេទកម្មន្តសាល មាន​ជាង ៤៤ ពាន់មូលដ្ឋាន ក្នុងនោះក៏សហគ្រាសបិតទ្វារជិត ៣០០ មូលដ្ឋាន, បើគិតជាទុន​វិនិយោគ​ក្នុងវិស័យ SME នេះ ​មានប្រមាណ ៧៧៥ ​លានដុល្លារសហរដ្ឋអាមេរិក ​ដោយទុនវិនិយោគនេះ បាន​កើនឡើងខ្ពស់ក្នុងឆ្នំា ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១៕អត្ថបទ៖ សុន រ៉ាឌី

ក្រសួងប្រៃសណីយ៍ និងប្រតិបត្តិករទូរគមនាគម បង្កើនគុណភាពសេវាទូរស័ព្ទឱ្យល្អប្រសើរ

2022/12/29 01:04:07 pm        558
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ ​និង​ទូរគមនាគមន៍ ​បានធ្វើការតេស្ត​សាកល្បង​ក្នុងការ​វាស់ស្ទង់​គុណភាព​សេវា​ទូរគមនាគមន​នៅតំបន់មួយចំនួនពិសេសតាមបុរី ​ដោយនៅពេលនេះ ក្រសួងរួម​ជាមួយក្រុមហ៊ុនប្រតិបត្តិករនានា​ ដើម្បីរៀបចំដាក់បន្ថែម​នូវបង្គោលអង់តែន ដើម្បីលើក​កម្ពស់​គុណភាពសេវាទូរគមនាគមនឲ្យកាន់តែល្អប្រសើរជាងមុន ដោយចាប់ផ្តើមពីខណ្ឌដូនពេញតទៅ។ឯកឧត្តម ជា វ៉ាន់ដេត ​រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ ​នៅក្នុងកិច្ច​សម្ភាសន៍​ជា​មួយទូរទស្សន៍ព័ត៌ ប៊ីធីវី នៅព្រឹកថ្ងៃទី២៨ ធ្នូ ឆ្នាំ២០២២កន្លងទៅ ​បានមានប្រសាសន៍ថា ការជួប​ប្រទះ​បញ្ហាប្រឈមទាក់ទង​ នឹងសេវាទូរស័ព្ទចល័ត​ បានធ្វើឲ្យប៉ះពាល់​ដល់ប្រជាពលរដ្ឋយ៉ាងច្រើន ក្នុងការធ្វើការងារ ​ការប្រកបអាជីវកម្ម ​ក៏ដូចជាការសិក្សាជាដើម ​ដែលបញ្ហានេះ ក៏កើតមាន​ជាច្រើន​ឆ្នាំ​មកហើយដែរ ​ជាពិសេសនៅពេល​មាន​កំណើន​លំនៅឋាន ​និង​ប្រជាពលរដ្ឋ។ឯកឧត្តម បានឲ្យដឹងថា នៅទីក្រុងភ្នំពេញ ​បានធ្វើការសាកល្បងគ្រប់កន្លែងទាំងអស់ ដោយ​ចំណាយ​ពេលពី២ ទៅ៣ខែ ក្នុងការធ្វើតេស្ត ដើម្បីផ្តល់សេវាឲ្យល្អប្រសើរជូនប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី ​សង្ឃឹម​យ៉ាងមុតមាំថា ​នៅឆ្នាំ២០២៣ខាងមុខ ​នៅទូទាំងក្រុងភ្នំពេញ នឹង​មាន​សេវាល្អប្រសើរជាងមុន​ ក្នុងការប្រើប្រាស់​ប្រាស្រ័យ​ទាក់ទងគ្នា ​ហើយ ​ក្រសួង​ក៏​នឹងពង្រីកការងារ​នេះនៅ​តាមបណ្តាខេត្តទាំងអស់។បច្ចុប្បន្នក្រុមការងារជំនាញនៃក្រសួងប្រៃសណីយ៍​កំពុងរៀបចំ និងបំពាក់ឧបករណ៍​វាស់​ស្ទង់​គុណភាព​សេវានៅតំបន់រាជធានីភ្នំពេញ ​ដើម្បីលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍៕អត្ថបទ៖ បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីដកការព្រមានរលកយក្សស៊ូណាមិ សម្រាប់តំបន់ចុងភាគខាងកើតដែលរងគ្រោះដោយរញ្ជួយដីដ៏ខ្លាំង
07/30/2025 07:07 PM
របបយោធាមីយ៉ាន់ម៉ា អនុម័តច្បាប់កាត់ទោសដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោត
07/30/2025 07:07 PM
អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មានអនុវត្តឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ
07/30/2025 07:07 PM
ចក្រភពអង់គ្លេស៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាសឡើយ
07/30/2025 07:07 PM
វិមានក្រឹមឡាំងនិយាយពីសេចក្តីថ្លែងការណ៍របស់លោក Trumpថា រុស្ស៊ីមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងទណ្ឌកម្ម
07/30/2025 06:07 PM
អ៊ីស្រាអែលបង្អត់អាហារជនប៉ាឡេស្ទីន ៧នាក់បន្ថែមទៀតដល់ស្លាប់នៅតំបន់ហ្កាហ្សា
07/30/2025 06:07 PM
ជនភៀសសឹក៧៨៣គ្រួសារក្នុងស្រុកវាលវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
07/30/2025 06:07 PM
ជប៉ុនជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំផុត ៤១,២អង្សាសេ
07/30/2025 06:07 PM
ក្រុមអ្នកឡើងភ្នំព្យាយាមសង្រ្គោះកីឡាការិនីជើងឯកកីឡាអូឡាំពិករងរបួសនៅលើភ្នំប្រទេសប៉ាគីស្ថាន
07/30/2025 06:07 PM
ពលករខ្មែរចំនួន៤០នាក់ស្ថិតនៅក្នុងភូមិខេត្តស្វាយរៀងបានធ្វើដំណើរវិលមកដល់ផ្ទះសម្បែងរួចរាល់ហើយ
07/30/2025 06:07 PM