ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ លក់សញ្ញាបណ្ណ៣០លានដុល្លារ ដល់ធនាគារABA

2021/12/15 01:05:03 pm        986
កណ្ដាល៖ នៅថ្ងៃទី១៤ ខែធ្នូនេះ ធនាគារធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ ABA បានចុះហត្ថលេខាព្រមព្រៀងវិនិយោគទិញសញ្ញាប័ណ្ណ មានបុគ្គលធានារបស់ក្រុមហ៊ុន CAIC មានទំហំទឹកប្រាក់ ៣០លានដុល្លារអាមេរិក ដើម្បីគាំទ្រគម្រោងសាងសង់អាកាសយាន្តដ្ឋានតេជោ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។ការចុះហត្ថលេខានេះ បានធ្វើឡើងរវាង លោកឧកញ៉ា ឆារស៍ វ៉ាន់ អគ្គនាយករងនៃក្រុមហ៊ុន Cambodia Airport Investment (CAIC)និងលោក Askhat Azhikhanov ​នាយកប្រតិបត្តិនៃធនាគារ ABA ក្រោមវត្តមា​នអ្នក​ឧកញ៉ាកិត្តិបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)និង CAIC។តាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ការវិនិយោគរបស់ធនាគារABA លើមូលបត្របំណុល របស់CAIC នៅ​ក្នុង​ទំហំទឹកប្រាក់ ៣០លានដុល្លាអាមេរិចនេះ គឺមានការផ្តល់អត្រាការប្រាក់ (Coupon rate) 5.5% ក្នុងមួយឆ្នាំ​ជាមួយនឹងរយះពេល ៣ឆ្នាំ ហើយត្រូវបានធានាដោយក្រុមហ៊ុន OCIC ។ តាមសេចក្តីប្រកាសព័ត៌មានដដែល បានឱ្យដឹងទៀតថា ទឹកប្រាក់វិនិយោគ​ដែលទទួលបាន​ពី​សញ្ញាប័ណ្ណនេះ នឹង​ត្រូវយកទៅប្រើប្រាស់សម្រាប់ការសាងសង់ ​និងការអភិវឌ្ឍ គម្រោងសាងសង់​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ នៅខេត្តកណ្តាល ខណៈការសាងសង់អាកាសយាន្តដ្ឋាន​អន្តរជាតិតេជោថ្មីនេះ​ មកដល់បច្ចុប្បន្នបានដំណើរសាងសង់​សម្រេច​បាន ២៨% បាន​ចំណាយ​អស់​ទឹកប្រាក់សាងសរុប ៣៧៥លានដុល្លារអាមេរិច ដោយ​មិន​រាប់​បញ្ចូល​ថ្លៃ​ដី​ដែល​វិនិយោគ​រួច​ដោយ CAIC។សូមបញ្ជាក់ថា ក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនវិនិយោគក្នុងស្រុកមួយធំជាង​គេក្នុងប្រទេសកម្ពុជា ដែល​ជំនាញនៅ​ក្នុង​ការ​អភិវឌ្ឍ​លើវិស័យហេដ្ឋា​រចនាសម្ព័ន្ធ​ អចលនទ្រព្យ សំណង់ ការគ្រប់គ្រង​អចលនទ្រព្យ ​ការអប់រំ វេជ្ជសាស្ត្រ ​ផ្សារ​ទំនើប ​សណ្ឋាគារ​ រោងម៉ាស៊ីនកិនស្រូវ និង​សង្វាក់ផលិត​កម្ម​ជាដើម ជាមួយនឹងគម្រោងសំខាន់ៗ​ជាច្រើនដូចជា ​អាកាស​យាន្តដ្ឋាន​អន្តរជាតិតេជោ ទីក្រុង​កោះពេជ្រ កោះនរា ទីក្រុងរណបជ្រោយចង្វារ និង ទីក្រុងទំនើប Olympia ជាដើម។ដោយឡែកក្រុមហ៊ុន CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែល​តំណាង​ដោយ​រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និង ក្រុមហ៊ុនOCIC ។ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឱ្យ ក្រុមហ៊ុនCAIC ក្នុង​ការ​កាន់កាប់ រចនា ប្លង់ សាងសង់ ធ្វើ​ហិរញ្ញប្បទាន ​និងគ្រប់គ្រងប្រតិបត្តិការគម្រោង ​អាកាស​យាន្តដ្ឋាន​អន្តរជាតិ​តេជោ។សម្រាប់ ធនាគារABA គឺជា​ស្ថាប័នហិរញ្ញវត្ថុ​ឯកជនឈានមុខគេ ដែលត្រូវបានបង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៦។ ABA គិតត្រឹមថ្ងៃ ៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ទ្រព្យ​សម្បត្តិ​សរុបរបស់ធនាគារមានទំហំ ៧,៧ ពាន់​លានដុល្លារអាមេរិក។ ជាមួយ​សាខា​ទាំងអស់ ៨០​និងម៉ាស៊ីនសេវាធនាគារស្វ័យប្រវត្តិជាង ៧៨០គ្រឿងនៅទូទាំងប្រទេស ជាមួយ​ប្រព័ន្ធធនាគារ online ​ដ៏ទំនើប​បាន​ជម្រុញឲ្យធនាគារ ABA អាចផ្តល់សេវាហិរញ្ញវត្ថុប្រកប​ដោយ​ភាព​ងាយ​ស្រួល​ ទំនើប​ទាន់​សម័យ ដល់​អតិថិជន​យ៉ាងទូលំទូលាយ ៕អត្ថបទ៖ ស៊ុម សុខជា

សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងមានកំណើន ៧ភាគរយ នៅឆ្នាំ២០២៤

2021/12/15 12:44:25 pm        534
ភ្នំពេញ៖ យុទ្ធសាស្រ្តស្តារ និងជំរុញសេដ្ឋកិច្ចថ្មី ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល នឹងធ្វើឲ្យកំណើនសេដ្ឋកិច្ច ត្រឡប់ទៅដូចដើមវិញ នៅត្រឹមឆ្នាំ ២០២៤ ។ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពីយុទ្ធ សាស្រ្តស្តារ និងជម្រុញ​កំណើនសេដ្ឋកិច្ច ​តាមគន្លងប្រក្រតីថ្មី នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ថា នាពេលកន្លងមកនេះ​ រាជរដ្ឋាភិបាល​បានចាត់វិធានការចំនួន ១០ ជុំមក​ហើយ​ ដើម្បី​ជួយទប់​លំនឹង​សេដ្ឋកិច្ច ​ក្នុងនោះចាប់ពីឆ្នាំ ២០២២ តទៅ រាជរដ្ឋាភិបាល​លែង​អនុវត្តតាមវិធាន​ការ​បង្វិល​ជុំទៀតហើយ ​ដោយ​កញ្ចប់​ថវិកា​ទាំងអស់ត្រូវដាក់ចូលក្នុង​យុទ្ធសាស្រ្តស្តារ និងជម្រុញកំណើនឡើងវិញ​ ដែលយុទ្ធសាស្រ្តនេះ គឺជា​យុទ្ធសាស្រ្ត​មានលក្ខណៈប្រទាក់ក្រឡា ​និងគ្រប់ជ្រុងជ្រោយ។ឯកឧត្តម បន្តថា តាមរយៈនៃការដាក់ចេញនូវយុទ្ធសាស្រ្តនេះ គឺជាការជម្រុញ​ដោះស្រាយ​លើ​គ្រប់​វិស័យ​នូវ​រាល់​បញ្ហាប្រឈម​នីមួយៗ ជាពិសេសវិស័យ​ដែល​ជាកំណើន​សេដ្ឋកិច្ចធំៗ, ក្នុងនោះ​ដើម្បី​អនុវត្តយុទ្ធសាស្រ្តប្រកបដោយភាពជោគជ័យ ​រាជរដ្ឋាភិបាល​នឹង ដាក់ចេញ​ជា​ផែនការ​សកម្មភាព​លម្អិត​ទៅលើក្រសួងស្ថាប័នពាក់ព័ន្ធ ​ដើម្បី​ជម្រុញឲ្យសម្រេចនូវកំណើន​ដូចដើមវិញ ក្នុង​រង្វង់ប្រមាណ ៧ភាគរយ នៅត្រឹមឆ្នាំ ២០២៤ ខាងមុខ ។ឯកឧត្តម ផាន់ ផល្លា បន្តថា ជុំវិញផែនការស្តារ និងអភិវឌ្ឍន៍សម្រាប់គម្រោងឆ្នាំ២០២២, ក្រៅពី​គម្រោងបោះផ្សាយលក់មូលបត្ររបស់រដ្ឋរាជរដ្ឋាភិបាលនឹងបន្តខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍ ក្នុងកម្រិត ១ ៦០០ លាន SDR ដែលកើនឡើង ១០០ លាន SDR បើធៀបឆ្នាំ ២០២១​ ដើម្បីយកថវិកានេះ​ទៅ​អនុវត្ត​ហេដ្ឋា​រចនា​សម្ព័ន្ធសំខាន់ៗ​ ដែលជាផ្នែកមួយជួយរុញកំណើនសេដ្ឋកិច្ចបន្ថែម។ ពាក់ព័ន្ធបំណុលនេះ ឯកឧត្តម បញ្ជាក់ថា ​បើតាមការវាយតម្លៃពី IMF, ធនាគារពិភពលោក និងស្ថាប័នវាយតម្លៃធំៗផ្សេងទៀត មកដល់ពេលនេះបំណុល ដែលរាជរដ្ឋាភិបាលខ្ចី បើធៀបទៅនឹងប្រទេសផ្សេងៗ គឺកម្ពុជាស្ថិតនៅក្នុងកម្រិតទាបនៅឡើយ ៕អត្ថបទ៖ សុន រ៉ាឌី

ត្រីប្រហុកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឆ្នាំនេះទទួលផលច្រើន និងតម្លៃទាបជាងឆ្នាំមុន

2021/12/15 11:52:28 am        536
ភ្នំពេញ៖ រយៈពេលប្រមាណ ៣ថ្ងៃមកនេះ ការនេសាទត្រីប្រហុកក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ កំពុងទទួលបានទិន្នផលល្អប្រសើរ ធៀបទៅនឹងការនេសាទត្រីប្រហុកឆ្នាំមុន។ ចំណែកឯតម្លៃត្រីប្រហុក ក្នុងឆ្នាំនេះ ក៏ស្ថិតក្នុងតម្លៃថោកជាងឆ្នាំមុនផងដែរ។នេះជាការលើកឡើងរបស់លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ ក្នុងឱកាសលោកចុះត្រួតពិនិត្យការប្រមូលត្រីប្រហុក ក្នុងភូមិសាស្រ្ត ច្រាំងចម្រេះ ខណ្ឌឬស្សីកែវ។ពាក់ព័ន្ធនឹងការនេសាទត្រីប្រហុកនេះ លោក ងិន ឌី នាយខណ្ឌរដ្ឋបាលជលផលភ្នំពេញ បានលើកឡើង​ក្នុងការចុះត្រួតពិនិត្យការប្រមូលផលត្រីប្រហុកថ្ងៃនេះថា​ ទិន្នផលត្រី​ប្រហុក ក្នុង​ភូមិសាស្រ្តរាជធានីភ្នំពេញ អាចមានចំនួនតិចជាងទិន្នផលត្រីប្រហុកនៅខេត្តកណ្ដាល ដែល​នៅខាងលើ។យ៉ាង​ណាមិញលោកបញ្ជាក់ថា សម្រាប់ការប្រមូលត្រីប្រហុកនៅភូមិសាស្រ្តរាជធានីភ្នំពេញឆ្នាំនេះ គឺទទួល​បានផលល្អប្រសើរជាងឆ្នាំមុន។ លោកថា ការនេសាទត្រីប្រហុក ក្នុងមួយគន្លងដៃ អាច​ប្រមូល​បានផលប្រមាណ៤០០គីឡូ ក្នុងរយៈ​ពេល​មួយ​ម៉ោង​ រីគន្លងខ្លះអាចទទួល​បាន​ផល​លើស​ពីនេះទៅទៀត។ លោក បញ្ជាក់ដែរថា​ ទិន្នផលត្រីប្រហុកនេះ ​អាចបន្ត​ត្រូវ​ក្នុង​រយៈពេលប៉ុន្មាន​ថ្ងៃខាង​មុខទៀត រួច​ទិន្នផល​នឹង​មាន​ការ​ធ្លាក់​ចុះ​ទៅ​វិញ។អ្នកស្រី ស្មាន ម៉ីសំ ជាអ្នកប្រមូលផលត្រីប្រហុកដើម្បីលក់តជូនប្រជាពលរដ្ឋនៅតំបន់ច្រាំងចម្រេះ បាន​លើកឡើងថា តម្លៃត្រីមាន​ធូថ្លៃ​ជាង​ឆ្នាំ​មុន​ច្រើន ​ហើយប៉ុន្មានថ្ងៃមកនេះ ក៏ពុំទាន់​ឃើញ​មាន​ប្រជាពលរដ្ឋសម្រុកមកទិញច្រើននោះទេ។​ តម្លៃត្រីប្រហុក​ដែល​លោក​ស្រី​លក់ ​គឺ​មានតម្លៃប្រមាណ ២៥០០ ក្នុង១គីឡូ សម្រាប់ត្រីមិនទាន់ធ្វើ ​និងមាន​មានតម្លៃប្រមាណ ៥០០០ទៅ ៦០០០​រៀលក្នុង១គីឡូ សម្រាប់ត្រីដែលធ្វើរួច។ចំពោះប្រជាពលរដ្ឋដែលបានមកទិញ ត្រីប្រហុកនៅថ្ងៃនេះ ក៏សប្បាយចិត្តពេល​តម្លៃត្រីមាន​ភាព​ធូរ​ថ្លៃផងដែរ។ តាម​ការសាកសួរ​ ពួកគាត់ទិញត្រីប្រហុក​ សម្រាប់​ការប្រើប្រាស់ក្នុងគ្រួសារ ​ចែកកូនចៅ ដោយទិញប្រមាណ ១០០គីឡូ សម្រាប់រ​យៈពេលមួយឆ្នាំនេះ។ផ្អែកតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ​សម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្ដាលអាចនេសាទត្រី​បាន​ច្រើន​ចាប់​ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែធ្នូ បើ​សិន​ជា​មេឃ​ស្រឡះល្អ ​គ្មានភ្លៀងកក់ខែ​ ឬទទួលរងឥទ្ធិពលព្យុះ៕ អត្ថបទ៖ គឹមហុក  

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធជាង ២៥៦០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/14 03:31:35 pm        382
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យអនឡាញ បានចំនួនជាង ១០ ពាន់ប៊ីលានរៀល ត្រូវប្រមាណជាង ២ ៥៦០ លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនៅក្នុង កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែវិច្ឆិកា និង​សម្រាប់​រយៈពេល១១ខែ ឆ្នាំ២០២១នេះថា ការអនុវត្តប្រមូលចំណូលពន្ធសម្រាប់រយៈពេល ១១ខែ ឆ្នាំ២០២១ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មាន ចំនួនជាង ១០ ៣៦៨ប៊ីលានរៀល ត្រូវជាង ២ ៥៦០លានដុល្លារអាមេរិក ស្មើនឹង ១១៤,១៣% នៃផែនការច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ។ចំពោះលទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ នៅក្នុងខែ វិច្ឆិកា ឆ្នាំ២០២១ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយក ដ្ឋានពន្ធដារប្រមូលបាន តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូល អនឡាញ​របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួនជាង ៩៩០ប៊ីលានរៀល ត្រូវប្រមាណជាង ២៤៤ លានដុល្លារអាមេរិក ស្មើនឹងជិត ១១% នៃផែនការច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ ការគ្រប់គ្រងឆ្នាំ២០២១ ប្រៀបធៀប​នឹងចំណូលពន្ធអាករ ប្រចាំខែវិច្ឆិកាទៅនឹងឆ្នាំ២០២០ ឃើញថា​ ការប្រមូលពន្ធបាន កើនឡើង​ជាង ៤៩ប៊ីលានរៀល ស្មើរជាង ១២លានដុល្លារអាមេរិក ត្រូវប្រមាណ ៥,២៤%។ ឯកឧត្តម គង់ វិបុល បញ្ជាក់ថា លទ្ធផលប្រមូលចំណូលពន្ធ កើនឡើង ក្នុងខែវិច្ឆិកា និងឈាន​ទៅ​សម្រេច​លើសផែនការឆ្នាំ២០២១ រហូតដល់ ១៤,១៣% ក្នុងរយៈពេលត្រឹមតែ១១ខែ ឆ្នាំ២០២១ នេះ បានកើតចេញពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសការគ្រប់គ្រងស្ថានការណ៍នៃជំងឺកូវីដ-១៩ បានពេញលេញ និងមានប្រសិទ្ធភាពខ្ពស់ តាម​រយៈចាត់វិធានការជា យុទ្ធសាស្រ្ត ក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា​ប្រកបដោយ​ស្មារតី​បុរេសកម្ម ​និងទាន់ពេលវេលា ដែលអាចកសាង ភាពធន់របស់សហគមន៍ទៅ​នឹង​ជំងឺ​រាតត្បាតនេះ ហើយឈានទៅបើក ប្រទេសជាតិឱ្យដំណើរការសេដ្ឋកិច្ចឡើងវិញ ក្រៅពីគោលការណ៍​ខាងលើ អគ្គនាយកដ្ឋាន ​បានរៀបចំអភិវឌ្ឍ និងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​តាំងពីមុន ការ​រីករាលដាលនៃជំងឺកូវីដ-១៩ ការគ្រប់គ្រងប្រមូលចំណូល ពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបាន​ដាក់ឱ្យអនុវត្ត និងប្រព័ន្ធទទួលលិខិត ប្រកាសពន្ធពាក្យស្នើសុំលិខិតរដ្ឋបាល និង​ឯកសារនានា តាមរយៈប្រព័ន្ធបញ្ជូនឯកសារអេឡិចត្រូនិក ព្រមទាំងការស្នើសុំវិញ្ញាបនបត្រ/លិខិត អនុញ្ញាតនានា តាមប្រព័ន្ធអនឡាញសាធារណៈជនទូទៅ អាចប្រើប្រាស់ GDT Taxpayer App ដែលអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធអចលនទ្រព្យ តាមរយៈទូរស័ព្ទដៃដោយចំណេញពេលវេលាងាយស្រួល​និងចៀសផុតពីហានីភ័យ​នៃការឆ្លងជំងឺ​រាតត្បាតកូវីដ-១៩ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារផ្តល់ លទ្ធភាពជូនអ្នកជាប់​ពន្ធ​ទទួលបានភាពងាយស្រួល និងចំណេញពេលវេលាក្នុងការបង់ពន្ធបានពីគ្រប់ទីកន្លែង ៕អត្ថបទ៖ សុន រ៉ាឌី

ចំណូលកំពង់ផែស្វយ័តភ្នំពេញ សម្រេចបានជាង​ ៣០លានដុល្លារ ក្នុងរយៈពេល១១ខែ

2021/12/13 01:13:06 pm        545
ភ្នំពេញ៖ ប្រាក់ចំណូល​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា (CSX) ក្នុង​រយៈពេល ១១​ខែ​ឆ្នាំ​២០២១ មាន​ប្រមាណ​ជាង ៣០​លាន​ដុល្លារ កើនឡើង​ប្រហែល ១៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០។ទិន្នន័យ​របស់កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២១ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែ វិច្ឆិកា ឆ្នាំ​២០២១ ចំណូល​ដែល ក​.​ស​.​ភ រកបាន​មាន​ចំនួន​សរុប ៣០,៣៩ លានដុល្លារ កើនឡើង ១៤​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០។យោងតាមកំពង់​ផែ​ស្វយ័ត​ភ្នំពេញ ក្នុងចំណោម​ចំណូល​ទាំងនោះ​រួមមាន ចំណូល​ពី​ប្រតិបត្តិការ​ផែ​(Port Operation) មាន​ចំនួន ២៤,៣៧លាន​ដុល្លារ កើន ១៦​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២០, ចំណូល​ពី​អាជ្ញាធរ​ផែ​ ៣,២៣​លាន​ដុល្លារ ធ្លាក់ចុះ ៣​ភាគរយ​, ចំណូល​ពី​សេវាកម្ម​ផ្សេងៗ ៣០ម៉ឺន​ដុល្លារ កើន ៨៩​ភាគរយ និង​ចំណូល​ផ្សេងៗ​ ២,៤៧លានដុល្លារ កើន ១២​ភាគរយ​។ដោយឡែក​សម្រាប់​ខែ វិច្ឆិកា ចំណូល​សរុប​ដែល កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​​ ទទួល​បាន​មាន​ចំនួន ២,៧៦លាន​ដុល្លារ កើនឡើង ១៩​ភាគរយ​ពី​ចំនួន ២,៣៣លាន​ដុល្លារ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២០​។ ក្នុងនោះ​ចំណូល​ពី​ប្រតិបត្តិការ​ផែ មាន​ចំនួន ២,២៩លាន​ដុល្លារ កើន ២៤​ភាគរយ​​។ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០២០ របស់ ក​.​ស​.​ភ (​មិនទាន់​ធ្វើ​សវនកម្ម​) មាន​ចំនួន ២៩,៤៨ លាន​ដុល្លារ ធ្លាក់ចុះ ៦ ភាគរយ​បើ​ធៀប​នឹង ៣១,៣១ លាន​ដុល្លារ (​ធ្វើ​សវនកម្ម​រួច​) កាលពី​ឆ្នាំ ២០១៩​៕អត្ថបទ៖ វណ្ណៈ

រាជរដ្ឋាភិបាល កំណត់យកអាករលើតម្លៃបន្ថែម ១០ភាគរយ ចំពោះប្រតិបត្តិករ​ធ្វើ​អាជីវកម្ម​ក្រៅ​ប្រទេស

2021/12/13 12:47:02 pm        834
ភ្នំពេញ៖ រាជរដ្ឋាភិបាលកំណត់យកអាករលើតម្លៃបន្ថែម តាមអត្រា ១០% ពីអនិវាសនជន (ប្រតិបត្តិករក្រៅប្រទេស) ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូចនិច សម្រាប់ការផ្គត់ផ្គង់សេវាដល់ និវាសនជន (ដែលជាអតិថិជន) នៅក្នុងព្រះរាជជាណាចក្រកម្ពុជា។អគ្គនាយកដ្ឋានពន្ធដារចេញសេចក្តីណែនាំ ស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូចនិច ដែលផ្គត់ផ្គង់​ទំនិញឌីជីថល​ ឬសេវាឌីជីថល ឬ​រាល់​សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ​ដោយអ្នកជាប់ពន្ធ​ អនិវាសជន ពីក្រៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ដល់និវាសនជនក្នុងស្រុក រាជរដ្ឋាភិបាលនឹងត្រូវកំណត់យកអាករលើតម្លៃបន្ថែម។ ចំពោះការ​ផ្គត់ផ្គង់ទំនិញឌីជីថល​ ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពីក្រៅព្រះរាជាណាចក្រកម្ពុជា មកក្នុងព្រះរាជាណាចក្រកម្ពុជា អ្នកជាប់ពន្ធ​អនិវាសនជន (ប្រតិបត្តិករក្រៅប្រទេស) ​ដល់អតិថិជននៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ត្រូវមាន​កាតព្វកិច្ច​ប្រមូលអាករលើតម្លៃបន្ថែមតាមអត្រា ១០% ពីបុគ្គលនិវាសនជន ​ដែលមិនបានចុះបញ្ជី តាម​របបស្វ័យប្រកាស ​និងត្រូវដាក់លិខិតប្រកាសអាករលើតម្លៃបន្ថែមប្រចាំខែ ព្រមទាំងបំពេញ​ព័ត៌មាន​លម្អិត និង​បង់អាករលើតម្លៃបន្ថែមជូនអគ្គនាយកដ្ឋានពន្ធដារ។ជុំវិញអាករតម្លៃបន្លែម លោកឧកញ៉ា ឈិន កេន ប្រធានសមាគមបច្ចេកវិទ្យាឌីជីថលនៃកម្ពុជាថា វិស័យ​បច្ចកវិទ្យាបានកំពុងរីកចម្រើននៅក្នុងពិភពលោក ដែលនិន្នាការនេះកម្ពុជាកំពុងតែក្តោប​យក​ការប្រើប្រាស់បច្ចេកវិទ្យា ​ក្នុងការទំនាក់ទំនង ជាពិសេសសម្រាប់បម្រើការធ្វើអាជីវកម្ម។ ស្របតាមបរិបថរីកចម្រើននេះ វាគឺជាឱកាសកម្ពុជា ដើម្បីប្រមូល ចំណូលអាករលើតម្លៃបន្ថែម ទោះបី​ការប្រមូលចំណូលប្រភេទនេះតិច ឬច្រើនក្តី រាជរដ្ឋាភិបាលអាចសន្សំ ដើម្បី​ពូនជ្រុំ​ជា​ទុនសម្រាប់ការអភិវឌ្ឍប្រទេស។បន្ថែមពីលើនេះ លោកឧកញ៉ា បានស្នើសុំដល់ស្ថាប័នអនុវត្ត ពន្យាពេលនៃការចុះបញ្ជីបន្ត ដើម្បី​ទុកឱកាស ​ដល់ក្រុមហ៊ុនមានលទ្ធភាពចុះបញ្ជី ​ ខណៈក្រុមហ៊ុនមួយចំនួននៅតែមានផលវិបាក ក្នុង​ស្ថានភាពនៃវិបត្តិជម្ងឺកូវីស ១៩នេះ៕ អត្ថបទ៖ សុន រ៉ាឌី

World Bank ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ២,២ភាគរយឆ្នាំ២០២១

2021/12/09 04:48:06 pm        741
ភ្នំពេញ៖ ធនាគារពិភពលោក ធ្វើបច្ចុប្បន្នភាពចុងក្រោយ បានបង្ហាញថា ផលិតផលសរុបក្នុង​ស្រុក​របស់កម្ពុជាក្នុងឆ្នាំ២០២១​ ត្រូវបានព្យាករ ​នឹងមានកំណើនត្រឹមតែ ២,២ភាគរយ នឹងនៅឆ្នាំ២០២២ រំពឹងថា នឹងបន្តងើបឡើងដល់ ៤,៥ភាគរយ ប៉ុន្តែដំណើរការនៃការងើបឡើងនេះ នឹងជួបហានិភ័យទៅវិញ ប្រសិនបើមានការផ្ទុះឡើងនៃវីរុសនេះជាថ្មីម្តងទៀត។លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា លើក​​ឡើងនៅក្នុងការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ថ្ងៃទី៩ខែធ្នូ ឆ្នាំ២០២១នេះថា ក្នុង​ពេលបច្ចុប្បន្ន កម្ពុជា​កំពុង​តែ​រស់​នៅ​ជាមួយជំងឺកូវីដ-១៩ ប្រជាជនចំនួនច្រើនលើសលប់​បាន​ចាក់វ៉ាក់សាំង​ការពាររួច​ ហើយរដ្ឋាភិបាល​ក៏បាន​ចាប់​ផ្តើម​បើក​ប្រទេសឱ្យដំណើរការឡើងវិញ​សឹងតែគ្រប់​ផ្នែកផងដែរ​ ដោយបន្តអនុវត្តវិធានការការពារ​សុខភាព​ដែល​មាន​ជា​ធរ​មាន​ស្រាប់។ ពាក់ព័ន្ធសេដ្ឋកិច្ច តាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ធនាគារពិភពលោក ក្នុងឆ្នាំ២០២១ នេះ ផលិត​ផល​សរុប​ក្នុងស្រុករបស់កម្ពុជា ត្រូវបានព្យាករថា ​នឹងមានកំណើនត្រឹមតែ ២,២ភាគរយ​ប៉ុណ្ណោះ ​ដោយសារវិស័យសេវាកម្ម រួម​មាន​វិស័យ​ទេសចរណ៍, និងវិស័យសំណង់ ​និងអចលនទ្រព្យ នៅមានកំណើនយឺត។ ទន្ទឹមគ្នានេះ ​វិស័យជា​ប្រពៃណី​ក្នុង​ការ​ជំរុញ​កំណើន ​ជាពិសេសឧស្សាហកម្មកាត់ដេរ, ទំនិញ​ធ្វើដំណើរ ​និងស្បែកជើង ​និងឧស្សាហកម្មផលិតកង់ រួមទាំង​វិស័យ​កសិកម្មផង នៅតែបន្តដើរតួក្នុង​ការ​ទ្រទ្រង់​ដល់ការស្តារសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩។​ ចំណែកការ​នាំ​ចេញ, ផលិត​សម្រាប់​ការ​នាំចេញបានរើបឡើងវិញ ​ជាពិសេសផលិតផលកសិកម្មមានការកើនឡើង ក្នុង​នោះឱនភាព​ផ្នែក​ពាណិជ្ជ​កម្ម ​ក៏បានរីកទំហំកាន់តែធំគួរឱ្យកត់សម្គាល់ផងដែរ។ ជុំវិញកំណើនសេដ្ឋកិច្ចនេះដែរ បើតាមការព្យាករទុកសម្រាប់ពេលខាងមុខ ​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​បន្ត​ងើប​ឡើង​វិញបន្ទាប់ពីវិធានការរឹតត្បិតពាក់ព័ន្ធ​នឹងកូវីដ-១៩ ត្រូវបានដកចេញ។ នៅក្នុងឆ្នាំ ២០២២ ​សេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញ ចំពេលមានការរឹតបន្តឹង​ទាក់ទង​នឹង COVID-19 ដោយកំណើន GDP ត្រូវបានព្យាករណ៍ថា នឹងឈានដល់ ៤.៥% ប៉ុន្តែដំណើរការនៃ​ការ​ងើប​ឡើងនេះ ​នឹង​ជួប​ហានិ​ភ័យ​ទៅ​វិញ ​ប្រសិន​បើមានការផ្ទុះឡើងនៃវីរុសនេះជាថ្មីម្តងទៀត៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចក្រុមប្រទេសនិយាយភាសាបារាំង

2021/12/08 01:03:55 pm        181
ភ្នំពេញ៖ កម្ពុជាបង្ហាញពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការ OIF ដែលកត្តាទាំងនេះនឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណងសហប្រតិបត្តិការលើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែកស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជំងឺរាតត្បាតសកលកូវីដ-១៩។នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ាន សូរស័ក្ត មន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតី​ប្រកាស​បើកកម្មវិធី ​ដែលធ្វើឡើងនៅរាជធានីភ្នំពេញ ក្រោមកិច្ចសហការរៀបចំដោយក្រសួង​ការ​បរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអង្គការក្រុមប្រទេសនិយាយភាសារបារាំង។ កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា តំណាងអន្តរក្រសួងស្ថាប័ន ដៃគូរអភិវឌ្ឍន៍ និងតំណាងវិស័យឯកជនជាច្រើនរូប។ក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រដល់បេសកកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្ម​ហ្វ្រង់កូហ្វូនី​ ដែលត្រូវបានផ្តួចផ្តើមដោយអង្គការក្រុមប្រទេសនិយាយភាសារបារាំង ក្នុងគោល​បំណង​បង្កើតទំនាក់ទំនងសេដ្ឋកិច្ច ​រវាងប្រទេសប្រើប្រាស់ភាសាបារាំង​ និងប្រទេសក្នុងតំបន់។ជាមួយគ្នានេះ ឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ពីឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងចំណងការទូត ជាមួយប្រទេសជាសមាជិកអង្គការក្រុមប្រទេសនិយាយភាសារបារាំង ដែលកត្តាទាំងនេះ​នឹងផ្តល់សារៈសំខាន់ដល់កម្ពុជា និងប្រទេសក្នុងតំបន់ ជាពិសេសចំណង​សហប្រតិបត្តិការ​លើពហុវិស័យ រួមមាន វប្បធ៌ម ទេសចរណ៍ សង្គមកិច្ច និងចូលរួមចំណែក​ស្តារសេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពីទទួលផលប៉ះពាល់ដោយជម្ងឺរាតត្បាតសកល កូវីដ-១៩។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិបត្តិករសេដ្ឋកិច្ច និងវិនិយោគិន​ក្រុម​ប្រទេសនិយាយ​ភាសារបារាំង មកពីគ្រប់ទ្វីបទាំងអស់ ឱ្យពិនិត្យពីសក្តានុពលពាណិជ្ជកម្ម​ដែលកម្ពុជាមាន និងកាលានុវត្តភាពថ្មីៗ ហើយអាចជ្រើសរើសកម្ពុជាជាទីតាំងសម្រាប់​ពង្រីក​សហប្រតិបត្តិការថ្មីក្នុងតំបន់ និងចូលរួមក្នុងខ្សែច្រវ៉ាក់តំលៃដែលកំពុងមានឧត្តមភាពរីកចម្រើន។គួរបញ្ជាក់ផងដែរថា ប្រទេសជាសមាជិក និងប្រទេសអង្កេតការទាំងអស់​របស់​អង្គការ​ក្រុមប្រទេស​និយាយភាសារបារាំង​ មានសរុបចំនួន ៨៨ប្រទេស ហើយនៅឆ្នាំ២០២០ កម្ពុជាសម្រេច​បានទំហំពាណិជកម្មសរុប ៩,៦ប៊ីលានដុល្លាអាមេរិកជាមួយ​ប្រទេសក្រុមប្រទេស​និយាយ​ភាសារ​បារាំង ដោយក្នុងនោះកម្ពុជាបាននាំចេញ ៦,៥ប៊ីលានដុល្លាអាមេរិក កើនឡើងប្រមាណ ៤% ធៀបនឹងឆ្នាំ២០១៩៕អត្ថបទ៖ វណ្ណៈ 

បុរី ខេភី ម៉ន ដានី បើកលក់គម្រោងវីឡាថ្មីគ្រប់ប្រភេទ តម្លៃត្រឹមតែជាង ២ម៉ឺនដុល្លារ

2021/12/06 11:31:23 am        54
ភ្នំពេញ ៖ ក្រុមហ៊ុន ខេភី (KP) ម៉ន ដានី បានប្រកាសលក់វីឡាថ្មីគ្រប់ប្រភេទ ដែលមានតម្លៃចាប់ពី ២២.០០០ដុល្លារ ដល់ ៤៤.០០០ដុល្លារអាម៉េរិក តែប៉ុណ្ណោះ និងបញ្ចុះថ្លៃរហូត ២០% ត្រឹមបំណាច់ឆ្នាំ២០២១នេះជូនដល់អតិថិជនដែលមានបំណងចង់បានផ្ទះវីឡាទំនើប ទាន់សម័យ និងរស់នៅដោយផាសុខភាព។​នៅក្នុងឱកាសពិធីចែកមហារង្វាន់សរុប ៤០ម៉ឺនដុល្លារ ជូនអតិថិជននៅគម្រោងទី២៩ ស្ថិតនៅលើផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២១កន្លងទៅនេះ លោក ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ម្ចាស់លំនៅដ្ឋានវីឡា ខេភី ម៉ន ដានី បានមានប្រសាសន៍ថា ក្រៅពីតម្លៃពិសេសជូនអតិថិជន ក៏មានបន្ថែមសម្ភារៈបំពាក់ជាច្រើនផ្សេងទៀត ដូចជា ម៉ាស៊ីនត្រជាក់ ទូរដាក់ចានលើក្រោម ចង្ក្រានអគ្គិសនី ម៉ាស៊ីនបឺតផ្សែង គ្រឿងសម្ភារៈបន្ទប់ទឹក និងម៉ាស៊ីនងូតទឹកក្តៅទឹកត្រជាក់ទៀតផង។ ទាក់ទងនឹងគោលបំណងនៃកម្មវិធីផ្តល់រង្វាន់នេះ ម្ចាស់លំនៅដ្ឋានវីឡា ខេភី ម៉ន ដានី បានបញ្ជាក់ដូច្នេះថា​លោក ឃុនថាវង្ស បានបញ្ជាក់បន្ថែមថា ចក្ខុវិស័យរបស់ ខេភី ម៉ន ដានី មិនត្រឹមតែផ្តល់លំនៅដ្ឋានទំនើបជូនអតិថិជនប៉ុណ្ណោះទេ តែក៏ជាការផ្តល់ នូវឱកាសវិនិយោគដែលមានប្រាក់ចំណេញខ្ពស់ក្នុងរយៈពេលឆាប់ជូនអតិថិជនដែលតែងតែគាំទ្រផងដែរ។សូមជម្រាបថា លំនៅដ្ឋានវីឡាប្រណីត ខេភី ម៉ន ដានី គម្រោងទី២៩ ស្ថិតនៅភូមិភានសា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ចម្ងាយ២៩គីឡូម៉ែត្រពីទីក្រុងភ្នំពេញ។ គម្រោងមួយនេះ សាងសង់ជាវីឡាទំនើបចំនួន ៥ពាន់ខ្នង អមដោយរុក្ខជាតិបៃតងស្រងាត់ ហ៊ុមព័ទ្ធដោយបឹង ទីធ្លាហាត់ប្រាណលំហែកាយ ដែលពោរពេញទៅដោយបរិយាកាសធម្មជាតិ និងមានចំងាយតែ១គីឡូម៉ែត្រពីផ្លូវក្រវ៉ាត់ក្រុងទី៣ តែប៉ុណ្ណោះ។ រហូតមកទល់បច្ចុប្បន្ន គម្រោងទី២៩នេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវគ្រប់ទិសទី គិតចាប់ពីថ្ងៃលក់ជាផ្លូវការ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លក់ផ្ទះចេញអស់ជាង ៨០%ហើយ៕​អត្ថបទ ៖ បូរ៉ាវី

កម្ពុជា-ចិន ឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣

2021/12/06 11:46:21 am        369
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសចិន បានបញ្ជាក់ជាថ្មី លើការជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ១០ប៊ីលានដុល្លារ នៅឆ្នាំ២០២៣ខាងមុខ ស្របពេលដែលប្រទេសទាំងពីរ នឹងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅដើមឆ្នាំក្រោយ។ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិននៅប្រទេសចិន។យោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា ​មានចំនួនទឹកប្រាក់កើនរហូតដល់ ៨ ៩៣១ លានដុល្លារ​អាមេរិក មានកំណើន ៣៨.៥៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃទស្សនកិច្ចរបស់ ឯកឧត្តម ប្រាក់ សុខុន ​ទៅកាន់ខេត្តជឺជាំង ប្រទេសចិន ​នាថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខការទូតកម្ពុជា-ចិន បាន​កត់សម្គាល់ដោយការ ពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។ភាគីទាំងពីរ បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន ​និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច ​គ្រប់ជ្រុងជ្រោយក្នុងតំបន់ ​នៅដើមឆ្នាំក្រោយ ហើយបានប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣។នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការត្រួតពិនិត្យអនាម័យសត្វ ​និងភូតគាមអនាម័យ និង សុវត្ថិភាពចំណីអាហារ រវាងកម្ពុជា និងចិនផងដែរ៕អត្ថបទ៖ វណ្ណៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍របស់UN បង្ហាញពីភាពអត់ឃ្លានជាសកលធ្លាក់ចុះ ប៉ុន្តែអសន្តិសុខស្បៀងកើនឡើងនៅអាហ្វ្រិក
07/29/2025 11:07 AM
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលចំពោះការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃថា នៅ បន្តបាញ់គ្នានៅព្រំដែន
07/29/2025 11:07 AM
ក្រសួងព័ត៌មាន ណែនាំដល់សាធារណជន​​ប្រើប្រាស់បណ្ដាញសង្គម​ដោយការទទួល​ខុសត្រូវ​ និងត្រូវបញ្ឈប់ជាបន្ទាន់​នូវការកាត់តរូបភាព ការប្រមាថ ឬ​ការ​បង្កើត​ព័ត៌មាន​ញុះញង់​
07/29/2025 11:07 AM
Bloomberg៖ ការដំឡើងពន្ធរបស់លោកTrump នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់២សែនកោដិដុល្លារ
07/29/2025 10:07 AM
មនុស្ស ៥នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅក្រុងញូវយ៉ក សហរដ្ឋអាមេរិក ខណៈខ្មាន់កាំភ្លើងបាញ់សម្លាប់ខ្លួនឯង
07/29/2025 10:07 AM
ប្រមុខUN អំពាវនាវឱ្យមាន «ដំណោះស្រាយរដ្ឋពីរដែលអាចសម្រេចបាន» ចំពោះជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន
07/29/2025 10:07 AM
មនុស្សយ៉ាងហោចណាស់១៧នាក់ស្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងវាយប្រហារបារមួយកន្លែង នៅអេក្វាឌ័រ
07/29/2025 10:07 AM
លោក Trump៖ មនុស្សជាច្រើនកំពុងស្រេកឃ្លាននៅហ្កាហ្សា ដោយសន្យាថានឹងបង្កើតមជ្ឈមណ្ឌលស្បៀង
07/29/2025 10:07 AM
កូរ៉េខាងជើងនិយាយថា លោក Trump ត្រូវតែទទួលយកការពិតនុយក្លេអ៊ែរថ្មី
07/29/2025 10:07 AM
សម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមគោរពវិញ្ញាណក្ខន្ធសពឧត្តមសេនីយ៍ឯក ដួង សំនៀង បាន​ពលី​ក្នុង​ជន្មាយុ​៦៧ឆ្នាំ ក្នុងបុព្វហេតុការពារបូរណភាពទឹកដី
07/29/2025 10:07 AM