ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់
ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តសហគមន៍ និងក្រុមហ៊ុន​បន្តស្មារតី​សាមគ្គីភាព ដើម្បី​ទទួល​ផល​ចំណេញ​ទាំងអស់គ្នាថែមទៀត
កម្ពុជា និងកូរ៉េ រួមគ្នាជំរុញការកាត់បន្ថយឧស្ម័ន​ផ្ទះកញ្ចក់​តាមរយៈ​ការ​វិនិយោគ​មធ្យោបាយ​ដឹកជញ្ជូន​-អគ្គិសនី ឆ្ពោះទៅគោលដៅអព្យាក្រឹតកាបូនឆ្នាំ២០៥០
កសិករខេត្តកំពង់ធំជិតពីររយគ្រួសារទទួលផលចំណេញច្រើនក្រោយចងក្រងជាសហគមន៍កសិកម្មទំនើប

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាទាក់ទាញវិនិយោគផ្ទាល់ពីបរទេសមានតម្លៃសរុប ៣៩ប៊ីលានដុល្លារ ក្នុងឆមាសទី១

2021/11/29 11:06:28 am        361
ភ្នំពេញ ៖ កម្ពុជា​ទទួល​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស(FDI) ​សរុប ​៣៩​ប៊ី​លាន​ដុល្លារ​ គិតត្រឹមចុងឆមាសទីមួយ ឆ្នាំ​២០២១ ។ ទំហំវិនិយោគទាំងនេះ ​ផ្ដោតលើ​វិស័យហិរញ្ញវត្ថុ អចលនទ្រព្យ​ កសិកម្ម កម្មន្តសាល និងសណ្ឋាគារ និង​​ជាដើម​។យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជាចេញផ្សាយ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ នាថ្ងៃទី២៧វិច្ឆិកាថា ការវិនិយោគផ្ទាល់ពីបរទេសនៅកម្ពុជា​ មានក្នុង​ទំហំ​ទឹកប្រាក់ ​៣៩ប៊ីលានដុល្លារ ត្រឹម​ចុង​ឆមាសទីមួយ​ ឆ្នាំ២០២១ កើនឡើង ប្រមាណ៩,៦ភាគរយធៀប​នឹងរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន​។បើ​តាមធនាគារជាតិ ទំហំទឹកប្រាក់ទាំងនេះ​ បានពីការវិនិយោគរបស់ប្រទេសចិន ​កូរ៉េខាងត្បូង វៀតណាម សិង្ហ​បុរី ជប៉ុន ម៉ាឡេស៊ី ថៃ អង់គ្លេស និង​កាណាដា​។លំហូរ​វិនិយោគ​នេះ​ គ្របដណ្ដប់​លើ​វិស័យ​កសិកម្ម កម្មន្តសាល ហិរញ្ញវត្ថុ សណ្ឋាគារ​និង​រមណីយដ្ឋាន ​សំណង់ វា​រី​អគ្គិសនី និង​អចលនទ្រព្យ ជាដើម​។ ​សម្រាប់​ផ្នែក​ហិរញ្ញវត្ថុ​មានការ​វិនិយោគ​ប្រមាណ​២១​ភាគរយ ​កម្មន្តសាល​២០​ភាគរយ ​អចលនទ្រព្យ​១២​ភាគរយ សណ្ឋាគារ​១១​ភាគរយ និង​កសិកម្ម​១០​ភាគរយ​។ ឧកញ៉ា លឹម ហេង អនុប្រធាន​សភាពពាណិជ្ជកម្មកម្ពុជា ​យល់ឃើញថា កម្ពុជា នឹងបន្តទាក់ទាញ​បាន​វិនិយោគ​បរទេសបន្ថែមទៀត ​ដោយសារកម្ពុជា ​មាន​សក្តានុពលខ្ពស់​នៃការនាំចេញផលិតផល នៅ​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ទ្វេភាគី តំបន់ និងប្រព័ន្ធ​អនុគ្រោះពន្ធដទៃទៀត។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​បញ្ជាក់ថា ​ទោះបីជា​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ​-១៩​ និង​បន្ត​សម្រប​ខ្លួន​ទៅ​នឹង​ប្រក្រតី​ភាព​ថ្មី​ក្តី ​ក៏ប៉ុន្តែ​វិស័យ​អចលនទ្រព្យ​នេះ គឺ​នៅ​មាន​សក្ដានុពល​ក្នុងការ​វិនិយោគ​។ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន​ថា​ ​អត្រា​នេះ គឺ​បាន​ដោយសារ​ការ​កើន​ឡើង​សន្សឹមៗ ​នៃ​លំហូរ​ទុន​វិនិយោគ​ពី​បរទេស ខណៈ​ការ​វិនិយោគ​និង​តម្រូវការ​ស្រុកលើ​វិស័យ​អចលនវត្ថុ​ដែល​មាន​តម្លៃ​ទាប​និង​មធ្យម នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ​​៕អត្ថបទ ៖ វណ្ណៈ

កម្ពុជាបង្ហាញលើឆាកអន្តរជាតិ ពីដំណើរឆ្ពោះទៅរបត់ថ្មី នៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា

2021/11/27 12:24:44 pm        525
ភ្នំពេញ ៖ កម្ពុជាបានបង្ហាញលើឆាកអន្តរជាតិ នៃការអភិវឌ្ឍន៍វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា នាវានុវត្តន៍ និងការអភិវឌ្ឍ៍វិស័យឧស្សាហកម្ម ដែលកំពុងដើរស្របតាមបរិបថថ្មី ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ ប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការចូលរួមប្រជុំកំពូល​កម្មន្តសាលកម្ម ​និងឧស្សាហូបនីយកម្មសកល នៅទីក្រុងឌូបៃ នា​ពេល​ថ្មីៗនេះថា ឯកឧត្តមកត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ រដ្ឋមន្រ្តី ក្រសួងឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏​ខ្ពង់​ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដឹកនាំប្រតិភូកម្ពុជា ដោយ​កម្ពុជា​បាន​ធ្វើ​បទ​បង្ហាញ​ចំណុច សំខាន់ៗរួមមាន៖ ការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម វិស័យ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានកំពុងដើរតាមបរិបថថ្មី និង​បានលើកឡើង​អំពី​គោល​នយោបាយ​អភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នំា ​២០១៥-២០២៥ ក៏ដូចគោលនយបាយ​វិទ្យាសាស្រ្ត ​បច្ចេកវិទ្យា ​និងនវានុវត្តន៍ ២០២០-២០៣០ ​និងការផ្តោត​ទៅ​លើ​សរសរស្តម្ភ​សំខាន់ៗ​ចំនួន ៥ ដើម្បីឈានទៅសម្រេចតាមចក្ខុវិស័យ​ ប្រែ​ក្លាយ​ជា ​ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០របស់រាជរដ្ឋាភិបាល។ឯកឧត្តម បន្តថា ពាក់ព័ន្ធកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម ​និងឧស្សាហូបនីយកម្មសកល នៅ​ទីក្រុងឌូបៃ គឺជាឱកាសដ៍ល្អមួយ នៅ​កម្ពុជា ក្រោយពេលដែលកម្ពុជាបានកំពុង​ជម្រុញអភិវឌ្ឍន៍​យ៉ាងខ្លាំងក្លា ​ទៅលើផ្នែកឧស្សាហកម្ម ​កម្មន្តសាល​ ក៏ដូចជាវិទ្យាសាស្រ្ត ​បច្ចេក​វិទ្យា និងនវានុវត្តន៍ និង​វិស័យឌីជីថល ដែលវិស័យនេះ ​រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌរយៈ ពេលវែង​សំដៅ​ជំរុញ និង​តម្រង់​ទិស​បរិវត្តកម្មឌីជីថលនៅកម្ពុជា ​ឱ្យទទួលបានជោគជ័យ ​តាមរយៈការកំណត់ និង​ការ​អនុវត្តវិធានការគោលនយោបាយ ​ដែល​ឆ្លុះបញ្ចាំង និងឆ្លើយតបទៅ​នឹងស្ថានភាពបច្ចុប្បន្ន​របស់​កម្ពុជា ​ព្រមទាំងស្របតាមនិន្នា ការតំបន់ ​និងសកល ​និងពង្រីកបន្ថែម ដើម្បី​គាំទ្រដល់ធុរកិច្ច និងប្រជាពលរដ្ឋ។សូមបញ្ជាក់ថា៖ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានសារៈសំខាន់ដើម្បីសម្រេច​បាននូវ​គោល​បំណង ដែល​រាជ​រដ្ឋា​ភិបាល​កម្ពុជា បានកំណត់សម្រាប់គោលដៅ​អភិវឌ្ឍន៍ជាតិរបស់​ខ្លួន​នៅឆ្នាំ២០៣០ និង២០៥០ ​ហើយវិស័យនេះ​ ជាមូលដ្ឋាន​គ្រឹះ​ដែល​មិន​អាចខ្វះ បាន សម្រាប់ប្រទេសកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅកម្រិតជាតិ តំបន់ និងអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីជំនាញ៖ តម្លៃស្រូវធ្លាក់ថ្លៃ ព្រោះទីផ្សារនាំចេញអង្ករទៅក្រៅប្រទេសមានការថយចុះ

2021/11/27 11:54:34 am        415
ភ្នំពេញ ៖ មន្រ្តីជំនាញនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា បច្ចុប្បន្នតម្លៃស្រូវមានការធ្លាក់ថ្លៃជាងមុនបន្តិច ព្រោះទីផ្សារនាំចេញអង្ករទៅក្រៅមានការថយចុះ។លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី២៧ខែវិច្ឆិកានេះ បានប្រាប់BTVឲ្យដឹងថា បច្ចុប្បន្នទីផ្សារអង្ករអន្តរជាតិមានការធ្លាក់ថ្លៃ ដែលជាហេតុធ្វើឲ្យតម្លៃស្រូវនៅប្រទេសកម្ពុជា និងបណ្តាប្រទេសមួយចំនួនទៀតមានការធ្លាក់ថ្លៃផងដែរ។ទីផ្សារកម្ពុជានាំចេញទៅបរទេសច្រើនជាងគេគឺប្រទេសចិន ដែលជួយទិញអង្ករកម្ពុជា ក្នុង​តម្លៃ​ខ្ពស់​ជាងបណ្តាប្រទេសមួយចំនួនទៀត។លើសពីនេះ​ លោកបន្តថា អ្វីដែលកសិករកម្ពុជា​មាន​ការ​ព្រួយបារម្ភនោះ ​គឺ​តម្លៃ​ផលិត​របស់ពួកគាត់មានការកើនឡើង​ ពោលដូចជាជី ថ្នាំកសិកម្ម និង​ការចំណាយផ្សេងៗ​មួយចំនួនទៀត។យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជា​បាន​នាំ​ចេញ​អង្ករគ្រប់ប្រភេទចំនួនជាង៤៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មាន​ចំនួន ៣២៣.៤៧លានដុល្លារសហ​រដ្ឋ​អាមេរិក ​ទៅ​គោលដៅទីផ្សារចំនួន៥៥ប្រទេស​ និងតំបន់ស្វយ័ត ដែលក្នុងនោះរួមមាន៖ ប្រទេសចិន តំបន់ស្វយ័តហុងកុង ម៉ាកាវ ជា​ទីផ្សារនាំចេញទៅច្រើនជាងគេ បន្ទាប់មានប្រទេសបារាំង​ ប្រទេសហ្កាលប៊ុង​ និងប្រទេសម៉ាឡេស៊ីជាដើម។ចំពោះការនាំចេញស្រូវវិញមានចំនួនជាង ២លានតោន ដែលគិតជាទឹកប្រាក់ប៉ាន់ស្មានប្រមាណជា ៦៣៣.៨២ លាន​ដុល្លារសហរដ្ឋអាមេរិក។ទឹកប្រាក់សរុបទាំងការនាំចេញស្រូវ និងអង្ករមាន​ចំនួន​ក្នុង​រយៈពេល ១០ខែ​នៃ​ឆ្នាំ២០២១​នេះ ​មានចំនួនប្រមាណជា ៩៥៧.៣០លានដុល្លាសហរដ្ឋអាមេរិក។បច្ចុប្បន្ននេះ វិស័យកសិកម្មកំពុងក្លាយជាវិស័យមួយក្នុងចំណោមវិស័យបីផ្សេងទៀតក្នុងការនាំ​កំណើន​ដល់​សេដ្ឋ​កិច្ច​ជាតិ​ ក្រោយពីរាជរដ្ឋាភិបាល​ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន​នាយករដ្ឋមន្រ្តីកម្ពុជា ​បានដាក់ចេញ​នូវ​គោល​នយោបាយ​ស្រូវ​អង្ករកាលពីខែសីហា ​ឆ្នាំ ២០១០។ បន្ទាប់ប្រកាសជាផ្លូវការនោះទាំងវិស័យរដ្ឋ ​ឯកជន និងប្រជាពលរដ្ឋ​រួម​ទាំង​អន្តរ​ជាតិផង​ដែលនោះ មានការសាទរយ៉ាងខ្លាំង​ ហើយខិតខំបំពេញការងាររៀងខ្លួន ​និងសហការគ្នា ដើម្បីលើក​កម្ពស់វិស័យកសិកម្ម៕អត្ថបទ៖ទូច សោភ័ណ 

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ

2021/11/26 11:27:40 am        208
ភ្នំពេញ ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលព្រឹកថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០២១នេះ បានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំការពារសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ ក្រោមអធិបតីភាពសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ក្រសួងពាណិជ្ជកម្ម ក្រោយចប់កិច្ចប្រជុំបានឲ្យទូរទស្សន៍ព័តមាន ប៊ីធីវី ដឹងថា ក្រោយស្តាប់​សេចក្តី​រាយការណ៍​នានារបស់លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងឯកឧត្តម​រដ្ឋមន្រ្តី​ពាណិជ្ជកម្ម អំពីសារៈសំខាន់ និងអត្ថប្រយោជន៍ដែលកម្ពុជា​នឹងទទួលបានពីសេចក្តី​ព្រាង​ច្បាប់ ស្តីពីការអនុម័តយល់ ​ព្រមលើពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ ដែល​ក្នុងនោះ​រួមមាន ​ការទទួលបាននីតិវិធី ​ពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួច និងការបង្ហាញ​ពី​ការប្តេជ្ញា​ចិត្តក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដើម្បីរួមចំណែក​ដ៏សំខាន់ដល់ការពង្រឹងយន្តការ​ដោះស្រាយវិវាទ​ក្នុងក្របខ័ណ្ឌអាស៊ាន។ សម័យប្រជុំពេញអង្គ រដ្ឋសភា បានអនុម័តយល់ព្រមទាំងស្រុងដោយមិនមានការកែប្រែ​លើ​សេចក្តី​ព្រាង​ច្បាប់មួយនេះ​ ដោយមានសំឡេង គាំទ្រ១០៤សម្លេង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ជូនអង្គប្រជុំថា រដ្ឋាភិបាលដែលមានក្រសួងពាណិជ្ជម្ម​ជា​សេនាធិការ ​តែងតែខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ និង​អាណត្តិ​ប្រគល់ជូន​ដោយ​រាជរដ្ឋាភិបាល ​ជាពិសេសប្តេជ្ញា ខិតខំប្រឹងប្រឹងកសាងច្បាប់ និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្ម និងសហការជាមួយអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាតិ និងអន្តរជាតិ ក៏ដូចជាវិស័យឯកជន សំដៅធ្វើ​ឲ្យប្រសើរឡើង​នូវបរិយាកាសធុរកិច្ច ​បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ឯកឧត្តមសង្ឃឹមថា ច្បាប់នេះ នឹងផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គម ជាតិទាំងមូល និង​ជាពិសេសបង្ហាញ​ពីការប្តេជ្ញាចិត្ត ​និងតួនាទីរបស់កម្ពុជា ​ក្នុងការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងសហគមន៍​អាស៊ានផងដែរ។ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា​ ពាក់ព័ន្ធសេចក្តីព្រាងច្បាប់នេះ អង្គប្រជុំបានសម្តែងការ​កោត​សរសើរ ​ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងពាណិជ្ជកម្ម ​ដែលបានកសាងច្បាប់ និង​បទដ្ឋាន​គតិយុត្តវិស័យ ពាណិជ្ជកម្ម និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តបន្ថែមទៀតរបស់​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ក្នុងការខិតខំធ្វើឲ្យប្រសើរ​ឡើងនូវបរិយាកាសធុរកិច្ច បង្កើតការងារ និងលើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក៏ដូចជាការអនុវត្តកាតព្វកិច្ចនានា ​ក្រោមក្របខ័ណ្ឌតំបន់ និងសកល ស្របតាម​អាណត្តិផ្តល់​ជូនដោយប្រមុខរាជរដ្ឋាភិបាល៕អត្ថបទ ៖ ឈិត បូរ៉ាវី 

កម្ពុជានៅតែទទួលបានឱកាសប្រាក់ចំណូលខ្ពស់ លើការវិនិយោគនៃវិស័យអចលនទ្រព្យ

2021/11/26 11:16:45 am        251
ភ្នំពេញ ៖ អ្នកជំនាញអចលនទ្រព្យថា សក្តានុពលក្នុងការវិនិយោគលើវិស័យអចលទ្រព្យនៅកម្ពុជា ធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ប្រទេសកម្ពុជានៅតែទទួលបានឱកាសនៃប្រាក់ចំណូលខ្ពស់ ព្រោះតម្លៃអចលនទ្រព្យនៅកម្ពុជា ធៀបទៅនឹងបណ្តាលប្រទេសផ្សេងៗ ក្នុងអាស៊ាន នៅមានកម្រិតតម្លៃទាបនៅឡើយ។លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាប្រធាន​សមាគម​អចលន​ទ្រព្យ​អាស៊ាន ថ្លែងលើកឡើង នៅក្នុងសន្និសីទសាព័ត៌មាន ស្តីពីការវាយ​តម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃកា​រ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩" នៅថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ២០២១ ថា នៅ​ក្នុងស្ថានភាពនៃវិបត្តិ ​ជម្ងឺកូវីដ១៩ នេះ ប្រទេសក្នុងអាស៊ានដូចជា ​ប្រទេសថៃ សឹង្គហ្គាពួរ និង ប្រទេសវៀតណាមជាដើម​ បានប្រឈមនឹងវិបត្តិនេះយ៉ាងខ្លាំង ក្នុងនោះចំពោះទីផ្សារអចលទ្រព្យ ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ។ចំណែកប្រទេសដែលស្តារ និងអភិវឌ្ឍន៍មកវិញលឿន, ក្នុងនោះប្រទេសសឹង្ហហ្គាពួរ គឺជាប្រទេសទី១ នៅក្នុងអាស៊ាន ដែលបានគ្រប់គ្រងស្ថានភាពនៃវិបត្តិជម្ងឺកូវីដបានល្អប្រសើរ។ ​ចំណែកកម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ប្រមុខរាជរដ្ឋាភិបាល ​ក៏បានគ្រប់គ្រង ​និងទប់ស្កាត់ ​នៃ​ការ​រីករាល​ជម្ងឺនេះ​បាន​ល្អប្រសើរផងដែរ តាមរយៈនៃវិធានការទាំងនេះ ចំពោះការអភិវឌ្ឍវិស័យអចលទ្រព្យ យើងរំពឹងថា នៅក្នុងឆ្នាំ២០២២ វិស័យនេះនឹងមានភាពប្រសើរឡើង ​ជាពិសេសវិស័យដីធ្លី ​និងសំណង់ គឺគាំទ្រ​ដោយ​វិនិយោគិនបរទេស និង​អ្នក​វិនិយោគក្នុងស្រុក​ ស្របពេលកម្ពុជា​បានបើកប្រទេសឡើងវិញ ដោយយើងរំពឹងថា ​សក្តានុពល​ក្នុងការវិនិយោគលើវិស័យ ​អចល​ទ្រព្យនៅកម្ពុជា ធៀបនឹងប្រទេស​ក្នុងតំបន់អាស៊ាន ​ប្រទេសកម្ពុជា​នៅតែទទួល​បាន​ឱកាសប្រាក់ចំណូលខ្ពស់ ​ព្រោះតម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅ​មានកម្រិតទាប។ជុំវិញការអភិវឌ្ឍន៍, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ថ្លែងថា ទោះបីយើងនៅប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់​និង​ជម្ងឺកូវីដ​ក៏ដោយ តំបន់អាស៊ាននៅតែមានសក្តានុពល​ និង​ដើរ​តួនាទី យ៉ាងសំខាន់ ​ក្នុងការស្តារ និងជំរុញ​កំណើន​សេដ្ឋកិច្ច ឱ្យងើបឡើងវិញ ​ក្រោយវិបត្តិជំងឺកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋ​កិច្ច​ប្រកបដោយចីរភាពនិងបរិយាប័ន្ន ។ ក្នុងបរិកាណ៍នេះ, រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកនូវទស្សនវិជ្ជា ​នៃការខិតខំ​ប្រែ​ក្លាយ វិបត្តិ​ចំពោះ​មុខ ​ឱ្យទៅជាកាលានុវត្តភាព ​សម្រាប់ជំរុញ​កិច្ចការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ​ សំដៅ​កសាង​ប្រព័ន្ធ​សេដ្ឋកិច្ច និង​សង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ទៅនឹងវិបត្តិនាអនាគត ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ថ្លែងបន្តថា អ្នកវាយតម្លៃអចលនវត្ថុ ​ដើរតួនាទីយ៉ាងសំខាន់ ក្នុងការ​អភិវឌ្ឍ​វិស័យអចលនវត្ថុ ​នៅក្នុងប្រទេសនិងក្នុងតំបន់​ តាមរយៈយន្តការនៃសមាជ អ្នកវាយ​តម្លៃ​អចលនវត្ថុអាស៊ាននេះ, ​កិច្ចសហប្រតិបត្តិការ, ការសិក្សា​ស្វែង​យល់ ​និងការផ្លាស់ប្តូរបទពិសោធន៍ ក្នុង​ចំណោមអ្នកចូលរួម ​នឹងអាចក្លាយជាធាតុចូលដ៏សំខាន់សម្រាប់ការរៀបចំច្បាប់, បទប្បញ្ញត្តិ, និង​គោលនយោបាយ ​ពាក់ព័ន្ធវិស័យអចលនវត្ថុ ​នៅក្នុងប្រទេសសមាជិកទាំងអស់, ពិសេស​នៅ​កម្ពុជា​ផ្ទាល់តែម្តង សំដៅកែ​លម្អបរិយាកាសផ្តល់សេវាកម្ម​ ក្នុងទីផ្សារអចលនវត្ថុ ក្នុងប្រទេស​របស់ខ្លួន ​និងក្នុងតំបន់ ​ឱ្យកាន់តែប្រសើរថែមទៀត ​ដែលនេះគឺជាបុព្វលក្ខខណ្ឌ រួមមិន​អាច​ខ្វះបាន​សម្រាប់​ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕អត្ថបទ៖ សុន រ៉ាឌី,

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ស្នើ​សមាគម​អចលនវត្ថុ​បង្កើត​ស្តង់ដារ​វាយតម្លៃ​អចលនទ្រព្យ​រួម​ក្នុង​តំបន់​

2021/11/25 05:22:06 pm        255
​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ដល់ (CVEA) និង (AVA) ពិនិត្យ​ការរៀបចំ​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ការរៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិន​ទាន់មាន​, ការ​ជំរុញ​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ​ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ​ជាដើម ដើម្បី​ជា​មូលដ្ឋាន​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនវត្ថុ​ប្រកបដោយ​ចិរភាព​។​​ឯកឧត្ដម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក ឡើង​នៅ​ក្នុង​កម្មវិធី​សមាជ​លើក​ទី​២៣ របស់​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោម​ប្រធានបទ "​ការវាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩" នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ថា ពាក់ព័ន្ធ​វិស័យ​អ​ចលនវត្ថុ អ្នកវាយតម្លៃ​អ​ចលនវត្ថុ ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ នៅក្នុង​ប្រទេស និង​តំបន់​។​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ ការសិក្សា​ស្វែងយល់ និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង ចំណោម​អ្នកចូលរួម នឹង អាច​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ការរៀបចំ​ច្បាប់ បទ​ប្ប​ញ្ញាត និង​គោល នយោបាយ ជុំវិញ​វិស័យ​អចលនវត្ថុ​នៅក្នុង​ប្រទេស សមាជិក​ទាំងអស់​ពិសេស​នៅ​កម្ពុជា​​។​​ដើម្បី​ជំរុញ​វិស័យ​អចលនវត្ថុ​ប្រ​ដោយ​ចិរភាព និង​ប្រសិទ្ធភាព​, ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ស្នើ​ដល់​សមាគម​អ្នក វាយតម្លៃ​អចលនវត្ថុ​អាស៊ាន (AVA) និង​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ពិនិត្យ​លទ្ធភាព និង​គិតគូរ​ដល់​ការរៀបចំ​ស្តង់ដារ​អ្នកវាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ត្រូវ​រៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិនទាន់មាន​, ការ​លើកកម្ពស់​សមត្ថ​ភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ និង​បទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និង​អាជីវកម្ម​រួមគ្នា​ជាដើម​។​​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ ១៩ នឹង​កំពុង បន្ត​សម្រប​ខ្លួន ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្តី ប៉ុន្តែ​វិស័យ​អចលនវត្ថុ​ក្នុងប្រទេស​នៅតែមាន​សក្តានុពល​ខ្ពស់ និង​មានតម្លៃ ទាប​សមរម្យ​សម្រាប់​ការវិនិយោគ បើ​ប្រៀបធៀប​ប្រទេសជិតខាង ក្នុងនោះ​រួមមាន​តំបន់​សំខាន់​មួយចំនួន​ដូចជា​៖ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​គម្រោង អ​កាស​យាន្ត​ដ្ឋា​ន​ថ្មី​កំពុង​អនុវត្ត​, ខេត្ត​ព្រះសីហនុ បាន​កំពុង​ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​, ខេត្តសៀមរាប ដែលជា តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ក្រុង​បាវិត​ដែល​ជា​មាត់ច្រក​កម្ពុជា​-​វៀតណាម និង​ក្រុង​ប៉ោយប៉ែត ​ដែល​ជា​មាត់ច្រក​កម្ពុជា​-​ថៃ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី  

ធនាគារជាតិ​​នៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ

2021/11/25 01:06:55 pm        375
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំទ្វេភាគី តាមរយប្រព័ន្ធអនឡាញ ជាមួយធនាគាររដ្ឋវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះធនាគារជាតិ នៃកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ភាគីធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសា​ភិបាល ធនាគាររដ្ឋវៀតណាម។តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹង​ថា ៖ កិច្ចប្រជុំទ្វេភាគីនេះ គឺ​តែងតែរៀបចំ​ធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ដោយឡែកសម្រាប់កិច្ចប្រជុំលើកនេះ បញ្ហាសំខាន់ដែលបានយកមកពិភាក្សា នឹងផ្លាស់ប្តូរ​យោបល់​គ្នានោះ​ គឺវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ​ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតប​របស់​ធនាគារកណ្តាលចំពោះឥទ្ធិពលអវិជ្ជមាន​នៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិន​ប្រើប្រាស់​ក្រដាសប្រាក់​ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគី។មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា ក្រៅពីបញ្ហាសំខាន់ខាងលើកិច្ចប្រជុំបានវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវាង​ធនាគារកណ្តាលទាំងពីរ នាពេលកន្លងមកនេះថា​បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ។ ជាមួយនេះដែរ​ តាមរយះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង​វិស័យ​ធនាគារនេះ​ក៏បានរួមចំណែកគាំទ្រ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ​និងទេសចរណ៍ ​ក្នុងប្រទេសទាំងពីរថែមទៀតផង។ក្នុងឱកាសនោះលោកជំទាវទេសាភិបាល ធនាគាររដ្ឋវៀតណាម បានសរសើរពីជោគជ័យរបស់​កម្ពុជា​ក្នុងការ​សម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស នេះវាមិនត្រឹមតែ​បាន​ជួយការពារសុខភាព​ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែនូវបានជួយជំរុញសកម្មភាពសេដ្ឋកិច្ចទៀតផង។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា​បានដាក់​ចេញ​ក្នុងអំឡុងពេលកូវីដ-១៩កន្លងមកនេះថាមានប្រសិទ្ធភាពខ្ពស់និងសម្រេចបានសមិទ្ធផលល្អ ក្នុង​ការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។ទន្ទឹមនឹងនេះដែរ ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ជាពិសេសប្រព័ន្ធបាគង ​ដែលជាប្រព័ន្ធទូទាត់កន្លោងជួយ​ដោះស្រាយ​បញ្ហា​ទូទាត់ឆ្លងគ្រឹះស្ថាន ​និង​ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំង​ក្នុងស្រុក និងតំបន់។ថ្លែងក្នុងឱកាសនោះឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជា​ពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong ដែលកន្លងមកបានផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្រោមអនុស្សរណៈយោគយល់រវាង​ធនាគារកណ្តាល​ទាំងពីរលើកិច្ច​សហប្រតិបត្តិការ​ទូទៅ, ការត្រួតពិនិត្យធនាគារ ​និងលើការសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។ជាមួយនេះដែរ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណផងដែរដល់ធនាគាររដ្ឋ និង​រដ្ឋាភិបាវៀតណាម​ដែលបានគាំទ្រដល់ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយបានបន្តផ្តល់​អាហា​រូបករណ៍ ​ដល់​មន្ត្រីធនាគារជាតិ​នៃកម្ពុជា​សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ​អនុបណ្ឌិត និង​បណ្ឌិតនៅប្រទេសវៀតណាម៕អត្ថបទ៖ ជា វណ្ណៈ

កម្ពុជាបិទបញ្ចប់វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ដោយជោគជ័យ

2021/11/25 12:08:59 pm        283
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើងតាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផល​នៃ​វេទិកា​សេដ្ឋកិច្ច ​និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នៅល្ងាចថ្ងៃទី២៤ ​ខែវិច្ឆិកានេះ ​បានមានប្រសាសន៍ថា វេទិកានេះ បានធ្វើឡើងក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម ​និងបដិវត្តឧស្សាហកម្ម ៤.០” ហើយបានប្រព្រឹត្ត​ទៅ​ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងពង្រឹង​ពហុភាគី​និយម ដើម្បីកំណើនរួមគ្នា ​ដោយប្រមូលផ្តុំតួអង្គពាក់ព័ន្ធទាំងអស់​ ធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រ និងមធ្យោបាយដោះស្រាយ​បញ្ហាប្រឈមនានាលើវិស័យសេដ្ឋកិច្ច និងសង្គម​នៅក្នុងតំបន់​អាស៊ី​ និងអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាននូវ​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។វេទិកានេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ បណ្តាអង្គទូតនៃប្រទេស​សមាជិក​អេសិម(ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជននិងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញ​ការ​មក​ពីវិស័យសំខាន់ៗ​ និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី ​និងអឺរ៉ុប​ សរុបចំនួនប្រមាណ ៦០០នាក់។ឯកឧត្តម បានបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាមួយចំនួន ដែលក្នុងនោះ វាគ្មិន និងអ្នកចូលរួមទាំងអស់បានចែករំលែកទស្សនៈ បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន និង​បានលើកជាអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ​និងវិស័យឯកជន នៃប្រទេសសមាជិកប្រទេសសមាជិកអេសិមផងដែរ។វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ ​នឹងផ្តល់នូវលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់​ប្រទេសកម្ពុជា​លើឆាកអន្តរជាតិ និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី ​និងអឺរ៉ុប បានយល់ និង​ស្គាល់កម្ពុជាកាន់តែច្បាស់​ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និង​កាលានុវត្តភាពវិនិយោគនៅកម្ពុជាជាដើម៕អត្ថបទ ៖ ឈិត បូរ៉ាវី

វិស័យអចលនវត្ថុ នឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយដោយសារលំហូរវិនិយោគទុនបរទេស

2021/11/25 11:45:08 am        427
ភ្នំពេញ ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញ គាំទ្រដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុក នៅលើវិស័យអចលនវត្ថុ មានតម្លែទាប និងមធ្យម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" នៅថ្ងៃទី ២៥ខែវិច្ឆកា ឆ្នាំ ២០២១ នេះថា ស្របតាមនិន្នាការសកល​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករ នឹងងើបឡើងវិញក្នុងកំណើនទាបប្រមាណ ២,៤% ដោយសារការអូស​បន្លាយ​នៃជម្ងឺកូវីដ ១៩ នឹងការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតយឺត នៃតម្រូវការសកល ជាមួយនៃការបន្ទូបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និងការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្កមសេដ្ឋកិច្ច ។ជាមួយគ្នានេះ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងជួយពូនជ្រុំដល់កំណើន​សេដ្ឋកិច្ច ​ដែលនឹងអាចងើបឡើងក្នុងកំណើនទាប ​២,៤% ក្នុងឆ្នាំ ២០២១​ និង ៤,៨% ក្នុងឆ្នាំ ២០២២ គឺដោយសារការកើន ឡើងសន្សឹមៗ ​នៃលំហូរទុនវិនិយោគពីបរទេស ​ខណៈការវិនិយោគ និង​តម្រូវការក្នុងស្រុក ​នៅលើវិស័យអចលនវត្ថុ ​មានតម្លែទាប និងមធ្យម​នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ។សូមបញ្ជាក់ថា៖ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ដោយបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី

កសិករខេត្តឧត្ដរមានជ័យ ចាប់ផ្តើមសំរុកដាំដុះដំណាំដំឡូងមី ខណៈតម្លៃល្អប្រសើរ​

2021/11/24 03:04:18 pm        1564
ឧត្តរមានជ័យ៖ កសិកររស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការដាំដុះដំណាំដំឡូងមី ខណៈរដូវនេះ ដំណាំដំឡូងកំពុងមានតម្លៃហក់ឡើងល្អប្រសើរនៅលើទីផ្សារ។កសិករម្នាក់មានវ័យជាង៥០ឆ្នាំ បានឲ្យដឹងថា គ្រួសារ​របស់គាត់​កន្លងមក​ប្រកបមុខ​របរ​ធ្វើ​កសិកម្ម​អស់​រយះពេលជិត២០ឆ្នាំមកហើយ អាស្រ័យដោយការធ្វើស្រែ និងដាំដំឡូងមី ហើយការ​ដាំដំឡូងមី​នេះ ភាគច្រើនតែងតែហុចផ្តល់​ផលបានល្អប្រសើរ​គួរជាទីគាប់ចិត្ត​ ជាងការធ្វើស្រែ​ដោយ​តម្លៃ​លក់​ចេញ​ទៅ​ឲ្យក្រុមឈ្មួញ បច្ចុប្បន្នក្នុងអំឡុងពេលវិបត្តិកូវីដនេះ គឺពេលប្រមូលផលម្តងៗ​នោះ​មាន​តម្លៃហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។លោក បានបន្តថា ពេលខ្លះ​ក៏​មាន​ក្រុម​ឈ្មួញ​មក​ចាំទទួលទិញដល់កន្លែង​ក៏មាន ដើម្បី​ដឹកចេញ​យក​ទៅ​​លក់បន្តនៅឯប្រទេសជិតខាងដូចជា ប្រទេសថៃ នឹងវៀតណាមជាដើម។លោក បញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្ដិកូវីដ-១៩ មិនទាន់​មានការថមថយ​បញ្ចប់​ទាំងស្រុង​យ៉ាងណាក្តី​ ក៏រូបលោកមិនសូវ​មានការបារម្មណ៍​អ្វីនោះឡើយ​ ចំពោះការធ្វើ​កសិកម្ម​របស់​លោក​ ព្រោះថា តម្លៃដំឡូង​លើទីផ្សារបច្ចុប្បន្នហាក់បីដូចជា​មិន​មាន​ការប្រែប្រួល ឬក៏ធ្លាក់ចុះនោះឡើយ ​ផ្ទុយ​ទៅវិញ​ក្នុង​ស្ថានភាពបែបនេះ បែរជាតម្លៃហក់ឡើងខ្ពស់ទៅវិញ ​សំរាប់ការលក់ចេញឲ្យទៅក្រុមឈ្មួញ​នោះ៕អត្ថបទ ៖ ឃិនសារិទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីដកការព្រមានរលកយក្សស៊ូណាមិ សម្រាប់តំបន់ចុងភាគខាងកើតដែលរងគ្រោះដោយរញ្ជួយដីដ៏ខ្លាំង
07/30/2025 07:07 PM
របបយោធាមីយ៉ាន់ម៉ា អនុម័តច្បាប់កាត់ទោសដាក់ពន្ធនាគារអ្នករិះគន់ការបោះឆ្នោត
07/30/2025 07:07 PM
អ្នកនាំពាក្យក្រសួងព័ត៌មានអំពាវនាវ ឱ្យអ្នកសារព័ត៌មានអនុវត្តឱ្យបានក្រមសីលធម៌វិជ្ជាជីវៈ ចៀសវាងការផ្សាយព័ត៌មានប៉ះពាល់សន្តិសុខជាតិ
07/30/2025 07:07 PM
ចក្រភពអង់គ្លេស៖ ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន មិនមែនជាការផ្ដល់រង្វាន់ដល់ក្រុមហាម៉ាសឡើយ
07/30/2025 07:07 PM
វិមានក្រឹមឡាំងនិយាយពីសេចក្តីថ្លែងការណ៍របស់លោក Trumpថា រុស្ស៊ីមានប្រព័ន្ធភាពស៊ាំប្រឆាំងនឹងទណ្ឌកម្ម
07/30/2025 06:07 PM
អ៊ីស្រាអែលបង្អត់អាហារជនប៉ាឡេស្ទីន ៧នាក់បន្ថែមទៀតដល់ស្លាប់នៅតំបន់ហ្កាហ្សា
07/30/2025 06:07 PM
ជនភៀសសឹក៧៨៣គ្រួសារក្នុងស្រុកវាលវែង ទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
07/30/2025 06:07 PM
ជប៉ុនជួបប្រទះនឹងសីតុណ្ហភាពខ្ពស់បំផុត ៤១,២អង្សាសេ
07/30/2025 06:07 PM
ក្រុមអ្នកឡើងភ្នំព្យាយាមសង្រ្គោះកីឡាការិនីជើងឯកកីឡាអូឡាំពិករងរបួសនៅលើភ្នំប្រទេសប៉ាគីស្ថាន
07/30/2025 06:07 PM
ពលករខ្មែរចំនួន៤០នាក់ស្ថិតនៅក្នុងភូមិខេត្តស្វាយរៀងបានធ្វើដំណើរវិលមកដល់ផ្ទះសម្បែងរួចរាល់ហើយ
07/30/2025 06:07 PM