គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជានាំចេញទំនិញជាច្រើនមុខរក្សាកំណើនខ្ពស់ នៅដើមឆ្នាំ២០២២នេះ

2022/06/24 08:33:04 pm        849
ភ្នំពេញ៖ ទំនិញចំនួន១៩ ប្រភេទរបស់កម្ពុជា បាននាំចេញមានកំណើនខ្ពស់ ខណៈប្រភេទទំនិញមួយចំនួនតូចបានថមថយចុះ​បន្តិចបន្តួច​ ក្នុងត្រីមាសទី១ ឆ្នាំ២០២២។យោងតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញ នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២, ក្នុងនោះទាក់ ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណជិត ៥ ០០០ លានដុល្លារអាមេរិក កើនឡើងជិត ២៩ ភាគរយ បើធៀបរយៈពេលដូចគ្នាទៅឆ្នាំ ២០២១ ទំនិញដែល​បាននាំចេញរួមមាន៖ ផលិតផលវាយនភណ្ឌ ផលិតផលមិនមែនកាត់ដេរ និងផលិតផលកសិកម្មជាដើម ក្នុងនោះមានប្រភេទំនិញជាច្រើន មានកំណើនកើនឡើងខ្ពស់ បើបៀបរយៈពេលពេលដូចគ្នាទៅឆ្នាំ២០២១។ជុំវិញការនាំចេញ,ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងថា នៅក្នុងកំឡុងនៃការរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩ ការធ្វើពាណិជ្ជកម្មអន្តរជាតិ កម្ពុជា​នៅតែ​បន្តនាំចេញជាធម្មតា ដោយសារកម្ពុជានៅទទួលបានការបញ្ជាទិញគឺគ្មានការប្រែប្រួល ដោយទីផ្សាររដែលធ្លាប់នាំចេញ ​បានបន្តធ្វើពាណិជ្ជកម្មជាធម្មតា ជាពិសេសបន្ទាប់ពីកម្ពុជា​បើក​សេដ្ឋកិច្ចឡើងវិញ​ ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ជាទីបំផុត របស់ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា បានធ្វើឲ្យកិច្ចសហប្រតិបត្តិការលើការធ្វើពាណិជ្ជកម្មអន្តរជាតិ កាន់តែមានភាពល្អប្រសើរ​ថែមទៀត។ចំណែកពាណិជ្ជកម្មនៃការនាំចូល,នៅក្នុងត្រីមាសទី១ ឆ្នាំ ២០២២ នេះដែរ ពាណិជ្ជកម្មនៃការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ៧ ៤៤៥ លានដុល្លារអាមេរិក ថយចុះជិត ១ ភាគរយ បើធៀប​រយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះផលិតផលដែលមានកំណើនកើនឡើងរួមមាន៖ ថ្នាំពេទ្យ ១០ ភាគរយ, ស្ករស និងប៊ិចេងជាង ១០ ភាគរយ, ប្រេងឆា និងអាហារផ្សេងៗ ១៧ ភាគរយ, បរិក្ខារ​សំណង់ជាង ១៨ ភាគរយ, គ្រឿងអេឡិចត្រូនិចជាង ២៩ ភាគរយ, វាយនភណ្ឌ និង​សំលៀកបំពាក់​ជិត ២៥ ភាគរយ, ទោចក្រយានយន្តជាង ៧ ភាគរយ, បរិក្ខារត្រជាក់ជាង ១១ ភាគរយ, ប្រេងឥន្ធនៈ ៤៨ ភាគរយ, ជីកសិកម្ម ៨ ភាគរយ និងផ្សេងជាង ២០ ភាគរយ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ប្តេជ្ញាជំរុញចលនាទេសចរណ៍ ខណៈស្ថានការកូវីដធូរស្រាល

2022/06/24 07:14:49 pm        416
ភ្នំពេញ៖ ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ បានប្រគល់ឯកសារអនុស្សារណៈយោគយល់គ្នា​ពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា និងឥណ្ឌូនេស៊ី ដើម្បីជម្រុញចលនាទេសចរណ៍ប្រទេសទាំងពីរ ក្រោយស្ថានការណ៍កូវីដ១៩ ធូរស្រាលវិញ។ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការកោតសរសើរចំពោះប្រទេសឥណ្ឌូនេស៊ី ដែលបានខិតខំប្រឹងប្រែងដើរនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិ ក្នុងបរិបទវិបត្តិកូវីដ ១៩ និងសង្គ្រាមរវាំងរុស្ស៊ី អ៊ុយក្រែនជាពិសេសការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ G20 ក្នុងឆ្នាំ២០២២ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២៣ (ATF-2023) និងកិច្ចប្រជុំកំពូលអាស៊ាន​២០២៣ផងដែរ ​ដែលការងារនេះ គឺជាចំណែកមួយដ៏ធំជម្រុញ​ចលនា​ទេសចរណ៍ពីបណ្តាប្រទេសលើពិភពលោក​ មកកាន់តំបន់អាស៊ាន។ឆ្នាំនេះ ជាខួបទី៦៣ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌូនេស៊ី ឯកឧត្តម ថោង ខុន ថ្លែង​អំណរគុណដល់ ស្ថានទូតឥណ្ឌូនេស៊ី ដែលបានសហការជាមួយក្រសួងទេសចរណ៍កម្ពុជា និង​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងការរៀបចំកម្មវិធី Batik Kroma ដែលជា​ព្រឹត្តិការណ៍ជិះកង់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នៅរមណីយដ្ឋានអង្គរវត្តក្នុងគោល​បំណង​នេះដើម្បីរក្សា និងធ្វើឲ្យទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឥណ្ឌូនេស៊ីកាន់តែប្រសើរឡើងព្រម​ទាំង​បង្កើនការផ្សព្វផ្សាយទេសចរណ៍ ​និងវប្បធម៌រវាងប្រទេសទាំងពីរ។ជាការឆ្លើយតប ឯកឧត្តម Y.M. Sudirman Haseng អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា បាន​ថ្លែងការ​សន្យាថា​នឹងបង្កើនកិច្ចសហប្រតិបត្តិការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ​ទេសចរណ៍​ ពាណិជ្ជកម្ម រវាង​ប្រទេសទាំងពីរ ពិសេសជម្រុញការអភិវឌ្ឍទេសចរណ៍ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងប្រសើរថែមទៀត។អនុវត្តតាមខ្លឹមសារ អនុស្សារណៈយោគយល់គ្នាMoU ក្នុងវិស័យទេសចរណ៍នេះ ស្ថានទូត​ឥណ្ឌូនេស៊ីបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលមូលដ្ឋានស្ដីពីទេសចរណ៍ហាឡាល់ (Tourism Halal)​ សម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជាផងដែរ ក្នុងគោលដៅទាក់ទាញទេសចរម៉ូស្លីម​នៅលើសាកលលោក ​ជាពិសេសប្រជាជនឥណ្ឌូនេស៊ី ​មកទស្សនានៅកម្ពុជាផងដែរ។សូមបញ្ជាក់ថា​ ឯកសារអនុស្សារណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការទេសចរណ៍ ត្រូវបានរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា​ និងរដ្ឋមន្ត្រីឥណ្ឌូនេស៊ី បានចុះហត្ថលេខា តាមប្រព័ន្ធវីដេអូខនហ្វីរិន ​ក្នុងអំឡុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំវេទិកាទេសចរណ៍អាស៊ាន ២០២២ ​ចាប់ថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ៕ អត្ថបទ ស៊ុម សុខជា

ខេត្តសៀមរាប ទទួលបានទេសចរជាង ១លាននាក់ ក្នុងរយៈពេល៥ខែឆ្នាំ២០២២

2022/06/24 05:20:34 pm        604
សៀមរាប៖ មន្ដ្រីទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល០៥ខែឆ្នាំ២០២២នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរប្រមាណជាង ១លាននាក់ (១.០២៧.៧៧៩នាក់) ដែលចំនួននេះ កើនឡើង ៧៤៤,៨៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១២១.៦៤៩ នាក់ ។យោងតាមរបាយការណ៍លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹង​នៅ​ថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០២២នេះថា ក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២២នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិ ទៅទស្សនាកំសាន្ដនៅខេត្ដសៀមរាប​មានចំនួនប្រមាណ ១លាន២ម៉ឺន៧៧៧៩នាក់ ។ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ មានចំនួន ៤៥.៧៧៩ នាក់ កើន ៨៥៩,៩២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួន៤.៧៧៤នាក់។ភ្ញៀវទេសចរជាតិមានចំនួនប្រមាណ៩៨ម៉ឺន២.០០០ នាក់ មានការកើនឡើងចំនួន ៧៤០,២១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានចំនួនប្រមាណ ១១៦.៨៧៥ នាក់។របាយការណ៍ បន្ដថា ភ្ញៀវទេសចរគិតតាមលំដាប់ថ្នាក់សញ្ជាតិ តាមគ្រប់មធ្យោបាយ រួមមាន ជនជាតិចិន ជនជាតិបារាំងជនជាតិ ជនជាតិ អាមេរិ អាឡឺម៉ង់ ជនជាតិវៀតណាម ជនជាតិ សឹង្ហបុរី ជនជាតិអូស្ត្រាលី ជនជាតិឥណ្ឌា និងជនជាតិកូរ៉េ ។ដោយឡែករបាយការណ៍ នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ​បានបង្ហាញថា លំហូរភ្ញៀវទេសចរ​ទៅទស្សនាក្នុងតំបន់អង្គរ មានភ្នាក់ងារទេសចរនៃអាជ្ញាធរជាតិអប្សរា បានជួយសង្រ្គោះបឋម ដល់ភ្ញៀវទេសចរ៤៩ករណី ក្នុងនោះមានគ្រោះថ្នាក់ រអិលជើង រឺជំពប់ជើងបណ្តាលឱ្យដួល ០៦ករណី គ្រោះថ្នាក់ចរាចរណ៍ ១៩ករណី។ខ្យល់គដួលសន្លប់១៣ករណី សត្វស្វាខាំ១១ករណី។ អាជ្ញាធរជាតិអប្សរាស្នើរដល់អ្នកទេសចរជាតិនិងអន្ដររជាតិអោយបើកបរបន្ថយល្បឿន បោះចោល​សំរាមអោយបានត្រឹមត្រូវ នៅក្នុងធុងសំរាម និងហាមទៅឈជិតស្វាជាដើម។បើតាមរបាយការណ៍មន្ទីរទេសចរណ៍ខេត្ដសៀមរាប បន្ថែមថា ជើងហោះហើរ ចូលខេត្ដសៀមរាប ក្នុងរយៈពេល០៥ខែឆ្នាំ២០២២មានចំនួន២៩២ជើង ដែលមានអ្នកដំណើរសរុបចំនួន ២៤.៥៥១ នាក់ ។ ដោយឡែកជើងហោះហើរលក្ខណៈអន្តរជាតិ មានក្រុមហ៊ុន Singapore Airline (សឹង្ហបុរី-សៀមរាប) មានចំនួន ១៥១ ជើង អ្នកដំណើរ ១៧.២០១ នាក់។ ក្រុមហ៊ុន Air Asia (កូឡាឡាំពួរ-សៀមរាប) មានចំនួន ១២ ជើង អ្នកដំណើរ ១.៥៤៥ នាក់។ ក្រុមហ៊ុន Thai Smile (បាងកក-សៀមរាប) មានចំនួន ១០ ជើង អ្នកដំណើរ ៩៤៧ នាក់។ក្រុមហ៊ុន China Eastern (គួនមីង-សៀមរាប) មានចំនួន ០២ ជើង អ្នកដំណើរ ១៧១ នាក់ ។ ក្រុមហ៊ុន Bangkok Air (បាងកក-សៀមរាប) មានចំនួន ០១ ជើង អ្នកដំណើរ ៦៣ នាក់។ ក្រុមហ៊ុន Air Iceland (GUM-REP) មានចំនួន ០១ ជើង អ្នកដំណើរ ៣៨ នាក់ ។ដោយឡែកការហោះហើរជាលក្ខណៈ Charter Flight មានចំនួន ២៩ ជើង អ្នកដំណើរ ១៨៥ នាក់។ជាមួយគ្នានោះ ការហោះហើរក្នុងស្រុក រួមមានក្រុមហ៊ុន Cambodia Angkor Air (ភ្នំពេញ-សៀមរាប) មានចំនួន ៨៤ ជើង អ្នកដំណើរ ៤.១៤៧ នាក់។ក្រុមហ៊ុន Cambodia Airway (ភ្នំពេញ-សៀមរាប) មានចំនួន ០២ ជើងអ្នកដំណើរ ២១៤ នាក់ ។សូមបញ្ជាក់ថា ក្រុមហ៊ុន Air Asia បានចាប់ផ្តើការហោះហើរ (កូឡាឡាំពួរ-សៀមរាប)​ កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២២ រហូតដល់បច្ចុប្បន្ន ដោយធ្វើការហោះហើរ០២ ជើងក្នុងមួយសប្តាហ៍ (ពីថ្ងៃពុធ និងថ្ងៃអាទិត្យ) ។ និងពីបាងកក-សៀមរាប ចាប់ពីថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០២២ មានចំនួន ០៣ ជើងក្នុងមួយសប្តាហ៍ (ថ្ងៃ អង្គារព្រហស្បតិ៍ និងថ្ងៃសៅរ៍) ៕

អគ្គនាយកដ្ឋានពន្ធដារ គ្រោងរៀបចំយន្តការគ្រប់គ្រង និងប្រមូលចំណូលពន្ធលើវិស័យរ៉ែ ឱ្យមានតម្លាភាព

2022/06/23 11:37:17 pm        688
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធលើវិស័យរ៉ែឱ្យបានល្អប្រសើរ និងរៀបចំបង្កើត​ស្តង់ដារ​នៃការអនុវត្ត និងអនុលោមភាព សម្រាប់គម្រោងវិនិយោគលើធនធាន​រ៉ែផ្សេងៗទៀត បន្ទាប់ពីគណៈប្រតិភូចុះទស្សនកិច្ច​សិក្សាឈ្វេងយល់ ​អំពីស្ថានភាពជាក់ស្តែង របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលជាក្រុមហ៊ុន រុករកធនធានរ៉ែ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងទស្សនកិច្ចសិក្សាឈ្វេងយល់ អំពីប្រតិបត្តិការរុករករ៉ែ ​នៅតំបន់អូខ្វាវ ខេត្តមណ្ឌលគីរី របស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដើម្បីពិនិត្យមើលលើសក្តានុពលនការប្រមូល​ចំណូល​ពន្ធ​ពី​វិស័យរ៉ែ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នេះថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល បានជំរុញការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ ចំពោះសង្គម ​និងបរិស្ថាន, ការយក​ចិត្ត​ទុកដាក់​អនវុត្តស្របទៅតាមច្បាប់​ និងបទប្បញ្ញត្តិ​ជាធរមាន ​ជាពិសេសសហគ្រាសមានតម្លាភាព ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងបង្ហាញអំពីអនុលោមភាពសារពើពន្ធខ្ពស់ ដែលជាគុណ​ប្រយោជន៍ នៃថវិកាជាតិ ទាំងទិដ្ឋភាពចំណូលសារពើពន្ធ ​ព្រមទាំងចំណូលមិនមែនសារពើពន្ធ។ ផ្អែកលើកម្រិតអនុលោមភាពសារពើពន្ធខ្ពស់នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងពិនិត្យលទ្ធភាពផ្ដល់​ជូន​នូវ “វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ប្រភេទមាស​ (GOLD Certificate)" បញ្ជាក់នូវកម្រិត​អនុលោមភាព​ខ្ពស់ ជូនក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ។ឯកឧត្តម បន្តថា កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជួបប្រទះឧបសគ្គ ​និងបញ្ហាប្រឈមយ៉ាងខ្លាំង ចំពោះ​វិស័យធនធានរ៉ែ ​ដោយក្រុមហ៊ុនវិនិយោគលើវិស័យនេះ​មួយចំនួន ពុំបានផ្តល់កិច្ច​សហការ​ពេញលេញ ​ក្នុងការបំពេញកាតព្វកិច្ចសារពើពន្ធ ​និងមិនបានផ្ដល់នូវបញ្ចិកាគណនេយ្យ, របាយ​ការណ៍​ហិរញ្ញវត្ថុ, និងឯកសារពាក់ព័ន្ធ ប្រកាស​ និងការបង់ប្រាក់ពន្ធទាប ដែលពុំបាន​ឆ្លុះបញ្ចាំង​អំពីវិស័យមួយ ដែលកំពុងមានសក្តានុពល​ ព្រមទាំងពុំបានសហការ ឱ្យមន្ត្រីពន្ធដារ​ចុះមកដោយ​ផ្ទាល់ដូចក្រុមហ៊ុននេះឡើយ។ឯកឧត្តម គង់ វិបុល បញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ចង់ឃើញក្រុមហ៊ុន និងសហគ្រាសដទៃផ្សេង ក្នុងវិស័យធនធានរ៉ែនេះ​ អនុវត្តប្រកបដោយ​ស្តង់ដារ និង​តម្លាភាព​ ប្រហាក់ប្រហែល ឬដូចទៅ​នឹង​ក្រុមហ៊ុន រឺនេសង់ មីនើរ៉ល ដែលអាចនិយាយបានថា ជាប្រតិបត្តិការការងារល្អប្រសើរ និង​ជាគំរូ​សម្រាប់ក្រុមហ៊ុន ​និងសហគ្រាសដទៃទៀតក្នុងវិស័យធនធានរ៉ែនេះ ​ដោយមានតម្លាភាព និង​កិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ។ តាមរយៈការសិក្សាដកពិសោធន៍ពីទស្សនកិច្ចសិក្សានេះ ​អគ្គនាយកដ្ឋានពន្ធដារ នឹងរៀបចំ​យន្តការ​ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធឱ្យបានល្អប្រសើរបន្ថែមទៀត​ ចំពោះវិស័យធនធានរ៉ែនេះ តាម​រយៈការបង្កើតស្តង់ដារនៃការអនុវត្ត ​និងអនុលោមភាពសម្រាប់ គម្រោងវិនិយោគផ្សេងទៀត​ក្នុង​វិស័យដូចគ្នានេះ ដែលជាវិស័យកំពុងមានសក្ដានុពល៕អត្ថបទ៖ សុន រ៉ាឌី

ធនាគារជាតិព្យាករណ៍សេដ្ឋកិច្ចកម្ពុជា ក្នុងរង្វង់៥ភាគរយ ក្នុងឆ្នាំ២០២២នេះ

2022/06/23 08:03:04 pm        638
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងកំណើន ៥ភាគរយ កើនឡើងពី ៣ភាគកាលពីឆ្នាំ២០២១កន្លងទៅ គាំទ្រយ៉ាងសំខាន់ដោយសកម្មភាពនាំចេញកសិកម្ម ការអនុវត្តកិច្ចព្រមព្រៀងតំបន់និងសេរីទ្វេភាគី។ធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១ ចេញផ្សាយកាល​ពីពេលថ្មីៗនេះ​ថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនៅឆ្នាំ ២០២២ នឹង​ត្រូវបាន​គាំទ្រ​ជាចម្បងដោយការនាំចេញកសិផល ​ការ​ដឹកជញ្ជូន ​ទូរគមនាគមន៍ និងការធ្វើឱ្យ​ប្រសើរឡើងនូវលំហូរវិនិយោគ ​និងការផ្ទេរប្រាក់ពីកម្មករនៅក្រៅប្រទេស​។របាយការណ៍ដដែល បន្តថា ទាក់ទងនឹងពាណិជ្ជកម្ម និងការវិនិយោគកម្ពុជា ត្រូវបានគេរំពឹងថា នឹង​ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់វិនិយោគថ្មី។ទោះយ៉ាងណា ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីកត្តាមួយចំនួន ដែលអាចនឹងជះឥទ្ធិពល​ដល់​កំណើនសេដ្ឋកិច្ចកម្ពុជា។​របាយការណ៍ បានលើកឡើងពីលក្ខខណ្ឌមិនច្បាស់លាស់ដែលបង្កឡើងដោយជំងឺរាតត្បាត សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងអត្រាការប្រាក់នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាការគំរាមកំហែង​ដល់សេដ្ឋកិច្ច។ទោះបីជាកម្ពុជាមានទំនាក់ទំនង​ម៉ាក្រូសេដ្ឋកិច្ចតិចតួចទៅនឹងតំបន់រុស្ស៊ី-អ៊ុយក្រែនក៏ដោយ ក៏​សង្រ្គាមដែលអូសបន្លាយ ​អាចបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសសហភាពអឺរ៉ុប​ ដែលជាគោលដៅនាំចេញដ៏សំខាន់​មួយរបស់កម្ពុជា។បន្ថែមពីលើនេះ ការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ដោយសារយុទ្ធសាស្ត្រទប់ស្កាត់នៃជំងឺកូវីដ-១៩ បាននាំឱ្យមានការបិទទ្វារ​ញឹកញាប់​ជាងមុន​ និងថមថយ​នៃវិស័យអចលនទ្រព្យ​របស់​ប្រទេសចិន ​ដែលអាចប៉ះពាល់ដល់ការងើបឡើងវិញ​នៃសេដ្ឋកិច្ចកម្ពុជា ដែលពឹងផ្អែកខ្លាំង​លើការ​វិនិយោគរបស់ចិន ​និងសម្ភារៈនាំចូលសម្រាប់ឧស្សាហកម្ម​ដែលផ្តោតលើការនាំចេញ​របស់​ព្រះរាជាណាចក្រកម្ពុជា។ធនាគារជាតិនៃកម្ពុជា ​ក៏បានលើកឡើងថា ទោះបីជាអត្រានៃការឆ្លងជំងឺកូវីដ១៩បំប្លែងថ្មី Omicron នៃ មានកម្រិតទាបនៅកម្ពុជាក៏ដោយ ​ការ​គំរាមកំហែង​នៃការលេចឡើងនៃជំងឺប្រភេទថ្មីនេះ​នៅតែ​មាននៅឡើយ។ ការបន្តរីករាលដាលនៃ ជំងឺកូវីដ១៩ Omicron នៅក្នុងតំបន់ ​ក៏បានជះឥទ្ធិពលដល់​សេដ្ឋកិច្ចកម្ពុជា​ផងដែរ តាមរយៈការធ្លាក់ចុះនៃការទូទាត់ប្រាក់ ​ទេសចរណ៍ ការវិនិយោគ និង​បណ្តាញនាំចេញ។សូមបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញ ក្នុងរង្វង់ ៣ភាគរយ ក្នុងឆ្នាំ២០២១ គាំទ្រខ្លាំង​សកម្មភាពសេដ្ឋកិច្ច និងសង្គម នៅត្រីមាសទីបួន ​បន្ទាប់ពីរាជរដ្ឋាភិបាល បាន​បើកប្រទេសពេញលេញឡើងវិញ៕អត្ថបទ៖ វណ្ណៈ

កម្ពុជាមាន SME ជាង ៤៣ ៦០០ មូលដ្ឋាន បាននិងកំពុងផលិត និងវេចខ្ចប់សម្រាប់ផ្គត់ផ្គង់ទីផ្សារ

2022/06/23 07:34:12 pm        594
ភ្នំពេញ៖ គិតត្រឹមខែឧសភា ឆ្នាំ២០២២នេះ កម្ពុជាទទួលបានការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម មានចំនួនសរុបជិត ៤៣ ៦០០ មូលដ្ឋាន ក្នុងនោះ មានសហគ្រាសបង្កើតថ្មី ចំនួន ៤៥១ មូលដ្ឋាន មានទុនវិនិយោគសរុបប្រមាណជាង ៧៤០ លានដុល្លារអាមេរិក បានកំពុងដំណើរការខ្សែ​ច្រវ៉ាក់​ផលិតកម្ម ក្នុងការផលិត និងវេចខ្ចប់។ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTVថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យមជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ក្នុងនោះ​វិស័យនេះ​បានស្រូបយកសក្តានុពលក្នុងស្រុក​ ជាពិសេសលើវិស័យកសិកម្ម សម្រាប់ជាវត្ថុធាតុដើម​ក្នុងការវេចខ្ចប់ ខណៈដែលរាជរដ្ឋាភិបាល បានកំពុងបន្តអនុវត្តវិធានគោលនយោបាយជាច្រើន ដើម្បី​ទាញយកតម្លៃបន្ថែម​ ពីវិស័យកសិកម្ម។ឯកឧត្តម ថ្លែងឲ្យដឹងថា ជុំវិញការអភិវឌ្ឍសហគ្រាសលើផ្នែកកម្មន្តសាលនេះ កម្ពុជាទទួល​បាន​សហគ្រាសទើបតែបង្កើតថ្មី ​មានចំនួនប្រមាណ ​៤៥១ មូលដ្ឋាន គិតសរុបមកដល់ត្រឹមខែ ឧសភា ឆ្នាំ ២០២២ នេះ ធ្វើឱ្យចំនួនសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណជិត ៤៣ ៦០០ មូលដ្ឋាន ដោយ​មានទុនវិនិយោគប្រមាណ៧៤០ លានដុល្លារអាមេរិក។ សហគ្រាសកម្មន្តសាលទាំងនេះ នឹងចូលរួមចំណែកក្នុងផ្គត់ផ្គង់តាមតម្រូវការទីផ្សារ នឹងការចូលរួមដល់កំណើននៃសេដ្ឋកិច្ចជាតិ។លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លើកឡើងថា ​ទាក់ទងខ្សែច្រវ៉ាក់ផលិតនៅក្នុងសហគ្រាសធុនតូច និងមធ្យម ទោះបីនៅក្នុង​ការរីករាលដាលខ្លាំងនៃជំងឺកូវីដ ១៩ វិស័យនេះនៅតែដំណើរផលិត ​និងវេចខ្ចប់ជាធម្មតា និង​មកដល់បច្ចុប្បន្នការវេចខ្ចប់នេះ ​បានដំណើរការទៅដោយរលូន ​និងបានកើនឡើង ដើម្បីផ្គត់ផ្គង់​តម្រូវការទីផ្សារ ​សម្រាប់ហូបចុករបស់ ប្រជាជន។សូមបញ្ជាក់ថា ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣, ដើម្បីធានាការ​សម្រេច​បាននូវទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ចរយៈពេលមធ្យម គោលនយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាលដែលបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណ-ដំណាក់កាលទី ៤និងផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍ជាតិឆ្នាំ ២០១៨-២០២៣, ​ក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ កំណត់យកអាទិភាពសំខាន់ៗជាច្រើន ក្នុងនោះសម្រាប់សហគ្រាសកម្មន្តសាល រាជរដ្ឋាភិបាល​នឹងបន្តគាំទ្រ ការអភិវឌ្ឍ​សហគ្រាសធុនតូច និងមធ្យម តាមរយៈការពង្រឹងការអនុវត្ត ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ការដាក់ចេញវិធានការលើកទឹកចិត្តជាក់លាក់ និងការកែលម្អបរិយាកាសធុរកិច្ច ៕អត្ថបទ៖ សុន រ៉ាឌី,

វិនិយោគិនម៉ាឡេស៊ី ស្វែងយល់សក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា

2022/06/22 07:58:10 pm        655
ភ្នំពេញ៖ ក្រុមវិនិយោគិនចំនួន ១៦រូប មកពីប្រទេសម៉ាឡេស៊ី ក្នុងវិស័យផ្សេងៗគ្នា បានជួបពិភាក្សាការងារជាមួយវិនិយោគិននៅកម្ពុជា ដើម្បីស្វែងយល់អំពីសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគនៅប្រទេសកម្ពុជា បន្ទាប់ពីស្ថានភាពនៃវិបត្តិកូវីដ១៩ បានធូរស្រាលច្រើនឡើងវិញ។លោក ហោ សេរីវឌ្ឍន៍ ប្រធានសមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI) និងជាប្រធាន​ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ID Capital PLC (IDC) ​មានប្រសាសន៍ប្រាប់បណ្តាញ​អ្នកសារព័ត៌មាន កាល​ពីរសៀលថ្ងៃទី២១ មិថុនា ឆ្នាំ២០២២កន្លងទៅថា ​នេះជាលើកទី១ ​ដែលភាគីទាំងពីរបានជួបគ្នា ដើម្បីស្វែងយល់ពីគ្នា មុននឹងឈាន​ដល់​ការចាប់ដៃគូគ្នាក្នុងការវិនិយោគនាពេល​អនាគត​លើ​គ្រប់វិស័យ ​ក្នុងនោះរួមមាន​ សុខាភិបាល ​បដិសណ្ឋារកិច្ច ​អចលនទ្រព្យ ម្ហូបអាហារ និងវិស័យសំខាន់ៗ​ផ្សេងៗទៀត។លោក សេរីវឌ្ឍន៍ បានឲ្យដឹងទៀតថា នេះគឺជាចាប់ផ្តើមក្នុងការសិក្សាស្វែងយល់ រវាងវិនិយោគិន​ម៉ាឡេស៊ី និងវិនិយោគិនកម្ពុជា ​ដើម្បីឈានទៅដល់ឱកាសការវិនិយោគ។ ​បន្ទាប់ពីនេះ ​ភាគីទាំងពីរ នឹងត្រៀម​ជួបគ្នាបន្តទៀត ​ដែលនឹងវិនិយោគលើវិស័យណាមួយជាមួយគ្នា ។នេះជាការផ្សារភ្ជាប់សមាជិកនៅកម្ពុជា និងម៉ាឡេស៊ី ដែលអាចក្លាយជាដៃគូជាមួយគ្នាដើម្បីធ្វើការ​វិនិយោគ​រួមគ្នា​លើ​គម្រោងនានា។តាមរយៈបទបង្ហាញនានារបស់ក្រុមវិនិយោគិនកម្ពុជា ​បានបញ្ជាក់យ៉ាង​លម្អិតជូនដល់ភាគីម៉ាឡេស៊ី អំពីការស្វាគមន៍ ​និងបើកទូលាយ​ទទួលរាល់ការវិនិយោគទាំងអស់ ហើយកម្ពុជា​ក៏មានធនធាន​គ្រប់គ្រាន់​ និងមានលក្ខណៈអំណោយផល ​ទាំងភូមិសាស្រ្ត ​ស្ថេរភាពនយោបាយ និងសន្តិសុខ​សង្គម ដែលជាកត្តាចម្បង ​ធានាបាននូវសុវត្ថិភាពក្នុងការងារវិនិយោគ និងគ្មានហានិភ័យណា​មួយកើតឡើងចំពោះអ្នកវិនិយោគទុននៅកម្ពុជាទាំងពេលបច្ចុប្បន្ន ​និងទៅថ្ងៃអនាគត។សូមបញ្ជាក់ថា ​សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍​ បានបង្កើតឡើងក្នុងឆ្នាំ២០២០ ក្នុង​បេសកម្មចង់ក្លាយ​ជាកន្លែងប្រមូលផ្តុំ ​ការវិនិយោគ អ្នកវិនិយោគិន ដើម្បីចូលរួមជាមួយ​រាជរដ្ឋា​ភិបាល ក៏ដូចជាវិស័យឯកជនផ្សេងៗទៀត​ ដើម្បីវិនិយោគហើយជួយ​អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យ​កាន់រីកចម្រើនថែមទៀត៕អត្ថបទ៖ ឈិត បូរ៉ាវី

ប្រភិភូកម្ពុជាជាង ៣០ក្រុមហ៊ុន អញ្ជើញចូលរួមប្រជុំនៃគម្រោងតភ្ជាប់ផ្លូវរថភ្លើង​ល្បឿនលឿន​ក្នុងអាស៊ាន

2022/06/21 11:54:08 pm        682
ភ្នំពេញ៖ ប្រតិភូកម្ពុជានៅក្នុងវិស័យឡូជីស្ទិកប្រមាណជាង ៣០ ក្រុមហ៊ុន នឹងអញ្ជើញចូលរួមប្រជុំនៅប្រទេសឡាវ លើគម្រោងពិភាក្សា នៃការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនរួមមាន៖ ប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន ក្នុងប្រទេសជាប់តំបន់ទន្លេមេគង្គ។លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា ថ្លែងប្រាប់ភ្នាក់ងារអ្នកយកព័ត៌មាន BTV ឱ្យដឹងថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ ប្រតិភូក្នុងវិស័យឡូជីស្ទិកនៃវិស័យឯកជននៅកម្ពុជា មានជាង ៣០ ក្រុមហ៊ុន ដែលដឹកនាំដោយលោកឧកញ៉ាផ្ទាល់ បានអញ្ជើញទៅចូលប្រជុំនៅ​ប្រទេស​ឡាវ ដោយក្នុងកិច្ចប្រជុំនោះ មានការចូលរួមពីប្រតិភូប្រាទេសវៀតណាម ថៃ និងប្រទេសឡាវ ខ្លួនឯងដោយផ្ទាល់ ដើម្បីប្រជុំពិភាក្សា នៃគម្រោងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿន (ប្រទេសជាប់តំបន់ទន្លេមេគង្គ) រវាងប្រទេសចិន វៀតណាម ឡាវ ថៃ និងកម្ពុជា។លោកឧកញ៉ា បន្តឲ្យថា ជុំវិញការប្រជុំពិភាក្សានៃគម្រោងតភ្ជាប់ផ្លូវរថភ្លើងឆ្លងកាត់អាស៊ាននេះ ពិតជា​មានសារៈសំខាន់ណាស់ ប្រសិនការ​អនុវត្តប្រព្រឹត្តិទៅដោយរលូន ​វានឹងផ្តល់ផលប្រយោជន៍ នឹង​សម្រួលដល់ការដឹកជញ្ជូន ​ជាពិសេសការដឹកជញ្ជូនទំនិញឆ្លងកាត់ពីកម្ពុជាទៅកាន់ប្រទេសចិន, ខណៈបច្ចុប្បន្នការដឹកជញ្ជូនតាមផ្លូវទឹករវាងកម្ពុជា-ចិន បានប្រើប្រាស់រយៈពេលយូរ ចន្លោះពី ១០ ថ្ងៃ ទៅ១៥ថ្ងៃ ។ ចំណែកជុំវិញការដឹកជញ្ជូនតាមផ្លូវរថភ្លើងនេះ​ បើយើងគិតរយៈពេលនៃការដឹកជញ្ជូន ពីគុណមិញ​ប្រទេសចិន ​មកដលប្រទេសឡាវ​ គឺប្រើប្រាស់រយៈពេលត្រឹម ៧២ ម៉ោងប៉ុណ្ណោះ ​ដែលបញ្ហានេះ យើងត្រូវពិភាក្សាឲ្យបានច្បាស់លាស់សម្រាប់ការតភ្ជាប់ ​ជាពិសេសតម្លៃនៃការដឹកជញ្ជូនតែម្តង។សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន, បច្ចុប្បន្នផលប៉ះពាល់បានកើតឡើង គឺការរឹតត្បិត​នៃការ​ទប់ស្កាត់នៃការរីករាលដាលជម្ងឺកូវីដ១៩, ការឡើងថ្លៃប្រេង​ ដោយសារសង្គ្រាមនៅរុស្សី-អ៊ុយក្រែន​ជាដើម ដែលការងារនេះបានជះឥទ្ធិពលដល់ការឡើងថ្លៃនៃសេវាដឹកជញ្ជូន ក្នុងនោះចំពោះថ្លៃ​សេវាដឹកជញ្ជូនតាមកប៉ាល់វិញ បានប្រែប្រួលយ៉ាងខ្លាំងផងដែរ ខណៈតម្លៃនៃការដឹកជញ្ជូនពីមុន ថ្លៃមួយកុងតេន័រ ចន្លាះពី ២ ៥០០ ទៅ ៣ ០០០ ដុល្លារអាមេរិក ​បច្ចុប្បន្នបានហក់ជាង ៨ ០០០ ដុល្លារក្នុងមួយទូរ ៕ អត្ថបទ៖ សុន រ៉ាឌី

មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជានៅជប៉ុន នឹងចូលរួមផ្សព្វផ្សាយសក្តានុពលវិនិយោគ និងធុរកិច្ចនៅកម្ពុជា

2022/06/21 08:06:18 pm        346
​ភ្នំពេញ៖ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា (Cambodia Private Commercial Center) នៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន ត្រូវបានសម្ពោធជាផ្លូវការ ដែលនឹងក្លាយជាស្ពានសម្រាប់ផ្សារភ្ជាប់កាន់តែល្អប្រសើរថែមទៀតនូវទំនាក់ទំនងការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ នៃប្រទេសទាំងពីរ។ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី២០ មិថុនា ឆ្នាំ២០២២ ពិធីសម្ពោធជាផ្លូវការ នេះ មានការចូលរួមជាភ្ញៀវកត្តិយសដោយផ្ទាល់ និងផ្ញើរសារជូនពរពីឥស្សរជនជាន់ខ្ពស់ជាច្រើនរូបពីភាគីជប៉ុន ព្រមទាំងភ្ញៀវកិត្តិយសជាឥស្សរជន នយោបាយ, សមាជិករដ្ឋសភា, សមាជិកសភាខេត្ត, អ្នកការទូត, អភិបាលក្រុង ស្រុក តំណាងស្ថាប័នគាំ​ទ្រពាណិជ្ជកម្ម សភាពាណិជ្ជកម្ម សមាគមអាជីវកម្ម ក្រុមហ៊ុនជាច្រើនផ្សេងទៀត។ក្នុងឱកាសនោះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញ​សមត្ថភាព​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំប្រទេសជប៉ុន មានប្រសាសន៍ថា ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជា នៅ​ប្រទេសជប៉ុន គឺជា​សមិទ្ធផល​ថ្មីស្រឡាង ​បានមកពីការរួមសហការរបស់វិស័យឯកជននៅជប៉ុន និងស្ថាប័នជំនាញនៅកម្ពុជា ​ដោយមានស្ថានទូតនៃប្រទេសទាំងពីរ ​ជាស្ពានសម្របសម្រួល។មជ្ឈមណ្ឌលនេះ គឺជាស្ពាន និងជាកន្លែងសម្រាប់​ពាណិជ្ជករ វិនិយោគិនជប៉ុន និងសាធារណជន​ទូទៅ​មកទំនាក់ទំនងដោយផ្ទាល់​ ពិនិត្យផលិតផល​សក្តានុពល​កម្ពុជា​ ដែលមានតាំងបង្ហាញ សាកសួរព័ត៌មាន​ច្បាប់បញ្ញត្តិ និងស្រាយ​ចម្ងល់​នានា ដើម្បីមាន​មូលដ្នាន​សម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុន។ឯកឧត្តម បានជម្រាបជូនអង្គពិធី អំពីសមិទ្ធិផលថ្មីៗដែលកម្ពុជាសម្រេចបាន ក្នុងការលើកកម្ពស់​បរិយាកាសធុរកិច្ច និងការស្ដារសេដ្ចកិច្ចឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រួមមាន៖ ភាព​ជោគជ័យ​លើការគ្រប់គ្រងកូវីដ១៩ តាមការចាក់វ៉ាក់សាំងការពារបានយ៉ាងទូលំទូលាយជូន​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​ក្រោម​ការ​ដឹ​កនាំ​របស់​សម្តេច​តេជោ នាយករដ្ឋមន្ត្រី, ការសម្រេច​បាន​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀតក្នុងកាលៈទេសៈកូវីដ១៩​ គឺការសាងសង់ព្រលានយន្តហោះថ្មី​ចំនួន៣ (ភ្នំពេញថ្មី សៀមរាប​ និងកោះកុង) ​និងការសាងសង់ផ្លូវល្បឿនលឿនថ្មី១ខ្សែភ្នំពេញ-ខេត្តព្រះសីហនុ។ឯកឧត្តម ​ក៏បានលើកឡើងពីច្បាប់ស្តីពីការវិនិយោគថ្មី ដែលត្រូវបានអនុម័ត ​នាខែតុលា ឆ្នាំ២០២១ និង​ការចូលជាធរមាននៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មតំបន់គ្រប់ជ្រុងជ្រោយ​ (RCEP) ដែលជប៉ុន​ជាសមាជិកដ៏សំខាន់មួយ, និងចំណងមិត្តភាពភាតរភាព ​និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង​ជប៉ុន នៅតែស្ថិតស្ថេរ ​និងបន្តរីកចម្រើន ​ដោយសារការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសកម្ពុជា និងជប៉ុន​ ក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី​ ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ។ឆ្លៀតក្នុងឱកាសនោះ​ ឯកឧត្តម បានថ្លែងអំណគុណចំពោះ ​ក្រុមហ៊ុន Kojima Holding Co., Ltd សហគមន៍​ខ្មែរនៅជប៉ុន, ក្រសួងស្ថាប័នជំនាញ ​បានគាំទ្រជាកំលាំងកាយ កំលាំងចិត្ត ​ស្មារតី ឯកសារ ​សម្ភារៈ និងការសម្របសម្រួលគ្រប់ទំរង់ ​រួមចំណែកធ្វើឲ្យកើតជារូបរាងឡើង មជ្ឈមណ្ឌល​ពាណិជ្ជកម្មឯកជនកម្ពុជាដ៏ស្រស់ល្អ ​ដំបូងគេលើទឹកដីជប៉ុននៅពេលនេះ៕ អត្ថបទ៖ បូរ៉ាវី 

តម្លៃប្រេងម៉ាស៊ូតឡើងបន្ថែម ២០០រៀល ខណៈប្រេងសាំងធម្មតារក្សាតម្លៃដដែល រហូតដល់បំណាច់ខែមិថុនា

2022/06/21 07:27:35 pm        327
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយ​ប្រេងឥន្ធនៈ តាមស្ថាបនីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៨០០រៀល/លីត្រ(តម្លៃដដែល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៦.៣០០រៀល/លីត្រ(ឡើង ២០០រៀល)។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM
អ្នកទេសចរជប៉ុនម្នាក់ ត្រូវបានយុវជនថៃ៦នាក់វាយប្រហារ និងប្លន់ នៅជិតអាកាសយានដ្ឋាន Makkasan ទីក្រុងបាងកក
08/15/2026 09:08 AM
អ៊ីរ៉ង់បញ្ជាក់ថា ខ្លួនបានបាញ់ទម្លាក់យានដ្រូន MQ-9 ផលិតនៅអាមេរិក នៅខេត្ត Hormozgan
08/14/2026 08:08 PM
សមាជិកសភាកោះ​តៃវ៉ាន់ អនុម័តថវិកាឆ្នាំ២០២៦ ក្រោយ​ពន្យារពេលយ៉ាង​យូរ​បំផុត​
08/14/2026 08:08 PM