រាជរដ្ឋាភិបាលវាយតម្លៃសារជាថ្មីលើវិស័យចម្បងៗដែលទ្រទ្រង់កំណើនសេដ្ឋកិច្ច​ឆ្នាំ២០២៦
កម្ពុជានាំចេញបន្ទះសូឡាក្នុងត្រីមាសទី១ មានទឹកប្រាក់សរុបជាង ៥,៧លានដុល្លារ កើនជិត ៧៥%
កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីក្នុងត្រីមាសទី១ មានទឹកប្រាក់ ៣៥៨លានដុល្លារកើនជាង ២២%
ប្រព័ន្ធធារាសាស្ត្រជាងពីរពាន់កន្លែងនឹងបង្កើនលទ្ធភាពស្រោចស្រពនារដូវវស្សានេះ ខណៈរបាយទឹកភ្លៀងក៏ល្អប្រសើរ

សេដ្ឋកិច្ច និង កសិកម្ម

ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ដឹកនាំមន្ត្រីកសិកម្មឃុំ-សង្កាត់​ធ្វើទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិន​ស្រូវ និងស្វែងយល់ពីគុណភាពស្រូវ និងខ្សែច្រវាក់កែច្នៃអង្ករ

2025/11/26 03:13:22 pm        499
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការ បានដឹកនាំ​មន្ត្រីកសិកម្មឃុំ-សង្កាត់ មកពី៤ស្រុក ប្រមាណ៣០​នាក់​ក្នុង​ខេត្ត​ព្រៃវែង​ទស្សន​កិច្ច​រោង​ម៉ាស៊ីន​កិនស្រូវ ឈិត ប៊ុនថន និងស្វែងយល់ពីខ្សែច្រវាក់កែច្នៃអង្ករ និងការពិនិត្យ​លើ​គុណ​ភា​ព​ស្រូវ ដើម្បីផលិតអង្ករមានស្តង់ដា និងគុណភាព។ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ បានគូសបញ្ជាក់ថា គុណភាពអង្ករល្អ គឺពឹងផ្អែក​ទាំង​ស្រុងលើ​គុណ​ភាព​ស្រូវ។ ជាមួយគ្នានោះឯកឧត្តមក៏មើលឃើញថា ការផលិតស្រូវរបស់កសិករ នៅ​មិន​ទាន់​ឆ្លើយ​តបតាមស្តង់ដា និងគុណភាពបាននៅឡើយទេ ដែលទាំងនេះ​គឺ​ជា​កិច្ចការ​ស្នូលរ​បស់​មន្ត្រី​កសិកម្មឃុំ-សង្កាត់ត្រូវធ្វើការ​ឱ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​កសិករ​តាមរ​យៈកា​រ​អនុវត្ត​យន្ត​ការ​គោលការណ៍​ពូជ​សុទ្ធ និងគោលការណ៍ស្រែល្អ។នាដំណើរទស្សនកិច្ចសិក្សានោះ មន្ត្រីកសិកម្មឃុំ-សង្កាត់ បានស្វែងយល់បន្ថែមពីខ្សែច្រវាក់កែច្នៃស្រូវអង្ករ ដែលចាប់ផ្តើមពីការពិនិត្យគុណភាពស្រូវ និងបានពិភាក្សាលើការសហការកសាងភាពជាដៃគូរវាងរោងម៉ាស៊ីន និងសហគមន៍កសិករផងដែរ៕

រាជរដ្ឋាភិបាលលើកទឹកចិត្តផ្នែកពន្ធដារចំពោះសហគ្រាសដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

2025/11/26 10:08:53 am        189
រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម ដែលនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ដល់បំណាច់ឆ្នាំ២០២៧ សម្រាប់សហគ្រាសដែលធ្វើការដាំដុះ ផលិត សហគ្រាសផ្គត់ផ្គង់កសិផលក្នុងស្រុក និងការនាំចេញ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ចេញប្រកាស ស្តីពីការលើកទឹកចិត្តពន្ធដារចំពោះវិស័យ កសិកម្ម ដោយប្រកាសនេះមានវិសាលភាពអនុវត្តចំពោះការដាំដុះ ការផលិត ការផ្គត់ផ្គង់ក្នុងស្រុក ឬការនាំចេញ ស្រូវ អង្ករ ពោត សណ្តែក ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលដូងប្រេងក្នុង ស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវបានចាត់ទុកជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែម ចំពោះការផ្គត់ផ្គង់ក្នុងស្រុក នូវទំនិញ ឬសេវាដល់សហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកដូចខាងលើ និងរួមជាមួយការផ្គត់ផ្គង់ផលិតផលដូងប្រេង ក្នុងស្រុក ដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ។ វិធានការនេះ មិនត្រូវគិតអាករលើតម្លៃបន្ថែមលើការផ្គត់ផ្គង់របស់ខ្លួនទេ ប៉ុន្តែ ត្រូវបានអនុញ្ញាតឥណទានអាករលើធាតុចូល ដែលទាក់ទិននឹងការផ្គត់ផ្គង់។ចំពោះសហគ្រាសដែលធ្វើការដាំដុះ ផលិត ផ្គត់ផ្គង់ក្នុងស្រុកខាងលើនេះដែរ និងការផលិតផលដូងប្រេងក្នុងស្រុក ដែលជាវត្ថុ ធាតុដើមសម្រាប់ផលិតចំណីសត្វ ត្រូវទទួលបានការអនុគ្រោះដូចជា៖ ១- ព្យួរទុកការបង់ពន្ធអប្បបរមា, ២- ព្យួរទុកការបង់ប្រាក់រំដោះ ពន្ធលើប្រាក់ចំណូល, ៣- រួចផុតពីកាតព្វកិច្ចកាត់ទុកប្រាក់ពន្ធលើការទូទាត់ ចំពោះការផ្គត់ផ្គង់សេវាដោយបុគ្គលមិនស្ថិតក្នុងរបបស្វ័យ ប្រកាស។ ដើម្បីទទួលបានការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្មនេះ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចជា៖ ស្នើសុំវិញ្ញាបន បត្រអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ពីអគ្គនាយកដ្ឋានពន្ធដារ, ភ្ជាប់បញ្ជីឈ្មោះអ្នកផ្គត់ផ្គង់ទំនិញ ឬសេវាជាមួយនឹងលិខិតប្រកាស អាករលើតម្លៃបន្ថែមប្រចាំខែ, កាន់បញ្ជីគណនេយ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន, ដាក់លិខិតប្រកាសសារពើពន្ធ ជូនរដ្ឋបាលសារពើពន្ធប្រចាំខែ ប្រចាំឆ្នាំទៅតាមទម្រង់ ពេលវេលា និងទីកន្លែងដែលរដ្ឋបាលសារពើពន្ធកំណត់។ ចំណែកសហគ្រាស ដែលធ្វើការផ្គត់ផ្គង់ផលិតផលដូងប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិត ត្រូវភ្ជាប់បញ្ជីឈ្មោះសហគ្រាសទទួលការផ្គត់ផ្គង់ ជាមួយនឹងលិខិតប្រកាសអាករលើតម្លៃបន្ថែម។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ កម្ពុជានាំចេញកសិផលជាច្រើនប្រភេទ ក្នុងរយៈពេល ១0 ខែ ឆ្នាំ២០២៥, មានបរិមាណសរុប ជិត ១១,៩ លានតោន កើនឡើងជាង ៣០ ភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន មានទំហំទឹកប្រាក់សរុបប្រមាណជាង ៤ ១៨៣ លានដុល្លារអាម៉េរិក ក្នុងនោះកសិកផលដែលគាំទ្រដល់ការនាំចេញរួមមាន៖ ស្រូវជាង ៥,៤ លានតោន កើនឡើង ៥៧%, ចំណិត ដំឡូងក្រៀមជិត ១,៤ លានតោន កើនឡើង ៦០%, អង្ករ ៦៩៨ ពាន់តោន កើនជិត ៣៨%, គ្រាប់ស្វាយចន្ទីជាង ៦៣៤ ពាន់តោន កើនជិត ១០%, ចេកស្រស់ ២៩០ ពាន់តោន កើន ៣៧%, គ្រាប់ពោតជិត ១៧០ ពាន់តោន កើន ១៣២% ធៀបរយៈ ពេលដូចគ្នាឆ្នាំ២០២៤ ក្រៅពីនេះនៅមានកសិផលជាច្រើនទៀត បានគាំទ្រដល់កំណើននាំចេញរបស់កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម​អនុរដ្ឋលេខាធិការ​ ឃឹម​ ហ្វីណង់​ ដឹកនាំកិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​សហគមន៍​កសិកម្ម​ទំនើប និង​សិក្ខា​សាលា​ឆ្លុះ​បញ្ចាំង​នៅខេត្តកំពង់ធំ

2025/11/26 09:03:39 am        262
នាព្រឹកថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការទទួល​បន្ទុក​ការ​ងារ​អភិវឌ្ឍន៍​សហគមន៍កសិកម្ម​ និងជាអ្ន្នកនាំពាក្យក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ បាន​អញ្ជើញ​ដឹក​នាំកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍កសិកម្មទំនើបនិងសិក្ខាសាលាឆ្លុះបញ្ចាំង​ នៅ​ខេត្តកំពង់ធំ​។កិច្ចប្រជុំរយៈពេលពីរថ្ងៃនេះមានការចូលរួមពីសហគមន៍កសិកម្មទំនើបទាំងអស់នៅទូទាំងប្រទេស ដៃ​គូ​អភិវឌ្ឍន៍ និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម​ សរុបប្រមាណ២០០នាក់ ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​GIZ​ ដើម្បីពិភាក្សាចែករំលែកបទពិសោធ ទទួលយកធាតុចូលបន្ថែម ដោះស្រាយ​បញ្ហា​ប្រឈម​រួម​គ្នា និងតម្រង់ទិសសម្រាប់​ការ​អ​នុវត្ត​ផែនការ​អាជីវកម្ម​របស់​សហគមន៍​នៅ​ឆ្នាំ​បន្ទាប់​ទៀត​។សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ សហគមន៍​កសិកម្ម​ទំនើប​ចំនួន​២៥​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ក្នុង​ខេត្ត​ចំនួន​១១ ជាមួយនឹងកសិករជាសមាជិកប្រមាណជាង៣២០០គ្រួសារ៕

កម្ពុជានឹងអាចនាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសចិនក្នុងពេលឆាប់ៗ

2025/11/25 11:54:39 am        236
ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា រំពឹងថា កម្ពុជា​នឹង​អាច​នាំ​ចេញ​សំបុក​ត្រចៀក​កាំ​ទៅកាន់ប្រទេស ចិនបានក្នុងពេលឆាប់ៗ ខណៈកម្ពុជាបាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយ ភាគីចិន ដើម្បីទម្លុះ​របាំង​បច្ចេក​ទេស​នៃការនាំចេញ។លោកជំទាវ វ៉ា សុជិន ប្រធានសមាគមអ្នកផលិតនិងនាំចេញសំបុកត្រចៀកកាំកម្ពុជា លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ជាមួយ BTV ស្តីពីការអភិរក្ស ការនំាចេញ និងការ​កែច្នៃ​ផលិត​ផល​ចេញ​ពី​សំបុក​ត្រចៀ​ក​កាំនេះថា ជុំវិញការអភិវឌ្ឍលើវិស័យនេះ, បើធៀប ប្រទេសក្នុងអាស៊ាន កម្ពុជា​គឺ​ជា​ប្រទេស​កូន​ពៅ​ដែលបានអភិរក្សផ្ទះត្រចៀកកាំ ក្នុងនោះកម្ពុជា​ក៏​ជាប្រ​ទេស​ដែល​មាន​សក្តានុពល​ខ្លាំង​ លើការអភិវឌ្ឍលើវិស័យនេះផងដែរ ជាក់ស្តែងមកដល់ពេលនេះ យើងបាន​អភិរក្ស​ផ្ទះ​ត្រចៀក​កាំ​មានចំនួនរាប់ពាន់ផ្ទះ ដោយការ អភិរក្សនេះពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កំណើន​កើន​ឡើង​គួ​កត់សម្គាល់។លោកជំទាវ បន្តថា ជុំវិញការនាំចេញសំបុកត្រចៀកកាំនេះដែរ កន្លងមក​កម្ពុជា​បាន​​នាំ​ចេញ​សំបុក​ចៀក​កាំ​ទៅ​ប្រទេសជិតខាង មានចំនួនច្រើនគួរសម បច្ចុប្បន្នកម្ពុជា​ក៏​បាន​កំពុង​ខិតខំ​បង្កើត​កិច្ច​សហ​ប្រតិបត្តិការ តាមរយៈការបណ្តុះបណ្តាលជាមួយភាគីពាក់ព័ន្ធ ជាពិសេសជាមួយភាគីចិន និង​បានទំនាក់ទំនងជាមួយគយចិន និងការសុំគោលការណ៍គាំទ្រពីស្ថានទូតចិនជាដើម ដែល​តាម​រយៈ នៃកិច្ចសហការនេះ បានបង្កើតនូវទំនុកចិត្តខ្ពស់ ដល់ការនាំ​ចេញ​សំបុក​ត្រចៀក​កាំ​របស់​កម្ពុជា​ចូល​ទៅក្នុងទីផ្សារចិនក្នុងពេលឆាប់ៗ។លោកជំទាវ វ៉ា សុជិន បន្តឱ្យដឹងថា ចំពោះការផលិតនិងកែច្នៃសំបុកត្រចៀកកាំក្នុងស្រុកវិញ មក​ដល់​បច្ចុប្បន្ន​មានសិប្បកម្ម ជាច្រើន បាននិងកំពុង​កែច្នៃ​សម្រាប់​ការ​លក់​ដូរ​នៅលើ​ទីផ្សារ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា បញ្ហានេះដែរ, លោកជំទាវបានលើកទឹកចិត្ត ដល់ម្ចាស់សិប្បកម្មកែច្នៃ សូម​ឱ្យ​ពង្រឹងនូវគុណភាពផលិតបន្ថែមទៀត ជាពិសេសការអនុវត្តស្តង់ដារ ដើម្បីការ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ក៏ដូច​ជាគាំទ្រដល់ទីផ្សារនាំចេញរបស់កម្ពុជាផងដែរ។សូមបញ្ជាក់ថា ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកពាណិជ្ជកម្មនេះ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ខិតខំ​ប្រឹង​ប្រែងយ៉ាងខ្លាំង ជំរុញបង្កើត កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូរផ្សេងៗ ជា​ពិសេសជាមួយប្រទេសចិន ដោយបានជំរុញឲ្យមានពាណិជ្ជកម្មសេរី រវាង ប្រទេសទាំងពីរ ជាក់​ស្តែង​នា​ពេល​កន្លងមកនេះ កម្ពុជា-ចិនក៏បានបើកច្រកពាណិជ្ជកម្មលើផលិតផលសំបុកត្រចៀកកាំ រវាង​ប្រទេសទាំងពីរ, និងការពង្រឹងបណ្តាញធុរកិច្ច តាមរយៈការ​រៀបចំ​វេទិកា​រ​ពាណិជ្ជ​កម្ម​ផ្សេង​ៗ​ដូច​ជា៖​ វេទិការធុរកិច្ច ការផ្គត់ផ្គង់ពាណិជ្ជកម្ម និងការចូលរួម​ពិរព័ណ៍​លើ​ផលិត​ផល​សំបុក​ត្រចៀក​កាំ​ជាដើ​ម៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាគឺជាប្រទេសដំបូងគេ ដែលចុះហត្ថលេខាលើពន្ធបដិការជាមួយអាមេរិក គាំទ្រ​ដល់​ទីផ្សារ​នាំ​ចេញ​

2025/11/25 11:21:36 am        308
មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្លែងឱ្យដឹងថា កម្ពុជាគឺជាប្រទេស​ដំបូង​គេ​បង្អស់​លើ​ពិភព​លោក​ ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដោយ​បាន​ផ្ដល់​ភាព​ច្បាស់​លាស់ និងទំនុកចិត្តខ្ពស់ សម្រាប់វិនិយោគិនបរទេស ផលិត​ដើម្បី​ការ​នាំ​ចេញ​ទៅ​សហរដ្ឋអាមេរិក។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុ​ង​ជំនួប​ជា​មួយ​គណៈប្រតិភូ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ដឹក​នាំ​ដោយ​លោក YAMADA Yasuhiro មន្ត្រីជាន់ខ្ពស់ផ្នែកគោល នយោបាយ ដើម្បីធ្វើការ​រាយ​ការណ៍​ជូន​អំពី​វឌ្ឍនភាពនៃការសិក្សា សមិទ្ធិលទ្ធភាព នៃគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសបៃតង កម្ពុជា-ជប៉ុន ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥, ឯកឧត្តម​បាន​គូស​បញ្ជាក់​អំ​ពី​កាលានុវ​ត្ត​ភាព​ថ្មី​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ជាពិសេសភាព ជោគជ័យនៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​ជាមួយ​សហរដ្ឋ​អាមេរិក ក្នុងនោះកម្ពុជាគឺជាប្រទេសដំបូងគេបង្អស់លើពិភពលោក ដែល បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាមួយអាមេរិក ដែលបានផ្ដល់ភាពច្បាស់លាស់ និង​ទំនុក​ចិត្តខ្ពស់សម្រាប់ វិនិយោគិនបរទេស រួមទាំងវិនិយោគិនជប៉ុនផងដែរ ក្នុង​កា​រ​នាំ​ចេញ​ផលិត​ផល​ទៅកាន់ទីផ្សារដ៏ធំរបស់សហរដ្ឋអាមេរិក។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានគូស​បញ្ជាក់​ពី​សារៈ​សំខាន់​ជា​យុទ្ធសាស្ត្រ​នៃ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ ​ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលលំហូរភស្តុភារកម្ម កាត់​បន្ថយ​ថ្លៃ​ដើម​ដឹក​ជញ្ជូន និងធានាបាននូវការតភ្ជាប់ផ្លូវទឹកប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដម​ឧប​នាយករដ្ឋ​មន្ត្រី​ ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រ និងការចូលរួមយ៉ាងសកម្មរបស់ ERIA ក្នុង​ការសិក្សាដ៏មានសារៈសំខាន់នេះ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់​ការស​ម្រេច​ចិត្ត​លើ​ការ​អនុវត្ត​គម្រោងនាពេលអនាគត ព្រមទាំង បានសម្តែង​នូវ​អំណរ​គុណ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អរបស់ ERIA និងបានលើកទឹកចិត្តឱ្យក្រុមការងារ បន្តកិច្ចសហការឱ្យបាន ជិតស្និទ្ធ​ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីឱ្យ​គម្រោង​នេះ​បន្ត​បោះ​ជំហាន​ទៅ​មុខ​ដោយ​រលូន ​និងប្រកបដោយប្រសិទ្ធភាពខ្ពស់។សូមបញ្ជក់ថា រាជរដ្ឋាភិបាលកម្ពុជា និង ERIA បាននិងកំពុងខិតខំជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រកប​ដោយចីរភាព និងបរិស្ថានល្អ ដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់កម្ពុជា។ ភាគី​ទាំង​ពីរ​បានពិភាក្សាផ្លាស់ប្ដូរទស្សនៈយ៉ាងស៊ីជម្រៅ លើចំណុចគន្លឹះនានា ដើម្បីធានាថា គម្រោង​អភិវឌ្ឍន៍​តំបន់​សេដ្ឋកិច្ចពិសេសបៃតងនេះ នឹងអាចរួមចំណែកទាក់​ទាញ​ការ​វិនិយោគ​ផ្ទាល់​ពីប​រទេស​ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងផ្ដល់នូវឱកាសការងារ និងការផ្ទេរបច្ចេក​វិទ្យា​ទំនើប​ពាក់ព័ន្ធ ​ដែលនឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របតាមស្តង់​ដារ​អភិវឌ្ឍន៍​បៃតង​ជាស​កល​៕ ​អត្ថបទ៖ សុន រ៉ាឌី

គម្រោងវិនិយោគចំនួន១០ មានទុនប្រមាណ ១១១លានដុល្លារ កំពុង​ត្រូវ​បាន​លើក​យក​មក​ពិនិត្យ ​ដើម្បីអនុម័តសំណើរ

2025/11/21 03:49:03 pm        475
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បាន​រៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ លើកទី១៧ ឆ្នាំ២០២៥​ ដើម្បី​ពិនិត្យ​ពិភាក្សា​លើ​សំណើ​សុំ​ចុះប​ញ្ជី​គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ១០គម្រោង ក្រោម​អធិបតី​ភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមាន​ការ​អញ្ជើញ​ចូល​រួម​ពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគទាំងនេះ មានទុនវិនិយោគសរុបប្រមាណ ១១១លានដុល្លារអាម៉េរិក អាច​បង្កើត​ការ​ងារ​បាន​ប្រមាណ ៦ពាន់កន្លែង និងមានមុខសញ្ញា​វិនិយោគ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​ចំនួន​ ៩​គម្រោង (ផលិតប្រេងកៅស៊ូ, ផលិតចំណីសត្វ, ផលិតខ្សែអំពូលភ្លើងលម្អគ្រប់ប្រភេទ, ផលិត​ដើម​ណូអែល គ្រឿងលម្អ និងគ្រឿងបន្លាស់ដើមណូអែលគ្រប់ប្រភេទ, តុក្កតាណូអែល និងគ្រឿង​តុប​តែង​លម្អ​សម្រាប់ពិធីបុណ្យណូអែល, ផលិតផលិតផលធ្វើពីប្លាស្ទិក (បន្ទះរក្សាកម្តៅ បន្ទះ​ការ​ពារ​សំទ្បេង កម្រាលការពារជង្គង់ និងកម្រាលហាត់យូហ្គា), ផលិតសម្ភារៈសត្វចិញ្ចឹម និងសម្ភារៈ​បន្ទា​ប់​បន្សំ, និងផលិតទូកខ្យល់ ទូកកៃយ៉ាក់ តង់ កៅអី សាទ្បុង និងសម្ភារៈ​បោះជំរំ​បន្ទាប់​បន្សំ​ពី​ប្លាស្ទិក,​ និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន១គម្រោង (បង្កើតផែស្ងួត)។គម្រោងវិនិយោគទាំង១០ដូចបានរៀបរាប់ខាងលើនេះ បានបោះទីតាំងនៅខេត្តតាកែវ កំពង់ស្ពឺ ព្រៃ​វែង កំពត និងព្រះសីហនុ៕

ADB គ្រោងផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រឹងដល់វិស័យឯកជន គាំទ្រការប្រកួតប្រជែងរបស់កម្ពុជា

2025/11/21 10:00:25 am        258
ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្មនៅកម្ពុជា ដើម្បីពង្រឹងដល់វិស័យឯកជន រួមទាំងការផ្តល់ហិរញ្ញប្បទាន ក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន នៅលើវិស័យអាទិភាពមួយចំនួន ដើម្បីជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់កម្ពុជា។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ បាន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក វីនហ្រ្វែត វីកក្លែន (Winfried Wicklein) អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងលោកស្រី យ៉ាសមីន ស៊ីឌីគី (Yasmin Siddiqi) នាយិកាស្ថានតំណាង ធនាគារអភិវឌ្ឍន៍អាស៊ីថ្មីប្រចាំកម្ពុជា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ, លោក វីនហ្រ្វែត វីកក្លែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាល កម្ពុជា និង ADB និងបានគូសរំលេចអំពីការកែទម្រង់ជាយុទ្ធសាស្ត្ររបស់ ADB ជាមួយភាគីពាក់ព័ន្ធ ដើម្បីជំរុញ និងពង្រឹងកិច្ចសហ- ប្រតិបត្តិការក្នុងតំបន់, ជាពិសេសអាស៊ាន ដែលបច្ចុប្បន្នបាននិងកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងឆាកអន្តរជាតិ, ដោយផ្តោតលើវិស័យ អាទិភាពសំខាន់ៗជាច្រើន, ក្នុងនោះ ADB បានធ្វើបច្ចុប្បន្នកម្មលើប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងអាចផ្តល់លទ្ធភាពដល់ ADB បង្កើនហិរញ្ញប្បទានបន្ថែមដល់ប្រទេសជាសមាជិកពី ២៥ ដល់ ៣៥ ប៊ីលានដុល្លារអាម៉េរិក ក្នុងមួយឆ្នាំ ។ ពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយកម្ពុជាននេះ, ក្នុងខែមីនា ឆ្នាំ ២០២៦ ខាងមុខ ក្រុមបេសកកម្មរបស់ ADB នឹងមកបំពេញបេសកកម្ម ដើម្បីធ្វើបច្ចុប្បន្នកម្មបញ្ជីគម្រោង/កម្មវិធីអាទិភាពរយៈពេលមធ្យម និងគិតគូរអំពីការពង្រឹងវិស័យឯកជនកម្ពុជា រួមទាំងការផ្តល់ហិរញ្ញប្បទានក្រោមក្របខ័ណ្ឌហិរញ្ញប្បទានសម្រាប់វិស័យឯកជន (Non-Sovereign Loan) លើវិស័យអាទិភាពសំខាន់ៗ រួមមាន៖ វិស័យថាមពល និងយានយន្តអគ្គិសនី, វិស័យហេដ្ឋារចនាសម្ព័ន្ធ, ព្រមទាំងការជំរុញប្រសិទ្ធភាពពាណិជ្ជកម្ម និងការប្រកួតប្រជែងនៅកម្ពុជាជាដើម។ ជាមួយគ្នានេះ, ADB នឹងគាំទ្រកម្ពុជាក្រោមក្របខ័ណ្ឌ Counter-Cyclical Support Facility (CSF) ដែលជាយន្តការ គាំទ្រផ្នែកហិរញ្ញវត្ថុ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងហានិភ័យបណ្តាលមកពីការអនុវត្តគយបដិការផងដែរ។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ថ្លែងថា ជុំវិញបញ្ហាខាងលើនេះ, កម្ពុជាត្រៀមខ្លួនសហការជាមួយបេសកកម្មរបស់ ADB និងត្រូវ ការគាំទ្រចាំបាច់បន្ថែមរបស់ ADB ជាពិសេសក្នុងកាលៈទេសៈប្រឈមនៃសម្ពាធធំៗដូចជា៖ ការអនុវត្តពន្ធបដិការរបស់ សហរដ្ឋអាមេរិក និងភាពតានតឹងនៅតាមបណ្តោយព្រំដែន ដែលកំពុងផ្តល់ផលអវិជ្ជមានដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា។ ឯកឧត្តមក៏បានស្នើឲ្យ ADB បង្កើនការគាំទ្រ ជំរុញការអភិវឌ្ឍរបស់កម្ពុជាក្នុងវិស័យគន្លឹះសំខាន់ៗរួមមាន៖ ការគាំទ្រវិស័យឯកជនទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ ក្នុងការពង្រឹងយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន, វិស័យថាមពល, ឌីជីថលភាវូបនីយកម្ម, វិស័យហិរញ្ញវត្ថុ, ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការជំរុញការស្រូបយកឥណទាន និងបង្កើនទំហំឥណទានសម្រាប់កម្ពុជាឱ្យធំជាងមុន៕ អត្ថបទ៖ សុន រ៉ាឌី

អន្តរក្រសួងបើកកិច្ចប្រជុំ ពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូល​លើសេចក្តីព្រាងស្តង់ដានីតិវិធីប្រតិបត្តិ នៃវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ

2025/11/20 12:03:17 pm        231
នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លេខាធិកា​រដ្ឋាន​នៃគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែក​ឯកជន​(គ.ស.រ.ជ.) បានរៀបចំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេសនៃក្រុមការងាររាជរដ្ឋាភិបាល និងផ្នែកឯកជន ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើសេចក្តីព្រាងស្តង់ដារនីតិវិធីប្រតិបត្តិនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-SOPs) និងការរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យ នៃការអនុវត្តវិធានការដាក់ចេញដោយវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF-MIS) ក្រោមអធិបតីភាព របស់ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាននៃគ.ស.រ.ជ.។ កិច្ចប្រជុំនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) និងថ្នាក់ដឹកនាំនិងមន្ត្រីបច្ចេកទេសមកពីក្រុមការងារទាំង១៦ របស់រាជរដ្ឋាភិបាល និងផ្នែកឯកជន សរុបទាំងអស់ចំនួនប្រមាណ៨០នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា បានរម្លេចពីសារៈសំខាន់នៃការរៀបចំ G-PSF-SOPs និង G-PSF-MIS ដែលជាឧបករណ៍ដ៏សំខាន់សម្រាប់គាំទ្រដល់ដំណើរការអនុវត្តការងារនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ឱ្យកាន់តែមានប្រសិទ្ធភាពឆាប់រហ័ស និងមានប្រសិទ្ធផលខ្ពស់ ស្របតាមការវិវត្តសង្គម សេដ្ឋកិច្ចនាពេលបច្ចុប្បន្ន សំដៅប្រមូល ចងក្រង និងរក្សាទុកនូវធាតុចូល បញ្ហាប្រឈមលើកឡើងពីវិស័យឯកជន និងដំណោះស្រាយតាមប្រព័ន្ធឌីជីថល ដែលបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិការងារ ការចូលរួមចំណែកពង្រឹងបរិយាកាសធុរកិច្ច និងលើកស្ទួយកំណើននិងសក្ដានុពលសេដ្ឋកិច្ច។ ទន្ទឹមនឹងនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានយកឱកាសនេះថ្លែងអំណរអរគុណដល់រដ្ឋាភិបាលអូស្រ្តាលីតាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយភាពធន់ (CAPRED) ដែលផ្តល់ការគាំទ្រលើយន្តការ G-PSF ពិសេសការគាំទ្រផ្នែកបច្ចេកទេសពាក់ព័ន្ធនានានាពេលកន្លងមក រាប់បញ្ចូលទាំងការរៀបចំ G-PSF-SOPs និង G-PSF- MIS ផងដែរ។អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ.) ដែលតំណាងឱ្យផ្នែកឯកជន បានធ្វើការវាយតម្លៃខ្ពស់ចំពោះលេខាធិការដ្ឋាននៃ គ.ស.រ.ជ. ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីតាមរយៈកម្មវិធី CAPRED ដែលបាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការផ្តល់កិច្ចសម្របសម្រួលជាមួយនឹងវិស័យឯកជនក្រោមក្របខណ្ឌយន្តការ G-PSF និងជាពិសេសក្នុង ការរៀបចំ G-PSF-SOPs និង G-PSF-MIS ដើម្បីអាចដាក់ឱ្យប្រើប្រាស់បាននាពេលដ៏ខ្លីខាងមុខ តបតាមសំណូមពរដ៏ទទូចរបស់វិស័យឯកជន។ ក្នុងនាមផ្នែកឯកជន អ្នកឧកញ៉ា បានលើកឡើងនូវបញ្ហាប្រឈមមួយចំនួនដែលធ្លាប់បានកើតឡើងក្នុងដំណើរការងារក្រោមក្របខណ្ឌយន្តការ G-PSF និងបានទទួលស្គាល់ថា G-PSF-SOPs និង G-PSF-MIS នឹងក្លាយជាឧបករណ៍បំពេញបន្ថែមថ្មីមួយទៀតគាំទ្រដល់ការដោះស្រាយភាពមិនទាន់ស៊ីសង្វាក់គ្នាមួយចំនួនរវាងក្រុមការងាររាជរដ្ឋាភិបាលនិងផ្នែកឯកជន ក្នុងការអនុវត្តការងារកន្លងមកផងដែរ ហើយជាមួយគ្នានេះបានប្តេជ្ញាចូលរួមសហការនិងសម្របសម្រួលឱ្យបានល្អជាមួយនឹងគ្រប់អង្គពាក់ព័ន្ធ ដើម្បីជំរុញឱ្យកិច្ចការងារខាងលើសម្រេចបានក្នុងពេលដ៏ខ្លីខាងមុខនេះ។លោក Paul Keogh នាយកកម្មវិធី CAPRED ក៏លើកឡើងផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានគាំទ្រការលើកកម្ពស់សមត្ថភាពនិងប្រសិទ្ធភាពការងារស្ថាប័ន និងមានក្តីមោទនក្នុងការគាំទ្រដល់ដំណើប្រតិបត្តិរបស់យន្តការ G-PSF ដែលបានចូលរួមចំណែកលើកកម្ពស់បរិស្ថានធុរកិច្ចនិងវិនិយោគ និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជាហើយយល់ថាកិច្ចការដែលយើងទាំងអស់គ្នាបាននឹងកំពុងរៀបចំនេះ គឺដើម្បីធានាថាយន្តការវេទិកានៃការសន្ទនាដ៏មានសារៈសំខាន់មួយ នេះនៅតែមានប្រសិទ្ធភាព និងរឹងមាំ៕

អង្គការអុកស្វាម និងដៃគូ ជំរុញលើកកម្ពស់យុត្តិធម៌ និង​សមធម៌​សង្គម​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា

2025/11/19 12:57:50 pm        216
អង្គការអុកស្វាម ក្រោមការសហការជាមួយបណ្ដាអង្គការក្នុងស្រុក ក្រសួងរដ្ឋាភិបាល និង​ដៃគូ​ក្នុង​វិស័យ​ឯកជន បានបិទបញ្ចប់ដោយមោទនភាពនូវគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេល ៥ឆ្នាំ (២០២១-២០២៥) កន្លងមកនេះ ដែល​ជួយ​ជំរុញ និង​ផ្លាស់​ប្តូរ​ជា​ច្រើនទៅលើគោលនយោបាយ បង្កើនសំឡេងសហគមន៍ និងលើកកម្ពស់​អភិបាល​កិច្ច​ប្រកប​ដោយបរិយាបន្ន។តាមរយៈកិច្ចសន្ទនាថ្នាក់ជាតិ និងការចូលរួមពីមូលដ្ឋាន គម្រោងនេះបាន​ឆ្លុះ​បញ្ចាំង​ក្ដី​កង្វល់​របស់​កម្មករ​ក្នុង​វិស័យកសិកម្ម ដែលជំរុញឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចគាំពារការងារ និង​អនុវត្តច្បាប់របបសន្តិសុខសង្គម។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបាននាំឱ្យមានការចុះធ្វើអធិការកិច្ចជាថ្មី និងការត្រួតពិនិត្យឡើងវិញ ពី​បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ដែលនេះជាសញ្ញានៃការឆ្ពោះទៅរកគណនេយ្យភាព និង​សុខុមាលភាពកម្មករប្រសើរជាងមុន។តាមការ​លើកឡើងរបស់ លោកស្រី សេង រាសី នាយកប្រតិបត្តិអង្គការ ស៊ីលីកា បានឱ្យដឹងថា “គម្រោង​នេះផ្ដល់ភាពអង់អាចដល់សហគមន៍ឲ្យហ៊ាននិយាយស្ដីឱ្យគេបានដឹង។ រាប់តាំង​ពី​កសិករ​នៅ​មូលដ្ឋាន រហូតដល់វេទិកាថ្នាក់ជាតិ គឺបានឃើញថា ការចូលរួមបែប​បរិយាបន្ន​អាច​ជំរុញ​ឱ្យ​មានការកែប្រែគោលនយោបាយពិតប្រាកដ និងពង្រឹងដល់​អភិបាល​កិច្ច​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ។ក្នុងពិធីអបអរសាទរសមិទ្ធផលគម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានវាយតម្លៃខ្ពស់ និង​មាន​ប្រសាន៍​ថា បើទោះបីជាគម្រោងនេះត្រូវបានបិទបញ្ចប់ហើយក្ដី ប៉ុន្តែមរតក​របស់អ្វី​ដែល​គម្រោង​បាន​ធ្វើ​ គឺជាការផ្លាស់ប្ដូរយូរអង្វែង ដែលបានជួយ​ជំរុញ​ឱ្យ​មាន​កិច្ច​គាំពារ​កាន់​តែ​ប្រសើរ​ជាង​មុន​ដល់​កម្មករ សហគមន៍កាន់តែមានភាពអង់អាច ហើយវិស័យកសិកម្ម​របស់​កម្ពុជា​កាន់​តែ​មាន​ភាព​យុត្តិធម៌​ និងចីរភាព នាពេលអនាគត ។លោកស្រី ភាណ សោភ័ណ នាយិការអង្គការអុកស្វាម បានបញ្ជាក់ថា ទាក់ទិនគម្រោងនេះដែរ បាន​បង្ហាញថា ការផ្លាស់ប្ដូរយូរអង្វែងកើតចេញពីសកម្មភាពជាសមូហភាព និង​ការ​សន្ទនា​យ៉ាង​មោះ​មុត​។ តាមរយៈការកៀរគរកម្មករ សហគមន៍ និងអ្នកធ្វើការសម្រេចចិត្តឱ្យមកជួបជុំគ្នា មាន​ន័យ​ថា​យើងបានជួយរៀបចំគោលនយោបាយផ្សេងៗ ដែលការពារសិទ្ធិ និងលើក​កម្ពស់​សមធម៌​នៅ​ក្នុងវិ​ស័យកសិកម្មរបស់កម្ពុជា។គម្រោងសមភាព​សម្រាប់ទាំងអស់គ្នា ក៏បានជំរុញលទ្ធភាពទទួលបានយុត្តិធម៌ តាមរយៈការ​គាំទ្រ​នីតិ​វិធី​ថ្មីៗ ដែលអនុញ្ញាតឱ្យកម្មករម្នាក់ៗដាក់ពាក្យបណ្តឹង និងស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​យន្ត​ការ​សន្ធានកម្ម និងមជ្ឈត្តកម្មជាផ្លូវការ។ ការជំរុញនេះធានាថា បណ្ដឹងសារ​ទុក្ខ​នៅ​កន្លែង​ធ្វើ​ការ​ត្រូវ​បា​នដោះស្រាយដោយយុត្តិធម៌ និងមានតម្លាភាព ដោយជួយពង្រឹង​សិទ្ធិ​របស់​កម្មករ​កសិកម្ម​នៅក្នុ​ងខេត្តចំនួនប្រាំមួយ រួមមានខេត្តកំពត កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង និង​រតនគិរី​៕ អត្ថបទ៖ ឈិត បូរ៉ាវី

ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ពីសហគមន៍កសិកម្ម​ទំនើប​ក្នុងខេត្តបាត់ដំបង

2025/11/19 12:48:07 pm        256
នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនវីរៈប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣ម៉ឺនតោន ក្នុងតម្លៃ៩៥០៛/គីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាម​កិច្ច​សន្យា។សូមបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុង​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ច​ព្រមព្រៀង​ធ្វើ​ផលិត​កម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួល​នៃ​ក្រសួង​កសិកម្ម ជាមួយនឹងការធានាតម្លៃសមរម្យទុកជាមុន។កសិករជា​សមាជិកទាំងអស់ក៏ទទួលបានការគាំទ្រដើមទុន បច្ចេកទេស និងការកាត់បន្ថយ​ចំណាយ​លើថ្លៃជីថ្នាផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

UN ទាមទារឲ្យអ៊ីស្រាអែលដោះលែងសកម្មជនរបស់កងនាវា flotilla ដែលធ្វើដំណើរទៅហ្កាហ្សា ជាបន្ទាន់
05/06/2026 05:05 PM
អាមេរិកនឹងបិទស្ថានកុងស៊ុលនៅប្រទេសប៉ាគីស្ថាន ដោយលើកឡើងពីក្តីបារម្ភអំពីសុវត្ថិភាព
05/06/2026 05:05 PM
កងទ័ពអាមេរិក បាញ់មីស៊ីល Tomahawk ចេញពីហ្វីលីពីនជាលើកដំបូង អំឡុងសមយុទ្ធ
05/06/2026 04:05 PM
ប្រាសាទសក្ល ជាសំណល់ស្ថាបត្យកម្មមួយនៅទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ
05/06/2026 04:05 PM
ទឹកចិត្តព្រឹទ្ធសភាចំពោះសុខទុក្ខរបស់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅវត្តជ្រោយនាងនួន, ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ
05/06/2026 04:05 PM
ថៃលុបMOU2001 គឺជាការបំពានក្រមសីលធម៌នយោបាយ និងមិនគោរពការទូតនយោបាយ
05/06/2026 04:05 PM
កូរ៉េខាងត្បូងប្ដេជ្ញាពង្រឹងចំណងជាមួយអាមេរិក អំឡុងមានកង្វល់ អំពីភាពអាប់អួ ក្នុងទំនាក់ទំនងទ្វេភាគី
05/06/2026 04:05 PM
ក្រសួងការបរទេស រៀបចំធ្វើបទបង្ហាញជូនបណ្ដាអង្គទូតនានានៅកម្ពុជា ក្រោយថៃសម្រេចបញ្ចប់អនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគី
05/06/2026 04:05 PM
​ ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៥៣២គ្រួសារ រស់នៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បន្តទទួលបានអំណោយពីសប្បុរសជន តាមរយៈកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវា ៨ឧសភា
05/06/2026 04:05 PM
យុវជន៖ ថៃកំពុងបាត់បង់ជំនឿទុកចិត្តពីអន្តរជាតិ បន្ទាប់ពីថៃលុបចោល MoU2001 ជា​មួយ​កម្ពុជា​
05/06/2026 04:05 PM