គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

វិនិយោគិនប្រទេសអូទ្រីស ចាប់អារម្មណ៍លើការវិនិយោគ និងការអភិវឌ្ឍលើវិស័យអគ្គិសនី

2022/05/23 07:09:47 pm        809
ភ្នំពេញ៖ ក្រុមធុរកិច្ចប្រទេសអូទ្រីស ចាប់អារម្មណ៍លើការវិនិយោគ និងផ្គត់ផ្គង់គ្រឿងបរិក្ខារបច្ចេកទេស បច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍក្នុងស្ថានីយវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងការគ្រប់គ្រងថាមពលជាដើម។លោ Guamur Sucmer ទីប្រឹក្សាសហគមន៍នៃស្ថានទូតអូទ្រីស ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម ឌិត ទីណា រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល នាសប្តាហ៍កន្លងមកនេះ បានថ្លែងនូវការ​អបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា បានទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ មាន​ប្រសិទ្ធ​ខ្ពស់ ដោយកម្ពុជាបានចាកចេញនៃការឆ្លងជំងឺនេះ និងបានបើកប្រទេសឡើងវិញដើម្បីជម្រុញស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ ចំណែកទាក់ទងវិស័យអគ្គិសនីប្រតិភូធុរកិច្ចអូទ្រីសបានផ្តោតសំខាន់ លើការពិភាក្សាអំពីការរៀបចំ​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍថាមពលកម្ពុជា ​និងចំណាប់អារម្មណ៍ ​លើការវិនិយោគ និងផ្គត់ផ្គង់​គ្រឿង​បរិក្ខារបច្ចេកទេស​ និងបច្ចេកវិទ្យាសម្រាប់បម្រើឱ្យការអភិវឌ្ឍ ​ក្នុងស្ថានីយ៍វារីអគ្គិសនី ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​និងការគ្រប់គ្រងថាមពលជាដើម។ឯកឧត្តម ឌិត ទីណា បានជម្រាបជូនអំពីវឌ្ឍនភាព នៃការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីរបស់​កម្ពុជា ឆ្នាំ២០២១-២០៤០ ដែលនឹងអនុម័តជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា​នាពេលឆាប់ៗ​ខាង​មុខនេះ។ ផែនការមេថ្មីនេះ មិនត្រឹមតែមានគោលដៅធ្វើយ៉ាងណាឲ្យប្រភពអគ្គិសនីមានគ្រប់គ្រាន់ មានស្ថិរភាព ​មានសន្តិសុខថាមពល ​និងមានថ្លៃកាន់តែប្រសើរប៉ុណ្ណោះទេ យើងក៏បានបង្កើន​ចំណែក​ប្រភពថា​មពលដែលស្អាតឲ្យបានអតិបរិមា​ តាមដែលអាចធ្វើទៅបានផងដែរ។របាយការណ៍អាជ្ញាធរអគ្គិសនីកម្ពុជា​ បង្ហាញឲ្យដឹងថា នៅចុងឆ្នាំ ២០២១ ប្រភពផលិតអគ្គិសនី​ក្នុង​ស្រុកមានអានុភាពជាង ​៣ ០៣៣ មេហ្គាវ៉ាត់ ស្មើនឹង ៧៥.៥៧% ខណៈការនាំចូលអគ្គិសនី​មក​ពី​ប្រទេសជិត​ខាងមាន ជាង ៩៨០ មេហ្គាវ៉ាត់ ស្មើនឹង ២៤.៤៣ភាគរយ​ ក្នុងនោះនាំចូលពីប្រទេសថៃ មានចំនួនជាង ​២៧៧ មេហ្គាវ៉ាត់, វៀតណាមជាង ៣៣២ មេហ្គាវ៉ាត់ និងឡាវ ៣៧១ ​មេហ្គាវ៉ាត់។ ចំណែកនៅក្នុងឆ្នាំ ​២០២២ នេះ ​បើតាមផែនការ​ កម្ពុជានឹងដំឡើងថាពលអគ្គិសនី រហូតដល់ ៣ ១១៦​ មេហ្គាវ៉ាត់ ស្មើនឹង ៧៣.៣៧ % ខណៈថាមពលអគ្គិសនីនាំចូលពីប្រទេសជិតខាង​នឹងកើន​ឡើង​ជាង ១ ១៣០ មេហ្គាវ៉ាត់ ស្មើនឹង ២៦.៦៣%៕ អត្ថបទ៖ សុន រ៉ាឌី

ពីថ្ងៃទី២១-៣១ ខែឧសភា ប្រេងសាំងធម្មតាឡើង ៥០រៀល និងប្រេងម៉ាស៊ូតចុះ ៤០០រៀល

2022/05/23 06:15:45 pm        406
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២២ ដោយប្រេងសាំងធម្មតាត្រូវលក់តម្លៃ ៥.៦០០រៀល/លីត្រ(ឡើង ៥០រៀល) និងប្រេងម៉ាស៊ូតត្រូវលក់តម្លៃ ៥.៤០០រៀល/លីត្រ(ចុះ៤០០រៀល)។

សភាពាណិជ្ជកម្មកម្ពុជា រំពឹងទាក់ទាញវិនិយោគិនអាមេរិកកាន់តែច្រើនចូលមកកម្ពុជា

2022/05/20 08:18:05 pm        775
ភ្នំពេញ៖ សភាពាណិជ្ជកម្ម ទើបតែបិទបញ្ចប់ទស្សនកិច្ចផ្សព្វផ្សាយសក្តានុពល និងឱកាសវិនិយោគរបស់កម្ពុជា នៅសហរដ្ឋអាមេរិក ជាមួយនឹងក្តីរំពឹងខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងធុរកិច្ចជនអាមេរិកកាន់តែច្រើន ចូលមកបណ្តាក់ទុនពង្រីកអាជីវកម្មនៅកម្ពុជា។សភាពាណិជ្ជកម្មកម្ពុជា បានអះអាងថា កម្ពុជានឹងទទួលបានកំណើនអ្នកវិនិយោគិន និង​អ្នក​ធុរកិច្ចជន​អាមេរិកបានច្រើននៅឆ្នាំខាងមុខ បន្ទាប់ពីវិនិយោគិន និងក្រុមហ៊ុនធំៗអាមេរិក​ បានស្វែង​យល់​ពី​ឱកាសវិនិយោគ ​​និងសក្តានុពល នៅកម្ពុជា​តាមរយៈការផ្សព្វផ្សាយ​របស់​សភាពាណិជ្ជកម្ម​កម្ពុជា។ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា បេសកម្ម​ផ្សព្វផ្សាយ​ឱកាស​វិនិយោគ និងសក្តានុពលលើវិស័យធុរកិច្ចរបស់កម្ពុជានៅ​សហរដ្ឋអាមេរិក​គឺជាជោគជ័យ​ថ្មីមួយបន្ថែម​ទៀត​របស់កម្ពុជា ​ក្នុងការស្រូបទាញលំហូរអ្នកវិនិយោគពីតំបន់អឺរ៉ុប និង​សហរដ្ឋអាមេរិក។ឧកញ៉ា លឹម ហេង លើកឡើងថា ឆ្នាំ២០២២នេះ គឺជាឆ្នាំដ៏ប្រសើរសម្រាប់កម្ពុជាក្នុងនាមជាប្រធាន​អាស៊ាន ​ជាពិសេសកិច្ចសម្រួលធុរកិច្ច ​និងវិនិយោគបរទេសទាំងអស់ ​នៅក្រោមច្បាប់វិនិយោគថ្មី និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹងប្រទេសចិន កូរ៉េខាងត្បូង ​និងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់។សភាពាណិជ្ជកម្មមកម្ពុជា ​និងសភាពាណិជ្ជកម្មអាមេរិក បានឯកភាពគ្នា​ក្នុងការចុះហត្ថលេខា​លើ​អនុស្សារណយោគយល់គ្នា​ ដើម្បីជំរុញការវិនិយោគ ​ធុរកិច្ច​ និងកិច្ចសហប្រតិបត្តិការ៕ អត្ថបទ៖ វណ្ណៈ

ភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប នឹងជំរុញវិស័យពាណិជ្ជកម្មកាន់តែប្រសើរថែមទៀត

2022/05/20 08:03:52 pm        770
ភ្នំពេញ៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍនៅកម្ពុជាឆ្នាំ២០២១-២០២៧ មន្រ្តីជាន់ខ្ពស់នៃរាជដ្ឋាភិបាលកម្ពុជា បានសំណូមពរភាគីអឺរ៉ុបរួម ឆ្លើយតបជាក់ស្តែងជាមួយផែនការសកម្មភាព និងទស្សនវិស័យដែលកម្ពុជាបានបង្កើតនិងបញ្ជ្រាបទៅក្នុងយុទ្ទសាស្រ្ត និងគោលនយោបាយសំខាន់ៗ ដើម្បីធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។ក្រសួងពាណិជ្ជកម្ម នៅក្រោយកិច្ចប្រជុំ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២២កន្លងទៅ បានឲ្យដឹងថា យុទ្ធសាស្រ្តអឺរ៉ុបរួម មានគោលបំណងលើកកម្ពស់សង្គតិភាពនៃគោលនយោបាយអឺរ៉ុប បង្កើនការ​យល់​ដឹងអំពីការប្តេជ្ញាចិត្តរួមរបស់អឺរ៉ុប និងធានាឱ្យមានលទ្ធផលកាន់តែប្រសើរឡើង​នូវកិច្ច​សហប្រតិបត្តិការ ​និងភាពជាដៃគូកម្ពុជា-សហភាពអឺរ៉ុប។បន្ថែមពីនេះ ក្នុងចំណោមវិស័យអាទិភាពទាំង៦ នៃគម្រោងគាំទ្ររបស់ភាគីសហភាពអឺរ៉ុប មាន​មួយផ្នែក ផ្តោតលើការបង្កើនភាពប្រកួតប្រជែង​របស់កម្ពុជា​ក្នុងទីផ្សារតំបន់ និងសកល​តាម​រយៈការអភិវឌ្ឍ​វិស័យពាណិជ្ជកម្ម ​និងវិស័យឯកជនការបង្កលក្ខណៈងាយស្រួលដល់បរិយាកាស​ធុរកិច្ច ​និងការជំរុញផលិតកម្មប្រកបដោយចីរភាព ក៏ដូចជាការអនុវត្តការងារសមរម្យស្របតាម​ស្តង់ដារ​អន្តរជាតិផងដែរ។ឯកឧត្តម ប៉ែន សុវិជាតិ បានជម្រាបពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ជាពិសេស​ក្រសួងពាណិជ្ជកម្ម ​ដែលជាសេនាធិការ ក្នុងកិច្ចការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការ​អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការធ្វើកំណែទម្រង់ច្បាប់​និង​ប្បញ្ញត្តិជាដើម។ល។ បន្ថែមពីការធ្វើពិពិធកម្មទីផ្សារពាណិជ្ជកម្ម រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតបរិយាកាស​អំណោយ​ផល​សម្រាប់វិនិយោគិន និងធុរជនតាមរយៈការអនុវត្តច្បាប់ និងគោលនយោបាយ​លើកទឹកចិត្ត​ការវិនិយោគ។ឯកឧត្តម បានសំណូមពរឱ្យការអនុវត្តយុទ្ធសាស្ត្រអឺរ៉ុបរួម ឆ្លើយតបជាក់ស្តែងជាមួយផែនការ​សកម្មភាព ​និងទស្សនវិស័យដែលកម្ពុជាបានបង្កើត ​និងបញ្ជ្រាបទៅក្នុងយុទ្ទសាស្រ្ត និង​គោល​នយោបាយសំខាន់ៗដូចជា ​យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, យុទ្ធសាស្រ្ត​សមាហរណកម្មពាណិជ្ជកម្មកម្ពុជា២០១៩-២០២៣, យន្តការដែលដាក់ចេញក្រោម​ក្របខណ្ឌ​យុទ្ធសាស្ត្រ ​និងកម្មវិធីស្តារ ​និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣​ និងយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជាជាអាទិ៍។សូមជម្រាបជូនថា កិច្ចប្រជុំពិភាក្សាលើយុទ្ធសាស្រ្តអឺរ៉ុបរួម ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍ​នៅ​កម្ពុជា​ឆ្នាំ២០២១-២០២៧ ​បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយសហប្រធាន ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី ​និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា​និង​អភិវឌ្ឍន៍កម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ និងលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប​ប្រចាំកម្ពុជា​ ព្រមទាំងមានការចូលរួមពីសំណាក់ក្រសួង-ស្ថាប័នជាតិ និង​អន្តរជាតិប្រមាណ ៧០រូប៕អត្ថបទ៖ ឈិត បូរ៉ាវី

ស្ករត្នោតផលិតផលសំគាល់ភូមិសាស្រ្តខេត្តកំពង់ស្ពឺ កំពុងមានការគាំទ្រពីទីផ្សារសហគមន៍អឺរ៉ុប

2022/05/20 07:42:58 pm        1705
កំពង់ស្ពឺ៖ ស្ករត្នោតកម្ពុជានាំចេញទៅកាន់ប្រទេសក្នុងសហគមន៍អឺរ៉ុប បានកំពុងហក់ឡើងខ្ពស់ជាងគេ ហើយរំពឹងថា ចំនួននៃការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប នឹងហក់ឡើងខ្ពស់បន្ថែមទៀត ខណៈបច្ចុប្បន្នទីផ្សារនៃប្រទេសទាំងនោះកំពុងចាប់រម្មណ៍ និងមានការគាំទ្រស្ករត្នោតកម្ពុជាយ៉ាងខ្លាំង។លោក សំ សារឿន ប្រធានសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពី បានថ្លែងលើកឡើងក្នុងកិច្ច​សម្ភាសន៍​ជាមួយភ្នាក់ងារ​អ្នកយកព័ត៌មាន BTV​ ស្តីពីការផលិត និងការនាំចេញស្ករត្នោត​ខេត្ត​កំពង់ស្ពឺថា ទាក់ទង់ការផលិតស្ករត្នោត​របស់​សមាជិក​សមាគម ​នៅក្នុងឆ្នាំ ២០២២ នេះ តាម​គម្រោង​ផែនការសមាគម គ្រោងផលិតស្ករត្នោតឲ្យបានក្នុងរង្វង់ ៨០ ទៅ ១០០ តោន ​តែដោយឆ្នាំនេះ អាកាសធាតុមិនអំណោយផល​ ការផលិតស្ករត្នោត ប្រមូលទិន្នផលបានក្នុងរង្វង់ប្រមាណ ៧០ តោនប៉ុណ្ណោះ។លោក បន្តថា ទោះបីទិន្នផលឆ្នាំនេះបានធ្លាក់ចុះ ​តែចំពោះតម្លៃទីផ្សារវិញ​ បានហក់កើនប្រមាណ ៧ ២០០ រៀល ក្នុងមួយគីឡូក្រាម ​គឺជាចំនួនមួយបានហក់ឡើងខ្ពស់ជាងឆ្នាំមុនៗ, ដែលហក់ឡើងនេះ​បង្ហាញឲ្យឃើញថា ទីផ្សារការនាំចេញស្កត្នោតកំពុង​មានការគាំទ្រ ជាក់ស្តែងការនាំចេញ​ទីផ្សារ​នៅសហគមអឺរ៉ុប បានកំពុងមានតម្រូវការខ្ពស់​ ដោយយើងរំពឹងថា ទៅពេលខាងមុខ ទីផ្សារអឺរ៉ុប​នឹង​ស្រូបយកទីផ្សារស្ករត្នោតពីកម្ពុជាកាន់តែច្រើន​ ព្រោះផលិតផលស្ករត្នោតជាផលិតមួយ ពិសារ​មិន​ប៉ះពាល់ដល់សុខភាព ​ជាពិសេសការកាត់បន្ថយរោគទឹកនោម​ផ្អែមជាដើម។លោក សំ សារឿន បានថ្លែងឲ្យដឹងថា ​ជុំវិញទីផ្សារនាំចេញស្ករត្នោតខេត្តកំពង់ស្ពឺ បច្ចុប្បន្នមាន​ក្រុមហ៊ុន​នាំចេញទៅកាន់ទីផ្សារចំនួន ១៥ ប្រទេស រួមមាន ​ការនាំចេញស្ករសាច់​ និងស្ករម៉្សៅម៉ត់ ដែលទីផ្សារនៃប្រទេសទាំងនោះ​កំពុងមានតម្រូវការខ្ពស់។ ដោយឡែកទាក់ទង​សមាជិករបស់សមាគមដែលផលិតស្ករត្នោតវិញ សមាជិកអ្នកផលិតស្ករត្នោត​ចំណាយ​ពេលវេលាត្រឹម ​៣ ខែ ប៉ុណ្ណោះ គឺពួកគាត់​អាចរកចំណូលបានប្រមាណជាង ៥ ពាន់ដុល្លារ​អាមេរិក ដែលជាចំណូលមូល​ ធ្វើឲ្យជីវភាពពួកគេរស់នៅសមរម្យ៕ អត្ថបទ៖ សុន រ៉ាឌី

សហគ្រាសមួយនៅប៉ៃលិនកែច្នៃរមៀត ស្លឹកនិងផ្កាស្លឹកគ្រៃ ធ្វើទឹកអប់ តែ និងគ្រឿងសម្អាង

2022/05/19 09:05:39 pm        1268
ប៉ៃលិន៖ សហគ្រាសមួយមានទីតាំងនៅក្នុងខេត្តប៉ៃលិន ឈ្មោះពេញហឫទ័យ ប៉ែន បានកែច្នៃនូវ ស្លឹកគ្រៃ និងផ្កាស្លឹកគ្រៃ ធ្វើជាទឹកអប់ តែ និងគ្រឿងសម្អាងមួយចំនួនទៀត ដែលគំនិតច្នៃប្រឌិត នេះ បានជួយបង្កើតនូវការងារដល់ប្រជាពលរដ្ឋក្នុងខេត្ត និងតាមបណ្ដាខេត្តផ្សេងៗផងដែរ ។លោក ប៉ែន ប៉ូលី ម្ចាស់សហគ្រាសពេញហឫទ័យ ប៉ែន លើកឡើងថា សហគ្រាសនេះ បានផលិតនូវផលិតផលចំនួន២ប្រភេទ មានផលិតផលថែទាំសម្រស់ស្បែក និងផលិតផលថែទាំសុខភាព។ លោកបន្តថា សម្រាប់ផលិតផលថែទាំសុខភាព មានទឹកអប់ប្រេងស្លឹកគ្រៃ ដោយទឹកអប់ប្រេងស្លឹកគ្រៃ គឺយកស្លឹកគ្រៃ១តោន អាចចម្រាញ់បានប្រេង២លីត្រ ដែលក្នុងមួយខែៗ សហគ្រាសអាចលក់ប្រេងស្លឹកគ្រៃបាន ២ពាន់ដបតូច ស្មើនឹងស្លឹកគ្រៃ ២០តោន ដែលនេះជាជំហានដំបូង ហើយសហគ្រាសនឹងខិតខំបង្កើនបន្ថែមទៀត ។លោកបានបន្តទៀតថា ពាក់ព័ន្ធនឹងផលិតផលថែទាំសុខភាពនេះ មានតែស្លឹកគ្រៃខ្មៅ និងតែផ្កាស្លឹកគ្រៃ ដែលប្រភេទតែទាំងនេះ អាចជួយថែរក្សាសុខភាព និងព្យាបាលជំងឺមួយចំនួន ។លោក ប៉ែន ប៉ូលី បន្ថែមថា ក្រៅពីការយកស្លឹកគ្រៃធ្វើទឹកអប់ និងតែ សហគ្រាសក៏បានយករមៀត និងពន្លៃធ្វើជាសាប៊ូដុសខ្លួន ឡេជាដើម ហើយការកែច្នៃកសិផលទាំងនេះ ក្នុងគោលបំណងជួយ​បង្កើត​មុខរបរ​ដាំដំណាំប្រភេទថ្មី​ដល់កសិករ ​ពិសេសទៀតនោះ បង្ហាញពីផលិតផល​បែប​បុរាណរបស់ខ្មែរ ​ដែលពីមុនមកដូនតាយើង ​បានយកផលកសិកម្មទាំងអស់នេះ​ ធ្វើជាឱសថ និង​គ្រឿងសម្អាងជាដើម ​ហើយសហគ្រាសបានយកមក​បញ្ចូល​បច្ចេក​ទេសថ្មីៗ ទើបបានចេញ​ជាផលិតផលទាំងអស់នេះ ។ជាមួយគ្នានេះ លោកបានអំពាវនាវ ​ដល់ប្រជាពលរដ្ឋខ្មែរ ជួយលើកស្ទួយផលិតផលក្នុងស្រុក ព្រោះបច្ចុប្បន្ននេះ ​ផលិតផលក្នុងស្រុកមួយចំនួន ​ក៏មានគុណភាពល្អ មិនចាញ់ផលិតផល​នាំចូល​ពី​ខាងក្រៅនោះដែរ ៕អត្ថបទ៖ បាន សុខ​រិទ្ធ

រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន នៅឥណ្ឌូនេស៊ី

2022/05/19 07:49:11 pm        556
ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ក្នុងឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ។នៅក្នុងកិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា កិច្ចប្រជុំពិសេសនេះ មានគោលបំណងដើម្បីពិភាក្សានិងផ្តោះប្តូរមតិយោបល់រវាង​ប្រទេស​សមាជិក​អាស៊ាននីមួយៗ អំពីបញ្ហាតំបន់ និងសាកលថ្មីៗ ដែលកំពុងជះឥទ្ធិពលដោយផ្ទាល់ ​ឬ​ប្រយោល​មក​លើតំបន់អាស៊ាន ជាពិសេសក្នុងអំឡុងពេល​ដែលអាស៊ាន​កំពុងខិតខំប្រឹងប្រែង​ស្តារសេដ្ឋកិច្ច​ឡើងវិញ។កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅស្របពេលដែលស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩ បាន​ថមថយចុះ និងមានការលើកលែងការរឹតត្បិតចំពោះការធ្វើដំណើរនៅ​តាមបណ្តាប្រទេស​អាស៊ាន។ឯកឧត្តម បន្ថែមថា កិច្ចប្រជុំបានកត់សម្គាល់​ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ​រួមមាន៖ ស្ថានភាពសេដ្ឋកិច្ចសកល, បច្ចុប្បន្នភាពនៃការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់ (RCEP), ការត្រៀមរបស់អាស៊ាន​សម្រាប់​សន្និសីទ​រដ្ឋមន្ត្រីលើកទី១២ នៃអង្គការ​ពាណិជ្ជកម្ម​ពិភពលោក,វិធានការនានា​ផ្នែកបរិស្ថាន និង​បម្រែបម្រួល​អាកាស​ធាតុ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ពាណិជ្ជកម្ម,គំនិត​ផ្តួចផ្តើម​ក្នុងទម្រង់ជាគម្រោងអាស៊ាន​ និងបញ្ហាផ្សេងៗទៀត។ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ជាការកត់សម្គាល់ សមាជិកអង្គប្រជុំទាំង​អស់បានចូលរួមយ៉ាង​សកម្ម​ក្នុង​ការផ្លាស់ប្តូរទស្សនៈ ​មតិយោបល់ និងការពិភាក្សា ​ទៅលើរបៀបវារៈនីមួយៗ ដែល​ធ្វើឱ្យ​កិច្ចប្រជុំនេះ​បញ្ចប់​ទៅយ៉ាង​រលូន ​និងប្រកប​ដោយ​ផ្លែផ្កា​គួរឱ្យកត់សម្គាល់៕អត្ថបទ៖ ឈិតបូរ៉ាវី

កម្ពុជា-ចិន ពន្លឿនការស្តារសង្គម-សេដ្ឋកិច្ច ក្រោយវិបត្តិកូវីដ ដើម្បីបើកទីផ្សារទូលាយជាងមុន

2022/05/19 07:22:46 pm        885
ភ្នំពេញ៖ កម្ពុជា-ចិន នឹងបន្តជំរុញកិច្ចសហការលើគ្រប់វិស័យ ជាពិសេសវិស័យហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿនការស្ដារ សកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ដើម្បីបើកឱ្យបានទូលំទូលាយជាងមុន សម្រាប់ទីផ្សារ និងលំហូរពាណិជ្ជកម្មសេរី។ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថ្លែងលើកឡើងក្នុងពិធីបើកវទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ក្រោមប្រធាន បទ "ការចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ និង​បង្កើតវិបុលភាពតំបន់” នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នេះថា ជុំវិញការធ្វើពាណិជ្ជកម្មរវាង​កម្ពុជា និងចិន ​ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ នេះ​ ភាគីទាំងពីរនឹងបន្តជំរុញកិច្ចសហការ លើ​គ្រប់​វិស័យ ជាពិសេស​វិស័យហិរញ្ញវត្ថុ ​និងពាណិជ្ជកម្ម ក្នុងគោលបំណងពន្លឿន​ការ​ស្ដារសកម្មភាព​សង្គម-សេដ្ឋកិច្ចឡើងវិញ ​គឺតាមរយៈ ការបើកឱ្យបានទូលំទូលាយជាងមុន នូវទីផ្សារ និងលំហូរពាណិជ្ជកម្ម​សេរី​ ក៏ដូចជាសម្រួលដល់លំហូរវិនិយោគ ​ដើម្បីអនុញ្ញាតឱ្យកម្ពុជា​ក៏ដូចជាប្រទេសផ្សេងទៀត​ក្នុង​តំបន់ មានលទ្ធភាពអាចជំរុញការនាំចេញ​ផលិតផលសក្តានុពល​ និងទទួលបានធនធាន​ហិរញ្ញវត្ថុ​បន្ថែមទៀត។ក្នុងពិធីនេះដែរ, ឯកឧត្តមបណ្ឌិត តាន់ ម៉ូនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ថ្លែងថា ក្រោយ​វិបត្តិកូវីដ១៩ ​ចាប់នៅចុងឆ្នាំ២០២១ និងឆ្នាំ២០២២ នេះ ការនាំចេញរបស់កម្ពុជា​បានចាប់ផ្តើម​កើនឡើងវិញ ជាក់ស្តែងបន្ទាប់ពីរាជរដ្ឋាភិបាលបានចាក់វ៉ាក់សំាង​ ក្នុងទំាងអ្នកដាំដុះ និងអ្នក​ប្រមូលទិញ ​បានចាប់ផ្តើមអាជីវកម្មរបស់ខ្លួនវិញ។សម្រាប់ការនាំចេញ កម្ពុជាគឺជាប្រទេសមួយអាចផលិតសម្រាប់ការនាំចេញបាន ខណៈដែល​រាជរដ្ឋាភិបាល​បានជម្រុញ ​លើកកម្ពស់ និងគិតគូរគ្រប់ជ្រុងជ្រោយ ដែលជាឱកាសសម្រាប់វិស័យ​ឯកជនហើយ សម្រាប់បង្កើតសក្តានុពលផលិត និងការនាំជេញរបស់ខ្លួន។សូមបញ្ជាក់ថា៖ ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចិនក្នុងឆ្នាំ ២០២១ សម្រេចបានទំហំទឹកប្រាក់​ប្រមាណ ១១ ១៩៤ លានដុល្លារអាមេរិក ​ក្នុងនោះកម្ពុជានាំចេញទៅប្រទេសចិន ​បានជាង ១ ៥១០ លានដុល្លារអាមេរិក ​និងនាំចូលពីប្រទេសចិនមកវិញជាង ៩ ៦៨៤ ​លានដុល្លារអាមេរិក។បន្ថែមពីនេះទៀត ​កម្ពុជាបានបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេស ចិន លើកិច្ចការជាច្រើន​ទាក់ទង​នឹងពាណិជ្ជកម្មមានដូចជា៖ ​បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ចំនួន ០៩ ទីតាំងនៅតាម ទីក្រុងធំៗ​មួយចំនួននៃប្រទេសចិន​ ដើម្បីផ្សព្វផ្សាយ​ពីផលិតផលសក្តានុពលកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ ​ទេសចរណ៍ និងគោលនយោ ​បាយពាណិជ្ជកម្ម និងវិនិយោគរបស់កម្ពុជា និង​ជំរុញការនាំចេញទៅទីផ្សារចិន៕អត្ថបទ៖ សុន រ៉ាឌី

អភិបាលខណ្ឌដូនពេញ៖ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវប្រចាំការជាប់ជាប្រចាំ ដើម្បី​ទទួល​សំណូមពរ​ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ

2022/05/18 09:20:25 pm        189
ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ ខណ្ឌ ត្រូវប្រចាំការជាប់ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង នៅទីស្នាក់ ដើម្បីបំរើសេវាសាធារណៈ និងទទួឡសំណូមពររបស់ប្រជាពលរដ្ឋមិនថាយប់ ឬថ្ងៃ។ថ្លែងក្នុងកិច្ចប្រជុំបង្កើតគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍ របស់គណៈបញ្ជាការឯកភាពខណ្ឌដូន​ពេញ នៅសាលាខណ្ឌដូនពេញ នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២២ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាព​ណែនាំ​មន្រ្តី​សមត្ថកិច្ច និងអាជ្ញាធរទាំងអស់ឲ្យយកចិត្តទុកដាក់បំរើសេវាសាធារណះ សេវាសន្តិសុខ សេវាផ្សេងៗ​ជា​តម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឲ្យបានត្រឹមត្រូវ។លោកអភិបាល បានបន្តទៀតថា ដើម្បីធនាបំរើការងារ បានជោគជ័យ កម្លាំង​គណះបញ្ជាការ​ឯកភាព​ខណ្ឌ​ត្រូវពង្រឹងការងារសន្តិសុខ​ឡើងវិញ ​ដោយត្រូវដាក់គោលដៅត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ឡើងវិញទាំងយប់ទាំងថ្ងៃ ​និងត្រូវបង្កើន​មុខ​សញ្ញា​ញៀនថ្នាំ ជន​ពនេចរ​គ្មាន​ទីជំរក​ពិត​ប្រាកដ​និងស្រ្តីរកស៊ីផ្លូវភេទជាដើម ​ក្នុងមូលដ្ឋាន​ដែល​បង្ក​ហានិភ័យ ដើម្បីគ្រប់គ្រងជនទាំងនេះ​មិនឲ្យ​ប្រព្រឹត្ត​ល្មើស​ទាំង​ឡាយ​ណា​ប្រាសចាក​គន្លងច្បាប់។ជាចុងក្រោយ លោកបានបញ្ជាក់ថា ​កម្លាំងសង្កាត់និងប៉ុស្តិ៍ត្រូវយកចិត្តទុកដាក់ពីបញ្ហាសណ្ដាប់ធ្នាប់ ជាពិសេស​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនា​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​សង់​រោងការ រោងបុណ្យ ឬពិធីផ្សេងៗលើទ្រូងផ្លូវឡើយ ព្រោះ​អាច​ប៉ះពាល់​ការ​កកស្ទះ​ផ្លូវ​របស់​គណបក្ស​នយោបាយនានា ធ្វើការ​ដង្ហែក្បួន​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ៕ អត្ថបទ៖ កុម្ភៈ

រាជរដ្ឋាភិបាល ផ្តល់សហហិរញ្ញប្បទាន ១៥០លានដុល្លារ គាំទ្រការស្តារវិស័យទេសចរណ៍ឡើងវិញ

2022/05/18 07:49:06 pm        1081
ភ្នំពេញ៖ កម្ពុជាសម្ពោធដាក់ឱ្យដំណើរការ គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍ ក្នុងកញ្ចប់ថវិកា ១៥០ លានដុល្លារអាម៉េរិក ដែលជាបដិភាគរវាងរាជរដ្ឋាភិបាល និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួមដើម្បីគាំទ្រដំណើរការអាជីវកម្មឡើងវិញ, ការកែលម្អ និងធ្វើទំនើបកម្មសេវាកម្ម, ការពង្រីកខ្លួន និងធ្វើពិពិធកម្មសេវាទេសចរណ៍ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ បន្ទាប់​ពីវិបត្តិនៃជំងឺកូវីដ-១៩ ថមថយទូទាំងសកលលោក។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ ថ្លែង​ក្នុង​ពិធីសម្ពោធ​ដាក់​ឱ្យ​ដំណើរការ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២នេះថា ខណៈដែលវិបត្តិនៃជំងឺកូវីដ-១៩ កំពុងថមថយ, វិស័យទេសចរណ៍ចាប់ផ្តើមមាន​សន្ទុះងើប​ឡើងវិញ​ជាសកល ដោយប្រទេសភាគច្រើនបាន​បន្ធូរបន្ថយ​ នូវវិធានការរឹតបន្ដឹង ពាក់ព័ន្ធ​នឹងជំងឺកូវដ-១៩ និងបាន​លើកលែង​ ឬដកចេញនូវលក្ខខណ្ឌតម្រូវជាច្រើន សម្រាប់ការធ្វើដំណើរ​អន្តរជាតិ ។ ផ្អែកតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក វិស័យទេសចរណ៍សកល នឹង​ត្រលប់ទៅរកគន្លងកំណើន ដូចពេលមុនវិបត្តិនៃជំងឺកូវីដ-១៩ នៅឆ្នាំ២០២៤ ខាងមុខ ។ ក្នុងន័យនេះ, ជាមួយនឹងកិច្ចអន្តរាគមន៍ដ៏សកម្មរបស់រាជរដ្ឋាភិបាល, វិស័យទេសចរណ៍កម្ពុជា ត្រូវបាន​ព្យាករណ៍​ថា នឹងមានកំណើន ១៦% ក្នុងឆ្នាំ២០២២, និង២៣% ក្នុងឆ្នាំ២០២៣ ។ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បន្តថា រាជរដ្ឋាភិបាល ចាត់ទុកវិស័យទេសចរណ៍ ជាក្បាលម៉ាស៊ីន​កំណើន​សេដ្ឋកិច្ចដ៏សំខាន់មួយ ​ហើយប្ដេជ្ញាគាំទ្រការស្តារ ​និងអភិវឌ្ឍន៍​វិស័យនេះ ឱ្យបានល្អជាង​ស្ថានភាព​មុនវិបត្តិនៃជំងឺកូវីដ-១៩ ​ទៅទៀត ​ដើម្បីឱ្យវិស័យនេះ ក្លាយជា​សសរស្តម្ភ​មួយ​នៃសេដ្ឋកិច្ចជាតិ ​ដែលនឹងចូលរួម​វិភាគទាន​ដ៏សំខាន់​ ក្នុងការផ្តល់ការងារ និងប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ដើម្បីសម្រេចគោលដៅនេះ,ការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសនៅក្នុងវិស័យទេសចរណ៍ គឺជាវិធានការចាំបាច់ណាស់ ដើម្បីជួយឱ្យសហគ្រាស​ទាំងនេះ​អាចស្តារ, ងើប និងពង្រឹងភាព​ប្រកួតប្រជែង​របស់ខ្លួនឡើងវិញ ​ព្រមទាំងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកែច្នៃវិស័យ​ទេសចរណ៍ ​ឱ្យប្រកបដោយភាពទាក់ទាញកាន់តែខ្លាំង​ជាងមុន និងជាពិសេសប្រែក្លាយកម្ពុជា​ឱ្យទៅជាទិសដៅទេសចរណ៍ចម្បងមួយនៅក្នុងតំបន់ និងសកលលោក។ថវិកាទាំង ១៥០ លានដុល្លារអាម៉េរិក នៃ «គម្រោងសហហិរញ្ញប្បទានស្តារវិស័យទេសចរណ៍» ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់ក្នុងពេលនេះ គឺផ្តោតសំខាន់សម្រាប់តែវិស័យទេសចរណ៍​តែមួយ​ប៉ុណ្ណោះ ដើម្បីពង្រឹងសក្តានុពលនៃវិស័យទេសចរណ៍បន្ថែមទៀត ​និងចូលរួមសម្រេចចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការតម្រង់ជួរវិលត្រឡប់មកវិញនៅតាមស្ថានីយប្រេងក្រុងមូស្គូ ស្របពេលការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែន
08/15/2026 01:08 PM
[UPDATE] ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ី កើនឡើងដល់ ២០នាក់
08/15/2026 12:08 PM
អាមេរិក ព្រមានអ៊ីរ៉ង់ថា ខ្លួននឹងបង្កើនសម្ពាធសេដ្ឋកិច្ច ខណៈនាវាពីរគ្រឿងទៀតត្រូវបានវាយប្រហារនៅច្រកសមុទ្រ Hormuz
08/15/2026 12:08 PM
ISI ប្រែក្លាយជាពីក្រុមបាតតារាង មកជាគូប្រជែងដ៏គ្រោះថ្នាក់នារដូវកាលថ្មី ក្រោយនាំកីឡាករបរទេសចំណូលថ្មី ៤រូបន្ថែម
08/15/2026 12:08 PM
រដ្ឋាភិបាលយេម៉ែននិយាយថា មីស៊ីលក្រុមឧទ្ទាមហ៊ូធីសម្លាប់ជនស៊ីវិល ៤នាក់នៅទីក្រុងកំពង់ផែ Mocha
08/15/2026 12:08 PM
លោកPutin៖ រុស្ស៊ី និងកូរ៉េខាងជើង កំពុងសម្របសម្រួលលើសន្តិសុខក្នុងតំបន់
08/15/2026 11:08 AM
ក្រសួងប្រៃសណីយ៍ បើក​សិក្ខាសាលាស្តីពី «កម្មវិធីប្រកួត​ប្រជែង​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅ​លើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ លើកទី៧» ដើម្បីបញ្រ្ជាបការយល់ដឹងសិស្ស-និស្សិត និង​ទាញ​អត្ថ​ប្រយោជន៍ពីបច្ចេកវិទ្យានេះ សម្រាប់អភិវឌ្ឍន៍ប្រទេសជាតិ
08/15/2026 11:08 AM
វប្បធម៌ចែករំលែក៖ សភាពាណិជ្ជកម្មកម្ពុជា នាំថវិកាជាង១លានដុល្លារ ជូនកាកបាទក្រហមកម្ពុជា
08/15/2026 10:08 AM
អ៊ីរ៉ង់នៅប្រកាន់តឹងចំពោះច្រកសមុទ្រ ខណៈលោក Trump ប្រាប់​ពលរដ្ឋ​អាមេរិក​ទទួល​យក​តម្លៃប្រេងខ្ពស់
08/15/2026 10:08 AM
រញ្ជួយដីកម្រិត៧,៧រ៉ិចទ័រវាយប្រហារនៅឆ្នេរសមុទ្រឥណ្ឌូនេស៊ី ហើយការព្រមានអំពីរលកយក្សស៊ូណាមិ ត្រូវបានចេញ
08/15/2026 09:08 AM