ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម​ ធ្វើកំណែទម្រង់ការងារ​ដើម្បីរួមចំណែក​អភិវឌ្ឍន៍​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល

2021/11/11 11:25:51 am        456
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ដើម្បីចូលរួមអភិវឌ្ឍន៍គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥ ក្រសួងនឹងចាត់តាំងឱ្យមានជនបង្គោលលើវិស័យជំរុញបច្ចេកវិទ្យា ព្រមទាំងកំពុងរៀបចំមជ្ឈមណ្ឌលផ្ទុកទិន្នន័យថ្មី និងធ្វើកំណែទម្រង់នាយកដ្ឋានទទួលបន្ទុក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់នៃការផ្លាស់ប្តូរឌីជីថលទាក់ទងនឹងពាណិជ្ជកម្ម។នៅក្នុងកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល២០២១-២០៣៥ ក្រោម​វត្តមាន​របស់​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​កាលពីព្រឹកថ្ងៃទី១០ វិច្ឆិកា ឆ្នាំ២០២១នេះ ​តាមប្រព័ន្ធវីដេអូ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ​សេចក្ដីព្រាងគោល​នយោបាយខាងលើ មាន​លក្ខណៈគ្រប់ជ្រុងជ្រោយ ​និងបានគ្រប់ដណ្តប់លើចំណុចសំខាន់ៗ ដែលមាននៅក្នុងឯកសារ​ក្របខ័ណ្ឌ​ផែនការ ​ផែនទីចង្អុលផ្លូវ និងកិច្ចព្រមព្រៀង​របស់​អាស៊ានទាក់ទងនឹងការផ្លាស់ប្តូរឌីជីថល​នៅក្នុងក្របខ័ណ្ឌអាស៊ាន ​និងពិភពលោករួចហើយ។ ឯកឧត្តម បានបន្តថា ជាក់ស្ដែងនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ និង៣៩ ដែលបាន​ប្រារព្ធ​កាលចុងខែតុលា កន្លងទៅនេះ ថ្នាក់ដឹកនាំ​កំពូល​របស់​អាស៊ានក៏បានផ្តល់គោលការណ៍​ឱ្យរៀប​ចំ​កិច្ច​ព្រមព្រៀងក្របខណ្ឌរបស់អាស៊ាន ស្តីពីសេដ្ឋកិច្ចឌីជីថលសម្រាប់ឆ្នាំ២០២៥ និង​បាន​ជំរុញឱ្យរដ្ឋ​សមាជិក​ទាំងអស់​ខិតខំរៀបចំ ​និងអនុវត្តកិច្ចព្រមព្រៀង ​និង​ផែនទីចង្អុលផ្លូវនានារបស់អាស៊ាន។ ទាក់ទង​នឹងសេចក្តីព្រាងគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២១-២០៣៥នេះដែរ ឯកឧត្តម​រដ្ឋមន្រ្តី ​បានសង្កត់ធ្ងន់​លើការ​កសាង​ច្បាប់​ជាអាទិភាព​ក្នុងក្របខណ្ឌគតិយុត្ត រួមមាន៖ ច្បាប់ស្តីពី​បច្ចេកវិទ្យា​គមនាគមន៍​ និងព័ត៌មានវិទ្យា, ច្បាប់ស្តីពីសន្តិសុខ ​និងឧក្រឹដ្ឋកម្មព័ត៌មាន, ច្បាប់ស្តីពី​ការ​គ្រប់គ្រង​ប្រព័ន្ធកំព្យូទ័រ ​និងច្បាប់ស្តីពីការគ្រប់គ្រងទិន្នន័យ ដែលច្បាប់ទាំងអស់នេះ កំពុងតែ​ត្រូវការ​ជា​ចាំចាច់​សម្រាប់ប្រតិបត្តិការក្នុងសង្គម ​និងសេដ្ឋកិច្ចឌីជីថលផង និងសម្រាប់ជាមូលដ្ឋាន​ក្នុង​ការ​ចចារ​ការពារផលប្រយោជន៍របស់កម្ពុជាក្នុងកម្រិតតំបន់ ​និងពិភពលោកផង៕អត្ថបទ ៖ ឈិត បូរ៉ាវី

កម្ពុជានាំទំនិញទៅកាន់ប្រទេសជប៉ុនមានទឹកប្រាក់ ១,៣ប៊ីលានដុល្លារ ក្នុងរយៈពេលបីត្រីមាស

2021/11/10 01:25:21 pm        641
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនបន្តកើនឡើង ក្នុងឆ្នាំ២០២១នេះ បើទោះ​ស្ថិត​ក្នុងវិបត្តិកូវីដ១៩។ របាយការណ៍ផ្លូវការបង្ហាញថា ​ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបាន ១,៧​ប៊ីលានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ កើនឡើង ៤,៤ភាគរយ ធៀបនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។យោងតាមរបាយការណ៍​របស់ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ​ការនាំទំនិញរបស់​ប្រទេស​កម្ពុជា ​ទៅកាន់ប្រទេសជប៉ុន មានទឹកប្រាក់សរុប ​១,៣ប៊ីលានដុល្លារ ​ក្នុងរយៈពេល​ ៩ខែ ឆ្នាំ២០២១​នេះ ​កើនឡើង ៨,៧ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។ដោយឡែកកម្ពុជា បាននាំទំនិញចូលពីប្រទេសអាស៊ីខាងកើតមួយនេះ មានទឹកប្រាក់សរុប ៤៣៨​លាន​ដុល្លារ កើនឡើង ២៩ភាគរយ ធៀបនឹងរយៈពេល៩ខែឆ្នាំមុន។តួលេខ​ពាណិជ្ជកម្មនេះ បានធ្វើឱ្យ​ជញ្ជីង​ពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​ មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ជប៉ុន ​ប្រមាណ ៨៧៨ លានដុល្លារ។យោងតាមក្រសួងពាណិជ្ជកម្ម ការនាំចេញសំខាន់ៗ​របស់​ប្រទេសកម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​រួម​មាន​ សំលៀកបំពាក់ កាបូបសម្រាប់ធ្វើដំណើរ ​ស្បែកជើង គ្រឿង​សង្ហារឹម ​គ្រឿងសំអាង ក្រដាស សម្ភារៈ​ការិយាល័យ ​និងទំនិញធ្វើពីស្បែក។ការនាំចេញពីប្រទេសជប៉ុនមកកម្ពុជារួមមានគ្រឿងម៉ាស៊ីន រថយន្ត គ្រឿង​អេឡិចត្រូនិច គ្រឿង​សង្ហារឹម ​ក្រណាត់ ​និងផលិតផលប្លាស្ទិក។កាលពីឆ្នាំ ២០២០ កន្លងទៅ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា​និងជប៉ុន​មានទំហំទឹកប្រាក់ចំនួន ២,០៩៩ ពាន់​លានដុល្លារ ​ពោលគឺថយចុះចំនួន ៨ ​ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ​ ២០១៩ កន្លងទៅ ដែល​ក្នុង​នោះ​ការនាំចេញសរុបរបស់កម្ពុជាទៅជប៉ុនមានទំហំទឹកប្រាក់ចំនួន ១,៦១៥ ពាន់លានដុល្លារ ធ្លាក់ចុះ ៦,៧ ភាគរយ៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនឯកជនជាង៩ពាន់ក្រុមហ៊ុន បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលតែមួយ

2021/11/10 12:31:56 pm        336
​ភ្នំពេញ ៖ ​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានរបស់រាជរដ្ឋាភិបាល ទទួលបានការចុះបញ្ជីជាផ្លូវការនៃក្រុមហ៊ុនឯកជន បានចំនួនជាង ៩ពាន់សំណើរ និងកំពុងពិនិត្យលើក្រុមហ៊ុនអាជីវកម្មចំនួនជាង ៩០០សំណើរផ្សេងទៀត ស្ថិតក្នុងការពិនិត្យសម្រាប់ចុះបញ្ជីជាផ្លូវការ។យោងតាមរបាយការណ៍មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី តេជោ ក្នុងរយៈពេលជាង ១ឆ្នាំកន្លងមកនេះ រាជរដ្ឋាភិបាល​អនុវត្តការ​ចុះ​បញ្ជី​​អាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​ ក្នុងនោះបាន អនុម័តការ​ចុះ​បញ្ជីប្រកបដោយជោគជ័យ ​មានចំនួនប្រមាណ ​៩ ២២៩ សំណើរ ​និងកំពុងត្រួតពិនិត្យ ​មានចំនួន ៩៨៦សំណើរ។ចំណែកចំនួននាមករណ៍ដែលបានបម្រុងទុក មានក្រុមហ៊ុន អាជីវកម្មប្រមាណជាង ៧ ពាន់សំណើរ និង​កំពុងពិនិត្យបន្ថែមជិត ៣០០ ​សំណើរផ្សេងទៀត ពោលគឺការចុះបញ្ជីតាមថ្នាលអាជីវកម្មតាម​ថ្នាល​បច្ចេកវិទ្យាព័ត៌មានតែមួយ ​បើគិតជា​មធ្យមបាន​អនុម័ត​ ជាផ្លូវការប្រមាណ ៨ សំណើរ ក្នុងមួយថ្ងៃៗ ។ពាក់ព័ន្ធក្រសួង-ស្ថាប័នដែលបានអនុវត្តចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ខាងលើរួមមាន ៖ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។ចំពោះភាគរយអាជីវកម្មដែលបានចុះបញ្ជីតាមវិស័យរួមមាន ៖ អាហរ័ណនីហរ័ណ ទិញលក់​ជួសជុល​យានយន្ត ​និងទោចក្រ​យាន​យន្ត​គ្រប់ប្រភេទ​មានជាង ​៣៨%, ​សកម្មភាព​អចលនវត្ថុជាង ១០%, កម្មន្តសាលជាង ៨%, សកម្មភាពសេវាកម្ម ​ស្នាក់នៅ​ និង​អាហារ​ជាង ៨%, សកម្មភាព​វិជ្ជាជីវៈវិទ្យាសាស្រ្ត ​និង​បច្ចេកទេសជាង ​៧%, និង​វិស័យផ្សេងៗ​ទៀតជាង ២៧% ផងដែរ ។ ដោយឡែកទំហំ​វិនិយោគតាមវិស័យ​ ក្នុងនោះ​សម្រាប់​ការ​សាងសង់​មានជាង ២៧%, សកម្មភាព​អចលន​វត្ថុជាង ១៥%, អាហរ័ណ​ នីហរ័ណ​ទិញ ​លក់ជួសជុលយានយន្ត និងទោចក្រ​យានយន្ត​គ្រប់ប្រភេទ​ជាង ១៥%, កម្មន្តសាលជិត ១៤%, សកម្មភាព​ហិរញ្ញវត្ថុ ​និងធានារ៉ាប់រង ជិត ៩%, និងវិស័យផ្សេងទៀតជាង១៩%។ក្រៅពីការ​អនុវត្តចុះបញ្ជី​ស្ថាប័ន​ខាងលើ, រាជ​រដ្ឋាភិបាល​បាន​បន្តអនុវត្តចុះបញ្ជី​អាជីវកម្មតាមថ្នាល​បច្ចេក​វិទ្យាព័ត៌មាន ​ដំណាក់​កាលទី២ ​ទៅ​តាមប្រភេទ​នៃសកម្មភាពអាជីវកម្ម ដោយមាន​ការ​ចូលរួម​ពីក្រសួង-ស្ថាប័នចំនួន៤ ​បន្ថែមទៀតរួមមាន ៖ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងទេសចរណ៍, ក្រសួងប្រៃសណីយ៍​ និងទូរគមនាគមន៍​ និង​និយ័តករ​អាជីវកម្ម​អចលនវត្ថុ ​និង​បញ្ចាំ​នៃអាជ្ញាធរ​សេវាហិរញ្ញវត្ថុ​មិនមែនធនាគារ​ គឺអនុវត្តការ​ចុះ​បញ្ជី​អាជីវកម្ម​តាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ ចាប់អនុវត្តពីថ្ងៃទី១ កញ្ញា ឆ្នាំ២០២១ កន្លងមក។សូមបញ្ជាក់ថា ក្នុងរយៈវគ្គទីមួយ ​ការ​អនុវត្តចុះបញ្ជីតាម​ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​របស់​រាជរដ្ឋាភិបាល ​ទទួល​បាន​ចំនួនពាក្យ​ស្នើសុំសរុបជិត ​៧ ០០០ សំណើ, ក្នុងនោះ​បាន​អនុម័តមានជាង ៦ ០០០​ សំណើរ,​ បើគិត​ជា​ទំហំ​ទុនវិនយោគ​មាន​ចំនួនជាង ២ ៦០០ លាន​ដុល្លារ​អាមេរិក៕អត្ថបទ ៖ សុន រ៉ាឌី

អ្នកស្រុកកំពង់សៀម ចាប់ផ្តើមនាំគ្នាដាំដំណាំប៉ិកួៈបណ្តើរៗហើយ

2021/11/09 03:58:57 pm        755
កំពង់ចាម ៖ ប្រជាកសិករដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារបានបង្កបង្កើនផលដំណាំប៉ិកួៈហើយ ខណៈរដូវរំហើយបានមកដល់ និងទឹកបានស្រកទៅវិញអស់ ។ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ មានឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចំការ​នៅតំបន់នេះ មានជីវជាតិល្អដីប្រភេទល្បាយខ្សាច់ និងងាយស្រួលថែទាំដំណាំផងដែរ។កសិករដែលកំពុងដាំប៉ិកួៈ បានប្រាប់ឲ្យដឹងថា ឆ្នាំនេះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការមួយចំនួន ដោយសារផ្ទៃចម្ការខ្លះទាប ក្រោយពីទឹកស្រកទៅវិញអស់ ពលរដ្ឋនៅតំបន់នេះ បាន​ភ្ជួររាស់​ដីបង្កបង្កើនផលដំណាំកសិកម្មដូចជា ប៉ិកួៈ សណ្តែកដី ត្រសក់ និងពោតជាដើម ខណៈដីមាន​ជីវជាតិល្អ អំណោយផលការលូតលាស់បានល្អ និងធន់ជម្ងឺទៀតផង។ កសិករបានរំពឹងទុកថា ឆ្នាំនេះបើទោះបីមានវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ តែសុំឲ្យតែ​តម្លៃ​បាន​ខ្ពស់ ​និងទទួល​ទិន្នផល​បានច្រើន។ក្នុងរយៈពេលបីខែទៀត ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម នឹងទទួលផលហើយ បន្ទាប់ពីប្រមូល​ផល​ប៉ិកួៈកសិករនៅតំបន់នេះ ​ចាប់ផ្តើមនាំគ្នាំដាំដំណាំ រួមផ្សំ មានពោត សណ្តែកដី ​ត្រសក់ស្រូវ និងម្ទេស ...ជាដើម ៕

ក្រុមហ៊ុនក្នុងស្រុក រំពឹងទំនិញនាំចេញទៅអូស្រ្តាលី នឹងមានកំណើននាពេលខាងមុខ

2021/11/09 10:55:10 am        482
ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យនាំចេញនៅកម្ពុជា មានសុទិដ្ឋិនិយមថា ការនាំចេញទំនិញពីទៅកាន់ប្រទេសអូស្រ្តាលី ជាពិសេសស្រូវអង្ករ នឹងមានកំណើនឡើងវិញ ក្រោយវិបត្តិនៃការរាតត្បាតជំងឺកូវីដ១៩ មានសភាពធូរស្រាល និងបញ្ចប់នាពេលអនាគត។ ជាពិសេស ការពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី៨វិច្ឆិកា ម្សិលមិញនេះ មាន​ប្រសាសន៍​ប្រាប់ទូរទស្សន៍ព័ត៌មានប៊ីធីវីថា ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ ម៉ារីស ផេន រដ្ឋមន្រ្តីក្រសួងការបរទេស​ និង​រដ្ឋ​មន្រ្តី​ក្រសួងកិច្ចការនារីរបស់អូស្រ្តាលី ​លោក​យល់ថា ទំនាក់ទំនង​ពាណិជ្ជម្ម និងការវិនិយោគ​ជាមួយ​អូស្រ្តាលី ​នឹង​មាន​ផល​វិជ្ជមាន​ល្អប្រសើរ ជំរុញឲ្យ​មាន​ការអភិវឌ្ឍ​លើ​វិស័យ​កសិកម្ម និង​ការនាំចេញកាន់តែ​ទៅមុខថែម​ទៀត ​ហើយនេះ​ជា​អ្វីដែល​យើង​សិក្សា​ស្រាវជ្រាវ​អំពីតម្រូវការអូស្រ្តាលីបន្ថែម​ ដែល​មានសក្តានុពលសម្រាប់កសិផល មិន​ថា​តែ​អង្ករទេ។ពាក់ព័ន្ធ​ការនាំអង្ករចេញទៅទីផ្សារអន្តរជាតិ ​ក៏ដូចជា​ប្រទេសអូស្រ្តាលីបច្ចុប្បន្ន លោកឧកញ៉ា​បាន​អះអាងថា ក្រៅពីជួបបញ្ហានូវវិបត្តិកូវីដ១៩​ ក្នុងវិស័យដឹកជញ្ជូន​ក៏នៅតែមានបញ្ហាប្រឈមដែរ ដោយ​សារប្រទេសមួយៗ មាននីតិវិធី​ប្រព័ន្ធ​នៃការអនុវត្តភូមភាគ​អនាម័យ, ប្រព័ន្ធនៃការគ្រប់គ្រង​សុវត្ថិភាព​ចំណីអាហារខុសៗគ្នា។ ​ចំពោះទីផ្សារអូស្រ្តាលី​ កម្ពុជា​ទើបនាំចូលបាន​ប្រមាណ​ជាង​១​ឆ្នាំទេ ។គិតក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាធ្វើការនាំចេញស្រូវអង្ករទៅទីផ្សារអន្តរជាតិ មាន​ចំនួនជាង ៤៦ម៉ឺន​តោន​ ក្នុងនោះ​ទៅកាន់ទីផ្សារប្រទេសអូស្រ្តាលី​ចំនួនជាង ៨ ២០០តោន។ ដោយឡែក​ ក្នុងរយៈពេល១ឆ្នាំពេញ ​នៃ២០២០ ការនាំចេញស្រូវអង្ករទៅអូស្រ្តាលី​មាន​បរិមាណ​សរុបជាង ២ម៉ឺន ៧ពាន់តោន កើនឡើងជាង​ ៤ពាន់តោន បើធៀបនឹងឆ្នាំ២០១៩ មាន​ចំនួន​សរុបជាង ២ម៉ឺន ៣ពាន់តោន។សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោកជំទាវរដ្ឋមន្រ្តីក្រសួងការបរទេស និង​រដ្ឋមន្រ្តីក្រសួងកិច្ចការនារី​របស់​អូស្រ្តាលី​ មានចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ​ក្នុង​គោលបំណងពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី ​និង​ពហុភាគីជាមួយកម្ពុជា ឲ្យកាន់​តែល្អប្រសើបន្ថែមទៀត ​ដើម្បី​គុណប្រយោជន៍របស់ប្រជាជន​ និងប្រទេសទំាង​ពីរ។ ក្នុងអំឡុងស្នាក់នៅកម្ពុជា ២ថ្ងៃនេះ លោកជំទាវបាន​ទទួលជួបពិភាក្សាការងារជាមួយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី ​ជួបជាមួយប្រមុខការទូតកម្ពុជា ​និងជំនួបទ្វេភាគីជាមួយលោកជំទាវ អ៊ឹង គន្ថាផាវី ​រដ្ឋមន្រ្កី​ក្រសួង​កិច្ច​ការ​នារីផងដែរ៕អត្ថបទ៖ បូរ៉ាវី

កម្ពុជាកំណត់កសិផលសក្ដានុពល១០មុខ ដែលត្រូវជំរុញផលិតកម្ម និងការនាំចេញ

2021/11/08 01:00:44 pm        375
ភ្នំពេញ ៖ កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ក្រសួងពាណិជ្ជកម្មបានបង្ហាញមុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា ៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច នៅ​ក្នុង​ពិភាក្សា​ជាមួយ​វិស័យឯកជន​ លើឯកសារយុទ្ធសាស្ត្រ ​ទាញយកអត្ថប្រយោជន៍ជាអតិបរមា ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នាថ្ងៃទី០៥ ខែវិច្ឆិកា ​ឆ្នាំ២០២១ ​តាមប្រព័ន្ធវីដេអូ។ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ​បានលើកឡើងថា ​ក្រោមការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, ​កម្ពុជាបានធ្វើសមាហរណកម្ម សេដ្ឋកិច្ច​របស់ខ្លួន ​ទៅក្នុងតំបន់ ​និងអន្តរជាតិជាបន្តបន្ទាប់។ឯកឧត្តម បន្ដថា​ ជាមួយនឹងការខិតខំ​ នាពេលកន្លងមក ​កម្ពុជា​បានសម្រេចដោយជោគជ័យ​ ក្នុង​ការ​ចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​ទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ។ ជាក់ស្ដែងនាពេលថ្មីៗនេះ គឺកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ​កម្ពុជា​បានចុះហត្ថលេខា​ បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បានគូសបញ្ជាក់ថា កម្ពុជា​មានទិសដៅបន្ត​ចរចា ​បង្កើតកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគី ​ជាមួយប្រទេសមួយចំនួនទៀត​ ដូចជា៖​ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ​ចក្រភពអង់គ្លេស, ​សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។ចំពោះការដាក់កំណត់មុខទំនិញទាំង១០មុខនេះ​ ត្រូវបាន​វិស័យឯកជន ដែល​កំពុងតែរកស៊ីនាំ​ចេញ​នៅក្នុងវិស័យកសិកម្ម បានសម្ដែងការសារទរ និងគាំទ្រ​ ដើម្បីទាញប្រយោជន៍​ ឲ្យបានកាន់តែច្រើន ជំរុញ​ការនាំចេញ ​ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងនោះនឹងមានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីចិន, កូរ៉េ ​និងអាសិប ​ដែលនឹងត្រូវបាន ​ចូលជាធរមានក្នុងពេលដ៏ខ្លីខាងមុខ៕អត្ថបទ៖ វណ្ណៈ

ក្រុមហ៊ុនរឺនីសង់ ចម្រាញ់រ៉ែមាស បានកើនឡើងជិតមួយតោន ក្នុងរយៈពេល៥ខែ

2021/11/08 07:04:24 am        710
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ជាពិសេសការធ្វើអាជីវកម្មរ៉ែមាស មកទល់ពេលនេះ ការចម្រាញ់រ៉ែមាសក្រុមហ៊ុន រឺនីសង់ Renaissance បានជិតមួយតោនហើយ និងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀត។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងលើកឡើងនៅក្នុងពិធីសម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ អគារទីស្តីការថ្មីនៃក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម ​និងសំណង់ ​នៅថ្ងៃទី៨ខែ វិច្ឆិកា ឆ្នាំ ២០២១នេះថា កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី ​បានឡើងដល់កម្រិតខ្ពស់ និងថ្មីៗបន្ថែមទៀត ក្នុងនោះមានកិច្ចសហប្រតិបត្តិការលើអាជីវកម្មរ៉ែមាស ​ដែលមកទល់ពេលនេះ ការចម្រាញ់រ៉ែមាស​បាន​ជិតមួយតោនហើយ ​នឹងមានការកើនឡើងជាបន្តបន្ទាប់ថែមទៀតផងដែរ។ជុំវិញការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន រឺនីសង់ Renaissance, ថ្មីៗនេះ​ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គ​នាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ​ក្រសួងរ៉ែ ​និងថាមពល ​បានថ្លែងឲ្យដឹងថា ចំពោះកិច្ចដំណើរ​របស់​ក្រុមហ៊ុន រឺនីសង់ (Renaissance) ​លើអាជីវកម្មចម្រាញ់រ៉ែមាស នៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា​ ខេត្តមណ្ឌលគិរី ​គឺបានប្រព្រិត្តទៅដោយរលូន និងបាននាំចេញទៅលក់នៅ​លើទីផ្សារ​អន្តរជាតិ ​ទៅតាមផែនការដែលបានគ្រោងទុកផងដែរ។តាមរយៈនៃកិច្ចប្រតិបត្តិការចម្រាញ់មាសរបស់ក្រុមហ៊ុន Renaissance នេះ​ នឹងក្លាយជាចលករ ក្នុង​ការទាក់ទាញវិនិយោគិនផ្សេងៗ មកចូលរួមអភិវឌ្ឍន៍វិស័យធនធានរ៉ែ ខណៈដែលរាជរដ្ឋាភិបាល​បាន​កំពុងខិតខំប្រឹងប្រែង ​ផ្តល់នូវលក្ខណៈអំណោយផល ​ការលើកទឹកចិត្ត និងបង្កើនការទាក់ទាញ​វិនិយោគិន ​ដើម្បីឲ្យចូលមកអភិវឌ្ឍន៍លើគ្រប់វិស័យនៅកម្ពុជា។ ចំណែកការបង់សូយសារចូលថវិការជាតិវិញ, នៅក្នុងប្រតិបត្តិការនៃការធ្វើអាជីវកម្ម គិតមកដល់​សប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០២១​ នេះ ក្រុមហ៊ុន រឺនីសង់ (Renaissance) បានបង់សូយសារចូល​ថវិការ​រដ្ឋបានប្រមាណជាង ៦៦ ​ម៉ឺនដុល្លារអាមេរិក​ ក្នុងនោះបើតាមការផលិតរបស់ក្រុមហ៊ុន នៅក្នុង​រយៈពេល ៤ ខែនេះ, គិតជាមធ្យមក្នុងរយៈពេលក្នុងមួយឆ្នាំវិញ ក្រុមហ៊ុននឹងអាចផលិតមាសបាន​ចន្លោះពី ២,៥ តោន ទៅ ៣តោនក្នុងមួយឆ្នាំ ៕

សិប្បកម្មធ្វើផើងដាំផ្កាកំពុងមានការចាប់អារម្មណ៍ពីមហាជន

2021/11/06 10:56:06 am        591
កំពង់ធំ ៖ មុខរបរសិប្បកម្មធ្វើផើងសម្រាប់ដាំផ្កា កំពុងមានការចាប់អារម្មណ៍ពីមហាជនទូទៅសម្រាប់ដាក់ដាំលម្អរផ្កានៅតាមផ្ទះ កន្លែងធ្វើការ ភោជនីយដ្ឋានផ្សេងៗ និងកន្លែងលក់ផ្កាផងដែរ។លោក នួន ស៊ីណាត ជាម្ចាស់សិប្បកម្មធ្វើផើងផ្កា រស់នៅភូមិព្រេន ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំប្រាប់ទូរទស្សន៍ BTV ឲ្យដឹងថា​ មុខរបរនេះលោកបានចាប់ផ្តើម​អស់​រយៈពេល​ជាង​ ៣ឆ្នាំមកហើយ​ និង​មាន​ការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ ​តាមរយៈម្ចាស់កន្លែងលក់ផ្កាផ្សេងៗ​ក្នុង​ទីរួមខេត្តកំពង់ធំ ។ សិប្បកម្មធ្វើផើងនេះ កើតចេញពីការស្រាវជ្រាវ បណ្តាញសង្គមហ្វេបុក (Fcebook) និង (YouTube) ដែលកាលពីមុនមុខរបររបស់លោក​ គឺអ្នកធ្វើពាងសម្រាប់លក់ ។ ដោយសង្កេតឃើញមុខរបរនេះ មានភាពងាយស្រួសម្រាប់រូបលោក ​និងបានរស់នៅជួបជុំមួយក្រុមគ្រួសារ, រូបលោកក៏បានចាប់​ផ្តើម​ពង្រីកមុខរបរនេះបន្តិចម្តងៗ។ដោយធ្វើការកែច្នៃបណ្តើរ ស្វែងយល់បន្ថែមបណ្តើរ និងបានផុស​លក់​តាមហ្វេសបុក (ស៊ីណាតកំពង់ធំ លក់ផើងដាំផ្កា) មានភ្ជាប់លេខទូរស័ព្ទ ០៧១ ៤០៣ ៣៣៨៨ / ០៩៦ ៨៣៧ ១១១៨ នៅផ្នែកខាងក្រោម ដែលទទួលបានការគាំទ្រពីអ្នកប្រើប្រាស់ ហៅទូរស័ព្ទមកសាកសួរ ការម៉ុងទិញ តាមរយៈលេខទូរស័ព្ទ និងហ្វេសបុកផងដែរ។ លោកបន្តថា បច្ចុប្បន្ននេះ សិប្បកម្មរបស់លោក បានកំពុងផលិតផើង ជាង១០ប្រភេទ មានទំហំ​ពណ៌ផ្សេងៗគ្នា ​ទទួល​ការការម៉ុងផ្គត់ផ្គង់ដល់កន្លែងលក់ផ្កាសម្រាប់ដាំលម្អរចំនួន ៧​ទីតាំង​ក្នុងខេត្តកំពង់ធំ។ ចំណូលមធ្យមប្រចាំខែទទួលបានប្រមាណពី៤លានរៀល ​ទៅ៦លានរៀល ដែលអាច​ទទួល​ប្រាក់​ចំណេញ​ក្រោម​ពីការចំណាយលើសម្ភារៈ ​និងកម្លាំង​ពលកម្មរួចចន្លោះពី ​២លានរៀល ទៅ ២,៥០០,០០០រៀល។គម្រោងនៅថ្ងៃ​ពេល​បន្ទាប់​រូបលោក ​នឹងពង្រីកការផលិតឲ្យបានច្រើនបន្ថែម​កែច្នៃម៉ូដ ​ទំហំ​ពង្រីក​ទីផ្សារ​ទៅកាន់ខេត្តផ្សេងទៀត៕

រាជរដ្ឋាភិបាល ជំរុញវិស័យឯកជនវិនិយោគលើគម្រោងស្ថានីយសាកអគ្គិសនីដល់រថយន្តអគ្គិសនី

2021/11/05 02:53:25 pm        673
ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានជំរុញវិស័យឯកជនចូលរួមវិនិយោគតាមទម្រង់ជាការវិនិយោគរវាងរដ្ឋ និងឯកជន លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៃស្ថានីយសាកអគ្គិសនី ដល់រថយន្តប្រើអគ្គិសនីនៅកម្ពុជា។ថ្លែងនៅក្នុងកិច្ចពិភាក្សាលើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតងសម្រាប់កម្ពុជា” នៅ​ថ្ងៃទី៤ខែវិច្ឆិកា ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មាន​ប្រសាសន៍ថា ចំនួនរថយន្តអគ្គិសនី (EV)​ នឹងកើនឡើងនៅកម្ពុជានៅប៉ុន្មានឆ្នាំខាងមុខ។ឯកឧត្តម បញ្ជាក់ថា ការកើនឡើងនេះ គឺដោយសារ ប្រជាពលរដ្ឋមានការយល់​ដឹងច្រើន​ពី​អត្ថ​ប្រយោជន៍នៃការប្រើប្រាស់​រថយន្ត​អគ្គិសនី ​និងពន្ធនាំចូលរថយន្តអគ្គិសនី​មានតម្លៃទាបជាង​ពាក់​កណ្តាល​នៃ​ការ​នាំចូល​រថយន្ត​ធម្មតា​ និងការផ្គត់ផ្គង់ថាមពលស្អាតកានតែច្រើន​ឡើង​ក្នុង​ល្បាយថាមពល​ ជាពិសេសគឺកែច្នៃថ្មរថយន្តចាស់ៗ។ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា “នេះមិនមែនជាការទទួលខុសត្រូវរបស់ EDC រដ្ឋាភិបាល​ក្នុង​កសាង​ស្ថានីយ​សាកអគ្គិសនី​ទេ។ ​វិស័យឯកជនគួរចូលរួមជាមួយរដ្ឋាភិបាល ឬគួរវិនិយោគ​លើការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដល់​រថយន្ត​អគ្គិសនី”។​យោងតាមឯកឧត្តម ស៊ុន ចាន់ថុល បច្ចុប្បន្ន រថយន្តអគ្គិសនីចុះបញ្ជីនៅកម្ពុជា​មានចំនួនតិចតួច​នៅ​ឡើយ បើធៀបនឹង​រថយន្តធម្មតា​ចុះបញ្ជី​មានរហូតដល់ជិត១លានគ្រឿង។ឯកឧត្តមថា ក្រសួងនឹងពិភាក្សាជាមួយវិនិយោគិននានា លើការវិនិយោគ​ដំឡើងស្ថានីយ​សាកអាគុយ រថយន្ត​អគ្គិសនី​នៅតាមទីតាំងសំខាន់ៗ ​តាមផ្លូវជាល្បឿនលឿន និងផ្លូវជាតិលេខ៥ជាដើម។វិស័យ​ដឹកជញ្ជូនរួមចំណែក ៤៦% ស្មើនឹងជិតពាក់កណ្តាលនៃការប្រើប្រាស់ថាមពល​សរុប​របស់​កម្ពុជា។ ដើម្បីសម្រេច​បាន​គោលដៅក្នុងការកាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន ​អគ្គិសនីភាវូបនីយកម្ម​នៃយានយន្ត​គឺ​ជាការចាំបាច់ ​សម្រាប់​កម្ពុជា។កិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ "អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគត បៃតង​សម្រាប់​កម្ពុជា​ ក៏ចូលរួមពិភាក្សាដោយ ​ឯកឧត្តម កែវ រតន ​អគ្គនាយក EDC ឯកឧត្តម​ Pablo Kang អគ្គរដ្ឋ​ទូត​អូស្រ្តាលី ​ប្រចាំនៅកម្ពុជា ​និងលោកជំទាវ Tina Redshawអគ្គរាជទូតអង់គ្លេស​ប្រចាំ​នៅកម្ពុជា៕អត្ថបទ៖ វណ្ណៈ

១០ខែឆ្នាំនេះ កម្ពុជានាំស្រូវទៅលក់នៅប្រទេសវៀតណាម តាមច្រកខេត្តតាកែវ ចំនួនជាង៨០ម៉ឺនតោន

2021/11/04 04:37:53 pm        460
តាកែវ ៖ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ដោយឆ្លងកាត់ច្រកព្រំដែនចំនួនបីរបស់ខេត្តតាកែវ ចំនួនជាង៨០ម៉ឺនតោន។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ លោក ញិប ស្រ៊ន បានប្រាប់BTVថា គិតចាប់ពីខែដើមខែមករា រហូតដល់ដើមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្រូវចំនួនជាង៨៦ម៉ឺនតោន ត្រូវបាន​ដឹកឆ្លងច្រកទ្វារព្រំដែនចំនួនបីរបស់ខេត្តតាកែវ ជាពិសេសដឹកឆ្លងកាត់តាមច្រកទ្វារព្រំដែន​អន្តរជាតិភ្នំដិន ​យកទៅលក់នៅប្រទេសវៀតណាម ​ដែលភាគច្រើនជាប្រភេទស្រូវអ៊ីអ៊ែ ដោយ​លក់​ក្នុងតម្លៃ១តោនបានជាង៨០ម៉ឺនរៀល។លោក បានបន្តថា ស្រូវទាំងអស់នោះ ត្រូវបាននាំយកមកពីតាមបណ្ដាខេត្តមួយចំនួន​របស់​ប្រទេស​កម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺ ​កណ្ដាល​ ពោធិ៍សាត់​ និងកំពង់ឆ្នាំងជាដើម។ បើប្រៀបធៀបនឹងឆ្នាំមុន ​ការនាំស្រូវយកទៅលក់នៅប្រទេសវៀតណាម ក្នុងឆ្នាំនេះ មាន​ការកើន​ឡើង​ប្រមាណ៤០០ភាគរយ​ គឺកាលពីឆ្នាំ២០២០ ការនាំស្រូវយក​ទៅលក់នៅ​ប្រទេសវៀតណាម ដោយឆ្លងកាត់ខេត្តតាកែវ​ គឺមានចំនួនជិត២សែនតោនតែប៉ុណ្ណោះ ។លោក ញិប ស្រ៊ន បានឱ្យដឹងទៀតថា ក្រៅពីស្រូវ កម្ពុជាក៏បាននាំផ្លែស្វាយ ប្រមាណ៣ម៉ឺនតោន​យកទៅលក់នៅប្រទេសវៀតណាមផងដែរ ​ចំពោះតម្លៃស្វាយវិញ គឺក្រុម​ឈ្មួញវៀតណាម​ទិញ​ក្នុងតម្លៃ១៧៥ដុល្លារ ឬ៧០ម៉ឺនរៀល​ ក្នុងមួយតោន។ ​តម្លៃនេះ គឺប្រហាក់ប្រហែលគ្នា​នឹង​តម្លៃ​លក់​នៅលើទីផ្សារក្នុងស្រុក​ របស់ប្រទេសកម្ពុជាដែរ៕អត្ថបទ៖ គុជ វិភាគ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សង្រ្គាមបានលួចពហុកីឡដ្ឋានតំបន់ហ្កាហ្សា ប៉ុន្តែមិនអាចលួចក្តីស្រលាញ់ការប្រកួតបាល់ទាត់បានទេ
06/17/2026 09:06 PM
ក្រុមមេដឹកនាំ G7ជួបជុំគ្នានៅថ្ងៃចុងក្រោយកិច្ចប្រជុំកំពូលក្នុងប្រទេសបារាំង
06/17/2026 09:06 PM
មេដឹកនាំ G7ពិភាក្សាលើការគ្រប់គ្រងប្រព័ន្ធ AI ជាមួយប្រធានបច្ចេកវិទ្យា ក្នុងកិច្ចប្រជុំកំពូលនៅបារាំង
06/17/2026 08:06 PM
លោក​ប្រធានាធិបតី Aoun និយាយថា លីបង់មាន «ផ្លូវឯករាជ្យ» ក្នុងការចរចាជាមួយ​អ៊ីស្រាអែល
06/17/2026 08:06 PM
មេដឹកនាំអាស៊ានធ្វើដំណើរទៅដល់ទីក្រុង Kazan ដើម្បីចូលរួមកិច្ចប្រជុំកំពូលរុស្ស៊ី-អាស៊ាន
06/17/2026 08:06 PM
បារាំងប្រកាសហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃ នៅក្នុងសាលាវិទ្យាល័យ ចាប់ពីខែកញ្ញា
06/17/2026 08:06 PM
លោក Trump ៖ គ្មាននរណាម្នាក់ រួមទាំងលោក Obama មិនអាចបង្កើតកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់បានទេ
06/17/2026 08:06 PM
ក្រុមឧទ្ទាមកូឡុំប៊ីស្វាគមន៍កិច្ចប្រជុំជាមួយប្រធានាធិបតីថ្មី តែពួកគេក៏អាចរស់រានពីការវាយប្រហារយោធាដែរ
06/17/2026 08:06 PM
កោះតៃវ៉ាន់អះអាងថា កេនយ៉ាងរារាំងខ្លួនមិនឲ្យចូលរួមសន្និសីទដោយសារសម្ពាធពីចិន
06/17/2026 08:06 PM
សំណុំផ្សែងនៅតែបន្តឃើញមាននៅតំបន់ភាគខាងត្បូងលីបង់ បើទោះបីជាមានកិច្ចព្រមព្រៀងអាមេរិក-អ៊ីរ៉ង់
06/17/2026 08:06 PM