គិតត្រឹមខែកក្កដា កម្ពុជាមានរោងចក្រដំណើរការចំនួន ៣.៣៥៧ មានទុនវិនិយោគ ២៨ ប៊ីលានដុល្លារ
ប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល ជំរុញឱ្យវិស័យឯកជន​ចាប់យក​ឌីជីថល​បម្រើ​ក្នុងអាជីវកម្ម
រាជរដ្ឋាភិបាលទម្លាក់ការព្យាករសេដ្ឋកិច្ចនៅត្រឹម ៤,១% ក្រោមសម្មតិកម្ម និងសូចនាករ​ម៉ាក្រូសេដ្ឋកិច្ច​ឆមាសទី១
សមាគមធនាគារ​នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សេចក្តីថ្លែងការណ៍រួមស្តីពី វីដេអូ​ឯកសារ​ពាក់ព័ន្ធ​នឹងករណីអតិថិជនឥណទាន ដែលត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច ស្នើ​សមាគម​អចលនវត្ថុ​បង្កើត​ស្តង់ដារ​វាយតម្លៃ​អចលនទ្រព្យ​រួម​ក្នុង​តំបន់​

2021/11/26 12:22:06 am        377
​ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្នើ​ដល់ (CVEA) និង (AVA) ពិនិត្យ​ការរៀបចំ​ស្តង់ដារ​អ្នក​វាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ការរៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិន​ទាន់មាន​, ការ​ជំរុញ​លើកកម្ពស់​សមត្ថភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ​ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ​ជាដើម ដើម្បី​ជា​មូលដ្ឋាន​អភិវឌ្ឍ​ក្នុង​វិស័យ​អចលនវត្ថុ​ប្រកបដោយ​ចិរភាព​។​​ឯកឧត្ដម​ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើក ឡើង​នៅ​ក្នុង​កម្មវិធី​សមាជ​លើក​ទី​២៣ របស់​សមាគម​អ្នក​វាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោម​ប្រធានបទ "​ការវាយតម្លៃ​អចលនវត្ថុ ក្នុងអំឡុងពេល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩" នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ​ឆ្នាំ​២០២១ ថា ពាក់ព័ន្ធ​វិស័យ​អ​ចលនវត្ថុ អ្នកវាយតម្លៃ​អ​ចលនវត្ថុ ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​វិស័យ​អចលនវត្ថុ នៅក្នុង​ប្រទេស និង​តំបន់​។​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា កិច្ច​សហប្រតិបត្តិការ ការសិក្សា​ស្វែងយល់ និង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​ក្នុង ចំណោម​អ្នកចូលរួម នឹង អាច​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ការរៀបចំ​ច្បាប់ បទ​ប្ប​ញ្ញាត និង​គោល នយោបាយ ជុំវិញ​វិស័យ​អចលនវត្ថុ​នៅក្នុង​ប្រទេស សមាជិក​ទាំងអស់​ពិសេស​នៅ​កម្ពុជា​​។​​ដើម្បី​ជំរុញ​វិស័យ​អចលនវត្ថុ​ប្រ​ដោយ​ចិរភាព និង​ប្រសិទ្ធភាព​, ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ស្នើ​ដល់​សមាគម​អ្នក វាយតម្លៃ​អចលនវត្ថុ​អាស៊ាន (AVA) និង​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) ពិនិត្យ​លទ្ធភាព និង​គិតគូរ​ដល់​ការរៀបចំ​ស្តង់ដារ​អ្នកវាយតម្លៃ​អចលនវត្ថុ​រួម ក្នុង​ក្របខណ្ឌ​តំបន់​អាស៊ាន​, ត្រូវ​រៀបចំ​ស្តង់ដារ​សម្រាប់​ប្រទេស​មិនទាន់មាន​, ការ​លើកកម្ពស់​សមត្ថ​ភាព​វិជ្ជាជីវៈ អ្នកវាយតម្លៃ​អចលនវត្ថុ ឲ្យ​ប្រសើរ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្លាស់​ប្តូរ​ជំនាញ និង​បទពិសោធន៍ បច្ចេកវិទ្យា ការវិនិយោគ និង​អាជីវកម្ម​រួមគ្នា​ជាដើម​។​​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា ទោះបី​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​កូ​វីដ ១៩ នឹង​កំពុង បន្ត​សម្រប​ខ្លួន ទៅនឹង​ប្រក្រតីភាព​ថ្មី​ក្តី ប៉ុន្តែ​វិស័យ​អចលនវត្ថុ​ក្នុងប្រទេស​នៅតែមាន​សក្តានុពល​ខ្ពស់ និង​មានតម្លៃ ទាប​សមរម្យ​សម្រាប់​ការវិនិយោគ បើ​ប្រៀបធៀប​ប្រទេសជិតខាង ក្នុងនោះ​រួមមាន​តំបន់​សំខាន់​មួយចំនួន​ដូចជា​៖ រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល មាន​គម្រោង អ​កាស​យាន្ត​ដ្ឋា​ន​ថ្មី​កំពុង​អនុវត្ត​, ខេត្ត​ព្រះសីហនុ បាន​កំពុង​ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ពហុ​បំណង​, ខេត្តសៀមរាប ដែលជា តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​ក្រុង​បាវិត​ដែល​ជា​មាត់ច្រក​កម្ពុជា​-​វៀតណាម និង​ក្រុង​ប៉ោយប៉ែត ​ដែល​ជា​មាត់ច្រក​កម្ពុជា​-​ថៃ​៕ ​អត្ថបទ​៖ សុន រ៉ា​ឌី  

ធនាគារជាតិ​​នៃកម្ពុជា និងធនាគាររដ្ឋវៀតណាម បន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ

2021/11/25 08:06:55 pm        495
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានបើកកិច្ចប្រជុំទ្វេភាគី តាមរយប្រព័ន្ធអនឡាញ ជាមួយធនាគាររដ្ឋវៀតណាម ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។កិច្ចប្រជុំទ្វេភាគីរវាងធនាគារកណ្តាលទាំងពីរ បានប្រារព្ធឡើងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនោះធនាគារជាតិ នៃកម្ពុជា ដឹកនាំដោយឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារ ជាតិនៃកម្ពុជា ភាគីធនាគាររដ្ឋវៀតណាម ដឹកនាំដោយលោកជំទាវ Nguyen Thi Hong ទេសា​ភិបាល ធនាគាររដ្ឋវៀតណាម។តាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹង​ថា ៖ កិច្ចប្រជុំទ្វេភាគីនេះ គឺ​តែងតែរៀបចំ​ធ្វើជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ​និងទំនាក់ទំនងមិត្តភាព រវាងធនាគារកណ្តាលទាំងពីរ។ដោយឡែកសម្រាប់កិច្ចប្រជុំលើកនេះ បញ្ហាសំខាន់ដែលបានយកមកពិភាក្សា នឹងផ្លាស់ប្តូរ​យោបល់​គ្នានោះ​ គឺវឌ្ឍនភាពនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, ​ការអភិវឌ្ឍវិស័យធនាគារ, វិធានការឆ្លើយតប​របស់​ធនាគារកណ្តាលចំពោះឥទ្ធិពលអវិជ្ជមាន​នៃជំងឺកូវីដ-១៩, ការជំរុញការទូទាត់ដោយមិន​ប្រើប្រាស់​ក្រដាសប្រាក់​ និងការពិនិត្យមើលពីវឌ្ឍនភាព ជាមួយនឹងការកំណត់ទិសដៅ​នៃ​កិច្ច​សហប្រតិបត្តិការទ្វេភាគី។មន្រ្តីរូបនេះ បានឲ្យដឹងទៀតថា ក្រៅពីបញ្ហាសំខាន់ខាងលើកិច្ចប្រជុំបានវាយតម្លៃខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ​រវាង​ធនាគារកណ្តាលទាំងពីរ នាពេលកន្លងមកនេះថា​បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យធនាគារ។ ជាមួយនេះដែរ​ តាមរយះកិច្ចសហប្រតិបត្តិការដ៏ល្អរវាង​វិស័យ​ធនាគារនេះ​ក៏បានរួមចំណែកគាំទ្រ​កំណើន​ពាណិជ្ជកម្ម ការវិនិយោគ ​និងទេសចរណ៍ ​ក្នុងប្រទេសទាំងពីរថែមទៀតផង។ក្នុងឱកាសនោះលោកជំទាវទេសាភិបាល ធនាគាររដ្ឋវៀតណាម បានសរសើរពីជោគជ័យរបស់​កម្ពុជា​ក្នុងការ​សម្រេចបានការចាក់វ៉ាក់សាំងដ៏ឆាប់រហ័ស នេះវាមិនត្រឹមតែ​បាន​ជួយការពារសុខភាព​ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែនូវបានជួយជំរុញសកម្មភាពសេដ្ឋកិច្ចទៀតផង។ ជាមួយគ្នានេះ លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលធនាគារជាតិនៃកម្ពុជា​បានដាក់​ចេញ​ក្នុងអំឡុងពេលកូវីដ-១៩កន្លងមកនេះថាមានប្រសិទ្ធភាពខ្ពស់និងសម្រេចបានសមិទ្ធផលល្អ ក្នុង​ការរក្សាបានវឌ្ឍនភាពនិងស្ថិរភាពប្រព័ន្ធធនាគារ ព្រមទាំងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។ទន្ទឹមនឹងនេះដែរ ធនាគាររដ្ឋវៀតណាម ក៏បានអបអរសាទរ ចំពោះការដាក់ឱ្យប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ទំនើប ជាពិសេសប្រព័ន្ធបាគង ​ដែលជាប្រព័ន្ធទូទាត់កន្លោងជួយ​ដោះស្រាយ​បញ្ហា​ទូទាត់ឆ្លងគ្រឹះស្ថាន ​និង​ការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំង​ក្នុងស្រុក និងតំបន់។ថ្លែងក្នុងឱកាសនោះឯកឧត្តម ជា ចាន់តូ បានថ្លែងអំណរគុណចំពោះធនាគាររដ្ឋវៀតណាម ជា​ពិសេស លោកជំទាវ ទេសាភិបាល Nguyen Thi Hong ដែលកន្លងមកបានផ្តល់​កិច្ច​សហប្រតិបត្តិការ​ល្អ​ប្រសើរ​ក្រោមអនុស្សរណៈយោគយល់រវាង​ធនាគារកណ្តាល​ទាំងពីរលើកិច្ច​សហប្រតិបត្តិការ​ទូទៅ, ការត្រួតពិនិត្យធនាគារ ​និងលើការសម្អាតប្រាក់ ​និងហិរញ្ញប្បទានភេរវកម្ម។ជាមួយនេះដែរ ឯកឧត្តម ទេសាភិបាល ក៏បានថ្លែងអំណរគុណផងដែរដល់ធនាគាររដ្ឋ និង​រដ្ឋាភិបាវៀតណាម​ដែលបានគាំទ្រដល់ការអភិវឌ្ឍ​ធនធាន​មនុស្ស ដោយបានបន្តផ្តល់​អាហា​រូបករណ៍ ​ដល់​មន្ត្រីធនាគារជាតិ​នៃកម្ពុជា​សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ ​អនុបណ្ឌិត និង​បណ្ឌិតនៅប្រទេសវៀតណាម៕អត្ថបទ៖ ជា វណ្ណៈ

កម្ពុជាបិទបញ្ចប់វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ ដោយជោគជ័យ

2021/11/25 07:08:59 pm        377
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានទទួលលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការរៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ (AEEBF1) ដែលរៀបចំឡើងតាមបែបរូបវ័ន្ត និងប្រព័ន្ធវីដេអូ ដែលជាព្រឹត្តិការណ៍អមសំខាន់មួយនៃកិច្ចប្រជុំកំពូល ASEM13 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២១។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅក្នុងសន្និសីទកាសែត ស្តីពីលទ្ធផល​នៃ​វេទិកា​សេដ្ឋកិច្ច ​និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ នៅល្ងាចថ្ងៃទី២៤ ​ខែវិច្ឆិកានេះ ​បានមានប្រសាសន៍ថា វេទិកានេះ បានធ្វើឡើងក្រោមមូលបទ “ការផ្លាស់ប្តូរទៅរកគន្លងប្រក្រតីភាពថ្មី៖ ការធ្វើអានុភាវូបនីយកម្មខ្សែច្រវាក់តម្លៃសកល ពហុភាគីនិយម ​និងបដិវត្តឧស្សាហកម្ម ៤.០” ហើយបានប្រព្រឹត្ត​ទៅ​ក្នុងបរិបទការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលបំណងពង្រឹង​ពហុភាគី​និយម ដើម្បីកំណើនរួមគ្នា ​ដោយប្រមូលផ្តុំតួអង្គពាក់ព័ន្ធទាំងអស់​ ធ្វើការពិភាក្សាស្វែងរកវិធីសាស្ត្រ និងមធ្យោបាយដោះស្រាយ​បញ្ហាប្រឈមនានាលើវិស័យសេដ្ឋកិច្ច និងសង្គម​នៅក្នុងតំបន់​អាស៊ី​ និងអឺរ៉ុប ក៏ដូចជាពិភពលោកទាំងមូល រួមគ្នាដើម្បីសម្រេចឱ្យបាននូវ​កំណើន​ប្រកប​ដោយ​បរិយាប័ន្ន។វេទិកានេះ មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃស្ថាប័នរដ្ឋ បណ្តាអង្គទូតនៃប្រទេស​សមាជិក​អេសិម(ASEM) អ្នកធ្វើគោលនយោបាយ ក្រុមធុរជននិងវិនិយោគិន បញ្ញវ័ន្ត អ្នកជំនាញ​ការ​មក​ពីវិស័យសំខាន់ៗ​ និងអ្នកពាក់ព័ន្ធមកពីបណ្តាប្រទេសនៅអាស៊ី ​និងអឺរ៉ុប​ សរុបចំនួនប្រមាណ ៦០០នាក់។ឯកឧត្តម បានបញ្ជាក់ថា វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ បានរៀបចំបទបង្ហាញ និងកិច្ចពិភាក្សាមួយចំនួន ដែលក្នុងនោះ វាគ្មិន និងអ្នកចូលរួមទាំងអស់បានចែករំលែកទស្សនៈ បទពិសោធន៍ ចំណេះដឹង និងការអនុវត្តល្អៗ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងវិស័យឯកជន និង​បានលើកជាអនុសាសន៍ ជូនដល់ថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ​និងវិស័យឯកជន នៃប្រទេសសមាជិកប្រទេសសមាជិកអេសិមផងដែរ។វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១ គឺជាព្រឹត្តិការណ៍អមក្នុងចំណោមព្រឹត្តិការណ៍អម ចំនួន៧ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) ដែល​នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១។ តាមរយៈការរៀបចំវេទិកាលំដាប់អន្តរជាតិនេះ ​នឹងផ្តល់នូវលើកកម្ពស់កិត្យានុភាព និងលើកមុខមាត់​ប្រទេសកម្ពុជា​លើឆាកអន្តរជាតិ និងបង្ហាញជូនបណ្តាអ្នកចូលរួមមកពីអាស៊ី ​និងអឺរ៉ុប បានយល់ និង​ស្គាល់កម្ពុជាកាន់តែច្បាស់​ ជាពិសេសបានស្វែងយល់ពីសក្តានុពលវិស័យពាណិជ្ជកម្ម និង​កាលានុវត្តភាពវិនិយោគនៅកម្ពុជាជាដើម៕អត្ថបទ ៖ ឈិត បូរ៉ាវី

វិស័យអចលនវត្ថុ នឹងស្ទុះងើបឡើងវិញនៅឆ្នាំក្រោយដោយសារលំហូរវិនិយោគទុនបរទេស

2021/11/25 06:45:08 pm        544
ភ្នំពេញ ៖ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងស្ទុះងើបឡើងវិញ គាំទ្រដោយសារការកើនឡើងសន្សឹមៗ នៃលំហូរទុនវិនិយោគពីបរទេស ខណៈការវិនិយោគ និងតម្រូវការក្នុងស្រុក នៅលើវិស័យអចលនវត្ថុ មានតម្លែទាប និងមធ្យម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើងនៅក្នុងកម្មវិធីសមាជលើកទី ២៣ របស់សមាគមអ្នកវាយតម្លៃ​អចលនវត្ថុ​អាស៊ាន ក្រោមប្រធានបទ "ការវាយតម្លៃអចលនវត្ថុ ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩" នៅថ្ងៃទី ២៥ខែវិច្ឆកា ឆ្នាំ ២០២១ នេះថា ស្របតាមនិន្នាការសកល​សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២១ ត្រូវបានព្យាករ នឹងងើបឡើងវិញក្នុងកំណើនទាបប្រមាណ ២,៤% ដោយសារការអូស​បន្លាយ​នៃជម្ងឺកូវីដ ១៩ នឹងការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតយឺត នៃតម្រូវការសកល ជាមួយនៃការបន្ទូបន្ថយនូវវិធានការរដ្ឋបាលជាដំណាក់ៗ និងការសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី នៃកិច្ចដំណើរការសង្កមសេដ្ឋកិច្ច ។ជាមួយគ្នានេះ អនុវិស័យអចលនវត្ថុនៅកម្ពុជា ត្រូវបានព្យាករថា នឹងជួយពូនជ្រុំដល់កំណើន​សេដ្ឋកិច្ច ​ដែលនឹងអាចងើបឡើងក្នុងកំណើនទាប ​២,៤% ក្នុងឆ្នាំ ២០២១​ និង ៤,៨% ក្នុងឆ្នាំ ២០២២ គឺដោយសារការកើន ឡើងសន្សឹមៗ ​នៃលំហូរទុនវិនិយោគពីបរទេស ​ខណៈការវិនិយោគ និង​តម្រូវការក្នុងស្រុក ​នៅលើវិស័យអចលនវត្ថុ ​មានតម្លែទាប និងមធ្យម​នឹង​បន្ត​រក្សា​កំណើន​ល្អប្រសើរ។សូមបញ្ជាក់ថា៖ តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានវាយតម្លៃសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២២ដោយបានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៤,៨% ដែលធ្វើឱ្យ ផសស ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១២៤ ១៦២ ប៊ីលានរៀល, សមមូលនឹងប្រមាណ ៣០ ៥៤៤ លានដុល្លារអាម៉េរិក៕អត្ថបទ៖ សុន រ៉ាឌី

កសិករខេត្តឧត្ដរមានជ័យ ចាប់ផ្តើមសំរុកដាំដុះដំណាំដំឡូងមី ខណៈតម្លៃល្អប្រសើរ​

2021/11/24 10:04:18 pm        1717
ឧត្តរមានជ័យ៖ កសិកររស់នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ផ្តើមធ្វើការដាំដុះដំណាំដំឡូងមី ខណៈរដូវនេះ ដំណាំដំឡូងកំពុងមានតម្លៃហក់ឡើងល្អប្រសើរនៅលើទីផ្សារ។កសិករម្នាក់មានវ័យជាង៥០ឆ្នាំ បានឲ្យដឹងថា គ្រួសារ​របស់គាត់​កន្លងមក​ប្រកបមុខ​របរ​ធ្វើ​កសិកម្ម​អស់​រយះពេលជិត២០ឆ្នាំមកហើយ អាស្រ័យដោយការធ្វើស្រែ និងដាំដំឡូងមី ហើយការ​ដាំដំឡូងមី​នេះ ភាគច្រើនតែងតែហុចផ្តល់​ផលបានល្អប្រសើរ​គួរជាទីគាប់ចិត្ត​ ជាងការធ្វើស្រែ​ដោយ​តម្លៃ​លក់​ចេញ​ទៅ​ឲ្យក្រុមឈ្មួញ បច្ចុប្បន្នក្នុងអំឡុងពេលវិបត្តិកូវីដនេះ គឺពេលប្រមូលផលម្តងៗ​នោះ​មាន​តម្លៃហក់ឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។លោក បានបន្តថា ពេលខ្លះ​ក៏​មាន​ក្រុម​ឈ្មួញ​មក​ចាំទទួលទិញដល់កន្លែង​ក៏មាន ដើម្បី​ដឹកចេញ​យក​ទៅ​​លក់បន្តនៅឯប្រទេសជិតខាងដូចជា ប្រទេសថៃ នឹងវៀតណាមជាដើម។លោក បញ្ជាក់ថា ទោះបីស្ថិតក្នុងវិបត្ដិកូវីដ-១៩ មិនទាន់​មានការថមថយ​បញ្ចប់​ទាំងស្រុង​យ៉ាងណាក្តី​ ក៏រូបលោកមិនសូវ​មានការបារម្មណ៍​អ្វីនោះឡើយ​ ចំពោះការធ្វើ​កសិកម្ម​របស់​លោក​ ព្រោះថា តម្លៃដំឡូង​លើទីផ្សារបច្ចុប្បន្នហាក់បីដូចជា​មិន​មាន​ការប្រែប្រួល ឬក៏ធ្លាក់ចុះនោះឡើយ ​ផ្ទុយ​ទៅវិញ​ក្នុង​ស្ថានភាពបែបនេះ បែរជាតម្លៃហក់ឡើងខ្ពស់ទៅវិញ ​សំរាប់ការលក់ចេញឲ្យទៅក្រុមឈ្មួញ​នោះ៕អត្ថបទ ៖ ឃិនសារិទ្ធ

រាជរដ្ឋាភិបាល បន្តលើកលែងពន្ធ ចំពោះវិស័យប៉ះពាល់ដោយកូវីដ១៩ ដល់ពាក់កណ្តាលឆ្នាំ២០២២

2021/11/24 06:39:42 pm        438
ភ្នំពេញ ៖ វិស័យឯកជន ថ្លែងនូវការសាទរចំពោះរាជរដ្ឋាភិបាល ដែលបានបន្តលើកទឹកចិត្ត អនុគ្រោះការលើកលែងពន្ធ ចំពោះ វិស័យដែលកំពុងរងនូវការប៉ះពាល់ដោយសារជំងឺកូវីដ ១៩ ដើម្បី​ជួយទ្រទ្រង់ដល់វិស័យប៉ះពាល់ទាំងនោះ ​អាចស្តារ និងអភិវឌ្ឍន៍អាជីវកម្ម របស់ខ្លួនឡើងវិញ ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បាន​បញ្ជាក់ថា ដោយមើលឃើញពីការលំបាក​របស់ម្ចាស់​អាជីវកម្ម ក្នុងវិស័យដែលរងផល​ប៉ះ​ពាល់​ខ្លាំង ដោយសារជំងឺកូវីដ១៩ រួមមាន ៖ វិស័យទេសចរណ៍​ វិស័យអាកាសចរណ៍​ រួមទាំងវិស័យ ដែលរ​ងផល​ប៉ះពាល់ផ្សេងៗទៀតនោះ​ រាជរដ្ឋាភិបាលបានបន្តផ្តល់ការអនុគ្រោះពន្ធ ​រយៈពេល ៦ខែ ថែមទៀត ក្នុងឆ្នាំ ២០២២ ខាងមុខ។លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លើកឡើងនៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន ស្តីអំពីការអនុវត្តន៍វិធានការអន្តរាគមន៍របស់រាជ​រដ្ឋាភិបាល ​ដើម្បីជួយ​គាំទ្រ​ដល់វិស័យ​ ដែលផល​ប៉ះពាល់ខ្លាំងដោយវិបត្តិកូវីដ១៩ ​នៅថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះថា ​នៅក្នុងកំឡុងពេលជិត ២ ឆ្នាំមកនេះ វិស័យ ដែលបម្រើសេវាកម្ម​ទេសចរណ៍​ ត្រូវ​បាន​បិទទ្វារទាំងស្រុង ក្នុងនោះបន្ទាប់ពីរាជរដ្ឋាភិបាលប្រកាស​បើក​ប្រទេស​ឡើងវិញ ​យើងឃើញថា​ អាជីវកម្មមួយចំនួនបានកំពុងរៀបចំគម្រោងរបស់ខ្លួនឡើងវិញ និងមួយ​ចំនួន​អាច​រៀបចំគម្រោងផែនការ ​ជាបន្តបន្ទាប់ផងដែរ ។ចំពោះវិធានការអន្តរាគមន៍ ​លើកលែងពន្ធលើវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ រួមទាំង​វិស័យ​ដែល​រងផល ប៉ះពាល់ផ្សេងៗទៀត មានរយៈពេល ៦ខែ ក្នុងឆ្នាំ ២០២២ ខាងមុខនេះ, លោកស្រី ឆាយ ​ស៊ីវលីន បានសម្តែងនូវអំណរគុណ​ និងថ្លែងនូវការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាល ដែលបានបន្តអនុគ្រោះដល់វិស័យដែលកំពុងរងគ្រោះ ទោះបី រាជរដ្ឋាភិបាលបានបើកប្រទេស​ឡើងវិញ​ យ៉ាងក៏ដោយគឺវិស័យនេះ ត្រូវការពេលវេលាក្នុងការរៀបចំ ​និងស្តារជីវភាពរបស់ ពួគគាត់ឡើងវិញផងដែរ។ចំណែកលោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារកម្ពុជា ​ក៏បានបានថ្លែងនូវការសាទេ ចំពោះការអនុគ្រោះពន្ធរបស់រាជរដ្ឋាភិបាល ​ដែលជាផ្នែកមួយយ៉ាងសំខាន់ ​ដើម្បីជួយស្រោចស្រង់ ដល់​វិស័យដែលរងនូវការប៉ះពាល់ ​អាចស្តារអាជីវកម្មឡើងវិញ ​ដែលកន្លងមកនេះវិស័យសណ្ឋាគារ ត្រូវបានដេក​ដួលទាំង​ស្រុងផងដែរ​ ជាក់ស្តែងមកដល់ពេលនេះ ចំពោះសណ្ឋាគារធំៗ គឺបានរៀប​ចំបើក​ដំណើរឡើងវិញមានចំនួនតិចតូចតែប៉ុណ្ណោះ ។ឯកឧត្តម គង់ វិបុល ស្របពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា មិនមានគោលនយោបាយបង្កើតពន្ធថ្មី​នោះទេ ផ្ទុយទៅវិញមានតែសម្រួលលើកលែង ​និងអនុគ្រោះពន្ធដល់វិស័យអាទិភាពផ្សេងៗ ពិសេស​វិស័យកសិកម្មជាដើម៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងប្រែក្លាយជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមានសក្តានុពលក្នុងតំបន់

2021/11/24 06:14:46 pm        391
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត។ ការវិវត្តន៍ជាវិជ្ជាមានទាំងនេះ បាននិងកំពុងប្រែក្លាយកម្ពុជា ឱ្យទៅជាទីតាំងផលិតកម្មធុរកិច្ច និងវិនិយោគមួយកាន់តែសំខាន់ និងមានសក្តានុពលក្នុងតំបន់។នេះជាការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងសន្ទរកថាបើក​វេទិកា​សេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប លើកទី១ ក្រោមប្រធានបទ “ការផ្លាស់ប្តូរទៅគន្លង​ប្រក្រតីភាព​ថ្មី៖ ការលើកកម្ពស់ការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃសកល ពហុភាគីនិយម និងបដិវត្តន៍ឧស្សាហកម្មទី៤” តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ។​សម្តេចតេជោ លើកឡើងថា​ បាននិងកំពុងខិតខំរៀបចំ និងដាក់ចេញឱ្យអនុវត្តវិធានការគោល​នយោបាយ​ច្បាស់លាស់ ​ដើម្បីទាក់ទាញការវិនិយោគបរទេសបន្ថែមទៀត តាមរយៈការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និងការលម្អប្រព័ន្ធដឹកជញ្ជូន ​ទាំងផ្នែកទន់ និងរឹងការលើកកម្ពស់កិច្ច​សម្រួល​ពាណិជ្ជកម្ម ​ការអភិវឌ្ឍធនធានមនុស្ស ​ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ​និងឌីជីថល និង​ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ។បន្ថែមពីលើនេះ ​សម្តេច បានលើកឡើងជូនអង្គប្រជុំ អំពីស្ថានភាពនៃជំងឺកូវីដ១៩ នៅកម្ពុជា។ ជាមួយនឹងការគ្រប់គ្រងបានល្អនូស្ថានភាពជំងឺកូវីដ១៩​ គិតត្រឹមថ្ងៃទី១៨​ ខែវិច្ឆិកា​ ឆ្នាំ២០២១ រាជ​រដ្ឋាភិបាលសម្រេចការចាក់វ៉ាក់សាំង​បានក្នុងអត្រាជាង ៨៨ភាគរយនៃចំនួនប្រជាជន​សរុប​ក្នុង​ប្រទេស ១៦លាននាក់។សូមបញ្ជាក់ថា កម្ពុជា ទទួលរៀបចំវេទិកាសេដ្ឋកិច្ច ​និងធុរកិច្ចអាស៊ី-អ៊ឺរ៉ុប ជាលើកដំបូង​ដោយ​ប្រព្រឹត្តទៅ​អមជាមួយ​នឹងកិច្ចប្រជុំកំពូលអាស៊ី​អឺរ៉ុប លើកទី១៣ ​ដែលកម្ពុជា​ធ្វើជាម្ចាស់ផ្ទះ ​ពីថ្ងៃទី២៥ ដល់ ២៦ ខែវិច្ឆិកា៕អត្ថបទ៖ វណ្ណៈ

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា ​ជំរុញ​​តំបន់​អាស៊ី និង​អឺរ៉ុប​ប្រកាន់​ខ្ជាប់​យន្តការ​ពហុ​ភាគី​និយម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច-ពាណិជ្ជកម្ម​ឡើង​វិញ

2021/11/24 05:31:56 pm        377
ភ្នំពេញ៖ ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ជំរុញ​តំបន់​អឺរ៉ុប និង​អាស៊ីឱ្យ​ប្រកាន់​ខ្ជាប់​នូវ​យន្តការ​ពហុ​ភាគី​និយម ដោយ​ថា ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន។សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែង​បែប​នេះ ​នៅ​ក្នុង​ពិធី​បើក​វេទិកា​សេដ្ឋកិច្ច និង​ធុរកិច្ច​អាស៊ី-អឺរ៉ុប​លើក​ទី​១ ដែល​ចាប់​ផ្ដើម​នៅ​ព្រឹក​ថ្ងៃ​នេះ។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «ជាមួយ​នឹង​និន្នាការ​នៃ​ការ​ផ្លាស់​ប្ដូរ​នៅ​ក្នុង​ពាណិជ្ជកម្ម និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​សកល ខ្ញុំ​យល់​ឃើញ​ថា តំបន់​យើង​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គាំ​ទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ជាពិសេស​ការ​ជំរុញ​ការ​ធ្វើ​សេរីភាវូបនីយកម្ម និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​បន្ថែម​ទៀត​តាម​រយៈ​ការលុប​បំបាត់​របាំង​សម្រាប់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ដើម្បី​ទាញ​យក​សក្ដានុពល​ជា​អតិបរមា​ពី​កិច្ច​សហ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​អាស៊ី-អឺរ៉ុប»។សម្ដេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ទំហំ​សេដ្ឋកិច្ច​អាស៊ី-អឺរ៉ុប មាន​ចំណែក​រហូត​ដល់ ៦៥​ភាគរយ​នៃ​សេដ្ឋកិច្ច​សកល ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ទ្វីប​ទាំង​ពីរ​នេះ មាន​ចំណែក​រហូត​ដល់​ ៥៥​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សកល។សម្ដេច​តេជោ ហ៊ុន សែន ថ្លែង​ថា​៖ «យើង​មាន​ភាព​ចាំ​បាច់​ត្រូវ​ពង្រឹង​សាមគ្គីភាព និង​តម្កល់​ផល​ប្រយោជន៍​ប្រជា​ពលរដ្ឋ​ជា​ធំ ដោយ​ប្រកាន់​ខ្ពស់​នូវ​យន្តការ​ពហុ​ភាគី​និយម ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ក្នុង​គ្រប់​វិស័យ និង​ពន្លឿន​ការ​ត​ភ្ជាប់​រវាង​សង្គម-សេដ្ឋកិច្ច ដើម្បី​ជំរុញ​របៀប​វារៈ​នៃ​ការ​អភិវឌ្ឍ​របស់​យើង​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន»។ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា លើក​ឡើង​ទៀត​ថា ការ​ជំរុញ​ប្រក្រតីភាព​នៃ​រំហូរ​ពាណិជ្ជកម្ម​ ធុរកិច្ច និង​វិនិយោគ គឺ​ជា​កិច្ចការ​សំខាន់ និង​បន្ទាន់ ដើម្បី​ស្ដារ និង​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​សង្គម និង​សេដ្ឋកិច្ច​របស់​តំបន់​ទាំង​ពីរ​ឡើងវិញ បន្ទាប់​ពី​វិបត្តិ​កូវីដ-១៩ កំពុង​ស្ថិត​លើ​ទិសដៅ​ទៅ​រក​ភាព​ធូរ​ស្រាល៕

កម្ពុជាដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ២០២១ ក្នុងរង្វង់៣ភាគរយ

2021/11/23 10:45:45 am        337
កំពង់ចាម ៖ ប្រមុខរាជរដ្ឋាភិបាល បានដាក់ការព្យាករសេដ្ឋកិច្ចកម្ពុជា អាចនឹងមានកំណើនលើសការព្យាករណ៍ ២.៤ ភាគរយសម្រាប់ឆ្នាំ២០២១ គាំទ្រដោយកំណើនកសិកម្ម និងឧស្សាហកម្ម ខណៈវិស័យសេវាកម្ម ជាពិសេសវិស័យទេសចរណ៍ រំពឹងថានឹងងើបឡើងវិញ ក្រោយប្រទេសបើកទទួលភ្ញៀវទេសចរចាក់វ៉ាក់សាំង​។ថ្លែងក្នុងពិធីសម្ពោធស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧១C នៅថ្ងៃទី២៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចនឹងសម្រេចក្នុងរង្វង់ ៣ភាគរយ លើស​ពី​ការ​ព្យាករណ៍​ ២,៤ ភាគរយ ក្នុងសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០២១។សម្តេចតេជោ បញ្ជាក់ថា​ បើកំណើនសេដ្ឋកិច្ចល្អក្នុងរយៈពេលពីរខែនៅសល់មុនដំណាច់ឆ្នាំ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបានក្នុងរង្វង់៣ភាគរយ។សម្តេចតេជោ លើកឡើងថា មានអង្គការមួយបានព្យាករណ៍កំណើនសេដ្ឋកិចុ្ចកម្ពុជា​ឆ្នាំ២០២១ ២,៨ភាគរយ​ ដែលនេះ បង្ហាញពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិបត្តិកូវីដ១៩។ជំរុញកំណើនសេដ្ឋកិច្ចនេះ សម្តេចតេជោ បញ្ជាក់ថា ដោយសារទីមួយគឺវិស័យកសិកម្ម នៅ​មានកំណើនសេដ្ឋកិច្ចទាំងអស់ ​ថែមទាំងលើសផែនការ ​ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩។ ​ទីពីរ គឺវិស័យ​ឧស្សាហកម្ម ​ដែលការ​នាំចេញមានកំណើនកើនឡើង។បន្ថែមពីលើសនេះ ​សម្តេចតេជោ លើកឡើងថា​ វិស័យសេវាកម្ម ដែលបានធ្លាក់ចុះខ្លាំង​ក្នុង​វិបតិ្តកូវីដ១៩​ រំពឹងថា នឹងងើបឡើងវិញ ​នៅគ្រាដែលរាជរដ្ឋាភិបាល បានប្រកាសបើកទទួល​ទេសចរ​បរទេស​ចាក់វ៉ាក់សាំងកូវីដគ្រប់។បន្ថែមពីលើនេះ សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២២ ​ប្រមុខរាជរដ្ឋាភិបាល​បានដំឡើង​ការព្យាករណ៍​ដល់ ជាង៥ភាគរយ កើនពី៤,២ភាគរយ ដែល​​ជា​កំណើនត្រូវ​បានព្យាករកាលពីពេលមុន៕អត្ថបទ៖ វណ្ណៈ 

ទិន្នផលស្រូវរបស់កសិករក្នុងស្រុកស្វាយជ្រំ បានបាត់បង់ដោយសារកត្តាធម្មជាតិ

2021/11/22 07:45:08 pm        502
ស្វាយរៀង ៖ លោក ចាប ថុល ពលរដ្ឋរស់នៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី ២១ខែវិច្ឆិកាម្សិលមិញនេះ បានប្រាទូរទស្សន៍ប៊ីធីវីឲ្យដឹងថា ផលស្រូវឆ្នាំនេះ ទាំងគ្រួសារលោក និងគ្រួសារពលរដ្ឋឯទៀត នៅក្នុងស្រុកទាំងមូល មានការបាតបង់ផលស្រូវជាង ៥០ភាគរយ បន្ទាប់ពីធ្វើការ ប្រមូលផលរួច។លោកបានបញ្ជាក់ថា ឆ្នាំនេះ ស្រូវដែលក្រុមកសិករធ្វើពីដើមរដូវ មានការលូតលាស់ចេញ ផ្លែ ផ្កា ល្អ ណាស់ តែដល់ពេលធ្វើការប្រមូលផល ត្រូវបានភ្លៀងបង្អុរធ្វើឱ្យដើមស្រូវដួល ទឹកជន់លិច ពិបាក​ក្នុងការ ច្រូតកាត់ប្រមូលផល ហើយត្រូវបានបាត់បង់ច្រើនបើប្រៀបធៀបឆ្នាំមុន ឯតម្លៃស្រូវ ក៏មានការចុះថោកគួរ ឱ្យព្រួយបារម្ភក្នុងការទូទាត់ប្រាក់ថ្លៃឈ្នួលពលកម្ម។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង បានបញ្ជាក់ថា ស្រូវនៅក្នុងស្រុកស្វាយជ្រុំ ក៏ដូចនៅស្រុកក្រុងទាំង៧ទៀត ​ពិតជាមានការខូចខាតច្រើនមែន ពីព្រោះ​ភ្លៀង បានបង្អុរច្រើននៅចុងរដូវឆ្នាំនេះ ហើយពិបាកក្នុងការប្រមូលផល ឯទិន្នផល មិនអាចឆ្លើយតបទៅនឹងការ ​ចំណាយដើមទុនក្នុងការផលិតស្រូវទេសម្រាប់ឆ្នាំនេះ៕អត្ថបទ៖ ភា សារិត

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាតវ៉ាប្រឆាំងសកម្មភាពបែងចែកដីខុសច្បាប់របស់ថៃនៅភូមិជោគជ័យ
08/15/2026 04:08 PM
រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ប្រកាសគ្រាអាសន្ន ពេលព្យុះត្រូពិក Lala ខិតជិតមកដល់
08/15/2026 04:08 PM
ក្រុមហ៊ុនប្រេងរដ្ឋរបស់អារ៉ាប់រួមនិយាយថា នាវាមួយគ្រឿង ត្រូវបានវាយប្រហារនៅច្រកសមុទ្រហ័រមូស
08/15/2026 04:08 PM
ប្រធានគណៈកម្មការផ្សះផ្សាសម្រាប់ដំណើរការ UNCLOS ត្រូវបានជ្រើសរើស
08/15/2026 04:08 PM
កងរាជអាវុធហត្ថចាប់ខ្លួនឈ្មោះ ប៉េង ជីវ៉ា ដែលប្រើប្រាស់ឯកសណ្ឋានកងកម្លាំងប្រដាប់អាវុធដោយខុសច្បាប់ និងបានប្រើឈ្មោះថ្នាក់ដឹកនាំទៅឆបោកប្រជាពលរដ្ឋ
08/15/2026 03:08 PM
សារគន្លឹះរបស់នាយកប្រចាំតំបន់ WHO៖ «បន្តបោះជំហានទៅមុខ ដើម្បីសុខុមាលភាពប្រជាជន»
08/15/2026 03:08 PM
នគរបាលនឹងចាប់អនុវត្តវិធានការច្បាប់ជាថ្មីលើរថយន្តធុនធំ និងការដឹកសំពីងសំពោង នៅដើមសប្តាហ៍ក្រោយ
08/15/2026 03:08 PM
ពលរដ្ឋជប៉ុនអះអាងថា ព្យុះភ្លៀងជាប់កំណត់ត្រាលែងជារឿងធម្មតាទៀតហើយ
08/15/2026 03:08 PM
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ធ្វើការពេញមួយយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃនៅទីក្រុង Comoប្រទេសអ៊ីតាលី
08/15/2026 03:08 PM
តុលាការកំពូលកម្ពុជា វៀតណាម ឡាវ ប្តេជ្ញាពង្រឹងសន្តិសុខតាមព្រំដែន និងទប់ស្កាត់បង្ក្រាប Online Scams
08/15/2026 03:08 PM