ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរអេស៊ា​​ ខេមបូឌា អបអរសាទរគម្រប់ខួប ៣ឆ្នាំ “Cheers to 3 Years” ជាមួយនឹងរង្វាន់មហាសាលសរុបជាង ១៦០,០០០ ដុល្លារ និង ការផ្តល់ជូន សំបុត្រយន្តហោះឥតគិតថ្លៃ ចំនួន ៣,៣៣៣ សំបុត្រ
ក្រុមហ៊ុន Unilever កម្ពុជា ទទួលស្វាគមន៍ ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស​ធ្វើទស្សនកិច្ចនៅកម្ពុជា
រយៈពេល៥ឆ្នាំមកនេះ ចិនបានផ្តល់ហិរញ្ញប្បទាន រួមចំណែកដល់ការអភិវឌ្ឍលើ​វិស័យអាទិភាព​ជាច្រើន
ការនិយមពិសារ​កាហ្វេរបស់ពលរដ្ឋកម្ពុជា ជំរុញកំណើនហាងកាហ្វេ និងផលិតកម្មក្នុងស្រុក ខណៈ​តម្រូវ​ការ​គ្រាប់កាហ្វេប្រមាណ ២ម៉ឺនតោនក្នុង១ឆ្នាំ

សេដ្ឋកិច្ច និង កសិកម្ម

សិប្បករ​ខ្មែរ​ ជំរុញ​ផ្សព្វផ្សាយ​ផលិតផល​ផលិត​ក្នុងស្រុក​ តាម​ផ្សារ​ទំនើប​ទាក់ទាញ​ការ​គាំទ្រ​ពី​អ្នក​ប្រើប្រាស់

2021/05/13 01:09:21 pm        246
ភ្នំពេញ ៖ ​ផលិតផល​ខ្មែរ​ជាច្រើន​មុខ រាប់​ចាប់ពី បន្លែ​, ផ្លែឈើ​, ទំនិញ​វេចខ្ចប់ និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ ​កំពុង​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើបៗ ​ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នកប្រើប្រាស់​។ សិប្បករ​ក្នុងស្រុក ​លើកឡើងថា ​ផលិតផល​ក្នុងស្រុក ​កំពុង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន​ជា​បន្តបន្ទាប់​។អតិថិជន​ក្នុង​ផ្សារ​ទំនើប​ បាន​លើកឡើង​នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកយកព័ត៌មាន​ នៅ​ផ្សារ​ទំនើប​អ៊ី​អន​សែន​សុខ ២​ នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ ២០២១ ​បានលើកឡើង​ស្រដៀង​គ្នា​ថា ​ពួកគាត់​សង្កេតឃើញ​ផលិតផល​ខ្មែរ ​មាន​ដាក់​តាំង​លក់​នៅតាម​ផ្សារ​ទំនើប​ជា​បណ្តើរៗ ​ជាពិសេស​នៅក្នុង​ផ្សារ​ទំនើប​អឺ​អន​នេះ​ជាដើម​។ មិន​ត្រឹមតែ​បាន​ទិញ ​ផលិតផល​របស់​ខ្មែរ ​សម្រាប់​យក​ទៅ​ផ្គត់ផ្គង់​ការ​ហូបចុក ពួកគាត់​លើកឡើងថា ​នៅ​ពេល​បានឃើញ​ផលិត ផល​របស់​ខ្មែរ​មាន​ដាក់លក់​នៅតាម​ផ្សារ​ទំនើបៗ បានន័យថា ផលិតផល​ខ្មែរ​មានការ​ផលិត​ដោយ​អនុវត្តតាម​បច្ចេកទេស​និង​អនាម័យ​យ៉ាង​ត្រឹមត្រូវ ទើប​ផលិតផល​ទាំងនេះ​អាច​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​ទំនើប​បាន ។ជុំវិញ​និង​ការ​ដាក់លក់​ផលិតផល​ខ្មែរ​, លោក រ័ត្ន ច​ន្នី អនុប្រធាន​ផ្សារ​ទំនើប​អឺ​អន សែខ​សុខ ២ លើកឡើងថា ​ចំពោះ​កិច្ចសហការ​រវាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​ផ្សារ​ទំនើប​អឺ​អន ក្នុងការ​ដាក់​តាំង​លក់​ផលិតផល​នេះ​ឡើង គឺជា​ការចូលរួម​លើកកម្ពស់​ផលិតផល​ក្នុងស្រុក ​ឲ្យ​ប្រជាជន​មាន​ការ​ទទួលស្គាល់​ខ្លាំង​ជាង​មុន​, ការ​លើកទឹកចិត្ត​ដល់​អ្នកវិនិយោគ និង​ប្រជាកសិករ ឲ្យ​មាន​ការ​ដាំដុះ​កាន់តែច្រើន ​ និង​ជា​ការ​រួមចំណែក​រក​ទីផ្សារ​ជូន​ពួកគាត់ ដើម្បី​ជំរុញ​ដល់​កសិករ​ផលិត​ចេញ​ជា​ផលិតផល​សម្រេច​មានគុណ​ភាព ​និង​មាន​ទីផ្សារ​សម្រាប់​ការលក់ដូរ ។លោក ​បន្តថា នៅក្នុង​រយៈពេល​កន្លងមក​នេះ ផលិតផល​ខ្មែរ ទាំង​ផលិតផល​វិច ខ្ចប់ ​បន្លែ​ផ្លែឈើ និង​មុខទំនិញ​សម្រាប់​ការប្រើប្រាស់​ផ្សេងៗ ​កំពុងមាន​វត្តមាន​នៅ​លើ​ទីផ្សារ​ទំនើប​អ៊ីអន​ជា​បណ្តើរៗ​។ ទន្ទឹមនេះ លោក​បាន​លើកទឹកចិត្ត អ្នក​ផលិត​ កសិករ និង​សហគមន៍​កសិកម្ម ​អនុវត្តន៍​ការចុះបញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ នៅ​តាម​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​មានឱកាស​នាំ​យក​ផលិតផល​របស់ខ្លួន​ចូល​ផ្សារ​ទំនើប ជាពិសេស​ការ​នាំ​ចូល​ផ្សារ​ទំនើប​អ៊ីអន​ជាដើម​។សូមបញ្ជាក់ថា ចំពោះ​ផលិតផល​ដែល​កំពុងមាន​វត្តមាន​ដាក់​តាំង​លក់​នៅ ក្នុង​ពិព័រណ៍​ផលិត​ក្នុងស្រុក ក្នុង​ផ្សារ​ទំនើប​អ៊ីអន​រួមមាន ​៖ ផ្លែ​ស្រកានាគ​, ផ្លែ​ត្រសក់ផ្អែម​លឿង​, ផ្លែ​ត្រសក់​សំណាញ់​, ត្រសក់​ទឹកក្រូច​, ស្វាយកែវ​រមៀត​, ផ្លែ​ប័​រ​, ធុរេ​ន​, សាវម៉ាវ​, ម្នាស់​ទឹកឃ្មុំ​, ស្វាយកែវចិន​, ត្រកួន​, ខាត់ណា​, ស្ពៃ​ខ្មៅ​, ស្ពៃ​តឿ​, ត្រឡាច​, ត្រសក់​ជាដើម​ ។ ចំណែក​ផលិត​វេច​ខ្ចប់​មាន​, ទឹកស៊ីអ៊ីវ​, ទឹកម្ទេស​, ទឹកត្រី​, ស្ករត្នោត​, ម្រេច​, ការ​ហ្វេ​, ទឹកឃ្មុំ​, មី​, អង្ករ​, ពង់​មាន់​, ពង់​ទា និង​ទំនិញ​វេច​ខ្ចប់​ជាច្រើន​ទៀត ​រួមជា​មួយ​ផលិតផល​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​ជាច្រើន​មុខ​ផងដែរ ៕​អត្ថបទ​៖ សុន រ៉ា​ឌី

រោងចក្រ​សហគ្រាស​បើក​ដំណើរការ​ឡើងវិញ ​ជា​បន្តបន្ទាប់​ជា​មួយនឹង​ការអនុវត្ត​វិធាន​សុខាភិបាល​

2021/05/13 12:32:26 pm        168
ភ្នំពេញ ៖ ​ចំនួន​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរ​ការឡើង​វិញ​ជា​បន្តបន្ទាប់ ក្រោយ​ផ្អាក​ការងារ​មួយរយៈ​ពេល ​ដោយសារ​ការ​រាលដាល​នៃ​ជំងឺឆ្លង​កូ​វីដ​១៩​។ ​កម្មករ កម្ម​ការិនី ​និង​រោងចក្រ​សហគ្រាស​ អះអាងថា ​នឹងចូលរួម​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋាភិបាល ៣​ការពារ និង​៣​កុំ ដើម្បី​ប្រឆាំង​ និង​ទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​១៩​។ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃ​១៣ ឧសភា ឆ្នាំ​២០២១​នេះ ក្រុម​កម្មករ កម្ម​ការិនី​នៅ​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វីន​ស៊ូ ស្ថិតនៅ​ផ្លូវ​វេ​ង​ស្រេង ​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ​បាន​រៀប​រាប់ទាំង​អារម្មណ៍​សប្បាយរីករាយ​ និង​សង្ឃឹមថា ​ការ​ត្រឡប់​ចូល​ធ្វើការ​វិញ​នេះ នឹង​បន្ត​ជា​រៀងរហូត ​ព្រោះថា​ ការ​ឈប់​សម្រាក​នៅផ្ទះ​កន្លងមក ធ្វើ​ឲ្យ​ជួប​ការ​លំបាក​ជាច្រើន ដូចជា​គ្មាន​ប្រាក់ចំណូល ​និង​មិនអាច​ដើរ​ទៅ​ណា​បាន ​ដោយសារ​ការ​ព្រួយបារម្ភ​ពី​ជំងឺឆ្លង​កូ​វីដ​១៩​។កម្មករ កម្ម​ការិនី​ខាងលើ​ ក៏បាន​អំពាវនាវ​ទៅដល់​ពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​ការណែនាំ​នូវ​វិធានការណ៍​នានា​ ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ​ជាពិសេស​នៅ​ពេល​ចេញ​ក្រៅ​ផ្ទះ ​គប្បី​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ និង​រក្សា​គម្លាត​សង្គម ​ដើម្បី​ចៀសវាង​ពី​ការកើតមាន ​និង​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​កូ​វីដ​១៩​នេះ​។លោក ស៊ីរ វុ​ត្តី តំណាង​រោងចក្រ​ផលិត​ស្បែកជើង ដ្រា​ហ្គ​ន វី​ង​ស៊ូ បាន​លើកឡើងថា​ ការសម្រេច​បើក​អាជីវកម្ម​ឡើងវិញ​នេះ ​គឺ​មាន​ការ​ត្រួត​ពិនិត្យ​យ៉ាង​ត្រឹមត្រូវ​ពី​អាជ្ញាធរ​មូលដ្ឋាន​ និង​បាញ់ថ្នាំ​សម្លាប់​មេរោគ ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​កម្មករ​និយោជិត​ និង​រោងចក្រ​ទាំងមូល​ឲ្យ​មាន​និរន្តរភាព ពោល​មិនមែន​បើក ​ដើម្បី​បិទ​ទៅវិញ​ទេ​។សូម​បញ្ជាក់​​ថា រោងចក្រ​សហគ្រាស​ស្ថិតក្នុង​តំបន់​លឿង​ប៉ុណ្ណោះ ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។ ​ទន្ទឹមនឹង​ការកែសម្រួល​វិធានការ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ​តំបន់​លឿងទុំ និង​ក្រហម ​បានរួម​តូច​ ហើយ​ចំនួន​រោងចក្រ​សហគ្រាស​បន្ត​បើក​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

ផ្សារ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ ក្រោយ​ថ្ងៃទី១៤​ឧសភា​

2021/05/12 01:56:52 pm        772
ភ្នំពេញ ៖ ​លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ខ្លី​ នៅ​ព្រឹក​នេះ​ថា មកទ​ល់ពេលនេះ​ ពុំទាន់​មានការ​សម្រេច​ឱ្យ​បើក​ដំណើរការ​ផ្សារ​ជាថ្មី​វិញ​នោះទេ​។ គិត​មក​ត្រឹម​ថ្ងៃទី ១២​ខែឧសភា​ឆ្នាំ ២០២១ នេះ សាលា​រាជធានី​ភ្នំពេញ​ ពុំទាន់​មានការ​សម្រេច​ក្នុង​ការបើក​ដំណើរការ​ផ្សារ​ទូទាំង​រាជធានី​ភ្នំពេញ​វិញ​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់ លោក មេ​ត មាស​ភក្ដី ជា​អ្នកនាំពាក្យ​របស់​សាលា​រាជធានី​ភ្នំពេញ ​នៅ​ព្រឹក​នេះ​។ លោក​ បាន​បន្តថា ផ្សារ​ទាំងអស់​អាច​បន្ត​បិទ ​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ទៀត​ ក៏​មិន​ទាន់មាន​ការសម្រេច​នោះទេ​។​ ចំពោះ​លក្ខខណ្ឌ ​រឺ​ ការកំណត់​ជា​វិធានការ​តឹង រឹង​បែបណា ​ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​មិនទាន់​មាន​ការ​បញ្ជាក់​ច្បាស់លាស់​បន្ថែម​នោះទេ​។​ ការបញ្ជាក់​បែបនេះ​ គឺ​ស្រប​ពេល​ដែល​ការសម្រេច​កន្លងទៅ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ជុំវិញ​ការ​ផ្អាក​ដំណើរការ​ផ្សារ គឺ​បន្ត​បិទ​រហូតដល់​ថ្ងៃទី ១៤​ខែឧសភា​ឆ្នាំ ២០២១​។កំឡុងពេល​នៃ​ការផ្អាក​ផ្សារ​ជា​បណ្ដោះអាសន្ន​មួយរយៈ​មកនេះ គណៈកម្មការ​ផ្សារ​នីមួយ​បាន​បំពេញ​សកម្មភាព​មួយចំនួន ​ដើម្បី​ត្រៀម​សម្រាប់​ការ​បើក​ដំណើរការ​ជាថ្មី ​បើសិន​មានការ​អនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​។ ​ជា​ការងារ​សកម្មភាព​របស់ ផ្សា​របឹង​កេងកង ​តាម​ការ​លើកឡើង​រប​ស់​លោក ឯក និមល ជា​ប្រធាន​ផ្សារ​បាន​បញ្ជាក់​ប្រាប់​នៅ​ព្រឹក​នេះ​ថា ​គណៈកម្មការ​ផ្សារ​បាន​រៀបចំ​ការងារ​សណ្ដាប់ធ្នាប់​ទូទៅ​ជាប្រចាំ ​និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​បន្ត​ការពារ​ខ្លួន ​និង​ទទួលយក​ការ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ ដើម្បី​សុវត្ថិភាព​ផងដែរ​។សម្រាប់​ផ្សារ ច្បារអំពៅ​វិញ នៅ​ព្រឹក​នេះ​គណៈកម្មការ​ផ្សារ​កំពុង​រៀបចំ​កន្លែង​លក់​ឱ្យ​មាន​របៀប និង​រៀបចំ​ផ្លូវ​ជុំវិញ​ផ្សារ​ឱ្យមាន​គម្លាត ​ដោយ​ទុក​ទំហំ​ផ្លូវ​ឱ្យបាន ៤​ម៉ែត្រ ​ដោយ​កន្លងមក​ផ្លូវ​ជុំវិញ​ផ្សារ​គឺ​មាន​ភាព​ចង្អៀត សល់​ទំហំ​ត្រឹមតែ​ប្រមាណ​១​ម៉ែត្រ​កន្លះ​តែប៉ុណ្ណោះ​។ លើក​ពីនេះ​ផ្សារ ក៏បាន​លាង​សម្អាត និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ផងដែរ​។​ ក្នុងកំឡុងពេល​បន្ត​បិទ​នេះ​ លោក​ជា​ប្រធាន​ផ្សារ​សំណូមពរ​ឱ្យ​អាជីវករ ​បន្ត​ការ​អត់ធ្មត់ និង​លើកទឹកចិត្ត​ឱ្យ​អាជីវករ​គ្រប់គ្នា​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​មុន​បើក​ដំណើរការ​ផ្សារ​ជាថ្មី​។ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី ៦​ឧសភា បង្ហាញថា ផ្សារ​រដ្ឋ​ក៏ដូចជា​ផ្សារ​មិន​រៀបរយ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ​គឺ​ត្រូវ​បន្ត​ផ្អាក​ជា​បណ្ដា​អាសន្ន​ចាប់ពី​ថ្ងៃទី​ ៨ ខែឧសភា​ដល់​ថ្ងៃទី ​១៤​ ខែឧសភា ​ឆ្នាំ​២០២១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ យ៉ាងណា​ម៉ិ​ញ លោក មេ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ​បានបញ្ជាក់​ខ្លី​នៅ​ព្រឹក​នេះ​ថា ផ្សារ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ អាច​បន្ត​រយៈពេល​បិទ​បន្ថែមទៀត​ តែ​ពុំទាន់​មានការ​កំណត់​រយៈពេល​ច្បាស់លាស់​នោះទេ​។ ​ចំពោះ​លក្ខខណ្ឌ ​រឺ​ការកំណត់​ជា​វិធានការ​តឹងរឹង​បែបណា​ ចំពោះ​ការ​បើក​ដំណើរការ​ផ្សារ​ជាថ្មី ក៏​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់លាស់​ផង​​ដែរ​៕​អត្ថបទ ​៖​ គឹម​ហុក

ទុរេន​ឆ្នាំនេះ​នៅ​តែមាន​តម្លៃ​ខ្ពស់ ​ខណៈ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង

2021/05/12 01:29:19 pm        358
ភ្នំពេញ ៖ ក្រុមអាជីវករ​លក់​ផ្លែ​ទុរេន​នៅ​រាជធានី​ភ្នំពេញ ​បាន​លើកឡើង​ស្រដៀង​គ្នា​ថា ​តម្លៃ​ទុរេន​នៅតែ​ខ្ពស់​ប្រហាក់ប្រហែល​ នឹង​តម្លៃ​ឆ្នាំមុន​ ស្រប​ពេល​ដែល​តម្រូវ​កា​រ​ទុរេន​ដាំ​ក្នុងស្រុក​ក្នុង​មួយ​រដូវៗ ​កើនឡើង​។លោក សួស គ​ន្នី អាជីវក​រលក់​ផ្លែឈើ​ជាច្រើន​ប្រភេទ ​នៅ​តំបន់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា តម្លៃ​ទុរេន​លក់រាយ​ឆ្នាំនេះ ប្រៀបធៀប​នឹង​ឆ្នាំ​កន្លងទៅ​គឺ​មាន​តម្លៃ​ប្រហាក់ប្រហែល ​ ទៅតាម​ប្រភេទ​ផ្លែ​ទុរេន​ដែល​យក​ពី​តំបន់​ខុសៗ​គ្នា​។ ទុរេន​មកពី​ខេត្តកំពង់ចាម​ថ្លៃ ២៨,០០០​រៀល ​ក្នុង​១​គីឡូ ទុរេន​មកពី​ខេត្តកោះកុង ប្រហែល ៣០,០០០​ម៉ឺន​រៀល​ ក្នុង​១​គីឡូ ដោយឡែក ទុរេន​មកពី​ខេត្តកំពត​ ថ្លៃ​៣៣,០០០​រៀល ​ក្នុង​១​គីឡូ​។ ចំណែក​អ្នកស្រី ប៊ុន វ៉ា ដែល​បាន​នាំ​យក​ផ្លែ​ទុរេន​ដោយ​ផ្ទាល់​ពី​ចំការ​របស់ខ្លួន​ផង​ និង​ទិញ​បន្ថែម​ពី​ចំការ​ផ្សេងទៀត​នៅ​ខេត្តកំពត ​ដើម្បី​យក​មក​លក់​នៅ​ទីក្រុង​ភ្នំពេញ ​បាន​ប្រាប់​ឱ្យដឹងថា​ ទុរេន​ដាំ​នៅ​ខេត្តកំពត ​គឺ​មិនបាន​ធ្លាក់​ថ្លៃ ​ដោយសារ​ពិបាក​ថែទាំ ​និង​ខូច​ខាត​ដោយសារ​កត្តា​អាកាសធាតុ​ក្តៅ ដែល​ផ្តល់​ទិន្នផល​ធ្លាក់ចុះ​។ ​សព្វថ្ងៃ ដំណាំ​ទុរេន​ត្រូវ​បាន​ដាំ​ដុះ​ច្រើន​ជាងគេ​នៅ​ខេត្តកំពត ​កំពង់ចាម ត្បូងឃ្មុំ ​បាត់ដំបង ​កោះកុង ​មណ្ឌលគិរី ​និង​ខេត្តពោធិ៍សាត់​ ។ ចំពោះ​រសជាតិ​នៃ​ទុរេន​វិញ ​គឺ​ទុរេន​ខេត្តកំពត ​ត្រូវបានគេទទួលស្គាល់​ថា ផ្អែម​ឈ្ងុយ ​លើ​ទុរេន​ដែល​ដាំ​នៅ​ខេត្ត​ផ្សេងទៀត​ ឬ​ទុរេន​នាំចូល​ពី​ប្រទេសជិតខាង​។ ទោះបី​មាន​ចំការ​ទុរេន​ នៅតាម​បណ្តា​ខេត្ត​មួយចំនួន​ក៏ដោយ កម្ពុជា​នៅតែ​នាំចូល​ទុរេន​ពី​ប្រទេស​ជិតខាង មាន វៀតណាម និង​ថៃ ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​។ ការ​នាំចូល​ទុរេន​ពី​ក្រៅ​ប្រទេស​នេះ មិនបាន​ទាញ​តម្លៃ​ទុរេន​ក្នុងស្រុក​ធ្លាក់​ចុះ​នោះទេ ដោយសារ​តម្រូវការ​ទុរេន​ដាំ​ក្នុងស្រុក​កើនឡើង ជាពិសេស​ទិន្នផល​ទុរេន​ដាំ​ក្នុងស្រុក​នៅ​ទាប​ជា​តម្រូវការ​។គួរ​បញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ក្រសួងពាណិជ្ជកម្ម ធ្លាប់​បាន​លើកឡើង​ពី​គម្រោង​បង្កើត​សមាគម​ទុរេន​ខេត្តកំពត ​និង​សិក្សា​និង​ពិនិត្យ​លទ្ធភាព​ចុះបញ្ជី​ម៉ាក​ទុរេន​ ដើម្បី​ជំរុញ​ការ​ដាំ​ទុរេន​ក្នុងស្រុក មិន​ត្រឹមតែ​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​នោះទេ ​ប៉ុន្តែ​ថែមទាំង​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​៕អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

ក្រុមហ៊ុន KrisEnergy នឹង​នាំចេញ​ប្រេង​ឆៅ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ ក្នុងពេល​ឆាប់ៗ​

2021/05/07 01:56:01 pm        350
ភ្នំពេញ ៖ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ថ្លែង​ឲ្យ​ដឹងថា​ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​គ្រី​ស​អេ​នើ​ជី​ (KrisEnergy) ​នឹង​នាំចេញ​ប្រេង​ឆៅ ​ទៅ​ទីផ្សារ​អន្តរជាតិ​ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​រៀបចំ​សំណុំបែបបទ ​ដើម្បី​សុំ​គោលការណ៍​នៃ​ការនាំចេញ​។ ​ការនាំចេញ​ប្រេង​ឆៅ​នេះ ស្រប​ពេល​ដែល​បរិមាណ​បូម​ប្រេង​ឆៅ ​របស់​ក្រុមហ៊ុន​ទាប​ជាង​ការ​រំពឹងទុក​។ឯកឧត្តម ជៀប សួរ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ប្រេងកាត ក្រសួង​រ៉ែ និង​ថាមពល ​បាន​ថ្លែងប្រាប់ BTV ​នៅ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០២១ នេះ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ដំណើរការ​ផលិត​កម្ម​បូម​ប្រេង​នៅ​លើ​អណ្តូង​ទាំង​៥ ​កន្លែង ដោយ​ផលិតកម្ម​ប្រចាំថ្ងៃ ក្នុង​រង្វង់​ ២​ពាន់​ប៉ា​រ៉ែ​ល​ក្នុង​មួយថ្ងៃ ។ឯកឧត្តម ​បាន​បន្ត​ឲ្យ​ដឹងថា ​ក្នុងពេល​បច្ចុប្បន្ននេះ ​ក្រុមហ៊ុន KrisEnergy បាន​កំពុង​រៀបចំ​សំណុំ​បែបបទ ​ដើម្បី​សុំ​គោលការណ៍​សម្រាប់​នាំចេញ​ប្រេង​ឆៅ​យក​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ក្នុង​រយៈពេល​ជាង ៤ ខែ ​កន្លងមកនេះ ​ក្រុមហ៊ុន​ទទួល​បាន​ប្រេង​ឆៅ​រាប់​សែន​ប៉ា​រ៉ែ​ល ដែល​ជា​ទំហំ​មួយ​សមស្រប​នឹង​ការនាំចេញ​។ចំណែក​ផែនការ​បូម​ប្រេង​ឆៅ​ទាប​ជាង​បរិមាណ​រំពឹងទុក ​របស់​ក្រុមហ៊ុន KrisEnergy ​ឯកឧត្តម ជៀប សួរ បាន​បញ្ជាក់​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើការ​ពិចារណា ​ខណៈដែល​ក្រុមហ៊ុន​កំពុង​ជួប​បញ្ហា​ថវិកា​ដើមទុន ជាមួយ​ក្រុមហ៊ុន​ធំៗ ​ដែល​ជា​ដៃគូរ​ រួមជាមួយ​ម្ចាស់បំណុល​ផ្សេងៗ​ទៀត​។ ​ឯកឧត្តម ​បាន​បន្តថា ​ចំពោះ​កាតព្វកិច្ច​ក្នុង​ការ​អនុវត្ត​គម្រោង​នេះ​ រាជរដ្ឋាភិបាល​នឹង​សង្កេតមើល​តាម​លក្ខខណ្ឌ​ផ្សេងៗ ​នៅក្នុង​កិច្ចព្រមព្រៀង​ដែល​ក្រុមហ៊ុន​ត្រូវ​បំពេញ ​ប្រសិនបើ​ក្រុមហ៊ុន​មិន​បំពេញ​តាម​ប្រការ​ណាមួយ​ កម្ពុជា​នឹង​អនុវត្ត​តាម​លក្ខខណ្ឌ​នៃ​កិច្ចព្រមព្រៀង ​រវាង​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​តែម្តង​។សូមបញ្ជាក់ថា កម្ពុជា​បាន​ទទួល​ដំណាក់​ប្រេង​លើកដំបូង​កាលពី​ចុងខែ​ធ្នូ ឆ្នាំ​២០២០​ ក្លាយជា​ប្រទេស​បូម​ប្រេង ​មួយ​នៅក្នុង​ពិភពលោក​។ ក្រុមហ៊ុន KrisEnergy ​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​ ទទួល​បាន​សិទ្ធ​សម្បទាន​វិនិយោគ​បូម​ប្រេង​ឆៅ​ក្នុង​ប្លុក​A ​ក្នុង​ដែនសមុទ្រ​កម្ពុជា​។ តាម​ការគ្រោងទុក ក្រុមហ៊ុន​អាច​បូម​ប្រេង​ឆៅ ​ចេញពី​អណ្តូង​ទាំង​៥​អណ្តូង ​ក្នុង​បរិមាណ​ពី ៧ ០០០ ទៅ ៧ ៥០០ បារ៉ែល ក្នុង​មួយថ្ងៃ​។ការនាំចេញ​ប្រេង​ឆៅ​ទៅ​លក់​នៅ​ទីផ្សារ​បរទេស​នេះ ​គឺ​ដោយសារ កម្ពុជា មិន​មាន​រោងចក្រ​ចម្រាញ់ ​ប្រេង​ឆៅ ក្នុងស្រុក​។ ប៉ុន្តែ​ទោះជា​យ៉ាងណា ​រាជរដ្ឋាភិបាល​កម្ពុជា ​បាន​នឹង​កំពុង​ជំរុញ ​និង​ទាក់ទាញ​ការ​វិនិយោគ​លើ​គម្រោង​វិនិយោគ​រោងចក្រ​ប្រេង​ឆៅ​ក្នុងស្រុក ​ដើម្បី​ចូល​រួមចំណែក​ផ្តល់​ចំណូល​ពន្ធ​ផង និង​ផ្តល់​ការងារ​ធ្វើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​៕​អត្ថបទ​៖ សុន រ៉ា​ឌី

កម្ពុជា​បាន​នាំចេញ​កសិផល​ជាង​២,៨​លាន​តោន​ ទៅ​ទីផ្សារ​អន្តរជាតិ ​ក្នុង​រយៈពេល​៤​ខែ​

2021/05/07 01:50:34 pm        163
ភ្នំពេញ ​៖ ក្នុង​រយៈពេល​៤​ខែ កម្ពុជា បាន​នាំចេញ​ផលិតផល​កសិកម្ម ​ក្រៅពី​ស្រូវ​អង្ករ ​ចំនួន ២,៨ លាន​តោន ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។យោងតាម​របាយការណ៍​នាំចេញ​កសិផល របស់​អគ្គនាយកដ្ឋាន​កសិកម្ម ​នៃ​ក្រសួងកសិកម្ម​ដោយ​មិន​រាប់ទាំង​ការនាំចេញ​ស្រូវ ​និង​អង្ករ ប្រមាណ ១,៧​លាន​តោន​នោះទេ ​ការនាំចេញ​ផលិតផល​កសិកម្ម មាន​ទឹកប្រាក់​សរុប ប្រមាណ ១,៥ ពាន់​លាន​ដុល្លារ​។របាយការណ៍​ដដែល​ បញ្ជាក់ថា ចាប់ពី​ខែមករា ដល់​ខែមេសា​ ឆ្នាំ​២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ចំនួន ​៥២​មុខ​ផ្សេងទៀត ​ទៅកាន់​ទីផ្សារ​អន្តរជាតិ កើនឡើង ​៦៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២០ ។កសិផល​សំខាន់ៗ ដែល​កម្ពុជា ​បាន​នាំចេញ ​មានដូចជា​ ចំណិត​ដំឡូង​មី​ក្រៀម​១,១​លាន​តោន​,​ដំឡូង​មី​ស្រស់​៣០​ម៉ឺន​តោន​, ម្សៅដំឡូង​មី​ជាង​១​ម៉ឺន​តោន​,​គ្រាប់ស្វាយចន្ទី​ប្រមាណ​៦៩​ម៉ឺន​តោន​,​ចេក​ស្រស់​ប្រមាណ​១៦​ម៉ឺន​តោន​, ផ្លែស្វាយ​ស្រស់​ប្រមាណ​១៤​ម៉ឺន​តោន ​និង​ម្រេច​ប្រមាណ​២​ពាន់​តោន​៕​អត្ថ​ប​ទ ៖ វណ្ណៈ

ផ្សារ​ទាំងអស់​ នៅ​រាជធានី​ភ្នំពេញ​ ត្រូវ​បន្ត​បិទ​ដោយ​ពុំ​ទាន់​មានការ​កំណត់​បើក​វិញ​នោះទេ​

2021/05/07 12:56:44 pm        171
ភ្នំពេញ ​ ៖ រាជធានី​ភ្នំពេញ​បានសម្រេច​បន្ត​បិទ​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ ក្រោយ​មើលឃើញថា​ ផ្សារ​ទាំងនោះ ​ពុំទាន់​មានលទ្ធភាព រក្សា​សុវត្ថិភាព ​ការពារ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះទេ​។ ​នេះ​ជា​ការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ ​ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​ផ្សព្វផ្សាយ​ស្ដីពី វិធានការ​រដ្ឋបាល​សម្រាប់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​។តាម​សេចក្ដីជូនដំណឹង​កន្លង​ទៅ​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ​ផ្សារ​មិន​រៀបរយ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចាប់ពី​ថ្ងៃទី ២៤​ ខែមេសា​ ដល់​ថ្ងៃទី ៧​ឧសភា​។ តែ​ជាក់ស្ដែង គឺ​ផ្សារ​ទាំងអស់​ត្រូវតែ​បន្ត​បិទទ្វារ ពុំ​អាច​បើក​ដំណើរការ​តាម​ការកំណត់​ចាស់​នោះទេ​។ នេះ​ជា​ការ​បញ្ជាក់​របស់​ឯក​ឧ​ត្ត​ម កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ​ ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន​កាលពី​ម្សិល​ម៉ិ​ញ​នេះ​។ឯកឧត្តម កើត ឆែ បាន​បញ្ជាក់ថា​ ទីតាំង​ផ្សារ​ជា​កន្លែង​ប្រឈម​ក្នុង​ការ​ចម្លង ​ហើយ​មក​ទល់ពេលនេះ​គឺ​ពុំ​ទាន់​មានការ​កំណត់​ពេលវេលា​ច្បាស់លាស់​ក្នុង​ការ​បើក​ដំណើរការ​ជាថ្មី​វិញ​នោះទេ ​ព្រោះ​ផ្សារ​ទាំងអស់​ពុំទាន់​មាន​លក្ខណៈ​សុវត្ថិភាព​គ្រប់គ្រាន់​នោះទេ​។ ​ឯកឧត្តម​ បន្តថា មុននឹង​បើក​ដំណើរការ ក៏​នឹង​ត្រូវ​ត្រួតពិនិត្យ​ច្បាស់លាស់​ផងដែរ​។ក្នុងកំឡុងពេល​បិទ​ផ្អាក​ផ្សារ​ជា​បណ្ដោះអាសន្ន​នេះ ​ក៏​សង្កេតឃើញ​តាម​ផ្សារ​នីមួយ​ៗ​ បានដឹកនាំ​ក្រុម​ការងារ​របស់ខ្លួន ​ចុះ​រៀបចំ​កិច្ចការ​មួយ​ចំនួន ក៏ដូចជា​លាង​សម្អាត​បរិវេណ​ខាងក្នុង ​និង​ជុំវិញ​ផ្សារ​។ ចំពោះ​ការ​លក់​ជា​ត្រី​សាច់​ បន្លែ​វិញ បច្ចុប្បន្ន​ក៏​មាន​ការ​លក់​ចល័ត​ប្រចាំថ្ងៃ​របស់​ក្រសួង​ពាណិជ្ជកម្ម ការ​លក់​ចល័ត​របស់​ក្រុមហ៊ុន​ឯកជន​ ដែល​ទទួល​បាន​ការអនុញ្ញាត​ត្រឹមត្រូវ​។ លើសពីនេះ ​តាម​ខណ្ឌ​មួយចំនួន​ ក៏បាន​រៀបចំ​ទីតាំង​លក់​បណ្ដោះអាសន្ន ដើម្បី​ជួយ​សម្រួល​ដល់​ការទិញ​ម្ហូបអាហារ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ ទីតាំង​រៀបចំ​ជា​បណ្ដោះអាសន្ន​ដែល​ទទួល​បាន​ការអនុញ្ញាត​នេះ គឺ​ឃើញ​មាន​ការ​ជួយ​រៀបចំ​ពី​អាជ្ញាធរ ក្នុងនោះ ​សង្កេតឃើញ​មានការ​រៀបចំ​ទីតាំង​លក់​នៅ​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ការរៀបចំ​លក់​នៅ​ទីតាំង​ក្នុង​ខណ្ឌ​ច្បារអំពៅ​ជាដើម​។ ​ទីតាំង​លក់​បណ្ដោះអាសន្ន​ទាំងនេះ ​គឺ​រៀបចំឡើង​ដោយមាន​ការ​រក្សា​គម្លាត​ពី​អាជីវករ​មួយ ទៅ​អាជីវករ និង​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ ​និង​អាជីវករ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ដើម្បី​ចៀស​ផុត​ការ​ឆ្លង​កើតឡើង​។ ប៉ុន្តែ​ក្នុងកំឡុងពេល​នេះ អាជីវករ​ដែល​ធ្លាប់​លក់ដូរ​នៅ​ផ្សារ ដើម​គរ និង​ផ្សារ​នាគ​មាស ​ជាច្រើន​បាន​មក​លក់ដូរ​នៅ​ទីតាំង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​រង្វង់​កួរស្រូវ​ បង្ករ​ជា​ភាព​រញ៉េរញ៉ៃ​គ្មាន​សណ្ដាប់ធ្នាប់ ​និង​បង្ករ​ជា​ការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀតផង​៕អត្ថបទ ​៖ ​គឹម​ហុក 

កម្ពុជា​នាំចេញ​ស្វាយ​ស្រស់​ទៅ​ប្រទេស​ចិន​ ជា​ផ្លូវ​ការណ៍​ នៅថ្ងៃនេះ

2021/05/07 12:46:37 pm        179
ភ្នំពេញ ​៖ បន្ទាប់ពី​ចរចា និង​រៀបចំ​តាម​ស្តង់ដារ​ អនាម័យ និង​ភូតគាម​អនាម័យ ​តម្រូវ​ដោយ​ភាគី​ប្រទេស​ចិន ​ចំការ​ស្វាយ និង​ក្រុមហ៊ុន​នាំចេញ​ស្វាយ​ស្រស់ ​បានចាប់ផ្តើម​នាំចេញ​ផ្លែស្វាយ​ស្រស់​ដោយ​ផ្ទាល់​ទៅកាន់​ប្រទេស​ចិន​ ជា​ផ្លូវ​ការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​។ក្រុមហ៊ុន​ក្នុងស្រុក ក្នុងចំណោម​ក្រុមហ៊ុន​ដែល​ទទួល​បាន អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​ស្វាយ​ចំនួន​៣៧ ​និង​រោងចក្រ​វេច​ខ្ចប់​ចំនួន​០៥ ​ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំចេញ​ផ្លែ​ស្វាយ​ស្រស់​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន​ពី​អគ្គ​រដ្ឋបាល​គយ​ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​នាំចេញ​ស្វាយ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ​ដោយ​ផ្ទាល់​នៅថ្ងៃនេះ​។ពិធី​នាំចេញ​ស្វាយ​ស្រស់​ជា​ផ្លូវការ​នេះ ធ្វើឡើង​ដោយ​ក្រុមហ៊ុន (Shang Da Jian Hui International Agriculture Product and Logistics Co Ltd) ​ស្ថិតនៅ​ភូមិ​សំរោង​ទាវ ​សង្កាត់​ក្រាំងធ្នង់​ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ​ក្រោម​វត្ដមាន​​​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។ផ្លែស្វាយ​ស្រស់​កម្ពុជា​គឺ​ជា​ផ្លែឈើ​ស្រស់​ទី​២​ បន្ទាប់ពី​ផ្លែ​ចេក​ស្រស់​ ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​។ នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា​ថ្មី​មួយទៀត​ដែល​ប្រ សូត្រ​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន ។ឯកឧត្តម វេ​ង សាខុន មានប្រសាសន៍ថា ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ជាពិសេស​ឯកឧត្តម​ អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​អនុញ្ញាត​ជា​ផ្លូវការ​ក្នុង​នាំ​ផ្លែ​ស្វាយ​ស្រស់​ចេញពី​កម្ពុជា ។សូមបញ្ជាក់​ជូន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និង​នេសាទ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ចរចា​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន តាំងពី​ដើម​ឆ្នាំ​២០១៨ ហើយ​រហូតដល់​ថ្ងៃទី​២៨ ខែឧសភា ​ឆ្នាំ​២០២០ ទើប​ទទួល​បាន​ការ​ឯកភាព និង​ឈាន​ដល់​ការ​ចុះហត្ថលេខា​ នៅ​ថ្ងៃទី​០៩​ ខែមិថុនា ឆ្នាំ​២០២០ លើ​ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ ទៅកាន់​ប្រទេស​ចិន​៕​អត្ថ​ប​ទ ៖ ឈិ​ត បូរ៉ា​វី ​

រំហូរភ្ញៀវទេសចរមកលេងកោះកុង មិនទាន់ស្ទុះងើបនៅឡើយ

2021/05/05 08:17:15 am        1192
កោះកុង ៖ រំហូរចំនួនភ្ញៀវទេសចរ ដែលមានបំណងចង់មកលេងកម្សាន្ត នៅតាមរមណីយដ្ឋានទេសចរ​ក្នុងខេត្តកោះកុង ត្រូវសង្កេតឃើញថា ពុំទាន់ស្ទុះងើបនៅឡើយទេ ទោះបីជា​រាជរដ្ឋាភិបាលកម្ពុជា សម្រេច​ឱ្យពលរដ្ឋចរាចរណ៍ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើការតំបន់ទេសចរក៏ដោយ។ជាងកន្លះខែទៅហើយ ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រេច​បញ្ចប់ការមិនឱ្យធ្វើដំណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត និងប្រាប់ឱ្យតំបន់រមណីយដ្ឋាន​ទេសចរ​ទូទាំង​ប្រទេសដំណើរការឡើងវិញ។សម្រាប់វិស័យទេសចរណ៍ នៅក្នុងខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញសង្កេតឃើញថា លំហូរ​ភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនស្ទុះងើបឡើងនៅឡើយទេ ព្រោះតែអ្នកទេសចរ ប្រតិបត្តិករ និងសេវាករផ្នែកសេវាគ្មានផ្សែងនេះ កំពុងព្រួយបារម្ភអំពីការរីករាកដាលជំងឺកូវីឌ១៩ដដែល។លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា នេះថា ប្រធាននិងប្រជាសហគមន៍តាមតំបន់ទេសចរអេកូទេសចរធម្មជាតិនានា ក្នុងខេត្ត មិនទាន់​ហ៊ាន​បើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពីបណ្តារាជធានី ​និងខេត្តផ្សេងៗទៀត។ ទោះបីជាលោក​បានផ្សព្វផ្សាយ​ជូនដំណឹងពីការសម្រេច​របស់រាជរដ្ឋាភិបាល ​និងក្រសួងទេស​ចរណ៍ពីការត្រៀមរៀបចំ​ទទួលភ្ញៀវទេសចរ​រួចរាល់​អស់ហើយក៏ដោយ។លោកប្រធានមន្ទីរទេសចរណ៍ខេត្ត អះអាងថា អ្វីដែលសំខាន់នោះ គឺសូម្បីតែពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឱ្យលេងកម្សាន្តតំបន់រមណីយដ្ឋានផង​ដែរ។ បច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរហាក់ស្ងប់ស្ងាត់ ស្ទើរតែ១០០ភាគរយទៅហើយ ពោលគឺមានអ្នកទេសចរ​ក្នុង​ខេត្តប៉ុណ្ណោះ។មិនខុសពីការលើកឡើងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងទេ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ​តំណាងប្រជាសហគមន៍តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ​ បានឱ្យដឹងថា ទាំង​ពលរដ្ឋលក់ដូរចំណីអាហារ និងសេវាករដឹកជញ្ជូន​ភ្ញៀវទេសចរលេងកម្សាន្តតាមដៃព្រែក សុទ្ធតែបារម្ភ​ពី​ការរីករាលដាលជំងឺកូវីដ១៩ដដែល។ ដូច្នេះ ពួកគាត់បន្តរង់ចាំតាមដានស្ថានការណ៍ជំងឺកូវីដ១៩ ធូរស្រាល ទើបបើកភ្លើងខៀវផ្តល់សេវាកម្មដូចពេលមុនៗ។គួរកត់សម្គាល់ថា សព្វថ្ងៃនេះ រមណីយដ្ឋានអេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ រមណីយដ្ឋាន​ព្រៃកោងកាង​ពាមក្រសោប ចេតិយឃុនឆាងឃុនផែន និងរមណីយដ្ឋានដ៏ទៃទៀត ស្ថិតនៅបរិយា​កាស​ស្ងាត់ឈឹង​គ្មាន​មនុស្សម្នា មកលេងកម្សាន្ត បើធៀបនឹង២ឆ្នាំមុន មុននឹងមិនញុំាញីដោយជំងឺកូវីដ១៩៕អត្តបទ ៖ ឈឹម មករា

រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ​ស្នើ​​សុំ​​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​ឥណ្ឌា ខណៈ​មេរោគ​កូវីដ-១៩​ផ្ទុះ​ការ​ឆ្លង​ខ្លាំង​នៅ​ឥណ្ឌា

2021/05/01 08:36:33 am        312
ភ្នំពេញ៖ ​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្ដម ប៉ាន សូរស័ក្តិ បាន​ស្នើ​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​ សម្ដេច​តេជោ ហ៊ុន សែន សម្រេច​លើ​វិធានការ​​ ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា ខណៈ​ដែល​ប្រទេស​នេះ​ ​កំពុង​ប្រឈម​ខ្លាំង​នឹង​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​បន្លែង​ខ្លួន​ថ្មី។ក្នុង​លិខិត​ផ្ញើ​ជូន​ទៅ​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ឯកឧត្ដម ប៉ាន់ សូរស័ក្តិ បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​លើ​ការ​ឃាត់​ទុក​ទំនិញ​ដែល​នាំ​ចូល​ប្រទេស​កម្ពុជា និង​ផ្អាក​នាំ​ចូល​ជា​បណ្ដោះ​អាសន្ន​នូវការ​នាំ​ចូល​សាច់​បង្កក និង​មុខ​ទំនិញ​បង្កក​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ឥណ្ឌា។ឯកឧត្ដម​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម ក៏​បាន​ស្នើ​សុំ​គោលការណ៍​សម្រេច​ពី​សម្ដេច​​ប្រមុខ​រាជ​រដ្ឋាភិបាល ជុំ​វិញ​ការ​បង្កើត​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​​ស្រាវ​ជ្រាវ និង​ត្រួត​ពិនិត្យ​មេរោគ​កូវីដ-១៩​នៅ​លើ​ផលិត​បង្កក ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​ផង​ដែរ។ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​សុំ​គោលការណ៍​បែប​នេះ​ពី​សម្ដេច​តេជោ ហ៊ុន សែន បន្ទាប់​ពី​កម្ពុជា​បាន​សម្រេច​ហាម​ឃាត់​​អ្នក​ដំណើរ​ទាំង​អស់​ធ្វើ​ដំណើរ​មក​ពី ឬ​ឆ្លង​កាត់​ប្រទេស​ឥណ្ឌា មិន​​ឱ្យ​ចូល​ប្រទេស​កម្ពុជា​ជា​បណ្ដោះ​អាសន្ន​សិន ដោយសារ​តែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ទម្រង់​ថ្មី B1617 កំពុង​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។តួលេខ​ចេញ​ដោយ​អង្គការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា បង្ហាញ​ ឥណ្ឌា​មាន​អ្នក​មេរោគ​កូវីដ-១៩​សរុប​រហូត​ដល់​ជិត ២០​លាននាក់​ហើយ ក្នុង​នោះ​មនុស្ស​ដល់​ទៅ​ជិត ៣​សែន​នាក់ បាន​ស្លាប់​ដោយសារ​មេរោគ​ផ្លូវ​ដង្ហើម​មួយ​នេះ៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីអ៊ីរ៉ង់បង្ហាញ​មោទនភាព​ ក្នុង​ការមាន​​កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ ជាមួយអាមេរិក
06/18/2026 07:06 PM
ស្វីសសាទរផែនការសន្តិភាពអាមេរិក-អ៊ីរ៉ង់ ខណៈ​ត្រៀម​ខ្លួន​ធ្វើ​ម្ចាស់ផ្ទះការ​​ចរចា​ដំបូង​
06/18/2026 07:06 PM
ចិនជំរុញឲ្យ​ G7 ឈប់ប្រើប្រាស់ «ក្រុម​​តូចៗ» ដើម្បីបំផ្លាញសណ្តាប់ធ្នាប់ពាណិជ្ជកម្មសកល
06/18/2026 07:06 PM
ប្រធាន IEA លោក Birol និយាយថា ច្រកសមុទ្រ Hormuz ត្រូវតែបើកឡើងវិញដោយគ្មានលក្ខខណ្ឌ
06/18/2026 07:06 PM
ប្អូន​ស្រី​មេដឹកនាំកូរ៉េខាងជើង ថ្កោលទោសការអំពាវនាវឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែររបស់ G7
06/18/2026 05:06 PM
អ៊ីស្រាអែលកាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកការទូតជាន់ខ្ពស់របស់EU ជុំវិញការលើកឡើងអំពី«ការរើសអើងពូជសាសន៍»
06/18/2026 05:06 PM
អ៊ីរ៉ង់និយាយថា កម្មវិធីមីស៊ីលនឹងមិនមែនជាផ្នែកមួយនៃការចរចាជាមួយអាមេរិកទេ
06/18/2026 05:06 PM
ប្រមុខណាតូ បញ្ជាក់ថា សម្ព័ន្ធភាពកំពុងចូលដល់ដំណាក់កាលអនុវត្ត មុនកិច្ចប្រជុំកំពូល Ankara
06/18/2026 05:06 PM
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់UN សាទរកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយអាមេរិក និងអ៊ីរ៉ង់
06/18/2026 05:06 PM
អង្គការ NATO និយាយថា ខ្លួនយល់ព្រមធ្វើទំនើបកម្មសមត្ថភាពនុយក្លេអ៊ែរ
06/18/2026 05:06 PM