រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ
ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ
វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល
ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

សេដ្ឋកិច្ច និង កសិកម្ម

គម្រោងចំនួន ៤២ទៀតក្នុងខេត្តព្រះសីហនុ ទទួលបានការលើកទឹកចិត្ត ក្រោមទុនវិនិយោគ ៥៦៤លានដុល្លារអាមេរិក ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង

2025/01/24 11:24:57 am        204
ក្រុងព្រះសីហនុ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំលើកទី១៣ ដើម្បីពិនិត្យគម្រោងវិនិយោគ និងធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ហើយក៏ជាលើកទី ១ សម្រាប់ឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤” ។អង្គប្រជុំបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ៤២គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១៥គម្រោង គម្រោងថ្មីចំនួន ១២គម្រោង ការពង្រីកគម្រោងចំនួន ៣គម្រោង និងគម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ១២គម្រោង ដែលមានទុនវិនិយោគសរុប ៥៦៥លានដុល្លារអាមេរិក និងប៉ាន់ស្មានអាចបង្កើតការងារប្រមាណ ៧.៣០៨កន្លែង មានជាអាទិ៍គម្រោងភណ្ឌាគារគយមានដែនកំណត់ គម្រោងផ្ទះលំហែនៅកោះរ៉ុងសន្លឹម គម្រោងរមនីយដ្ឋាន អេកូ កសិទេសចរណ៍ គម្រោងសួនឧស្សាហកម្ម គម្រោងសណ្ឋាគារ និងគម្រោងអគារពហុមុខងារ។ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការទាំងឡាយដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា សម្រាប់ទិសដៅការងារក្នុងឆ្នាំ២០២៥ ក្រុមការងារត្រូវបន្តបំពេញភារកិច្ចស្នូលចំនួន ៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរ រួមមាន៖ ១) បន្តពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ការប្រឹក្សាយោបល់ និង បដិសណ្ឋារកិច្ច និងធ្វើការផ្សព្វផ្សាយ ដើម្បីទាក់ទាញ និងជំរុញការវិនិយោគ ក្នុងក្របខណ្ឌនៃយន្តការច្រកចេញចូលតែមួយ។ ២) បន្តពិនិត្យ និងជំរុញការអនុវត្តគម្រោងវិនិយោគ និងធុរកិច្ច រួមទាំងការផ្តល់ការលើកទឹកចិត្តជាក់ស្តែង ដល់គម្រោងដែលទទួលបានការលើកទឹកចិត្តរួចហើយ ពិសេសការដោះស្រាយគម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង និងដំណើរការអនុវត្តគម្រោង ក្នុងក្របខ័ណ្ឌនៃការផ្តល់សេវាថែទាំវិនិយោគ និងការសម្របសម្រួល និង៣) បន្តពង្រឹងសមត្ថភាព និងការរៀបចំធនធានមន្ត្រី ដោយប្រកាន់ខ្ជាប់ការគ្រប់គ្រងមន្ត្រីដែលទទួលខុសត្រូវ និងមានគុណវុឌ្ឍិ ក្នុងការគ្រប់គ្រងដឹកនាំអនុវត្តការងារជាប្រចាំ ដើម្បីធានាប្រសិទ្ធភាព និងភាពម្ចាស់ការ ព្រមទាំងទាក់ទាញការវិនិយោគសក្តានុពលសំខាន់ៗ ។ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមការងារ បានថ្លែងអំណរគុណ និងបញ្ជាក់ជូនក្រុមការងារថា ភាពជោគជ័យនៃការអនុវត្តកម្មវិធីពិសេសក្នុងឆ្នាំ២០២៤ ហើយដែលទទួលការកោតសរសើរពីប្រមុខរាជរដ្ឋាភិបាល កើតឡើងពីកិច្ចខិតខំប្រឹងប្រែង ការចូលរួម ការគាំទ្រ ការប្តេជ្ញា និងឆន្ទៈខ្ពស់របស់សមាជិកក្រុមការងារ ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ចក្នុងខេត្តព្រះសីហនុ ឱ្យកាន់តែល្អប្រសើរ និងអាចអនុញ្ញាតឱ្យគោលការណ៍លើកទឹកចិត្តអនុវត្តបានភ្លាម ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។ ជារួមរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងស្ថាប័នពាក់ព័ន្ធបានរួមគ្នាជាធ្លុងមួយ ក្រោមការដឹកនាំ និងដំបូលតែមួយរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក្នុងការបំពេញភារកិច្ច ដោយមានកិច្ចសហការ និងការទទួលខុសត្រូវខ្ពស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ពិសេសការធ្វើដំណើរឆ្ពោះទៅរកភាពជាម្ចាស់ និងការបំពេញមុខងារជារដ្ឋបាលពិសេស ក្នុងការគ្រប់គ្រងរដ្ឋបាលតំបន់សេដ្ឋកិច្ចគំរូពហុបំណង៕

ជប៉ុនបន្តផ្ដល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាចំនួន ៥,៤ លានដុល្លារសម្រាប់​អនុវត្តកម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម

2025/01/23 03:08:16 pm        250
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឩត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញ​ចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥត​សំណង​របស់​ជប៉ុន ដែលមានទឹកប្រាក់ចំនួន ៧៥០ ០០០ ០០០ យ៉េន (ប្រមាណ ៥,៤ លាន​ដុល្លារ​អាមេរិក) សម្រាប់អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ 

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍បូមទឹកក្នុងស្រុកបាទី ខណៈគ្រឿងចក្រច្រើនគ្រឿងមមាញឹកស្តារប្រឡាយ

2025/01/23 03:04:04 pm        112
តាកែវ៖ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ, អាជ្ញាធរខេត្ត, អាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ចុះពិនិត្យដំណើរការអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងជូនបងប្អូនកសិករ ក្នុងស្រុកបាទី។ បន្ទាប់ពីចុះជួបសំណេះសំណាល និងដោះស្រាយជូនបងប្អូនកសិករក្រោយពីមានសំណូមពរកាលពីថ្មីៗ នារសៀលថ្ងៃទី២៣នេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចុះពិនិត្យជាលើកទី២ ដើម្បីតាមដានដំណើរការរបស់អាជ្ញាធរ និងមន្រ្តីជំនាញដែលកំពុងអន្តរាគមន៍បញ្ជូនទឹកទៅកាន់ប្រឡាយដែលប្រឈមគ្រោះរាំងស្ងួត។អំឡុងចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញខេត្តដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែលជួបប្រទះបញ្ហាកង្វះទឹក។ ជាក់ស្តែង មកដល់ថ្ងៃនេះ អាជ្ញាធរបានបញ្ជូនគ្រឿងចក្រជាច្រើនគ្រឿងស្តារប្រឡាយ និងម៉ាស៊ីនបូមទឹកជាច្រើនគ្រឿងដើម្បីបង្កើនលទ្ធភាពបញ្ជូនទឹកបំពេញប្រឡាយដែលខ្វះទឹក។ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ពិនិត្យឃើញថា ទន្ទឹមនឹងអាជ្ញាធរដែនដីកំពុងមមាញឹកអន្តរាគមន៍ទឹក ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានសហការ និងសាមគ្គីគ្នាជួយជាកម្លាំង ដើម្បីឱ្យកិច្ចការអន្តរាគមន៍ទឹកនេះកាន់តែមានល្បឿនលឿន ខណៈកសិករទាំងអស់នឹងចាប់ផ្តើមបូមទឹកស្រោចស្រពស្រូវប្រាំងរបស់ខ្លួនក្រោយរយៈពេល៤ថ្ងៃទៀត។យ៉ាងណាមិញ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្តណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញក្នុងខេត្តផ្សេងទៀត ត្រូវបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។សូមជម្រាបថា គិតត្រឹមថ្ងៃនេះ មានស្រូវប្រាំងជិតពីរម៉ឺនហិកតាក្នុងចំណោមជិតបីម៉ឺនហិកតាទទួលបានការអន្តរាគមន៍ផ្តល់ទឹកដើម្បីស្រោចស្រព ក្នុងខេត្តចំនួន៨ ដូចជា ខេត្តក្រចេះ,កំពង់ធំ,ព្រៃវែង,តាកែវ,កណ្តាល,បន្ទាយមានជ័យ,ត្បូងឃ្មុំ និងខេត្តស្វាយរៀង៕ 

គណៈកម្មាធិការវិនិយោគ ស្នើដល់ធុរជនហ្វីលីពីនចាប់យកកាលានុវត្តភាពវិនិយោគនៅកម្ពុជា

2025/01/23 02:54:25 pm        181
អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់វិនិយោគិន និងធុរជនហ្វីលីពីន ចាប់​យក​សក្តានុពលដ៏សម្បូរបែប និង កាលានុវត្តភាពជាច្រើនផ្សេងទៀត ព្រមទាំងសម្រេច​ចិត្តជា​យុទ្ធសាស្រ្ត ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុងវេទិកាធុរកិច្ច​កម្ពុជា-ហ្វីលីពីន ផ្សព្វផ្សាយ អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅ​ព្រះរាជាណាចក្រ​កម្ពុជា ជូនគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្ត្រី នៃប្រទេសហ្វីលីពីន នៅថ្ងៃទី ២២ មករា ម្សិលមិញ​នេះ ឯកឧត្តមបានគូសរំលេចអំពីបច្ចុប្បន្នភាពថ្មី នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ប្រកបដោយ​ថាមវន្តរបស់ កម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈកំណើន នៃផលិតផលក្នុងស្រុកសរុបក្នុងអត្រា ៦% កាលពីឆ្នាំ ២០២៤, ស្ថិរភាពនៃអត្រាប្តូរប្រាក់ និង អតិផរណា និងការកើនឡើងជាលំដាប់នៃគម្រោងវិនិយោគ។ ពាក់ព័ន្ធនឹងការកែលម្អហេដ្ឋារចនាសម្ព័ន្ធទន់ ដែលគាំទ្រដល់បរិយាកាស វិនិយោគ រាជរដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវគោលនយោបាយ, ច្បាប់, និងបទប្បញ្ញត្តិសំដៅធានាបាននូវភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន និងអនុគ្រោះខ្ពស់សម្រាប់ទាក់ទាញវិនិយោគិនឱ្យមកបណ្តាក់ទុនវិនិយោគ លើគ្រប់វិស័យ ដោយគ្មានការរើសអើង។ ឯកឧត្ដមអគ្គលេខាធិការរង លើកឡើងបន្ថែមថា ជាក់ស្តែងវិស័យ និងសកម្មភាពវិនិយោគ​ស្ទើរគ្រប់វិស័យ បានទទួលការ លើកទឹកចិត្តផ្នែកសារពើពន្ធ និងការលើកទឹកចិត្តផ្នែកមិនមែនសារពើពន្ធ ដូចមានចែងក្នុងច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការ អនុវត្តច្បាប់ស្តីពីវិនិយោគ។ បញ្ហានេះ, សូមវិនិយោគិន និងធុរជនដែលមានវត្តមាននាឱកាសនោះ ចាប់យកសក្តានុពលដ៏សម្បូរបែប និងកាលានុវត្តភាពជាច្រើន ដើម្បីទាញយកអត្ថប្រយោជន៍ពីការវិនិយោគនៅកម្ពុជា។សូមបញ្ជាក់ថា ជុំវិញឱកាសវិនិយោគនេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានអនុម័តគម្រោងវិនិយោគសរុបមានចំនួន ៤១៤ គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៣៨៧ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២៧ គម្រោង មានទំហំ ទុនវិនិយោគ​សរុបប្រមាណជាង ៦,៩ ពាន់លានដុល្លារអាមេរិក៕ អត្ថបទ៖ សុន រ៉ាឌី 

ឯកឧត្តម សុខ ចិន្តាសោភា ផ្តល់អនុសាសន៍មួយចំនួនដល់ក្រសួងកសិកម្ម ដើម្បីជំរុញការអនុវត្ត​ការងារកាន់តែមានប្រសិទ្ធភាព

2025/01/23 02:47:24 pm        105
ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់។នៅក្នុងអង្គពិធីបិទសន្និបាត កាលពីរសៀលថ្ងៃទី២២ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលវិស័យនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម និងកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងស្ថាប័នរដ្ឋ អាជ្ញាធរថ្នាក់ជាតិ និងខេត្ត កងកម្លាំង ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធដែលជាតួអង្គតែមួយក្នុងវិស័យកសិកម្ម បានសម្រេចនូវសមិទ្ធផលជាច្រើនដូចជា ការដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធសត្វល្អិតលើដំណាំស្រូវ បញ្ហាខ្វះខាតទឹកសម្រាប់ស្រែប្រាំង និងការចុះចែកពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ទាក់ទិនអនុសាសន៍មួយចំនួនដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍តម្រង់ទិសដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានដូចជា ១) ជំរុញផែនការសកម្មភាព និងអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ ធានាបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ២) ស្នើក្រសួងកសិកម្ម និងស្ថាប័នរដ្ឋពាក់ព័ន្ធ បង្កើនកិច្ចសហប្រតិបត្តិការពង្រីកទីផ្សារ ដើម្បីស្រូបយកកសិផលកសិកម្ម ជំរុញការកែច្នៃ ទទួលបានតម្លៃបន្ថែមខ្ពស់ និងនាំចេញទៅទីផ្សារធំៗ ជាពិសេសការបង្កើតនូវសួនកសិ-ឧស្សាហកម្ម ដែលអាចដោះស្រាយបញ្ហាការកកស្ទះផលិតផល និងជំរុញកសិកម្មផ្សាភ្ជាប់ឧស្សាហកម្ម ៣) លើកទឹកចិត្តដល់ធនាគារនានា ផ្តល់នូវកម្ចីការប្រាក់ទាបដល់វិស័យកសិកម្ម ដែលមានការខ្វះខាតទុន និងតភ្ជាប់ខ្សែច្រវ៉ាក់តម្លៃ ៤) បង្កើតគោលនយោបាយការផលិតជីសរីរាង្គក្នុងស្រុក តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីចូលរួមរក្សាគុណភាពដី និងបង្កើនប្រាក់ចំណូលប្រជាកសិករ ៥) ប្រើប្រាស់កម្លាំង និងមធ្យោបាយសរុបក្នុងការបង្ក្រាបបទល្មើសពាក់ព័ន្ធជលផល ព្រៃឈើ និងសត្វព្រៃ និង៦) ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការពន្លឿនការចុះបញ្ជីដីរដ្ឋ ដីព្រៃ និងព្រៃលិចទឹក។ យោងតាម ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គិតក្នុងឆ្នាំ២០២៤ ការនាំចេញកសិផលរបស់កម្ពុជាទៅទីផ្សារអន្តរជាតិ មានចំនួនប្រមាណ ១១,៧លានតោន គិតជាទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ មានការកើនឡើងប្រមាណ ៣៩% បើធៀបទៅនឹងឆ្នាំ២០២៣។ ផលិតផលកសិកម្មសំខាន់ៗ ដែលកម្ពុជាបាននាំចេញនេះ រួមមានដូចជា ស្រូវ អង្ករ ចេក ដំឡូងមី ស្វាយចន្ទី ផ្លែមៀន ម្រេច និងកសិផលជាច្រើនផ្សេងៗទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ជាមួយកំណើននៃការនាំចេញកសិផលនេះ នៅក្នុងឆ្នាំ២០២៤ មានការកើនឡើងដល់ ១១,៧ លានតោន ទៅ ៩៤ប្រទេស កើនឡើង ២០ប្រទេស ក្នុងនោះមានស្រូវជាង ៥លានតោន និងអង្ករ ៦៥ ម៉ឺនតោន ទៅកាន់ ៧៥ប្រទេស៕ អត្ថបទ ឈិត បូរ៉ាវី 

កម្ពុជាកំពុងបោះជំហានដោយភាពជឿជាក់ ទៅរកប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2025/01/23 02:40:58 pm        87
ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុត ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ខ្ពស់ និងកំពុងបន្តបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា ម្សិលមិញនេះថា ការសម្រេចបាននូវកំណើនសេដ្ឋកិច្ចរឹងមាំ និង ប្រកបដោយភាពធន់ និងចីរភាពក្នុងរយៈពេលវែង បើគិតចាប់ពីឆ្នាំ ២០០៤ មក, កម្ពុជាមានកំណើនសេដ្ឋកិច្ចល្អក្នុងរង្វង់ ៧% ក្នុង មួយឆ្នាំ, ជាមួយនឹងការរក្សាបាននូវអត្រាអតិផរណាទាបក្នុងរង្វង់ ៣% ប្រចាំឆ្នាំ និងអត្រាប្តូរប្រាក់មានស្ថិរភាព លើកលែងតែក្នុងអំឡុង នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល ប៉ុណ្ណោះ ដែលកំណើនមានការធ្លាក់ចុះស្ទើរគ្រប់ប្រទេសទូទាំងសកលលោក រួមទាំងកម្ពុជាផង។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បន្ទាប់ពីស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩ បានថមថយ, ទោះបីជា សេដ្ឋកិច្ចសកលនៅបន្តជួបនឹងបញ្ហាប្រឈម និងភាពមិនប្រាកដប្រជាខ្ពស់យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជាបានស្ទុះងើបឡើងវិញយ៉ាង រហ័ស មករកអត្រាកំណើនជាសក្តានុពលឡើងវិញ, ជាក់ស្តែងសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៤ កន្លងទៅ ត្រូវបានវាយតម្លៃថា សម្រេច បានកំណើនក្នុងរង្វង់ប្រមាណ ៦%, ហើយសម្រាប់ឆ្នាំ ២០២៥ នេះ, ត្រូវបានព្យាករថា នឹងបន្តស្ទុះឡើងក្នុងអត្រាប្រមាណ ៦.៣% ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន លើកឡើងបន្ថែមថា នេះជាការបង្ហាញយ៉ាងច្បាស់ថា កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបានដើរតួដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ ជារួម, លទ្ធផលដ៏ល្អនៅក្នុង ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាឃ្នាស់សេដ្ឋកិច្ចដ៏សំខាន់បំផុតមួយ ដែលធ្វើឲ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋ- កិច្ចខ្ពស់ និងបន្តស្ថិរភាពនៃកំណើនជាបន្តបន្ទាប់ រហូតសម្រេចបាននូវចំណាត់ថ្នាក់ ជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ ២០១៥, ហើយបន្តជម្នះបានដោយជោគជ័យ នូវវិបត្តិផងទាំងពួង និងកំពុងបន្តបោះជំហានប្រកបដោយភាពជឿជាក់ ទៅកាន់ឋានៈ ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។ សមិទ្ធកម្មដ៏ប្រសើរនេះ បានផ្ដល់លទ្ធភាពកាន់តែខ្ពស់ជូនរាជរដ្ឋាភិបាល ក្នុងការលើក កម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាការលើកកម្ពស់ជីវភាព និងគុណភាពរបស់មន្ត្រីរាជការ, ការពង្រឹងប្រសិទ្ធភាព ស្ថាប័នសាធារណៈ និងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរឡើងជាលំដាប់៕ អត្ថបទ៖ សុន រ៉ាឌី

សកម្មភាពដឹកជញ្ជូនក្នុងឆ្នាំនេះនឹងមមាញឹក ខណៈសេដ្ឋកិច្ចក្នុងស្រុកត្រូវបានរំពឹងងើបឡើង

2025/01/23 02:26:28 pm        108
វិស័យឯកជនរំពឹងថា នៅក្នុងឆ្នាំ ២០២៥ នេះ វិស័យដឹកជញ្ជូននៅកម្ពជានិងអាចបន្តកំណើនរឹងមាំ តាមរយៈការដឹកជញ្ជូនមានភាព កាន់តែមមាញឹក ស្របពេលប្រទេសដែលជាដៃគូរបស់កម្ពុជា មានស្ថានភាពសេដ្ឋកិច្ចងើបឡើងវិញ ដែលជាការគាំទ្រដល់ខ្សែច្រវាក់ផ្គត់ ផ្គង់ និងកំណើនសេដ្ឋកិច្ចក្នុងស្រុក។  លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់នៅកម្ពុជា ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីវឌ្ឍនភាពដឹកជញ្ជូនឆ្នាំកន្លងមក និងសេវាកម្មដឹកជញ្ជូននៅក្នុងឆ្នាំ ២០២៥ នេះថា រាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី ៧ នៃ រដ្ឋសភា បាននិងកំពុងជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត កាន់តែមានភាពសកម្ម គាំទ្រដល់ការដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការគាំទ្រដល់ភាពប្រកួតប្រជែងរបស់កម្ពុជា ជាក់ស្តែងនៅក្នុងឆ្នាំ ២០២៤ កន្លងមកនេះ វិស័យដឹកជញ្ជូននៅកម្ពុជា មានភាពមមា ញឹក ជាពិសេសការដឹកជញ្ជូនទំនិញផ្លូវទឹក និងផ្លូវគោកជាដើម។ចំណែកនៅក្នុងឆ្នាំ ២០២៥ នេះវិញ, លោក ជា ចាន់ដារ៉ា មានសុទិដ្ឋិនិយមខ្ពស់ អំពីការរីកចម្រើននៅក្នុងវិស័យដឹកជញ្ជូន ស្របពេលបច្ចុប្បន្នកម្ពុជាបានកំពុងស្រូបយកឱកាសវិនិយោគ មានកំណើនកើនឡើងគួរកត់សម្គាល់។ ការកើនឡើងនៃសក្តានុពល វិនិយោគនេះ គឺបានគាំទ្រទៅដល់ការរីកលូតលាស់ដល់វិស័យផ្សេងៗទៀត ជាពិសេសអនុវិស័យដឹកជញ្ជូន ដោយរំពឹងថា អនុវិស័យ នេះ និងមានសកម្មភាពមមាញឹកជាងមុន ជាពិសេសការដឹកជញ្ជូនទំនិញក្នុងស្រុក និងការដឹកជញ្ជូនបម្រើទីផ្សារនាំចេញជាដើម ខណៈការនាំចេញរបស់កម្ពុជា បានបិកំពុងបង្ហាញនូវនិន្នាការកើនឡើងយ៉ាងល្អប្រសើរ។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៥ នេះ រាជរដ្ឋាភិបាលរំពឹងថា វិស័យសេវាកម្ម នឹងបន្តនិន្នាការកើនឡើងល្អ ក្នុងកំណើន ៥,៦ ភាគរយ ដោយសារការងើបឡើងវិញនៃសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងសេវាកម្មទេសចរ ក៏ដូចជាអនុវិស័យដឹកជញ្ជូន និងស្តុក ក៏ត្រូវបានរំពឹងថា នឹងមានកំណើនរឹងមាំ ដោយមានសកម្មភាពដឹកជញ្ជូនកាន់តែមមាញឹក។ ទន្ទឹមនឹងនេះ ការដាក់ចេញនូវចក្ខុវិស័យក្នុងការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនរួមមាន៖ ផ្លូវអាកាស ផ្លូវទឹក និងផ្លូវគោក តាមរយៈ នៃការដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីការដឹកជញ្ជូនអន្តរមធ្យោបាយនិងភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានដើរតួ យ៉ាងសំខាន់លើការជំរុញនៃកំណើនអនុវិស័យនេះ៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាកំពុងអនុវត្តប្រព័ន្ធថវិកា ដោយមានភាពទទួលខុសត្រូវរបស់ស្ថាប័នសាធារណៈ

2025/01/22 02:47:13 pm        137
ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធដែលខ្វះចន្លោះ មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ, បច្ចុប្បន្នកំពុង អនុវត្តដំណាក់កាលចុងក្រោយ នូវគណនេយ្យភាពសមិទ្ធកម្ម នៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព ពង្រឹងប្រសិទ្ធភាព គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈ កម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើកឡើងក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «លទ្ធកម្ម សាធារណៈប្រកបដោយចីរភាពនៅកម្ពុជា» នៅថ្ងៃទី ២២ ខែ មករា នេះថា នៅក្នុងរយៈពេល៥ឆ្នាំដំបូង នៃការអនុវត្តដំណាក់កាលទី១ នៃកម្មវិធីកែទម្រង់, ថវិកាជាតិត្រូវបានកែលម្អឲ្យមានភាពជឿទុកចិត្ត, ដែលទទួលបាននូវការវាយតម្លៃខ្ពស់ ពីតួអង្គពាក់ព័ន្ធទាំងអស់, ទាំងប្រជាពលរដ្ឋ, មន្ត្រីរាជការ, និងស្ថាប័នហិរញ្ញវត្ថុជាតិ និងអន្តរ-ជាតិ ។ ទាំងអស់នេះ សុទ្ធសឹងជាសមាសធាតុគន្លឹះ ដែលបាននិង កំពុងរួមចំណែកដល់ការបង្កើនទំហំថវិកា និងការពង្រឹងការគ្រប់គ្រងចំណូលថវិការដ្ឋ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់ គ្រងចំណាយ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ចំពោះកសាងបានជាមូលដ្ឋាននូវសមាសធាតុចាំបាច់ទាំងឡាយ នៃប្រព័ន្ធថវិកាទំនើប ដែលឆ្លើយតបនឹងឧត្តមានុវត្តជាអន្តរជាតិ ក្នុងនោះក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ប្រព័ន្ធថវិការបស់កម្ពុជាត្រូវបានកែប្រែ ពីប្រព័ន្ធ ដែលមានការខ្វះចន្លោះជាច្រើន មកជាប្រព័ន្ធដែលមានសមាសធាតុគ្រប់ជ្រុងជ្រោយ ដោយចាប់ផ្តើមពីដំណាក់កាលដំបូង នៃការធ្វើ ឲ្យថវិកាមានភាពជឿទុកចិត្ត។ បន្ទាប់មកក្នុងដំណាក់កាលទី២ គឺការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ហើយបន្តមកទៀតក្នុង ដំណាក់កាលទី៣ គឺការសម្រេចបានជាសារវន្ត នូវសមាសធាតុគន្លឹះទាំងឡាយ នៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ តាម រយៈការអនុវត្តថវិកាកម្មវិធី សំដៅធ្វើឲ្យថវិកាជាតិកាន់តែត្រូវបានផ្លាស់ប្ដូរទៅជាថវិកាបែបវិមជ្ឈការ និងផ្ដោតលើលទ្ធផលនិងសមិទ្ធកម្ម ។ ចំណែកទិដ្ឋភាពឌីជីថល ការគ្រប់គ្រងថវិកា ទាំងថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ, ក៏ត្រូវបានផ្លាស់ប្ដូរជាបណ្ដើរៗ ទៅកាន់ ការគ្រប់គ្រងតាមរយៈ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ-គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បញ្ជាក់ថា ក្នុងបរិបទនេះ បើពិនិត្យលើវដ្ដថវិកាទាំងក្នុងដំណាក់កាលរៀបចំ ថវិកាអនុម័តថវិកា, អនុវត្តថវិកា, ត្រួតពិនិត្យថវិកា, តាមដានថវិកា និងវាយតម្លៃថវិកា, ប្រព័ន្ធថវិកាកម្ពុជាមានសមាសធាតុចាំបាច់ គ្រប់គ្រាន់, ទាំងលើទិដ្ឋភាពស្ថាប័ន, ប្រព័ន្ធគ្រប់គ្រង, ក្របខណ្ឌគតិយុត្ត, យន្តការ, និងធនធានមនុស្ស, ដែលធ្វើឲ្យស្ថាប័នរដ្ឋមាន សមត្ថភាព អាចឆ្លើយតបបានកាន់តែប្រសើរឡើង ទៅនឹងតម្រូវការក្នុងការអភិវឌ្ឍ និងដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហា នានា, ជាពិសេសនៅពេលមានវិបត្តិដែលមិនអាចស្មានទុកជាមុន។ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់ការចាប់យក ប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម ដែលជាគោលដៅចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការសម្រេច ឲ្យបាននៅក្នុងដំណាក់កាលទី៤ (២០២៣-២០២៧) នូវគណនេយ្យភាពសមិទ្ធកម្ម មានន័យថា ជាការទទួលខុសត្រូវលើលទ្ធផល ចុងក្រោយ ស្របគ្នានឹងការប្រែប្រួលជាសារវន្តនៃផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអាទិភាព សំដៅពង្រឹងប្រសិទ្ធភាព, គុណភាព និងការទទួលខុសត្រូវលើលទ្ធផលនៃការអនុវត្តរបស់ស្ថាប័នសាធារណៈ និងមន្ត្រីរាជការ ក្នុងក្របខណ្ឌរាជរដ្ឋាភិបាលទាំងមូល៕ អត្ថបទ៖ សុន រ៉ាឌី

លោកជំទាវ អ៊ឹម រចនា ដឹកនាំក្រុម​ការងារ​ជំនាញចុះពិនិត្យស្រែប្រាំងរងការខ្វះខាតទឹក និងពិនិត្យ​មើល​​ស្រែជួប​ប្រទះបញ្ហាសត្វល្អិតបំផ្លាញ នៅក្នុងឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

2025/01/22 02:30:29 pm        105
ក្រចេះ៖ បន្ទាប់ពីជួបសំណេះ​សំណាល​ជាមួយប្រជាពលរដ្ឋជាង១០០នាក់ ជាមួយនឹងនាំយកថវិការ​បស់​ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់ការបូមទឹកសង្រ្គោះដំណាំស្រូវរបស់​ប្រជា​ពលរដ្ឋ​នៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំ​ស្រូវ​ចំនួន ៤៨៣ហិកតារួចមក នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ដដែល លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវបានបន្តដឹកនាំក្រុមការងារជំនាញ​ចុះពិនិត្យដល់​ទីតាំង​ស្រែដែលរងគ្រោះទាំងនោះ។ដំណើរបេសកកម្មនោះ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធាន​ទឹក និងឧតុនិយមខេត្តក្រចេះ លោក ជួប ផល្លីន អនុប្រធានមន្ទីរសារធាណការ និងដឹក​ជញ្ជូន​​ខេត្តក្រចេះ រួមជាមួយមន្រ្តីជំនាញ អាជ្ញាធរពាក់ព័ន្ធជាច្រើន​រូប​ផ្សេងទៀត។នៅទីតាំងស្រែប្រាំងដែលកំពុងទទួលការអន្តរាគមន៍បូមទឹកសង្គ្រោះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារទាំងអស់ បានជួប​ប្រជា​កសិករ​ម្ចាស់ស្រែ និងបានពិនិត្យមើលស្រែមួយចំនួនដែលមានបញ្ហាសត្វល្អិតបំផ្លាញ។ តាមរយៈការពិនិត្យពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្ត ស្រែមួយចំនួនកំពុងរងការយាយីពីដង្កូវរមូរស្លឹក និងមមាចត្នោត។ មន្រ្តីជំនាញបានពន្យល់ទៅបងប្អូនប្រជាកសិករម្ចាស់ស្រែ ពីវិធីកម្ចាត់​សត្វល្អិតចង្រៃ និងវិធីសាស្រ្តនៃការព្យាបាលជំងឺដែលកំពុងកើតឡើងនេះ។ជាចុងបញ្ចប់ លោកជំទាវ អ៊ឹម រចនា បានណែនាំនិងផ្តល់អនុសាសន៍ដល់​ប្រជាកសិករ​បន្តការតាមដានមើលថែស្រែជាប្រចាំ សហការណ៍​ផ្តល់ព័ត៌មានមក​អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យ​លទ្ធភាពដោះស្រាយ​ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

អាជ្ញាធរ និងមន្រ្តី បានជួយអន្តរាគមន៍ទឹកសង្គ្រោះស្រូវប្រាំងក្នុងខេត្តក្រចេះចំនួនជាង ៨០០ហិកតា

2025/01/22 02:14:03 pm        127
ក្រចេះ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បញ្ជាក់ថា ក្នុងចំណោមស្រូវប្រាំងប៉ះពាល់ដោយកង្វះទឹកចំនួនជាង១ពាន់ហិកតា មានចំនួនជាង៨០០ហិកតា ត្រូវបានអាជ្ញាធរ និងមន្រ្តី ជួយអន្តរាគមន៍ទឹកសង្គ្រោះ។បន្ទាប់ពីអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្ត និងមន្រ្តីជំនាញ ចុះទៅកាន់ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីពិនិត្យសកម្មភាពអន្តរាគមន៍បូមទឹកជួយដល់ប្រជាកសិករបង្កបង្កើនផលស្រូវប្រាំង។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ក្រោយពីមានសំណូមពរពីអាជ្ញាធរខេត្ត ដើម្បីស្នើសុំការសម្របសម្រួល និងក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល បានរៀបចំចុះពិនិត្យភ្លាមៗក្នុងការតាមដាន និងសម្របសម្រួលទៅលើបញ្ហាគ្រោះមហន្តរាយរាំងស្ងួតដែលប៉ះពាល់ដល់ស្រូវប្រាំងរបស់បងប្អូនកសិករ។ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា គិតមកដល់ពេលនេះ ក្នុងចំណោមស្រូវប្រាំងចំនួនជាង១ពាន់ហិកតា អាជ្ញាធរ និងមន្រ្តីជំនាញធ្វើអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវបានចំនួនជាង៨០០ហិកតា ខណៈសេសសល់ជាង ៣០០ហិកតា​ផ្សេងទៀត កំពុងបន្តអន្តរាគមន៍បូមបញ្ជូនទៅបន្ថែមទៀត។ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានវាយតម្លៃខ្ពស់ពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរជំនាញជុំវិញដែលបានសហការគ្នា ឆ្លើយតបភ្លាមៗទៅនឹងសំណូមពររបស់បងប្អូនប្រជាកសិករដែកជួបប្រទះបញ្ហាកង្វះទឹកស្រោចស្រព។ទន្ទឹមគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញបន្តការយកចិត្តទុកដាក់លើសកម្មភាពអន្តរាគមន៍ផ្តល់ទឹកឱ្យបានដល់ស្រូវប្រាំងរបស់កសិករគ្រប់គ្នា ដើម្បីបង្ការការខូចខាតដំណាំរបស់ប្រជាកសិករ។ សូមជម្រាបថា បើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងញ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខេត្តដែលបានប៉ះពាល់ និងទទួលបានការអន្តរាគមន៍ទឹកសម្រាប់ស្រូវប្រាំង មានចំនួន៧ខេត្ត ដូចជា ខេត្តក្រចេះ, កំពង់ធំ, កណ្តាល, តាកែវ, បន្ទាយមានជ័យ, ត្បូងឃ្មុំ និងខេត្តព្រៃវែង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ ចុះបណ្តុះបណ្តាលមុខវិជ្ជាសង្គ្រោះបឋមដល់​អ្នកស្ម័គ្រចិត្ត​ក្នុង​ស្រុក​កណ្តៀង
08/12/2025 03:08 PM
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ពន្យារពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ
08/12/2025 03:08 PM
ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់
08/12/2025 02:08 PM
អ្នកការទូត៖ ចិនប្រឆាំងការធ្វើឲ្យបញ្ហាបច្ចេកវិទ្យា និងសេដ្ឋកិច្ច ក្លាយជារឿងនយោបាយ
08/12/2025 02:08 PM
ប្លុកអឺរ៉ុប កំពុងរៀបចំកញ្ចប់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ខណៈជំនួបលោក Trump-Putin ជិតមកដល់
08/12/2025 02:08 PM
រុស្ស៊ី និងប្រេស៊ីលគ្រោងនឹងពង្រឹងភាពជាដៃគូហិរញ្ញវត្ថុ ចំពេលសហរដ្ឋអាមេរិក គំរាមដាក់ទណ្ឌកម្ម
08/12/2025 02:08 PM
ប្រធានាធិបតីប្រេស៊ីល និងសមភាគីចិន ពិភាក្សាអំពីតួនាទី BRICS និងឱកាសពាណិជ្ជកម្មទ្វេភាគី
08/12/2025 02:08 PM
ប្រធានគោលនយោបាយការបរទេស EU អំពាវនាវឲ្យមានឯកភាពឆ្លងមហាសមុទ្រអាត្លង់ទិច និងដាក់សម្ពាធរុស្ស៊ី
08/12/2025 02:08 PM
UN៖ កុមារជិត ៤០នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភនៅហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី ០១ ខែកក្កដា
08/12/2025 02:08 PM
ក្រសួងមហាផ្ទៃ កំពុងសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រឡប់​មក​ពីប្រទេសថៃ
08/12/2025 02:08 PM